ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៣ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧


មេរៀន​ទី ២៣ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧

បុព្វកថា

នៅ​ថ្ងៃ​ទី ២១ ខែ មករា ឆ្នាំ ១៨៣៦ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រជុំ​ជាមួយ​ទីប្រឹក្សា​ទី​មួយ​របស់​លោក​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ ព្រម​ទាំង​ឪពុក​របស់​លោក យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ នៅ​ក្នុង​បន្ទប់​ជាន់​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ដែល​បាន​សាងសង់​ជិត​សព្វគ្រប់​ហើយ​នោះ ។ នៅ​ក្នុង​ឱកាស​នេះ ព្យាការី​បាន​ទទួល​ការនិមិត្ត​អំពី​នគរ​សេឡេស្ទាល ហើយ​បាន​ស្ដាប់​ឮ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ប្រាប់​អំពី របៀប​ដែល​ទ្រង់​នឹង​ជំនុំជម្រះ បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​ចែកឋាន​ទៅ​ដោយ​ពុំ​ស្គាល់​ដំណឹងល្អ ។ វ៉ារិន ផារីស្ស ដែល​ជា​ស្មៀន​របស់ យ៉ូសែប ស៊្មីធ នៅ​គ្រា​នោះ បាន​កត់ត្រា​ការនិមិត្ត​នេះ ដាក់​នៅ​ក្នុង​កំណត់ហេតុ​របស់​ព្យាការី ។ នា​ពេល​ក្រោយ​មក​ទៀត កំណត់ត្រា​នៃ​ការនិមិត្ត​នេះ ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ជា កណ្ឌ​ទី ១៣៧ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១-៦

យ៉ូសែប ស៊្មីធ ទទួល​បាន​វិវរណៈ អំពី​នគរ​សេឡេស្ទាល

សូម​គិត​អំពី​បុគ្គល​មួយ​ចំនួន ដែល​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ហេតុអ្វី​បាន​ជា​ពួកគេជា​មនុស្ស​សំខាន់​សម្រាប់​អ្នក ?

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​វា​ចាំបាច់​ចំពោះ​អ្នក ក្នុង​ការដឹង​ថា មនុស្ស​ដែល​អ្នក​ស្រឡាញ់ នឹង​មាន​ឱកាស​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល បន្ទាប់​ពី​អស់​ជីវិត​ទៅ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ មាន​នូវ​ការពិពណ៌នា​អំពី​ការនិមិត្ត​របស់​ព្យាការី យ៉ូសែប ស៊្មីធ នៃ​អ្វី​ដែល​លោក​បាន​ឃើញ អំពី​នគរ​សេឡេស្ទាល ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១-៤ដោយ​ស្វែងរក​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​នគរ​សេឡេស្ទាល ។ សូម​សាកល្បង​នឹក​ស្រមៃ​ក្នុង​ចិត្ត ថាតើ​ការរស់នៅ​ក្នុង​នគរ​សេឡេស្ទាល មាន​សភាព​បែប​ណា ។

យ៉ូសែប ស៊្មីធ បាន​រីករាយ​នៅ​ពេល​បាន​ឃើញ​សមាជិក​ក្រុមគ្រួសារ​របស់​លោក​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៣, ៥–៦រួច​ស្វែងរក​ថាតើ​នរណា​ដែល យ៉ូសែប ស៊្មីធ បាន​ឃើញ​នៅ​ក្នុង​នគរ​សេឡេស្ទាល ។

ឪពុក​ម្ដាយ​របស់ យ៉ូសែប នៅ​មាន​ជីវិត​នៅ​ឡើយ​នៅ​គ្រា​នោះ ចំណែក​ឯ​ឪពុក​របស់​លោក​វិញ កំពុង​នៅ​ជាមួយ​លោក​ក្នុង​បន្ទប់​នោះ អំឡុង​ពេល​លោក​ទទួល​បាន​ការនិមិត្ត​នេះ ។ ការណ៍​នេះ​បង្ហាញ​ថា ការនិមិត្ត​នេះ​ពុំ​មែន​សំដៅ​លើ​អ្នក​ដែល​បាន​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល​នោះ​ទេ ប៉ុន្តែ សំដៅ​លើ​អ្នក​ណា​ដែល​នឹង​រស់នៅ​ក្នុង​នគរ​នោះ​វិញ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៦ហេតុអ្វី​បាន​ជា យ៉ូសែប ស៊្មីធ ឆ្ងល់ នៅ​ពេល​លោក​បាន​ឃើញ​បងប្រុស​របស់​លោក អាលវិន នៅ​ក្នុង​នគរ​សេឡេស្ទាល ?

