ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥


មេរៀន​ទី ១៦ ៖ ថ្ងៃទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥

បុព្វកថា

នៅ​ក្នុង​សន្និសីទ​នៃ​សាសនាចក្រ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៥ ខែ មករា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ចំនួន​ពីរ ដែល​ទាំង​ពីរ​នោះ​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ ។ វិវរណៈ​ទីមួយ​ដែល​មាន​កត់ត្រា​នៅ​ក្នុង ខទី ១–២២ត្រូវបាន​ប្រទាន​ដល់​ពួក​អែលឌើរ​មួយ​ក្រុម ដែល​បាន​បញ្ជូន​ឈ្មោះ​ដើម្បី​បម្រើ​បេសសកម្ម ។ ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួក​អែលឌើរ​ទាំងនេះ​អំពី​ករណីយកិច្ច​នៃ​ការផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ហើយ​បាន​ចាត់តាំង​ដៃគូ​បេសកកម្ម​ឲ្យ​ពួកគេ ។ វិវរណៈ​ទីពីរ​ដែល​មាន​កត់ត្រា​នៅ​ក្នុង ខទី ២៣-៣៦ត្រូវបាន​ប្រទាន​ដល់​ពួក​អែលឌើរ​ក្រុម​ទីពីរ ដែល​បាន​ចង់ដឹង​អំពី​ព្រះឆន្ទៈ របស់​ព្រះអម្ចាស់ ដែល​មាន​ចំពោះ​ពួកគេ ។ ព្រះអម្ចាស់​បាន​ណែនាំ​ពួក​អែលឌើរ​ទាំងនេះ ត្រូវ​ឲ្យ​ប្រាកដ​ថា​ក្រុមគ្រួសារ​របស់​ពួកគេ​ត្រូវបាន​ទ្រទ្រង់ ហើយ​ឲ្យ​ពួកគេ​ទទួល​យក​ការហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១-៥

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់ អ្នក​ដែល​មាន​បំណងប្រាថ្នា​ប្រកាស​ដំណឹងល្អ

តើ​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត ដែល​អ្នក​នឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​អាច​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​បាន ? នៅ​ពេល​អ្នក​គិត​អំពី​លទ្ធភាព​នៃ​ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក​រំពឹង​ថា​នឹង​ទទួលបាន​ដោយ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ? សូម​សរសេរ​ពរជ័យ​មួយ​ចំនួន​ទាំងនោះ នៅ​ក្នុង​ចន្លោះ​ដែល​មាន ៖

ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ពរជ័យ​ជា​ច្រើន ទៅ​ដល់​អ្នក​ដែល​ទ្រង់​បាន​ហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ ។ ទ្រង់​ក៏​ប្រទាន​ដល់​ពួកគេ នូវ​ការណែនាំ​ទាំងឡាយ​ដើម្បី​ជួយ​ពួកគេ​ទទួល​បាន​ជោគជ័យ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:១-៤ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​ពួក​អែលឌើរ​ទាំងនេះ​ធ្វើ នៅ​ពេល​កំពុង​ប្រកាស​ដំណឹងល្អ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​មាន​សារៈសំខាន់ ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​ប្រកាស​ដំណឹងល្អ ទៅ​តាម​បែបបទ​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៥ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួក​អែលឌើរ​ទាំងនេះ ប្រសិន​បើ​ពួកគាត់​នឹង​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ស្មោះត្រង់​នោះ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដែល​ត្រូវ​ស្គាល់​ថា ពាក្យ កណ្ដាប់​ស្រូវ សំដៅ​ទៅ​លើ​ដើម​ស្រូវ ដែល​ត្រូវបាន​ច្រូត ហើយ​ចង​ជា​កណ្ដាប់ ។ ការផ្ទុក « កណ្ដាប់​ស្រូវ » មាន​ន័យ​ថា ការច្រូត​កាត់​បាន​ច្រើន ។ តើ​អ្នក​គិត​ថា « កណ្ដាប់​ស្រូវ » អាច​ជា​និមិត្តរូប​អ្វី នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ?

