ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៥ ៖ ថ្ងៃ​ទី ១ សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាងជើង


មេរៀន​ទី ២៥ ៖ ថ្ងៃ​ទី ១

សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាងជើង

បុព្វកថា

ក្នុង​ឆ្នាំ ១៨៣៧ និង ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ និង ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​បាន​ដឹកនាំ​សាសនាចក្រ​ឆ្លង​កាត់​ពេល​លំបាក​យ៉ាង​ថ្លៃថ្នូរ ។ ជា​លទ្ធផល​នៃ​វិបត្តិ​សេដ្ឋកិច្ច សេចក្តី​លោភលន់ ការចាប់កំហុស និង ការបៀតបៀន នោះ​ពួកបរិសុទ្ធ​ប្រហែល ១០ ទៅ ១៥ ភាគរយ​នៅ​ក្នុង​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ បាន​ក្បត់​សាសនា រួម​មាន​ទាំង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​លេច​ធ្លោ​មួយ​ចំនួន​ផងដែរ ។ ពួកបរិសុទ្ធ​ស្មោះត្រង់​នៅ រដ្ឋ អូហៃអូ បាន​ចាប់​ផ្តើម​ប្តូរ​ទីលំនៅ​ទៅ​ចូលរួម​ពួក​អ្នក​នៅ​រដ្ឋ មិសសួរី​ភាគ​ខាង​ជើង ។ ក្រុង​ហ្វាវេស្ទ រដ្ឋ មីសសូរី ក្លាយ​ជា​ទីស្នាក់ការ​កណ្ដាល​របស់​សាសនាចក្រ រហូត​ដល់​ពួកបរិសុទ្ធ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​នោះ​នៅ​ដើម​ឆ្នាំ ១៨៣៩ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ និង​រៀន​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នានា ហើយ​ផ្តល់​ការយល់ដឹង​ដល់​អ្នក​អំពី វិវរណៈ​ដែល​បាន​ទទួល​អំឡុង​ពេល​នោះ ។

ការលំបាក និង​ការក្បត់​សាសនា​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ

សូម​គិត​ពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ការលំបាក និង​ការសាកល្បង​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​អ្នក ឬ​សេចក្ដី​ជំនឿ​អ្នក​ចុះខ្សោយ​នៅពេល​ជួបប្រទះ​នឹង​បញ្ហា​ទាំង​នោះ ?

ក្នុង​ឆ្នាំ ១៨៣៧ និង ១៨៣៨ ជា​រយៈពេល​មួយ​នៃ​ការសាកល្បង​ដែល​បាន​នាំ​ឲ្យ​ពួកបរិសុទ្ធ​ជា​ច្រើន​ប្រឈម​មុខ​នឹង​សំណួរ​នេះ ។ ពេល​ដែល​ការសាកល្បង​មួយ​ចំនួន​របស់​ពួកគេ គឺ​ជា​លទ្ធផល​នៃ​ការ​បៀតបៀន​ពី​សាសនាចក្រ​ខាងក្រៅ ការ​ល្បង​ជាច្រើន​ទៀត​គឺ​ជា​លទ្ធផល​នៃ​ការ​ឈ្លោះប្រកែក​នៅ​ក្នុង​សាសនាចក្រ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​ប្រតិកម្ម​របស់​យើង​ចំពោះ​ការសាកល្បង​អាច​ពង្រឹង​សេចក្ដី​ជំនឿ ឬ ក៏​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ​ចុះ​ខ្សោយ ។

រូបភាព
ផែនទី​ពី​រដ្ឋ មិសសួរី ទៅ​រដ្ឋ អូហៃអូ

ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ និង​កន្លែង​ដែល​នៅ​ភាគខាង​ជើង​នៃ​រដ្ឋ មិសសួរី

នៅពេល​អ្នក​អាន​ប្រវត្តិសាស្ត្រ​សង្ខេប​ដូចខាងក្រោម សូម​ពិចារណា​ថា​តើ​គោលការណ៍​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ព្រឹត្តិការណ៍​ដែលបាន​រៀបរាប់ ៖

