ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩-៧១


មេរៀន​ទី ១៥ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩-៧១

បុព្វកថា

នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ អូលីវើរ ខៅឌើរី បានទទួល​ការ​ចាត់តាំង​មួយ​ដើម្បី​នាំ​យក​ឯកសារ​សរសេរ​ដោយដៃ​សម្រាប់ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​មកពីរដ្ឋ អូហៃអូ ទៅកាន់ រដ្ឋមិសសួរី ។ នៅ​រដ្ឋ មិសសួរី វិលលាម ដ័បបុលយូ ហ្វែប្ស បាន​បោះពុម្ព​ព្រះគម្ពីរ​នោះ​នៅ​រោងពុម្ព​របស់​គាត់ ។ នៅ​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ចាត់តាំង យ៉ូហាន វិតមើរ ឲ្យ​ធ្វើ​ជា​ដៃគូ​ធ្វើ​ដំណើរ​ជាមួយ អូលីវើរ ហើយ​បាន​បញ្ជា​គាត់​ឲ្យ​បន្ត​តួនាទី​ជា​អ្នក​សរសេរ​ប្រវត្តិ​សាសនាចក្រ ( សូម​មើល គ. និង ស. ៦៩ ) ។ លុះ​ស្អែក​ឡើង ព្រះអម្ចាស់​បាន​ចាត់តាំង​បុរស​ប្រាំ​មួយ​នាក់ ឲ្យ​បម្រើ​ជា​អ្នក​កាន់កាប់​លើ​វិវរណៈ​ទាំងឡាយ ( សូម​មើល គ. និង ស. ៧០ ) ។ ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​បញ្ជា​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យ​បម្រើ​បេសកកម្ម ដើម្បី​លុប​បំបាត់​អារម្មណ៍​មិន​ស្និទ្ធស្នាល​ដែល​មាន​ចំពោះ​សាសនាចក្រ និង ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​វិវរណៈ​ទាំងឡាយ និង ព្រះបញ្ញត្តិ ដែល​ត្រូវបាន​បោះពុម្ព ( សូម​មើល គ. និង ស. ៧១ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩

ព្រះអម្ចាស់​បើកសម្ដែង​អំពី​សារៈសំខាន់​នៃ​ការរក្សា​ប្រវត្តិ

រូបភាព
ត្បូង

តើ​ធ្លាប់​មាន​នរណាម្នាក់​បាន​ទុកចិត្ត​អ្នក ឲ្យ​ថែរក្សា​វត្ថុ​ណា​មួយ​ដ៏​មាន​តម្លៃ​ដែរ​ឬ​ទេ ? តើ​វត្ថុ​នោះ​គឺ​ជា​អ្វី ? តើ​ការទុកចិត្ត​បែប​នោះ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ថែរក្សា​វត្ថុ​ដ៏​មាន​តម្លៃ​នោះ​យ៉ាង​ដូចម្ដេច ?

សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩រួច​គូសសម្គាល់​អ្វី​ដែល អូលីវើរ ខៅឌើរី ត្រូវបាន​ផ្ទុកផ្ដាក់​ឲ្យ​ធ្វើ ។

ប្រសិនបើ​វត្ថុ​មាន​តម្លៃ​ទាំងនេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​អ្នក តើ​អ្នក​នឹង​ថែរក្សា​វា​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩:១-២រួច​ស្វែងរក​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ចំពោះ​វត្ថុ​ដ៏​មាន​តម្លៃ​ទាំងនេះ ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​ជា​រឿង​ឆ្លាតវៃ​ដើម្បី​មាន​មនុស្ស​ច្រើន​ជាង​ម្នាក់ ដើម្បី​ថែរក្សា​វត្ថុ​ដ៏​មាន​តម្លៃ​ទាំងនេះ ?