រូបភាព
កណ្ដាប់​ស្រូវ​នៅ​ក្នុង​ស្រែ

កណ្ដាប់​ស្រូវ​នៅ​ក្នុង​វាលស្រែ

បន្ថែម​ពី​លើ​ពរជ័យ​នៃ​ការទទួល​បាន​ផ្លែផ្កា​ពី​កិច្ចការ​របស់​យើង នៅ​ពេល​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ នោះ​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៥ ។ តើ​ការសន្យា​របស់​ព្រះអម្ចាស់​មាន​នៅ​ក្នុង ខទី ៥ អាច​នឹង​លើកទឹកចិត្ត​អ្នក ឲ្យ​ចែកចាយ​ដំណឹល្អ ជាមួយ​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ?

  1. ដោយ​ប្រើ​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង ខទី ៥សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ បើ​យើង​ស្មោះត្រង់​ក្នុង​ការប្រកាស​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​យើង​ដោយ​នូវ …

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៦-២២

ព្រះអម្ចាស់​ហៅ ហើយ​ណែនាំ​ដល់​ដៃគូ​ផ្សព្វផ្សាយ​សាសនា​ទាំងឡាយ

បន្ទាប់​ពី​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ និង ការសន្យា​ទៅ​ដល់​ពួក​អែលឌើរ ដែល​នឹង​បម្រើ​បេសកកម្ម​ហើយ នោះ​ទ្រង់​បាន​ចាត់​ពួកគាត់​ជា​គូៗ ហើយ​បាន​ប្រទាន​សេចក្ដី​ណែនាំ​ជាក់លាក់​ទៅ​ដល់​ដៃគូ​នីមួយៗ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៦–១២ ដើម្បី​រៀន​អំពី​ដៃគូ​ទីមួយ និង ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគាត់ ប្រសិនបើ​ពួកគាត់​ប្រកាស​ដំណឹងល្អ​ដោយ​ស្មោះត្រង់ ។

វា​អាច​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ដឹង​ថា នៅ​ថ្ងៃ​ទី ២៩ ខែ តុលា ឆ្នាំ ១៨៣១ វិលលាម អ៊ី ម៉័កខ្លេលិន បាន​ទទួល​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ និង សាំយូអែល អេច ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​ដៃគូ​របស់​គាត់ ( សូម​មើល គ. និង ស. ៦៦:៥–៨ ) ។ វិលលាម បាន​គោរពប្រតិបត្តិ​តាម​ការហៅ​នេះ​មុន​គេ​បង្អស់ ។ បេសកកម្ម​របស់​គាត់​បាន​បញ្ចប់​មុន​គេ ហើយ​បាន​ត្រឡប់​ទៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ វិញ​នៅ​ចុង​ខែ ធ្នូ ឆ្នាំ ១៨៣១ ។ ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៦–១២ព្រះអម្ចាស់​បាន​វាយផ្ចាល វិលលាម អ៊ី ម៉័កខ្លេលិន ចំពោះ​ការរអ៊ូរទាំ​របស់​គាត់ ដោយ​ត្រូវបាន​ដក​ការហៅ​ឲ្យ​បម្រើ​នៅ​រដ្ឋ​ទាំងឡាយ នៅ​ភាគ​ខាង​កើត ហើយ​ទ្រង់​បាន​ហៅ អួរសុន ហៃឌ ឲ្យ​បម្រើ​ជំនួស​គាត់​ជា​ដៃគូ​របស់ សាំយូអែល ស៊្មីធ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បាន​បន្ត​ហៅ វិលលាម ឲ្យ​បម្រើ ដើម្បី​ប្រកាស​ដំណឹងល្អ​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ ដោយ​មាន លូកា ចនសុន ធ្វើ​ជា​ដៃគូ ។ វិលលាម បាន​ទទួល​ការហៅ​ឲ្យ​បម្រើ​នោះ ប៉ុន្តែ គាត់​ពុំ​បាន​បន្ត​បម្រើ​ដោយ​ស្មោះត្រង់​នោះ​ទេ ។ មិន​យូរ​ប៉ុន្មាន គាត់​បាន​ថ្លែង​ចេញ​មក​ថា គាត់​ធុញទ្រាន់​មិន​ចង់​បន្ត​បេសកកម្ម​ទៀត​ឡើយ ។ បន្ទាប់​ពី​បាន​បញ្ចប់​បេសកកម្ម​របស់​គាត់​ហើយ​នោះ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ហៃរាំ រដ្ឋ អូហៃអូ វិញ ហើយ​បាន​រៀបការ​នឹង អិមីលីន មិលើរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:១១, ១៣–១៤ដោយ​ស្វែងរក​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ម្ដងហើយ​ម្ដង​ទៀត ទៅ​កាន់​ដៃគូ​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ ប្រសិនបើ​ពួកគេ​នឹង​ប្រកាស​ដំណឹងល្អ​ដោយ​ស្មោះត្រង់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អះអាង​ចំពោះ​យើង​ថា បើ​យើង​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការប្រកាស​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​មួយ​ដែល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ បាន​មាន ដែល​អះអាង​ចំពោះ​អ្នក​ថា ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង នៅ​ពេល​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ។

