ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣០ ៖ ថ្ងៃទី ១ ការស្នង​តំណែង​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ


មេរៀន​ទី ៣០ ៖ ថ្ងៃទី ១

ការស្នង​តំណែង​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ

បុព្វកថា

បន្ទាប់​ពី​ទុក្ករកម្ម​របស់​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ មនុស្ស​ជា​ច្រើន​បាន​ច្របូក​ច្របល់​អំពី​អ្នក​ដែល​នឹង​ដឹកនាំ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ប៉ុន្តែ​ពី​មុន​លោក​បាន​ទទួល​មរណភាព​ទៅ ព្យាការី​បាន​រៀបចំ​ការផ្ទេរ​ភាព​ជា​អ្នកដឹកនាំ​នេះ ដោយការ​ប្រគល់​កូនសោ និង អំណាច​នៃ​បព្វជិតភាព​ទាំងអស់​ទៅ​ឲ្យ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ នៅ​ពេល ព្រិកហាំ យ៉ង់ ដែល​ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទៅ​កាន់​ពួកបរិសុទ្ធ​នៅ​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ១៨៤៤ មាន​សមាជិក​សាសនាចក្រ​ជាច្រើន​បាន​ទទួល​សាក្សី​ខាង​វិញ្ញាណ​មួយ​ថា លោក​ត្រូវ​បាន​ហៅ និង រៀបចំ​ដោយ​ព្រះ​ដើម្បី​ដឹកនាំ​សាសនាចក្រ ។

ពេល​វេលា​ដ៏​ត្រឹមត្រូវ​ក្នុង​ការស្នង​តំណែង​នៅ​ក្នុង​គណៈប្រធាន​ទីមួយ បន្ទាប់ពី​ទុក្ករកម្ម​របស់ យ៉ូសែប ស៊្មីធ

កាលបរិច្ឆេទ

ព្រឹត្តិការណ៍

ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤

យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវ​បាន​គេ​ធ្វើ​ទុក្ករកម្ម​នៅ​ក្រុង កាតធេច រដ្ឋ អិលលីណោយ ។

ថ្ងៃ​ទី ២៩ ខែ មិថុនា ឆ្នាំ ១៨៤៤

ពិធី​បើក​មុខ​សាកសព​ជា​សាធារណៈ​របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ។

ពី​ថ្ងៃទី ២៧ ខែ មិថុនា ដល់ ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ១៨៤៤

វិលឡឺដ រិចឺត្ស និង យ៉ូហាន ថេលើរ ដែល​រងរបួស គឺ​ជា​សាវក​តែ​ពីរ​នាក់​គត់​នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ។

ថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ១៨៤៤

ប៉ាលី ភី ប្រាត្ត ត្រឡប់​ទៅ​ទីក្រុង ណៅវូ វិញ ហើយ​បាន​ជួយ វិលឡឺដ រិចឺត្ស និង យ៉ូហាន ថេលើរ រក្សា​របៀប​រៀបរយ​នៅ​ក្នុង​សាសនាចក្រ ។

ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ១៨៤៤

ស៊ីឌនី រិកដុន បាន​ទៅ​ដល់​ទីក្រុង ណៅវូ ពី​ទីក្រុង ភិតស្បឺក រដ្ឋ ផែនសីលវេញ៉ា ។

ថ្ងៃ​ទី ៤ ខែ សីហា ឆ្នាំ ១៨៤៤

ស៊ីឌនី រិកដុន បាន​ប្រាប់​ដល់​ពួកបរិសុទ្ធ​មួយ​ក្រុម​ថា គាត់​គួរតែ​ធ្វើការ​ជា​អាណាព្យាបាល​របស់​សាសនាចក្រ ហើយ​ចង់​មាន​ការប្រជុំ​ពិសេស​មួយ​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ៦ ខែ សីហា ដើម្បី​អនុមតិ​ដល់​ការតែងតាំង​របស់​គាត់ ។ ការប្រជុំ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ សីហា ។

ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៤៤

ពួកសាវក​ផ្សេង​ទៀត​ភាគច្រើន​ព្រមទាំង ព្រិកហាំ យ៉ង់ បាន​ត្រឡប់​មក​ទីក្រុង ណៅវូ ពី​បេសកកម្ម​របស់​ខ្លួន ។

ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ១៨៤៤

លុះ​ព្រឹក​ឡើង ពួកសាវក​បាន​ជួបជុំគ្នា​នៅ​ក្នុង​ផ្ទះ​របស់ យ៉ូហាន ថេលើរ ដែល​រងរបួស​នោះ ។