ព្រះអម្ចាស់​បាន​ទុក​ព្រះទ័យ​លើ យ៉ូហាន វិតមើរ ឲ្យ​មាន​ការទទួលខុសត្រូវ​មួយ​ផ្សេង​ទៀត បន្ថែម​ពី​លើ​ការជួយ​ដល់ អូលីវើរ ខៅឌើរី ក្នុង​ការជញ្ជូន​វិវរណៈ​ទាំងឡាយ និង ប្រាក់កាស​ទៅ​កាន់​រដ្ឋ មិសសួរី ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩:៣–៨ដោយ​ស្វែងរក​តួនាទី​មួយ​ទៀត ដែល​ព្រះអម្ចាស់​បាន​ចាត់តាំង​ដល់ យ៉ូហាន វិតមើរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

សូម​រំឭក​អំពី​អ្វី​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧ បង្រៀន​អំពី​ការចាត់តាំង​របស់ យ៉ូហាន វិតមើរ ក្នុង​នាម​ជា​អ្នក​សរសេរ​ប្រវត្តិ​សាសនាចក្រ និង អ្នក​កត់ត្រា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩:៨ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ចំពោះ យ៉ូហាន វិតមើរ ដែល​ត្រូវ​រក្សា​ប្រវត្តិ​នៃ​សាសនាចក្រ ?

    2. ហេតុអ្វី​បាន​ជា​ការណ៍​នេះ​អាច​ជា​ហេតុផល​មួយ​ដ៏​សមស្រប​ចំពោះ​អ្នក ដែល​ត្រូវ​រក្សា​ប្រវត្តិ​ផ្ទាល់ខ្លួន​មួយ ?

សូម​ពិចារណា​អំពី​ការសរសេរ​គោលការណ៍​ដូច​តទៅ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះអម្ចាស់​រំពឹង​ឲ្យ​មាន​ប្រវត្តិ​ដែល​ត្រូវបាន​រក្សា សម្រាប់​ជា​ការល្អ​ដល់​សាសនាចក្រ និង តំណ​មនុស្ស​មាន​វ័យ​ធំ​ឡើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តាម​គំនិត​របស់​អ្នក តើ​ការរក្សា​ប្រវត្តិ​សាសនាចក្រ និង ប្រវត្តិ​ផ្ទាល់ខ្លួន ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ដូចម្ដេច​ដល់​សាសនាចក្រ ?

    2. តើ​ការណ៍​ទាំងនេះ​អាច ផ្ដល់​អត្ថប្រយោជន៍​ដល់​តំណ​មនុស្ស​មាន​វ័យ​ធំ​ឡើង​យ៉ាង​ដូចម្តេច ?

  2. សូម​ធ្វើ​លំហាត់​មួយ ឬ ទាំង​ពីរ​ខាង​ក្រោម​នេះ ហើយ​បន្ទាប់​មក សូម​សរសេរ​សេចក្ដីសង្ខេប​អំពី​បទពិសោធន៍​របស់​អ្នក ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គិត​អំពី​ដំណើររឿង​មួយ ទោះជា​ប្រវត្តិ​សាសនាចក្រ ឬ ប្រវត្តិ​គ្រួសារ​ក៏​ដោយ ដែល​បាន​ជួយ​ដល់​អ្នក​តាម​របៀប​ណាមួយ ។ សូម​ចែកចាយ​ប្រវត្តិ​នេះ ជាមួយ​នឹង​សមាជិកគ្រួសារ ឬ​មិត្តភក្ដិ ។

    2. សូម​សុំ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់ តំណាល​ប្រាប់​អ្នក​អំពី​ប្រវត្តិ​គ្រួសារ ដែល​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​គាត់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:១-៤

ព្រះអង្គសង្គ្រោះ​ចាត់តាំង​អ្នក​ត្រួតត្រា ឲ្យ​ថែរក្សា​វិវរណៈ​ទាំងឡាយ​របស់​ទ្រង់

ព្យាការី យ៉ូសែប ស៊្មីធ ក៏​បាន​កត់ត្រា​ប្រវត្តិ​ផ្ទាល់ខ្លួន​ផងដែរ ។ សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៧០រួច​គូសចំណាំ​អំពី​អ្វី​ដែល ប្រវត្តិ យ៉ូសែប ស៊្មីធ ប្រាប់​អំពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

រូបភាព
ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ជា​ច្រើន​ភាសា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​តាម​របៀប​មួយ​ចំនួន​ណា​ខ្លះ ដែល​គោលលទ្ធិ និង សេចក្តី​សញ្ញា ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​ពិភពលោក ?

