ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១-៣៣


មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១-៣៣

សេចក្តីផ្តើម

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ មាន​វិវរណៈ​មួយ​អំពី​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច​នៃអាពាហ៍ពិពាហ៍ ។ ទោះបី​ជា​វិវរណៈ​នេះ​ត្រូវបាន​កត់ត្រា​ទុក​នៅ​ថ្ងៃ​ទី ១២ ខែ កក្កដា ឆ្នាំ ១៨៤៣ ក្តី សេចក្តី​ពិត​មួយ​ចំនួន​នៅក្នុង​វិវរណៈ​នេះ​ត្រូវ​បាន​ដឹង ហើយ​បង្រៀន​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ដើម​ឆ្នាំ ១៨៣១ ។ នៅ​ក្នុង​មេរៀន​នេះ​អ្នក​នឹង​រៀន​អំពី លក្ខខណ្ឌ​នៃ​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ និង ការសន្យា​ដែល​ប្រទាន​ដល់​អស់​អ្នក​ដែល​គោរព​វា ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១-១៨

ព្រះអម្ចាស់​កំណត់​ពី​លក្ខខណ្ឌ​នៃ​សេចក្តីសញ្ញាថ្មី ហើយ​អស់កល្បអស់កាលជានិច្ច

រូបភាព
កាន់​ដៃ​គ្នា

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២ យើង​បាន​អាន​ថា ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ព្រះអម្ចាស់​ហេតុ​អ្វី​លោក​អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​ព្យាការី​ដទៃទៀត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​មាន​ភរិយា​ច្រើន ។ សំណួរ​នេះ​បាន​ដឹក​នាំ​ទៅ​រក​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ ដែល​រួម​បញ្ចូល​នូវ​សេចក្ដី​ណែនាំ​អំពី​ការ​អនុវត្ត​នៃ​ពហុ​ពន្ធភាព ។ ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​មរមន បង្រៀន​ថា បទដ្ឋាន​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍​គឺ​ឲ្យ​បុរស​ម្នាក់​រៀបការ​នឹង​ស្ត្រី​ម្នាក់ លើក​លែង​តែទ្រង់​បាន​ប្រកាស​ផ្សេងពីនោះ ( សូមមើល សាំយូអែល ទី២ ១២:៧-៨ និង យ៉ាកុប ២:២៧, ៣០ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ មាន​នូវ​វិវរណៈ​ដែល​បាន​ស្ថាបនា​ការ​អនុវត្ត​នៃ​ពហុ​ពន្ធភាព​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍ ១៨៤០ រហូត​ដល់​ទសវត្សរ៍ ១៨៩០ ពេល​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ពួក​បរិសុទ្ធ​មិន​គួរ​មាន​ពហុ​ពន្ធភាព​ទៀត​ឡើយ ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ សូម​ស្វែងរក​ចម្លើយ​សម្រាប់​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ នឹង​ផ្ដល់​ពរ​អ្នក​នៅ​ក្នុង​ជីវិត​នេះ និង​ជា​រៀង​រហូត​តទៅ​យ៉ាងណា​ដែរ ?

  • ហេតុអ្វី​សេចក្ដី​សញ្ញា​នៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​ម្ល៉េះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣–៦ ដោយ​ស្វែង​រក​លទ្ធផល​នៃ​ការ​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច​នៃ​អាពាហ៍ពិពាហ៍ និង​លទ្ធផល​នៃ​ការ​បដិសេធ​សេចក្ដីសញ្ញា​នោះ ។ ពាក្យ ជាប់ទោស ដែល​មាន​នៅ​ក្នុង ខ ៤ និង ៦មានន័យ​ថា បុគ្គល​ម្នាក់​ត្រូវ​បញ្ឈប់​នៅ​ក្នុង​ការ​រីកចម្រើន​ដ៏​នៅ​អស់​ជានិច្ច​របស់​គាត់ ។

យោង​តាម ខ​ ៦ តើ​ពរជ័យ​មួយ​ដែល​មនុស្ស​ទទួល​បាន​ពេល​ពួកគេ​គោរព​តាម ឬ​ទទួល​យក​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​របស់​ព្រះអម្ចាស់​នោះ​គឺជា​អ្វី ?

