ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១-១៩


មេរៀន​ទី ១៤ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១-១៩

បុព្វកថា

ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ និង ពួក​អែលឌើរ​មួយ​ចំនួន ទើបតែ​បាន​ត្រឡប់​ទៅ​រដ្ឋ អូហៃអូ វិញ​ពី​ការធ្វើ​ដំណើរ​ទៅ​ឧទ្ទិសឆ្លង​ដី និង ទីតាំង​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង ស៊ីយ៉ូន ឬ ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​នេះ ពួក​អែលឌើរ​បាន​មាន​បទពិសោធន៍​នៃ​ការខ្វែងគំនិត​គ្នា និង ការមាន​អារម្មណ៍​មិន​ល្អ​ចំពោះ​គ្នា ប៉ុន្តែ ភាគ​ច្រើន​ពួកគាត់​អាច​ស្រុះស្រួល​នឹង​គ្នា​បាន ។ នៅ​ថ្ងៃទី ១១ ខែ កញ្ញា ព្យាការី​បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-៧

ព្រះអម្ចាស់​បាន​អះអាង​ដល់​ពួក​អែលឌើរ​ថា ទ្រង់​មាន​ព្រះឆន្ទៈ​នឹង​អត់ទោស​ដល់​ពួកគាត់

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​មាន​ការឈឺចាប់​ដោយសារ​ពាក្យសម្ដី ឬ ទង្វើ​របស់​បុគ្គល​ម្នាក់ និង អំពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​បុគ្គល​នោះ​វិញ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤ អំពី​មួយ​ខែ​ក្រោយ​មក​បន្ទាប់​ពី​លោក និង ពួក​អែលឌើរ​មួយ​ក្រុម​បាន​ត្រឡប់​ទៅ​កាន់​រដ្ឋ អូហៃអូ ពី​ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី​វិញ ។ ពួក​អែលឌើរ​ទាំងនេះ និង សមាជិក​សាសនាចក្រ​បាន​ជួបប្រទះ​នឹង​ការលំបាក​ដោយសារ​តែ​ការខ្វែងគំនិត​គ្នា និង ការមាន​អារម្មណ៍​មិន​ល្អ​ចំពោះ​គ្នា​ក្នុង​ចំណោម​ពួកគេ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « មាន​ពួក​អ្នក​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ធ្វើ​បាប » ( គ. និង ស. ៦៤:៣ ) ។ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​មាន​នៅ​ក្នុង​វិវរណៈ​នេះ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១-៤ដោយ​ស្វែងរក​ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​របៀប ដែល​ព្រះអម្វាស់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​បាប ។ សូម​សរសេរ​ឃ្លា​ទាំងនោះ ដាក់​នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ ៖ ( អ្នក​ក៏​អាច​ចង់​គូសចំណាំ​ឃ្លា​ទាំងនោះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ដែរ ) ។

គ. និង ស. ៦៤:២

គ. និង ស. ៦៤:៣

គ. និង ស. ៦៤:៤

  1. គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១–៤ បង្រៀន​យើង​ថា ព្រះអម្ចាស់​ជា​ព្រះ​ពេញ​ដោយ​ក្ដី​សណ្ដោស អត់ទោស និង ដ៏​មាន​សេចក្ដី​មេត្តា​ករុណា ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​គោលការណ៍​អំពី​ព្រះអង្គសង្គ្រោះ​នេះ មាន​សារៈសំខាន់​ចំពោះ​អ្នក ។

នៅ​គ្រា​ដែល​បាន​ទទួល​វិវរណៈ​នេះ សមាជិក​សាសនាចក្រ​មួយ រួមទាំង​ពួក​អែលឌើរ​មួយ​ចំនួន ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ យ៉ូសែប ស៊្មីធ បែរ​ជា​ចាប់​ថ្នាក់​ស្ដីបន្ទោស​ដល់​ព្យាការី​ទៅ​វិញ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៦ព្រះអម្ចាស់​បាន​សំដៅ​ការចាប់​ថ្នាក់​ស្ដីបន្ទោស​ដល់​ព្យាការី​នោះ ដោយ​ប្រើ​ឃ្លា​មួយ​ថា « ស្វែងរក​ឱកាស​ទាស់​នឹង​លោក » ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៥–៦ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​បង្រៀន ។

សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចម្ដេច​ខ្លះ អំពី​យ៉ូសែប ស្ម៊ីធ ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​ខគម្ពីរ​ទាំងនេះ ?

