ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-៤០


មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-៤០

សេចក្តីផ្តើម

ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​ថ្លែង​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ « គឺ​ជា​វិវរណៈ​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​វិវរណៈ​ទាំងឡាយ ដែល​ធ្លាប់​បាន​ប្រទាន​ឲ្យ​ដល់​សាសនាចក្រ ហើយ​ពេល​វេលា​ចំនួន​បីបួន​សប្ដាហ៍ អាច​ត្រូវបាន​ចំណាយ​យ៉ាង​មាន​តម្លៃ​ក្នុង​ការពិភាក្សា​អំពី​វិវរណៈ​នេះ » ( Church History and Modern Revelation វ៉ុល ២ [ ១៩៥៣ ] ១:៣៦៦ ) ។ នេះ​គឺ​ជា​មេរៀន​ដំបូងគេ​នៃ​មេរៀន​ទាំងបី ដែល​ផ្ដោត​ទៅ​លើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ​រយៈ​ពេល​បី​ថ្ងៃ—គឺ​ថ្ងៃ​ទី ២៧–២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ និង ថ្ងៃ​ទី ៣ ខែ មករា ឆ្នាំ ១៨៣៣ ។ ចំណែក​នៃ​វិវរណៈ​ដែល​មាន​ពាសពេញ​ក្នុង​មេរៀន​នេះ មាន​នូវ​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ និង ការបកស្រាយ​របស់​ទ្រង់ អំពី​ក្រឹត្យវិន័យ​នានា ដែល​គ្រប់គ្រង​នគរ​ទាំងឡាយ​របស់​ទ្រង់ និង បណ្ដាជន​នៃ​នគរ​ទាំងនោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-១៣

ព្រះអម្ចាស់​ប្រកាស​ថា ទ្រង់​គឺ​ជា​ពន្លឺ ដែល​បំភ្លឺ​អ្វី​គ្រប់​យ៉ាង​ទាំងអស់

តើ​អ្នក​ធ្លាប់​អធិស្ឋាន​ឲ្យ​បាន​ដឹង អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ អំពី​ជម្រើស​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ជីវិត​ដែរ​ឬ​ទេ ? ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ បន្ទាប់​ពី​ពួក​សង្ឃ​ជាន់​ខ្ពស់​បាន​អធិស្ឋាន​រៀងៗ​ខ្លួន និង ដោយ​បញ្ចេញ​សំឡេង​នៅ​ក្នុង​សន្និសីទ​មួយ ដើម្បី​ដឹង​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១–២ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល ថាតើ​ទ្រង់ និង ពួក​ទេវតា​ទ្រង់​បាន​មាន​ព្រះទ័យ​យ៉ាង​ដូចម្ដេច នៅ​ពេល​ពួក​អ្នក​បម្រើ​ទ្រង់​ព្យាយាម​ស្គាល់​ព្រះឆន្ទៈ​ទ្រង់​នោះ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣–៥ព្រះអម្ចាស់​បាន​បង្រៀន​ពួក​បងប្អូន​ប្រុស​ទាំងនេះ​ថា ពួកគាត់​អាច​ទទួល​បាន​ការអះអាង​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ត្រូវបាន​ហៅ​ផងដែរ​ថា​ជា ព្រះ​ដ៏​ជា​ជំនួយ និង ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសញ្ញា ។

ព្រះអម្ចាស់​ក៏​បង្រៀង​ផងដែរ អំពី​សារៈសំខាន់​នៃ​ពន្លឺ ។ តើ​អ្នក​ធ្លាប់​ស្ថិត​នៅ​ក្នុង​ទីងងឹត​សូន្យសុង​ដែរ​ឬ​ទេ ? តើ​បទពិសោធន៍​នៃ​ការស្ថិត​នៅ​ក្នុង​ទីងងឹត​សូន្យសុង អាច​ជួយ​អ្នក​ឲ្យ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​នៃ​ពន្លឺ​យ៉ាង​ដូចម្ដេច ? តើ​ពន្លឺ​តំណាង​ឲ្យ​អ្វី នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦-១៣ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន អំពី​ប្រភព​នៃ​ពន្លឺ ។

នៅ​ក្នុង ខទី ៧ តើ​វាក្យសព្ទ​ណាមួយ ដែល​ត្រូវបាន​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​សេចក្ដីពិត ដែល « ភ្លឺ » ?