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន​យ៉ូសែប ហ្វីលឌីង ស៊្មីធ​បាន​យោង​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៧ ពេល​លោក​បាន​បង្រៀន​អំពី​អត្ថន័យ​នៃ « សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច » ៖ « ឥឡូវ​នេះ [ នៅ​ក្នុង គ. និង ស. ១៣២:៧ ] គឺជា​និយមន័យ​យ៉ាង​ច្បាស់​មួយ​អំពី​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច ។ វា​គឺ​ជា​អ្វី​គ្រប់យ៉ាង—ភាពពោរពេញ​នៃ​ដំណឹងល្អ ។ ដូច្នេះ​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ ពិធីបុណជ្រមុជទឹក ពិធីតែងតាំង​បព្វជិតភាព អ្វី​គ្រប់យ៉ាង​ផ្សេង​ទៀត—គ្រប់​កិច្ចសន្យា កាតព្វកិច្ច ការធ្វើពិធី នានា​ដែល​ទាក់ទង​នឹង​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា យោង​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ដែល​បាន​ប្រទាន​មក គឺ​ជា​ផ្នែក​មួយ​នៃ​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្បអស់កាលជានិច្ច » ( Doctrines of Salvation, និពន្ធ​ដោយ ។ Bruce R. McConkie វ៉ុល៣[១៩៥៤–៥៦] ១:១៥៨ ) ។

ជាញឹកញាប់​មនុស្ស​ធ្វើ​កិច្ចសន្យា ឬ កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៧ ដោយ​ស្វែង​រក​អ្វី​ដែល​កើត​ឡើង​ចំពោះ​កិច្ច​សន្យា​ដែល​មនុស្ស​ធ្វើ នៅ​ពេល​យើង​ស្លាប់ ។ ក៏​សូម​រក​មើល​ផង​ដែរ​នូវ​លក្ខខណ្ឌ​ចំនួន​ពីរ​ដែល​ត្រូវ​មាន​ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​មួយ​ត្រូវ​បាន​ចងភ្ជាប់​បន្ទាប់​ពី​យើង​ស្លាប់ ។

នៅ​ក្នុង ខ ៧ យើង​បាន​រៀន​ពី​សេចក្ដីពិត​ដូច​តទៅ ៖ នៅពេល​សេចក្ដីសញ្ញា​មួយ​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ដ៏​ត្រឹមត្រូវ និង​បាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា វា​នឹង​បន្ដ​នៅ​ជា​រៀងរហូត ។

អ្នក​អាច​ងឿង​ឆ្ងល់​ថាតើ​ឃ្លា « ភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា »​មាន​ន័យ​ដូច​ម្ដេច​ទៅ ។ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ផ្ដល់​នូវ​ការ​ពន្យល់​ដូច​តទៅ ៖ « ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ( កិច្ចការ ២:៣៣ ) ។ ទ្រង់​បញ្ជាក់​ថា ទង្វើ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​សុចរិត​របស់​មនុស្ស គឺ​អាច​ទទួល​យក​បាន​ចំពោះ​ព្រះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា​ធ្វើ​ជា​សាក្សី​ដល់​ព្រះវរបិតា​ថា ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវបាន​ធ្វើ​ឡើង​យ៉ាងត្រឹមត្រូវ ហើយ​ថា​សេចក្ដីសញ្ញា​ដែល​បាន​ទាក់ទង​ជាមួយ​នឹង​ពួកគេ​ត្រូវបាន​រក្សា​ទុក » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា » scriptures.lds.org) ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៥–១៨ ដោយ​រកមើល​របៀប​ពីរ​យ៉ាង​ដែល​បុរស និង ស្ត្រី​អាច​ចូល​ទៅ​ក្នុង​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា ។ រួច​ពិចារណា​ពី​ឧទាហរណ៍​ខាង​ក្រោម ហើយ​សូម​ឆ្លើយ​សំណួរ​ទាំង​នោះ​ស្រប​តាម​ការ​យល់​ដឹង​របស់​អ្នក​នៅ​ក្នុង​ខ​ដែល​អ្នក​បាន​អាន នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    1. ឧទាហរណ៍ ទី ១ ៖ បុរស និង ស្ត្រី​ស្រឡាញ់​គ្នា គោរព​ច្បាប់ព្រហ្មចារីភាព ហើយ​រៀបការ​យ៉ាង​រីករាយ​ដោយ​អ្នកដឹកនាំ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន ។ ពួកគេ​ពុំ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​មាន​ពាក្យ « រហូត​ទាល់តែ​សេចក្ដីស្លាប់​បំបែក​អ្នក​ចេញ » ។ ពីរបី​ឆ្នាំ​ក្រោយ​មក ស្វាមី​ម្នាក់​នោះ​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចររាចរណ៍ ។ យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៥–១៧ នៅ​ពេល​ស្វាមី​ស្លាប់ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​អាពាហ៍ពិពាហ៍ ?

