ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៣ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦; ១០៧:១–២០


មេរៀន​ទី ២៣ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦; ១០៧:១–២០

បុព្វកថា

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៦ នៅ​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៨៣៤ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ហៅ វ៉ារិន ខៅឌើរី ឲ្យ​ធ្វើ​អធិបតី​លើ​សាសនាចក្រ​នៅ​ដែនដី ហ្វ្រីដុម រដ្ឋនូវ យ៉ោក និងសហគមន៍​ក្បែរៗ​នោះ ។ វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ ត្រូវបាន​កត់ត្រា​ក្នុង​ឆ្នាំ ១៨៣៥ ប៉ុន្តែ ព្រះអម្ចាស់​បាន​ប្រទាន​ផ្នែក​ជាក់លាក់ៗ​នៃ​វិវរណៈ​នេះ​ទៅ​ដល់ យ៉ូសែប ស៊្មីធ នៅ​ពេល​ខុសៗ​គ្នា ។ នៅ​គ្រា​ដែល​វិវរណៈ​នេះ​ត្រូវបាន​កត់ត្រា សមាជិក​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​ទើបតែ​បាន​បង្កើត​ឡើង​នោះ បាន​ត្រៀមខ្លួន​ចេញ​បម្រើ​បេសកកម្ម ។ នេះ​គឺ​ជា​មេរៀន​ទី​មួយ ក្នុង​ចំណោម​មេរៀន​ទាំង​បី​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦

ព្រះអម្ចាស់​ត្រាស់​ហៅ វ៉ារិន ខៅឌើរី ឲ្យ​ធ្វើ​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី នៅ​ដែនដី​ហ្វ្រីដុម រដ្ឋនូវ យ៉ោក ។

សូម​គិត​អំពី​គ្រា​មួយដែល​ប៊ីស្សព ឬ ប្រធាន​សាខា​ថ្មី​មួយ​រូប​ត្រូវបាន​ហៅ ។ តើ​អ្នក​គិត​ថា បុគ្គល​នោះ​មាន​អារម្មណ៍​ដូចម្ដេច ?

ក្នុង​ឆ្នាំ ១៨៣៤ សាសនាចក្រ​បាន​មាន​ភាពរីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​សហគមន៍​នៃ​ដែនដី​ហ្វ្រីដុម រដ្ឋនូវ យ៉ោក ដែល​មាន​ចម្ងាយ​មិន​ដល់ ៣២២ គីឡូម៉ែត្រ​ពី​ទីក្រុង ខឺត​ឡង់ រដ្ឋអូហៃអូ ។ ព្រះអម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​ដឹកនាំ​បព្វជិតភាព ឲ្យ​ធ្វើ​អធិបតី​លើ​សមាជិក​នៅ​ទីនោះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦:១ ដើម្បី​ឃើញ​របៀប​ដែលព្រះអម្ចាស់​បាន​ចាត់តាំង​ឲ្យ​ធ្វើ​អធិបតី ។

