ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១៤១


មេរៀន​ទី ១៩ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១៤១

សេចក្តីផ្តើម

ចំណែក​នៃ​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ ដែល​មេរៀន​នេះ​ផ្ដោត​ទៅ​លើ បូក​បញ្ចូល​ទាំង​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​ទៅ​ដល់​ក្រុម​ថ្នាក់​ដឹកនាំ​បព្វជិតភាព ថា​ពួកគាត់​ត្រូវ​រៀន​ជាមួយ​គ្នា​តាមរយៈ​ការសិក្សា និង សេចក្ដី​ជំនឿ ហើយ​ត្រូវបង្ហាញ​សេចក្ដី​ស្រឡាញ់ និង មិត្តភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។ ព្រះអម្ចាស់​ក៏​មាន​ព្រះបន្ទូល​ទុក​ជា​មុន អំពី​ទីសម្គាល់​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ លំដាប់​លំដោយ​នៃ​ការរស់ឡើងវិញ និង ព្រឹត្តិការណ៍​នានា​ជុំវិញ​ចម្បាំង​ដ៏​ធំ និង ចុងក្រោយ​បង្អស់​ជាមួយ​សាតាំង ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១១៧

ព្រះអម្ចាស់​ត្រាស់​បង្គាប់​ពួក​អែលឌើរ​នៃ​សាសនាចក្រ ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការបម្រើ​របស់​ពួកគាត់ ហើយ​ទ្រង់​បើកសម្ដែង​ព្រឹត្តិការណ៍​នានា​ជុំវិញ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

រូបភាព
បន្ទប់​ជាន់​លើ

សាលា​នៃ​ពួកព្យាការី បាន​ប្រជុំ​គ្នា​នៅ​បន្ទប់​ខាង​លើ​នៃ​ផ្សារ​របស់ នូវល ខេ វិតនី រហូត​ដល់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ បាន​កសាង​ហើយ ។

នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ នា​រដូវ​រងា​ឆ្នាំ ១៨៣២–៣៣ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ក្រុម​ថ្នាក់​ដឹកនាំ​បព្វជិតភាព ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ការប្រជុំ​មួយ ដែល​ត្រូវបាន​ហៅ​ថា សាលា​នៃ​ពួក​ព្យាការី ដើម្បី​រៀបចំ​ខ្លួន​ប្រកាស​ដំណឹងល្អ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំងឡាយ​នៅ​លើ​ផែនដី ។ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ក្រុម​នេះ ឲ្យ​បន្ត​នៅ​ទីក្រុង ខឺត​ឡង់ ហើយ​រៀន​ពី​គ្នា​ទី​វិញ​ទៅ​មក ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៧-៨០ ដោយ​ស្វែងរក​ការណ៍​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួក​អ្នក​កាន់​បព្វជិតភាព​ទាំងនេះ​ធ្វើ នៅ​ពេល​ពួក​លោក​មក​ជួប​ប្រជុំ​គ្នា ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៨១–១១៥ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ព្រឹត្តិការណ៍​ជា​ច្រើន ដែល​នឹង​កើតឡើង​ពី​មុន និង ក្រោយ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ ទ្រង់​ក៏​បាន​បើកសម្ដែង​អំពី​ព្រឹត្តិការណ៍​នានា ដែល​នឹង​កើតឡើង​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍​ដែរ ។

ព្រះអម្ចាស់​បាន​បើកសម្ដែង​ថា មនុស្ស​ស្លាប់​នឹង​បាន​រស់ឡើងវិញ ស្រប​ទៅ​តាម​ភាពសុចរិត​របស់​ខ្លួន ។ អ្នក​ទាំងឡាយ​ដែល​រស់ឡើងវិញ​ដំបូង​គេ គឺ​ជា​អ្នក​ដែល​គ្រង​នគរ​សេឡេស្ទាល ( សូម​មើល គ. និង ស. ៨៨:៩៧–៩៨, ១០៧ ) ។ អ្នក​ទាំងឡាយ​ដែល​រស់ឡើងវិញ​ទី​ពីរ គឺ​ជា​អ្នក​ដែល​គ្រង​នគរ​ទេរេសស្ទ្រាល ( សូម​មើល គ. និង ស. ៨៨:៩៩ ) ។ អ្នក​ទាំងឡាយ ដែល​គ្រង​នគរ​ទេឡេស្ទាល នឹង​រស់ឡើងវិញ​នៅ​បន្ទាប់​ពី​សហស្សវត្សរ៍ ( សូម​មើល គ. និង ស. ៨៨:១០០–១០១ ) ។ ចុង​ក្រោយ​បំផុត « ពួក​អ្នក​ដែល​នៅ​សល់ »—គឺ​ពួក​អ្នក​ដែល​កើត​នៅ​លើ​ផែនដី​នេះ ក្លាយ​ទៅ​ជា កូន​អន្តរធាន—នឹង​រស់ឡើងវិញ ហើយ​ត្រូវបាន​បោះ​ទៅ​ពិភព​ងងឹត​ខាង​ក្រៅ ( សូម​មើល គ. និង ស. ៨៨:១០២, ១១៤ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨-២៦