    2. តើ​គោលលទ្ធិ និង សេចក្ដី​សញ្ញា បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧០:១រួច​ស្វែងរក​ឈ្មោះ​ទាំង​ប្រាំមួយ ដែល​បាន​លើកឡើង ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧០:២–៤ដោយ​ស្វែងរក​ការទទួលខុសត្រូវ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់​បុរស​ទាំង​ប្រាំមួយ​នាក់​នេះ ។

តើ​អ្នក​គិត​ថា​ឃ្លា « ដំណើររឿង​អំពី​ការកាន់កាប់​ត្រួតត្រា​នេះ យើង​នឹង​តម្រូវ​ពី​ពួកគេ » (គ. និង ស. ៧០:៤ ) មាន​ន័យ​ដូចម្ដេច ? ខណៈ​ដែល​ការទទួលខុសត្រូវ ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​យើង អាច​នឹង​ជា​ប្រភេទ​នៃ​ការកាន់កាប់​ត្រួតត្រា​ដូចគ្នា​ទៅ​នឹង​បុរស​ទាំងនេះ​ដែរ​នោះ តើ​គោលការណ៍​នេះ​ណែនាំ​យ៉ាង​ដូចម្ដេច អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​តម្រូវ​ពី​យើង​នៅ​ថ្ងៃ​ជំនុំជម្រះ ?

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ នោះ​សូម​បំពេញ​នៅ​ក្នុង​ចន្លោះ​នៃ​គោលការណ៍​ដូចតទៅ​នេះ ៖ ព្រះអម្ចាស់​នឹង ចំពោះ​តួនាទី ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​គោលការណ៍​នេះ អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ឆ្លើយ​តប​ទៅ​នឹង​ការហៅ និង ការចាត់តាំង​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

    2. តើ​ការទទួលខុសត្រូវ​របស់​អ្នក​មួយ​ចំនួន​ណា​ខ្លះ ដែល​ព្រះអម្ចាស់​នឹង​ចាត់​ឲ្យ​អ្នក​មាន ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០:៥-១៨

ព្រះអម្ចាស់​ពន្យល់​អំពី​របៀប​បំពេញ​តម្រូវការ​ខាង​សាច់ឈាម នៃ​អស់​អ្នក​ដែល​បម្រើ​សាសនាចក្រ​ពេញ​ម៉ោង

គោលលទ្ធិ និង សេចក្តីសញ្ញា ៧០:៥–១៨ បង្រៀន​ថា បុរស​ដែល​ត្រូវបាន​ប្រគល់​ការកាន់កាប់​ត្រួតត្រា​លើ​វិវរណៈ និង ព្រះបញ្ញត្តិ​ទាំងឡាយ ត្រូវ​ធ្វើ​ឲ្យ​ការបោះពុម្ព និង​ការចែកចាយ​ការបោះពុម្ព​របស់​សាសនាចក្រ ទៅ​ជា​ការងារ​របស់​ខ្លួន ។ នា​ពេល​សព្វថ្ងៃ​នេះ ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​នៃ​សាសនាចក្រ លះបង់​អាជីព​ចិញ្ចឹម​ជីវិត​ទៅ​បម្រើ​ពេញ​ម៉ោង ដូច្នេះ​ពួកលោក​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ជីវិត​ប្រចាំ​ថ្ងៃ​សមស្រប—គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ឯង និង ក្រុមគ្រួសារ ។

ហេតុអ្វី​បាន​ជា​នោះ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ពេញ​ម៉ោង​នោះ ទទួលបាន​ការទូទាត់​ចំពោះ​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​ខ្លួន ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៧១

ព្រះអម្ចាស់​បង្រៀន​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ដែល​រិះគន់​ដល់​សាសនាចក្រ

តើ​អ្នក​ធ្លាប់​បាន​ឮ​ការរិះគន់​អំពី​សាសនាចក្រ​ដែរ​ឬ​ទេ ? តើ​មាន​មធ្យោបាយ​សមរម្យ​ណា​ខ្លះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរិះគន់​អំពី​សាសនាចក្រ ?

