ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣


មេរៀន​ទី ២០ ៖ ថ្ងៃទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣

បុព្វកថា

នៅ​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣ ។ ព្រះយេស៊ូវគ្រីស្ទ បាន​ពន្យល់​អំពី​គោលបំណង​នៃ​ផ្នែក​ទី​មួយ​នៃ​វិវរណៈ​នេះ ( គ. និង ស. ៩៣:១–២០ ) ៖ « យើង​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​ទាំងនេះ ដើម្បី​ឲ្យ​អ្នក​អាច​យល់ ហើយ​ចេះ​ថ្វាយ​បង្គំ ហើយ​ស្គាល់​នូវ​អ្វី​ដែល​ខ្លួន​ថ្វាយ​បង្គំ ប្រយោជន៍​ឲ្យ​អ្នក​អាច​ចូល​មក​ឯ​ព្រះវរបិតា​ដោយ​នូវ​ព្រះ​នាម​របស់​យើង ហើយ​នៅ​វេលា​កំណត់ ឲ្យ​បាន​ទទួល​នូវ​ភាព​ពោរពេញ​របស់​ទ្រង់ » ( គ. និង ស. ៩៣:១៩ ) ។ ខគម្ពីរ​ទាំងនេះ​នឹង​គ្រប​ដណ្ដប់​ដោយ​សេចក្ដី​លំអិត​កាន់តែ​ច្បាស់ នៅ​ពេល​អ្នក​ជួប​ជាមួយ​គ្រូ រៀន​មេរៀន​ប្រចាំ​សប្ដាហ៍ ។ មេរៀន​នេះ​ផ្តោត​សំខាន់​ជា​ចម្បង​ទៅ​លើ អ្វី​ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២១–៥៣ ។ ខគម្ពីរ​ទាំងនេះ​រួម​មាន​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់ ស្ដីពី​ការស្វែងរក​សេចក្ដីពិត និង ពន្លឺ និង តម្រូវការ​ឲ្យ « មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន » ( គ. និង ស. ៩៣:៥០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១-២០

ព្រះអម្ចាស់​បើក​សម្ដែង​អំពី​របៀប ដែល​យើង​អាច​ប្រែក្លាយ​ទៅ​ដូចជា​ទ្រង់ និង ព្រះវរបិតាសួគ៌​របស់​យើង

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:១–២០យើង​រៀន​អំពី ព្រះយេស៊ូវគ្រីស្ទ ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ព្រះវរបិតាសួគ៌ និង អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន « ភាពពោរពេញ​នៃ​សិរីល្អ​របស់​ព្រះវរបិតា » ( គ. និង ស. ៩៣:១៦ ) ដូច​ដែល​ទ្រង់​មាន ។

រូបភាព
យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ

យ៉ូហាន បាទីស្ទ បាន​ថ្លែង​ទីបន្ទាល់​ដ៏​រឹងមាំ អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សាវក យ៉ូហាន គឺ​ជា​សិស្ស​របស់​យ៉ូហាន បាទីស្ទ នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ បាន​ចាប់ផ្ដើម​ការ​បម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ។ លោក​បាន​ផ្ដល់​បញ្ជី​ប្រវត្តិ​នៃ​ទីបន្ទាល់​របស់ យ៉ូហាន បាទីស្ទ ដែល​បាន​ថ្លែង​អំពី​ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​ដំណឹងល្អ​របស់ យ៉ូហាន នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ទាក់ទង​នឹង​ការដាក់​បញ្ចូល​ទីបន្ទាល់​របស់ យ៉ូហាន បាទីស្ទ នេះ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« យើង​រៀន​ចេញ​ពី​វិវរណៈ​ថ្ងៃ​ចុង​ក្រោយ​ថា រឿងរ៉ាវ​ដែល​មាន​នៅ​ក្នុង​ផ្នែក​ដំបូង​នៃ​ដំណឹងល្អ​របស់ យ៉ូហាន ( ជា​សាវក អ្នក​ទទួល​វិវរណៈ និង សិស្ស​ស្ងួនភ្ងា ) ដើម​ឡើយ​ត្រូវបាន​ចារ​ដោយ យ៉ូហាន បាទីស្ទ ។ តាមរយៈ​វិវរណៈ ព្រះអម្ចាស់​បាន​ស្ដារ​ដល់ យ៉ូសែប ស៊្មីធ នូវ​ចំណែក​នៃ​ការណ៍ ដែល យ៉ូហាន បាទីស្ទ បាន​ចារ ហើយ​បាន​សន្យា​ថា​នឹង​បើកសម្ដែង​ចំណែក​នោះ​ដល់​ពិភពលោក នៅ​ពេល​មនុស្ស​លោក​មាន​ចិត្ត​ស្មោះត្រង់​គ្រប់គ្រាន់​នឹង​ទទួល​បាន​ចំណែក​នោះ ។ ( គ. និង ស. ៩៣:៦–១៨ ) ។ [ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:១៥ ] គឺ​ជា​គន្លឹះ​ដើម្បី​ដឹង​អំពី​អ្វី​ដែល យ៉ូហាន បាន​ថ្លែង ។…