ក្នុងឆ្នាំ ១៨៣៧ ពួក​បរិសុទ្ធ​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​បាន​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ខ្លះៗ ។ ដើម្បី​ជួយ​ពួកបរិសុទ្ធ​ឲ្យ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព នោះ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​បាន​ស្ថាបនា​សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ជា​ក្រុមហ៊ុន​មួយ​ដែល​ស្រដៀង​ទៅនឹង​ធនាគារ ។ ដោយសារ​តែ​ការរីករាលដាល​នៃ​វិបត្តិ​សេដ្ឋកិច្ច​អំឡុងពេល​នោះ ធនាគារ​ជាច្រើន​បាន​ដួលរលំ​ទូទាំង​សហរដ្ឋ​អាមេរិក ។ សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង​ខឺតឡង់ ក៏​បាន​ដួលរលំ​នៅ​រដូវ​ស្លឹក​ឈើជ្រុះ​ក្នុង​ឆ្នាំ ១៨៣៧ ដែរ ។ អ្នក​វិនិយោគ​ពីរ​រយ​នាក់​នៅក្នុង​ធនាគារ​បាន​បាត់បង់​អ្វីៗ​ស្ទើរ​តែ​ទាំងអស់ ដោយ​មាន យ៉ូសែប ស្ម៊ីធ ទទួលរងការ​ការខូចខាតខ្លាំងជាងគេ ។ ទោះបីជា​សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង​ខឺតឡង់​មិន​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ក្ដី ក៏​ពួក​បរិសុទ្ធ​មួយ​ចំនួន​បាន​គិត​ថា​វា​ជា​ធនាគារ​របស់​សាសនាចក្រ ឬ​ជា​ធនាគារ​របស់​ព្យាការី ហើយ​បាន​បន្ទោស​ដល់ យ៉ូសែប ចំពោះ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួកគេ ។ អ្នកខ្លះ​ថែមទាំង​ចាប់ផ្ដើម​ហៅ​លោក​ថា​ជា​ព្យាការី​បរាជ័យ​មួយរូប ។ ប៉ុន្ដែ ទោះ​ជាធនាគារ​បាន​ដួលរលំ​ក្ដី ក៏​អ្នកដទៃ​ផ្សេងទៀត​ជាច្រើន ដែល​បាន​ខាត​លុយ​នោះ បាន​បន្ដ​មាន​សេចក្ដី​ជំនឿ និង​បន្ត​ស្មោះត្រង់​ចំពោះ​ព្យាការី​ដែរ ។ ( សូមមើល Church History in the Fulness of Times Student Manual,បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៧១-៧៣) ។

ស្មារតី​នៃ​ការក្បត់​សាសនា និង​ការស្វែងរក​កំហុស បាន​រីករាលដាល​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជាច្រើន ។ ព្រិកហាំ យ៉ង់ បាន​រៀបរាប់​ពី​គ្រា​ដែល​សមាជិក​សាសនាចក្រ រួមទាំង​អ្នកដឹកនាំ​សាសនាចក្រ​មួយ​ចំនួន បាន​ជួបជុំគ្នា​ដើម្បី​ទម្លាក់ យ៉ូសែប ស៊្មីធ ហើយ​តែងតាំង​ព្យាការី​ថ្មី​មួយ​រូប ៖ « សាវក​ពីរបី​នាក់​នៅ​ក្នុង​ចំណោម​សាវក​ដប់ពីរ​នាក់ សាក្សី​នៃ​ព្រះគម្ពីរ​មរមន និង​អ្នក​មាន​សិទ្ធិអំណាច​នៅ​ក្នុង​សាសនាចក្រ​ដទៃ​ទៀត បាន​មាន​ការ​ប្រជុំប្រឹក្សា​នៅ​បន្ទប់​ជាន់​ខាងលើ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សំណួរ​ដែល​ចោទសួរ​នោះ គឺ​ថា​តើ​ព្យាការី យ៉ូសែប អាច​ត្រូវ​ទម្លាក់ ហើយ​តែងតាំង ដាវីឌ វិតមើរ ជា​ប្រធាន​សាសនាចក្រ​ជំនួស​វិញ​ដោយ​របៀបណា ។… ខ្ញុំ​បាន​ក្រោកឈរ​ឡើង ដោយ​ច្រឡោត ហើយ​បាន​ប្រាប់​ទៅ​ពួកគេ​ថា ខ្ញុំ​ដឹងថា យ៉ូសែប គឺជា​ព្យាការី​ម្នាក់ ហើយ​ពួកគេ​អាច​តិះដៀល និង​និយាយ​បង្ខូច​លោក​បាន​តាម​ពួកគេ​ត្រូវការ ប៉ុន្ដែ​ពួកគេ​មិន​អាច​បំផ្លាញ​ការជ្រើសតាំង​របស់​ព្យាការី​នៃ​ព្រះ​បាន​ទេ ពួកគេ​អាច​ត្រឹមតែ​បំផ្លាញ​សិទ្ធិ​អំណាច​របស់​ខ្លួន​ឯង និង​កាត់​ចំណង​ដែល​ចង​ពួកគេ​ទៅនឹង​ព្យាការី និង​ព្រះ ហើយ​ពន្លិច​ខ្លួន​ទៅក្នុង​នរក​ប៉ុណ្ណោះ » ( Manuscript History of Brigham Young, 1801–1844, ed. Elden Jay Watson [១៩៦៨], ទំព័រ ១៥-១៦ ) ។

