ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៤ ៖ ថ្ងៃទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩


មេរៀន​ទី ២៤ ៖ ថ្ងៃទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩

បុព្វកថា

ពួកបរិសុទ្ធ​បាន​ធ្វើការ​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ ដើម្បី​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ នៅ​ពេល​ការសាងសង់​បាន​បញ្ចប់ ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ អំពី​សេចក្ដី​អធិស្ឋាន ដែល​ត្រូវ​ថ្វាយ​នៅ​ឯ​ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ។ ព្យាការី​បាន​អាន​សេចក្ដី​អធិស្ឋាន​នោះ នៅ​ក្នុង​ពិធី​ឧទ្ទិសឆ្លង​នៅ​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ។ លោក​បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ ហើយ​បំពេញ​តាម​ការសន្យា​របស់​ទ្រង់ ដែល​ទ្រង់​បាន​ធ្វើ​អំពី​ព្រះវិហារ​បរិសុទ្ធ​រួម​មាន​ការការពារ និង ពរជ័យ​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​មក​ថ្វាយ​បង្គំ​នៅ​ទីនោះ ។ លោក​បាន​អធិស្ឋាន​ឲ្យ​ពួក​បរិសុទ្ធ ដែល​ត្រូវបាន​គេ​សង្កត់សង្កិន​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី ហើយ​លោក​បាន​អធិស្ឋាន​ឲ្យ​អ្នក​ដែល​សង្កត់សង្កិន​ពួកគេ​ផងដែរ ។ លោក​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក ជា​ពិសេស​ពួក​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ខ្ចាយ ទទួល​យក​ភាពពោរពេញ​នៃ​ដំណឹងល្អ​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១-២៣

យ៉ូសែប ស៊្មីធ បាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​ទទួល​យក​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ហើយ​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​មក​ថ្វាយ​បង្គំ​នៅ​ទីនោះ

តើ​អ្នក​ដឹង​ថាតើ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​នេះ មាន​ទីតាំង​ស្ថិតនៅ​ទីណា​ខ្លះ ? សូម​ផ្គូផ្គង​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ ទៅ​នឹង​ទីតាំង​របស់​វា ។ ( ចម្លើយមាន​នៅ​ចុង​មេរៀន​នេះ ) ។

  1. រូបភាព
    ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក

  1. ទីក្រុង ហុងកុង ប្រទេស​ចិន

  1. រូបភាព
    ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ហុងកុង ប្រទេស​ចិន

  1. ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍

  1. រូបភាព
    ព្រះវិហារ​បរិសុទ្ធ​ទីក្រុង តែហ្គូស៊ីហ្គាលផា ប្រទេស​ហុងឌូរ៉ាស

  1. ទីក្រុង សៅប៉ូឡូ ប្រទេស​ប្រេស៊ីល

  1. រូបភាព
    ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សៅប៉ូឡូ ប្រទេស​ប្រេស៊ីល

  1. ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ

  1. រូបភាព
    ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់

  1. ទីក្រុង​តែហ្គូស៊ីហ្គាលផា ប្រទេស​ហុងឌូរ៉ាស

  1. សូម​សរសេរ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ កសាង​ព្រះវិហារ​បរិសុទ្ធ ? សូម​សរសេរ​ចម្លើយ​ពីរ​បី ចំពោះ​សំណួរ​នេះ ។ សូម​ទុក​ចន្លោះ​ដើម្បី​សរសេរ​ចម្លើយ​បញ្ចូល នៅ​ក្នុង​មេរៀន​នេះ ។

អ្នក​អាច​រក​បាន​ចម្លើយ​ចំពោះ​ចំណួរ​នេះ ដោយ​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ដែល​មាន​សេចក្ដី​អធិស្ឋាន ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្វាយ​នៅ​ក្នុង​ពិធី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។

