ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២២ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២


មេរៀន​ទី ២២ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១១០២

បុព្វកថា

នៅ​ថ្ងៃ​ទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​អំពី​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ដែល​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ដើម្បី​ភៀសខ្លួន​ចេញ​ពី​សេចក្ដី​បៀតបៀន ។ ពួក​បរិសុទ្ធ​ជា​ច្រើន​ត្រូវបាន​បង្ខំ ឲ្យ​ទុក​ចោល​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។ វិវរណៈ​ដែល​ព្យាការី​បាន​ទទួល ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវ​បាន​បំបែក​ជា​បី​មេរៀន ។ មេរៀន​ទី​បី​នេះ រួម​បញ្ចូល​ការប្រដូច​របស់​ព្រះអម្ចាស់​អំពី បុរស​ត្រកូល​ខ្ពស់ និង ដើម​អូលីវ ដែល​ជា​ការបង្រៀន​អំពី​ព្រះឆន្ទៈ​ទ្រង់​អំពី​ការប្រោសលោះ​ទីក្រុង ស៊ីយ៉ូន ។ វា​ក៏​រួម​បញ្ចូល​ទាំង​ឱវាទ​របស់​ព្រះអម្ចាស់ ដែល​បាន​ប្រាប់​ឲ្យ​ពួក​បរិសុទ្ធ​បន្ត​ប្រមូល​គ្នា ហើយ​ស្វែងរក​យុត្តិធម៌​ឲ្យ​អ្នក​ទាំងឡាយ​ទទួល​រង​ឧក្រិដ្ឋកម្ម​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-៦២

ព្រះអម្ចាស់​បាន​ប្រទាន​រឿងប្រដូច អំពី​បុរស​ត្រកូល​ខ្ពស់ និង ដើម​អូលីវ

រឿងប្រដូច​គឺ​ជា « រឿង​សាមញ្ញ​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្ហាញ និង បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ឬ គោលការណ៍ ។ រឿង​ប្រដូចយោង​ទៅ​លើ​ការប្រៀបធៀប​វត្ថុបំណង​ធម្មតា ឬ ព្រឹត្តិការណ៍​មួយ ទៅ​នឹង​សេចក្ដីពិត » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ រឿង​ប្រៀប​ប្រដូច » scriptures.lds.org) ។ អ្នក​ប្រហែល​ជា​ចងចាំ​រឿង​ប្រដូច​ទាំងឡាយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំឡុង​ការបម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែងស្លាប់—ជា​រឿង​ប្រដូច​អំពី​សាសន៍​សាម៉ារី​ដ៏​សប្បុរស រឿង​ប្រដូច​អំពី​កូនប្រុស​ខ្ជះខ្ជាយ រឿង​ប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ និង រឿង​ប្រដូច​ផ្សេងៗ​ទៀត ។

នៅ​ក្នុង​មេរៀន​នៅ​ថ្ងៃ​នេះ អ្នក​នឹង​សិក្សា​រឿង​ប្រដូច​អំពី​បុរស​ត្រកូល​ខ្ពស់ និង ដើម​អូលីវ ជា​រឿង​ប្រដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

នៅ​ពេល​អ្នក​សិក្សា​រឿង​ប្រដូច​នេះ សូម​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « រឿង​ប្រដូច​ទាំងឡាយ [ ​របស់​ព្រះអង្គសង្គ្រោះ ] ស្ដែង​ចេញ​ក្នុង​អត្ថន័យ​ជា​ច្រើន ឬ ការអនុវត្តន៍​នានា ដែល​ស្រប​ទៅ​តាម​ភាពចាស់ទុំ​ខាង​វិញ្ញាណ​របស់​អ្នក​ស្ដាប់ ។ រឿង​ប្រដូច​ទាំងឡាយ​មាន​នូវ​សារលិខិត​សម្រាប់​កុមារ​ផង និង អ្នក​មាន​វិជ្ជា​ជ្រៅជ្រះ​ខាង​ដំណឹងល្អ​ផង » ( Scripture Reading and Revelation,” Ensign ខែ មករា ឆ្នាំ ១៩៩៥ ទំព័រ ៨ ) ។ សូម​ស្វែងរក​អត្ថន័យ និង ការអនុវត្តន៍​នៅ​ក្នុង​រឿងប្រដូច​នេះ ( សូម​មើល​ផងដែរ Bible Dictionary, “Parables” ) ។