  2. សូម​ស្រមៃ​ថា អ្នក​មាន​មិត្តភក្ដិ ឬ សមាជិក​ម្នាក់ ដែល​កំពុង​មាន​ការលំបាក​ក្នុង​ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ជា​សំបុត្រ​លើកទឹកចិត្ត​មួយ​ច្បាប់​ទៅ​កាន់​បុគ្គល​នោះ ដោយ​ប្រើ​គោលការណ៍​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នៅ​ថ្ងៃ​នេះ ។ សូម​ចែកចាយ​នៅ​ក្នុង​សំបុត្រ​នោះ អំពី​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ធ្វើ ដើម្បី​ប្រកាស​ដំណឹងល្អ​កាន់តែ​មាន​ភាពស្មោះត្រង់ និង អ្វី​ដែល​ជា​ពរជ័យ​មួយ​ចំនួន ដែល​កើតឡើង​ចំពោះ​អ្នក​ដែល​ធ្វើ​ដូច្នោះ ។ ( ប្រសិនបើ​អ្នក​ស្គាល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ណា​ម្នាក់ អ្នក​អាច​សរសេរ​សំបុត្រ​ទៅ​កាន់​គាត់ ។ បន្ទាប់​មក សូម​កត់ចំណាំ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​សរសេរ​ថា អ្នក​បាន​ធ្វើ​កិច្ចការ​នោះ​ហើយ ) ។

រូបភាព
ហ្គរដុន ប៊ី ហ៊ិងគ្លី កាល​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង

ហ្គរដុន ប៊ី ហ៊ិងគ្លី កាល​នៅ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង បាន​ប្រកាស​ដំណឹងល្អ​នៅ ហៃដ ផាក ទីក្រុង ឡុងដ៍

យើង​អាច​ជួប​ប្រទះ​នឹង​ឧបសគ្គ​នានា ក្នុង​ការខិតខំ​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការប្រកាស​ដំណឹងល្អ ។ នៅ​ក្នុង​អត្ថបទ​មួយ​អំពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេរ​អំពី​ការពុះពារ​មួយ ដែល​ប្រធាន ហ៊ីងគ្លី បាន​ជួប​ប្រទះ​កាល​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស អង់គ្លេស ៖