រូបភាព
ផែនទីរដ្ឋនូវ យ៉ោក និងរដ្ឋអូហៃអូ

វ៉ារិន ខៅឌើរី គឺ​ជា​បងប្រុស​របស់ អូលីវើរ ខៅឌើរី ។ នៅ​ពេល វ៉ារិន ខៅឌើរី ទទួល​បាន​ការហៅ​ឲ្យ​បម្រើ​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតី គាត់​អាច​មាន​អារម្មណ៍​ស្រដៀង​គ្នា​ទៅ​នឹងប៊ីស្សព ឬ ប្រធាន​សាខា ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ថ្មីៗ​ដែរ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​លួងលោមចិត្ត នៅ​ពេល​បងប្រុស ខៅឌើរី បាន​ទទួល​យក​ការ​ហៅ​បម្រើ​ថ្មី​របស់​គាត់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦:២–៣ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​បងប្រុស ខៅឌើរី ធ្វើ នៅ​ពេល​គាត់​ធ្វើ​អធិបតី​លើ​សមាជិក​សាសនាចក្រ​នៅ​ក្នុង​តំបន់​នៃ​ដែនដី​ហ្វ្រីដុម រដ្ឋនូវ យ៉ោក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦:៦រួច​ស្វែងរក​អ្វី​ដែល វ៉ារិន ខៅឌើរី បាន​ធ្វើ ដែល​នាំ​ទៅ​រក​សេចក្ដី​អំណរ​នៅ​ឯ​ស្ថានសួគ៌ ។ នៅ​ពេល​អ្នក​អាន សូម​កត់ចំណាំ​ថា ដំបង​ពេជ្រ គឺ​ជា​វត្ថុ​ដែល​ព្រះមហាក្សត្រ​កាន់ ។ វា​គឺ​ជា​និមិត្តរូប​នៃ​សិទ្ធិអំណាច ។ នៅ​ក្នុង​ខគម្ពីរ​នេះ ឃ្លា « ក្រាប​ចំពោះ​ដំបង​ពេជ្រ​របស់​យើង » សំដៅ​ទៅ​លើ​បងប្រុស ខៅឌើរី កំពុង​តែ​បន្ទាប​ខ្លួន​របស់​គាត់​នៅ​ចំពោះ​ព្រះចេស្ដា​របស់​ព្រះ និង ឃ្លា « បំបែក​ខ្លួន​ចេញ​ពី​កលល្បិច​នៃ​មនុស្ស » ទំនងជា​សំដៅ​ទៅ​លើ​បងប្រុស ខៅឌើរី កំពុង​ដក​ខ្លួន​របស់​គាត់​ចេញ​ពីអំពើ​ដ៏​ឥតបាន​ការ និងទុច្ចរិត​នានា ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​បន្ទាប​ខ្លួន​របស់​អ្នក នៅ​ចំពោះ​ព្រះ ហើយ​បំបែក​ខ្លួន​អ្នក​ចេញ​ពី​អំពើ​ទុច្ចរិត​នានា ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦:៧–៨យើង​អាន​ឱវាទ​របស់​ព្រះអម្ចាស់​ប្រទាន​ទៅ​ដល់ វ៉ារិន ខៅឌើរី និងសេចក្ដី​សន្យា​របស់​ទ្រង់​ថា​នឹង​ប្រទានពរ​ដល់ វ៉ារិន ចំពោះ​ការធ្វើតាម​ឱវាទ​នោះ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ រួច​សង្ខេប​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់ ដោយ​បំពេញ​ចន្លោះ​ដូចតទៅ​នេះ ៖ បើ​យើង ខ្លួន​យើង​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​មាន​សេចក្ដី​មេត្តា​ករុណា​មក​លើ​យើង យើង​ឡើង ហើយ​ប្រទាន​ដល់​យើង​នូវ  ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះអម្ចាស់​លើក​អ្នក​ទាំងឡាយ ដែល​បន្ទាប​ខ្លួន​ចំពោះ​ទ្រង់​ឡើង​តាម​របៀប​ណា​ខ្លះ ?

    2. តើ​នៅ​ពេល​ណា​ដែល​អ្នក​ធ្លាប់​ឃើញ នរណាម្នាក់​ត្រូវបាន​លើក​ឡើង ដោយសារ​តែ​ពួកគេ​បាន​បន្ទាប​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១-២០

ព្រះអម្ចាស់​បង្រៀន​អំពី​បព្វជិតភាព​មិលគីស្សាដែក និង អើរ៉ុន

សូម​ព្យាយាម​ទាយ​ថាតើ​ព្យាការី​មួយ​ណា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ដែល​ត្រូវបាន​ពិពណ៌នា​នៅ​ក្នុង​កថាខណ្ឌ​ខាង​ក្រោម​នេះ ៖

ព្យាការី​រូប​នេះ « គឺ​ជា​បុរស​នៃ​សេចក្ដី​ជំនឿ ដែល​បាន​រស់នៅ​ដោយ​សុចរិត ហើយ​កាល​នៅ​ជា​កុមារ លោក​បាន​កោតខ្លាច​ដល់​ព្រះ ហើយ​បាន​ចង​មាត់​សិង្ហ ថែមទាំង​បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ » (ការបកប្រែ​ដោយយ៉ូសែប ស៊្មីធ លោកុប្បត្តិ ១៤:២៦ [ នៅ​ក្នុង​សេចក្ដី​បន្ថែម​នៃ​ព្រះគម្ពីរ​ប៊ីប ] ) ។ ក្នុង​នាម​ជា​ស្តេច​ក្រុង​សាឡិម ទ្រង់ « បាន​បង្កើត​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ស្រុក​នៅ​សម័យ​ទ្រង់ ហេតុដូច្នេះហើយ ទ្រង់​ត្រូវបាន​ហៅ​ថា​ជា​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត » ( អាលម៉ា ១៣:១៨ ) ។ ព្យាការី អ័ប្រាហាំ បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទៅ​កាន់​លោក ( សូម​មើល អាលម៉ា ១៣:១៥ ) ។

រូបភាព
មិលគីស្សាដែកតែងតាំង អ័ប្រាហាំ

សូម​មើល អាលម៉ា ១៣:១៤–១៨ ដើម្បី​ស្វែងរក ថាតើ​ព្យាការី​នោះ​គឺ​ជា​នរណា ។ បន្ទាប់​មកសូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១–៤ រួច​ស្វែងរក​មូលហេតុ​ដែលបព្វជិតភាព​មិលគីស្សាដែក ត្រូវបាន​ដាក់​ឈ្មោះ​តាម​ព្យាការី មិលគីស្សាដែក ។

តើ​បព្វជិតភាព​មិលគីស្សាដែក​ត្រូវបាន​ហៅ​ថា​ដូចម្ដេច ពីមុន​ជំនាន់​របស់​មិលគីស្សាដែក ?