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្ដី​ពិត​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំងនេះ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​បន្ត​មាន​ភាពស្មោះត្រង់​ចំពោះ​ព្យាការី ក្នុង​ពេល​នៃ​ការ​ចាប់​កំហុស​នេះ ? តើ​នៅពេល​ណា​ដែល​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​សេចក្ដី​ជំនឿ បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ?

    3. តើការ​ធ្វើតាម​ព្យាការី​អាច​កា្លយ​ជា​ការ​ការពារ​ខាង​វិញ្ញាណ សម្រាប់​អ្នក​ដោយ​របៀបណា ?

នៅ​ត្រឹម​ខែ មិថុនា ឆ្នាំ ១៨៣៨ មាន​អ្នក​ក្បត់​សាសនា​ប្រហែល​ជា ២០០ ឬ ៣០០ នាក់​បាន​ចាកចេញ​ពី​សាសនាចក្រ រួមមាន​ពួកសាវក​បួន​រូប ដែល​ជាសាក្សី​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន និង​សមាជិក​នៃ​គណៈប្រធាន​ទីមួយ​ម្នាក់ ( សូមមើល Church History in the Fulness of Times,ទំព័រ ១៧៧) ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​បរិសុទ្ធ​ភាគច្រើន​បាន​ឆ្លើយតប​ទៅនឹង​រយៈពេល​នៃ​ការសាកល្បង​នេះ​ដោយ​សេចក្ដី​ជំនឿ ដូចជា​ព្រិកហាំ យ៉ង់ ដែរ ។ ពួកគេ​ត្រូវបាន​ពង្រឹង​ដោយ​ព្រះអម្ចាស់ ហើយ​ពួកគេ​នៅតែ​ស្មោះ​ចំពោះ​ទីបន្ទាល់​របស់​ពួកគេ ។ មាន​មនុស្ស​បួនប្រាំ​នាក់​នៃ​អស់​អ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​អំឡុងពេល​នៃ​ការក្បត់​សាសនា​នេះ ក្រោយ​មក​បាន​ត្រឡប់​មក​វិញ និង​បាន​ស្នើ​សុំ​រួបរួម​គ្នា​ជាថ្មី​ម្ដង​ទៀត​ជាមួយ​នឹង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ចំណោម​ពួកគេនោះ​គឺ​មាន អូលីវើរ ខៅឌើរី ម៉ាទីន ហារីស លូកា ចនសុន និង​ហ្វ្រែឌើរិក ជី វិលលាម្ស ។

នៅ​កណ្ដាល​នៃ​ការតស៊ូ​ទាំងនេះ​នៅក្នុង​ទីក្រុង​ខឺតឡង់ មាន​អ្នក​ក្បត់​សាសនា​ពីរ​បី​នាក់​បាន​ប៉ុនប៉ង​សម្លាប់ យ៉ូសែប ស្ម៊ីធ ។ លូក ចនសិន ដែល​បាន​ក្បត់ចេញ​ពី​សាសនាចក្រ មាន​សេចក្ដី​សុចរិត​គ្រប់គ្រាន់​ដើម្បី​ព្រមាន​ព្យាការី​ពី​ផែនការ​នោះ ។ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ចាក​ចេញ​ពី​ទីក្រុង ខឺតឡង់​នៅ​ខែ មករា ឆ្នាំ ១៨៣៨ ។ ពួកលោក​បាន​គេ​ដេញ​តាម​ជាច្រើន​ថ្ងៃ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ការពារ​ពួកលោក ។ ពួកលោក​បាន​មក​ដល់​ជួប​ជុំ​គ្រួសារ​របស់​ពួកលោក​នៅ​ក្រុង​ហ្វាវេស្ទ រដ្ឋ​មីសសូរី នៅ​ខែ មីនា ឆ្នាំ ១៨៣៨ ។