ព្រះអម្ចាស់​ក៏​ពន្យល់​អំពី​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​ការអត់ទោស​ដែរ ។ យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៧តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ការអត់ទោស​ពី​ព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨-១៩

ព្រះអម្ចាស់​បញ្ជា​ពួក​អ្នក​បម្រើ​ទ្រង់ ឲ្យ​អត់ទោស​ដល់​គ្នា​ទៅវិញ​ទៅ​មក

រូបភាព
ពស់​កន្ទុយ​កណ្ដឹង

បន្ថែម​ពី​លើ​អារម្មណ៍​នៃ​ការឈឺចាប់​ខាង​រូបកាយ តើ​វេទនា​អារម្មណ៍​អ្វី​ដែល​អ្នក​នឹង​មាន ប្រសិនបើ​អ្នក​ត្រូវបាន​សត្វ​អសិរពិស​ចឹក ? ពស់​កន្ទុយ​កណ្ដឹង គឺ​ជា​ពស់​អសិរពិស​ដែល​សម្បូរ​មាន​នៅ​លើ​ទ្វីប​អាមេរិក ។ ពស់​កន្ទុយ​កណ្ដឹង​ចឹក​បណ្ដាល​ឲ្យ​មាន​ការឈឺចាប់ ឡើង​ហើម ស្ពឹកស្រពន់ និង ភាពស្លេកស្លាំង ។ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​មាន​ការខូច​ជាលិកា​រ៉ាំរ៉ៃ ឬ អាច​ស្លាប់​បាន ។

រូបភាព
អែលឌើរ ម៉ារីអុន ឌី ហាងស៍

អែលឌើរ ម៉ារ៉ុន ឌី ហាងស៍ នៃ​ពួក​ចិតសិប​នាក់ បាន​ថ្លែង​អំពី​ជម្រើស​ដែល​បុគ្គល​ម្នាក់​នឹង​មាន ប្រសិនបើ​គេ​ត្រូវបាន​ចឹក​ដោយ​ពស់​កន្ទុយ​កណ្ដឹង ៖ « មាន​សកម្មភាព​ចំនួន​ពីរ ដែល​អាច​ធ្វើ​នៅ​ពេល​មនុស្ស​ម្នាក់​ត្រូវបាន​ចឹក​ដោយ​ពស់​កន្ទុយ​កណ្ដឹង ។ មនុស្ស​ម្នាក់​អាច​ដេញ​តាម​សត្វ​ពស់​នោះ ហើយ​ប្រហារ​វា​ចោល​ដោយ​កំហឹង ភ័យខ្លាច ឬ ការគុំកួន ។ ឬ គេ​អាច​នឹង​ប្រញាប់ប្រញាល់​បឺត​យក​ពិស​ចេញ​ពី​ក្នុង​ខ្លួន​គេ » ( «Forgiveness: The Ultimate Form of Love, Ensign ខែ មករា ឆ្នាំ ១៩៧៤ ទំព័រ ២១ ) ។

ទង្វើរ​ទាំងពីរ​នេះ តើ​ទង្វើ​មួយណា​ដែល​អ្នកគិត​ថា​មាន​ភាព​ឆ្លាត​វៃជាង ? ហេតុអ្វី ?

រូបភាព
អែលឌើរ ម៉ារីអុន ឌី ហាងស៍

អែលឌើរ ហាងស៍ បាន​ថ្លែង​ថា « ប្រសិនបើ​យើង​ធ្វើ​តាម​សកម្មភាព [ ទីពីរ ] នោះ​យើង​អាច​នឹង​នៅ​មាន​ជីវិត ប៉ុន្តែ ប្រសិនបើ​យើង​ប៉ុនប៉ង​ធ្វើតាម​សកម្មភាព [ ទី​មួយ ] នោះ​យើង​នឹង​មិន​អាច​រស់​រហូត​ដល់​បាន​ប្រហារ​វា​បាន​សម្រេច​ឡើយ ( « Forgiveness » ទំព័រ ២១ ) ។