ព្រះអម្ចាស់​ពិពណ៌នា​អំពី​គំរូ​នៃ​ការរៀន

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​រាយ​បញ្ជី​ការណ៍​មួយ​ចំនួន ដែល​អ្នក​បាន​រៀន​នា​ពេល​ថ្មីៗ​នេះ នៅ​ឯ​សាលា និង នៅ​ព្រះវិហារ ។ ក្រោយ​មក​សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​ការរៀន​អំពី​មុខវិជ្ជា​នៅ​ឯ​សាលា​មាន​ដូចជា គណិតវិទ្យា និង វិទ្យាសាស្ត្រ មាន​សភាព​ខុស​គ្នា​ពី​ការសិក្សា​មុខ​វិជ្ជា​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? តើ​វា​មាន​សភាព​ដូចគ្នា​យ៉ាង​ដូចម្ដេច ? ( សូម​មើល គ. និង ស. ៨៨:៧៨-៧៩ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨ ដោយ​ស្វែងរក​ថា​តើ​អ្នក​ដែល​ចូល​រៀន​នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី​នោះ ត្រូវ​ខ្នះខ្នែង​រៀន​អំពី​អ្វី ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។ តើ​អ្នក​គិត​ថា ការរៀន​សូត្រ « ដោយ​សេចក្ដី​ជំនឿ » មាន​ន័យ​ដូចម្ដេច ?

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​គូសចំណាំ​ពាក្យ ឬ ឃ្លា ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ក្នុង​នាម​ជា​អ្នក​រៀន អ្នក និង ខ្ញុំ ត្រូវ​ប្រព្រឹត្ត ហើយ​ធ្វើ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះបន្ទូល មិនមែន​ជា​អ្នក​ស្ដាប់​ដែល​គ្រាន់តែ​ទទួល​សកម្មភាព​តែ​ប៉ុណ្ណោះ​ទេ ។ តើ​អ្នក និង ខ្ញុំ​គឺ​ជា​ភ្នាក់ងារ​ដែល​ធ្វើ​សកម្មភាព ហើយ​ព្យាយាម​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ ឬ តើ​យើង​កំពុង​តែ​រង់ចាំ​ឲ្យ​គេ​បង្រៀន ហើយ​ទទួល​សកម្មភាព​ឬ ?…

« … ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​កិច្ចខិត​ខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​រូបកាយ ហើយ​ពុំ​មែន​ជា​ការ​ទទួលភាព​អកម្ម​នោះ​ទេ ។ វា​គឺ​នៅ​ក្នុង​សេចក្តី​ស្មោះត្រង់ និង ភាពខ្ជាប់ខ្ជួន​នៃ​សកម្មភាព​ដែល​បាន​បំផុស​គំនិត​យើង​ឲ្យ​មាន​សេចក្ដី​ជំនឿ​នោះ ដែល​យើង​បង្ហាញ​ចំពោះ​ព្រះវរបិតា​សួគ៌ និង ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ជា​ការស្ម័គ្រ​ចិត្ត​របស់​យើង​ដើម្បី​រៀន និង ទទួល​យក​ការបង្ហាត់​បង្រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។…

« … ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ តម្រូវ​ឲ្យ​មាន​ទាំង ‹ ចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម › ( គ. និង ស. ៦៤:៣៤ ) ។ ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ គឺ​ជា​លទ្ធផល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នាំ​ព្រះចេស្ដា​នៃ​ព្រះបន្ទូល​នៃ​ព្រះ​មក​កាន់​ដួង​ចិត្ត​ផង និង ចូល​ដល់​ក្នុង​ដួងចិត្ត​ផង ។ ការរៀនសូត្រ​ដោយ​សេចក្ដី​ជំនឿ ពុំ​អាច​ត្រូវបាន​ផ្ទេរ​ពី​អ្នក​បង្រៀន​ទៅ​ឲ្យ​សិស្ស​បាន​ទេ…ផ្ទុយ​ទៅ​វិញ សិស្ស​ត្រូវ​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​ធ្វើ​សកម្មភាព ដើម្បី​ទទួល​បាន​ចំណេះដឹង​សម្រាប់​ខ្លួន​ឯង » ( « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៤ ) ។

