ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៦ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-១០; ១២២


មេរៀន​ទី ២៦ ៖ ថ្ងៃ ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-១០; ១២២

សេចក្តីផ្តើម

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១-២៣ មាន​នូវ​ផ្នែក​នៃ​សំបុត្រ​ដែល​បាន​ជ្រើស​រើស ដែល​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​ទៅ​កាន់​សាសនាចក្រ ចុះ​ថ្ងៃ​ទី ២០ ខែ មិនា ឆ្នាំ ១៨៣៩ ។ យ៉ូសែប ស្ម៊ីធ បាន​សរសេរ​សំបុត្រ​នេះ ខណៈដែល​លោក និង​ដៃ​គូ​ពីរ​បី​នាក់​របស់​លោក​ត្រូវ​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​គុកលិបើធី ។ នៅ​ក្នុង​សំបុត្រ​នោះ យ៉ូសែប​បាន​ដាក់​បញ្ចូល​នូវ​ការ​អធិស្ឋាន​មួយ​ចំនួន​របស់​លោក​សម្រាប់​ពួក​បរិសុទ្ធ​ដែល​កំពុង​រង​ទុក្ខ ដោយសារ​តែ​សកម្មភាព​នៃ​មារសត្រូវ​របស់​ពួកគេ ។ លោក​ក៏​បាន​ដាក់​បញ្ចូល​នូវ​ចម្លើយ​ដែល​លោក​បាន​ទទួល​សម្រាប់​ការ​អធិស្ឋាន​ទាំងនោះ​ផង​ដែរ ។ ( សូមមើល History of the Church ៣:២៨៩-៣០៥ ) ។ អ្នក​នឹង​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១-២៣ នៅ​ក្នុង​មេរៀន​ប្រចាំ​ថ្ងៃ​ទាំង​បួន​ថ្ងៃ នៅក្នុង​សប្ដាហ៍​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-៦

យ៉ូសែប ស៊្មីធ អធិស្ឋាន​សម្រាប់​ពួក​បរិសុទ្ធ​ដែល​បាន​រងទុក្ខ

សូម​នឹក​ស្រមៃ​ថា មិត្ត​ម្នាក់​នឹង​ឆ្លង​កាត់​បទពិសោធន៍​មួយ​ដ៏​លំបាក ។ មិត្ត​នោះ​ប្រាប់​អ្នក​ថា នាង​មិន​យល់​ថា​ហេតុអ្វី​បាន​ជា​នាង​ជួប​ទុក្ខ​លំបាក​បែប​នេះ ហើយ​ថា​នាង​មាន​អារម្មណ៍​ថា​ព្រះ​បាន​បោះបង់​នាង​ចោល ។ តើ​អ្នក​នឹង​ប្រាប់​អ្វី​ខ្លះ​ទៅ​មិត្ត​របស់​អ្នក ?

តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ប្រសិន​បើ​អ្នក​គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ជួប​ទុក្ខ​លំបាក​នោះ ?

នៅ​ពេល​អ្នក​សិក្សា​ពី​ការ​អធិស្ឋាន​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុក​លិបើធី និង​បន្ទូល​ទូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​លោក សូម​ស្វែងរក​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូទ្រាំ​ការ​សាកល្បង និង ទុក្ខ​វេទនា​ដោយ​សេចក្ដី​ជំនឿ ។