    2. ឧទាហរណ៍​ទី ២ ៖ បុរស និង ស្ត្រី​បាន​រៀបការ​ហើយ ។ ពួកគេ​សន្យា​នឹង​គ្នា​ថា ពួកគេ​នឹង​ស្រឡាញ់​គ្នា​ជានិច្ច ហើយ​ថា​ពួកគេ​នឹង​នៅជាមួយ​គ្នា​រហូត ប៉ុន្តែ ពួកគេ​ពុំ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ពួកគេ​ជឿ​ថា ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ នោះ​ព្រះ នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​ជាមួយ​គ្នា​ជា​និរន្តរ៍ ។ យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៨ នៅ​ពេល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​ស្លាប់ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ ?

    នៅ​ពេល​អ្នក​ពិចារណា​អំពី​ឧទាហរណ៍​ទាំងនេះ សូម​ចងចាំ​ថា យើង​ធ្វើ​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​អ្នក​ដែល​ចែកឋាន​ទៅ​ដែល​គ្មាន​ឱកាស​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​សម្រាប់​ការសង្គ្រោះ ។ អ្នក​អាច​ធ្លាប់​ធ្វើ​បុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជំនួស​ឲ្យ​អ្នក​ស្លាប់ ។ សមាជិកនៃសាសនាចក្រ​ដែល​សក្ដិសម​ដែល​ធ្លាប់​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​អាច​ទទួល​អំណោយទាន​ពិសិដ្ឋ និង ពិធីបរិសុទ្ធ​នៃ​ការ​ផ្សារ​ភ្ជាប់​ជំនួស​ឲ្យ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ដែល​មិន​បាន​ទទួល​ពិធី​បរិសុទ្ធ​ទាំងនោះ​សម្រាប់​ខ្លួនឯង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-៣៣

ព្រះអម្ចាស់​សន្យា​ប្រទាន​ពរជ័យ​ដល់​អស់​អ្នក​ដែល​គោរព​តាម​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍សេឡេស្ទាល

អែលឌើរ អ៊ីនរីហ្គ អរ ហ្វែឡាបែលឡា ក្នុង​កូរ៉ុម​នៃ​ពួក​ចិតសិបនាក់​បាន​ចែក​ចាយ​បទពិសោធន៍​ដូច​ទៅ​នេះ ។ នៅ​ពេល​អ្នកអាន​វា សូម​គូស​ចំណាំ​ពី​ហេតុផល​ដែល​លោក និង ភរិយា​របស់​លោក​មាន​អារម្មណ៍​សោកសៅ និង ហេតុផល​ដែល​ពួកគាត់​មាន​អារម្មណ៍​រីករាយ ។

រូបភាព
អែលឌើរ អ៊ីនរីហ្គ អរ ហ្វែឡាបែលឡា

« នៅពេល​ខ្ញុំ​ត្រឡប់​មក​ពី​បេសកកម្ម​វិញ ខ្ញុំ​បាន​ជួប​នឹង​យុវនារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ។… …នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ចិត្ត តាំងពី​គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​នាង ។

« ភរិយា​របស់​ខ្ញុំ បាន​ដាក់​គោលដៅ​រៀបការ​នៅព្រះវិហារ​បរិសុទ្ធ ទោះជា​កាល​នោះ​ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​បំផុត​តម្រូវ​ឲ្យ​យើង​ធ្វើ​ដំណើរ​ច្រើន​ជាង ៦,៤០០ គីឡូ​ម៉ែត្រ​ក៏​ដោយ ។