« … ប្រាកដ​ណាស់​ថា សិស្ស​ស្ងួនភ្ងា ( យ៉ូហាន ) បាន​មាន​បញ្ជី​ប្រវត្តិ​របស់ យ៉ូហាន បាទ្ទីស នៅ​ពេល​លោក​បាន​សរសេរ​ដំណឹងល្អ​របស់​លោក ។ ក្រោយ​មក យ៉ូហាន បាន​ចម្លង​ផង និង បកស្រាយ​ផង នូវ​អ្វី​ដែល​ព្យាការី​ពី​មុន​ដែល​មាន​ឈ្មោះ​ដូច​លោក​នោះ​បាន​ចារ​ទុក ។ ភាព​ដែល​អាច​ទៅ​រួច​មួយ​ទៀត​នោះ​គឺ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​អ្នក​ចងក្រង​ដំណឹងល្អ អំពី​ពាក្យពេចន៍​ទាំងឡាយ ដែល​បាន​កត់ត្រា​ដោយ​សារទូត​សួគ៌ា​ពី​មុន ជា​អ្នក​ដែល​បាន​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៦–៧៣ ] ១:៧០–៧១ ) ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៦–១៧ព្រះអម្ចាស់​បាន​ប្រទាន​ការចេះដឹង អំពី​បញ្ជី​ប្រវត្តិ​របស់ យ៉ូហាន ដើម្បី​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ទ្រង់ ។ យ៉ូហាន​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ចម្រើន​ឡើង​ពី​ព្រះគុណ​ថែម​លើ​ព្រះគុណ រហូត​ដល់​ទ្រង់​ទទួល​បាន​ភាពពេញលេញ​នៃ​សិរីល្អ​របស់​ព្រះវរបិតា ។

យើង​ក៏​អាច​ទទួល​បាន​ភាពពេញលេញ​នៃ​សិរីល្អ​របស់​ព្រះវរបិតា​បាន​ដែរ នៅ​ពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា ដែល​បង្រៀន​អំពី​សេចក្ដីពិត​នេះ នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៩-២០ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១-៣៩

ព្រះអម្ចាស់​ណែនាំ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ អំពី​របៀប​ទទួលបាន​សេចក្ដីពិត និង ពន្លឺ

តើ​មាន​ការទទួល​ខុសត្រូវ​អ្វី​ខ្លះ ចំពោះ​កូន​ច្បង​នៅ​ក្នុង​ក្រុម​គ្រួសារ ?

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២១–២៣ដោយ​ស្វែងរក​អ្វី ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បើក​សម្ដែង​អំពី​អង្គ​ទ្រង់​ផ្ទាល់ ។

អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ដែល​បង្រៀន​អំពី​គោលលទ្ធិ​ដូចតទៅ​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​កូន​ច្បង​ក្នុង​ចំណោម​កូន​វិញ្ញាណ​ទាំងអស់ របស់​ព្រះវរបិតាសួគ៌ ។

ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កូន​វិញ្ញាណ​ច្បង​របស់​ព្រះវរបិតា មាន​ន័យ​ថា ទ្រង់​គឺ​ជា « អ្នក​ដែល​បាន​តម្រូវ​ឲ្យ​គ្រង » ( ហេព្រើរ ១:២ ) គ្រប់​អ្វី​ទាំងអស់ ដែល​ព្រះវរបិតា​មាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទាំងអស់ មាន​ចំណែក​នៅ​ក្នុង​កេរមរតក​នេះ​ដែរ ។ យើង​មាន​ឱកាស​ធ្វើ​ជា « អ្នក​គ្រង​មរតក​នៃ​ព្រះ​ជាមួយ​ព្រះគ្រីស្ទ » ( រ៉ូម ៨:១៧ ) ហើយ​ត្រូវ​បាន​រាប់​នៅ​ក្នុង​ចំណោម « សាសនាចក្រ​នៃ​កូន​ច្បង » ( គ. និង ស. ៩៣:២២ សូមមើល​ផងដែរ គ. និង ស. ៧៦:៥១-៥៤ ) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​បង្រៀន​ថា « សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​ថ្វាយ​ខ្លួន​គេ​ចំពោះ​សេចក្ដី​សុចរិត ដែល​ពួកគេ​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ភាពតម្កើងឡើង​កាន់តែ​ខ្ពស់ នោះ​ក្លាយ​ទៅ​ជា​សមាជិក​នៃ សាសនាចក្រ​នៃ​កូន​ច្បង » (Mormon Doctrine ការបោះពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១៣៩ ) ។ នៅ​តាម​របៀប​នេះ យើង​ក៏​អាច​ទទួល​គ្រប់​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា​មាន​ផងដែរ ( សូមមើល គ. និង ស. ៧៦:៥៥; ៨៤:៣៧-៣៨ ) ។

យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២២យើង​ត្រូវតែ​កើត​មក​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ជា​អ្នក​ទទួល​បាន​សិរីល្អ​នៃ​កូន​ច្បង ។ ការកើត​មក​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ មាន​ន័យ​ថា ការកើត​ម្ដង​ទៀត​ខាង​វិញ្ញាណ និង ស្អាតស្អំ​ពី​អស់​ទាំង​អំពើបាប តាម​រយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន ។

  1. សូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​យល់​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ ថា​ជា​កូន​ច្បង​របស់​ព្រះវរបិតា ។ អ្នក​អាច​នឹង​ចង់​កត់ត្រា​អារម្មណ៍ ដែល​អ្នក​មាន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេល​អ្នក​គិត​ថាតើ​តួនាទី​របស់​ទ្រង់​ជា​កូន​ច្បង​របស់​ព្រះវរបិតា​នោះ​មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក ។

ចូរ​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២១ ថា ព្រះយេស៊ូវគ្រីស្ទ បាន​មាន​ព្រះ​បន្ទូល​ថា « កាល​ដើម​ដំបូង យើង​បាន​គង់​នៅ​ជាមួយ​ព្រះវរបិតា » ។ ស្រប​តាម ខទី ២៣តើ​នរណា​ទៀត​ដែល កាល​ដំបូង​បាន​នៅ​ជាមួយ​ព្រះវរបិតា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៣ អាច​ត្រូវ​ចំពោះ​កូន​វិញ្ញាណ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​ដាក់​ជំនួស​ពាក្យ អ្នក​រាល់​គ្នា នៅ​ក្នុង​ខគម្ពីរ​នេះ ដោយ​ឈ្មោះ​របស់​អ្នក​ផ្ទាល់ ។ អ្នក​អាច​សរសេរ​ឈ្មោះ​របស់​អ្នក នៅ​លើ​គែម​ព្រះគម្ពីរ ហើយ​គូស​បន្ទាត់​មួយ​ចង្អុល​ទៅ​កាន់​ពាក្យ អ្នក​រាល់​គ្នា ។

ខណៈ​ដែល​យើង​បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ នោះ​យើង​ត្រូវ​បាន​បង្រៀន​ដោយ​ទ្រង់​ទាំង​ពីរ​ព្រះអង្គ ហើយ​បាន​មាន​ឱកាស​ទទួល​យក ឬ បដិសេធ​សេចក្ដីពិត ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៤-២៦ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន អំពី​សេចក្ដីពិត​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