« អែលឌើរ ហ៊ិងគ្លី បាន​មាន​ការបាក់ទឹកចិត្ត ដែល​ដូចគ្នា​ទៅ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏ទៃ​ទៀត​កំពុង​ប្រឈម​មុខ​ទៅ​នឹង​កាលៈទេសៈ​ថ្មី​លើ​ទឹកដី​ថ្មី ។ គាត់​ពុំ​សូវស្រួល​ខ្លួន​នោះ​ទេ ហើយ​នៅ​ពេល​គាត់​បាន​ទៅ​ការប្រជុំ​ជា​សាធារណៈ​ជា​លើក​ដំបូង​របស់​គាត់ … គាត់​នៅ​ចាំ ៖ ‹ ខ្ញុំ​បាន​ភ័យ​ញ័រ ។ ខ្ញុំ​បាន​ឡើង​លើ​វេទិកា​តូច​មួយ ហើយ​បាន​សម្លឹង​មើល​ទៅ​បណ្ដាជន​ដែល​បាន​មក​ជួបជុំ​គ្នា ។… ពួកគេ​ពុំ​បាន​សម្លឹង​មក​ខ្ញុំ​វិញ​ដោយ​ទឹកមុខ​ឃោរឃៅ ឬ កាចសាហាវ​នោះ​ទេ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​ពិបាក​ថ្លែង​ចេញ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ថ្លែង​នោះ​ឡើយ › ។

« ដោយ​ការបាក់ស្មារតី និង ការប្រឈម​មុខ​នឹង​ការបរាជ័យ​ក្នុង​កិច្ចខិតខំ​ផ្សព្វផ្សាយ​សាសនា ហ្គរដុន បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ឪពុក​របស់​គាត់ ៖ ‹ ខ្ញុំ​កំពុង​តែ​ខ្ជះខ្ជាយ​ពេល​វេលា និង ប្រាក់កាស​របស់​លោក​ឪពុក​ហើយ ។ ខ្ញុំ​ពុំ​មាន​ជោគជ័យ​អ្វី​ទាល់​តែ​សោះ​នៅ​ទី​នេះ › ។ មិន​យូរ​ប៉ុន្មាន សំបុត្រ​មួយ​ច្បាប់​ដ៏​ផ្អែមល្ហែម ប៉ុន្តែ ខ្លី​បាន​សរសេរ​តប​មក​ពី​ឪពុក​របស់​លោក ។ សំបុត្រ​នោះ​មាន​សេចក្ដី​ចែង​មក ៖ ‹ ហ្គរដុន ជា​ទីស្រឡាញ់ ។ ឪពុក​បាន​ទទួល​សំបុត្រ​របស់​កូន [ នៅ​កាលបរិច្ឆេទ ] ។ ឪពុក​មាន​តែ​យោបល់​មួយ​គត់​សម្រាប់​កូន ។ បំភ្លេច​ខ្លួន​ឯង ហើយ​ចេញ​ទៅ​ធ្វើការ ។ ដោយ​សេចក្ដី​ស្រឡាញ់ ឪពុក​របស់​កូន › ។

« ប្រធាន ហ៊ិងគ្លី មាន​ប្រសាសន៍​អំពី​គ្រា​មួយ​នោះ​ថា ‹ ខ្ញុំ​បាន​ពិចារណា​អំពី​ចម្លើយ​តប​របស់​គាត់ ហើយ​នៅ​ព្រឹក​ស្អែក​ឡើង នៅ​ក្នុង​ថ្នាក់​សិក្សា​ព្រះគម្ពីរ​របស់​យើង យើង​បាន​អាន​ព្រះបន្ទូល​ថ្លែងការណ៍​របស់​ព្រះអម្ចាស់​ដ៏​គួរឲ្យ​កត់​សម្គាល់​បំផុត​នោះ​ថា « ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាន​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ » ( ម៉ាកុស ៨:៣៥ ) ។