បន្ទាប់​ពី​បាន​ធ្វើការ និង លះបង់​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ ក្នុង​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ពួក​បរិសុទ្ធ​បាន​ឃើញ​ការបំពេញ​តាម​សេចក្ដី​សន្យា​ដែល​ថា បើសិនជា​ពួកគេ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នោះ​ពួកគេ​នឹង « មាន​អំណាច​ដើម្បី​កសាង​គេហដ្ឋាន​នោះ » ( គ. និង ស. ៩៥:១១ ) ។ នៅ​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ សមាជិក​សាសនាចក្រ​បាន​ចូលរួម​ពិធី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ហើយ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្វាយ​ពាក្យអធិស្ឋានឆ្លង​នោះ ។ សមាជិក​ជិត ១,០០០ នាក់​បាន​ចូលរួម​ពិធី​ឧទ្ទិសឆ្លង​នោះ ។ មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ចូលរួម ប៉ុន្តែ​អគារ​ទាំងមូល​ពុំ​អាច​ដាក់​មនុស្ស​ទាំងអស់​បាន​ឡើយ ។ ព្យាការី​បាន​រៀបចំ​ឲ្យ​ពួកគេ​ចូលរួម​នៅ​ក្នុង​ការប្រជុំ​មួយ​ក្នុង​បន្ទប់​មួយ​ផ្សេង​ទៀត ហើយ​ពិធី​ឧទ្ទិសឆ្លង​ត្រូវបាន​ប្រារព្ធ​ឡើង​វិញ​ម្ដង​ទៀត​សម្រាប់​ពួកគេ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ។

តើ​អ្នក​ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង ពិធី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ដែរ​ឬ​ទេ ? សូម​ស្រមៃ​ថា​បាន​ចូលរួម​ក្នុង​ពិធី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ៖ នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​បង្អស់ ចាប់តាំង​ពី​ជំនាន់​បូរាណ​មក ។ អ្នក​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នោះ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ។ មាន​ទំនុក​តម្កើង​បើក​កម្មវិធី​ដោយ​ក្រុម​ចម្រៀង ។ បន្ទាប់​មក ស៊ីឌនី រិកដុន ដែល​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ ចែកចាយ​សុន្ទរកថា ។ បន្ទាប់​ពី​បាន​សម្រាក​បន្តិច​ក្រោយ​មក អ្នក​មាន​ឱកាស​គាំទ្រ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ក្រោយ​មក ព្យាការី យ៉ូសែប ស៊្មីធ ក្រោក​ឈរ ហើយ​អាន​ពាក្យ​អធិស្ឋានឆ្លង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:១-៤ ដោយ​ស្វែងរក​មូលហេតុ​ចម្បង ដែល​ពួក​បរិសុទ្ធ​កសាង​ព្រះវិហារ​បរិសុទ្ធ ។ សូម​កត់ចំណាំ​ថា សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដូចជា​កាល​ជំនាន់​បូរាណ​ដែរ ព្រះអម្ចាស់​ត្រាស់​បង្គាប់​យើង​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥ដោយ​ស្វែងរក​ឃ្លា​ដែល ពិពណ៌នា​អំពី​ការលះបង់​របស់​ពួក​បរិសុទ្ធ​ក្នុង​ការកសាង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ដាក់​រន្ទា

នៅ​ចន្លោះ​ខែ មិថុនា ឆ្នាំ ១៨៣៣ និង ខែ មិនា ឆ្នាំ ១៨៣៦ សមាជិក​សាសនាចក្រ​បាន​លះបង់​ពេលវេលា ប្រាក់កាស និង ទ្រព្យសម្បត្តិ​ដើម្បី​ជួយ​កសាង​ព្រះ​ដំណាក់​នៃ​ព្រះអម្ចាស់​ឡើង ។ បុរសៗ​បាន​ស្ម័គ្រចិត្ត​ធ្វើការ នៅ​ក្នុង​ការដ្ឋាន ។ ស្ត្រីៗ​បាន​កាត់ដេរ​សម្លៀកបំពាក់ ផ្ដល់​ទីស្នាក់អាស្រ័យ ហើយ​នៅ​ពេល​បុរស​ជា​ច្រើន​បាន​ចាកចេញ​ទៅ​ជាមួយ​ជំរុំ​ស៊ីយ៉ូន​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ដែល​មាន​បញ្ហា​នៅ​ក្នុង​រដ្ឋ មិសសួរី នោះ​មាន​ស្ត្រី​មួយ​ចំនួន បាន​បន្ត​ធ្វើ​ការងារ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ពួក​បរិសុទ្ធ​មួយ​ចំនួន​ដូចជា ចន ថែនើរ និង វ៉េនណា ចាក បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដល់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។