ភាគ​ខាង​ជើង​នៃ​រដ្ឋ មិសសួរី

សូម​រកមើល​រដ្ឋ មិសសួរី នៅ​លើ​ផែនទី​នៅខាង​ដើម​នៃ​មេរៀន​នេះ ។ នៅពេល​ពួក​បរិសុទ្ធ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី ឃុំ ចាកសុន ខោនធី រដ្ឋ មិសសួរី នៅ​ក្នុង​ឆ្នាំ ១៨៣៣ ប្រជាពលរដ្ឋ​នៃ​ភូមិ​ជិតខាង​បាន​ស្វាគមន៍​ពួកគេ ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​ធូរស្បើយ ដោយ​គិត​ថា ពួក​បរិសុទ្ធ​នឹង​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ បន្ទាប់​ពី​ពួកបរិសុទ្ធ​បាន​រស់នៅ​ទីនោះ​អស់រយៈពេល​ជិត​បី​ឆ្នាំ​មក ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ចាប់ផ្ដើម​គៀបសង្កត់​ឲ្យ​ពួកគេ​ចាកចេញ​ពី​ភូមិ​នោះ ។

នៅពេល​អ្នក​អាន​ពី​ប្រវត្តិសាស្ត្រ​សង្ខេប​ដូចខាងក្រោម សូម​ពិចារណា​ថា​តើ​គោលការណ៍​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ព្រឹត្តិការណ៍​ដែលបាន​រៀបរាប់ ៖

ក្នុង​ឆ្នាំ ១៨៣៧ ចន វិតមើរ និង វិលាម ដ័បុលយូ ហ្វែប្ស ជាទីប្រឹក្សា​ពីររូប​ក្នុង​គណៈប្រធាន​ស្តេក មិសសួរី បាន​ប្រើ​មូលនិធិ​សាសនាចក្រ​ទិញ​ដី​នៅ​កន្លែង​ដែល​ត្រូវ​បាន​ស្គាល់​ថា ក្រុង​ហ្វាវេស្ទ ក្នុង​ភាគ​ខាង​ជើង​នៃ​រដ្ឋ មិសសួរី ។ ប៉ុន្តែ ពេល​ពួកគេ​បានចែក​ចំណែក​ដី​ដល់​ពួកបរិសុទ្ធ​ដែល​មកដល់ ពួកគេ​បាន​លក់ដី​នោះ​យក​ប្រាក់​ចំណេញ​តិចតួច​ទុក​ខ្លួន​ឯង ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ក្រុមប្រឹក្សា​ជាន់ខ្ពស់​បាន​លើកទោស​ឲ្យ​ពួកគេ ហើយ​បាន​ចាត់​ឲ្យ​អ្នក​ផ្សេង​ទៀត​ចែក​ចំណែក​ដី​វិញ ។ ប៉ុន្តែ ចន និង វិល្លាម បន្ត​ចង់​បាន​បា្រក់​ចំណេញ​ពី​ការ​លក់ដី ។ ក្នុង​ឆ្នាំ ១៨៣៨ ក្រុមប្រឹក្សា​ជាន់ខ្ពស់​បាន​កាត់កាល​ពួកគេ​ចេញ ។ ( សូមមើល Church History in the Fulness of Times,ទំព័រ ១៨៣-៨៥) ។

យ៉ូសែប ស៊្មីធ បាន​គាំទ្រ​ទង្វើ​របស់​ក្រុម​ប្រឹក្សា ដែល​ធ្វើ​ឲ្យ វិល្លាម​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត ។ ក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨៣៨ គាត់​បាន​ចុះហត្ថលេខា​លើ​លិខិត​ថ្លែងសច្ចា​ទាស់​នឹង​ព្យាការី ។ លិខិត​ថ្លែងសច្ចា​នេះ បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន យ៉ូសែប និង​អ្នក​ដទៃ​ទៀត ហើយ​បាន​បញ្ជូន​ចូល​គុក​លីប៊ើធី នៅ​រដូច​រងា ។

នៅ​ក្នុង​គុក ព្យាការី យ៉ូសែប ស៊្មីធ និង​អ្នកនៅ​ជាមួយ​លោក បាន​រងទុក្ខ​យ៉ាង​មហិមា មិន​ត្រឹមតែ​ពី​ស្ថានភាព​ដ៏​យ៉ាបយ៉ឺន​ក្នុង​គុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពី​របាយការណ៍​ស្ដី​ពី​ការ​បណ្ដេញ​ពួកបរិសុទ្ធ​ចេញ​ពី​ផ្ទះ​សម្បែង និង​ធ្វើបាប​សព្វបែប​យ៉ាង​ផងដែរ ។ ពួក​មនុស្ស​កំណាច​ក្នុង​រដ្ឋ មិសសួរី ដោយ​មិនត្រូវ​បានពិនិត្យ​ដោយ​រដ្ឋ​អំណាច បាន​បំផ្លាញ និង​សម្លាប់​មនុស្ស ១៧ នាក់ នៅ​រោង​ម៉ាស៊ីន​កិនស្រូវ​មួយ​កន្លែង​ដែល​កាន់កាប់​ដោយ​បុរស​ម្នាក់​មាន​ឈ្មោះ​ថា យ៉ាកុប ហន ។