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​ប្រវត្តិ​សង្ខេប​នៃ​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧១សូម​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​ថាតើ​សាសនាចក្រ និង ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ ត្រូវបាន​រិះគន់​នៅ​គ្រា​ដែល​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ​យ៉ាង​ដូចម្ដេច​ខ្លះ ។

អែសរ៉ា ប៊ូត គឺ​ជា​អតីត​អាចារ្យ​សាសនា​មេតូឌីស្ទ​ម្នាក់ ដែល​បាន​ចូល​សាសនាចក្រ​បន្ទាប់​ពី​បាន​ឃើញ​ការព្យាបាល​ជំងឺ ។ គាត់​បាន​ធ្វើ​ដំណើរ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​កាន់​រដ្ឋ មិសសួរី ប៉ុន្តែ គាត់​បាន​ខកចិត្ត កាល​គាត់​ពុំ​អាច​បង្កើត​អព្ភូតហេតុ​ដើម្បី​ប្រែចិត្ត​មនុស្ស​ដទៃ ឲ្យ​ជឿ​លើ​សេចក្ដីពិត​បាន ។ មិន​តែ​ប៉ុណ្ណោះ បងប្រុស ប៊ូត ពុំ​បាន​ជឿ​ថា ការដឹកនាំ​របស់ យ៉ូសែប ស៊្មីធ គឺ​ជា​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ក្នុង​នាម​ជា​ព្យាការី ឬ ជា​អ្នក​ដឹកនាំ​ដ៏​បំផុសគំនិត​ឡើយ ។ គាត់​បែរ​ជា​រិះគន់​យ៉ាង​ខ្លាំង​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ថែមទាំង​បាន​ចាកចេញ​ពី​សាសនាចក្រ ហើយ​បាន​សរសេរ​លិខិត​រិះគន់​ចំនួន​ប្រាំបួន​ច្បាប់ អំពី​សាសនាចក្រ និង ថ្នាក់ដឹកនាំ​សាសនាចក្រ ។ លិខិត​ទាំងនេះ​ត្រូវបាន​បោះពុម្ព​នៅ​ក្នុង​ទំព័រ​កាសែត Ohio Star ដែល​បាន​បណ្ដាល​មនុស្ស​មួយ​ចំនួន បង្កើន​អារម្មណ៍​មិន​ស្និទស្នាល​ទាស់​នឹង​សាសនាចក្រ និង ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​កត់ត្រា​ថា ការសរសេរ​របស់ អែសរ៉ា ប៊ូត គឺ​ជា « ប្រភេទ​សំបុត្រ​ដែល ដោយ​ការលាបពណ៌​នៃ​ភាព​មិន​ពិត និង ផែនការ​ដ៏​ឥតប្រយោជន៍​ដើម្បី​ផ្ដួលរំលំ​កិច្ចការ​របស់​ព្រះអម្ចាស់​នោះ បាន​បង្ហាញ​អំពី​គុណវិបត្តិ ភាពទុច្ចរិត និង ភាព​ខ្វះ​ឧត្តមគតិ [ របស់ អែសរ៉ា ប៊ូត ] បាន​បន្សល់​ទុក​ឲ្យ​គាត់​នូវ​ស្នាដៃ ដែល​កើត​ចេញ​ពី​ទង្វើ​គួរ​ឲ្យ​អាម៉ាស់ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការងឿងឆ្ងល់ » ( នៅ​ក្នុង History of the Church ១:២១៦–១៧ ) ។

សាយមិន រ៉ាយឌើរ គឺ​ជា​សមាជិក​សាសនាចក្រ​ម្នាក់​ទៀត​ដែល​មិន​ស្មោះត្រង់ បាន​ឲ្យ​ច្បាប់​ចម្លង​នៃ​វិវរណៈ​មួយ​ចំនួន​ទៅ​ក្រុមហ៊ុន​សារព័ត៌មាន​មួយ​ទៀត ក្នុង​គោលបំណង​បំបាក់​ទឹកចិត្ត​ប្រជាជន​ពី​ការចូល​សាសនាចក្រ ។ ការព្រួយបារម្ភ​ដែល​បណ្ដាល​មក​ពី អែសរ៉ា ប៊ូត និង សាយមិន រ៉ាយឌើរ បាន​រីក​ធំ​ឡើង​ជា​បញ្ហា​មួយ​ដ៏​ធ្ងន់ធ្ងរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:១–៤ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យ​ធ្វើ ដើម្បី​រម្ងាប់​អារម្មណ៍​មិន​ស្និទ្ធស្នាល ដែល​ជា​លទ្ធផល​ចេញ​ពី​អត្ថបទ​នៅ​លើ​ទំព័រ​កាសែត​ទាំងនោះ ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ១ អំពី​របៀប​ដែល យ៉ូសែប និង ស៊ីឌនី ត្រូវ​ប្រកាស​ដំណឹងល្អ ។ តើ​គោលការណ៍​អ្វី ដែល​យើង​អាច​រៀន​ចេញ​ពី​សេចក្ដី​ណែនាំ​នេះ អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​អំពី​សាសនាចក្រ ?