ក្នុង​ការប្រជុំ​ពេល​រសៀល​មួយ​របស់​ពួកសាវក ក្រុមប្រឹក្សា​ជាន់​ខ្ពស់ និង សង្ឃ​ជាន់​ខ្ពស់ នោះ ស៊ីឌនី រិកដុន បាន​អះអាង​ជាថ្មី​ទៀត​ថា គាត់​គួរតែ​ធ្វើ​ជា​អាណាព្យាបាល​របស់​សាសនាចក្រ ។ ព្រិកហាំ យ៉ង់ បាន​ថ្លែង​ថា គាត់​កាន់កូនសោ​ទាំងឡាយ ហើយ​ចង់​ធ្វើ​តាម​ព្រះហឬទ័យ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ ។

ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ១៨៤៤

អំឡុង​ការប្រជុំ​វេលា​ម៉ោង ១០ ព្រឹក ស៊ីឌនី រិកដុន បាន​ថ្លែង​រយៈពេល​មួយ​ម៉ោង​កន្លះ ទៅ​កាន់​ពួកបរិសុទ្ធ​រាប់ពាន់​នាក់ ដែល​កំពុង​ជួបជុំគ្នា ដោយ​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់គួរ​តែ​ធ្វើ​ជា​អាណាព្យាបាល​របស់​សាសនាចក្រ ។ ព្រិកហាំ យ៉ង់ ក៏​បាន​ថ្លែង​ផងដែរ ហើយ​បាន​ហៅ​ពួកបរិសុទ្ធ​មក​ជួបជុំ​គ្នា​ម្ដងទៀត ដើម្បី​ធ្វើ​ការប្រជុំ​នៅ​ម៉ោង ២ រសៀល ។

ពេញ​មួយ​ថ្ងៃ មាន​សមាជិក​ជា​ច្រើន​នៃ​សាសនាចក្រ បាន​ឃើញ​ការគ្របបាំង ឬ សិទ្ធិអំណាច​របស់​ព្យាការី យ៉ូសែប ស៊្មីធ មក​លើ ព្រិកហាំ យ៉ង់ ។ អំឡុង​ការប្រជុំ​វេលា​ម៉ោង ២ រសៀល​នោះ ពួកបរិសុទ្ធ​បាន​គាំទ្រ ព្រិកហាំ យ៉ង់ និង ពួក​សាវក​ដប់ពីរ​នាក់ ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​សាសនាចក្រ ។

អំឡុង​ការប្រជុំ​ទាំង​ពីរ​លើក​នោះ ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​ឃើញ ព្រិកហាំ យ៉ង់ បង្ហាញ​រូបរាង និង សំឡេង​មួយ​ភ្លែត​ដូចជា​ព្យាការី យ៉ូសែប ស៊្មីធ ដូច្នោះ​ដែរ ។

បន្ទាប់ពី​ទុក្ករកម្ម​របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ សមាជិក​មួយ​ចំនួន​បាន​អះអាង​អំពី​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ដឹកនាំ​សាសនាចក្រ

សូម​ស្រមៃ​ថា អ្នក​បាន​ដឹង​ថា​ប្រធាន​នៃ​សាសនាចក្រ បាន​ទទួល​មរណភាព​កាល​ពី​យប់​មិញ ។ តើ​នរណា​នឹង​ក្លាយ​ទៅ​ជា​ប្រធាន​នៃ​សាសនាចក្រ​បន្ទាប់​នោះ ? តើ​លោក​នឹង​ត្រូវ​បាន​ជ្រើសតាំង​យ៉ាង​ដូចម្ដេច ? តើ​កូនសោ​បព្វជិតភាព​ដើម្បី​ធ្វើ​អធិបតី​លើ​សាសនាចក្រ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ​បន្ទាប់​មក​ទៀត​តាម​របៀប​ណា ?