វិលាម ដ័បុលយូ ហ្វែប្ស បាន​រងទុក្ខ​ខាង​វិញ្ញាណ​សម្រាប់​ទង្វើ​របស់​គាត់ ហើយ​គាត់​បាន​សរសេរ​សំបុត្រ​សូម​ការអភ័យ​ទោស​ពី យ៉ូសែប ។ ព្យាការី​បាន​សរសេរ​តបវិញ ៖

រូបភាព
យ៉ូសែប ស៊្មីធ

« វា​ជា​ការ​ពិត​ណាស់​ថា​យើង​បាន​រងទុក្ខ​ជា​ច្រើន ដោយសារ​លទ្ធផល​នៃ​ទង្វើ​របស់​អ្នក—[ ពែងល្វីង ] ពេញ​ល្មម​គ្រប់គ្រាន់​សម្រាប់​ឲ្យ​យើង​ផឹក​ហើយ ប៉ុន្តែ​វា​បាន​ហៀរ​ពេល​អ្នក​បែរ​មក​ប្រឆាំង​យើង ។…

« ប៉ុន្តែ ពែង​នោះ​ត្រូវ​បាន​ផឹក​ហើយ ព្រះទ័យ​របស់​ព្រះវរបិតា​ត្រូវ​បាន​សម្រេច ហើយ​ពួកយើង​នៅ​មាន​ជីវិត​នៅ​ឡើយ នោះ​ហើយ​ជា​ហេតុផល​ដែល​យើង​អរព្រះគុណ​ដល់​ព្រះអម្ចាស់ ។…

« ដោយ​ជឿថា​ការ​សារភាព​របស់​អ្នក​ពិត ហើយ​អ្នក​ប្រាកដ​ជា​ប្រែចិត្ត​មែន ខ្ញុំ​មាន​ភាព​រីករាយ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ធ្វើ​ជា​សមាជិក​ម្ដង​ទៀត ហើយ​រីករាយ​ចំពោះ​ការ​ត្រឡប់​មក​វិញ​របស់​កូនប្រុស​ខ្ជះខ្ជាយ ។…

« ‹ បងជា​ទី​ស្រឡាញ់​អើយ សង្គ្រាម​បាន​កន្លង​ហួស​ទៅ​ហើយ មិត្តភក្ដិ​មួយ​ថ្ងៃ គឺ​មិត្តភក្ដិ​មួយ​ជីវិត › » ( នៅក្នុង History of the Church, ៤:១៦៣–៦៤ ) ។

រូបភាព
សំបុត្រ​សរសេរ​ដោយ​ដៃ

ផ្នែក​មួយ​នៃ​សំបុត្រ​របស់ យ៉ូសែប ស៊្មីធ សរសេរ​ទៅកាន់ វីល្លាម ដ័បុលយូ ហ្វែប្ស

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ហេតុ​អ្វី​បាន​ជា​វា​មាន​ការ​លំបាក​ក្នុង​ការ​អភ័យទោស​ឲ្យ​មិត្តភក្ដិ​ម្នាក់ ដែល​បាន​ក្បត់​អ្នក ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​រងទុក្ខ ?

    2. តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​គំរូ​របស់ យ៉ូសែប ស្ម៊ីធ ? ( គោលការណ៍​នេះ អាច​រំឭក​អ្នក​ពី​វគ្គចំណេះចំណាន​ខគម្ពីរ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:៩–១១ ។ អ្នក​អាច​រំឭក​ឡើងវិញ​នូវ​បទគម្ពីរ ដើម្បី​ឃើញ​ថា​វា​ទាក់ទង​នឹង​បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ និង វិល្លាម ដ័បុលយូ ហ្វែប្ស ដោយ​របៀប​ណា ) ។

    3. តើ​មេរៀន​អ្វី​ផ្សេង​ទៀត ដែល​យើង​អាច​រៀន​ពី​រឿង​នេះ ?