សូម​គិត​អំពី​ការគូសចំណាំ​ហេតុផល​ចំនួន​ពីរ ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​នៅ​ជំនាន់​បុរាណ ហៅ​បព្វជិតភាព​នេះ​តាម​ឈ្មោះ​លោក មិលគីស្សាដែក ។

អ្នក​ក៏​អាច​នឹង​គិត​អំពី​ការគូសចំណាំ សេចក្ដីថ្លែង​ការណ៍​នៃ​គោលលទ្ធិ​ដូចតទៅ​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៣ ៖ បព្វជិតភាព​មិលគីស្សាដែកគឺ​តាម​របៀប​នៃ​ព្រះរាជ​បុត្រា​នៃ​ព្រះ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប ដែល​គោលលទ្ធិ​នេះ​នឹង​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ជីវិត​របស់​អ្នក​កាន់​បព្វជិតភាព ៖ « នៅ​ពេល​សិទ្ធិអំណាច​បព្វជិតភាព​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ នោះ​អ្នក​កាន់​បព្វជិតភាព​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់ [ ព្រះយេស៊ូវគ្រីស្ទ ] នឹង​ធ្វើ បើសិនជា​ទ្រង់​មាន​វត្តមាន​នៅ​ទី​នេះ » ( « The Power of the Priesthood » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៧ ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​ការពន្យល់​នេះ ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៣ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ឃើញ​នរណា​ម្នាក់ប្រើប្រាស់​បព្វជិតភាព​យ៉ាង​ត្រឹមត្រូវ ដោយ​ធ្វើ​នូវ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើ ។

បើ​សិន​ជា​គ្មាន​បព្វជិតភាព​មិលគីស្សាដែក​ទេ​នោះ សាសនាចក្រ​ពុំ​កើត​មាន​ឡើង​ឡើយ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៥, ៨–៩ដោយ​ស្វែងរក​ពាក្យ ឬ ឃ្លាដែល​បង្រៀន​អំពី​របៀប​ដែល​បព្វជិតភាព​មិលគីស្សាដែក ទាក់ទង​ទៅ​នឹង​អង្គការ​នានា​នៃ​សាសនាចក្រ​មាន​ដូចជា ថ្នាក់​បឋមសិក្សា ថ្នាក់​សាលា​ថ្ងៃអាទិត្យ ថ្នាក់​យុជន ថ្នាក់​យុវនារី និងថ្នាក់​សមាគម​សង្គ្រោះ ។ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​កាន់តែ​ស្រួល ) ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ៥ ថា អង្គការ​ទាំងនេះ​ត្រូវបាន​ហៅ​ថា បន្តោងបញ្ជាប់ ។ បន្តោងបញ្ជាប់​គឺ​ជា​ផ្នែក​នៃ​រូបរាងកាយ​មាន​ដូចជា ដៃ ឬ ជើង ។

ដើម្បី​យល់​អំពី​សិទ្ធិ និងសិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក សូម​យោង​ទៅ​កាន់ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨ ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ បព្វជិតភាព​មិលគីស្សាដែក មាន​សិទ្ធិ​ខាង អំណាច និង សិទ្ធិអំណាច​លើ និងសិទ្ធិអំណាច​ដើម្បី​ចាត់ចែង​ ការណ៍​ទាំងឡាយ ។

« ចាត់ចែង​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ » រួមបញ្ចូល​ទាំង​ពរជ័យ ពិធីបរិសុទ្ធ និងសេចក្ដី​សញ្ញា​ទាំងឡាយ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​អ្នក​មាន​ពរ តាមរយៈ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ អ្នក​អាច​សរសេរ​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ទទួល​ពរជ័យ ដែល​អ្នក​បាន​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ ឬ ដែល​អ្នក​បាន​ធ្វើ​សេចក្ដី​សញ្ញា ។

« គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ » ដែល​មាន​លើក​ឡើង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៩គឺ​ជា​គណៈប្រធាន​ទី​មួយ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១០ដោយ​ស្វែងរក​ថាតើ​នរណា ដែល​មាន​សិទ្ធិ​ធ្វើការ​នៅ​ក្រោម​ដឹកនាំ​នៃ​គណៈប្រធាន​ទី​មួយ ។