ជម្រើស​របស់​បុគ្គល​ម្នាក់​បន្ទាប់​ពី​ត្រូវ​ពស់​កន្ទុយ​កណ្ដឹង​ចឹក អាច​ប្រៀបធៀប​ទៅ​នឹង​ជម្រើស​ដែល​យើង​មាន នៅ​ពេល​យើង​មាន​អារម្មណ៍​ឈឺចាប់​ដោយសារ​តែ​ពាក្យសម្ដី ឬ ទង្វើ​របស់​បុគ្គល​ម្នាក់​ទៀត ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៨ ដោយ​ស្វែងរក​លទ្ធផល ដែល​ពួក​សិស្ស​មួយ​ចំនួន​នៃ​ព្រះអម្ចាស់​បាន​ប្រឈមមុខ ដោយសារតែ​ពួកគេ​មិន​អត់ទោស​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​បុគ្គល​ម្នាក់​អាច​មាន​ការសៅហ្មង​ចិត្ត ( ឬ ឈឺចាប់ ) ដោយ​មិន​បាន​អត់ទោស​ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ?

    2. តើ​ទង្វើ​នេះ​មាន​សភាព​ដូចជា លទ្ធផល​នៃ​ការតាម​ព្យាបាទ​ពស់​កន្ទុយ​កណ្ដឹង ដែល​បាន​ចឹក​គេ​យ៉ាង​ដូចម្ដេច ?

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩ដោយ​ស្វែងរក​លទ្ធផល​មួយ​ទៀត នៃ​ការមិន​អត់ទោស​ដល់​មនុស្ស​ដទៃ ។

យើង​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩ ថា បើ​យើង​មិន​អត់ទោស​ដល់​មនុស្ស​ដទៃ​ទេ នោះ​យើង​នឹង​ជាប់​ទោស​នៅ​ចំពោះ​អម្ចាស់ ។

មេរៀន​ដែល​អាច​នឹង​មាន​សារៈសំខាន់​បំផុត​ចំពោះ​យើង ដើម្បី​រៀន​ចេញ​ពី​វគ្គ​បទគម្ពីរ​នេះ គឺ​ត្រូវ​ចេះ​អត់ទោស ។ យើង​ទទួល​បាន​ភាពសុខសាន្ត​ដ៏​ធំធេង​នៅ​ក្នុង​ជីវិត​យើង នៅ​ពេល​យើង​អត់ទោស​ដល់​មនុស្ស​ដទៃ ។ នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ ដាវីឌ អ៊ី សូរែនសិន នៃ​ពួក​ចិតសិប​នាក់ សូម​គិត​អំពី​របៀប​ដែល​វា​ទាក់ទង​ទៅ​នឹង​សេចក្ដី​ពិត​នេះ ៖ « វា​អាច​នឹង​ជា​ការលំបាក​ពេកពន់​ដើម្បី​អត់ទោស​ដល់​នរណាម្នាក់​ដែល​បាន​ធ្វើ​ទុក្ខទោស​ចំពោះ​យើង ប៉ុន្តែ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ យើង​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​អនាគត​កាន់តែ​ភ្លឺស្វាង​ឡើង ។ ទង្វើ​មិន​គប្បី​របស់​មនុស្ស​ម្នាក់ ពុំ​អាច​គ្រប់គ្រង​លើ​សកម្មភាព​របស់​យើង​បាន​ទៀត​ឡើយ ។ នៅពេល​យើង​អភ័យទោស​ដល់​អ្នកដទៃ វា​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ដើម្បី​ជ្រើសរើស​ថា​តើ​យើង​នឹង​រស់នៅ​ក្នុងជីវិត​របស់​យើង​តាម​របៀប​ណា ។ ការអភ័យទោស​មានន័យថា បញ្ហា​កាល​ពី​អតីតកាល ឈប់​សម្រេច​ជោគវាស​នា​របស់​យើង​ទៀត​ហើយ ហើយ​យើង​អាច​ផ្ដោត​ទៅលើ​អនាគត​កាល​ដោយ​ក្ដីស្រឡាញ់​របស់ព្រះ​នៅក្នុង​ដួងចិត្ត​របស់​យើង » ( “Forgiveness Will Change Bitterness to Love,” EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។