« ‹ ព្រះបន្ទូល​ថ្លែងការណ៍​នោះ ការសន្យា​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត ។ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះអម្ចាស់​ថា ខ្ញុំ​នឹង​ព្យាយាម​បំភ្លេច​ខ្លួន​ឯង ហើយ​ចេញ​ទៅ​ធ្វើការ ។ ខ្ញុំ​ចាត់ទុក​ថ្ងៃ​នោះ​ថា ជា​ថ្ងៃ​នៃ​ការសម្រេចចិត្ត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ អ្វីៗ​ល្អ​គ្រប់​យ៉ាង ដែល​បាន​កើតឡើង​ចំពោះ​ខ្ញុំ​ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​អាច​ក្រឡេក​មើល​ទៅ​ការសម្រេចចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​គ្រា​នោះ › » ( « President Gordon B. Hinckley: Stalwart and Brave He Stands » Ensign ខែ មិថុនា ឆ្នាំ ១៩៩៥ ទំព័រ ៨ ) ។

ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:១៥–២២ព្រះអម្ចាស់​បាន​ណែនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ប្រទានពរ​ដល់​ផ្ទះ ដែល​បាន​ទទួល​ពួកគេ ។ ទ្រង់​ក៏​បាន​បង្រៀន​ពួកគាត់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ នៅ​ពេល​ពួកគាត់​ត្រូវបាន​គេ​បដិសេធ ដោយ​មនុស្ស​ដែល​ពួកគេ​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ ។ ការរលាស់​ធូលី​ដី​ពី​ជើង​ពួកគាត់​ចេញ ទុក​ជា​ទីបន្ទាល់​ទាស់​នឹង​ពួកគាត់ ដែល​បាន​បដិសេធ​ពួកគាត់ ពុំ​ត្រូវបាន​អនុវត្ត​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២៣-២៩

ព្រះអម្ចាស់​ពន្យល់​អំពី​របៀប​ដែល​ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​ទាំងនោះ គប្បី​ត្រូវបាន​ទ្រទ្រង់

វិវរណៈ​ទី​ពីរ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ដែល​មាន​កត់ត្រា​នៅ​ក្នុង ខទី ២៣–៣៦ត្រូវបាន​ប្រទាន​ឲ្យ​ដល់​ពួក​អែលឌើរ​មួយ​ក្រុម​ទៀត ។ នៅ​ជំនាន់​ដំបូង​នៃ​សាសនាចក្រ មាន​បុរស​ជា​ច្រើន​ដែល​ត្រូវបាន​ហៅ​បម្រើ​បេសកកម្ម មាន​ប្រពន្ធ និង កូន ដែល​ពឹងផ្អែក​ទៅ​លើ​ការទ្រទ្រង់​របស់​ពួកគេ ។ ការទទួល​យក​ការហៅ​ឲ្យ​បម្រើ គឺ​ជា​ការលះបង់​មួយ​ដ៏​ធំ​សម្បើម​ពី​សំណាក់​ក្រុមគ្រួសារ​ទាំង​មូល ។ ការព្រួយ​បារម្ភ​ជា​ទូទៅ​មួយ​សម្រាប់​ពួក​អែលឌើរ​ជា​ច្រើន អាច​ជា​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​ក្រុមគ្រួសារ​របស់​ពួកគាត់ ប្រសិនបើ​ពួកគាត់​ទទួល​យក​ការហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ​នៅ​ឆ្ងាយ​ពី​ផ្ទះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:២៤–២៨ដោយ​ស្វែងរក​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់​ទៅ​ដល់​ពួក​អែលឌើរ ដែល​ត្រូវ​ប្រកាស​ដំណឹងល្អ ប៉ុន្តែ មាន​ក្រុមគ្រួសារ​ដែល​ត្រូវ​មើល​ថែ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ថា សាសនាចក្រ​គប្បី​ជួយ​ដល់​ក្រុមគ្រួសារ​នោះ នៅ​ពេល​មាន​ឪពុក ឬ ស្វាមី​ទទួល​យក​ការហៅ​ឲ្យ​ចេញ​ទៅ​បម្រើ​បេសកកម្ម ។ សូម​កត់ចំណាំ​នៅ​ក្នុង ខទី ២៦ នូវ​អ្វី​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​ពួក​អែលឌើរ​ទាំងនេះ​ធ្វើ ប្រសិនបើ​ពួកគេ​មាន​លទ្ធភាព​រក​កន្លែង​មួយ ដែល​ក្រុម​គ្រួសារ​របស់​ពួកគេ​អាច​ត្រូវបាន​ទ្រទ្រង់ ។