ប្រធាន​ស្តេក និងគណៈប៊ីស្សព គឺ​ជា​លំនាំ​មួយ​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់​ធ្វើការ នៅ​ក្នុង​គោលជំហ​របស់​ខ្លួន នៅ​ក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​ទី​មួយ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១៥–១៧ សំដៅ​ទៅ​លើ​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« នេះ​គឺ​ជា​តំណែង​ដែល អើរ៉ុន បាន​កាន់​កាល​ពី​បុរាណ សិទ្ធិ​ទទួល​បាន​តំណែង​នេះ គឺ​ជា​ការស្នង​វង្ស​ត្រកូល វា​ត្រូវបាន​ផ្ដល់​ពី​ឪពុក​ដែល​មាន​ភាពសក្ដិសម​ទៅ​ដល់​កូន​ដែល​មាន​ភាពសក្ដិសម ។… ប៉ុន្តែ នៅ​ក្នុង​វិវរណៈ​មួយ​ប្រទាន​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ ចំពោះ​ការកំណត់​ខ្សែ​ស្រឡាយ និងបុគ្គល​ឲ្យ​កាន់​តំណែង​ជាន់​ខ្ពស់​នៃ​គណៈប៊ីស្សព និងគណៈ​ប្រធាន​លេវី គឺ​គណៈប្រធាន​ទី​មួយ​ជា​អ្នក​ជ្រើសតាំង ‹ សង្ឃជាន់ខ្ពស់​មួយ​រូប​នៃ​បព្វជិតភាព​មិលគីស្សាដែល › ឲ្យ​កាន់​តំណែង​នេះ ។ នៅ​ក្នុង​ព្រឹត្តិ្កការណ៍​នេះ​ដែរ ទីប្រឹក្សា​ចំនួន​ពីរ​រូប​ក៏​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី​ដែរ ។ (គ. និង ស. ៦៨:១៤–២១; ១០៧:១៥–១៧, ៦៨–៧៨ ) ។

« ក្នុង​នាម​ជា​អ្នក​កាន់​កូនសោ​នៃ​គណៈប្រធាន​លើ​បព្វជិតភាព​អើរ៉ុន​នៃ​សាសនាចក្រ និងលើ​ប៊ីស្សព​ដទៃ​ទៀត នោះ​ប៊ីស្សព​ជា​អធិបតី គឺ​ជា​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ ។ គាត់​អង្គុយ​ក្នុង​តំណែង​ជា​ចៅក្រម​នៅ​អ៊ីស្រាអែល ដែល​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​ខាង​អាណាចក្រ​នៃ​នគរ ( គ. និង ស. ១០៧:៦៨–៧៤ ) ទទួល​ដង្វាយ​ដែល​សម្រាប់​ជួយ​ដល់​ជនក្រីក្រ​របស់​ព្រះអម្ចាស់ ( គ. និង ស. ៤២:៣១–៣៣; ៥១:៥, ១២–១៣ ) ហើយ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ដំណើរ និងប្រកាស​ដំណឹងល្អ​ដើម្បី​ជា​ជំនួយ​ដល់​ការស្ថាបនា​នគរ​ឡើង ។ ( គ. និង ស. ៨៤:១១២–១១៦ ) » (Mormon Doctrine ការបោះពុម្ព​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៥៩២ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១៨រួច​គូសចំណាំ​សេចក្ដី​ថ្លែងការណ៍​នៃ​គោលលទ្ធិ​ដូចតទៅ​នេះ ៖ បព្វជិតភាព​មិលគីស្សាដែក កាន់​កូន​សោ​នៃ​រាល់​ពរជ័យ​ខាង​វិញ្ញាណ​នៃ​សាសនាចក្រ ។

« កូនសោ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាច​ព្រះ ដែល​បាន​ប្រទាន​ដល់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដើម្បី ដឹកនាំ គ្រប់គ្រង និង ត្រួតត្រា​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ការប្រើប្រាស់​សិទ្ធិអំណាច​បព្វជិតភាព គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នក​ទាំងឡាយ​ដែល​កាន់​កូនសោ ( សូម​មើល គ. និង ស. ៦៥:២; ៨១:២; ១២៤:១២៣ ) ។ អ្នក​ទាំងឡាយ​ដែល​កាន់​កូនសោ មាន​សិទ្ធិ​ដើម្បី​ធ្វើ​អធិបតី និងដឹកនាំ​សាសនាចក្រ​នៅ​ក្នុង​ដែនកំណត់​មួយ » (ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០ ] ចំណុច ២.១.១) ។ ដែន​កំណត់​គឺ​ជា​តំបន់​ភូមិសាស្ត្រ​មួយ ដែល​មនុស្ស​មួយ​ចំនួន​ក្នុង​តំបន់​នោះ​មាន​នូវ​សិទ្ធិ​អំណាច ។ តួយ៉ាង ដែន​កំណត់​របស់​ប៊ីស្សព គឺ​ជា​វួដ​របស់​គាត់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨–៩, ១៨យើង​អាន​អំពី​អំណាច សិទ្ធិអំណាច និងរបៀប​របប​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ សិទ្ធិ​នៃ​គណៈប្រធាន​នេះ មាន​ទំនាក់ទំនង​ជាមួយ​កូនសោ​នៃ​បព្វជិតភាព ។ វាក្យសព្ទ « កូនសោ​នៃ​បព្វជិតភាព » ត្រូវបាន​ប្រើ​យ៉ាង​ហោច​ណាស់​តាម​របៀប​ចំនួន​បី ៖ កូនសោ​ដែល​ត្រូវបាន​ប្រគល់​ដល់​ពួក​សាវក កូនសោ​នៃ​គណៈប្រធាន និងការប្រើប្រាស់​ជា​ទូទៅ​នៃ « កូនសោ​បព្វជិតភាព » ។