រូបភាព
ការ​សរសេរ​របស់​យ៉ូសែប ស្ម៊ីធ

នៅ​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៨៣៨ ចច ហ៊ីងខល ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ និង​ជា​វរសេនីយឯក​ម្នាក់​នៅ​ក្នុង​ជីវពល​រដ្ឋ​មិសសួរី បាន​ក្បត់​នឹង​យ៉ូសែប ស្ម៊ីធ ។ ហ៊ីងខល បាន​ប្រាប់​យ៉ូសែប​ថា ក្រុម​មនុស្ស​ដែល​វាយ​ធ្វើ​បាប​ដល់​ពួក​បរិសុទ្ធ​នៅ​ក្នុង​ទីក្រុង​ហ្វារវែស្ទ រដ្ឋ​មិសសួរី ចង់​ជួប​សម្ភាសន៍​ដោយ​សន្តិភាព ដើម្បី​ដោះស្រាយ​ការ​មិន​ចុះ​សម្រុង​នឹង​គ្នា ។ នៅ​ពេល​យ៉ូសែប និង ថ្នាក់​ដឹកនាំ​ផ្សេងទៀត​របស់​សាសនាចក្រ​បាន​មក​ដល់​សម្រាប់​បទសម្ភាសន៍​នោះ មាន​កងជីវពល​បាន​ចាប់​ពួកលោក​ដោយ​បង្ខិត​បង្ខំ​ដូចជា​អ្នក​ទោស​សង្គ្រាម ។ នៅ​ខែ​បន្ទាប់​នោះ យ៉ូសែប ស៊្មីធ និង​ពួក​សហការី​របស់​លោក​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​ទោស ហើយ​ជេរ​ប្រមាថ ខណៈដែល​មារសត្រូវ​របស់​ពួកលោក​បាន​យក​ពួក​លោក​ទៅ​ដាក់​គុក​ជាច្រើន​នៅ​ក្នុង​តំបន់​នោះ ហើយ​បាន​នាំ​ពួកលោក​ទៅ​មុខ​ចៅ​ក្រម​ជាច្រើន ។

ខណៈដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ អែលឌើរ ប៉ាលី ភី ប្រាត្ត និង ថ្នាក់​ដឹកនាំ​ផ្សេងទៀត​របស់​សាសនាចក្រ​ត្រូវ​បាន​ឃុំខ្លួន​យ៉ាង​អយុត្តិធម៌​ក្នុង​គុក​មួយ​នៅ​រីចម៉ន្ត រដ្ឋ​មិសសួរី ពួក​លោក​បាន​ឮ​ពួក​អ្នក​យាម​គុក​និយាយ​ភាសា​ថោកទាប ដូចជាទង្វើ​អាក្រក់​នៃ​ការ​ឆក់ប្លន់ ការ​ចាប់​រំលោភ និង ការ​កាប់សម្លាប់​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នៅ​ក្នុង​ការ​ពិពណ៌នា​របស់​លោក​អំពី​បទពិសោធន៍​នោះ អែលឌើរ ប្រាត្ត បាន​សរសេរ ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

« នៅ​យប់​ដ៏​ធុញ​ទ្រាន់​មួយ​នោះ យើង​បាន​ទម្រេត​ខ្លួន ដូច​ជា​ដេក​លក់ រហូត​ដល់​យប់​ជ្រៅ តែ​ត្រចៀក និង​ដួងចិត្ត​យើង ឈឺចាប់ ពេល​យើង​ស្ដាប់​ឮ​រាប់ម៉ោង​នូវ​ការ​ចំអក ការ​ស្បថអាក្រក់ៗ ការ​ប្រមាថ​គួរ​ឲ្យ​ខ្លាច និង​ភាសាស្មោកគ្រោក​របស់​ពួក​អ្នក​យាម ។…

« ខ្ញុំ​បាន​ស្ដាប់​ឮ​រហូត​ដល់​ខ្ញុំ​ខ្ពើមឆ្អើម តក់ស្លុត រន្ធត់ និង ពេញ​ដោយ​វិញ្ញាណ​ដ៏​ឈឺចាប់ ដែល​វា​ពិបាក​សម្រាប់​ខ្ញុំ​ដើម្បី​ទប់​ខ្លួន​កុំ​ឲ្យ​ឈរឡើង ហើយ​ស្ដី​បន្ទោស​ដល់​ពួកអ្នក​យាម​នោះ ប៉ុន្តែ ខ្ញុំ​ពុំ​និយាយ​អ្វី​ទាំងអស់​ទៅ​យ៉ូសែប … ទោះបី​ខ្ញុំ​ដេក​នៅ​ជិត​នឹង​លោក ហើយ​បាន​ដឹង​ថា លោក​ពុំ​ទាន់​ដេក​ក្ដី ។ រំពេច​នោះ លោក​បាន​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ដូចជា​សំឡេង​ផ្គរ​លាន់ ឬ​ដូចជា​តោ​គ្រហឹម និយាយ​យ៉ាង​ច្បាស់​ដែល​ខ្ញុំ​អាច​នៅ​ចាំបាន​ថា ៖