នៅ​ក្នុង​ចន្លោះ​ដែល​មាន សូម​សរសេរ​អំពី​អ្វី ដែល​អ្នក​បាន​រៀន​ចេញ​មក​ពី​និយមន័យ​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់​នៅ​ក្នុង ខទី ២៤ ៖

សូម​កត់ចំណាំ​ថាតើ​សាតាំង​ត្រូវបាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៥ ។ សូម​កត់ចំណាំ​របៀប​ដែល​វា ខិតខំ​មាន​ឥទ្ធិពល​មក​លើ​យើង ដោយ​ការកុហក និង បន្ទាប​ចំណេះដឹង​ខាង​សេចក្ដីពិត​របស់​យើង ។ ដើម្បី​ធ្វើ​ការប្រៀបធៀប សូម​ពិចារណា​អំពី​អ្វី​ដែល​យើង​រៀន អំពី​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង ខទី ២៦ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៣៦-៣៧រួច​ស្វែងរក​សេចក្ដីពិត​បន្ថែម ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី​ពន្លឺ និង សេចក្ដីពិត ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា « សិរីល្អ​នៃ​ព្រះ​គឺ​ជា​បញ្ញា ឬ​ក៏​ម្យ៉ាង​ទៀត ជា​ពន្លឺ និង សេចក្ដីពិត » នៅ​ក្នុង ខទី ៣៦ ។ សូម​ចងចាំ​ថា ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ មាន​សិរីល្អ​ពេញលេញ ដែល​រួម​បញ្ចូល​ទាំង​ភាពពោរពេញ​នៃ​បញ្ញា ឬ ជា​ពន្លឺ និង សេចក្ដីពិត ។ សូម​ពិចារណា​អំពី​របៀប ដែល​យើង​ទទួល​បាន​ប្រយោជន៍​ដោយ​ការទទួល​បាន​ពន្លឺ និង សេចក្ដីពិត​នៅ​ក្នុង​ជីវិត​របស់​យើង ។ ប្រយោជន៍​មួយ​គឺ តាម​រយៈ​ការទទួល​បាន​ពន្លឺ និង សេចក្ដីពិត នោះ​យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌ ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ៣៦ ) ។

រូបភាព
ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។
  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​យល់​ថា តាមរយៈ​ការទទួល​បាន​ពន្លឺ និង សេចក្ដីពិត នោះ​យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌​បាន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៧-២៨ដោយ​ស្វែងរក​អ្វី ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ទទួល​បាន​សេចក្ដីពិត និង ពន្លឺ ។ នៅ​ក្នុង​រង្វង់​ពងក្រពើ​ខាង​ស្ដាំ​នៃ​ដ្យាក្រាម​ដែល​មាន​មក​ជាមួយ​នេះ សូម​សរសេរ​គោលការណ៍​មួយ ដែល​បង្រៀន​អំពី​របៀប​ដែល​យើង​ទទួលបាន​សេចក្ដីពិត និង ពន្លឺ ។

រូបភាព
ពន្លឺ និង ភាពងងឹត​នៅ​ក្នុង​ដ្យាក្រាម

តាមរយៈ​ការទទួល​បាន​ពន្លឺ និង សេចក្តីពិត នោះ​យើង​អាច​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតាសួគ៌​បាន ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ជួយ​យើង​ឲ្យ​ទទួលបាន​សេចក្ដីពិត និង ពន្លឺ​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ណា ដែល​អ្នក​មាន​អារម្មណ៍​ថា បាន​ទទួល​សេចក្ដីពិត និង ពន្លឺ ដោយ​ការគោរព​ព្រះបញ្ញត្តិ ?