    2. តើ​អ្នក​គិត​ថា យ៉ូសែប បាន​មាន​អារម្មណ៍​បែប​ណា​ទៀត នៅ​ពេល​លោក​បាន​ឃើញ អាលវិន នៅ​ក្នុង​នគរ​សេឡេស្ទាល​នោះ ?

រូបភាព
ថ្ម​ក្បាល​ផ្នូរ​របស់ អាលវិន ស្ម៊ីធ

អាលវិន ស្ម៊ីធ ដែល​ជា​បងប្រុស​របស់​ព្យាការី បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៨២៣ ពីមុន​សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង ។

ព្យាការី យ៉ូសែប ស៊្មីធ ស្រឡាញ់ ហើយ​គោរព​បងប្រុស​របស់​លោក​ខ្លាំង​បំផុត ។ អាលវិន ក៏​ស្រឡាញ់ យ៉ូសែប ដែរ ហើយ​បាន​គាំទ្រ យ៉ូសែប ក្នុង​ការត្រៀមខ្លួន​ទទួល​ផ្ទាំង​ចំណារ​មាស ពី​ទេវតា​មរ៉ូណៃ ។ ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨២៣ ពេល​អាលវីន អាយុ ២៥ ឆ្នាំ ហើយ​យ៉ូសែប អាយុ ១៧ ឆ្នាំ ស្រាប់តែ អាលវីន​បាន​ធ្លាក់ខ្លួន​ឈឺ​ជាទម្ងន់ ។ នៅពេល​ស្ថានភាពជំងឺ​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​ឃើញ​ថា​គាត់​នឹង​ជិត​ស្លាប់ គាត់​បាន​ទូន្មាន​នឹង​យ៉ូសែប​ថា ៖ « បង​ចង់​ឲ្យ​ប្អូន​ធ្វើ​ជា​ក្មេង​ល្អ ហើយ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ក្នុង​អំណាច​ប្អូន​ដើម្បី​ទទួល​បាន​កំណត់ត្រា​នោះ ។ ចូរ​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការទទួល​សេចក្ដី​ណែនាំ និង រក្សា​រាល់​ព្រះបញ្ញត្តិ​ដែល​បាន​ប្រទាន​ដល់​ឯង » ( ប្រសាសន៍​ដកស្រង់​នៅ​ក្នុង ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤០១) ។

មរណភាព​របស់ អាលវិន បាន​នាំ​ឲ្យ​គ្រួសារ ស៊្មីធ មាន​ទុក្ខ​ជា​ទម្ងន់ ។ « គ្រួសារ ស្ម៊ីធ បាន​សុំ​ឲ្យ​គ្រូ​គង្វាល​ប្រែសប៊ីធារាន ទីក្រុង ផាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ធ្វើ​ពិធី​បុណ្យសព​ដល់​លោក ។ ដោយសារ អាលវិន មិនមែន​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​របស់​គ្រូ​គង្វាល​នោះ លោក​អាចារ្យ​នោះ​បាន​ពោល​អះអាង​នៅ​ក្នុង​ទេសនកថា​របស់​គាត់​ថា អាលវិន មិន​អាច​បាន​សង្គ្រោះ​ឡើយ ។ វិល្លាម ស្ម៊ីធ ដែល​ជា​ប្អូនប្រុស​របស់ យ៉ូសែប បាន​ចាំ ៖ ‹ [ គ្រូ​គង្វាល​នោះ ] … បាន​ប្រកាស​ដោយ​ម៉ឺងម៉ាត់​ថា [ អាលវិន ] បាន​ចុះ​នរក​ហើយ ដោយសារ អាលវិន មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​គាត់​ឡើយ យ៉ាង​ណា​ក៏​ដោយ គាត់​ជា​ក្មេង​ដ៏​ល្អ​ម្នាក់ ហើយ​ឪពុក​របស់​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ការណ៍​នេះ​ទេ › » (Teachings: Joseph Smith,៤០១ ទំព័រ ៤០៣) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៧-១០