« ‹ ស្ងាត់​ទៅ ! មនុស្ស​អាក្រក់​ក្នុង​រណ្ដៅ​ដ៏​អប្រិយ​អើយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ស្ដី​បន្ទោស​ដល់​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ស្ងាត់​ភ្លាម ដ្បិត​ខ្ញុំ​នឹង​មិន​រស់នៅ​មួយ​នាទី​ទៀត ហើយ​ស្ដាប់​ឮ​ភាសា​ដូច្នេះ​ឡើយ ។ ឈប់​និយាយ​ភ្លាម បើ​មិន​ដូច្នោះ​អ្នក ឬ​ខ្ញុំ​នឹង​ស្លាប់​ឥឡូវ​នេះ ! ›

« លោក​បាន​ឈប់​វាចា ។ លោក​បាន​ឈរ​យ៉ាង​មុតមាំ​នៅ​ក្នុង​មហិទ្ធានុភាព​ខ្លាំង​ណាស់ ។ ត្រូវ​គេ​ដាក់​ច្រវ៉ាក់ ហើយ​ដោយ​គ្មាន​អាវុធ តែ​លោក​ស្ងប់ស្ងាត់ មិន​ក្រញេងក្រញាង ហើយ​ថ្លៃថ្នូរ​ប្រៀប​ដូច​ជា​ទេវតា​មួយ​អង្គ នោះ​លោក​បាន​មើល​ទៅ​អ្នក​យាម​ដែល​ឱប​ជង្គង់​រួញ​ខ្លាច​នៅ​គៀន​ជញ្ជាំង ឬ​ក្រាបចុះ​នឹង​ជើង​លោក បាន​សុំទោស​ដល់​លោក ហើយ​នៅស្ងៀម​រហូត​ដល់​វេន​ផ្លាស់​ប្ដូរ​អ្នក​យាម ។

« ខ្ញុំ​ធ្លាប់​ឃើញ​ពួក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ពាក់​រ៉ូប​របស់​ចៅក្រម … ខណៈ​ដែល​ជីវិត​ត្រូវ​បាន​ពន្យារពេល នៅ​ក្នុង​តុលាការ​ប្រទេស​អង់គ្លេស ខ្ញុំ​ធ្លាប់​ឃើញសមាជិក​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ដ៏​ឱឡារិក​ចេញ​ច្បាប់​សម្រាប់​ប្រទេស​ជាតិ ខ្ញុំ​បាន​ធ្លាប់​ព្យាយាម​គិត​អំពី​ពួក​ស្តេច ពួក​រាជវាំង បល្ល័ង្ក និង មកុដ និង​អំពីពួក​អធិរាជ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សម្រេច​ពី​ជោគវាសនា​នៃ​នគរ​នានា ប៉ុន្តែ​សេចក្ដី​ថ្លៃថ្នូរ និង អានុភាព​ដ៏អស្ចារ្យ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​គឺ​មាន​តែ​ម្ដង​គត់គឺ​នៅ​ពេល​លោក​ឈរ​ទាំង​ជាប់​ច្រវ៉ាក់​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​ក្នុង​គុក​មួយ​នៅ​ភូមិ​ដ៏​ងងឹត​នៃ​រដ្ឋ​មិសសួរី » ( Autobiography of Parley P. Pratt ed. Parley P. Pratt Jr. [ ឆ្នាំ ១៩៣៨ ] ទំព័រ ២១០–១១ ) ។

រូបភាព
យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុក

« សេចក្ដី​ថ្លៃថ្នូរ និង អានុភាព​ដ៏អស្ចារ្យ … ឈរ​ទាំង​ជាប់​ច្រវ៉ាក់ » ។

ខណៈ​នៅ​រង់ចាំ​វិនិច្ឆ័យកិច្ច​ដោយសារ​តែ​ការ​ចោទ​ប្រកាន់​ខុស ហើយ​ដោយ​គ្មាន​វិនិច្ឆ័យកិច្ច​ត្រឹមត្រូវ យ៉ូសែប ស៊្មីធ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​របស់​សាសនាចក្រ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដាក់​គុក​នៅ​ក្នុង​លិបើធី រដ្ឋ​មិសសួរី នៅ​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ។ ( សូមមើល ប្រវត្តិ​នៃ​សាសនាចក្រ ៣:១៨៨-៨៩, ២១៥ ) ។

