ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៨ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១


មេរៀន​ទី ២៨ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣១

សេចក្ដីផ្ដើម

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១ រួម​មាន​នូវ​ការ​បកស្រាយ​មួយ​អំពី​គោលការណ៍​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​កាល​នៅ​រ៉ាមូស រដ្ឋ អិលលីណោយ នៅ​ថ្ងៃ​ទី ១៦–១៧ ខែ ឧសភា ឆ្នាំ ១៨៤៣ ។ លោក​បាន​បង្រៀន​អំពី​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​ជានិច្ច​នៃ​អាពាហ៍​ពិពាហ៍ និង ការ​សន្យា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​សម្រាប់​អ្នក​ស្មោះត្រង់ ។ លោក​ក៏​បាន​បង្រៀន​ផង​ដែរ​ថា គ្រប់​អស់​ទាំង​វិញ្ញាណ​សុទ្ធ​តែ​ជា​ធាតុ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១-៤

យ៉ូសែប ស៊្មីធ បង្រៀន​អំពី​សារៈសំខាន់​នៃ​សេចក្ដី​សញ្ញា​អាពាហ៍​ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច

រូបភាព
គូស្វាមីភរិយា ស្លៀកពាក់-ស​ថត​នៅ​ពី​មុខ​ព្រះ​វិហារ​បរិសុទ្ធ

ហេតុអ្វី​ព្រះអម្ចាស់ និង ថ្នាក់ដឹកនាំ​សាសនាចក្រ​ធ្វើ​ការ​គូសបញ្ជាក់​យ៉ាង​ខ្លាំង​ពី​ការ​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១ ជួយ​យើង​ឲ្យ​ឆ្លើយ​សំណួរ​នោះ ។ ដូចគ្នា​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ ដែល​អ្នក​នឹង​សិក្សា​នៅ​មេរៀន​បន្ទាប់ ។

នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដំណើរ​ទៅកាន់ រ៉ាមូស រដ្ឋ​អិលលីណយ ។ កាល​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​បេនយ៉ាមីន និង មិលីហ្សា ចនសុន លោក​បាន​ផ្សារភ្ជាប់​ពួកគេ​ជា​ស្វាមី ភរិយា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( ពិធីបរិសុទ្ធ​នេះ​បាន​ផ្ដល់​សិទ្ធិ​បណ្ដោះអាសន្ន​រហូត​ដល់​ព្រះវិហារ​បរិសុទ្ធ​បាន​សង់​រួច​រាល់ ) ។ លោក​ក៏​បាន​បង្រៀន​ផង​ដែរ​ពី​របៀប​ដែល​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ទាក់ទង​នឹង​នគរ​សេឡេស្ទាល ។ សេចក្ដីពិត​ទាំង​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៤ ។ ( សូមមើល History of the Church ៥:៣៩១-៩២ )។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១ ដោយ​ស្វែងរក​សេចក្ដីពិត​មួយ ដែល​ព្យាការី​បាន​បើកសម្ដែង​អំពី​នគរ​សេឡេស្ទាល ។ បន្ទាប់​មក សូម​បំពេញ​គោលការណ៍​ដូចតទៅ​នេះ ៖ មាន ស្ថានសួគ៌ ឬ​កម្រិត​នៅ​ក្នុងនគរ​សេឡេស្ទាល ។

ជារឿយៗ យើង​យោងទៅ​ការ​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​សិរី​ល្អ​នៅ​ក្នុង​នគរ​សេឡេស្ទាល​ជា​ភាព​តម្កើងឡើង ឬ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អស់​អ្នក​ដែល​ទទួល​កម្រិត​នេះ​នៅ​ក្នុង​សិរី​ល្អ​សេឡេស្ទាល​នឹង​រស់នៅ​ក្នុង​ជីវិត​ដូចគ្នា​ដែល​ព្រះវរបិតា​សួគ៌​យើង​មាន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:២-៤ ដោយ​ស្វែងរក​អ្វី ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១-៤ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ខគម្ពីរ​ទាំងនេះ​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

