ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩-១០០


មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩-១០០

បុព្វកថា

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៩ នៅ​ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៨៣២ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ហៅ​ឲ្យ យ៉ូហាន មើដក់ បន្ត​កិច្ចការ​ផ្សព្វផ្សាយ​របស់​គាត់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ ។ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ នៅ​ថ្ងៃ​ទី ១២ ខែ តុលា ឆ្នាំ ១៨៣៣ កាល​លោក និង ស៊ីឌនី រិកដុន បាន​នៅ​រដ្ឋ នូវ យ៉ោក កំពុង​ធ្វើការ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​អះអាង​ដល់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី ថា ក្រុម​គ្រួសារ​របស់​ពួក​លោក​នៅ​ឯ​រដ្ឋ អូហៃអូ ឯ​ណោះ គឺ​សុខ​សប្បាយ​ទេ ។ ព្រះអម្ចាស់​ក៏​បាន​លួងលោម​ចិត្ត យ៉ូសែប អំពី​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​កំពុង​រងទុក្ខ​នឹង​សេចក្ដី​បៀតបៀន​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩

ព្រះអម្ចាស់​ត្រាស់​ហៅ យ៉ូហាន មើដក់ ឲ្យ​ប្រកាស​ដំណឹងល្អ

សូម​ស្រមៃ​ថា មាន​មិត្តភក្ដិ​ម្នាក់​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ មក​សួរ​អ្នក​អំពី​មូលហេតុ ដែល​យុវជន និង យុវនារី​ជា​ច្រើន មាន​ឆន្ទៈ​លះបង់ ២ ឆ្នាំ ឬ ១៨ ខែ ក្នុង​ជីវិត​របស់​ពួកគេ ទៅ​បម្រើ​បេសកកម្ម ។ តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ដូចម្ដេច អំពី​មូលហេតុ​ដែល​មនុស្ស​ម្នាក់​នឹង​មាន​ឆន្ទៈ​ក្នុង​ការលះបង់​បែប​នោះ ដើម្បី​បម្រើ​បេសកកម្ម ។

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា ( ស៊ិស្ទើរ )
រូបភាព
យ៉ូហាន មើដក់

យ៉ូហាន មើដក់

យ៉ូហាន មើដក់ គឺ​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​ជំនាន់​ដំបូង ។ នៅ​ពេល​អ្នក​អាន​ព័ត៌មាន​ខាង​ក្រោម​នេះ សូម​កត់ចំណាំ​អំពី​ការលះបង់ ដែល​គាត់​បាន​ធ្វើ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ៖

យ៉ូហាន មើដក់ បាន​សិក្សា​អំពី​សាសនាចក្រ​ជា​ច្រើន ហើយ​បាន​សន្និដ្ឋាន​ថា សាសនាចក្រ​ទាំងអស់​ពុំ​ត្រឹមត្រូវ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ចុង​ឆ្នាំ ១៨៣០ គាត់​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ថ្លែង​អំពី​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​នេះ ។ គាត់​បាន​ប្រែចិត្ត​ជឿ ហើយ​បាន​រក​ឃើញ​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះគ្រីស្ទ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃ​ទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៨៣០ យ៉ូហាន មើដក់ បាន​បម្រើ​បេសកកម្ម ដោយ​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​មនុស្ស​ប្រមាណ ៧០ នាក់​ក្នុង​រយៈ​ពេល​បួន​ខែ​នៅ អ័រែន និង វើរិនស្វីល រដ្ឋ អូហៃអូ ។