សូម​សិក្សា​ដោយ​យកចិត្ត​ទុក​ដាក់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១០-១១ ដោយ​ស្វែងរក​គោលការណ៍​បន្ថែម ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការអត់ទោស ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​អំពី​របៀប​ដែល​គោលការណ៍ ដែល​អ្នក​បាន​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១០–១១ អាច​ជួយ​បុគ្គល​ម្នាក់ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ខាង​ក្រោម​នេះ ៖

    1. យុវនារី​ម្នាក់​ឈឺចិត្ត និង មាន​ការអាម៉ាស់​បន្ទាប់​ពី​បាន​ដឹង​ថា មិត្តភក្ដិ​មួយ​ចំនួន​របស់​នាង​បាន​ផ្សាយ​ពាក្យ​ចចាមអារ៉ាម​អំពី​នាង ។ ក្រោយ​មក មាន​មនុស្ស​មួយ​ចំនួន​បាន​សុំ​ទោស ប៉ុន្តែ មនុស្ស​ឯទៀត​ពុំ​បាន​សុំ​ទោស​នាង​ឡើយ ។ យុវនារី​រូប​នោះ​បាន​អត់ទោស​ឲ្យ​មនុស្ស ដែល​បាន​សុំ​ទោស​នាង ប៉ុន្តែ នៅ​តែ​ចង​កំហឹង​នឹង​មនុស្ស​ឯទៀត​ដែល​មិន​បាន​សុំ​ទោស ។

    2. យុវជន​ម្នាក់ បាន​រំលង​ក្រឹត្យវិន័យ​មួយ ។ គាត់​បាន​អធិស្ឋាន​ដើម្បី​បាន​អត់ទោស ហើយ​បាន​ពិភាក្សា​ជាមួយ​ប៊ីស្សព​របស់​គាត់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ប៊ីស្សព​បាន​អះអាង​ទៅ​ដល់​យុវជន​នោះ​ថា គាត់​បាន​ប្រែចិត្ត​ទាំងស្រុង​ហើយ ក៏​យុវជន​រូប​នោះ​នៅ​តែ​មាន​អារម្មណ៍​ថា ពុំ​មាន​ភាពសក្ដិសម​ដោយសារតែ​អំពើបាប​ពី​អតីតកាល​របស់​គាត់​ដែរ ។

    3. យុវនារី​ម្នាក់​មាន​អារម្មណ៍​ក្រៀមក្រំ និង ច្របូកច្របល់​ដោយសារតែ​ទង្វើ​របស់​ឪពុក​នាង ។ គាត់​បាន​បោះបង់​គ្រួសារចោល ។ ពីមុនគាត់​ចាកចេញ គាត់​កម្រ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់ក្រុម​គ្រួសារ ឬ​មានចរិក​ឃោរឃៅ​ជាញឹកញាប់ ។ នាង​ពុំ​យល់​សោះ​ថា​តើ​ហេតុអ្វី​បាន​ជា​ឪពុក​នាង​ប្រព្រឹត្ត​ទង្វើ​ដូច្នេះ ហើយ​នាង​ប្រកាន់​អារម្មណ៍​ខឹង​ចំពោះ​គាត់ ។ នាង​ដឹង​ថា​នាង​គួរតែ​ព្យាយាម​អត់ទោស​ឲ្យ​គាត់ ប៉ុន្តែ នាង​គិត​ថា​នាង​ពុំ​អាច​ធ្វើ​បាន​នោះ​ទេ ។