ព្រះអម្ចាស់​បាន​ប្រទាន​រឿងប្រដូច​អំពី​បុរស​ត្រកូល​ខ្ពស់ និង ដើម​អូលីវ ដើម្បី​ជួយ​រាស្ត្រ​ទ្រង់​យល់​អំពី « ព្រះហឫទ័យ​របស់​ទ្រង់ អំពី​សេចក្ដី​ប្រោសលោះ​នៃ​ស៊ីយ៉ូន » ( គ. និង ស. ១០១:៤៣ ) ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៤-៤៥ដោយ​ស្វែងរក​ការណ៍ ដែល​បុរស​ត្រកូល​ខ្ពស់​នៅ​ក្នុង​រឿងប្រដូច​នេះ បាន​បង្គាប់​ឲ្យ​ពួក​អ្នក​បម្រើ​គាត់​ធ្វើ ។

រូបភាព
ដើម​អូលីវ

ហេតុអ្វី​បាន​ជា​បុរស​ត្រកូល​ខ្ពស់​រូប​នោះ ចង់​ឲ្យ​មាន​អ្នក​យាម​នៅ​ក្នុង​ចម្ការ​នោះ ? ហេតុអ្វី​បាន​ជា​គាត់ ចង់​ឲ្យ​អ្នក​យាម​ធ្វើការ​នៅ​លើ​ប៉ម ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៦-៥០ រួច​ស្វែងរក​ថាតើ ពួក​អ្នក​បម្រើ​របស់​បុរស​ត្រកូល​ខ្ពស់​រូប​នោះ បាន​ធ្វើតាម​សេចក្ដី​ណែនាំ​របស់​គាត់​បាន​ដល់​កម្រិត​ណា ។ ( នៅ​ពេល​អ្នក​អាន ខទី ៥០វា​អាច​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការដឹង​ថា ឃ្លា « កំពុងតែ​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក » មាន​ន័យ​ថា ពួក​អ្នក​បម្រើ​បាន​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ឬ មាន​ការខ្វែងគំនិត​គ្នា ) ។

ហេតុអ្វី​បាន​ជា​ពួក​អ្នក​បម្រើ​ទាំងនោះ ខកខាន​មិន​មាន​សាងសង់​ប៉ម​ឡើង ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥១ដោយ​ស្វែងរក​អ្វី​ដែល​បាន​កើតឡើង ដោយសារតែ​ពួក​អ្នក​បម្រើ​ពុំ​បាន​សាងសង់​ប៉ម ?

សូម​អាន​ពាក្យពេចន៍​របស់​បុរស​ត្រកូលខ្ពស់ ទៅ​កាន់​ពួក​អ្នក​បម្រើ​របស់​គាត់ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥២-៥៤ ។ យោងតាម ខទី ៥៤ហេតុអ្វី​បាន​ជា​បុរស​ត្រកូល​ខ្ពស់​រូប​នោះ រកាំចិត្ត​ដោយសារ​តែ​ពួក​អ្នក​បម្រើ​របស់​គាត់​ពុំ​បាន​សាងសង់​ប៉ម ?

តើ​ព្រឹត្តការណ៍​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​រឿងប្រដូច​នេះ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​ដល់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី យ៉ាង​ដូចម្ដេច ?

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ប៉ម​នៅ​ក្នុង​រឿងប្រដូច​នេះ ទាក់ទង​ទៅ​នឹង​ព្រះវិហារ​បរិសុទ្ធ ដែល​ពួក​បរិសុទ្ធ​ខកខាន​ពុំ​បាន​ស្ថាបនា​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី យ៉ាង​ដូចម្ដេច​ដែរ ?