យោង​តាម ខទី ១២តើ​ពន្លឺ​ទាំងអស់ មាន​ប្រភព​ចេញ​មក​ពី​ណា ?

ខគម្ពីរ​ទាំង​នេះ​បង្រៀន​ថា តាមរយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រះ​បាន​ប្រទាន​ពន្លឺ និង ជីវិត​ដល់​អ្វី​គ្រប់​យ៉ាង​ទាំងអស់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​ក៏​ជា​ក្រឹត្យវិន័យ ដែល​គ្រប់គ្រង​លើ​ភព និង បណ្ដាជន​របស់​វា ហើយ​វា « ប្រោស » យោបល់​ដល់​អ្នក​ដែរ ។. ប្រោស មាន​ន័យ​ថា ធ្វើ​ឲ្យ​រស់​រវើក ។ អ្នក​អាច​នឹង​ចង់​សរសេរ​និយម​ន័យ​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

« ពន្លឺ​នៃ​ព្រះគ្រីស្ទ … គឺ​ជា​អានុភាព​មួយ​នៃ​សេចក្ដីល្អ ដែល​មាន​នៅ​ក្នុង​ជីវិត​មនុស្ស​ទូទៅ ( សូម​មើល យ៉ូហាន ១:៩គ. និង ស. ៩៣:២ ) ។ នៅ​ក្នុង​ព្រះគម្ពីរ ពន្លឺ​នៃ​ព្រះគ្រីស្ទ ពេលខ្លះ​ត្រូវបាន​ហៅ​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះវិញ្ញាណ​នៃ​ព្រះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ឬ ពន្លឺ​នៃ​ជីវិត ។

« ពន្លឺ​នៃ​ព្រះគ្រីស្ទ មិន​គួរ​យល់​ច្រឡំ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ។ វា​មិន​មែន​ជា​តួ​អង្គ ដូចជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ ។ វា​មាន​ឥទ្ធិពល​ដឹកនាំ​មនុស្ស ឲ្យ​ស្វែងរក​ដំណឹងល្អ​ដ៏​ពិត ធ្វើ​បុណ្យ​ជ្រមុជទឹក និង ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល យ៉ូហាន ១២:៤៦; អាលម៉ា ២៦:១៤–១៥ ) ។

« សតិសម្បជញ្ញៈ គឺ​ជា​ការបង្ហាញ​ពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​ធ្វើ​ឲ្យ​យើង​ដឹង​ល្អ និង អាក្រក់ ។ ព្យាការី មរមន បាន​បង្រៀន ៖ ‹ ព្រះវិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង ត្រូវ ហេតុដូច្នេះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វី​ៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្ដា និង​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នោះ​ហើយ អ្នករាល់គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥត​ខ្ចោះ​ថា មក​ពី​ព្រះ ។… ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា អ្នក​រាល់​គ្នា​ស្គាល់​នូវ​ពន្លឺ ដែល​អ្នក​រាល់គ្នា​អាច​យក​ទៅ​វិនិច្ឆ័យ ឯ​ពន្លឺ​នោះ​គឺ​ជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​មិន​វិនិច្ឆ័យ​ដោយ​ខុសឆ្គង​ឡើយ ដ្បិត​ដោយ​ការវិនិច្ឆ័យ​ដដែល​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវបាន​វិនិច្ឆ័យ​វិញ › (មរ៉ូណៃ ៧:១៦, ១៨ ) » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៩៦) ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​អនុសាសន៍​ស្ដីពី​ភាព​ដាច់​ដោយ​ឡែក​ពី​គ្នា និង អន្តរកម្ម​រវាង​ពន្លឺ​នៃ​ព្រះគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« មនុស្ស​គ្រប់​រូប​រស់នៅ​គ្រប់​ទីកន្លែង មាន​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ហើយ​កាល​វិញ្ញាណ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​យាង​ទៅ​ក្បែរ​បុគ្គល​ណា​ម្នាក់​នោះ អំណោយទាន ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ត្រូវបាន​ទទួល ‹ ដោយសារ​ការគោរពតាម​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ › ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣ ) តាមរយៈ​ចូល​ទៅ​ក្នុង ‹ បុណ្យជ្រមុជទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប [ និង ការ] ដាក់​ដៃ​លើ​សម្រាប់​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ › ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៤ ) ។ វា​មិន​អាច​ទទួល​បាន​ដោយ​ស្វ័យប្រវត្តិ ដូចជា​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​នោះ​ទេ ។ អំណោយទាន​នេះ ត្រូវតែ​បាន​ប្រគល់​ដោយ បុគ្គល​ម្នាក់​ដែល​កាន់​សិទ្ធអំណាច ( សូម​មើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។

« នោះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវបាន​បង្គាប់​ឲ្យ​ធ្វើ ដើម្បី​ផ្សព្វផ្សាយ​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​មាន​នៅ​ក្នុង​ព្រលឹង​ដែល​យើង​ជួប ហើយ​នាំ​ព្រលឹង​ទាំងឡាយ​ទៅ​កាន់​កម្រិត​មួយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​យាង​មក​ក្បែរ​ពួកគេ​បាន ។ ហើយ​លំដាប់​នោះ កាល​កំណត់​មក​ដល់ ពួកគេ​អាច​ទទួល​បាន​តាមរយៈ​ពិធី​បរិសុទ្ធ អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ត្រូវបាន​ប្រគល់​ឲ្យ​ដល់​គ្រប់​សមាជិក​នៃ​សាសនាចក្រ ។

« នៅ​ពេល​បុគ្គល​ម្នាក់​ទទួល​បាន​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អាច​បណ្ដុះ​វា​ឡើង​ជាមួយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដែល​គាត់​មាន​ជា​ស្រេច​ហើយ​នោះ លំដាប់​នោះ​ភាពពោរពេញ​នៃ​ដំណឹងល្អ ត្រូវបាន​លាតត្រដាង​ចំពោះ​យោបល់​របស់​គាត់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើការ តាមរយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។

« ពន្លឺ​នៃ​ព្រះគ្រីស្ទ មាន​លក្ខណៈ​ទូលំទូលាយ​ដូចជា​ពន្លឺ​ព្រះអាទិត្យ​ដែរ ។ ទីណា​ដែល​មាន​ជីវិត​មនុស្ស​រស់នៅ ទី​នោះ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ។ គ្រប់​ព្រលឹង​នៃ​ភាវរស់ តែង​មាន​វា​ជានិច្ច ។ វា​គឺ​ជា​អ្នក​ធានា​អំពី អ្វី​គ្រប់​យ៉ាង​ដែល​ជា​ការល្អ ។ វា​គឺ​ជា​អ្នក​បំផុស​អំពី​អ្វី​ដែល​នឹង​ប្រទានពរ ហើយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​មនុស្ស​លោក ។ វា​ចិញ្ចឹមបីបាច់​សេចក្ដីល្អ​ផ្ទាល់ » (The Light of Christ, » Ensign ខែ មេសា ឆ្នាំ ២០០៥ ទំព័រ ១៣ ) ។