បន្ទាប់​ពី​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបាន​គេ​ធ្វើ​ទុក្ករកម្ម ពួក​បរិសុទ្ធ​បាន​កើត​ទុក្ខ​ជា​ទម្ងន់ ហើយ​សមាជិក​ជា​ច្រើន​នៃ​សាសនាចក្រ បាន​ច្របូកច្របល់​អំពី​អ្នក​ដែល​នឹង​ដឹកនាំ​សាសនាចក្រ ។ អំឡុង​ពេល​នេះ មាន​សមាជិក​ជា​ច្រើន​អះអាង​អំពី​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ ក្នុង​ចំណោម​ពួកគាត់​មាន ស៊ីឌនី រិកដុន ជេម ស្ទ្រាង និង ព្រិកហាំ យ៉ង់ ។

នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​ស្វែងរក​មូលហេតុ​ដែល ស៊ីឌនី រិកដុន ដែល​បាន​ធ្វើ​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​មួយ​រូប​នៅ​ក្នុង​សាសនាចក្រ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​គិត​ថា គាត់​គួរតែ​ដឹកនាំ​សាសនាចក្រ ៖

« ស៊ីឌនី រិកដុន ជា​ទីប្រឹក្សា​ទីមួយ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ បាន​មក​ដល់ [ ទីក្រុង ណៅវូ ] ពី​ទីក្រុង ភិតស្បឺក រដ្ឋ ផែនសីលវេញ៉ា នៅ​ថ្ងៃ​ទី ៣ ខែ សីហា ឆ្នាំ ១៨៤៤ ។ នៅ​ក្នុង​ឆ្នាំ​មុន​នេះ គាត់​បាន​ចាប់ផ្ដើម​ដើរលើ​ផ្លូវ​ផ្ទុយ​ពី​ដំបូន្មាន​របស់​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​ក្លាយ​ទៅ​ជា [ ឃ្លាត​ឆ្ងាយ ] ពី​សាសនាចក្រ ។ គាត់​បាន​បដិសេធ​មិន​ជួប​ជាមួយ​សមាជិក​បី​រូប​នៃ​ពួក​ដប់ពីរ​នាក់​រួច​ទៅ​ហើយ កាល​នៅ​ទីក្រុង ណៅវូ ហើយ​ជំនួស​ឲ្យ​ការ​មក​ជួប​នោះ គាត់​បែរ​ជា​ទៅ​ថ្លែង​ទៅ​កាន់​ពួកបរិសុទ្ធ​មួយ​ក្រុម​ធំ ដែល​មក​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ » ( កេរដំណែល​របស់​យើង ៖ ប្រវត្តិ​សង្ខេប​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ [ ឆ្នាំ ១៩៩៦ ] ទំព័រ ៦៦ ) ។

ស៊ីឌនី រិកដុន បាន​កោះ​ឲ្យ​មាន​ការប្រជុំ​ជា​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ ទី ៦ ខែ សីហា ដើម្បី​ឲ្យ​សមាជិក​សាសនាចក្រ​អាច​ជ្រើសតាំង​អាណាព្យាបាល​នៃ​សាសនាចក្រ​ម្នាក់ ។ មើល​ទៅ​ហាក់​ដូចជា​គាត់​បាន​ព្យាយាម​ដឹកនាំ​ការប្រជុំ​នេះ ដើម្បី​ឲ្យ​សមាជិក​សាសនាចក្រ​អនុមតិ​ឲ្យ​គាត់​មាន​តំណែង​ជា​អាណាព្យាបាល​នៃ​សាសនាចក្រ មុន​ពេល​ពួក​សាវក​ដប់ពីរ​នាក់​ទាំងអស់ ត្រឡប់​មក​ពី​បេសកកម្ម​របស់​ខ្លួន​វិញ​ពី​ភាគ​ខាង​កើត​នៃ​សហរដ្ឋ ។ អ្នក​ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​បាន​ដឹង​ថា បងប្រុស រិកដុន អាច​នឹង​គ្រោង « ឆ្លៀត​យក​ឱកាស​ពី​ស្ថានភាព​របស់​ពួកបរិសុទ្ធ » ( History of the Church៧:២២៥ ) ។ សំណាងល្អ ដោយសារតែ​មាន​ការខិតខំ​របស់​អែលឌើរ វិលឡឺឌ រិចឺត្យ និង អែលឌើរ ប៉ាលី ភី ប្រាត្ត ការប្រជុំ​នោះ​ត្រូវ​លើក​ទៅ​ថ្ងៃ ព្រហស្បតិ៍ ទី ៨ ខែ សីហា ដែល​ជា​ពេល​ដែល​ពួកសាវក​ភាគ​ច្រើន​បាន​ត្រឡប់​មក​ដល់​ទីក្រុង ណៅវូ វិញ ។