ព្រះអម្ចាស់​ត្រាស់​សម្ដែង អំពី​របៀប​ដែល​ទ្រង់​នឹង​ជំនុំ​ជម្រះ​មនុស្ស ដែល​បាន​ចែកឋាន​ទៅ ដោយ​ពុំ​បាន​ស្គាល់​ដំណឹងល្អ

នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ឆ្ងល់​ថាតើ​វា​បាន​កើតឡើង​តាម​របៀប​ណា ដែល អាលវិន អាច​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ដោយ​ពុំ​ទាន់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ចម្លើយ​មួយ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៧–៨រួច​ស្វែងរក​គោលលទ្ធិ ដែល​ព្រះអម្ចាស់​បាន​បង្រៀន ដើម្បី​ជួយ យ៉ូសែប យល់​អំពី​មូលហេតុ​ដែល អាលវិន អាច​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​បាន ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​គោលលទ្ធិ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៧–៨រួច​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ៖ តើ​គោលលទ្ធិ​នេះ លួងលោមចិត្ត​ដល់​អ្នក​ទាំងឡាយ ដែល​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​អស់​ជីវិត​ទៅ ដោយ​ពុំ​បាន​ស្គាល់​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​គោលលទ្ធិ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៧–៨ ពីមុន​ទ្រង់​បាន​បើកសម្ដែង​គោលលទ្ធិ​នៃ​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន ។ អ្នក​នឹង​សិក្សា​វិវរណៈ អំពី​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន នៅ​ក្នុង​មេរៀន​បន្ទាប់​ទៀត ។

ព្រះអម្ចាស់​បាន​បង្រៀន​អំពី​របៀប ដែល​ទ្រង់​នឹង​ជំនុំ​ជម្រះ​មនុស្សលោក​ទាំងអស់ ទុក​ជា​ផ្នែក​មួយ​នៃ​វិវរណៈ​នេះ អំពី​អ្នក​ដែល​ចែក​ឋាន​ទៅ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៩រួច​បំពេញ​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ ៖ ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​យើង​ស្រប​តាម និង  ។

  1. សូម​ពន្យល់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់​ថាតើ អ្នក​គិត​ថា មូលហេតុ​អ្វី​បាន​ជា​បំណង​ប្រាថ្នា និង កិច្ចការ​របស់​យើង​មាន​សារៈសំខាន់​ទាំងពីរ ។

ដើម្បី​យល់​ឲ្យ​បាន​កាន់តែ​ច្បាស់ អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​យើង​ស្រប​តាម​កិច្ចការ និង បំណងប្រាថ្នា សូម​សិក្សា​សេចក្ដី​ថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូកស៍

« តើ​អ្នក​ប្រាកដ​ដែរ​ឬ​ទេ ថា​នឹង​ពុំ​មាន​ទោស​នៅ​ក្រោម​ក្រឹត្យវិន័យ​នៃ​ព្រះ បើ​យើង​គ្រាន់តែ​ចៀសវាង​ចេញ​ពី​អំពើ​អាក្រក់​នោះ ? ចុះ​បើ​សិន​ជា​អ្នក​រីករាយ​នឹង​គំនិត និង បំណងប្រាថ្នា​ដែល​អាក្រក់​ទៅ​វិញ​នោះ ?