យោង​តាម​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង ខ ២ សូម​បំពេញ​សេចក្ដី​ថ្លែង​ការណ៍​ខាង​គោលលទ្ធិ​ដូច​តទៅ​នេះ ៖ ដើម្បី​ទទួល​បាន​កម្រិត​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល យើង​ត្រូវ​ចូល​ ទៅ​ក្នុង។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៤ យើង​រៀន​ថា ប្រសិន​បើ​យើង​មិន​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិទ្ធិអំណាច​ត្រឹមត្រូវ​ទេ នោះ​យើង « ពុំ​អាច​បានភាព​ចម្រើន​ឡើយ » ។ ភាព​ចម្រើន សំដៅ​ទៅ​លើ​ឱកាស​ដើម្បី​បន្ត​មាន​កូនចៅ​នៅ​ក្នុង​នគរ​សេឡេស្ទាល ។

សូម​កត់សម្គាល់​ឃ្លា « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » នៅ​ក្នុង ខ ២ ។ ពាក្យ ថ្មី នៅក្នុង​បរិបទ​នេះ​មានន័យ​ថា សេចក្ដីសញ្ញា​នេះ​ត្រូវបាន​ស្ដារឡើង​វិញ​ថ្មី​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​របស់​យើង ។ ពាក្យ អស់កល្ប​អស់កាល​ជានិច្ច មាន​ន័យ​ថា សេចក្ដីសញ្ញា​ដ៏​សំខាន់​នេះ​នឹង​បន្ត​នៅ​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។ យើង​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល​នេះ​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។

តើ​អ្នក​គិត​ថា អាពាហ៍ពិពាហ៍​សេឡេស្ទាល​រវាង​បុរស និង​ស្ត្រី​រៀបចំ​ពួកគេ​សម្រាប់​ភាព​តម្កើង​ឡើង​ដោយ​របៀប​ណា ? អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ជា​ទស្សន​ដ៏​សំខាន់​មួយ​ចំនួន​ចំពោះ​សំណួរ​នេះ ។ នៅ​ពេល​អ្នក​អាន​អ្វី​ដែល​លោក​បាន​បង្រៀន សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ពន្យល់​ពី​របៀប​ដែល​អាពាហ៍ពិពាហ៍​សេឡេស្ទាល​ជួយ​រៀបចំ​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ហេតុផល​ខាង​គោលលទ្ធិ​ពីរ​ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​ហេតុផល​ដែល​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​រឿង​ដ៏​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា ។

«ហេតុផល​ទី ១ ៖ធម្មជាតិ​នៃ​វិញ្ញាណ​បុរស និង ស្ត្រី​បំពេញ ហើយ​ធ្វើ​ឲ្យ​ទាំង​សងខាង​បាន​ល្អ​ឥតខ្ចោះ ហេតុដូច្នេះហើយ បុរស និង ស្ត្រី​ត្រូវ​តាំង​ចិត្ត​ដើម្បី​រីកចម្រើន​រួមគ្នា​ឆ្ពោះ​ទៅកាន់​ភាព​តម្កើង​ឡើង ។…

« តាមរយៈ​ការរចនាដ៏ទេវភាព​បុរស និង ស្ត្រី ត្រូវបាន​តាំងចិត្ត​ដើម្បី​រីក​ចម្រើន​ជាមួយ​គ្នា​ឆ្ពោះទៅកាន់​ភាពល្អ​ឥតខ្ចោះ និង ភាពដ៏​ពេញលេញ​នៃ​សិរី​ល្អ ។ ដោយសារ​ភាពខុសគ្នា​នៃ​និស្ស័យ និង សមត្ថភាព​របស់​ខ្លួន បុរស និង ស្ត្រី​គ្រប់រូប​នាំ​មក​កាន់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​នូវ​ទស្សនវិស័យ និង បទពិសោធន៍​ដ៏​ពិសេស ។ បុរស និង ស្ត្រី​មាន​លក្ខណៈ​ផ្សេង​គ្នា ប៉ុន្តែមានភាព​ស្មើគ្នាតែមួយ និង សាមគ្គី​ភាព ដែល​កិច្ចការ​ទាំងនេះ​មិន​អាច​ទទួល​បាន​ជោគជ័យ​បានតាម​វិធី​ផ្សេង​ឡើយ ។ បុរស​បំពេញ និង​ធ្វើ​ឲ្យ​ស្រ្ដី​បាន​គ្រប់លក្ខណ៍ ហើយ​ស្ត្រីបំពេញ និង​ធ្វើ​ឲ្យបុរស​បាន​គ្រប់​លក្ខណ៍ នៅពេលពួកគេ​រៀនពីគ្នា ហើយពង្រឹង និង​ប្រទានពរ​ដល់គ្នាទៅវិញទៅមក​នោះ ។…