នៅ​ពេល​ការសាងសង់​បាន​រីកលូតលាស់​ទៅ​មុខ នោះ​ពួក​បរិសុទ្ធ​បាន​ដឹង​ថា ពួកគេ​ត្រូវការ​លទ្ធភាព​ដើម្បី​រៀប​ឥដ្ឋ​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ មាន​គេ​បាន​ណែនាំ​ថា ជាង​សំណង់​ម្នាក់​ឈ្មោះ អាធីម៊ើស មីយេ មាន​ជំនាញ​ពិសេស​អាច​បញ្ចប់​ការសាងសង់​ផ្នែក​ខាង​ក្រៅ​បាន ដោយ​ប្រើ​ក្បួន​សំណង់​ថ្ម​បំណែក ។ ប៉ុន្តែ អាធីម៊ើស រស់នៅ​ប្រទេស​កាណាដា​ឯ​ណោះ ហើយ​គាត់​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ឡើយ ។ យ៉ូសែប ស៊្មីធ បាន​ចាត់ឲ្យ ព្រិកហាំ យ៉ង់ ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាណាដា ដើម្បី​បង្រៀន ហើយ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ អាធីម៊ើស ហើយ​នាំ​គាត់​មក​ទីក្រុង ខឺត​ឡង់ ដើម្បី​ជួយ​កសាង​ព្រះវិហារ​បរិសុទ្ធ ។ លំដាប់​នោះ​ព្យាការី​បាន​មាន​ប្រសាសន៍​ថា « ហើយ​ប្រាប់​គាត់​ឲ្យ​នាំ​យក​ប្រាក់​មួយ​ពាន់​ដុល្លា​មក​តាម​ខ្លួន​ផង » ( ប្រសាសន៍​ដកស្រង់​នៅ​ក្នុង អិម រ័សុល បាឡឺដ «What Came from Kirtland» [ Brigham Young University devotional ថ្ងៃ​ទី ៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ] ទំព័រ ៨–៩ speeches.byu.edu ) ។ ព្រិកហាំ បាន​ធ្វើតាម​បណ្ដាំ​គ្រប់​យ៉ាង ។ អាធីម៊ើស បាន​សម្រេចចិត្ត​ទទួល​ពិធីបុណ្យជ្រមុជទឹក ហើយ​បាន​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​គាត់​នៅ​ប្រទេស​កាណាដា​ទុក​ជា​ការលះបង់​មួយ​ដ៏​ធំ ដើម្បី​មក​ជួយ​កសាង​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
ប្លង់​មើល​ចំ​ពី​លើ

ប្លង់​មើល​ចំ​ពី​លើ នៃ​ជាន់​ខាង​ក្រោម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់

តម្លៃ​សរុប​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ប្រមាណ ៦០,០០០ ដុល្លារ—ដែល​ជា​បរិមាណ​ដ៏​ច្រើន​លើសលុប​នៅ​ជំនាន់​នោះ ជា​ពិសេស​បើ​គិត​អំពី​ភាពក្រខ្សត់​ពួក​បរិសុទ្ធ ។