យើង​អាច​រៀន​ដោយ​សេចក្ដី​ជំនឿ នៅ​ពេល​យើង​រួម​ចំណែក​ក្នុង​ការរៀន​ដំណឹងល្អ​ដោយ​សកម្ម និង យក​ចិត្ត​ទុក​ដាក់ ហើយ​បន្ទាប់​មក ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​រៀន ។

សូម​កត់ចំណាំ​នៅ​ដើម គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨ ថា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា មនុស្ស​មួយ​ចំនួន​ពុំ​មាន​សេចក្ដី​ជំនឿ​ឡើយ ។ ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​ខគម្ពីរ​នេះ តើ​អ្នក​នឹង​បញ្ចប់​គោលការណ៍​ដូច​តទៅ​នេះ អំពី​របៀប​បង្កើន​សេចក្ដី​ជំនឿ​តាម​របៀប​ណា ? ប្រសិនបើ​យើង នោះ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ នឹង​កើនឡើង ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​របៀប​ដែល​គោលការណ៍​នេះ អាច​ត្រូវបាន​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក នោះ​សូម​អាន​ស្ថានភាព​នីមួយៗ​ដូច​ខាង​ក្រោម​នេះ ។ បន្ទាប់​មក សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​បុគ្គល​នៅ​ក្នុង​ស្ថានភាព​នីមួយៗ អាច​កែប្រែ​បាន​ដើម្បី​រៀន​ដោយ​ការសិក្សា និង ដោយ​សេចក្ដី​ជំនឿ ។ សូម​សរសេរ​ផងដែរ​អំពី​របៀប​ដែល​សកម្មភាព​របស់​បុគ្គល បាន​ជួយ​បុគ្គល​នោះ​បង្កើន​សេចក្ដី​ជំនឿ ។

    1. យុវនារី​ម្នាក់​អាន​ព្រះគម្ពីរ​យ៉ាង​ទៀងទាត់ ប៉ុន្តែ នាង​កម្រ​នឹង​ឈប់​ដើម្បី​គិត​អំពី​អ្វី​ដែល​នាង​អាន ។ នាង​ពុំ​មាន​អារម្មណ៍​ថា ការអាន​ព្រះគម្ពីរ​មាន​អត្ថប្រយោជន៍​សម្រាប់​នាង​ខ្លាំង​នោះ​ទេ ។

    2. យុវជន​ម្នាក់​ចូលរួម​រាល់​ការប្រជុំ​នៅ​ព្រះវិហារ ហើយ​រីករាយ​នឹង​ការចូលរួម​ពិភាក្សា​ក្នុង​ថ្នាក់ ។ ជួនកាល គាត់​មាន​អារម្មណ៍​បំផុតគំនិត​ឲ្យ​កែប្រែ​ជីវិត​របស់​គាត់​ទៅ​តាម​អ្វី ដែល​គាត់​រៀន ប៉ុន្តែ​ជា​ធម្មតា គាត់​ពុំ​ប្រព្រឹត្ត​តាម​ការបំផុសគំនិត​ទាំងនោះ​ទេ ។

  2. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា សេចក្ដី​ជំនឿ​របស់​អ្នក​កើន​ឡើង ដែល​ជា​លទ្ធផល​មក​ពី​ការព្យាយាម​រៀន​យ៉ាង​សកម្ម​ដោយ​ការសិក្សា និង ដោយ​សេចក្ដី​ជំនឿ ?

    2. តើ​សកម្មភាព​របស់​អ្នក ជួយ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​កើនឡើង​យ៉ាង​ដូចម្ដេច ?

    3. តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គួរតែ​ធ្វើ​អ្វី​នា​ពេល​អនាគត ដើម្បី​ព្យាយាម​រៀន​ដោយ​ការសិក្សា និង ដោយ​សេចក្ដី​ជំនឿ ?