« ហេតុផល​ទី ២ ៖ តាមរយៈ​ការ​រៀបចំ​របស់​ព្រះ ទាំង​បុរស និង ស្ត្រី​ត្រូវ​នាំ​យក​កូនចៅ​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​ផ្ដល់​មជ្ឈដ្ឋាន​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ចិញ្ចឹមបីបាច់​កូនចៅ …

« គេហដ្ឋាន​មួយ​ដែល​មាន​ស្វាមីភរិយា​ដែល​ស្មោះត្រង់ ហើយ​ចេះស្រឡាញ់​គ្នា​គឺជា​មជ្ឈដ្ឋាន​ដ៏​ល្អ​បំផុត​ដែល​កូនចៅ​អាច​ត្រូវ​បាន​ចិញ្ចឹម​ដោយ​សេចក្ដី​ស្រឡាញ់ និង សេចក្ដីសុចរិត ហើយ​ដែល​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម​របស់​កូនចៅ​អាច​ត្រូវ​បាន​បំពេញ ។ ដូចជា​បុគ្គលិក​លក្ខណៈ​ដាច់​ពី​គ្នា​របស់​បុរស និង ស្ត្រី​ធ្វើ​វិភាគទាន​ចំពោះ​ភាព​ពេញលេញ​នៃទំនាក់ទំនង​អាពាហ៍ពិពាហ៍​ដែរ ដូច្នេះ​បុគ្គលិក​លក្ខណៈ​ដូចគ្នា​នោះ​មាន​សារៈសំខាន់​ដើម្បី​ចិញ្ចឹមបីបាច់ ហើយ​បង្រៀន​ដល់​កូនចៅ » ( « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ ឬ Liahonaខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៥១–៥២ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការ​យល់ដឹង​គោលលទ្ធិ​ថា​អាពាហ៍ពិពាហ៍​សេឡេស្ទាល​គឺ​ចាំបាច់​សម្រាប់​ភាព​តម្កើងឡើង​អាច​ជះ​ឥទ្ធិពល​លើ​អ្វី​ដែល​អ្នក​ស្វែងរក​នៅ​ក្នុង​ស្វាមី ឬ​ភរិយា​នា​ពេល​អនាគត​យ៉ាងដូចម្ដេច ?

    2. ហេតុអ្វី​បាន​វា​សំខាន់​ដើម្ប​ដាក់​អាទិភាព​មួយ​ដើម្បី​រៀបចំខ្លួន​ទទួល « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » នៅ​វ័យ​របស់​អ្នក ( គ. និង ស. ១៣១:២ ) នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ពរជ័យ​នៃ​ភាព​តម្កើង​ឡើង​គឺ​មាន​ចំពោះ​អស់​អ្នក​ដែល​គ្មាន​ឱកាស​សម្រាប់​អាពាហ៍ពិពាហ៍​សេឡេស្ទាល​នៅ​ក្នុង​ជីវិត​នេះ ៖ « សមាជិក​សាសនាចក្រ​មួយ​ចំនួន​នៅលីវ​រហូត​ដែល​ពុំ​មែន​ជា​កំហុស​របស់​ពួកគេ ទោះជា​ពួកគេ​ចង់​រៀបការ​ក្ដី ។ ប្រសិនបើ​អ្នក​ឃើញ​ខ្លួន​អ្នក​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ សូម​ប្រាកដ​ថា ‹ គ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្តីល្អ ដល់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះ › ( រ៉ូម ៨:២៨ ) ។ នៅពេល​អ្នក​បន្ដ​មាន​ភាពសក្ដិសម នោះ​នៅ​ថ្ងៃ​ណា​មួយ នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់ អ្នក​នឹង​បាន​ពរជ័យ​ទាំងឡាយ​នៃ​ទំនាក់ទំនង​គ្រួសារ​ដ៏​អស់កល្ប ។ ព្រះអម្ចាស់​បាន​ធ្វើ​ការ​សន្យា​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​តាមរយៈ​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់ » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​ដំណឹងល្អ[ឆ្នាំ ២០០៤ ] ទំព័រ ៩៩) ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣១:១-៤