  1. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ញប់ស្ញែង អំពី​ការលះបង់​ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៥ ម្ដង​ទៀត ដោយ​ស្វែងរក​សេចក្ដីពិត​មួយ អំពី​ព្រះវិហារ​បរិសុទ្ធ ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​មាន​ឆន្ទៈ​លះបង់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​កសាង ។ សូម​សរសេរ​សេចក្ដីពិត​នោះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​គិត​អំពី​ថាតើ​វា​មាន​ន័យ​ដូចម្ដេច ដែល​ថា​ព្រះអម្ចាស់​នឹង « សម្ដែង​អង្គ​ទ្រង់​ដល់​រាស្ត្រ​របស់​ទ្រង់ » ( គ. និង ស. ១០៩:៥ ) ។ ពាក្យ សម្ដែង មាន​ន័យ​ថា បង្ហាញ ឬ ធ្វើ​ឲ្យ​គេ​ដឹង ។ ចំពោះ​មនុស្ស​ខ្លះ ពាក្យ​នេះ​រួម​បញ្ចូល​ទាំង​ការបង្ហាញ​ខ្លួន​ឲ្យ​ឃើញ ។ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សក្ដិសម ទ្រង់​សម្ដែង​អង្គ​ទ្រង់​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង គោលលទ្ធិ​នានា ដែល​មាន​បង្រៀន​នៅ​ទីនោះ ដែល​ជួយ​យើង​ឲ្យ​ស្គាល់​ទ្រង់ ។ ព្រះអម្ចាស់​ក៏​អាច​សម្ដែង​អង្គ​ទ្រង់​ទៅ​កាន់​រាស្ត្រ​របស់​ទ្រង់​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ផងដែរ ប៉ុន្តែ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ទីកន្លែង​ដែល​អ្នក​ទាំងឡាយ​ដែល​មាន​ភាពសក្ដិសម អាច​ទទួល​បាន​អារម្មណ៍​ពី​ព្រះចេស្ដា​ទ្រង់ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១២-១៣ដោយ​ស្វែងរក​ឃ្លា​ទាំងឡាយ ដែល​ជួយ​អ្នក​យល់​អំពី​របៀប ដែល​ព្រះអម្ចាស់​អាច​សម្ដែង​អង្គ​ទ្រង់​ទៅ​ដល់​អ្នក នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ពិចារណា​អំពី​ការគូសចំណាំ​ឃ្លា​ទាំងឡាយ​ណា ដែល​មាន​ន័យ​ជា​ពិសេស​ចំពោះ​អ្នក ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​នៅ​ក្បែរ​ព្រះអម្ចាស់នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? បើសិនជា​អ្នក​ពុំ​ទាន់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ឡើយ​ទេ​នោះ សូម​សរសេរ​អំពី​អារម្មណ៍​ដែល​អ្នក​សង្ឃឹម​ថា​នឹង​ទទួល​បាន នៅ​ពេល​អ្នក​មាន​ឱកាស​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

សូម​ពិចារណា​ថាតើ​អារម្មណ៍​នៃ​ការស្ថិត​នៅ​ក្បែរ​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​មាន​អានុភាព​ទៅ​លើ​ជីវិត​របស់​អ្នក នៅ​ពេល​អ្នក​ចេញ​មក​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​យ៉ាង​ដូចម្ដេច ។ បន្ទាប់​មក សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩:១៤-២៣ដោយ​ស្វែងរក​ពរជ័យ​បន្ថែម ដែល​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ ដែល​មក​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២២–២៣ គឺ ការទទួលបាន​ពរជ័យ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ប្រដាប់​យើង​ដោយ​ព្រះចេស្ដា និង ជំនួយ​ពី​ព្រះអម្ចាស់​នៅ​ពេល​យើង​បម្រើ​ទ្រង់ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អ្នក​អាច​នឹង​ចង់​សរសេរ​បញ្ចូល​សេចក្ដីពិត​នេះ​ទៅ​ក្នុង​បញ្ជី​នៃ​មូលហេតុ​ដែល​យើង​កសាង​ព្រះវិហារ​បរិសុទ្ធ ។

តើ​អ្នក​គិត​ថា « ប្រដាប់​ដោយ​ព្រះចេស្ដា [ របស់​ព្រះ ] » ( គ. និង ស. ១០៩:២២ ) មាន​ន័យ​ដូចម្ដេច ? សូម​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​ដូចខាងក្រោម​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ រួច​ស្វែងរក​ព្រះចេស្ដា​ដែល​អាច​កើត​មាន​ចំពោះ​អ្នក នៅ​ពេល​អ្នក​មក​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖ « នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ សមាជិក​សាសនាចក្រ​ដែល​ស្មោះត្រង់ អាច​ត្រូវបាន​ប្រទាន​ឲ្យ ‹ ដោយ​ព្រះចេស្ដា​ពី​ស្ថាន​លើ › [គ. និង ស. ៩៥:៨ ] ជា​ព្រះចេស្ដា​ដែល​អាច​ឲ្យ​យើង​តតាំង​នឹង​ការល្បួង គោរព​សេចក្ដី​សញ្ញា គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​ថ្លែង​ទីបន្ទាល់ អំពី​ដំណឹងល្អ​ដោយ​មាន​ចិត្ត​ក្លៀវក្លា និង មិនមាន​ការភ័យខ្លាច​ទៅ​ដល់​ក្រុមគ្រួសារ មិត្តភក្ដិ និង អ្នក​ជិត​ខាង » ( «Cultivating Divine Attributes» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ២៧ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះចេស្ដា​ប្រភេទ​នេះ អាច​ជា​ពរជ័យ​ចំពោះ​អ្នក និង ក្រុមគ្រួសារ​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​វា​នឹង​ក្លាយ​ជា​ពរជ័យ ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤-៣៤