  1. ដើម្បី​ជួយ​អ្នក​គិត​អំពី ថាតើ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ប្រទាន​ពរ​ដល់​អ្នក​ដូចម្ដេច​ខ្លះ នោះ​សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​ពីរ ឬ ច្រើន​ជាង​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧–១០យើង​រៀន​ថា ពន្លឺ​ខាង​សាច់ឈាម​ទាំងអស់​មាន​ដូចជា ពន្លឺ​ព្រះអាទិត្យ គឺ​ជា​ផ្នែក​នៃ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ តើ​ពន្លឺ​ខាង​សាច់ឈាម ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

    2. ប្រោសបាន​ប្រោស មាន​ន័យ​ថា នាំ​ឲ្យ​មាន​ជីវិត ឬ ធ្វើ​ឲ្យ​រស់​រវើក ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១យើង​រៀន​ថា ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺ​ជា​មធ្យោបាយ​មួយ ដែល​តាមរយៈ​មធ្យោបាយ​នោះ ការយល់ដឹង​របស់​យើង​អំពី​ការណ៍​ទាំងឡាយ អាច​ត្រូវបាន​ប្រោស ឬ ធ្វើ​ឲ្យ​រស់រវើក ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ការសិក្សា និង ការយល់ដឹង​របស់​អ្នក ត្រូវបាន​ប្រោស​នៅ​ពេល​ណា​ខ្លះ ?

    3. នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២–១៣យើង​រៀន​ថា ពន្លឺ​នៃ​ព្រះគ្រីស្ទ ផ្ដល់​ជីវិត​ដល់​គ្រប់​ទាំង​អស់ ដែល​រាប់​បញ្ចូល​ទាំង​សត្វ រុក្ខជាតិ និង ពួក​យើង​ផងដែរ ។ តើ​អ្នក​បាន​ទទួល​ពរជ័យ ដោយសារតែ​ភាវរស់​នៅ​ជុំវិញ​ខ្លួន​អ្នក​តាម​របៀប​ណា ?

    4. នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៣យើង​ក៏​រៀន​ដែរ​ថា ពន្លឺ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ក្រឹត្យវិន័យ​មួយ ដែល​តាម​រយៈ​ក្រឹត្យវិន័យ​នេះ អ្វី​គ្រប់​ទាំងអស់​ត្រូវបាន​គ្រប់គ្រង ។ ក្រឹត្យវិន័យ​នេះ​រួម​បញ្ចូល​ទាំង​ក្រឹត្យវិន័យ​ខាង​សាច់ឈាម​ដែរ​ដូចជា ទំនាញ​ផែនដី និង ថែមទាំង​ក្រឹត្យវិន័យ​ខាង​សាច់ឈាម និង ព្រះបញ្ញត្តិ​ទាំងឡាយ ។ តាមរយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ពេល​ខ្លះ​ត្រូវបាន​ហៅ​ថា សតិសម្បជញ្ញៈ​របស់​យើង នោះ​យើង​ម្នាក់ៗ​អាច​ញាណ​ដឹង​អំពី​ភាពខុស​គ្នា​រវាង​ការល្អ និង ការអាក្រក់ ។ តើ​ក្រឹត្យវិន័យ​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ មាន​ឥទ្ធិពល​ទៅ​លើ​អ្នក ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

  2. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​នេះ អាច​ជួយ​អ្នក​ឲ្យ​មាន​អំណរគុណ​ចំពោះ​ព្រះចេស្ដា​របស់​ព្រះ ដែល​មាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក —តាម​របៀប​ដែល​បាន​កត់ចំណាំ​ផង និង មិន​បាន​កត់ចំណាំ​ជា​ទូទៅ​ផង យ៉ាង​ដូចម្ដេច ? សូម​សរសេរ​បញ្ចូល​គំនិត​មួយ​ចំនួន អំពី​របៀប​ដែល​ការណ៍​នេះ មាន​ឥទ្ធិពល​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក នៅ​ពេល​ខាង​មុខ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៤-៤០