បងប្រុស រិកដុន បាន​អះអាង​ថា ដោយសារ​គាត់​ត្រូវបាន​ហៅ និង តែងតាំង​ជា​អ្នក​នាំ​ពាក្យ​របស់ យ៉ូសែប ស្ម៊ីធ ពីមុន​មក នោះ​វា​ជា​ទំនួលខុសត្រូវ​របស់​គាត់​ដើម្បី « ដឹង​ថា សាសនាចក្រ​នេះ​ត្រូវបាន​ដឹកនាំ​តាម​របៀប​ត្រឹមត្រូវ​ដែរ​ឬ​ទេ » ( នៅ​ក្នុង History of the Church ៧:២២៩ ) ។ គាត់​ក៏​បាន​អះអាង​ដែរ​ថា គាត់​គួរតែ​ធ្វើ​ជា « អាណាព្យាបាល​នៃ​ប្រជាជន​នេះ » ហើយ​នៅ​ក្នុង​ការបំពេញ​ទំនួលខុសត្រូវ​នេះ នោះ​គាត់​កំពុង​ធ្វើ​តាម​អ្វី​ដែល​ព្រះ​បាន​ត្រាស់​បង្គាប់​ឲ្យ​គាត់​ធ្វើ ( សូម​មើល History of the Church ៧:២៣០ ) ។

រូបភាព
ស៊ីឌនី រិកដុន

ស៊ីឌនី រិកដុន

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. បើ​អ្នក​បាន​ទៅ​ទីក្រុង ណៅវូ ក្នុង​គ្រា​នោះ តើ​អ្នក​នឹង​គិត​ដូចម្ដេច​ចំពោះ​ការអះអាង​របស់ ស៊ីឌនី រិកដុន ?

    2. តើ​អ្នក​អាច​នឹង​មាន​ការបារម្ភ​អ្វី​ខ្លះ អំពី​បងប្រុស រិកដុន ?

នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​ស្វែងរក​មូលហេតុ​ដែល ជេម ស្ទ្រាង បាន​អះអាង​ថា​គាត់​គួរតែ​ដឹកនាំ​សាសនាចក្រ ៖

ជេម ស្ទ្រាង ដែល​បាន​ទទួល​បុណ្យជ្រមុជទឹក​នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៤៤ បាន​រកឃើញ​ទីតាំង​មួយ សម្រាប់​ពួកបរិសុទ្ធ​នៅ វីស្កុនស៊ីន ក្នុង​និទារឃរដូវ ឆ្នាំ ១៨៤៤ ។ បន្ទាប់ពី​ទុក្ករកម្ម បងប្រុស ជេម ស្ទ្រាង បាន​អះអាង​ថា បាន​ទទួល​វិវរណៈ​មួយ​នៅ​ក្នុង​សំបុត្រ​មក​ពី យ៉ូសែប ស៊្មីធ ដោយ​ថ្លែង​ថា គាត់​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្នក​ស្នង​តំណែង​ពី យ៉ូសែប ។ សំបុត្រ​របស់​បងប្រុស ជេម ស្ទ្រាង ដែល​គាត់​បាន​បង្ហាញ​ដល់​សមាជិក​សាសនាចក្រ មាន​ហត្ថលេខា​របស់ យ៉ូសែប ស៊្មីធ ។ បងប្រុស ជេម ស្ទ្រាង បាន​អះអាង​ថា​ខ្លួន​ត្រូវ​ធ្វើ​ជា​ព្យាការី​បន្ទាប់ ហើយ​បាន​ប្រកាស​តំណែង​របស់​គាត់​នៅ​ក្នុង​សន្និសីទ​មួយ​របស់​សាសនាចក្រ​នៅ​ទីក្រុង មីឈីហ្គែន ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ ១៨៤៤ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. បើ​អ្នក​បាន​នៅ​ជាមួយ​នឹង​ពួកបរិសុទ្ធ​នៅ​ទីក្រុង មីឈីហ្គែន តើ​អ្នក​គិត​ថា អ្នក​អាច​នឹង​ជឿ​ទៅ​លើ​សេចក្ដី​អះអាង​របស់ ជេម ស្ទ្រាង ដែរ​ឬ​ទេ ?

    2. តើ​អ្នក​អាច​នឹង​មាន​ការបារម្ភ​អ្វី​ខ្លះ អំពី​សេចក្ដី​អះអាង​របស់​គាត់ ?

នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​ស្វែងរក​អ្វី​ដែល ព្រិកហាំ យ៉ង់ បាន​ប្រាប់​ដល់​អ្នក​ដឹកនាំ​បព្វជិតភាព​ដទៃ​ទៀត រួមទាំង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​នៅ​ទីក្រុង ណៅវូ អំពី​អ្នក​ដែល​គួរតែ​ដឹកនាំ​សាសនាចក្រ ៖

អែលឌើរ យ៉ូហាន ថេលើរ, វិលឡឺដ រីចឺត្យ , ប៉ាលី ភី ប្រាត្ត បាន​នៅ​ទីក្រុង ណៅវូ ស្រាប់ នៅ​ពេល ស៊ីឌនី រិកដុន បាន​មក​ដល់ ។ ពួកសាវក​ឯ​ទៀត​ភាគច្រើន​ព្រម​ទាំង ព្រិកហាំ យ៉ង់ បាន​ត្រឡប់​មក​ដល់​ទីក្រុង ណៅវូ វិញ​នា​ល្ងាច​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៤៤ ។ នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី ៧ ខែ សីហា ពួកសាវក​បាន​ជួបជុំ​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​នៅ​ផ្ទះ​របស់ យ៉ូហាន ថេលើរ ។ វេលា​បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ដដែល​នោះ ពួកសាវក​ដប់ពីរ​នាក់ ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង ពួក​សង្ឃ​ជាន់​ខ្ពស់​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ការប្រជុំ​នា​ពេល​រសៀល​មួយ​នៅ​ទីក្រុង ណៅវូ ។ ប្រធាន យ៉ង់ ដែល​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សូម​ឲ្យ ស៊ីឌនី រិកដុន ថ្លែង​សារលិខិត​របស់​គាត់​ទៅ​កាន់​ពួក​បរិសុទ្ធ ។ ស៊ីឌនី រិកដុន បាន​ប្រកាស​ដោយ​អង់អាច​ថា លោក​បាន​ឃើញ​ការនិមិត្ត​មួយ ហើយ​ថា​គ្មាន​បុរស​ណា​អាច​ស្នង​តំណែង​ពី យ៉ូសែប ស្ម៊ីធ ជា​ប្រធាន​នៃ​សាសនាចក្រ​បាន​ទេ ។ ភ្លាម​នោះ​លោក​បាន​ស្នើ​ថា លោក​ត្រូវបាន​តែងតាំង​ជា​អាណាព្យាបាល​នៃ​ប្រជាជន​នេះ ។

ក្រោយ​ពី ស៊ីឌនី រិកដុន បាន​បញ្ចប់​សុន្ទរកថា​របស់​គាត់ ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« ខ្ញុំ​មិន​ខ្វល់​ថា​នរណា​ដឹកនាំ​សាសនាចក្រ​នោះ​ទេ … ប៉ុន្ដែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​ត្រូវតែ​ដឹង ហើយ​ថា​នោះ​ជា​អ្វី​ដែល​ព្រះ​មាន​បន្ទូល​អំពី​វា ។ ខ្ញុំ​មាន​កូនសោ និង មាន​វិធី​ជាច្រើនក្នុង​ការទទួល​បាន​ព្រះឆន្ទៈ​នៃ​ព្រះ​លើ​ការងារ​នេះ ។…

« យ៉ូសែប បាន​ប្រគល់​មក​លើ​ក្បាល​យើង [ សំដៅ​ទៅ​លើ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ] នូវ​កូនសោ និង អំណាច​ទាំងអស់ ដែល​ជា​របស់​ផង​សាវក ដែល​លោក​ផ្ទាល់​បាន​កាន់ មុន​ពេល​លោក​លាចាក​លោក​នេះ​ទៅ។…

« តើ​យ៉ូសែប បាន​និយាយ​ប៉ុន្មាន​ដង​ដល់​ពួកសាវក​ថា ‹ ខ្ញុំ​បាន​ចាក់​គ្រឹះហើយ​អ្នក​ត្រូវតែ​កសាង​បន្ត ដ្បិត​នៅ​លើ​ស្មា​អ្នក បានដាក់នគរនោះហើយ › » ( នៅ​ក្នុង History of the Church ៧:២៣០ ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​បំណងប្រាថ្នា​របស់​ប្រធាន យ៉ង់ មើល​ទៅ​ហាក់ដូចជា​មាន​សភាព​ខុស​ពី ស៊ីឌនី រិកដុន និង ជេម ស្ទ្រាង យ៉ាង​ដូចម្ដេច ?

    2. ហេតុអ្វី​បាន​ជា​ទីបន្ទាល់​របស់ ព្រិកហាំ យ៉ង់ អំពី​កូនសោ​នៃ​បព្វជិតភាព មាន​សារៈសំខាន់​ដល់​ម្ល៉េះ ?