ព្យាការី​អធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​ថែរក្សា និង ប្រទានពរ​ដល់​អ្នក​ទាំងឡាយ ដែល​មក​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សូម​មើល​ទៅ​រូបភាព​នៃ​ស្លាបព្រា​កំបោរ និង ដាវ​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ។ ស្លាបព្រា​កំបោរ​គឺ​ជា​សម្ភារ​ប្រើ​ដើម្បី បៀក​ស៊ីម៉ងត៍​ភ្ជាប់​ឥដ្ឋ និង ថ្ម ។ តើ​សម្ភារ​នីមួយៗ​ទាំងនេះ អាច​ត្រូវបាន​ប្រើ​សម្រាប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

រូបភាព
ស្លាបព្រា​កំបោរ និង ដាវ

នៅ​អំឡុង​ពេល​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ពួក​មនុស្ស​កំណាច​បាន​គំរាម​កំហែង​ថា​នឹង​កំទេច​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ​ចោល ។ ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ប្រាប់​អំពី « កម្មករ​ដែល​ធ្វើការ​សាងសង់​ជញ្ជាំង បាន​កាន់​ដាវ​នៅ​ដៃ​ម្ខាង ដើម្បី​ការពារ​ខ្លួន​ពី​មនុស្ស​កំណាច នៅ​ពេល​ដែល​ពួកគេ​កំពុង​តែ​តម្រៀប​ថ្ម ហើយ​ហុច​ស្លាបព្រា​កំបោរ​ទៅ​ឲ្យ​គ្នា » ( Discourses of Brigham Young, ជ្រើសរើស​ចេញ​ពី John A. Widtsoe [ ឆ្នាំ ១៩៥៤ ] ទំព័រ ៤១៥ ) ។ យូរៗ​ម្ដង បុរស​ដែល​ធ្វើការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ថ្ងៃ ក៏​ត្រូវ​យាម​ល្បាត​នៅ​ពេល​យប់​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤-២៨ដោយ​ស្វែងរក​ការការពារ​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សូម​ពី​ព្រះអម្ចាស់ ។

នៅ​ក្នុង ខទី ២៤សូម​កត់ចំណាំ​ឃ្លា « មាន​ឈ្មោះ និង ជំហរ​ដ៏​ប្រសើរ » ។ ការណ៍​នេះ​សំដៅ​ទៅ​លើ​ការតម្រូវ​ឲ្យ​មាន​ភាពសក្ដិសម​ក្នុង​ការថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​នៅ​ទីនោះ ។

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤–២៨សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ បើសិនជា​យើង​មាន​ភាពសក្ដិសម ហើយ​ថ្វាយ​បង្គំ​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ  ។ ( អ្នក​នឹង​ប្រហែល​ជា​រក​ឃើញ របៀប​ជា​ច្រើន​ដើម្បី​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​នេះ ។ ឧទាហរណ៍ អ្នក​អាច​នឹង​ឃើញ​ថា ពរជ័យ​មួយ​នៃ​ការថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ « មិនមាន​គ្រឿង​សាស្តាវុធ​បាន​ធ្វើ​ឡើង​ទាស់​នឹង [ យើង ] បាន​លូតលាស់​ឡើយ » [ គ. និង ស. ១០៩:២៥ ] ។ អ្នក​អាច​នឹង​ចង់​សរសេរ​បញ្ចូល​គោលការណ៍​នេះ និង គោលការណ៍​ដទៃ​ទៀត ទៅ​ក្នុង​បញ្ជី​នៃ​មូលហេតុ​ដែល​យើង​កសាង​ព្រះវិហារ​បរិសុទ្ធ ) ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៩–៣៤យើង​អាន​អំពី​របៀប​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​សូម​ឲ្យ​ជន​ដែល​រាយការណ៍​កុហក​អំពី​ពួក​បរិសុទ្ធ​ត្រូវ​បំភាន់ ហើយ​សូម​ឲ្យ​សមាជិក​សាសនាចក្រ​នឹង​មាន​លទ្ធភាព​ក្រោក​ឈរ​ឡើង ហើយ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៣៥-៧៦