នៅ​ពេល​យើង​បាន​រស់នៅ​ជាមួយ​ព្រះ ពី​មុន​ពេល​យើង​កើត​មក​លើ​ផែនដី​នេះ យើង​បាន​មាន​សិទ្ធិជ្រើសរើស--​ដែល​ជា​លទ្ធភាព​ដើម្បី​ជ្រើសរើស និង ប្រព្រឹត្ត​ដោយ​ខ្លួន​យើង ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:២៩–៣២ដោយ​ស្វែងរក​ថាតើ​ការប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង មាន​ឥទ្ធិពល​លើ​លទ្ធភាព​របស់​យើង ក្នុង​ការទទួល​បាន​ពន្លឺ និង សេចក្ដីពិត​យ៉ាង​ដូចម្ដេច ។

ស្រប​តាម ខទី ៣១-៣២តើ​មាន​ផលវិបាក​អ្វីខ្លះ បើ​យើង​ជ្រើសរើស​ពុំ​ទទួល​យក​សេចក្ដីពិត និង ពន្លឺ​នោះ ?

ខគម្ពីរ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ថា យើង​ធ្វើ​ឲ្យ​ខ្លួន​យើង​ស្ថិត​នៅ​ក្រោម​ការដាក់​ទោស ហើយ​រារាំង​ភាពរីកចម្រើន​ខាង​វិញ្ញាណ ដោយ​បាន​បដិសេធ​មិន​ទទួល​យក​ពន្លឺ ដែល​មាន​សម្រាប់​យើង ។

តើ​យើង​អាច​បាត់បង់​ពន្លឺ និង សេចក្ដីពិត ដែល​យើង​បាន​ទទួល​រួច​ហើយ​ដែរ​ឬ​ទេ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៣៩ ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នេះ ។

នៅ​ក្នុង​រង្វង់​ពងក្រពើ​ខាង​ឆ្វេង​នៃ​ដ្យាក្រាម សូម​សរសេរ​គោលការណ៍​មួយ ដែល​ថ្លែង​អំពី​បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​យើង​បាត់បង់​ពន្លឺ និង សេចក្តីពិត ។

  1. សូម​រាយ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គំរូ​មួយ​ចំនួន​នៃ​សណ្ដាប់ ឬ សកម្មភាព​ទូទៅ​ដែល​មនុស្ស​ជា​ច្រើន​បាន​ធ្វើ ដែល​អាច​បណ្ដាល​ឲ្យ​យើង​បាត់បង់​ពន្លឺ និង សេចក្ដីពិត ។ សូម​សរសេរ​បី​បួន​ប្រយោគ ដោយ​ពន្យល់​អំពី​របៀប​ដែល​ការធ្វើតាម​សណ្ដាប់​ទាំងនេះ អាច​ប៉ះពាល់​ដល់​លទ្ធភាព​របស់​យើង​ក្នុង​ការទទួល​បាន ហើយ​ថែ​រក្សា​ពន្លឺ និង សេចក្ដីពិត ដែល​បាន​មក​ពី​ព្រះវរបិតាសួគ៌ ។

សកម្មភាព​ខាង​ក្រោម​នេះ អាច​ជួយ​បង្ហាញ​អំពី​របៀប​ដែល​ជម្រើស​ផ្ទាល់ខ្លួន​របស់​យើង​ក្នុង​ការគោរព ប្រតិបត្តិ ឬ មិន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ជះ​ឥទ្ធិពល​លើ​លទ្ធភាព​របស់​យើង ក្នុង​ការទទួល​បាន​ពន្លឺ និង សេចក្ដីពិត ឬ បាត់បង់​វា ។ សូម​អាន​សេចក្ដី​អធិប្បាយ​ខាងក្រោម​នេះ អំពី​របៀប​ដែល​ជម្រើស​របស់ ម៉ារា មាន​ឥទ្ធិពល​លើ​លទ្ធភាព​របស់​នាង​ក្នុង​ការទទួល​បាន​ពន្លឺ និង សេចក្ដីពិត ។ សូម​ឈប់​បន្តិច​សិន​បន្ទាប់​ពី​បាន​អាន​កថាខណ្ឌ​នីមួយៗ​ហើយ រួច​គិត​អំពី​មូលហេតុ​ដែល​ស្ថានភាព​របស់ ម៉ារា បាន​ផ្លាស់ប្ដូរ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការសម្រេច​ចិត្ត ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ និង អំពី​របៀប​ដែល​ការសម្រេច​ចិត្ត​ទាំងនោះ មាន​ឥទ្ធិពល​ទៅ​លើ​ពន្លឺ និង សេចក្ដីពិត ដែល​អ្នក​ទទួល​បាន និង ថែរក្សា ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០-៥៣