ប្រធាន ព្រិកហាំ យ៉ង់ និង សមាជិក​ដទៃ​ទៀត​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ពួក​សាវក​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ដែល​ចាំបាច់​ចំពោះ​ការធ្វើ​អធិបតី​លើ​សាសនាចក្រ ។

អំណាច និង កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ដដែល​នោះ ត្រូវបាន​កាន់​ដោយ​ពួក​សាវក​នា​ពេល​បច្ចុប្បន្ន​នេះ ។ នៅ​ពេល​សាវក​មួយ​រូប​ត្រូវបាន​តែងតាំង នោះ​គាត់​ទទួល​បាន​រាល់​កូនសោ​ចាំបាច់ៗ​ទាំងអស់​នៃ​បព្វជិតភាព​នៅ​លើ​ផែនដី​នេះ ( សូម​មើល គ. និង ស. ១១២:៣០-៣២ ) ប៉ុន្តែ​សិទ្ធិអំណាច​ដើម្បី​ប្រើប្រាស់​កូនសោ​ទាំងនោះ ត្រូវបាន​កំណត់​ចំពោះ​តែ​សាវក​រៀមច្បង ដែល​ជា​ប្រធាន​នៃ​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។

ក្នុង​ខែ មករា ឆ្នាំ ១៨៣៦ គឺ​ជាង​ប្រាំបី​ឆ្នាំ​ពី​មុន​លោក​បាន​ទទួល​មរណភាព ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ដល់​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ថា « ពួក​ដប់ពីរ​នាក់ ពុំ​ស្ថិត​នៅ​ក្រោម​អ្នក​ផ្សេង​ក្រៅ​ពី គណៈ​ប្រធាន​ទី​មួយ​នោះ​ឡើយ » រួច​លោក​បាន​មាន​ប្រសាសន៍​ថា…« ពេល​ណា​ដែល​គ្មាន​ខ្ញុំ នោះ​គ្មាន​គណៈ​ប្រធាន​ទីមួយ ធ្វើ​ជា​អធិបតី​លើ​ពួក​ដប់ពីរ​នាក់​ឡើយ ( នៅ​ក្នុង History of the Church ២:៣៧៤ ) ។

ដោយ​ផ្អែក​ទៅ​លើ​ការបង្រៀន​មក​ពី​ព្យាការី យ៉ូសែប ស៊្មីធ តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​គណៈប្រធាន​ទីមួយ នៅ​ពេល​ប្រធាន​នៃ​សាសនាចក្រ​ទទួល​មរណភាព ?

តើ​នរណា​ដែល​អាច​ដឹកនាំ​សាសនាចក្រ​បាន នៅ​ពេល​គណៈប្រធាន​ទី​មួយ​ត្រូវបាន​រំសាយ ?

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១២៧-២៨ដោយ​ស្វែងរក​ថាតើ​នរណា​ដែល​ជា​សាវក​រៀម​ច្បង និង ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅ​ពេល​ដែល យ៉ូសែប ស្ម៊ីធ ទទួល​មរណភាព ។

ព្រិកហាំ យ៉ង់ គឺ​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ព្រោះ​គាត់​គឺ​ជា​សាវក​រៀម​ច្បង ។ នៅ​ពេល​កូរ៉ុម​ត្រូវបាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៨៣៥ នោះ​ភាព​ជា​រៀមច្បង ត្រូវបាន​សម្រេច​ដោយ​ផ្អែក​ទៅ​លើ​វ័យ ។ នៅ​ពេល​បន្ថែម​សមាជិក​ក្នុង​កូរ៉ុម ភាព​ជា​រៀមច្បង​ត្រូវបាន​កំណត់​ដោយ​កាលបរិច្ឆេទ​នៃ​ការតែងតាំង ។ ហេតុដូច្នោះ​ហើយ ទើប​នៅ​ជំនាន់​យើង​នេះ ភាព​ជា​រៀមច្បង​ត្រូវបាន​កំណត់​ដោយ​កាលបរិច្ឆេទ និង លំដាប់លំដោយ​ដែល​សាវក​មួយ​រូប​ត្រូវបាន​តែងតាំង ។. នៅពេល​ប្រធាន​សាសនាចក្រ​ទទួល​មរណភាព គណៈប្រធាន​ទីមួយ​ត្រូវ​បាន​រំលាយ ហើយ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​ក្លាយ​ជា​កូរ៉ុម​ជា​អធិបតី​ក្រោម​ការណែនាំ​របស់​សាវក​ច្បង ។