យ៉ូសែប ស៊្មីធ អធិស្ឋាន​សម្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ សម្រាប់​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី សម្រាប់​ពួក​អ្នក​សង្កត់សង្កិន​ដល់​ពួក​បរិសុទ្ធ និង សូម​ឲ្យ​ជាតិ​សាសន៍​ទាំងឡាយ​នៅ​លើ​ផែនដី នឹង​ស្ដាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា

ពួក​បរិសុទ្ធ​បាន​ទន្ទឹង​រង់ចាំ​ការប្រទាន​ព្រះចេស្ដា និង សិរីល្អ ដែល​បាន​សន្យា​ដល់​ពួកគេ​ទុកជា​ផ្លែផ្កា​នៃ​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៣៥–៤៦ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​អង្វរ​ព្រះអម្ចាស់​ឲ្យ​បំពេញ​ព្រះវិហារ​បរិសុទ្ធ​ដោយ​នូវ​សិរីល្អ​ទ្រង់ ហើយ​ប្រទាន​ទីបន្ទាល់ និង អំណាច​ដល់​ពួក​អ្នក​បម្រើ​ទ្រង់ ដែល​ត្រូវ​នឹង​ត្រូវការ​ដើម្បី​ប្រកាស​ដំណឹងល្អ ។

រូបភាព
ទេវតា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់

នៅ​ល្ងាច​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ បន្ទាប់​ពី​ពិធីឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ហើយ កូរ៉ុម​បព្វជិតភាព​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា លោក « បាន​ប្រទាន​ដល់​ពួកគាត់​នូវ​សេចក្ដី​ណែនាំ​អំពី​វិញ្ញាណ​នៃ​ការព្យាករណ៍ ហើយ​លោក​បាន​ចាត់​ឲ្យ​អ្នក​ចូលរួម​ឡើង​ថ្លែង ។…