នៅ​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ១៨៣១ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី យ៉ូហាន បាន​ត្រឡប់​មក​ពី​បេសកកម្ម​របស់​គាត់​វិញ នោះ​ភរិយា​របស់​គាត់ ជូលៀ បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​បាន​ផ្ដល់​កំណើត​ឲ្យ​កូន​ភ្លោះ ។ ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ មិសសួរី ហើយ​ប្រកាស​ដំណឹងល្អ​នៅ​តាម​ផ្លូវ ( សូម​មើល គ. និង ស. ៥២:៨–៩ ) ។ ពី​មុន យ៉ូហាន អាច​ចាកចេញ​ទៅ គាត់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា កូនៗ​ទាំង​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​អាយុ​ក្រោម​ប្រាំ​ពីរ​ឆ្នាំ​នោះ ត្រូវ​បាន​ផ្គត់ផ្គង់ ។ គាត់​បាន​ចាត់ចែង​ឲ្យ​មាន​មនុស្ស​បី​បួន​នាក់ មើលថែ​កូន​ច្បងៗ​របស់​គាត់ ហើយ យ៉ូសែប ស៊្មីធ និង អិមម៉ា ស៊្មីធ បាន​ទទួល​ចិញ្ចឹម​កូន​ភ្លោះ ។ រហូត​ដល់​ចុង​ឆ្នាំ ១៨៣១ និង ពាក់​កណ្ដាល​ឆ្នាំ​ដំបូង​នៃ ១៨៣២ យ៉ូហាន មើដក់ បាន​ប្រកាស​ដំណឹងល្អ​នៅ​ក្នុង​ដែនដី មីឈីហ្កេន, អ៊ិនឌីអាណា, មិសសួរី និង អូហៃអូ ។ នៅ​ពេល​គាត់​បាន​ត្រឡប់​ទៅ​កាន់​ភូមិហៃរាំ រដ្ឋ អូហៃអូ វិញ​ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣២ គាត់​បាន​រងទុក្ខ​ដោយ​ការឆ្លង​ជំងឺ​រ៉ាំរ៉ៃ ។ គាត់​ក៏​បាន​ដឹង​ដែរ​ថា កូន​ភ្លោះ​គាត់​ម្នាក់​បាន​ស្លាប់​ក្នុង​ខែ​មិនា​មុន ហើយ​អ្នក​ដែល​បាន​មើល​ថែ​កូនច្បង​ទាំងបី​របស់​គាត់ បាន​ទាមទារ​យក​ថ្លៃ​មើលថែ​របស់​ពួកគេ ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩ ប្រមាណ​ពីរ​ខែ​បន្ទាប់​ពី យ៉ូហាន មើដក់ បាន​ត្រឡប់​មក​ផ្ទះ​វិញ ពី​បេសកកម្ម​ទី​ពីរ​របស់​គាត់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:១ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​ហៅ យ៉ូហាន មើដក់ ឲ្យ​ធ្វើ ។

បន្ថែម​ពី​លើ​ការហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ វិវរណៈ​នេះ​មាន​នូវ​ការសន្យា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការបម្រើ​របស់ យ៉ូហាន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:២–៣ដោយ​ស្វែងរក​ថាតើ​ទាំង យ៉ូហាន មើដក់ និង មនុស្ស​ដែល​គាត់​បាន​បង្រៀន​នោះ នឹង​មាន​ពរ​តាមរយៈ​ការបម្រើ​របស់​គាត់​យ៉ាង​ដូចម្ដេច ។

ចេញ​ពី ខទី ២–៣ យើង​រៀន​សេចក្ដីពិត​ដូចតទៅ​នេះ ៖ យើង​តំណាង​ឲ្យ​ព្រះអម្ចាស់ នៅ​ពេល​យើង​បម្រើ​បេសកកម្ម ហើយ អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​ដូចជា​ក្មេង​នោះ នឹង​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា ។