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​អាច​ធ្វើ​អ្វី​នា​ពេល​ឥឡូវនេះ ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​ទាស់​នឹង​សាសនាចក្រ ឬ ថ្នាក់​ដឹកនាំ​សាសនាចក្រ ?

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូចតទៅ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧១:១ ៖ នៅ​ពេល​មនុស្ស​រិះគន់​សាសនាចក្រ យើង​អាច​ឆ្លើយ​តប​ដោយ​ការចែកចាយ​សេចក្ដីពិត​ចេញ​ពី​បទគម្ពីរ និង ការធ្វើតាម​ការណែនាំ​ពី​ព្រះវិញ្ញាណ ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប​ដែល​ព្រះវិញ្ញាណ អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​ប្រឆាំង​ទាស់​នឹង​សាសនាចក្រ ៖ « នៅ​ពេល​យើង​ឆ្លើយ​ទៅ​នឹង​មនុស្ស​ដទៃ កាលៈទេសៈ​នីមួយៗ​នឹង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា ។ សំណាង​ល្អ ព្រះអម្ចាស់​ជ្រាប​ពី​ដួងចិត្ត​នៃ​អ្នកចោទ​ប្រកាន់​យើង និង របៀប​ដែល​យើង​អាច​ឆ្លើយតប​ទៅកាន់​ពួកគេ​វិញ​ដោយ​មាន​ប្រសិទ្ធភាព​បំផុត ។. ក្នុងនាមជា​សិស្ស​ដ៏​ពិត​ស្វែងរក​ការណែនាំ​មក​ពី​ព្រះវិញ្ញាណ នោះ​ពួកគេ​ទទួល​បាន​ការបំផុស​គំនិត​ដែល​ទាក់ទង​នឹង​រឿង​ប្រឈម​នីមួយៗ ។ ហើយ​នៅ​គ្រប់​ការប្រឈម​នីមួយៗ សិស្ស​ដ៏​ពិត​ឆ្លើយតប​តាម​របៀប​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ »​(Christian Courage: The Price of Discipleship » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៧៣ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:៥–១១ដោយ​ស្វែងរក​ឱវាទ និង ការលួងលោម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅ​ពេល​ពួក​លោក​ឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​ទាស់​នឹង​សាសនាចក្រ ។ សូម​ស្វែងរក​ផងដែរ នូវ​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកលោក​នៅ​ក្នុង ខទី ៧ និង ១០ ។

សូម​កត់ចំណាំ​ថា វិវរណៈ​នេះ​ណែនាំ​ទៅ​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ​ចំនួន​ពីរ​នាក់—គឺ​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន—ដែល​ត្រូវ​ទៅ​ជួប​នឹង​អ្នក​ដែល​វាយប្រហារ​សាសនាចក្រ ដោយ​បើក​មុខ និង ដោយ​សម្ងាត់ ហើយ​ត្រូវ​ព្យាយាម​បំភាន់​អ្នក​ទាំងនោះ​នៅ​ក្នុង​សេចក្ដី​កំភូត ដែល​ពួកគេ​កំពុង​ប្រកាស ។ ជា​ទូទៅ នេះ​គឺ​ជា​ការទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ លុះត្រា​តែ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​បង្គាប់ ឬ ចាត់តាំង​មនុស្ស​ឯ​ទៀត​ឲ្យ​ធ្វើ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុវវ័យ​នៃ​សាសនាចក្រ​គួរតែ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​កុហក​អំពី​សាសនាចក្រ នៅ​តាម​របៀប​ដែល​ត្រូវបាន​ពិពណ៌នា​ដោយ​អែលឌើរ ហែល ខាង​លើ​នេះ ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