កូនសោ​ដែល​ត្រូវបាន​ប្រគល់​ដល់​ពួក​សាវក ។ អ្នក​ដែល​ត្រូវបាន​តែងតាំង​ជា​សាវក​ត្រូវបាន​ប្រទាន​ឲ្យ​នូវ (១) កូនសោ​នៃ​ពួក​សាវក ឬ កូនសោ​នៃ​នគរ—ដែល​ជា​អំណាច និងសិទ្ធិអំណាច​ដើម្បី​ធ្វើ​អធិបតី​លើ​សាសនាចក្រ និងនគរ​ព្រះ​នៅ​លើ​ផែនដី ( សូម​មើល គ. និង ស. ២៧:១២–១៣ ); (២) កូនសោ​នៃ​ការប្រមូល​រាស្ត្រ​អ៊ីស្រាអែល ឬ កិច្ចការ​ផ្សព្វផ្សាយ​សាសនា ( សូម​មើល គ. និង ស. ១១០:១១ ); (៣) កូនសោ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​អ័ប្រាហាំ និងការស្ដារឡើងវិញ​គ្រប់​អ្វី​ទាំងអស់ ( សូម​មើល គ. និង ស. ១១០:១២ សូម​មើល​ផងដែរ គ. និង ស. ២៧:៦–៧ ) និង (៤) កូនសោ​នៃ​អំណាច​ដើម្បី​ផ្សារភ្ជាប់ ( សូម​មើល គ. និង ស. ១១០:១៣–១៥ ) ។ មាន​តែ​ពួក​សាវក​ប៉ុណ្ណោះ ទើប​មាន​កូនសោ​បព្វជិតភាព​ទាំងនេះ ដ្បិត​ពួកលោក​ពុំ​ប្រគល់​កូនសោ​ទាំងនេះ​ទៅ​ឲ្យ​មនុស្ស​ដទៃ​ឡើយ ។

« ព្រះយេស៊ូវគ្រីស្ទ​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់ សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ម្នាក់ៗ​រាល់​កូនសោ ដែល​មាន​សម្រាប់​នគរ​ព្រះ​នៅ​លើ​ផែនដី ។ សាវក​ច្បង​ដែល​កំពុង​រស់នៅ ដែល​ជា​ប្រធាន​សាសនាចក្រ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ដែល​ត្រូវបាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ប្រើ​រាល់​កូន​សោ​បព្វជិតភាព ( សូម​មើល គ. និង ស. ៤៣:១–៤; ៨១:២; ១០៧:៦៤–៦៧, ៩១–៩២; ១៣២:៧ ) ។

« ពួក​ចិតសិប​នាក់ បម្រើ​តាម​ការចាត់តាំង និងតាម​ការផ្ទេរ​សិទ្ធិអំណាច ពី​គណៈប្រធាន​ទី​មួយ និងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ប្រធាន​តំបន់ត្រូវបាន​ចាត់តាំង​ឲ្យ​គ្រប់គ្រង​លើ​តំបន់​នានា ដោយ​មាន​ការអនុញ្ញាត​ពី​គណៈប្រធាន​ទី​មួយ និង ពួក​ដប់​ពីរ​នាក់ ។ គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ ត្រូវបាន​ញែក​ចេញ និងប្រគល់​កូនសោ​ឲ្យ​ធ្វើ​អធិបតី​លើ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ » (ក្បួន​ខ្នាត​ភាគ ២ចំណុច ២.១.១) ។

រូបភាព
បុរស​ម្នាក់​កំពុង​ទទួល​ពរជ័យ​នៃ​បព្វជិតភាព

កូនសោ​នៃ​គណៈប្រធាន ។ « ប្រធាន​នៃ​សាសនាចក្រ បែងចែក​កូនសោ​នៃ​បព្វជិតភាព​ទៅ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ដទៃ​ទៀត ដើម្បី​ពួកគាត់​អាច​ធ្វើ​អធិបតី​នៅ​ក្នុង​ផ្នែក​នៃ​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន ។ កូនសោ​បព្វជិតភាព​ត្រូវបាន​ប្រគល់​ឲ្យ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ បេសកកម្ម ស្តេក និង មណ្ឌល ប៊ីស្សព ប្រធាន​សាខា ព្រមទាំង​ប្រធាន​កូរ៉ុម​នានា ។ សិទ្ធិ​អំណាច​ធ្វើ​ជា​អធិបតី មាន​កំណត់​សម្រាប់​តែ​ការទទួល​ខុស​ត្រូវ​ដែល​បាន​ចាត់តាំង និងនៅ​ក្នុង​ដែន​កំណត់​ភូមិសាស្ត្រ​នៃ​ការហៅ​បម្រើ​របស់​អ្នក​ដឹកនាំ​គ្រប់​រូប » (ក្បួន​ខ្នាត​ភាគ ២ចំណុច ២.១.១) ។