« ពិធី​រៀបការ​ស៊ីវិល​របស់​យើង​មាន​ទាំង​រឿង​រីករាយ និង កើត​ទុក្ខ ដ្បិត​យើង​បាន​រៀបការ​ដោយ​មាន​កាលបរិច្ឆេទ​ពេល​យើង​បញ្ចប់​ជីវិត​នេះ ។ មន្ត្រី​នោះ​បាន​ប្រកាស​ពាក្យ​ថា ‹ ហើយ​ឥឡូវ​នេះ​ខ្ញុំ​សូម​ប្រកាស​ថា​អ្នក​គឺ​ជា​ស្វាមី និង ភរិយា › ប៉ុន្តែ​បន្តិច​ក្រោយ​មក​គាត់​បាន​និយាយ​ថា ‹ រហូត​ទាល់តែ​សេចក្ដីស្លាប់​បំបែក​អ្នក​ចេញ › ។

« ដូច្នេះ​ដោយ​មាន​ការលះបង់​នោះ​យើង​បាន​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ មេសា អារីហ្សូណា ។

« នៅពេល​យើង​លុត​ជង្គង់​ចុះ​លើ​អាសនា​នៃព្រះវិហារ​បរិសុទ្ធ អ្នកបម្រើ​ដែលមាន​សិទ្ធិ​អំណាច​ម្នាក់​បាន​ប្រកាស​ពាក្យ​ដែល​ខ្ញុំ​ចង់​ស្តាប់​យូរ​មក​ហើយ ដែល​បាន​ប្រកាស​ថា​ពួកយើង​គឺ​ជា​ស្វាមី និង ភរិយា​សម្រាប់​វេលាកាលនេះ និង រហូតដល់ភាពអស់កល្ប​ជានិច្ច » (The Home: The School of Life, » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០២ ) ។

រូបភាព
អែលឌើរ និង ស៊ីស្ទើរ ហ្វែឡាបែលឡា

ហេតុអ្វី​គ្រួសារ​ហ្វាឡាប៊ែឡា ពុំ​ពេញចិត្ត​ជាមួយ​នឹង​អាពាហ៍ពិពាហ៍​ស៊ីវិល​របស់​ពួកគាត់ ?

  1. សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩–២១ ដោយ​រកមើល​ពរជ័យ​ដែល​ព្រះអម្ចាស់​សន្យា​ដល់​អស់​អ្នក​ដែល​ពិត​ចំពោះ សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គំនិត​របស់​អ្នក​អំពី​ខ​ទាំងនេះ ។

នៅ​ពេល​អ្នក​សិក្សា​ខ​ទាំងនេះ ព័ត៌មាន​ដូច​តទៅ​នេះ​អាច​ជួយ​អ្នក​បាន ៖​ពាក្យ នៅជាប់ មាន​ន័យ​ថា ទទួល ឬ បន្ត ដូច្នេះ​ឃ្លា « នៅ​ជាប់​ក្នុង​សេចក្តីសញ្ញា​របស់​យើង » (ខ ១៩) និង « នៅជាប់​នឹង​ក្រឹត្យវិន័យ​របស់​យើង »​( ខ ២១ ) មានន័យ​ថា​បន្ត​នៅ​ពិត​ចំពោះ​សេចក្តីសញ្ញា និង ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ទាំងនេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩ មាន​ការសន្យា​ដែល​ថា បើសិន​បុរស និង ស្ត្រី​រៀបការ​នៅក្នុង « សេចក្តីសញ្ញាថ្មី និង​ដ៏​នៅអស់កល្បអស់កាលជានិច្ច ហើយ​សេចក្តីសញ្ញា​នោះ​បាន​ភ្ជាប់​ដល់​ពួកគេ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា » នោះ ពួកគេ « នឹងត្រូវបាន​ក្រោក​ឡើង​នៅក្នុង​ដំណើរ​រស់ឡើង​វិញ​លើក​ទីមួយ ហើយ…គ្រង​បល្ល័ង្ក​ទាំងឡាយ នគរ​ទាំងឡាយ ក្សត្របុរី​ទាំងឡាយ និង អំណាច​ទាំងឡាយ » ដរាប​ណា​ពួកគេ « នៅជាប់​ក្នុង​សេចក្តីសញ្ញា​របស់​យើង ហើយ​មិន​ប្រព្រឹត្តិ​ឃាតកម្ម ដោយ​ការកំចាយឈាម​អ្នក​ដែល​គ្មាន​ទោស​នោះ » ( សូមមើល​ផង​ដែរ គ. និង ស. ១៣២:២៧ ) ។