រូបភាព
គុកលិបើធី

គុកលិបើធី រដ្ឋ​មិសសួរី

នៅ​អំឡុង​បួន​ខែ​បន្ទាប់​មក​ទៀត ព្យាការី បងប្រុស​លោក ហៃរុម អាឡិចសាន់ឌើរ ម៉ាក់រ៉ា ឡៃម៉ាន វ៉ែត និង ខាលិប បលវិន ត្រូវ​បាន​គេ​យក​ទៅ​ដាក់​នៅ​ជាន់​ក្រោម​នៃ​គុកលិបើធី​នៅ​ក្នុង​រដូវ​រងារ​យ៉ាង​ល្វីង​ជូ​ចត់ ។ ស៊ីឌនី រិកដុន ក៏​បាន​នៅ​ជាមួយ​នឹង​ពួក​លោក​មួយ​រយៈ​ដែរ ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​ដោះ​លែង​នៅ​ដើម​ខែ​កុម្ភៈ ។ គុក​ក្រោម​ដី​នោះ​មាន​ទំហំ​ប្រហែល​ជា ៤.៣ ម៉ែត្រ​គុណ​នឹង ៤.៣ ម៉ែត្រ ) ។ ពិដាន​មាន​កម្ពស់​ចន្លោះ​ពី ១.៨ ម៉ែត្រ និង ២ម៉ែត្រ ។ មាន​បង្អូច​តូច​ពីរ​ដែល​ផ្ដល់​ពន្លឺ​ព្រឹមៗ ហើយ​នៅ​ពី​ខាង​ក្រៅ​បង្អួចច​ទាំងនេះ មាន​មនុស្ស​ជាច្រើន​បាន​ចំអក ហើយ​ប្រមាថ​ដល់​ពួក​អ្នក​ជាប់​ឃុំ ។ ពួក​អ្នក​ជាប់​ឃុំ​ទាំងនោះ​បាន​ដេក​នៅ​លើ​ចំបើង​ដែល​កខ្វក់ ហើយ​មាន​ពេល​ខ្លះ​យ៉ូសែប​គ្មាន​ភួយ​ដណ្ដប់​ឡើយ ។ ម្ដងម្កាល​អាហារ​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុល ហើយ​ពេល​ខ្លះ​ទៀត​វា​គួរ​ឲ្យ​ខ្ពើម​រអើម​ខ្លាំង​ណាស់ ប៉ុន្តែ​ពួក​លោក​ទទួល​ទាន​ដោយ​សារ​តែ​ភាព​ស្រេក​ឃ្លាន ។ ពួកលោក​កម្រ​នឹង​ឲ្យ​មាន​អ្នក​មក​សួរ​សុខ​ទុក្ខ​ណាស់ ហើយ​មាន​ទុក្ខ​ជា​ទម្ងន់​ដោយ​ស្ដាប់​ឮ​ពី​ការ​រងទុក្ខ​របស់​ពួក​បរិសុទ្ធ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​រដ្ឋ​មិសសួរី​នៅ​ពាក់​កណ្ដាល​រដូវ​រងារ ។

ខ្លឹម​សារ​សំបុត្រ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ១២១-២៣​មាន​បញ្ចូល​នូវ​ការ​អធិស្ឋាន​មួយ​ចំនួន​របស់​យ៉ូសែប ស្ម៊ីធ ទៅ​កាន់​ព្រះអម្ចាស់ ។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់​ព្យាការី តើ​អ្នក​នឹង​អធិស្ឋាន​សុំ​អ្វី​ខ្លះ ?