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ដល់​ពួក​អ្នក​បម្រើ​ទ្រង់ ឲ្យ​តាំង​គេហដ្ឋាន​ឲ្យ​មាន​របៀប​រៀបរយ

រូបភាព
ការអធិស្ឋាន​ជា​គ្រួសារ

សូម​ពិចារណា​អំពី​របៀប ដែល​ការប្រាស្រ័យ​ទាក់ទង​របស់​អ្នក​ជាមួយ​នឹង​ឪពុក​ម្ដាយ​អ្នក ឬ ជាមួយ​សមាជិក​គ្រួសារ​ដទៃ​ទៀត ជួយ​អ្នក​ឲ្យ​រីកចម្រើន​នៅ​ក្នុង​ពន្លឺ និង សេចក្ដីពិត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៤០រួច​ស្វែងរក​ការទទួល​ខុស​ត្រូវ ដែល​ព្រះ​បាន​ប្រទាន​ដល់​ឪពុក​ម្ដាយ​ទាំងឡាយ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤១-៤៨ព្រះអម្ចាស់​បាន​ណែនាំ ហ្រ្វែឌើរិក ជី វិលលាម្ស, ស៊ីឌនី រិកដុន និង យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ក្នុង​ការបង្រៀន​ដល់​កូនចៅ​ខ្លួន អំពី​ពន្លឺ និង សេចក្ដីពិត និង តាម​របៀប​ដែល​ពួកគាត់ អាច​រៀបចំ​គ្រួសារ​ឡើង​ឲ្យ​មាន​របៀប​រៀបរយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៤៩–៥០ដោយ​ស្វែងរក​ការព្រមាន​ពី​ព្រះអម្ចាស់ ដែល​អនុវត្ត​ដល់​ក្រុម​គ្រួសារ​ទាំងអស់ ។ នៅ​ពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា ដែល​បង្រៀន​អំពី​គោលការណ៍​ដូចតទៅ​នេះ ៖ យើង​ត្រូវតែ​អធិស្ឋាន​ជានិច្ច ហើយ​មាន​ចិត្ត​ព្យាយាម និង គិតគូរ​អំពី​គេហដ្ឋាន ក្រែង​លោ​អា​កំណាច​នឹង​មាន​អំណាច​មក​លើ​យើង ។

ទោះជា​ការព្រមាន​នេះ​ត្រូវបាន​ប្រទាន​ដល់​ឪពុក​ក្ដី ក៏​វា​អនុវត្ត​ចំពោះ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​ឪពុក​នោះ​ដែរ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប​ដែល​យើង​អាច « មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង » ៖

« យោបល់​ទី​មួយ ៖ សម្ដែង​សេចក្ដី​ស្រឡាញ់—ហើយ​បង្ហាញ​វា

« យើង​អាច​ចាប់ផ្ដើម​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង ដោយ​ប្រាប់​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់​ថា យើង​ស្រឡាញ់​ពួកគេ ។ អារម្មណ៍​បែប​នេះ ពុំ​ត្រូវការ​ឲ្យ​មាន​ការស្ទាត់​ជំនាញ ឬ ពេល​វេលា​ច្រើន​ឡើយ ។ យើង​គួរតែ​សម្ដែង​សេចក្ដី​ស្រឡាញ់​យ៉ាង​សាមញ្ញ​ដោយ​ចិត្ត​ស្មោះ និង ជា​ញឹកញាប់ ។…

« … កូនៗ តើ​ពេល​លើក​មុន​ដែល​អ្នក​បាន​ប្រាប់​ដល់​ឪពុកម្តាយ​របស់​អ្នក​ថា អ្នក​ស្រឡាញ់​ពួកគាត់នោះ គឺ​នៅ​ពេល​ណា ?…