សូម​ពិចារណា​ថា​តើ មាន​នរណាម្នាក់​ដែល​អ្នក​ត្រូវ​អត់ទោស​ឲ្យ​ដែរ​ឬ​ទេ ។ នៅ​គ្រា​ជា​ច្រើន វា​អាច​ជា​ការលំបាក​ក្រៃលែង ដើម្បី​អត់ទោស​ឲ្យ​មនុស្ស​ម្នាក់​ទៀត ។ នៅ​ពេល​អ្នក​អាន​ដំបូន្មាន​ដូចតទៅ​នេះ​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី សូម​ស្វែងរក​អ្វី​ដែល​អ្នក​អាច​ធ្វើ បើ​អ្នក​កំពុង​ពុះពារ​ក្នុង​ការអត់ទោស​ឲ្យ​មនុស្ស​ដទៃ ៖ « បើ​មាន​នរណាម្នាក់​បណ្ដុះ​អារម្មណ៍​ខឹង​សម្បារ​នៅ​ក្នុង​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក នោះ​ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​ទូល​សូម​ដល់​ព្រះអម្ចាស់​ដើម្បី​ទទួលបាន​កម្លាំង​ក្នុង​ការអត់ទោស​ឲ្យ ។… វាប្រហែជាពុំងាយ​ស្រួល​ទេ ហើយ​វា​អាច​នឹង​ប្រហែលជាពុំកើត​មាន​យ៉ាង​ឆាប់រហ័សផងដែរ ។ ប៉ុន្តែ បើ​អ្នក​នឹង​ស្វែងរក​វា​ដោយ​ចិត្ត​ស្មោះសរ ហើយ​បណ្ដុះ​វាឡើង នោះ​វា​នឹង​កើត​មាន​ឡើង » (Of You It Is Required to Forgive »​ Ensign ខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ការអធិស្ឋាន​ឲ្យ​មាន​កម្លាំង អាច​ជួយ​អ្នក​ឲ្យ​អត់ទោស​យ៉ាង​ដូចម្ដេច ?

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១២–១៤ ។ សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​បាន​បង្រៀន​ថា ជម្រើស​របស់​យើង​ក្នុង​ការប្រទានពរ​ដល់​មនុស្ស​ដទៃ ពុំ​ដោះលែង​ពួកគេ​ពី​ការទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​ឡើយ ។ ពួកគេ​នៅ​តែ​មាន​ការទទួលខុសត្រូវ​ចំពោះ​ព្រះអម្ចាស់ សម្រាប់​អំពើខុស​ឆ្គង​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១៥–១៧ ហើយ​កត់ចំណាំ​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់លាស់​ថា ទ្រង់​នឹង​អត់ទោស​ឲ្យ​ពួក​អ្នក​បម្រើ​ទ្រង់​គឺ អ៊ីសាក មួរលី និង អែតវឺត ប៉ាទ្រិច ព្រោះ​ពួកគាត់​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន ។

នៅ​ដើម​ដំបូង​នៃ​មេរៀន​នេះ អ្នក​បាន​រៀន​ថា ព្រះអម្ចាស់​ពេញ​ដោយ​ក្ដី​សណ្ដោស អត់ទោស និង មាន​សេចក្ដី​មេត្តា​ករុណា ។ នៅ​ពេល​អ្នក​អត់ទោស អ្នក​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ សូម​សម្រេចចិត្ត​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​នៃ​ការអត់ទោស ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:៩-១១

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១ ដោយ​ឮៗ ។ នៅ​ពេល​អ្នក​សូត្រ​វគ្គ​បទគម្ពីរ​នេះ​បាន​យ៉ាង​ហោចណាស់​ប្រាំ​ដង នោះ​សូម​ស្វែងរក​បងប្អូន​បង្កើត ឪពុកម្ដាយ ឬ មិត្ត​ភក្ដិ ដែល​នឹង​អាច​ជួយ​អ្នក​ឲ្យ​ហ្វឹកហាត់​ទន្ទេញ​វា ។ សូម​សូត្រ​វគ្គ​បទគម្ពីរ​ទៅ​កាន់​បុគ្គល​ម្នាក់​នោះ រហូត​ដល់​អ្នក​អាច​ទន្ទេញ​វា​ចាំ ។ សូម​ពន្យល់​បុគ្គល​នោះ​អំពី​របៀប​ដែល​គោលការណ៍​នៅ​ក្នុង​ខគម្ពីរ​នេះ អាច​ជួយ​អ្នក​ពេញ​មួយ​ជីវិត ។ បន្ទាប់​មក សូម​សុំ​ឲ្យ​បុគ្គល​នោះ​ចុះ​ហត្ថលេខា​លើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១-១៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