ពីមុន យ៉ូហាន មើដក់ បាន​ចាកចេញ​ទៅ​បម្រើ​បេសកកម្ម​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​គាត់​បាន​ចូល​រៀន​នៅ​ក្នុង​សាលា​របស់​ពួក​ព្យាការី ដែល​បាន​ផ្ដល់​ដល់​គាត់​នូវ​ភាពពិត​មួយ​ដ៏​អស្ចារ្យ ។ « នៅ​ក្នុង [ ការអធិស្ឋាន​សម្រាប់​ការប្រជុំ ] មួយ ព្យាការី​បាន​មាន​ប្រសាសន៍​ប្រាប់​ថា បើ​សិន​ជា​យើង​បន្ទាប​ខ្លួន​យើង​នៅ​ចំពោះ​ព្រះ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ នោះ​យើង​នឹង​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ ។ ប្រហែល​ជា​ពាក់​កណ្ដាល​ថ្ងៃ​ត្រង់ ការនិមិត្ត​បាន​បើកសម្ដែង​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវបាន​បំភ្លឺ​ដោយ​ការយល់ដឹង ហើយ​ខ្ញុំ​បាន​ឃើញ​រូបរាង​បុរស​ម្នាក់ គួរ​ឲ្យ​ស្ញើច​សរសើរ ផ្ទៃ​មុខ​របស់​គាត់​បាន​ភ្លឺ​ចែងចាំង​ដូច​រស្មី​ព្រះអាទិត្យ ។… ទឹក​មុខ​របស់​គាត់​បាន​សម្លឹង​មក​រក​ខ្ញុំ ដែល​គួរ​ឲ្យ​គោរព​ស្រឡាញ់​បំផុត ។ ហើយ​កាល​ខ្ញុំ​កំពុង​ព្យាយាម​មើល​ឲ្យ​ស្គាល់​តួអង្គ​ទាំង​ស្រុង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង នោះ​ការនិមិត្ត​ក៏​បាន​ឃ្លាត​ឆ្ងាយ ហើយ​បញ្ចប់​ទៅ ។ ប៉ុន្តែ វា​បាន​បន្សល់​ទុក​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​នូវ​សេចក្ដី​ស្រឡាញ់ ដែល​អស់​រយៈ​ពេល​ជា​យូរ​ខែ​ខ្ញុំ​មិន​ដែល​ទទួល​បាន​អារម្មណ៍​ដល់​កម្រិត​នោះ​ឡើយ » ( យ៉ូហាន មើដក់ autobiography and diary, ១៣, L. Tom Perry Special Collections, Harold B. Lee Library, សាកល​វិទ្យាល័យ ព្រិកហាំ ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ) ។

  1. សូម​ស្វែងរក​តួអង្គ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី នៅ​ក្នុង​ព្រះគម្ពីរ ឬ នៅ​ក្នុង​ជីវិត​របស់​អ្នក ដែល​បាន​លះបង់​បម្រើ​ព្រះអម្ចាស់ ។ សូម​សរសេរ​ឈ្មោះ​តួអង្គ​ទាំងនោះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​អំពី​ពរជ័យ​អ្វី​ខ្លះ ដែល​មនុស្ស​ទាំងនេះ​បាន​ទទួល​ដោយសារតែ​ការលះបង់ និង ការបម្រើ​របស់​ពួកគេ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:៤–៥ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​កើតឡើង ចំពោះ​អ្នក​ដែល​បាន​បដិសេធ​សារលិខិត​ដែល យ៉ូហាន មើដក់ នឹង​បង្រៀន​ពួកគេ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:៦–៨ដោយ​ស្វែងរក​ភស្ដុតាង ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវការ​របស់ យ៉ូហាន មើដក់ និង ការលះបង់​ដែល​គាត់​បាន​ធ្វើ ។

យ៉ូហាន មើដក់ បាន​ធ្វើតាម​ឱវាទ​របស់​ព្រះអម្ចាស់ ហើយ​បាន​រៀបចំ​ផ្ញើ​កូន​ច្បង​ទាំងបី​នាក់​របស់​គាត់​ទៅ​ឲ្យ​ប៊ីស្សព ប៉ាទ្រិច នៅ​រដ្ឋ មិសសួរី ដែល​ពួកគេ​បាន​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ផ្សេងៗ​ពី​គ្នា ។ យ៉ូហាន បាន​ចេញ​ទៅ​បម្រើ​បេសកកម្ម​ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣២ ប្រហែល​មួយ​ខែ​បន្ទាប់​ពី​គាត់​បាន​ទទួល​ការហៅ​បម្រើ​របស់​គាត់ ។ គាត់​បាន​បម្រើ​បេសកកម្ម​បីបួន​ទៀត ហើយ​បាន​រស់នៅ​ជួបជុំ​នឹង​កូន​ច្បង​ទាំង​បី​របស់​គាត់​នៅ​រដ្ឋ មិសសួរី ។ ពេញ​មួយ​ជីវិត​របស់​គាត់​ពី​ពេល​នោះ​មក យ៉ូហាន មើដក់ បាន​បម្រើ​ព្រះអម្ចាស់​យ៉ាង​ស្មោះត្រង់​នៅ​ក្នុង​ការហៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ប៊ីស្សព និង ជា​លោក​អយ្យកោ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១-១២

ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវ​ព្រះបន្ទូល​នៃ​ការលួងលោមចិត្ត និង ការណែនាំ

តើ​កង្វល់​មួយ​ចំនួន ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​នឹង​មាន​នៅ​ពេល​ពួកគេ​ចាប់ផ្ដើម​បេសកកម្ម​របស់​ខ្លួន មាន​អ្វី​ខ្លះ ? សូម​រក្សា​ការណ៍​ទាំងនេះ​ទុក​នៅ​ក្នុង​គំនិត នៅ​ពេល​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ ។

ក្នុង​ខែ មេសា ឆ្នាំ ១៨៣៣ បុរស​ម្នាក់​ឈ្មោះ ហ្វ្រីមែន នីកឃើរសុន បាន​ចូល​សាសនាចក្រ​នៅ​រដ្ឋ នូវ យ៉ោក ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ នៅ​ពេល ហ្វ្រីមែន បាន​ជួប​នឹង យ៉ូសែប ស៊្មីធ គាត់​បាន​សុំ​ឲ្យ​ព្យាការី​ទៅ​លេង​ក្រុម​គ្រួសារ នីកឃើរសុន នៅ​រដ្ឋ នូវ យ៉ោក និង ប្រទេស កាណាដា ។ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​យល់​ព្រម​ទៅ​នឹង​សំណើ​របស់​គាត់ ហើយ​ពួក​លោក​បាន​ចាក​ចេញ​ពី​ទីក្រុង ខឺត​ឡង់ ទៅ​ជាមួយ​គាត់​នៅ​ថ្ងៃ​ទី ៥ ខែ តុលា ឆ្នាំ ១៨៣៣ ។ ក្រុម​នោះ​បាន​ប្រកាស​ដំណឹងល្អ នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ ។ នៅ​ថ្ងៃ​ទី ១២ ខែ តុលា ឆ្នាំ ១៨៣៣ ពួកគាត់​បាន​ទៅ​ដល់​ផ្ទះ​របស់​ក្រុមគ្រួសារ នីកឃើរសុន នៅ​ភូមិ ផែរីស្បឺក រដ្ឋ នូវ យ៉ោក ហើយ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ ។

សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ដោយ​ស្វែងរក​អ្វី​ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ព្រួយ​បារម្ភ នៅ​ពេល​ពួកលោក​បាន​មក​ដល់​រដ្ឋ នូវ យ៉ោក ។

នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ឆ្លើយ​តប​នឹង​ការព្រួយ​បារម្ភ​របស់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពី​ក្រុមគ្រួសារ​របស់​ពួក​លោក ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១-២ដោយ​ស្វែងរក​ថាតើ​ព្រះអង្គសង្គ្រោះ បាន​ឆ្លើយ​តប​នឹង​ការព្រួយ​បាររម្ភ​របស់​ពួក​លោក​យ៉ាង​ដូចម្ដេច ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា ដែល​អាច​នឹង​លួងលោម​ចិត្ត​ដល់ យ៉ូសែប និង ស៊ីឌនី ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១–២ ដែល​អាច​នឹង​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នា​ពេល​បច្ចុប្បន្ន​នេះ ជាមួយ​នឹង​កង្វល់​របស់​ពួកគេ​អំពី​ក្រុមគ្រួសារ ។

បន្ថែម​លើ​ការអះអាង​ដល់​ពួកគេ​អំពី​ក្រុមគ្រួសារ ព្រះអម្ចាស់​បាន​ធានា​ដល់ យ៉ូសែប និង ស៊ីឌនី ថា ពួកលោក​នឹង​មាន​ពរ​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកលោក ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៣-៤រួច​ស្វែងរក​ការអះអាង​ទាំងនេះ​មួយ​ចំនួន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៥–៨ដោយ​ស្វែងរក​ការសន្យា​បន្ថែម​ពី​ព្រះអម្ចាស់ ។

រូបភាព
យុវជន​ពីរ​នាក់

បើ​យើង​បន្លឺ​សំឡេង​ចែកចាយ​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​ត្រូវ​ថ្លែង ។