សូម​អាន​គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-៦ ហើយ​កត់សម្គាល់​ពី​អ្វី​ដែល​ព្យាការី​បាន​អធិស្ឋាន​សុំ រួម​បញ្ចូល​ទាំង​សំណួរ​ដែល​លោក​បាន​សួរ​ផង​ដែរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។ ( នៅ​ពេល​អ្នក​អាន​ខ ១ និង ៤ វា​ជា​ការ​ល្អ​ដើម្បី​ស្គាល់​ថា ព្រះពន្លា​គឺជា​អគារ​មួយ ឬ​គ្រោង​មួយ​ទៀតដែល​ផ្ដល់​ទី​ជម្រក ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-១០; ១២២

ព្រះអម្ចាស់​លួងលោម​យ៉ូសែប ស្ម៊ីធ

ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការ​អធិស្ឋាន​របស់​យ៉ូសែប ស្ម៊ីធ គឺ​មាន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៤៦​និង​១២២:១-៩ ។ សូម​អាន​គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៩ ដោយ​ស្វែង​រក​សេចក្ដី​ពិត​ដែល​បាន​ជួយ​យ៉ូសែប និង​ពួក​ដៃ​គូ​របស់​លោក​នៅ​ក្នុង​គុក​លិបើធី ។

រូបភាព
យ៉ូសែប ស៊្មីធ
  1. នៅ​ពេល​អ្នក​សិក្សា​គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៩ សូម​បំពេញ​កិច្ចការ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​សេចក្ដី​ពិត​ចំនួន​ពីរ​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ ។ សូម​ពន្យល់​ពី​របៀប​ដែល​គោលការណ៍ ឬ​គោលលទ្ធិ​ទាំងនេះ​ប្រហែល​ជា​បាន​ជួយ​ដល់​យ៉ូសែប និង ពួក​ដៃ​គូ​របស់​លោក ។

    2. សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ ៖ តើ​អ្នក​គិត​ថា​អ្វី​ទៅ​ជា​ភាព​ខុស​ប្លែក​គ្នា​រវាង​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង និង ការ​ស៊ូទ្រាំ​នឹងការ​សាកល្បង​បាន​ល្អ ? ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា សេចក្តី​ទំនាស់ និង សេចក្ដី​លំបាក​របស់​យ៉ូសែប ស្ម៊ីធ នោះ « គ្រាន់តែ​មួយ​ភ្លែត​ប៉ុណ្ណោះទេ » ( គ. និង ស. ១២១:៧ ) ។ តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាងណា ? តើ​ទស្សននេះ​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​របស់​យើង​ឲ្យ​ល្អ​តាម​របៀប​ណា ?

    3. សូម​សរសេរ​ពាក្យ​ពីរ ឬ​បី​ប្រយោគ​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ហើយ​មាន​គំរូ​នៃ​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​បាន​ល្អ ។

  2. សូម​គិត​ឡើង​វិញ​ពី​ស្ថានភាព​ដែល​បាន​ពិពណ៌នា​នៅ​ដើម​មេរៀន​នេះ—មិត្ត​ម្នាក់​ដែល​កំពុង​រងទុក្ខ ហើយ​គិត​ថា​ព្រះ​បាន​បោះបង់​នាង​ចោល ។ សូម​សរសេរ​សំបុត្រ​លួងលោម​ចិត្ត​មួយ​ច្បាប់​ទៅ​កាន់​មិត្ត​ម្នាក់​នេះ ដោយ​ប្រើ​សេចក្ដីពិត​ដែល​អ្នក​រក​ឃើញ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧-៩ ។ សូម​ពន្យល់​ពី​របៀប​ដែល​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​ដល់​នាង ។ អ្នក​អាច​នឹង​ចង់​ដកស្រង់​ផ្នែក​មួយ​ចំនួន ឬ​ផ្នែក​ទាំង​ស្រុង​នៃ​ខ ៩​ដាក់​នៅ​ក្នុង​សំបុត្រ​នេះ ។

សូម​សញ្ជឹង​គិត​ពី​កម្លាំង​ដែល​អ្នក​ទទួល​បាន​ពី​ចំណេះដឹង​របស់​អ្នក​ថា នៅ​ពេល​យើង​អំពាវនាវ​ដល់​ព្រះអម្ចាស់​នៅ​ក្នុង​គ្រា​នៃ​សេចក្ដី​ទំនាស់ និង សេចក្ដី​ទុក្ខ​លំបាក យើង​អាច​ទទួល​បាន​សេចក្ដី​សុខសាន្ត​របស់​ទ្រង់ ហើយ​ថា​ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​ការ​សាក​ល្បង​បាន​ល្អ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​នៅ​ពេល​នេះ និង​នៅ​ភាពអស់​កល្ប​ជានិច្ច ។