ព្រះអម្ចាស់​ពន្យល់​ថា មាន​ក្រឹត្យវិន័យ​នានា ដែល​ទាក់ទង​ទៅ​នឹង​នគរ​នៃ​សិរីល្អ

នៅ​ពេល​អ្នក​ពាក់​ស្រោម​ដៃ នោះ​ដៃ​របស់​អ្នក​ធ្វើ​ចលនា ឬ ផ្ដល់​ជីវិត​ដល់​ស្រោមដៃ​នោះ ។ ប្រសិនបើ​អ្នក​បង្រៀន​មនុស្ស​ម្នាក់ អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​អ្នក​ប្រើ​ស្រោម​ដៃ​ដើម្បី​តំណាង​ឲ្យ​រូបកាយ​សាច់ឈាម ដែល​យើង​ទទួល​បាន​នៅ​ពេល​ចាប់​កំណើត​មក នោះ​តើ​ដៃ​របស់​អ្នក​តំណាង​ឲ្យ​អ្វី ?

រូបភាព
ដៃ​នៅ​ក្នុង​ស្រោម

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៥ដោយ​ស្វែងរក ថាតើ​ព្រះអម្ចាស់​បាន​ហៅ ការប្រមូល​ផ្ដុំ​នៃ​វិញ្ញាណ និង រូបកាយ​ថា​យ៉ាង​ដូចម្ដេច ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលលទ្ធិ ដែល​ថា វិញ្ញាណ និង រូបកាយ គឺ​ជា​ព្រលឹង​នៃ​មនុស្ស ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការណ៍​នានា​ដែល​ប៉ះពាល់​ដល់​រូបកាយ​សាច់ឈាម​របស់​យើង អាច​ប៉ះពាល់​ដល់​វិញ្ញាណ​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ ?

សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជួយ​ពន្យល់​អំពី​ទំនាក់ទំនង​រវាង​រូបកាយ​សាច់ឈាម និង វិញ្ញាណ​របស់​យើង ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពុំ​ត្រូវ​ចោទ​សួរ​ថា​តើ​សុខភាព​រូបកាយ ប៉ះពាល់​ដល់​វិញ្ញាណ​ដែរ​ឬ​ទេ​នោះ​ឡើយ បើ​ពុំ​សោត​ទេ​នោះ ព្រះអម្ចាស់​នឹង​មិន​ចាំបាច់​បើក​សម្ដែង​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នោះ​ទេ ។ ព្រះ​មិន​ប្រទាន​ព្រះបញ្ញត្តិ​ខាង​សាច់ឈាម​ណា—ដែល​ប៉ះពាល់​ដល់​រូបកាយ​យើង រួម​ទាំង​ប៉ះពាល់​ដល់​ព្រលឹង​យើង​នោះ​ឡើយ ។…

« … អំពើបាប​ធ្វើ​ឲ្យ​យើង​ទន់ខ្សោយ ។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ព្រលឹង​យើង​នោះ​ទេ វា​ក៏​ប៉ះពាល់​ដល់​រូបកាយ​យើង​ដែរ ។ បទគម្ពីរ​មាន​ពោរពេញ​ទៅ​ដោយ​គំរូ​នានា​នៃ​អំណាច​រូបកាយ ដែល​អាច​ការពារ​ពួក​សុចរិត​បាន ។ ផ្ទុយទៅវិញ អំពើបាប​ដែល​ពុំ​ប្រែចិត្ត អាចធ្វើ​ឲ្យ​ថាមពល​សាយភាយ ហើយ​នាំ​ឲ្យ​កើតមាន​ជំងឺ​ទាំង​ខាង​សតិអារម្មណ៍ និង​ខាង​រូបកាយ » ( In His Steps » Ensign ខែ កញ្ញា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។

សូម​កត់ចំណាំ​ថា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ពាក្យ ព្រលឹង ត្រូវបាន​ប្រើ​យ៉ាង​ជាក់លាក់ នៅ​ក្នុង​សេចក្ដីយោង​ទៅ​កាន់​រូបកាយ​របស់​វិញ្ញាណ ( ឧទាហរណ៍ សូម​មើល អាលម៉ា ៤០:១៥–២៣ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ដឹង​អំពី​ទំនាក់ទំនង​រវាង​រូបកាយ និង វិញ្ញាណ​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ជម្រើស​ដ៏​ត្រឹមត្រូវ​តាម​របៀប​ណា ?