ខទី ៥–៦ មាន​នូវ​ការសន្យា​ដែល​ប្រាប់​ថា បើ​យើង​បន្លឺ​សំឡេង​ចែកចាយ​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ដឹង​អំពី​អ្វី​ដែល​ត្រូវ​ថ្លែង ។ ( សូម​ចងចាំ​ថា ដើម្បី​ទទួល​បាន​ជំនួយ​ដែល​បាន​សន្យា យើង​ត្រូវតែ​រស់នៅ​ដោយ​សុចរិត និង ត្រៀមខ្លួន​ដើម្បី​បម្រើ ) ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៧យើង​រៀន​ថា ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​គួរតែ​ប្រកាស​ដំណឹងល្អ « ដោយ​នូវ​ចិត្ត​ម៉ឺងម៉ាត់ ដោយ​នូវ​វិញ្ញាណ​ស្លូតបូត » ។ ឱវាទ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​គួរតែ​ចែកចាយ​ដំណឹងល្អ​ដោយ​ប្រាកដប្រជា និង មាន​ចិត្ត​រាបសា ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៨ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា បើ​យើង​ប្រកាស​ដំណឹងល្អ​នៅ​តាម​របៀប​នេះ​នោះ ។ សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បើ​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ មនុស្ស​ទូទៅ​ដោយ​នូវ​ចិត្ត​ម៉ឺងម៉ាត់ និង ដោយ​នូវ​វិញ្ញាណ​ស្លូតបូត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង  ។

  1. សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​ថា អ្វី​ដែល​អ្នក​បង្រៀង ឬ ថ្លែង​នោះ គឺ​ជា​ការពិត ។ ការណ៍​នេះ​អាច​នឹង​រួម​បញ្ចូល​ទាំង​ការជជែក​អំពី​ដំណឹងល្អ​ជាមួយ​មិត្តភក្ដិ ឬ ក្រុម​គ្រួសារ​របស់​អ្នក ការថ្លែង​ទីបន្ទាល់ ឬ ផ្ដល់​សុន្ទរកថា​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ ឬ ផ្ដល់​យោបល់​នៅ​ក្នុង​ថ្នាក់​រៀន ។ សូម​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​អ្នក ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​ពិពណ៌នា​អំពី​បទពិសោធន៍​មួយ នៅ​ពេល​អ្នក​ទទួល​បាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​សាក្សី​ថា អ្វី​ដែល​បុគ្គល​ណា​ម្នាក់​បាន​ថ្លែង​នោះ គឺ​ជា​ការពិត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៩-១២ដោយ​ស្វែងរក​សេចក្ដីណែនាំ និង ការសន្យា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការសន្យា​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១២ អាច​នឹង​មាន​ន័យ​យ៉ាង​ដូចម្ដេច​ចំពោះ​អ្នក បើ​អ្នក​កំពុង​បម្រើ​បេសកកម្ម​នោះ ?

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​មាន​អានុភាព​លើ​សាសនាចក្រ​ជា​យូរ​អង្វែង ។ ស៊ីឌនី រិកដុន បាន​ប្រកាស​ដំណឹងល្អ​ទៅ​កាន់​ក្រុម​ដ៏​ធំ​មួយ ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​ក្រុមគ្រួសារ នីកឃើរសុន ក្រោយ​មក បងប្អូន​ប្រុស​ទាំង​បី​រូប​នេះ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ភាគ​ខាង​ជើង​ទៅ​ដល់​ទីក្រុង អនទែរីយ៉ូ ប្រទេស កាណាដា ជា​ទីតាំង​ដែល​ពួកលោក​បាន​ប្រកាស​ទៅ​កាន់​ក្រុម​ដទៃៗ​ទៀត ។ នៅ​ទី​នោះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​មនុស្ស​ជិត ២០ នាក់ ហើយ​បាន​បង្កើត​សាខា​មួយ​នៃ​សាសនាចក្រ​ឡើង ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ប៉ាលី ភី ប្រាត្ត បាន​ទៅ​ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​នេះ ពេល​គាត់​បម្រើ​បេសកកម្ម​នៅក្នុង​ប្រទេស​កាណាដា ។ ម៉ូសេ នីកឃើរសុន ដែល​ជា​អ្នក​ប្រែចិត្ត​ជឿ​ក្នុង​បេសកកម្ម​ឆ្នាំ ១៨៣៣ បាន​ណែនាំ​អែលឌើរ ប្រាត្ត ឲ្យ​ស្គាល់ យ៉ូហាន ថេលើរ ជា​អ្នក​ដែល​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ជោគជ័យ ហើយ​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ប្រធាន​នៃ​សាសនាចក្រ ។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​ផ្នែក​មួយ នៃ​ការបំពេញ​តាម​ការសន្យា​របស់​ព្រះអម្ចាស់​ដែល​ថា « ទ្វារ​ដ៏​មាន​ផល​ប្រយោជន៍ [ នឹង ] ត្រូវ​បាន​បើក​ចំហ នៅ​ភូមិភាគ​ជុំវិញ​នៅ​ដែនដី​នៃ​ទិស​ខាង​កើត​នេះ » ( គ. និង ស. ១០០:៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១៣-១៧