« បងប្រុស ចច អេ ស្ម៊ីធ បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ចាប់ផ្ដើម​ព្យាករ នៅ​ពេល​សំឡេង​មួយ​បាន​ឮ​ឡើង​ដូចជា​សំឡេង​ខ្យល់​បក់​យ៉ាង​ខ្លាំង ដែល​បាន​ឮ​ខ្ទរខ្ទារ​ពេញ​ព្រះវិហារ​បរិសុទ្ធ ហើយ​មនុស្ស​ទាំងអស់​បាន​ក្រោក​ឈរ​ឡើង​ទន្ទឹម​គ្នា ដោយ​បាន​ទទួល​អានុភាព​ពី​ព្រះវិញ្ញាណ នោះ​មនុស្ស​ជា​ច្រើន​បាន​ចាប់ផ្ដើម​ថ្លែង​ចេញ​ជា​ច្រើន​ភាសា និង ជា​ការព្យាករណ៍ ចំណែក​មនុស្ស​ខ្លះ​ទៀត​បាន​ឃើញ​ការនិមិត្ត​ដ៏​អស្ចារ្យៗ ហើយ​បាន​ឃើញ​ព្រះវិហារ​បរិសុទ្ធ​ពេញ​ទៅ​ដោយ​ពួក​ទេវតា ដែល​ជា​ព្រឹត្តិការណ៍​មួយ​ខ្ញុំ​បាន​ប្រកាស​ទៅ​ដល់​បណ្ដាជន ។ ប្រជាជន​ដែល​រស់នៅ​ក្បែរ​ខាង បាន​រត់​មក​ទាំង​អស់​គ្នា ( ព្រោះ​បាន​ឮ​សំឡេង​ចម្លែក​នៅ​ខាង​ក្នុង និង បាន​ឃើញ​ពន្លឺ​យ៉ាង​ភ្លឺ​ដូចជា​បង្គោល​ភ្លើង​ស្ថិត​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ) ហើយ​ពួកគេ​បាន​ស្ញើច​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នោះ » ( នៅ​ក្នុង History of the Church ២:៤២៨ ) ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រាប់​យើង​អំពី​ព្រឹត្តិការណ៍​មួយ​ស្រដៀង​នេះ ដែល​កើតឡើង​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ស្មោះត្រង់ ដែល​បាន​ប្រមូល​គ្នា​នៅ​មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ព្រឹត្តិការណ៍​នោះ ដែល​ជា​ញឹកញាប់​ត្រូវបាន​ហៅ​ថា បុណ្យ​ថ្ងៃ​ទី​ហាសិប មាន​កត់ត្រា​នៅ​ក្នុង កិច្ចការ ២ ។ អ្នក​អាច​នឹង​ចង់​ដាក់​បទគម្ពីរយោង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៣៦–៣៧ ជាមួយ​នឹង កិច្ចការ ២:២–៣ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៤៧–៦៧យើង​អាន​ថា យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន​សម្រាប់​ពួក​បរិសុទ្ធ ដែល​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ផ្ទះសម្បែង​នៅ​រដ្ឋ មិសសួរី ហើយ​លោក​បាន​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បាន​សង្កត់សង្កិន​ពួកគេ ។ លោក​ក៏​បាន​អធិស្ឋាន​សម្រាប់​ព្រះអម្ចាស់ ឲ្យ​បន្ទន់​ចិត្ត​មនុស្ស​នៅ​លើ​ផែនដី ដើម្បី​ពួកគេ​ទទួល​ពួក​អ្នក​បម្រើ ដែល​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​ទៅ​ប្រកាស​ដំណឹងល្អ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៦៨-៨០

ព្យាការី​អធិស្ឋាន​សម្រាប់​សាសនាចក្រ ហើយ​សូម​ឲ្យ​ព្រះអម្ចាស់​ទទួល​យក​សេចក្ដី​ឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:៦៨–៦៩, ៧១–៧៣, ៧៨–៨០ដោយ​ស្វែងរក​សំណូមពរ​បន្ថែម​ទៀត ដែល​ព្យាការី​បាន​ទូល​នៅ​ក្នុង​ពាក្យ​អធិស្ឋាន​ឆ្លង ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​រាយ​បញ្ជី​សំណូមពរ​ដែល​ព្យាការី​បាន​ទូល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ បន្ទាប់​មក សូម​សរសេរ​ថាតើ​អត្ថប្រយោជន៍​អ្វី​ខ្លះ ដែល​អ្នក​គិត​ថា​អាច​កើត​ចេញ​ពី​សំណូមពរ​ទាំងនេះ រួម​ទាំង​សំណូមពរ​ដូចនេះ​នៅ​ក្នុង​ការអធិស្ឋាន​របស់​អ្នក ។

បើសិនជា​អ្នក​មាន​សៀវភៅ​ទំនុកតម្កើង សូម​បើក​ទៅ « ព្រះវិញ្ញាណ​នៃ​ព្រះ » ( ទំនុក​តម្កើង លេខ ២ ) ។ ទំនុកតម្កើង​នេះ​ត្រូវបាន​ច្រៀង​នៅ​ឯ​ពិធី​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ភ្លាមៗ​បន្ទាប់​ពី​ពាក្យអធិស្ឋានឆ្លង​ត្រូវបាន​ថ្លែង ( សូម​មើល​កំណត់ចំណាំ​នៅ​ពី​ក្រោម​ទំនុក​តម្កើង​នេះ ) ។ ទំនុក​តម្កើង​នេះ​នៅ​តែ​បន្ត​ច្រៀង នៅ​ក្នុង​ពិធីឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ​នា​ពេល​សព្វថ្ងៃ​នេះ​ដដែល ។ ស្ដាប់ អាន ឬ ច្រៀង​ទំនុក​តម្កើង

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