  2. សូម​ជ្រើសរើស​គោលការណ៍​មួយ ដែល​អ្នក​បាន​រកឃើញ​ចេញពី​ប្រវត្តិសាស្រ្ត​សង្ខេប​ទាំង​ពីរ​នេះ ។ សូម​សរសេរ​អំពី​ពេល​ដែល​អ្នក​បាន​ឃើញ​គំរូ​របស់​វា នៅ​ក្នុង​ជីវិត​អ្នក ឬ​នៅ​ក្នុង​ជីវិត​របស់​អ្នកណា​ផ្សេងទៀត​ដែល​អ្នក​ស្គាល់ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ព្រឹត្តិការណ៍​ដែល​នាំ​ទៅ​រក​ការ​បណ្ដេញ​ពួកបរិសុទ្ធ​ចេញ​ពី​ភាគខាងជើង​នៃ​រដ្ឋ មិសសួរី

តើ​អ្នក​ធ្លាប់​បាន​ឃើញ​សមាជិក​សាសនាចក្រ បាន​ធ្វើ​ការ​ជ្រើសរើស​ដែល​ធ្វើ​ឲ្យ​មនុស្ស​ផ្សេងទៀត​មាន​អារម្មណ៍​អវិជ្ជមាន​ចំពោះ​សាសនាចក្រ​ដែរ​ឬទេ ? អ្នក​អាច​នឹង​ចង់​គិត​ពី​របៀប​ដែល​ទង្វើ​របស់​អ្នក បាន​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​អ្នកដទៃ​អំពី​សាសនាចក្រ ។

តើ​ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​សម្រាប់​យើង ដើម្បី​គិត​អំពី​របៀប​ដែល​ទង្វើ ឬ​ពាក្យ​សម្ដី​របស់​យើង​ឆ្លុះបញ្ជាំង​អំពី​សាសនាចក្រ ?

ក្នុង​ឆ្នាំ ១៨៣៨ ទង្វើ និង​ពាក្យសម្ដី​របស់​សមាជិក​សាសនាចក្រ​មួយ​ចំនួន បាន​បន្ថែម​លើ​អារម្មណ៍​អវិជ្ជមាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​រដ្ឋ មិសសួរី ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នៅពេល​អ្នក​អាន​អំពី​ប្រវត្តិសាស្ត្រ​សង្ខេប​ដូច​ខាង​ក្រោម សូម​រកមើល​អ្វី​ដែល​ពួកបរិសុទ្ធ​មួយ​ចំនួន​បាន​និយាយ ឬ​បាន​ធ្វើ ដែល​ធ្វើ​ឲ្យ​សាសនាចក្រ និង​សមាជិក​ខូច​ឈ្មោះ ។ សូម​គិត​ពី​ការគូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

នៅក្នុង​ឆ្នាំ ១៨៣៧ និង ១៨៣៨ សមាជិក​នៃ​សាសនាចក្រ​ដែល​ខូច​មិត្តភាព និង​ត្រូវ​បាន​កាត់កាល​ចេញ​ពី​សាសនាចក្រ ដែល​រស់នៅ​ក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅក្នុង​ក្រុង​ហ្វាវេស្ទ រដ្ឋ មិសសួរី មួយ​ចំនួន​បាន​ចាប់ផ្ដើម​ប្ដឹងផ្ដល់​ទាស់​នឹង​សាសនាចក្រ និង​ដើម្បី​វាយប្រហារ​លើ​សាសនាចក្រ ។ ពួកបរិសុទ្ធ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​អស់​ភាព​អត់ធ្មត់​នឹង​ពួក​អ្នក​ប្រឆាំង​ទាំងនេះ ។ នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣៨ ស៊ីឌនី រិកដុន បាន​ថ្លែង​ដោយ​ខឹងសម្បារ ដែល​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា « ទេសនកថា​អំបិល » ។ លោក​បាន​និយាយ​ពី ម៉ាថាយ ៥:១៣ ហើយ​បាន​ថ្លែង​ថា ប្រសិនបើ​អំបិល​បាត់​បង់​រសជាតិ​របស់​វា នោះ​វា​គ្មាន​ប្រយោជន៍​សោះ ហើយ​គួរ​តែ​កាត់ចេញ​ទៅ ដោយ​បង្កប់​ន័យ​ថា អស់​អ្នក​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ​គួរតែ​ត្រូវបាន​កាត់ចេញ​ពី​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទៅ ។ បន្ថែម​ពី​លើ​នោះ សមាជិក​សាសនាចក្រ ៨៤​នាក់​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ ដែល​ទាមទារ​ឲ្យ​ពួក​អ្នក​ក្បត់​សាសនា​ចាកចេញ​ពី​ភូមិ ។ ពីរ​សប្ដាហ៍​ក្រោយមក នៅថ្ងៃទី ៤ ខែ កក្កដា ស៊ីឌនី បាន​ថ្លែង​សុន្ទកថា​មួយ ដែល​លោក​បាន​សន្យា​ថា ពួក​បរិសុទ្ធ​នឹង​ការពារ​ខ្លួន​គេថ្វី​បើ​មាន « សង្គ្រាម​នៃ​ការបំផ្លាញចោល » កើត​ឡើង​ក្តី ។ ទោះបីជា​សុន្ទរកថា​ទាំងពីរ​នេះ​ហាក់​ដូចជា​ប្រឆាំង​នឹង​ការណែនាំ​របស់​ព្រះអម្ចាស់​ដើម្បី « តវ៉ា​សូម​សេចក្ដី​សុខសាន្ដ » ( គ. និង ស. ១០៥:៣៨ ) ក្ដី ក៏​សុន្ទរកថា​ទាំងពីរ​នេះ​ត្រូវបាន​បោះពុម្ព និង​បាន​បណ្ដាល​ឲ្យ​មាន​ការបង្អើល​ដល់​ក្នុង​ចំណោម​អ្នក​មិនមែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែរ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៩១-៩២) ។

នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៣៨ ពួកបរិសុទ្ធ​មួយ​ក្រុម​បាន​ព្យាយាម​បោះឆ្នោត​នៅ​ទីក្រុង ហ្គាឡាទីន រដ្ឋ មិសសួរី ប៉ុន្តែ​ត្រូវ​បាន​វាយប្រហារ​ដោយ​ប្រជាជន​មិសសួរី ។ ពួកបរិសុទ្ធ​បាន​វាយ​តប​វិញ ហើយ​មនុស្ស​នៅ​ក្នុង​ក្រុម​ទាំងពីរ​បាន​រង​របួស ។ ឧបទ្ទវហេតុ​នេះ បាន​នាំ​ទៅរក​ជម្លោះ និង​ការ​គំរាមកំហែង​បន្ថែម​ទៀត ហើយ​បាន​បង្កើន​ការ​យល់ច្រឡំ​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​អ្នក​ជិតខាង​របស់​គេ​នៅ​រដ្ឋ មិសសួរី ។ ( សូម​មើល Journals, វ៉ុល ១ ៖ ឆ្នាំ ១៨៣២–១៨៣៩ វ៉ុល ១ នៃ​the Journals series នៃ The Joseph Smith Papers [ ឆ្នាំ ២០០៨ ] ទំព័រ ២៩៨-៣០១ ) ។

អំឡុងពេល​នេះ អ្នក​ប្រែចិត្ត​ជឿ​ម្នាក់​ឈ្មោះ សេមសិន អាវើត បាន​ធ្វើ​សម្បថ​សម្ងាត់​ចំពោះ​អស់​អ្នកដែល​នឹង​ចូលរួម​ជាមួយ​នឹង​គាត់​ក្នុង​ការបង្កើត​ក្រុម​ចោរប្លន់​មួយ​ក្រុម ដែល​ហៅ​ថា ពួក​ឌែណៃ ។ អាវើត បាន​ណែនាំ​ពួកគេ​ឲ្យ​លួច និង​ប្លន់​ពួក​អ្នក​នៅ​រដ្ឋ​មិសសួរី ដោយ​និយាយ​ថា ការណ៍​នេះ​នឹង​ជួយ​កសាង​ដល់​នគរ​របស់​ព្រះ ។

អាវើត បាន​បញ្ចុះបញ្ចូល​ដល់​អ្នក​ដើរតាម​ខ្លួន​ថា ការដឹកនាំ​របស់​គាត់​បាន​មកពី​គណៈប្រធាន​ទីមួយ ។ ក្រោយមក ការពិត​ត្រូវ​បាន​លាតត្រដាង ហើយ​អាវើត​ត្រូវបាន​កាត់កាល់​ចេញ ។ សកម្មភាព​របស់​អាវើត បាន​បណ្ដាល​ឲ្យ​មាន​ការខូចខាត​ដ៏​ខ្លាំង​ដល់​កិត្ដិនាម​របស់​សាសនាចក្រ និង​បាន​ធ្វើ​ឲ្យព្យាការីត្រូវគេចាប់ដាក់​គុក​លីប៊ើរធី ។