នៅ​ក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ១២២ យើង​អាន​ពាក្យ​ទូន្មាន និង ការ​លួងលោម​បន្ថែម​ទៀត​ដែល ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ូសែប ស្ម៊ីធ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:១-៤ ដោយ​ស្វែងរក​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​យ៉ូសែប ស្ម៊ីធ ។ តើ​អ្នក​គិត​ថា ការ​សន្យា​ទាំងនេះ​បាន​ជួយ​ព្យាការី​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​យ៉ាង​ណា​ខ្លះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៥-៧ ដោយ​ស្វែងរក​គោលការណ៍​មួយ ដែល​ព្រះអម្ចាស់​បាន​បង្រៀន យ៉ូសែប ស៊្មីធ អំពី​ហេតុផល​ដែល​យើង​ជួយ​សេចក្ដី​ទុក្ខ​លំបាក ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ និង​ប្រយោគ​ដែល​សំខាន់​ចំពោះ​អ្នក ។

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពី​គោលបំណង​មួយ​នៃ​សេចក្ដី​ទុក្ខ​លំបាក ? សូម​បំពេញ​ប្រយោគ​ដូចតទៅនេះ ៖​សេចក្ដី​ទុក្ខ​លំបាក​អាច​ផ្ដល់​ឲ្យ​យើង ហើយ​ទៅ​ ជា។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ពី​របៀប​ដែល​សេចក្ដី​ទុក្ខ​លំបាក​អាច​ផ្ដល់​ការ​ពិសោធន៍​ដល់​យើង ហើយ​ទៅ​ជា​ការ​ល្អ​ដល់​យើង ។

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ នៅ​ពេល​សេចក្ដី​ទំនាស់​ចូល​មក​ក្នុង​ជីវិត​អ្នក ។ អ្នក​គ្រវី​ក្បាល ហើយ​នឹក​ឆ្ងល់​ថា ‹ ហេតុអ្វី​ជា​រូប​ខ្ញុំ › ?

« ប៉ុន្តែ​នៅ​ទី​បំផុត​ទុក្ខព្រួយ​នេះ​នឹង​កើត​មាន​ចំពោះ​យើង​ម្នាក់ៗ ។ នៅ​ពេល​ខុសៗគ្នា មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ជួប​នឹង​ទុក្ខព្រួយ ។ គ្មាននរណាម្នាក់ចៀសផុតឡើយ » ។…

« ការ​រៀន​ស៊ូទ្រាំ​ក្នុងគ្រា​នៃ​ការ​ខកចិត្ត ការ​រងទុក្ខ និង​សោកសៅ គឺ​ជា​ផ្នែក​នៃ​ការ​បំពាក់បំប៉ន​ការងារ​របស់​យើង ។ ​ជា​ញឹកញាប់ បទពិសោធន៍​ទាំងនេះហាក់​បីដូច​ជា​ពិបាក​ទ្រាំទ្រ តែវាក៏​ជា​ប្រភេទ​នៃ​បទពិសោធន៍​ជាក់លាក់ ដែល​ពង្រីក​ការ​យល់ដឹង​របស់​យើង ស្ថាបនា​ចរិក​លក្ខណៈ​របស់​យើង ហើយ​បង្កើន​សេចក្ដីមេត្តា​របស់​យើង​ចំពោះ​អ្នក​ដទៃ » (Come What May, and Love It » EnsignLiahona,ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ ) ។