  1. សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១-៤ បីដង ។ សូម​គូរ​រូបភាព​មួយ​ដែល​ជួយ​ពន្យល់​ពី​សេចក្ដី​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ស្វែងរក​ឱកាស​មួយ​ដើម្បី​បង្រៀន​ចំណេះចំណាន​ខគម្ពីរ​ទៅ​ដល់​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ​ម្នាក់ ។ សូម​ពិចារណា​អំពី​ការប្រើ​រូបភាព​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ពន្យល់​ពី​សេចក្ដីពិត​នោះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ថា​មនុស្ស​ណា​ដែល​អ្នក​បាន​បង្រៀន ហើយ​នៅពេលណា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៥-៦

យ៉ូសែប ស៊្មីធ ពន្យល់​ពី « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង »

ការ​ធានាអះអាង​មួយ​គឺជា​ការ​សន្យា ឬ​ការ​អះអាង​ថា​អ្វី​មួយ​នឹង​កើត​មាន​នៅ​ពេល​អនាគត ។

សូម​ពិចារណា​ពី​សំណួរ​ដូចតទៅនេះ ៖ តើ​ការ​មាន​ការ​ធានា​អះអាង មាន​អត្ថប្រយោជន៍​អ្វីខ្លះ? ហេតុអ្វី​បាន​ជា​ការ​ធានាអះអាង​ពី​ព្រះវរបិតាសួគ៌​មាន​តម្លៃ​ជា​ពិសេស ?

នៅ​រ៉ាមូស រដ្ឋអិលលីណោយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ ឧសភា ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ធ្វើ​ការ​បង្រៀន​អំពី​ឃ្លា​មួយ​ដែល​នៅ​ក្នុង ពេត្រុស ទី២ ១:១៩ ដែល​តំណាង​ឲ្យ​ការ​អះអាង​មួយ​មក​ពី​ព្រះ ( សូមមើល History of the Church ៥:៣៩២ ) ។ សូម​បើក​ទៅ ពេត្រុស ទី២ ១:១៩ ហើយ​រកឃ្លា « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ។ រួច​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៥ ដើម្បី​រៀន​ថាតើ « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង »​មាន​ន័យ​យ៉ាង​ណា ។

  1. យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៥ តើ​ព្រះវរបិតាសួគ៌​ធានាអះអាង​អ្វី​ខ្លះ​ចំពោះ​មនុស្ស​ម្នាក់ តាមរយៈ​ពាក្យ​ទំនាយ​ដ៏​ពិត​ជាង​នោះ ? នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អារម្មណ៍​ដែល​អ្នក​មាន ប្រសិន​បើ​អ្នក​បាន​ទទួល​ការ​ធានា​អះអាង​បែប​នោះ ។

អ្នក​ខ្លះ​ទទួល​ការ​ធានា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​នេះ កាល​រស់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ពេលខ្លះ យើង​ឃើញ​ប្រយោគ​នៅ​ក្នុង​បទគម្ពីរ​ដែល​តំណាង​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ការ​ធានា​អះអាង​នេះ​ទៅកាន់​បុគ្គល​ជាក់​លាក់ ។ ឧទាហរណ៍ ព្រះអម្ចាស់​បាន​បង្ហាញ​ការ​ធានា​នេះ​ដល់​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤៩ និង ដល់​អាលម៉ា​នៅ​ក្នុង ម៉ូសាយ ២៦:២០ ។ ទោះ​ជា​យ៉ាង​ណា នេះ​គឺជា​រឿង​ឯកជន​មួយ​រវាង​បុគ្គល​នោះ​នឹង​ព្រះអម្ចាស់ យើង​មិន​គួរ​ស្មាន​អំពី​បុគ្គល​ដែល​បាន​ទទួល « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង »​នោះ​ឡើយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៦ ដោយ​ស្វែង​រក​អ្វី​មួយ​ដែល​នឹង​រារាំង​មនុស្ស​ម្នាក់​ពី​ការ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