  2. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​គោលការណ៍​មួយ​ចំនួន​ណា​ខ្លះ​នៅ​ក្នុង​រឿងប្រដូច​នេះ ដែល​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក ? ( នៅ​ពេល​អ្នក​ឆ្លើយ​សំណួរ​នេះ សូម​ពិចារណា​អំពី​គោលលទ្ធិ និង គោលការណ៍​ដូចតទៅ​នេះ ៖ នៅ​ពេល​យើង​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ នោះ​យើង​ត្រូវបាន​ចម្រើន​កម្លាំង​ឲ្យ​តតាំង​នឹង​ខ្មាំងសត្រូវ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។ ពួក​ព្យាការី​ដើរតួ​ជា​អ្នក​យាម​នៅ​លើ​ប៉ម ដោយ​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​ដែល​នឹង​កើតឡើង ។ យើង​ត្រៀមខ្លួន​តតាំង​នឹង​បច្ចាមិត្ត តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥៥ជា​ខគម្ពីរ​ដែល​បុរស​ត្រកូល​ខ្ពស់​នៅ​ក្នុង​រឿងប្រដូច ផ្ដល់​ការណែនាំ​ដល់​អ្នក​បម្រើ​ម្នាក់ ។ បន្ទាប់​មក សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៣:២១ ។ តើ​អ្នក​បម្រើ​រូប​នោះ​នៅ​ក្នុង​រឿងប្រដូច តំណាង​ឲ្យ​នរណា ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៥៦–៦២ដោយ​ស្វែងរក​អ្វី ដែល​បុរស​ត្រកូល​ខ្ពស់​រូប​នោះ បាន​បង្គាប់​ឲ្យ​អ្នក​បម្រើ​ធ្វើ ដោយសារតែ​ខ្មាំង​សត្រូវ​បាន​បំផ្លិចបំផ្លាញ​ផ្នែក​ជា​ច្រើន​នៃ​ចម្ការ​ហើយ​នោះ ។ យ៉ូសែប ស៊្មីធ បាន​ធ្វើ​តាម​សេចក្ដី​ណែនាំ​នៅ​ក្នុង​រឿងប្រដូច​នេះ ។ លោក​បាន​បង្កើត​ក្រុម​មួយ​ហៅ​ថា កង​ទ័ពជំរំស៊ីយ៉ូន ដើម្បី​សង្គ្រោះ​ដែនដី​ស៊ីយ៉ូន ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋ មិសសួរី នៅ​ប្រាំ​មួយ​ខែ​បន្ទាប់​ពី​រឿងប្រដូច​នេះ​ត្រូវបាន​ប្រទាន​ឲ្យ ។ អ្នក​នឹង​រៀន​បន្ថែម​អំពី កង​ទ័ពជំរំស៊ីយ៉ូន នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ និង ១០៥ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៣-៧៥

ព្រះអម្ចាស់​បាន​ត្រាស់​ក្រើន​រំឭក​ពួក​បរិសុទ្ធ ឲ្យ​បន្ត​កិច្ចការ​ប្រមូល​ផ្ដុំ​គ្នា

ទោះជា​ពួក​បរិសុទ្ធ​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ឃុំ​ចាកសុន រដ្ឋ មិសសួរី យ៉ាង​ណា​ក្ដី ក៏​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ពួកគេ​ឲ្យ​បន្ត​ស្ថាបនា​នគរ​ទ្រង់​ឡើង​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៣-៦៤ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​ទ្រង់​នឹង​បន្ត​ធ្វើ ។

រូបភាព
ការច្រូតកាត់​ស្រូវសាលី

នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​យោង​ទៅ​លើ​រឿងប្រដូច​អំពី​ស្រូវសាលី និង ស្រងែ ជា​វិវរណៈ​ដែល​ទ្រង់​បាន​ពិពណ៌នា​អំពី​ការប្រមូល​រាស្ត្រ​របស់​ទ្រង់ ( សូម​មើល​ផងដែរ ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣ ) ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៥-៦៦រួច​ស្វែងរក​ធាតុ​សំខាន់ៗ​នៃ​រឿងប្រដូច​នេះ​មាន​ដូចជា ៖ ជង្រុក ស្រូវសាលី និង ស្រងែ ។