ឃ្លា « ពូជ​ដ៏​បរិបូរ និង បន្តបន្ទាប់​ជា​រៀងដរាប​តទៅ » ( ខ ១៩ ) និង « ពួកគេ​មាន​បន្ត​ទៅ » ( ខ ២០ ) សំដៅ​លើ​ការសន្យា​ដែល​គ្រួសារ និង ពូជពង្ស​របស់​យើង​អាច​បន្ត​រហូត​អស់​កល្បជានិច្ច ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩–២១ យើង​រៀន​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖

  • បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​រស់នៅ​តាម​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​ពួក​គេ​នឹង​ទទួល​បាន​ភាពលើក​តម្កើង និង​សិរី​ល្អ ។

  • បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​នៅជាប់​នឹង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​ពួក​គេ​នឹង​មាន​ការកើនឡើង​នៃ​ពូជពង្ស​ដ៏​អស់កល្ប​ជានិច្ច ។

  • បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​នៅជាប់​នឹង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នឹង​មាន​ប្រសិទ្ធិភាព​រហូត​ដល់​អស់កល្ប​អស់កាល​ជានិច្ច ។

  • បើសិន​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​នៅជាប់​នឹង​សេចក្តីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាលជានិច្ច​នៃ​អាពាហ៍ពិពាហ៍ នោះ​ពួក​គេ​នឹង​ប្រែក្លាយ​ដូច​ជា​ព្រះ ។

សូម​ពិចារណា​ឧទាហរណ៍​ខាងក្រោម ៖ សូម​ឆ្លើយ​សំណួរ​នោះ​ស្រប​តាម​ការ​យល់ដឹង​របស់​អ្នក​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩–២១ ។

រូបភាព
កាន់​ដៃ​គ្នា​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក

ឧទាហរណ៍​ទី ៣ ៖ យុវជន និង យុវនារី​ម្នាក់​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ។ ពួកគេ​ទាំងពីរ​រស់នៅ ដោយ​ស្មោះត្រង់ ហើយ​គោរព​សេចក្តីសញ្ញា​របស់​ខ្លួន ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​បន្ទាប់ពី​ពួកគេ​ស្លាប់?

  1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ​តើ​អ្នក​គិត​ថា ស្វាមី និង ភរិយា​ត្រូវតែ​ធ្វើ​អ្វី​ខ្លះ ដើម្បី​នៅជាប់​នឹង​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍ ? ( នៅ​ពេល​អ្នក​ឆ្លើយ​សំណួរ​នេះ សូម​គិត​ពី​ទំនាក់​ទំនង​របស់​ពួកគេ ចំពោះ​គ្នា​រួម​ទាំង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ​ផង​ដែរ ) ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:២២-២៥ ដោយ​ផ្តោតចិត្ត​ទុកដាក់​ជា​ពិសេស​ចំពោះ​ការពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​ពាក្យ « ទ្វារ » និង ពាក្យ « ផ្លូវ » ដែល​នាំ​ទៅ​រក​ភាព​តម្កើង​ឡើង ។ ពាក្យ ចង្អៀត នៅក្នុង ខ ២២ មាន​ន័យ​ថា​តូច ឬ យ៉ាង​ប្រិតប្រៀន ដែល​មិន​ឲ្យ​អ្វីមួយ​ឆ្លងកាត់​បាន ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​រូប​ទ្វារ និង ផ្លូវ​មួយ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២២–២៥ រួច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​រូបភាព​នៃ​ទ្វារ​ដ៏​ធំ និង ផ្លូវ​ដ៏​ទូលាយ​អាច​តំណាង​ឲ្យ​ទស្សន​នៅក្នុង​សង្គម​បច្ចុប្បន្ន​អំពី​ទំនាក់ទំនង​គូស្វាមី ភរិយា និង អាពាហ៍ពិពាហ៍​តាម​របៀបណា​ខ្លះ ?

    2. តើ​ទស្សនទាំងនេះ​ផ្ទុយ​ទៅនឹង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្បអស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍​យ៉ាង​ដូចម្តេច ?