ដោយ​បាន​ទទួល​កូនសោ​បព្វជិតភាព​ទាំងនេះ អ្នក​ដឹកនាំ​បព្វជិតភាព​មាន​សិទ្ធិអំណាច​ដើម្បី​បម្រើ​ជា អ្នក​កាន់​តំណែង​ជា​អធិបតី ។ តួយ៉ាង ប៊ីស្សព​បម្រើ​ជា​សង្ឃ​ជាន់​ខ្ពស់​ជា​អធិបតីនៅ​ក្នុង​វួដ ហើយ​ក៏​ជា​ប្រធាន​នៃ​បព្វជិតភាព​អើរ៉ុន​នៅ​ក្នុង​វួដ​ដែរ ។ ថ្នាក់​ដឹកនាំ​បព្វជិតភាព ដែល​ទទួល​បាន​កូនសោ ក៏​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​សិទ្ធិ​ទទួល​អំណោយទាន និងអំណាច​មាន​ដូចជា​អំណោយទាន​នៃ​ការញាណ​ដឹង ។ ឧទាហរណ៍ ប៊ីស្សព​មួយ​រូប​បម្រើ​ជា​ចៅក្រម​ទូទៅ ហើយ​ទទួល​បាន​លទ្ធភាព​ខាង​វិញ្ញាណ ដើម្បី​ជួយ​សមាជិក​ដែល​ត្រូវការ​ដំបូន្មាន​សម្រាប់​បញ្ហា​ចាំបាច់​ផ្ទាល់ខ្លួន​រួម​មាន អំពើរំលង​ដ៏​ធ្ងន់ធ្ងរ ។

« នៅ​ពេល​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ត្រូវបាន​ដោះលែង​ពី​ការហៅ​បម្រើ​របស់​ខ្លួន ពួក​លោក​ពុំ​កាន់​កូនសោ​ដែល​ជាប់​ទាក់ទង​នឹង​ការហៅ​បម្រើ​នោះ​ទៀត​ឡើយ ។

« ទីប្រឹក្សា​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព ពុំ​មាន​កូនសោ​នោះ​ទេ ។ ពួក​លោក​ត្រូវបាន​ញែក​ចេញ ហើយ​ធ្វើ​ការហៅ​បម្រើ​របស់​ខ្លួន តាម​ការចាត់តាំង និងសិទ្ធិអំណាច​ដែល​បាន​ផ្ទេរ​ឲ្យ ។

« អង្គការ​ជំនួយ​របស់​វួដ និងស្តេក​ទាំងអស់ ប្រតិបត្តិការ​នៅ​ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព និងប្រធាន​ស្តេក ដែល​កាន់​កូនសោ​ដើម្បី​ធ្វើ​អធិបតី ។ ប្រធាន​អង្គការ​ជំនួយ និងទីប្រឹក្សា​របស់​ពួក​គាត់ ពុំ​មាន​កូនសោ​នោះ​ទេ ។ ពួកគាត់​មាន​សិទ្ធិអំណាច​ដែល​បាន​ផ្ទេរ​ឲ្យ ដើម្បី​បម្រើ​នៅ​ក្នុង​ការហៅ​របស់​ខ្លួន » (ក្បួន​ខ្នាត​ភាគ ២ចំណុច ២.១.១) ។

ការប្រើប្រាស់​ជា​ទូទៅ​នៃ « កូនសោ​បព្វជិតភាព » ។ ការប្រើប្រាស់​ជា​ទូទៅ​នៃ​វាក្យសព្ទ « កូនសោ​បព្វជិតភាព » ឬ « កូនសោ​នៃ​បព្វជិតភាព » អាច​ត្រូវបាន​យល់​ថា​ជា សិទ្ធិ​របស់​ថ្នាក់​ដឹកនាំ​បព្វជិតភាព និងមាន​ចំពោះ​ពួក​គាត់ ឬ ក្នុង​ករណី​ជា​ច្រើន​មាន​ចំពោះ​សមាជិក ។ សិទ្ធិ​ទាំងនេះ ត្រូវតែ​បាន​កំណត់​នៅ​ក្នុង​បរិបទ​របស់​វា​រៀងៗ​ខ្លួន ។ ឧទាហរណ៍ កូនសោ​ចំពោះ​ការបម្រើ​នៃ​ពួក​ទេវតា មាន​សម្រាប់​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន តាមរយៈ​សិទ្ធិ ( សូម​មើល គ. និង ស. ១៣:១ ) ។ កូនសោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​នគរ ( សូម​មើល គ. និង ស. ៨៤:១៩–២០; ១២៨:១៤ ) មាន​ប្រើប្រាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ កូនសោ​នៃ​សេចក្ដី​សង្គ្រោះ គឺ​ជា​គោលលទ្ធិ និងពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​អ្នក​ស្វែងរក​សេចក្ដីពិត និងភាពសុចរិត ។ បុគ្គល​ម្នាក់ៗ ត្រូវតែ​មាន​ភាពសក្ដិសម និង បាន​បំណង​ប្រថ្នា​ចង់​បាន​កូនសោ​នីមួយៗ​ទាំងនេះ ទើប​វា​បើក​បង្ហាញ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១៩យើង​អាន​អំពី​ពរជ័យ​មួយ​ចំនួន ដែល​កើត​មាន​តាមរយៈ​បព្វជិតភាព​មិលគីស្សាដែក ។ សូម​អាន​ខគម្ពីរ​នេះ រួច​ស្វែងរក​ពរជ័យ​ទាំងនោះ ។