អែលឌើរ ហែល ក៏​បាន​ផ្ដល់​ដំបូន្មាន អំពី​ឥរិយាបថ​របស់​យើង​ចំពោះ​មនុស្ស​ដែល​រិះគន់​សាសនាចក្រ ឬ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផងដែរ ៖ « ក្នុង​នាម​ជា​សិស្ស​ដ៏​ពិត សេចក្ដី​បារម្ភ​ចម្បង​របស់​យើង​ត្រូវតែ​ជា​សុខុមាលភាព​របស់​មនុស្ស​ដទៃ មិនមែន​ជា​ការយក​រួច​ខ្លួន​នោះ​ទេ ។ សំណួរ និង ការរិះគន់​ផ្ដល់​ដល់​យើង​នូវ​ឱកាស​មួយ ដើម្បី​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ ហើយ​បង្ហាញ​ថា ពួកគេ​សំខាន់​ចំពោះ​ព្រះវរបិតាសួគ៌​របស់​យើង និង ចំពោះ​យើង​ផង​ដែរ ។ គោលបំណង​របស់​យើង​គួរតែ​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​សេចក្ដីពិត មិនមែន​ការពារ​តែ​អាត្មា​ខ្លួន​ឯង ឬ ទទួល​បាន​ពិន្ទុ​នៅ​ក្នុង​ការជជែក​វែកញែក​អំពី​ទ្រឹស្ដី​នោះ​ទេ ។ ទីបន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង គឺ​ជា​ចម្លើយ​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​យើង​អាច​ឲ្យ​ទៅ​ដល់អ្នក​ដែល​ចោទ​ប្រកាន់​យើង ។ ហើយ​ទីបន្ទាល់​ដូចនោះ អាច​ត្រូវ​ថ្លែងបាន​តែ​ក្នុង​សេចក្ដី​ស្រឡាញ់ និង ភាព​ស្លូតបូត​ប៉ុណ្ណោះ » ( « Christian Courage » ទំព័រ ៧៣–៧៤ ) ។

ស៊ីឌនី រិកដុន បាន​គោរពប្រតិបត្តិ​តាម​ឱវាទ​របស់​ព្រះអម្ចាស់ ហើយ​បាន​អញ្ជើញ អែសរ៉ា ប៊ូត ឲ្យ​មក​ចូលរួម​ជាមួយ​គាត់​នៅ​ក្រុង រ៉ាវែណា រដ្ឋ អូហៃអូ ដែល​ពួកគាត់​បាន​ពិភាក្សា​គ្នា​ដោយ​បើក​មុខ អំពី​លិខិត​ដែល អែសរ៉ា បាន​ផ្ញើ​ទៅ​កាន់​ក្រុមហ៊ុន​សារព័ត៌មាន ។ ស៊ីឌនី ក៏​បាន​អញ្ជើញ សាយមិន រ៉ាយឌើរ មក​ពិភាក្សា​តទល់​ដោយ​បើក​មុខ ស្ដីពី​ព្រះគម្ពីរ​មរមន​ដែរ ។ បុរស​ទាំងពីរ​នាក់ ពុំ​ទទួល​យក​ការ​អញ្ជើញ​នោះទេ ។ ស៊ីឌនី នៅ​តែ​បន្ត​ថ្លែងទីបន្ទាល់​អំពី​សេចក្ដីពិត​នៅ​ក្រុង រ៉ាវែណា និង នៅ​ទីតាំង​ដទៃ​ទៀត ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការបង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:៨–៩ អាច​លួងលោម​ដល់​អ្នក​ឆ្លើយតប​ទៅ​នឹង​ការរិះគន់​ទាស់​នឹង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

    2. យោង​តាម ខទី ១០ហេតុអ្វី​បាន​ជា​យើង​មិនគួរ​បារម្ភ​ហួស​ពេក នៅ​ពេល​មនុស្ស​រិះគន់​អំពី​សាសនាចក្រ ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​ការរិះគន់​ទាស់​នឹង​សាសនាចក្រ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៩-៧១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