នៅ​ក្នុង ខទី ២៨ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួកអែលឌើរ​ដែល​ពុំ​មាន​លទ្ធភាព​ស្វែងរក​ការផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​ខ្លួន​ថា ពួកគាត់​ត្រូវបាន​លើកលែង​ពី​ការធ្វើ​ដំណើរ ហើយ​ទ្រង់​បាន​អះអាង​ដល់​ពួកគាត់​ថា ពួកគាត់​នឹង​មិន​បាត់បង់​ឱកាស​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ឡើយ ។ ពួក​អែលឌើរ​ទាំងនេះ​នៅតែ​រំពឹង​ឲ្យ​ធ្វើការ នៅ​ក្នុង​សាសនាចក្រ​ទៅ​តាម​តំបន់​របស់​ខ្លួន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:២៩ដោយ​ស្វែងរក​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បុរស​ទាំងអស់​នេះ ។ វា​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ក្នុង​ការដឹង​ថា មនុស្ស​ខ្ជិល​ច្រអូស គឺ​ជា​បុគ្គល​ដែល​ពុំ​មាន​ឆន្ទៈ​ធ្វើការ ហើយ​ដែល​ត្រូវ « មាន​ចិត្ត​ឧស្សាហ៍​ក្នុង​គ្រប់​ជំពូក​ទាំងអស់ » មាន​ន័យ​ថា ស្ថិតស្ថេរ ព្យាយាម យក​ចិត្តទុកដាក់ និង ប្រឹងប្រែង​ធ្វើការ ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខទី ២៩ ដែល​បង្រៀន​អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​គ្រប់​ជំពូក​ទាំងអស់ ។

  1. សូម​ពិចារណា​អំពី​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ជីវិត​របស់​អ្នក ដែល​អ្នក​ដឹង​ថា អ្នក​អាច​ធ្វើ​ឲ្យ​មាន​ចិត្ត​កាន់តែ​ឧស្សាហ៍​ព្យាយាម​ជាង​មុន ។ សូម​សរសេរ​នៅ​លើ​ក្រដាស​មួយ​សន្លឹក នូវ​គោលដៅ​នៃ​អ្វី​មួយ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ឲ្យ​មាន​ចិត្ត​កាន់តែ​ឧស្សាហ៍​ព្យាយាម​ជាង​មុន ។ សូម​បិទ​គោលដៅ​នេះ នៅ​ទីកន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​វា​រាល់​ថ្ងៃ ។ នៅ​ពេល​អ្នក​បាន​បញ្ចប់​កិច្ចការ​នេះ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្បី​របស់​អ្នក ៖ ខ្ញុំ​បាន​សរសេរ​គោលដៅ​របស់​ខ្ញុំ ហើយ​បាន​បិទ​វា​នៅ​ទីកន្លែង​ដែល​ខ្ញុំ​អាច​មើល​ឃើញ​វា​រាល់​ថ្ងៃ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣០-៣៦

ព្រះអម្ចាស់​ចាត់តាំង​ពួក​អែលឌើរ ឲ្យ​បម្រើ​ជា​ដៃគូ​អ្នក​ផ្សព្វផ្សាយ​សាសនា

នៅ​ចុង​បញ្ចប់​នៃ​វិវរណៈ​ទីពីរ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ព្រះអម្ចាស់​បាន​ចាត់តាំង​ដៃគូ​ផ្សព្វផ្សាយ​សាសនា ដល់​ពួក​អែលឌើរ​ក្នុង​ក្រុម​នេះ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