រូបភាព
យ៉ូសែប ស៊្មីធ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​អំពី​សារៈសំខាន់​នៃ​បព្វជិតភាព​មិលគីស្សាដែក ក្នុង​ការផ្ដល់​ឲ្យ​មាន​ពរជ័យ ៖ « បព្វជិតភាព​មិលគីស្សាដែក … គឺ​ជា​បណ្ដាញ​មួយ ដែល​តាមរយៈ​បណ្ដាញ​នោះ ចំណេះដឹង គោលលទ្ធិ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង រាល់​កត្តា​សំខាន់ៗ ត្រូវ​បាន​បើកសម្ដែង​ពី​ស្ថានសួគ៌ » ( នៅ​ក្នុង History of the Church ៤:២០៧ ) ។

សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ អាច​ទទួល​បាន​ពរជ័យ ដែល​មាន​មក​ពី​បព្វជិតភាព​មិលគីស្សាដែក ។ ពរជ័យ​ទាំងនេះ​មាន​ដល់​មនុស្ស​ទាំងអស់ ដែល​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ខ្លួន ។

សូម​គិត​អំពី​នរណាម្នាក់​ដែល​អ្នក​ស្គាល់ ដែល​កាន់​បព្វជិតភាព​អើរ៉ុន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១៣–១៤, ២០ដោយ​ស្វែងរក​អ្វីដែល​ព្រះអម្ចាស់​បាន​បង្រៀន អំពី​សិទ្ធិ​អំណាច​បព្វជិតភាព​អើរ៉ុន ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បព្វជិតភាព​អើរ៉ុន កាន់​កូនសោ​នៃ ហើយ​ចាត់ចែង​ពិធី​បរិសុទ្ធ​ខាង​ក្រៅ​ទាំងឡាយ ។

តើ​មាន​ពិធី​បរិសុទ្ធ​អ្វីខ្លះ នៅ​ក្នុង ខទី ២០ ? តើ​មាន​ពិធី​បរិសុទ្ធ​អ្វី​ខ្លះ​ទៀត ដែល​ត្រូវ​បាន​ចាត់ចែង​ដោយ សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​អើរ៉ុន ?

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​ទំនាក់ទំនង​រវាង​ការបម្រើ​នៃ​ពួក​ទេវតា និងពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង សាក្រាម៉ង់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​អើរ៉ុន​ទាំងនេះ … មាន​សារៈសំខាន់​ចំពោះ​ការបម្រើ​នៃ​ពួកទេវតា ។

« ‹ ពាក្យ « ទេវតា » គឺ​ត្រូវបាន​ប្រើ​ក្នុង​បទគម្ពីរ​សម្រាប់​តួអង្គ​ស្ថានសួគ៌​គ្រប់​អង្គ ដែល​មាន​សារដំណឹង​របស់​ព្រះ › ( ចច ឃ្យូ ខានុន Gospel Truth, ជ្រើសរើស​ចេញ​ពី Jerreld L. Newquist [ ឆ្នាំ ១៩៨៧ ] ទំព័រ ៥៤ ) ។ បទគម្ពីរ​រៀបរាប់​នូវ​ឧទាហរណ៍​យ៉ាងច្រើន ដែល​ពួក​ទេវតា​បាន​លេច​មក​ជាតួអង្គ ។… កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​គិត​ថា លក្ខណៈ​ដូចនោះ គ្រាន់តែ​ជា​ភាពសំខាន់​មួយ​ប៉ុណ្ណោះ ដែល​ហៅ​ថាជា​ការបម្រើ​នៃ​ពួក​ទេវតា​នោះ ។ ក្នុង​នាម​ជា​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​វ័យ​ក្មេង ខ្ញុំ​ពុំ​ដែល​គិត​ថា ខ្ញុំ​នឹង​ឃើញ​ទេវតា​ទេ ហើយ​ខ្ញុំ​បាន​ងឿង​ឆ្ងល់​អំពី​លក្ខណៈ​ដូចនោះ មាន​ទាក់ទង​អ្វី​នឹង​បព្វជិតភាព​អើរ៉ុន។

« ប៉ុន្តែ​ការ​បម្រើ​នៃ​ពួកទេវតា ក៏​អាច​ត្រូវ​បាន​លាក់​កំបាំង​ផងដែរ ។ សារលិខិត​របស់ទេវតា អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សម្លេង ឬ​ដោយ​គំនិត ឬ​អារម្មណ៍​ទំនាក់ទំនង​នៅក្នុង​ចិត្ត ។…