រូបភាព
ស្រោម​ដៃ

សូម​ពិចារណា​អំពី​គោលលទ្ធិ និង គោលការណ៍​បន្ថែម​មួយ​ចំនួន​ទៀត ដែល​អាច​បង្ហាញ​ដោយ​ការប្រើ​ដៃ និង ស្រោម​ដៃ ៖ សូម​ស្រមៃ​អំពី​ការដក​ដៃ​ចេញ​ពី​ស្រោម​ដៃ​នោះ ។ តើ​សកម្មភាព​នេះ បង្ហាញ​អំពី​អ្វី ? តើ​មាន​អ្វី​កើតឡើង​ចំពោះ​ព្រលឹង—ដែល​ជា​វិញ្ញាណ និង រូបកាយ—នៅ​ពេល​ស្លាប់​ទៅ ?

តើ​ការយក​ស្រោម​ដៃ​មក ហើយ​ស៊ក​ដៃ​ចូល​ទៅ​វិញ បង្ហាញ​អំពី​អ្វី ? តើ​មាន​អ្វី​កើតឡើង​ចំពោះ​ព្រលឹង នៅ​ពេល​ការរស់ឡើងវិញ ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១៤, ១៦–១៧ដោយ​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់ បាន​ពិពណ៌នា​អំពី​ការរស់ ឡើងវិញ ។

សូម​បញ្ចប់​គោលលទ្ធិ​ដូចតទៅ​នេះ ដែល​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​អាច  ។

នៅ​ក្នុង ខទី ១៧បន្ទាប់​ពី​យើង​បាន​អាន​ថា ព្រះយេស៊ូវគ្រីស្ទ បាន​ប្រោសលោះ​ព្រលឹង​យើង នោះ​យើង​រៀន​ថា អ្នក​ដែល​មាន​ចិត្ត​រាបសា និង ស្លូតបូត​នឹង​គ្រង​ផែនដី​ទុក​ជា​មរតក ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៨–២០ដោយ​ស្វែងរក​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​ផែនដី ពីមុន​វា​ក្លាយ​ទៅ​ជា​នគរ​សេឡេស្ទាល ហើយ​ព្រលឹង​ដែល​ព្រះ​បាន​ប្រោសលោះ​នោះ គ្រង​វា​ទុក​ជា​មរតក ។

យោង​តាម ខទី ១៩តើ​វត្តមាន​របស់​អ្នក​ណា​ដែល​នឹង​មាន​នៅ​លើ​ផែនដី ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​នោះ ? សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​នឹង​ថ្លែង​ទៅ​កាន់​នរណា​ម្នាក់ ដែល​បាន​សួរ​អ្នក​នូវ​សំណួរ​ដូចតទៅ​នេះ ៖ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​សក្ដិសម​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល ហើយ​រីករាយ​នឹង​វត្តមាន​របស់​ព្រះវរបិតាសួគ៌ ?