នៅ​ខែ តុលា ឆ្នាំ ១៨៣៨ មាន​ការ​ប្រយុទ្ធ​តតាំង​គ្នា​រវាង​សមាជិក​សាសនាចក្រ​មួយ​ចំនួន និង​ពួក​ទាហាន​រដ្ឋ មិសសួរី ។ របាយការណ៍​ពន្លើស​នៃ​សង្គ្រាម​នេះ​បាន​ឮ​ទៅដល់​លោក​អភិបាល ប័ហ្គស៍ ជា​អ្នក​ចេញ​ដីកា​បំផ្លាញ​ចោល ៖ « ពួក​មរមន​ត្រូវតែ​ចាត់ទុក​ថា​ជា​សត្រូវ និង ត្រូវតែ​បំផ្លាញ​ចោល ឬ​បណ្ដេញ​ចេញពី​រដ្ឋ​នេះ ប្រសិនបើ​ចាំបាច់​ដើម្បី​ប្រយោជន៍​សាធារណៈ » ( នៅក្នុង History of the Church ៣:១៧៥ ) ។ ភ្លាមៗ​នោះ ក្រុង​ហ្វាវេស្ទ ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ទាហាន​មួយ​ក្រុម ដែល​មាន​ចំនួន​ច្រើន​លើស​លុប​លើ​កម្លាំង​របស់​ពួក​បរិសុទ្ធ​ប្រាំ​ដង ។ ព្យាការី យ៉ូសែប ស្ម៊ីធ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ត្រូវបាន​ចាប់ដាក់​គុក​នៅក្នុង​គុក​លីប៊ើរធី ជា​កន្លែង​ដែល​ពួកលោក​បន្ដ​នៅ​ពេញ​មួយ​រដូវ​ត្រជាក់ ។ ពួក​បរិសុទ្ធ​ទាំងឡាយ​ផ្សេងទៀត​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋ​នេះ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៩៩-២០០, ២០៤២០៨) ។

រូបភាព
រទេះ​មាន​ដំបូល

ពួកបរិសុទ្ធ​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ក្រុង​ហ្វាវេស្ទ រដ្ឋ មិសសួរី ។

គោលការណ៍​មួយ​ដែល​យើង​អាច​រកឃើញ ពី​ពេល​នោះ​គឺ ទង្វើ និង​ពាក្យ​សម្ដី​របស់​យើង អាច​មាន​ឥទ្ធិពល​លើ​ទស្សនៈ​អ្នក​ដទៃ​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ចំពោះ​យើង​ដើម្បី​ទទួលស្គាល់​ថា ទង្វើ​របស់​សមាជិក​សាសនាចក្រ​មួយ​ចំនួន​នៅ​សម័យ​មុន រួមចំណែក​ដល់​គំនិត​អវិជ្ជមាន​ដែល​ប្រជាជន​រដ្ឋ មិសសួរី មាន​អំពី​សាសនាចក្រ ?

ទោះ​ជា​ជម្រើស​មិនល្អ​របស់​យើង​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ដទៃ ឲ្យ​មើល​ឃើញ​សាសនាចក្រ​ក្នុង​ផ្លូវ​អាក្រក់​ក៏ដោយ ក៏​យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​សាសនាចក្រ​តាម​រយៈ​ពាក្យ​សម្ដី និង​ទង្វើ​របស់​យើង​បាន​ដែរ ។

  1. សូម​សរសេរ​អំពី​ពេល​មួយ​ដែល​អ្នក​បាន​ឃើញ ពាក្យ​សម្ដី ឬ​ទង្វើ​របស់​នរណាម្នាក់​មាន​ឥទ្ធិពល​លើ​នរណាម្នាក់​ឲ្យ​មាន​ទស្សនៈ​វិជ្ជមាន​លើ​សាសនាចក្រ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​រក​មើល​វិធី​ដើម្បី​តំណាង​យ៉ាង​វិជ្ជមាន ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​សប្ដាហ៍​ក្រោយ​ទៀត ។ នៅពេល​ដែល​អ្នក​ធ្វើ​ដូច្នោះ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក ។

គោលការណ៍​សំខាន់​មួយ ដែល​យើង​រៀន​ពី​ពេល​នេះ នៅ​ក្នុង​ប្រវត្តិសាសនាចក្រ​គឺ នៅពេល​យើង​ជ្រើសរើស​ឆ្លើយតប​ទៅនឹង​ការ​សាកល្បង ដោយ​សេចក្ដី​ជំនឿ​ជាជាង​ការ​សង្ស័យ​នោះ ទីបន្ទាល់​របស់​យើង​អាចត្រូវ​បាន​ពង្រឹង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ខុសប្លែក​ពីមុន ដោយសារ​តែ​គោលលទ្ធិ និង​គោលការណ៍​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ​ទៅ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន « សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាងជើង » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