« … ទេវតា​ភាគ​ច្រើន​ទំនាក់ទំនង​តាម​រយៈ​អារម្មណ៍ ឬ បាន​ស្ដាប់​ឮ ជាជាង​ការបាន​ឃើញ ។

« ជាទូទៅ ពរជ័យ​នៃ​ការមាន​ភាពជាដៃគូ និង​ទំនាក់ទំនង​ខាង​វិញ្ញាណ គឺ​មាន​តែ​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​ស្អាត​ស្អំ​ប៉ុណ្ណោះ ។… តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព​អើរ៉ុន​នៃ​ពិធីបុណ្យជ្រមុជទឹក និង ពិធីសាក្រាម៉ង់ នោះ​យើង​ត្រូវ​បាន​ស្អាតស្អំ​ពី​អំពើ​បាប​របស់​យើង ហើយ​បាន​សន្យា​ថា បើ​យើង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​យើង នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។ ខ្ញុំ​ជឿ​ថា ការសន្យា​ពុំ​សំដៅ​តែ​ទៅ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ប៉ុន្ដែ​ក៏​សំដៅ​ទៅ​លើ​ការ​បម្រើ​នៃ​ពួក​ទេវតា​ដែរ ដ្បិត ‹ ពួក​ទេវតា​និយាយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហេតុដូច្នោះ​ហើយ ពួក​ទេវតា​និយាយ​អំពី​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ › (នីហ្វៃទី​២ ៣២:៣ ) ។ ដូច្នេះ គឺ​អ្នក​ទាំងឡាយ​ដែល​កាន់​បព្វជិត​ភាព​អើរ៉ុន ដែល​បើក​ទ្វារ​សម្រាប់​សមាជិក​សាសនាចក្រ​ទាំងអស់ ដែល​ទទួល​ទាន​ពិធីសាក្រាម៉ង់​ដោយ​សក្ដិសម ដើម្បី​រីករាយ​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និងការ​បម្រើ​នៃ​ពួកទេវតា » ។ ( « The Aaronic Priesthood and the Sacrament » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៨–៣៩ ) ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​មាន​ពរ តាមរយៈ​បព្វជិតភាព​អើរ៉ុន ។ ( អ្នក​អាច​នឹង​ចង់​គិត​អំពី​ពិធី​បុណ្យជ្រមុជទឹក និងបទពិសោធន៍​របស់​អ្នក​ក្នុង​ការទទួលទាន​សាក្រាម៉ង់ ) ។

សូម​សរសេរ​តំណែង​បព្វជិតភាព​ដូចតទៅ​នេះ ដាក់​នៅ​ក្រោម​ចំណងជើង​ត្រឹមត្រូវ​ក្នុង​តារាង ៖ អែលឌើរ សង្ឃ​ជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិបនាក់ សាវក ឌីកុន គ្រូ សង្ឃ ប៊ីស្សព ។ ( តំណែង​បព្វជិតភាព​ចំនួន​ពីរ សាវក និង ប៊ីស្សព ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ទីតាំង​ត្រឹមត្រូវ ) ។

បព្វជិតភាព​មិលគីស្សាដែក

បព្វជិតភាព​អើរ៉ុន

សាវក

ប៊ីស្សព

អ្នក​នឹង​យោង​ទៅ​កាន់​តារាង នៅ​ក្នុង​មេរៀន​ចំនួន​ពី​បន្ទាប់​ទៀត នៅ​ពេល​អ្នក​រៀន​បន្ថែម​អំពី​តំណែង​បព្វជិតភាព ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨

  1. ដើម្បី​យល់​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨ឲ្យ​បាន​កាន់តែ​ច្បាស់ សូម​អាន​ពាក្យ​មួយ​ម៉ាត់​ដំបូង​គេ « បព្វជិតភាព » ឲ្យ​ឮៗ ។ បន្ទាប់​មក សូម​អាន​ពាក្យ​ពីរ​ម៉ាត់​ដំបូង​គេ ៖ « បព្វជិតភាព​មិលគីស្សាដែក » ។ សូម​បន្ត​អនុវត្ត​តាម​លំនាំ​នេះ រហូត​ដល់​អ្នក​ទន្ទេញ​ចាំ​ខគម្ពីរ​ទាំងមូល ។ សូម​បិទ​ព្រះគម្ពីរ​របស់​អ្នក រួច​ព្យាយាម​សូត្រ​ខគម្ពីរ​ទាំងមូល​ចេញ​ពី​ការចងចាំ ។ បើ​អ្នក​ពុំ​អាច​សូត្រ​ចេញ​ពី​ការចងចាំ​ទេ សូម​បើក​ព្រះគម្ពីរ​របស់​អ្នក​ម្ដង​ទៀត ហើយ​ធ្វើ​តាម​លំនាំ​ដដែល ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​អំពី​កាល​បរិច្ឆេទ​ដែល​អ្នក​បាន​បញ្ចប់​លំហាត់​នេះ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦១០៧:១–២០ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និងការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