រូបភាព
អែលឌើរ អួសុន អែហ្វ វិតនី

អែលឌើរ អួសុន អែហ្វ វិតនី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ក៏​បាន​បង្រៀន​ថា សេចក្ដី​លំបាក​នានា​អាច​ទៅ​ជា​ការ​ល្អ​ដល់​យើង ៖ « គ្មាន​ការ​ឈឺចាប់​ណា​មួយ​ដែល​យើង​រងទុក្ខ គ្មាន​ការ​សាកល្បង​ណា​មួយ​ដែល​យើង​ជួប​ជា​រឿង​អាសារ​ឥត​ការ​ឡើយ » ។ វា​បម្រើ​ដល់​ការអប់រំ​របស់​យើង ដល់​ការអភិវឌ្ឍ​នៃ​គុណសម្បត្តិ​ដូចជា ការអត់ធ្មត់ សេចក្ដីជំនឿ ការរឹងមាំ និង ការបន្ទាបខ្លួន ។ អ្វី​ទាំងអស់​ដែល​យើង​រងទុក្ខ និង​អ្វី​ទាំងអស់​ដែល​យើង​ស៊ូទ្រាំ ជាពិសេស​នៅពេល​យើង​ស៊ូទ្រាំ​វា​ដោយ​អត់ធ្មត់​នោះ វា​នឹង​ពង្រឹង​ដល់​អត្តចរិត​របស់​យើង បន្សុទ្ធ​ដួងចិត្ត​យើង ពង្រីក​ព្រលឹង​យើង និង ធ្វើឲ្យ​យើង​ចេះ​ស្រឡាញ់ និង​សប្បុរស​កាន់តែ​ខ្លាំង កាន់តែ​សាកសម​នឹង​ត្រូវបាន​ហៅ​ថា​ជា​កូនចៅ​នៃ​ព្រះ … ហើយ​វា​គឺ​តាមរយៈ​សេចក្ដីសោកសៅ និង​ការរងទុក្ខ ការលំបាក​និង ទុក្ខព្រួយ ដែល​យើង​ទទួល​បាន​ការអប់រំ​ដែល​យើង​មក​ទីនេះ​ដើម្បី​ទទួល​បាន » ( នៅក្នុង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ៩៨ ) ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ជួប​សេចក្ដី​លំបាក​ច្រើន​ទៀត​ក្រោយ​ពី​លោក​បាន​រង​ទុក្ខ​នៅ​ក្នុង​គុក​លិបើធី ។ ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ថ្លែង ៖ « យ៉ូសែប​មិន​អាច​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ ទោះ​ជា​លោក​បាន​រស់នៅ​ដល់​រាប់ពាន់​ឆ្នាំ​ក្ដី ប្រសិន​បើ​លោក​គ្មាន​ការ​បៀតបៀន ។ ប្រសិន​បើ​លោក​រស់​នៅ​បាន​រាប់​ពាន់​ឆ្នាំ ហើយ​ដឹកនាំ​ប្រជាជន​នេះ ហើយ​ផ្សាយ​ដំណឹង​ល្អ​ដោយ​គ្មាន​ការ​បៀត​បៀន នោះ​លោក​មិន​អាច​ល្អ​ឥត​ខ្ចោះ​ដូចជា​លោក​បាន​រស់​នៅ​ត្រឹម​តែ [ សាមសិប​ប្រាំ​បី ] ឆ្នាំ​ឡើយ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៦៤) ។

  1. នៅ​ក្នុង​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​បទពិសោធន៍​ដ៏​លំបាក​មួយ​ដែល​បាន​ក្លាយ​ជា​ការ​ល្អ​ដល់​អ្នក ។

តើ​អ្នក​ធ្លាប់​ឮ​គេ​និយាយ​ថា គ្មាន​នរណា​ម្នាក់​យល់​ពី​ការ​សាកល្បង​ដែល​ពួកគេ​កំពុង​ជួប​ដែរ​ឬទេ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៨ ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​អាច​មាន​បន្ទូល​តប​ទៅ​នឹង​មតិ​នេះ ។ ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​អ្នក​អំពី​ប្រយោគ​ថា « បាន​ចុះ​ទាប​ជាង​ការណ៍​ទាំងនោះ​ទៅ​ទៀត » សូម​អាន​នីហ្វៃទី២ ៩:២០-២១; អាលម៉ា ៧:១១; និង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៥-៦ ។ អ្នក​អាច​ពិចារណា​សរសេរ​នូវ​គោលលទ្ធិ​ដូច​តទៅ​នេះ​នៅ​ក្បែរ​គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៨ ៖ ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​ការ​ឈឺចាប់ និង​សេចក្ដី​លំបាក​របស់​មនុស្ស​ទាំងអស់ ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​អធិស្ឋាន​នៅក្នុង​ច្បារ​គែតសេម៉ានី
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា គោលលទ្ធិ​នេះ​បាន​ជួយ​ព្យាការី យ៉ូសែប ស៊្មីធ និង ពួក​ដៃគូ​របស់​លោក​នៅ​ក្នុង​គុក​លិបើធី​តាម​របៀប​ណា​ខ្លះ ?