« តើ​អារម្មណ៍​សម្អប់ នឹង​មិន​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ​ទេ​ឬ​អី ? ចុះ​ការច្រណែន​វិញ ? ចុះ​ការលោភ​ចង់​បាន​នោះ ?…

« ចម្លើយ​របស់​យើង​ទៅ​នឹង​សំណួរ​ទាំងនេះ បង្ហាញ​អំពី​អ្វី​ដែល​យើង​ហៅ​ថា​ជា​ដំណឹង​អាក្រក់ ជា​អ្វី​ដែល​យើង​ប្រព្រឹត្ត​អំពើបាប​ដោយ​ពុំ​បើក​ចំហ [ ឲ្យ​ឃើញ​ច្បាស់ ] ដែល​គ្រាន់​តែ​ជា​អារម្មណ៍ និង បំណងប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ។

« វា​ក៏​ជា​ដំណឹងល្អ​ផងដែរ ។ នៅ​ក្រោម​ក្រឹត្យវិន័យ​នៃ​ព្រះ យើង​អាច​ទទួល​បាន​រង្វាន់​សម្រាប់​ភាពសុចរិត​របស់​យើង ទោះ​ជា​យើង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដែល​យើង​ពុំ​អាច​ប្រព្រឹត្ត​ទង្វើ ដែល​ជា​ធម្មតា​នាំ​ឲ្យ​មាន​ពរជ័យ​ដូចនោះ​ក្ដី ។

« នៅ​ពេល​មាន​នរណាម្នាក់​ចង់​ធ្វើ​អ្វី​មួយ​ដោយ​សប្បុរស សម្រាប់​ឪពុក​ក្មេក​ខ្ញុំ ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​កាលៈទេសៈ​ផ្សេងៗ នោះ​គាត់​នឹង​ពោល ៖ ‹ សូម​អរគុណ ។ ខ្ញុំ​នឹង​ទទួល​យក​ទង្វើ​ល្អ​នោះ › ។ ស្រដៀង​នេះ​ដែរ ខ្ញុំ​ជឿ​ថា ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​នឹង​ទទួល​យក​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​យើង ជំនួស​ឲ្យ​ទង្វើ​ដែល​តាម​ការជាក់ស្ដែង​ពុំ​អាច​ធ្វើ​ទៅ​បាន » ( “The Desires of Our Hearts” Brigham Young University devotional ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៨៥ ] ទំព័រ ៤ speeches.byu.edu ) ។

  1. ឧទាហរណ៍​ទាំង​បួន​ដូចតទៅ​នេះ អាច​ជួយ​អ្នក​យល់​បាន​កាន់តែ​ច្បាស់ អំពី​គោលលទ្ធិ​ដែល​អ្នក​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:៧–៨ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ សម្រាប់​ឧទាហរណ៍​នីមួយ ៖ តើ​ឧទាហរណ៍​នេះ បង្ហាញ​អំពី​សារៈសំខាន់​នៃ​បំណង​ប្រាថ្នា​របស់​យើង និង ការប្រព្រឹត្ត​របស់​យើង​យ៉ាង​ដូចម្ដេច ?

    1. សមាជិក​សាសនាចក្រ​ម្នាក់ មាន​បំណង​ប្រាថ្នា​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​មួយ​ជីវិត​នៃ​ការបម្រើ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ សមាជិក​រូប​នេះ​បាន​ស្លាប់ ដោយ​ពុំ​មាន​ឱកាស​ផ្សារភ្ជាប់​ជាមួយ​ស្វាមី/ភរិយា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។

    2. យុវជន​ម្នាក់ រក្សា​សេចក្ដី​សញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្លួន​ដោយ​ក្លាហាន ហើយ​ធ្វើតាម​ករណីយកិច្ច​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ គាត់​មាន​បំណង​ប្រាថ្នា​យ៉ាង​មុតមាំ​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ប៉ុន្តែ ពុំ​មាន​លទ្ធភាព​ធ្វើ​ដូច្នោះ​បាន ដោយសារ​តែ​អសមត្ថភាព​ខាង​រូបកាយ ។

    3. យុវនារី​ម្នាក់​ចង​គំនុំ​ជាមួយ​យុវនារី​ម្នាក់​ទៀត ។ នាង​ធ្វើ​ពុត​ជា​មាន​ភាពស្និទ្ធស្នាល ប៉ុន្តែ មាន​បំណង​ធ្វើ​ឲ្យ​មាន​រឿង​អាក្រក់​កើតឡើង​ចំពោះ​យុវនារី​ម្នាក់​ទៀត​ដោយ​សម្ងាត់ ។