យោង​តាម ខ ២២ និង ២៥ មាន​មនុស្ស​ជាច្រើន​មិន​អាច​ចូល​ទៅ​ក្នុង​ផ្លូវ​ចង្អៀត​ដែល​នាំ​ទៅ​រក​ភាព​តម្កើង​ឡើង​បាន​ទេ ដោយសារ​ពួកគេ​ខកខាន​នៅ​ក្នុង​ការ​ទទួល​យក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់នៅ​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រង់ រាប់​បញ្ចូល​ទាំង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង​ដែរ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ រ៉េចប៊ើក អៃដាហូ

យើង​រៀន​ពី​ខ​ទាំង​នេះ​ថា ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង និង ជីវិត​អស់កល្ប​ជានិច្ច យើង​ត្រូវតែ​ស្គាល់​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ប្រែក្លាយ​ដូច​ជា​ពួកទ្រង់ ហើយ​នៅជាប់​ជាមួយ​ក្រឹត្យវិន័យ​របស់​ទ្រង់ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២៩-៣៣ យើង​ឃើញ​ពី​គំរូ​មួយ​នៃ​គោលការណ៍​នេះ ។ យើង​អាន​ថា អ័ប្រាហាំ​ស្មោះត្រង់ និង គោរពតាម​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់ ហើយ​ថា​លោក​បាន​ទទួល​ការសន្យា​នៃ​ការកើនឡើង​នៃ​ពូជពង្ស​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ក្រឹត្យវិន័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​សំខាន់​ចំពោះ​អ្នក ?

    2. ដោយ​ចាប់ផ្តើម​ពីថ្ងៃ​នេះ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី រៀបចំ​ខ្លួន​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀប​អាពាហ៍ពិពាហ៍​ចំពោះ​វេលាកាល និង ភាពអស់កល្ប​ជានិច្ច ?

    3. តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អាច​ត្រូវបាន​ទទួល​នៅក្នុង​ជីវិត​នេះ​ចំពោះ​អស់​អ្នក​ដែល​ធ្វើតាម​ក្រឹត្យវិន័យ​របស់​ព្រះ ដើម្បី​ត្រូវបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​រៀបចំ​ខ្លួន​នៅ​ពេល​នេះ​ដើម្បី​មាន​ភាពសក្ដិសម​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបការ​សម្រាប់​ភាព​នៅ​អស់កល្ប​ជានិច្ច ដើម្បី​អ្នក​អាច​រីករាយ​នឹង​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌​បាន​រៀបចំ​សម្រាប់​អ្នក ។

សប្ដាហ៍​នេះ​អ្នក​នឹង​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣៤–៦៦ ជាមួយ​នឹង​គ្រូ​បង្រៀន​របស់​អ្នក ។ ខ​ទាំង​នោះ​លើក​ឡើង​ពី​គោលលទ្ធិ​នៃ​ពហុ​អាពាហ៍ពិពាហ៍ ។ នៅ​ថ្ងៃ​នេះ អ្នក​នឹង​ពិភាក្សា​ជាមួយ​នឹង​គ្រូបង្រៀន​របស់​អ្នក​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​ចំពោះ​អាពាហ៍ពិពាហ៍—ថា « អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ » ( « The Family: A Proclamation to the World » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ អ្នក​ក៏​នឹង​ពិភាក្សា​ពី​ការ​បង្គាប់​របស់​ព្រះអម្ចាស់​នៅ​ពេល​ជាក់​លាក់​ថា​ឲ្យ​រាស្ត្រ​របស់​ទ្រង់​មួយ​ចំនួន​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ពហុ​ពន្ធភាព ( សូមមើល យ៉ាកុប ២:២៧, ៣០ ) ។ អ្នក​នឹង​រៀន​អំពី​ការ​បង្គាប់​របស់​ព្រះអម្ចាស់​ឲ្យ​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ពហុ​ពន្ធភាព​នៅ​ថ្ងៃ​ចុងក្រោយ ជា​ផ្នែក​នៃ​ការ « តាំង​របស់​ទាំងអស់​ឡើង​វិញ » ( កិច្ចការ ៣:២១ ) និង អំពី​ការ​បង្គាប់​របស់​ទ្រង់​ក្រោយ​មក​ទៀតឲ្យ​បញ្ឈប់​ការ​អនុវត្ត​នោះ ( សូមមើល សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ ) ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១-៣៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