    2. តើ​គោលលទ្ធិ​នេះ អាច​ជួយ​អ្នក នៅពេល​អ្នក​ជួប​នឹង​បញ្ហា​យ៉ាង​ដូចម្ដេច​ខ្លះ ?

អែលឌើរ វ៉ឺតលីន បាន​បង្រៀន ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ដោយ​សារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​យ៉ាង​មហិមា ទ្រង់​យល់​ពី​ការ​រង​ទុក្ខ​របស់​យើង ។ ទ្រង់​យល់​ពី​ភាព​សោកសៅ​របស់​យើង ។ យើង​ជួប​រឿង​លំបាកៗ​ដើម្បី​យើង​អាច​មាន​សេចក្ដី​មេត្តា​ករុណា និង ការ​យល់​ដឹង​កាន់តែ​ច្រើន​ចំពោះ​មនុស្ស​ផ្សេង​ទៀត ។

« សូម​ចងចាំ​បន្ទូល​ដ៏​ឧត្តម​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​ពេល​លោក​បាន​រង​ទុក្ខ​ជាមួយ​នឹង​ពួក​ដៃ​គូ​របស់​លោក​នៅ​ក្នុង​ភាព​ងងឹត​អាប់អួរ​នៃ​គុក​លិបើធី ។

« ‹ បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេច​ក្ដី​លំបាក​របស់​អ្នក​នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

« ‹ ហើយ​ខណៈ​នោះ បើសិនជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ › ។ ( គ. និង ស. ១២១:៧-៨ ) ។

« ជាមួយ​នឹង​ទស្សន​ដ៏​អស់​កល្ប​នោះ យ៉ូសែប​បាន​យក​ការ​លួងលោម​ពី​បន្ទូល​ទាំង​នេះ ហើយ​យើង​ក៏​អាច​ធ្វើ​ដូច​គ្នា​ផង​ដែរ » ( « Come What May, and Love It » ទំព័រ ២៧ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២២:៩ ហើយ​គិត​ពី​របៀប​ដែល​ខគម្ពីរ​នេះ​មាន​ទំនាក់ទំនង​នឹង​ជីវិត និង​ការ​បម្រើ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​បន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២២:៩ ពង្រឹង​ដល់​អ្នក​នៅ​ក្នុង​គ្រា​ដ៏​លំបាក​បាន​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​សំបុត្រ​នេះ​ត្រូវ​បាន​សរសេរ​មិន​យូរ​ប៉ុន្មាន ព្រះអម្ចាស់​បាន​បើក​ផ្លូវ​ឲ្យ​យ៉ូសែប ស្ម៊ីធ និង ពួក​ដៃ​គូ​របស់​លោក​ទៅ​ជួប​ជុំ​នឹង​ពួក​បរិសុទ្ធ​នៅ​រដ្ឋ​អិលលីណោយ ។ ព្រះ​បាន​គង់​នៅ​ជាមួយ​នឹង​អ្នក​បម្រើ​របស់​ទ្រង់ យ៉ូសែប ស៊្មីធ​ពេញ​មួយ​ជីវិត​របស់​យ៉ូសែប ។ ក្រោយ​មក​ទៀត មួយ​ឆ្នាំ​កន្លះ​ពី​មុន​លោក​ត្រូវ​បាន​គេ​ធ្វើ​ទុក្ករកម្ម យ៉ូសែប ស៊្មីធ​បាន​ប្រកាស ៖ « ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា​គឺជា​ខែល​របស់​ខ្ញុំ ហើយ​តើ​មនុស្ស​អាច​ធ្វើ​អ្វី​បាន ប្រសិន​បើ​ព្រះ​ជា​មិត្ត​របស់​ខ្ញុំ ? » ( នៅ​ក្នុង History of the Church ៥:២៥៩ ) ។ ប្រសិន​បើ​យើង​បន្ត​ស្មោះត្រង់​នៅ​ក្នុង​សេចក្ដី​លំបាក​របស់​យើង នោះ​ព្រះ​ក៏​នឹង​គង់​នៅ​ជិត​យើង ដើម្បី​ពង្រឹង ហើយ​ជ្រោមជ្រែង​យើង​ជា​រៀង​រហូត ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១-១០១២២:១–៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