    4. យុវជន​ម្នាក់​មាន​គំនិត​អសីលធម៌ គាត់​ពុំ​បាន​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បី​លុប​បំបាត់​គំនិត និង អារម្មណ៍​មិន​សមរម្យ​នោះ​ចេញ​ឡើយ ។

សូម​ពិចារណា ថាតើ​ការដឹង​ថា អ្នក​នឹង​ត្រូវ​ជំនុំជម្រះ​ដោយ​ទង្វើ និង រួមទាំង​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​នោះ មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១០រួច​គូសចំណាំ​សេចក្ដីពិត ដែល​ខគម្ពីរ​បង្រៀន​អំពី​ក្មេងៗ​ដែល​បាន​ស្លាប់​ពី​មុន​វ័យ​ដែល​មាន​ការដឹងខុសត្រូវ ។

រូបភាព
ទារក​របស់ យ៉ូសែប និង អិមម៉ា

នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១០លោក និង ភរិយា​របស់​លោក អិមម៉ា បាន​សោកសៅ​ដោយសារ​តែ​មរណភាព​របស់​កូន​ទាំង​បួន​នាក់​របស់​ពួកលោក រួមទាំង​កូន​ដែល​ពួកលោក​ទទួល​មក​ចិញ្ចឹម​ផងដែរ ។ ក្រោយ​មក​ទៀត កូន​របស់​លោក​ពីរ​នាក់​ទៀត ក៏​បាន​ស្លាប់​ទៅ​ដែរ ។ សូម​គិត​ថាតើ​គោលលទ្ធិ​ដែល​បាន​បើកសម្ដែង​នៅ​ក្នុង​ខគម្ពីរ​នេះ អាច​លួងលោមចិត្ត​ក្រុមគ្រួសារ​ទាំងឡាយ​ដែល​សោកសៅ​ដោយសារ​តែ​មរណភាព​របស់​កូន​តូច​របស់​ពួកគេ​យ៉ាង​ដូចម្ដេច​ដែរ ។

តើ​គោលលទ្ធិ​នេះ អាច​ជួយ​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ​បាន​យ៉ាង​ដូចម្ដេច ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ក្នុង​ការជឿជាក់​ទៅ​លើ​ផែនការ​របស់​ព្រះ នៅ​ពេល​កូន​តូច​ស្លាប់​កាល​ពួកគេ​នៅ​ជា​ទារក​នៅ​ឡើយ​នោះ ?

រូបភាព
យ៉ូសែប ស៊្មីធ

នៅ​ពេល​និយាយ​អំពី​មរណភាព​របស់​កូន​តូចៗ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន ៖ « ព្រះអម្ចាស់​ដក​យក​មនុស្ស​ជា​ច្រើន​ទៅ សូម្បី​តែ​ទារក ដើម្បី​ឲ្យ​ពួកគេ​អាច​ចៀស​ផុត​ពី​សេចក្ដី​ច្រណែន និង ទុក្ខសោក និង សេចក្តី​អាក្រក់​នៃ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ដ្បិត​ពួកគេ​បរិសុទ្ធ​ណាស់ គួរ​ឱ្យ​ស្រឡាញ់​ណាស់ ដែល​មិន​អាច​រស់នៅ​លើ​ផែនដី​នេះ ហេតុដូច្នេះហើយ បើ​សិន​ជា​ត្រូវ​បាន​ពិចារណា​ដោយ​ត្រឹមត្រូវ​នោះ ជា​ការជំនួស​ឱ្យ​ការទួញសោក នោះ​យើង​មាន​មូលហេតុ​ដើម្បី​រីករាយ នៅ​ពេល​ពួកគេ​ត្រូវបាន​រំដោះ​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​យើង​នឹង​មាន​ពួកគេ​ម្តង​ទៀត​ក្នុង​ពេល​ឆាប់ៗ » (Teachings: Joseph Smithទំព័រ ១៧៦) ។