« យើង​គួរតែ​ចងចាំ​ថា ការ​និយាយ​ថា ‹ ខ្ញុំ​ស្រឡាញ់​អ្នក › គឺ​គ្រាន់​តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ ។ យើង​ត្រូវតែ​និយាយ យើង​ត្រូវតែ​មាន​ចេតនា​ធ្វើ​វា ហើយ​ដែល​សំខាន់​បំផុត​នោះ យើង​ត្រូវតែ​បង្ហាញ​វា​ជានិច្ច ។ យើង​ត្រូវ​សម្ដែង​សេចក្ដី​ស្រឡាញ់​ផង បង្ហាញ​សេចក្ដី​ស្រឡាញ់​ផង ។…

« យោបល់​ទី​ពីរ ៖ ថ្លែង​ទីបន្ទាល់—ហើយ​រស់នៅ​តាម​ទីបន្ទាល់​នោះ ។

« យើង​ក៏​អាច​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង ដោយ​ការថ្លែង​ទីបន្ទាល់​ទៅ​កាន់​មនុស្ស​ដែល​យើង​ស្រឡាញ់ អំពី​ការណ៍​ដែល​យើង​ដឹង​ថា​ជា​ការពិត តាមរយៈ​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការថ្លែង​ទីបន្ទាល់​ពុំ​ត្រូវការ​ឲ្យ​មាន ពេល​វេលា​ច្រើន ឬ ការស្ទាត់​ជំនាញ​ឡើយ ។…

« … កូនៗ តើ​ពេល​លើក​មុន​ដែល​អ្នក​បាន​ចែកចាយ​ទីបន្ទាល់​ដល់​ឪពុកម្តាយ និង ក្រុមគ្រួសារ​របស់​អ្នក​នោះ គឺ​នៅ​ពេល​ណា ?…

« យើង​គួរតែ​ចងចាំ​ថា ការថ្លែង​ទីបន្ទាល់​អស់​ពី​ដួងចិត្ត គឺ​គ្រាន់​តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ ។ យើង​ត្រូវតែ​ថ្លែង​ទីបន្ទាល់ យើង​ត្រូវតែ​មាន​ចេតនា​ធ្វើ​វា ហើយ​ដែល​សំខាន់​បំផុត​នោះ យើង​ត្រូវតែ​រស់នៅ​តាម​ទីបន្ទាល់​នោះ​ជានិច្ច ។ យើង​ត្រូវ​ប្រកាស​អំពី​ទីបន្ទាល់​ផង និង រស់នៅ​តាម​ទីបន្ទាល់​ផង ។…

« យោបល់​ទី​បី ៖ ប្រកាន់​ភាពខ្ជាប់ខ្ជួន

« រាល់​ការអធិស្ឋាន​ជា​គ្រួសារ រាល់​ពេល​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង រាល់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ គឺ​ជា​ស្នាម​ដាន​គំនូស​នៅ​លើ​ក្រណាត់​គំនូរ​នៃ​ព្រលឹង​យើង ។ គ្មាន​ព្រឹត្តការណ៍​ណា​មួយ​អាច​លេច​ឡើង​ជា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ឬ គួរ​ឲ្យ​ចងចាំ​នោះ​ទេ ។ ប៉ុន្តែ … ភាពខ្ជាប់ខ្ជួន​របស់​យើង ក្នុង​ការ​ធ្វើ​កិច្ចការ​តូចៗ​ដោយ​ច្បាស់លាស់ អាច​ដឹកនាំ​ទៅ​រក​លទ្ធផល​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ » ។… ភាពខ្ជាប់ខ្ជួន​គឺ​ជា​គោលការណ៍​គ្រឹះ នៅ​ពេល​យើង​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​បុគ្គល​ទាំងឡាយ និង នៅ​ពេល​យើង​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង » ( « More Diligent and Concerned at Home » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧–២០ ) ។

  1. តើ​អ្នក​គិត​ថា « ការមាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង » ( គ. និង ស. ៩៣:៥០ ) មាន​ន័យ​ដូចម្ដេច ? សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការណ៍​មួយ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​មាន​ចិត្ត​ព្យាយាម ហើយ​គិតគូរ​ពី​គេហដ្ឋាន​ខ្លាំង​ឡើង ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