កាល​ពី​បុរាណ ជង្រុក​គឺ​ជា​កន្លែង​ដែល​ស្រូវ​សាលី ត្រូវបាន​ប្រមូល​ផ្ដុំ ហើយ​រក្សាទុក​ឲ្យ​មាន​សុវត្ថិភាព ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​អត្ថន័យ​និមិត្តរូប​នៃ​ពាក្យ ជង្រុក នៅ​ក្នុង​រឿងប្រដូច​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ជង្រុក​គឺ​ជា​ព្រះវិហារ​ដ៏​បរិសុទ្ធ » (Honorably Hold a Name and Standing,” EnsignLiahonaខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧ ) ។ ស្រងែ​ជា​ស្មៅ​ចង្រៃ ដែល​មើល​ទៅ​ស្រដៀង​នឹង​ស្រូវសាលី​ដែរ កាល​វា​នៅ​ខ្ចី ។

ដើម្បី​ជួយ​អ្នក​យល់​រឿងប្រដូច​នេះ អ្នក​អាច​នឹង​ចង់​សរសេរ​ការបកស្រាយ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ ជង្រុក = ព្រះវិហារ​ដ៏​បរិសុទ្ធ; ស្រូវសាលី = ពួក​សុចរិត; ស្រងែ = ពួក​ទុច្ចរិត ។

នៅ​ក្នុង​រឿងប្រដូច ស្រូវសាលី​ត្រូវបាន​ប្រមូល​ដាក់​នៅ​ក្នុង​ជង្រុក ។ តើ​យើង​ប្រមូល​គ្នា​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ តាម​របៀប​ណា​ខ្លះ ?

សូម​បំពេញ​ចន្លោះ ដើម្បី​បង្ហាញ​គោលការណ៍​មួយ ដែល​រឿងប្រដូច​នេះ​បង្រៀន ៖ នៅ​ពេល​យើង​ប្រមូល​គ្នា​នៅ​ក្នុង នោះ​យើង​ទទួល​បាន​ការការពារ ហើយ​ត្រៀមខ្លួន​សម្រាប់  ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ពិធី​បរិសុទ្ធ និង សេចក្ដី​សញ្ញា​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ផ្ដល់​នូវ​ការការពារ​សម្រាប់​អ្នក ហើយ​រៀបចំ​អ្នក​ឲ្យ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦៧–៧៥យើង​អាន​ថា ទោះជា​ពួក​បរិសុទ្ធ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ឃុំ​ចាកសុន រដ្ឋ មិសសួរី យ៉ាង​ណា​ក្ដី ក៏​ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ឲ្យ​ពួកគេ​បន្ត​ទិញ​ដីធ្លី​នៅ​ទី​នោះ​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៦-១០១

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ឲ្យ​ពួក​បរិសុទ្ធ បន្ត​ស្វែងរក​មធ្យោបាយ​ដើម្បី​ត្រឡប់​មក​ផ្ទះ​របស់​ពួកគេ​វិញ​នៅ​រដ្ឋ មិសសួរី

បន្ថែម​ពី​លើ​ការណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ទិញ​ដីធ្លី ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួកគេ​ឲ្យ « កែ​សាទុក្ខ និង ការសង » ដោយសារតែ​ទង្វើ​នៃ​អ្នក​ទាំងឡាយ ដែល​បាន​បៀតបៀន​ពួកគេ ( សូម​មើល គ. និង ស. ១០១:៧៦ ) ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ទ្រង់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួកគេ​ឲ្យ​ស្វែងរក​យុត្តិធម៌ តាមរយៈ​ប្រព័ន្ធ​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៦–៨០រួច​ស្វែងរក​ប្រព័ន្ធ​ច្បាប់ ដែល​បាន​អនុញ្ញាត​ឲ្យ​ពួក​បរិសុទ្ធ​ស្វែងរក​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ។

ស្រប​តាម​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ រដ្ឋ​ធម្មនុញ្ញ​នៃ​សហរដ្ឋ ត្រូវបាន​តាំង​ឡើង ?