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​បង្រៀន ៖ « សំណួរ​អាច​ចោទ​ឡើង​ដោយ​ខ្ញុំ និង ដោយ​អ្នក​ថា—‹ ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់ ដក​យក​កូន​ពី​ខ្ញុំ​ទៅ › ? ប៉ុន្តែ​ការណ៍​នោះ​មិនមែន​ខ្ញុំ​ទេ ដែល​ជា​អ្នក​ប្រាប់​នោះ ព្រោះ​ខ្ញុំ​ពុំ​ដឹង​ឡើយ ដ្បិត​ការណ៍​នេះ​ស្រេច​តែ​ព្រះអម្ចាស់​ទេ ហើយ​វា​បាន​កើត​ឡើង​ដូច្នេះ ចាប់តាំង​ពី​កំណើត​លោកិយ​ដរាប​រៀង​មក ។ កូន​តូចៗ​ត្រូវបាន​ដក​យក​ទៅ​កាល​នៅ​ជា​ទារក ហើយ​ពួកគេ​ទៅ​ឯ​ពិភព​វិញ្ញាណ ។ ពួកគេ​មក​ទីនេះ ហើយ​បំពេញ​គោលបំណង​នៃ​ការមក​នោះ ដែល​ជា​ការរស់​ក្នុង​រូបកាយ​សាច់ឈាម ។ ពួកគេ​មក​លើ​ផែនដី​នេះ​ដើម្បី​ទទួល​ការពិសោធន៍​មួយ និង កេរមរតក​នៅ​លើ​ផែនដី ដ្បិត​ពួកគេ​ទទួល​បាន​រូបកាយ ឬ ទីកន្លែង​ស្នាក់​នៅ ហើយ​ទីកន្លែង​ស្នាក់​នៅ​នោះ​នឹង​ត្រូវបាន​ថែ​រក្សា​ទុក​ឲ្យ​ពួកគេ ហើយ​នៅ​ទិវា​នៃ​ការរស់ឡើងវិញ នោះ​វិញ្ញាណ និង រូបកាយ​នឹង​បាន​ផ្គុំ​គ្នា​ឡើង​វិញ ដូចគ្នា​នៅ​លើ​ផែនដី​នេះ​ដែរ យើង​ឃើញ​មាន​កូន​គ្រប់​អាយុ​នៅ​ក្នុង​ក្រុម​គ្រួសារ ចាប់​ពី​ទារក​ដែល​បៅ​ដោះ​ម្ដាយ​រហូត​ដល់​មនុស្ស​ពេញ​រូបរាង ដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុមគ្រួសារ​មួយ​នៅ​ពិភព​សេឡេស្ទាល ។ កូនៗ​របស់​យើង​នឹង​បាន​រស់ឡើងវិញ​នៅ​ជាមួយ​យើង​ម្ដង​ទៀត នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​បើសិនជា​យើង ដែល​ជា​ឪពុកម្ដាយ​បន្ត​ស្មោះត្រង់ ហើយ​បង្ហាញ​ភស្ដុតាង​ថា​ខ្លួន​យើង​សក្ដិសម​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​បើសិនជា​យើង​មិន​ធ្វើ​ដូច្នោះ​ទេ ក៏​កូនៗ​យើង​នឹង​នៅ​តែ​អាច​បាន​រក្សា​ទុក ហើយ​នឹង​គ្រង​មរតក​នៃ​សិរីល្អ​សេឡេស្ទាល​ដែរ ។ នេះ​គឺ​ជា​ទស្សន​របស់​ខ្ញុំ ស្ដីពី​ទារក​ទាំងឡាយ​ដែល​ស្លាប់​ទៅ » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ] ទំព័រ ៨៤–៨៥) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន​សិក្សា​អ្វី​ខ្លះ ចេញ​ពី​ការសិក្សា​របស់​អ្នក​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ អំពី​ការខិតខំ​របស់​ព្រះអម្ចាស់ ក្នុង​ការធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល ?

    2. ហេតុអ្វី​បាន​ជា​សេចក្ដីពិត​ទាំងនេះ មាន​សារៈសំខាន់​ចំពោះ​អ្នក ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