ដើម្បី​រៀន​បន្ថែម​អំពី​សាលា​នៃ​ពួក​ព្យាការី សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៩–២០ដោយ​ស្វែងរក​ថាតើ​ព្រះអម្ចាស់​ពិពណ៌នា​យ៉ាង​ដូចម្ដេច​អំពី​ទីតាំង ដែល​សាលា​នៃ​ពួក​ព្យាការី​ត្រូវ​ជួបជុំ​គ្នា​នោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ឲ្យ​កសាង​ដំណាក់​ឡើង ដែល​មាន​ពិពណ៌នា​នៅ​ក្នុង ខទី ១១៩នោះ​ទីបំផុត​ពួក​បរិសុទ្ធ បាន​កសាង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ នៅ​ពេល​ព្រះវិហារ​បរិសុទ្ធ​កំពុង​សាងសង់ សាលា​នៃ​ពួក​ព្យាការី​បាន​ជួប​ប្រជុំ​គ្នា នៅ​បន្ទប់​ខាង​លើ​នៃ​ផ្សារ​របស់ នូវល ខេ វិតនី នៅ​ទីក្រុង ខឺត​ឡង់ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២១–២៦រួច​ស្វែងរក​ថាតើ​ព្រះអម្ចាស់​រំពឹង​ឲ្យ​ពួក​បងប្អូន​ប្រុស នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី​ប្រព្រឹត្ត​យ៉ាង​ដូចម្ដេច ។ សូម​ពិចារណា​អំពី​របៀប​ដែល​ឥរិយាបថ​នេះ អាច​ជួយ​អ្នក​នៅ​ពេល​អ្នក​សិក្សា​ដំណឹងល្អ​ដោយ​ខ្លួន​ឯង និង ជាមួយ​មនុស្ស​ដទៃ ។ អ្នក​អាច​នឹង​ពិចារណា​អំពី របៀប​ដែល​ឥរិយាបថ​នានា ដែល​អ្នក​រក​ឃើញ​នោះ​អាច​ត្រូវបាន​អនុវត្ត​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា វា​ន័យ​ដូចម្ដេច ដែល​ត្រូវ « ឈប់​ពី​សម្ដី​អសារ​ឥត​ការ​ទាំងអស់​របស់​អ្នក ពី​សំណើច​ទាំងអស់ … និង គំនិត​ផ្ដេសផ្ដាស​ទាំងអស់​របស់​អ្នក » ( គ. និង ស. ៨៨:១២១ ) ?

សេចក្តី​ណែនាំ​អំពី​សំណើច និង គំនិត​ផ្ដេសផ្ដាស​ក្នុង​ការនិយាយ​ស្ដី ត្រូវបាន​ប្រទាន​ឲ្យ​អ្នក​ដែល​ចូល​រៀន​ក្នុង​សាលា​នៃ​ពួក​ព្យាការី ដែល​មាន​ន័យ​ថា អ្នក​ដែល​ចូល​រៀន​ក្នុង​សាលា​នៃ​ពួក​ព្យាការី ត្រូវ​មាន​គារវភាព​ចំពោះ​កិច្ចការ​ដ៏​ពិសិដ្ឋៗ ។ នៅ​ទីបំផុត ការប្រជុំ​ទាំងនេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

តើ​ការគោរព​ប្រតិបត្តិ​តាម​ឱវាទ​នេះ អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​កិច្ចខ្នះខ្នែង​ក្នុង​ការរៀន​អ្វី​ដែល​ពិសិដ្ឋ​យ៉ាង​ដូចម្ដេច ?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឱវាទ​នេះ​ពុំ​មាន​ន័យ​ថា សំណើច​ទាំង​អស់​សុទ្ធ​តែ​ជា​អំពើបាប​នោះ​ទេ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​យុវវ័យ​នៃ​សាសនាចក្រ អំពី​សំណើច ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ប្អូនៗ​អាច​មាន​ពេល​ដ៏​រីករាយ ។ ប្រាកដ​ណាស់ ប្អូនៗ​អាច​មាន​វា​បាន ! យើង​ចង់​ឲ្យ​ប្អូនៗ មាន​ការសប្បាយ ។ យើង​ចង់​ឲ្យ​ប្អូនៗ រីករាយ​នឹង​ជីវិត ។… យើង​ចង់​ឲ្យ​ប្អូនៗ​រឹងមាំ និង អឹកធឹក​ឡើង ដើម្បី​ច្រៀង ហើយ​រាំ ដើម្បី​សើច ហើយ​សប្បាយ ។