ការស្នង​តំណែង​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ ត្រូវបាន​បង្កើត​ឡើង​ដោយ​ព្រះអម្ចាស់ ដើម្បី​ឲ្យ​សាសនាចក្រ​អាច​មាន​ការដឹកនាំ​ដ៏​បំផុសគំនិត​ជានិច្ច ហើយ​គ្មាន​ហេតុផល​ណា​ដែល​ត្រូវមាន​ពាក្យ​ចចាមអារាម ឬ ការ​វិវាទ​អំពី​អ្នក​ដែល​នឹង​ក្លាយ​ជា​ប្រធាន​បន្ទាប់​នៃ​សាសនាចក្រ​នោះ​ទេ ។ ប្រធាន ហារ៉ូល ប៊ី លី បាន​ពន្យល់ ៖ « [ ព្រះអម្ចាស់ ] ជ្រាប​អំពី​អ្នក​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ធ្វើ​អធិបតី​លើ​សាសនាចក្រ ហើយ​ទ្រង់​នឹង​ពុំ​ជ្រើស​មនុស្ស​ខុស​ឡើយ ។ ព្រះអម្ចាស់​ពុំ​ធ្វើ​កិច្ចការ​ដោយ​ចៃដន្យ​នោះ​ទេ ។ ទ្រង់​ពុំ​ដែល​ធ្វើ​កិច្ចការ​ណាមួយ ដោយ​ចៃដន្យ​ឡើយ » ( នៅ​ក្នុង របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៧០ ទំព័រ ១៥៣ ) ។

សរុប​សេចក្ដី​មក កូនសោ​នៃ​ព្រះនគរ​ត្រូវបាន​ប្រគល់​ដល់​សមាជិក​គ្រប់​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅ​ពេល​ដែល​ពួកគាត់​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើ​ជា​សាវក ។ សាវក​រៀមច្បង ដែល​ធ្វើ​អធិបតី​ក្នុង​ចំណោម​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ត្រូវបាន​កំណត់​ដោយ​កាលបរិច្ឆេទ និង លំដាប់លំដោយ​នៃ​ការតែងតាំង​របស់​គាត់ ។ នៅ​ពេល​ប្រធាន​នៃ​សាសនាចក្រ​ទទួល​មរណភាព កូរ៉ុម​នៃ​គណៈប្រធាន​ទីមួយ​ត្រូវបាន​រំសាយ ចំណែក​ឯ​ទីប្រឹក្សា​ទាំងពីរ​រូប បើសិនជា​ពួកគាត់​ធ្លាប់​នៅ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ នោះ​ពួកគាត់​ត្រូវ​ត្រឡប់​ទៅ​កាន់​តំណែង​នៃ​ភាពជា​រៀមច្បង​របស់​ខ្លួន​នៅ​ក្នុង​កូរ៉ុម​នោះ​វិញ ។ បន្ទាប់មក កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ក្លាយ​ទៅ​ជា កូរ៉ុម​អធិបតី​ក្នុង​ការដឹកនាំ​សាសនាចក្រ ។ សាវក​រៀម​ច្បង ដែល​ជា​ប្រធាន​នៃ​ពួក​សាវក​ដប់ពីរ​នាក់ កាន់ហើយ​ប្រើប្រាស់​កូនសោ​ទាំងអស់​នៃ​នគរ​ដោយ​ស្វ័យប្រវត្តិ ហើយ​ធ្វើ​អធិបតី​លើ​សាសនាចក្រ​ទាំងមូល ។ ក្នុង​នាម​ជា​អ្នក​កាន់​តំណែង​ជា​អធិបតី​នៃ​សាសនាចក្រ ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ មាន​សិទ្ធិ​ទទួល​បាន​វិវរណៈ​អំពី​វេលា​ដែល​ត្រូវ​បង្កើត​គណៈ​ប្រធាន​ទី​មួយ ។ អ្វី​សព្វសារពើ​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ប្រាជ្ញា និង របៀបរៀបរយ ។