គឺ​ដូចជា​ផែនដី​នឹង​ទទួល​បាន​សិរីល្អ បន្ទាប់​ពី​វា​ត្រូវបាន​ញែក​ចេញ​ជា​បរិសុទ្ធ នោះ​រូបកាយ​របស់​យើង​ក៏​នឹង​ត្រូវបាន​ផ្លាស់ប្ដូរ ហើយ​ទទួល​បាន​សិរីល្អ​ក្នុង​ការរស់ឡើងវិញ​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​មនុស្ស​ទាំងអស់ នឹង​ទទួល​បាន​កម្រិត​នៃ​សិរីល្អ​ស្មើៗ​គ្នា​នោះ​ទេ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២១–២៤ រួច​ស្វែងរក​អ្វី​ដែល​កំណត់​អំពី​កម្រិត​នៃ​សិរីល្អ ដែល​បុគ្គល​ម្នាក់​ទទួល​បាន​ក្នុង​ការរស់ឡើងវិញ ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២៥–៣៣សូម​ស្វែងរក​ពាក្យ និង ឃ្លា​ដែល​គាំទ្រ​គោលលទ្ធិ ដែល​មាន​បង្រៀន​នៅ​ក្នុង ខទី ២១–២៤ ដែល នៅ​ក្នុង​ការរស់ឡើងវិញ យើង​នឹង​ទទួល​បាន​សិរីល្អ​ដោយ​ផ្អែក​ទៅ​លើ​ក្រឹត្យវិន័យ​ដែល​យើង​គោរពប្រតិបត្តិ​តាម ។

ខទី ២៨ និយាយ​អំពី « ពួក​អ្នក​ណា ដែល​ជា​វិញ្ញាណ​នៃ​សេឡេស្ទាល » ។ អ្នក​ទាំងនេះ​គឺ​ជា​បុគ្គល​ទាំងឡាយ ដែល​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល ។ យើង​ដឹង​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ថា ក្រឹត្យវិន័យ​នៃ​នគរ​សេឡេស្ទាល រួម​បញ្ចូល​ទាំង​ការធ្វើ និង ការរក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ( សូម​មើល គ. និង ស. ៧៦:៥០–៥៣, ៦៩–៧០ ) ។ បុគ្គល​ដែល​រស់នៅ​តាម​ក្រឹត្យវិន័យ​សេឡេស្ទាល​នៅ​លើ​ផែនដី​នេះ នឹង​ទទួល​បាន​រូបកាយ​សេឡេស្ទាល​ក្នុង​ការរស់ឡើងវិញ ។ បើ​បុគ្គល​ម្នាក់​គោរពប្រតិបត្តិ​តែ​ក្រឹត្យវិន័យ​ទេរេសទ្រាល ឬ ទេឡេស្ទាល​នៅ​លើ​ផែនដី​នេះ នោះ​គាត់​នឹង​ទទួល​បាន​រូបកាយ​ដែល​មាន​សិរីល្អ​តិច​ជាង ដោយ​ផ្អែក​ទៅ​លើ​ក្រឹត្យវិន័យ​ដែល​គាត់​បាន​គោរពប្រតិបត្តិ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ ដែល​ក្រឹត្យវិន័យ​ទាំងឡាយ​របស់​ព្រះ​គឺ​ជា​ពរជ័យ​សម្រាប់​យើង នោះ​សូម​គិត​អំពី​អត្ថប្រយោជន៍​ដែល​កើត​ចេញ​ការគោរព​ច្បាប់​ចរាចរណ៍ ។ ផ្ទុយ​ទៅ​វិញ តើ​មាន​លទ្ធផល​ដូចម្ដេច​ខ្លះ ដែល​កើត​ចេញ​ពី​ការមិន​គោរព​តាម​ច្បាប់​ចរាចរណ៍ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៣៤–៣៥ដោយ​ស្វែងរក​លទ្ធផល​នៃ​ការរស់នៅ​តាម និង ការមិន​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ព្រះ ។

  1. សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤០រួច​ស្វែងរក​គុណសម្បត្តិ​នៃ​មនុស្ស ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើន ឬ ពង្រឹង​គុណសម្បត្តិ​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

    2. សូម​ជ្រើសរើស​គុណ​សម្បត្តិ​មួយ ដែល​អ្នក​រកឃើញ រួច​ដាក់​គោលដៅ​ដើម្បី​បង្កើន ឬ ពង្រឹង​គុណសម្បត្តិ​នោះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

នៅ​ពេល​អ្នក​សម្រេច​បាន​គោលដៅ​របស់​អ្នក ហើយ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពន្លឺ​ទ្រង់​នឹង​បំភ្លឺ​ជីវិត​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-៤០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