តើ​ព្យាការី យ៉ូសែប ស្ម៊ីធ​បាន​ថ្លែង​អ្វីខ្លះ ដែល​ថា​មនុស្ស​ម្នាក់​អាច​ត្រូវ​បាន​សង្គ្រោះ ឬ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ? សូម​បំពេញ​គោលការណ៍​ដូច​តទៅ ៖ យើង​មិន​អាច​ត្រូវ​បាន​សង្គ្រោះ​ ឡើយ។

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

ប្រធាន ម៉ារ៉ុន ជី រ៉មនី ក្នុង​គណៈប្រធាន​ទីមួយ​បាន​ផ្ដល់​ការ​បកស្រាយ​មួយ​អំពី​អត្ថន័យ​នៃ​គោលការណ៍​នេះ ៖ « ចំណេះដឹង​នៃ ‹ ព្រះ​ពិត​តែមួយ និង​ព្រះយេស៊ូវគ្រីស្ទ › ( យ៉ូហាន ១៧:៣ ) គឺជា​ចំណេះដឹង​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​សាកលលោក វា​គឺជា​ចំណេះដឹង​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ ថ្លែង​ថា គ្មាន​នរណាម្នាក់​អាច​ត្រូវ​បាន​សង្គ្រោះ​ដោយ​ពុំមាន​ចំណេះដឹង​នេះ​ឡើយ ។ ការ​ខ្វះ​ចំណេះដឹង​នេះ​គឺ​ជា​ភាព​ល្ងង់ខ្លៅ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​វិវរណៈ​ដែល​ត្រូវ​បាន​ចែង​ទុក​ ៖ ‹ គឺ​គ្មាន​ផ្លូវ​ទេ​សម្រាប់​ឲ្យ​មនុស្ស​បាន​សង្គ្រោះ​ក្នុង​ការ​ល្ងង់​ខ្លៅ › ។ ( គ. និង ស. ១៣១:៦ ) » ។ (« Except a Man Be Born Again » Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ១៤ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ចំណេះដឹង​ប្រភេទ​ណា​ខ្លះ​ដែល​យើង​ត្រូវ​មាន​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ? តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ចំណេះដឹង​នេះ​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ?

    2. តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្កើន​ចំណេះដឹង​របស់​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៧-៨

យ៉ូសែប ស៊្មីធ បង្រៀន​ថា គ្រប់​អស់​ទាំង​វិញ្ញាណ​សុទ្ធ​តែ​ជា​ធាតុ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៧-៨ ដោយ​ស្វែងរក​ថា​តើ​វិញ្ញាណ​ត្រូវ​បាន​ឡើង​ដោយ​ធាតុ​អ្វី​ខ្លះ ។

ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា គ្រប់​អស់​ការ​បង្ក​បង្កើត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធាតុ ប៉ុន្តែ​ធាតុ​នៃ​វិញ្ញាណ « ហ្មត់ ឬ​សុទ្ធសាធ​ជាង » ( គ. និង ស. ១៣១:៧ ) ។ ធាតុ​គឺជា​រូបធាតុ​ដែល​បង្កើត​វត្ថុ​នានា ។ ព្យាការី យ៉ូសែប ស៊្មីធ​បាន​ពន្យល់​ថា វិញ្ញាណ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​ពី​ធាតុ​ដែល​ហ្មត់ ឬ​សុទ្ធសាធ​ជាង ដែល​យើង​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​បាន​ឡើយ បើ​គ្មាន​ជំនួយ​របស់​ព្រះអម្ចាស់​នោះ ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