  1. សូម​កត់ចំណាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៨នូវ​ឃ្លា « សិទ្ធិជ្រើសរើស​ខាង​សីលធម៌ » និង « ទទួល​ការខុសត្រូវ​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​ខ្លួន » ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​ការទទួល​ខុសត្រូវ—ដែល​ជា​ទំនួលខុសត្រូវ​ចំពោះ​រាល់​ទង្វើ​របស់​យើង—គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​សិទ្ធិជ្រើសរើស ?

    2. តើ​អ្នក​នឹង​ថ្លែង​ដូចម្ដេច​ទៅ​កាន់​នរណាម្នាក់ ដែល​ពោល​ថា « ខ្ញុំ​មាន​សិទ្ធិសេរីភាព ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់​ធ្វើ ? »

សូម​បញ្ចប់​គោលលទ្ធិ​ដូចតទៅ​នេះ ៖ ព្រះ​បាន​ប្រទាន​សិទ្ធិជ្រើសរើស​ឲ្យ​យើង ដែល​ជា​អំណាច​ដើម្បី​ជ្រើសរើស ប៉ុន្តែ យើង​ត្រូវ ចំពោះ​ជម្រើស​របស់​យើង ។

ព្រះអម្ចាស់​បាន​ប្រើប្រាស់​រឿង​ប្រដូច​ទី​បី ដើម្បី​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ស្វែងរក​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋា​ភិបាល​របស់​ពួកគេ ។ វា​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨១–៨៤ ។ ( ទម្រង់​មួយ​នៃ​រឿងប្រដូច​នេះ មាន​ចែង​នៅ​ក្នុង លូកា ១៨:១–៨ ) ។ នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៨១-៨៤សូម​គិត​អំពី​របៀប​ដែល​រឿងប្រដូច​នេះ បាន​អនុវត្ត​ចំពោះ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ។ ដូចជា​រឿង​ប្រដូច​ដែល​មាន​នៅ​ក្នុង​វិវរណៈ​នេះ ស្ត្រី​រូប​នោះ​តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ ។ ចៅក្រម​អាច​តំណាង​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដែល​ពួក​បរិសុទ្ធ​បាន​សុំ​ជំនួយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨៥–៨៨ ដើម្បី​ឃើញ​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​អនុវត្ត រឿង​ប្រដូច​នេះ​ចំពោះ​ពួក​បរិសុទ្ធ ដែល​ត្រូវបាន​ជម្លៀស​ចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន ។

ពួក​បរិសុទ្ធ​បាន​ធ្វើតាម​ការក្រើន​រំឭក​របស់​ព្រះអម្ចាស់ ។ ពួកគេ​បាន​ស្នើ ដានីយ៉ែល ដាំងឃ្លីន ដែល​ជា​អភិបាល​រដ្ឋ មិសសួរី ឲ្យ​ផ្ដល់​កងកម្លាំង​យោធា​ការពារ​ពួកគេ នៅ​ពេល​ពួកគេ​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ ។ គាត់​បាន​ច្រាន​ចោល​សំណើ​នោះ ដោយ​បាន​ពោល​ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ដូចនោះ​ទេ ។ ពួកគេ​ក៏​បាន​ស្នើ អាន់ឌ្រូ ចាកសុន ដែល​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ ឲ្យ​ជួសជុល​ផ្ទះ​សម្បែង និង ទ្រព្យសម្បត្តិ​របស់​ពួកគេ ហើយ​ការពារ​ដល់​ពួកគេ ប៉ុន្តែ គាត់​ពុំ​បាន​ផ្ដល់​ជំនួយ​ឡើយ ។ នៅ​គ្រា​នោះ មន្ត្រី​រដ្ឋាភិបាល​នៃ​សហរដ្ឋ​បាន​គិត​ថា អភិបាល​រដ្ឋ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ ។ ពួក​បរិសុទ្ធ​ក៏​បាន​ដាក់​ញត្តិ​ទៅ​កាន់​នីតិកាល​របស់​រដ្ឋ​ផងដែរ ប៉ុន្តែ អ្នក​នយោបាយ​ទាំងនោះ​បាន​បដិសេធ​មិន​ព្រម​ជួយ ។

សូម​អាន​ត្រួសៗ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៨៩–៩១ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល ថាតើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នឹង​ទទួល​ខុសត្រូវ​យ៉ាង​ដូចម្ដេច​ខ្លះ បើ​ពួកគេ​បដិសេធ​ពុំ​ជួយ​ពួក​បរិសុទ្ធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩២-៩៥ដោយ​ស្វែងរក​ការណ៍ ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ សម្រាប់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​របស់​ពួកគេ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩២ បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​ព្រះអម្ចាស់ ?