ព្រះអម្ចាស់​លួងលោមចិត្ត យ៉ូសែប និង ស៊ីឌនី អំពី​ការល្បងល​នៃ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី

ក្នុង​ខែ សីហា ឆ្នាំ ១៨៣៣ នៅ​មិន​យូរ​ប៉ុន្មាន​ពីមុន​ព្យាការី យ៉ូសែប ស៊្មីធ បាន​ចាកចេញ​ទៅ​បម្រើ​បេសកកម្ម​នេះ អូលីវើរ ខៅឌើរី បាន​ជូន​ដំណឹង​ពី​រដ្ឋ មិសសួរី ថា ខ្មាំង​សត្រូវ​របស់​សាសនាចក្រ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ទៅ​លើ​ពួក​បរិសុទ្ធ​នៅ​ទីនោះ ។ យ៉ូសែប បាន​បញ្ជូន អួរសុន ហៃឌ និង យ៉ូហាន ហ្គូដ ដើម្បី​នាំ​យក​ដំបូន្មាន​ពី​លោក ទៅ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ ការធ្វើ​ដំណើរ​នេះ​នឹង​ប្រកប​ដោយ​គ្រោះថ្នាក់ ព្រោះ​ពួក​គាត់​នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នានា​ក្បែរ ទីតាំង​របស់​ក្រុម​មនុស្ស​កំណាច​ដែល​ប្រឆាំង​នឹង​ពួក​មរមន ។ កាល​កំពុង​បម្រើ​បេសកកម្ម​ជាមួយ ស៊ីឌនី រិកដុន និង ហ្វ្រីមែន នីកឃើរសុន ព្យាការី​បាន​ព្រួយ​បារម្ភ​អំពី អួរសុន និង យ៉ូហាន ព្រម​ទាំង​ពួក​បរិសុទ្ធ ដែល​កំពុង​ត្រូវបាន​ធ្វើ​ទុក្ខទោស​នៅ​រដ្ឋ មិសសួរី ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១៣-១៧ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ព្យាការី យ៉ូសែប ស៊្មីធ ។ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. យោង​តាម​អ្វី ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខទី ១៥សូម​បញ្ចប់​គោលការណ៍​នេះ ៖ គ្រប់​ការណ៍​ទាំងអស់ នឹង​បាន​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ បើ​យើង …

    2. ដើម្បី « ដើរ​ដោយ​ទៀងត្រង់ » នៅ​ចំពោះ​ព្រះអម្ចាស់ សំដៅ​ទៅ​លើ​ការមាន​ភាព​សុចរិត និង ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ ។ សូម​គិត​អំពី​ការណ៍​ដ៏​ជាក់លាក់​នានា ដែល​អ្នក​អាច​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី « ដើរ​ដោយ​ទៀងត្រង់ » នៅ​ចំពោះ​ព្រះអម្ចាស់ ។ សូម​ដាក់ ហើយ​សរសេរ​គោលដៅ​មួយ ដើម្បី​ប្រព្រឹត្ត​តាម​ការណ៍​មួយ​ក្នុង​ចំណោម​ការណ៍​ដ៏​ជាក់លាក់​ទាំងនេះ ហើយ​អញ្ជើញ​ឲ្យ​មាន​ពរជ័យ​នេះ​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឲ្យ​បាន​កាន់តែ​ច្រើន ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩-១០០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