« ប៉ុន្តែ​ពេល​ធ្វើដូច្នោះ ចូរ​រាបសា និង​ប្រកប​ដោយការ​អធិស្ឋាន នោះ​ស្នាម​ញញឹម​នៅ​ស្ថានសួគ៌ នឹង​មានមក​លើ​អ្នក » (A Prophet’s Counsel and Prayer for Youth, » Ensign ខែ មករា ឆ្នាំ ២០០១ ទំព័រ ១១ ) ។

សូម​កត់ចំណាំ​ភាពស្ទួន​ដដែលៗ​នៃ​ពាក្យ ទាំងអស់ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២២ ។ សូម​គិត​ថា​តើ​ថ្នាក់​រៀន​មួយ អាច​មាន​អានុភាព​យ៉ាង​ដូចម្ដេច ប្រសិនបើ​សិស្ស ទាំងអស់ ចូលរួម​រៀន​មេរៀន​នោះ ហើយ​ព្យាយាម​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៤ មាន​នូវ​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់ អំពី​ការដេក ។ សូម​ពិចារណា​អំពី​របៀប​ដែល​ការដេក​យូរ​ជាង​តម្រូវការ អាច​ប៉ះពាល់​ដល់​សមត្ថភាព​យើង ក្នុង​ការរៀន ឬ ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ( គ. និង ស. ៨៨:១២៤ គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

តើ​អ្នក​គិត​ថា ការដេក​ក្នុង​ចំនួន​ពេល​វេលា​ត្រឹមត្រូវ និង ការក្រោក​ឲ្យ​បាន​ឆាប់ អាច​ជួយ​យើង​ឲ្យ​រៀន​កាន់តែ​ប្រសើរ​តាម​របៀប​ណា ? គោលការណ៍​មួយ​ដែល​អាច​រក​បាន​ចេញ​ពី​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨–២៦ គឺ​ថា ការធ្វើ​សកម្មភាព​សុចរិត និង ចៀសវាង​ពី​សកម្មភាព​ទុច្ចរិត នឹង​ជួយ​យើង​ឲ្យ​រៀន​ចេះ និង បាន​ស្អាង​ឡើង ។ សូម​គិត​អំពី​ការសរសេរ​គោលការណ៍​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២១–២៦រួច​កំណត់​ថា​តើ ប្រការ​មួយ​ណា​នៃ​ឱវាទ​នេះ ដែល​អ្នក​ត្រូវ​អនុវត្ត​ឲ្យ​បាន​កាន់តែ​ពេញលេញ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា ការធ្វើតាម​ឱវាទ​របស់​ព្រះអម្ចាស់ និង ការប្រព្រឹត្ត​នូវ​ការណ៍​ទាំងនេះ មាន​សារៈសំខាន់​ក្នុង​ការជួយ​អ្នក​ឲ្យ​រៀន​ចេះ​ដំណឹងល្អ និង បាន​ស្អាង​ឡើង ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៤

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៤សូម​រាយ​បញ្ជី​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ឥរិយាបថ​ចំនួន​ប្រាំមួយ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ត្រូវ​ចៀសវាង ឬ ធ្វើតាម ។ សូម​សូត្រ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត នូវ​បញ្ជី​ឥរិយាបថ​ទាំងនោះ រហូត​ដល់​អ្នក​ទន្ទេញ​ចាំ​មាត់ ។ ដើម្បី​ជួយ​អ្នក​ចងចាំ ហើយ​អនុវត្ត​តាម​ឱវាទ​ដែល​មាន​នៅ​ក្នុង​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នេះ សូម​គិត​អំពី​ការសូត្រ​វា​នៅ​ក្នុង​ចិត្ត​រាល់​ពេល​ដែល​អ្នក​ចូល​រៀន​ថា្នក់​សិក្ខា​សាលា ឬ ថ្នាក់​នៅ​ឯ​ព្រះវិហារ ឬ កម្មវិធី​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នៅ​ខែ​ក្រោយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៧-៤១

ព្រះអម្ចាស់​រៀបចំ​សាលា​នៃ​ពួក​ព្យាការី

រូបភាព
ថ្នាក់​ក្រុម​យុវនារី

សូម​គិត​អំពី​ទីកន្លែង​មួយ​ចំនួន ដែល​អ្នក​សិក្សា​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។ សូម​គិត​ប្រសិនបើ​មាន​មនុស្ស​ដែល​អ្នក​ពុំ​ស្គាល់​ច្បាស់ ឬ ព្យាយាម​ចុះសម្រុង ។ សូម​គិត​អំពី​មនុស្ស​ម្នាក់ នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៧–៤១ ។ សូម​ពិចារណា​សំណួរ​ដូចតទៅ​នេះ ៖ តើ​ទំនាក់ទំនង​របស់​អ្នក ជាមួយ​មនុស្ស​ដែល​អ្នក​រៀន​ដំណឹងល្អ​ជាមួយ មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការរៀន ហើយ​បាន​ស្អាង​ឡើង​ដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?