នៅ​ពេល​អ្នក​ពិនិត្យពិច័យ​លើ​ខគម្ពីរ​ទាំងនេះ ហើយ​សរសេរ​អំពី ខទី ៩២សូម​ញែក​ពេល​ពិចារណា​អំពី​សេចក្ដី​ស្រឡាញ់ និង សេចក្ដី​មេត្តា​របស់​ព្រះ ។ សូម​កត់ចំណាំ​ថា ទ្រង់​ពុំ​មាន​ព្រះទ័យ​ដាក់​ទោស​រាស្ត្រ​របស់​ទ្រង់​នោះ​ទេ ។ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​រាស្ត្រ​ទ្រង់​ទាំងអស់​គ្នា​ប្រែចិត្ត ដើម្បី​ទ្រង់​អាច​មាន​សេចក្ដី​មេត្តា​ចំពោះ​ពួកគេ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩៦–១០១យើង​អាន​អំពី​ឱវាទ​របស់​ព្រះអម្ចាស់​ប្រទាន​ទៅ​ដល់​ពួក​បរិសុទ្ធ ឲ្យ​រក្សា​ទុក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅ​ឃុំ​ចាកសុន ទោះ​ជា​ពួកគេ​ពុំ​ត្រូវបាន​អនុញ្ញត​ឲ្យ​រស់នៅ​ទីនោះ​យ៉ាង​ណា​ក្ដី ។ ខគម្ពីរ​ទាំងនេះ​ក៏​រួម​បញ្ចូល​ទាំង​ការសន្យា​ពី​ព្រះអម្ចាស់​ថា បើ​សិន​ជា​ពួក​បរិសុទ្ធ​រស់នៅ​ដោយ​មាន​ភាពសក្ដិសម នោះ​ពួកគេ​នឹង​អាច​រស់នៅ​ទីនោះ​បាន នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០២

ព្រះអម្ចាស់​ត្រាស់​បង្រៀន​ក្រុមប្រឹក្សា​ជាន់​ខ្ពស់ ស្ដីពី​របៀប​ដោះស្រាយ​បញ្ហា​លំបាកៗ

គោលលទ្ធិ និង សេចក្តីសញ្ញា ១០២ មាន​ការបង្រៀន​របស់​ព្រះអម្ចាស់ ស្ដីពី​របៀប​ដែល​ប្រធាន​ស្តេក ជួយ​ដល់​ទីប្រឹក្សា និង សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​របស់​លោក ឲ្យ​ដឹកនាំ​ក្រុមប្រឹក្សា​វិន័យ សម្រាប់​អ្នក​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ។ « គោលបំណង​របស់​ក្រុម​ប្រឹក្សា​វិន័យ​គឺ​ត្រូវ (១) ជួយ​សង្គ្រោះ​ព្រលឹង​នៃ​អ្នក​ប្រព្រឹត្ត​រំលង​ច្បាប់ (២) ការពារ​ជន​ឥត​ទោស និង (៣) ការពារ​ភាពបរិសុទ្ធ​ស្អាត ភាពថ្លៃថ្នូរ និង ឈ្មោះ​ដ៏​ល្អ​របស់​សាសនាចក្រ » (ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៧២–៧៣) ។ ព្រះអម្ចាស់​បាន​បើកសម្ដែង​ព្រះឆន្ទៈ​របស់​ទ្រង់ ទៅ​ដល់​អ្នក​ដែល​ធ្វើ​អធិបតី​លើ​ក្រុមប្រឹក្សា​វិន័យ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១១០២ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