ព្រះអម្ចាស់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​សមាជិក​ក្នុង​សាលា​នៃ​ពួក​ព្យាការី បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ពួកគាត់​រៀន​ជាមួយ​គ្នា ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៨–៣៤ដោយ​ស្វែងរក​តួនាទី​របស់​គ្រូ​បង្រៀន ក្នុង​ការបង្កើត​បរិយាកាស​ខាង​វិញ្ញាណ​នៃ​ការរៀន នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

កិច្ច​ស្វាគមន៍​របស់​គ្រូបង្រៀន​ដល់​សមាជិក​ក្នុង​ថ្នាក់​មាន​ន័យ​ថា គាត់​ស្វាគមន៍​នៅ​ពេល​ពួកគេ​ដើរ​ចូល​ក្នុង​ថ្នាក់ ។ នេះ​គឺ​ជា​ការទទួល​រាក់ទាក់​ដ៏​ចាំបាច់ នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី ។ តើ​អ្នក​កត់ចំណាំ​អ្វី​ខ្លះ អំពី​កិច្ច​ស្វាគមន៍ និង ការទទួល​រាក់ទាក់ នៅ​ក្នុង ខទី ១៣៣ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៣៥–៣៧ដោយ​ស្វែងរក​តួនាទី​របស់​សិស្ស ក្នុង​ការបង្កើត​បរិយាកាស​នៃ​ការរៀន​ដ៏​ល្អ ។

តើ​ទំនាក់ទំនង​ប្រភេទ​ណា ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ឲ្យ​សមាជិក​ក្នុង​សាលា​នៃ​ពួក​ព្យាការី មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ? យោង​តាម ខទី ១៣៧តើ​ព្រះអម្ចាស់​បាន​សន្យា​ដូចម្ដេច ប្រសិនបើ​សមាជិក​ក្នុង​សាលា​របស់​ពួក​ព្យាការី នឹង​ធ្វើតាម​សេចក្ដីណែនាំ​នេះ ?

ខាង​ក្រោម​នេះ​គឺ​ជា​គោលការណ៍ ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ៖ បើ​យើង​បង្ហាញ​មិត្តភាព និង សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​អាច​អញ្ជើញ​ព្រះវិញ្ញាណ នៅ​ពេល​យើង​សិក្សា​ដំណឹងល្អ​ជាមួយ​គ្នា ។

  1. សូម​មើល​កិច្ច​ស្វាគមន៍​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៣៣ឡើង​វិញ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា អ្នក​អាច​បង្ហាញ « ការសម្រេចចិត្ត​ដែល​ជាប់ ឥត​កម្រើក ហើយ​ឥត​ប្រែប្រួល​ដើម្បី​ជា​មិត្ត » ទៅ​ដល់​សមាជិក​ក្នុង​ថ្នាក់ ឬ សមាជិក​គ្រួសារ ដែល​យើង​ពុំ​ស្គាល់​ច្បាស់ ឬ អាច​នឹង​ព្យាយាម​ទទួល​បាន​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា ?

    2. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​មាន​បទពិសោធន៍​រៀន​ដំណឹងល្អ​នៅ​ក្នុង​បរិយាកាស ដែល​មាន​មនុស្ស​គ្រប់​គ្នា​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​មិត្ត ? តើ​វា​មាន​សភាព​ដូចម្ដេច ឬ តើ​អ្នក​គិត​ថា​វា​នឹង​មាន​សភាព​ដូចម្ដេច ?

    សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​បង្កើន​ការសម្រេចចិត្ត ដើម្បី​ស្រឡាញ់​មនុស្ស​ដែល​អ្នក​រៀន​ដំណឹងល្អ​ជាមួយ ។ អ្នក​អាច​នឹង​ចង់​កត់ត្រា​ការបំផុសគំនិត​នានា ដែល​អ្នក​ទទួល​អារម្មណ៍​ថា​ត្រូវ​បង្ហាញ​សណ្ដាន​ចិត្ត និង សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន ចំពោះ​សមាជិក​ក្នុង​ថ្នាក់ និង សមាជិក​គ្រួសារ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១៤១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