ពួកបរិសុទ្ធ​ជា​ច្រើន បាន​ទទួល​សាក្សី​មួយ​ថា ព្រិកហាំ យ៉ង់ គួរតែ​ដឹកនាំ​សាសនាចក្រ

នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ពួកបរិសុទ្ធ​នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ បាន​ប្រជុំ​គ្នា​នៅ​ម៉ោង ១០ ព្រឹក ដើម្បី​ស្ដាប់ ស៊ីឌនី រិកដុន ធ្វើការ​អះអាង​ថា​ខ្លួន​ជា​អាណាព្យាបាល​នៃ​សាសនាចក្រ ។ ដោយសារតែ​ខ្យល់​បាន​បោកបក់​ទៅ​ចំ​វេទិកា ទើប​បងប្រុស រិកដុន បាន​ទៅ​ឈរ​ត្រង់​កន្លែង​រទេះ​សេះ​មួយ ពី​ខាង​ក្រោយ​ក្រុមជំនុំ​ដែល​បាន​ជួបជុំគ្នា ដូច្នេះ ប្រជាជន​ពុំ​អាច​ឮ​សំឡេង​របស់​គាត់​បាន​ច្បាស់​ឡើយ ។ ក្រុមជំនុំ​ត្រូវ​បែរ​ក្រោយ ទើប​ពួកគេ​អាច​មើល​ឃើញ​បងប្រុស រិកដុន នៅ​ពេល​គាត់​ថ្លែង​នោះ ។ គាត់​បាន​ថ្លែង​ទៅ​កាន់​ពួកបរិសុទ្ធ​ដែល​មក​ប្រជុំ​រាប់ពាន់​នាក់​អស់រយៈ​ពេល​មួយ​ម៉ោង​កន្លះ ដោយ​បកស្រាយ​អំពី​មូលហេតុ​ដែល​គាត់​គួរតែ​ធ្វើ​ជា​អាណាព្យាបាល​នៃ​សាសនាចក្រ ។ មនុស្ស​បីបួន​នាក់​បាន​និយាយ​ថា សុន្ទរកថា​របស់​គាត់​មិនមែន​ជា​ការបំផុស​គំនិត​នោះ​ទេ ។

ប្រធាន ព្រិកហាំ យ៉ង់ និង អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃទៀត បាន​មក​ចូលរួម ហើយ​អង្គុយ​នៅ​លើ​វេទិកា​ប្រទល់​មុខ​នឹង ស៊ីឌនី រិកដុន ដែល​កំពុង​តែ​ថ្លែង​នោះ ។ ខ្យល់​បាន​ស្ងប់​ទៅ​វិញ​ចំ​ពេល​នេះ ។ បន្ទាប់ពី ស៊ីឌនី រិកដុន​បាន​បញ្ចប់ ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍ ។ អ្នក​ស្ដាប់​ទាំងឡាយ​បាន​ងាក​ត្រឡប់មក​ស្ដាប់ ព្រិកហាំ យ៉ង់ មាន​ប្រសាសន៍ ហើយ​បែរខ្នង​ទៅ​រទេះ​សេះ​ដែល​ស៊ីនឌី រិកដុន ឈរ​នោះ​វិញ ។ ( សូមមើល «Discourse by President Geo. Q. Cannon » Deseret News ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ១៨៨៣ ទំព៍រ ៦៧ ) ។ ប្រធាន យ៉ង់ បាន​មាន​ប្រសាសន៍​ដោយ​សង្ខេប ហើយ​បាន​ថ្លែង​ថា លោក​ចង់​ត្រឡប់​មក​ទីក្រុង ណៅវូ ដើម្បី​ចូលរួម​កាន់​ទុក្ខ​ដល់​ព្យាការី ខ្លាំង​ជាងមក​តែងតាំង​អ្នក​ដឹកនាំ​ថ្មី ។ លោក​បាន​ប្រកាស​ថា ការជួបប្រជុំ​ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​នឹង​ធ្វើ​ឡើង​ពេល​ក្រោយ​នៅ​ថ្ងៃ​នោះ​នៅម៉ោង ២ រសៀល ។ នៅពេល​លោក​និយាយ សមាជិក​មួយ​ចំនួន​បាន​ឃើញ​ទឹកមុខ​របស់ ព្រិក ហាំ យ៉ង់ និង​សំឡេង​របស់​លោក​ផ្លាស់ប្តូរ​ដូចជា​ព្យាការី យ៉ូសែប ស៊្មីធ ។ ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​នេះ បាន​ជួយ​ឲ្យ​ពួកបរិសុទ្ធ​ជា​ច្រើន​បាន​ដឹង​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ ព្រិកហាំ យ៉ង់ ដឹកនាំ​សាសនាចក្រ ។

នៅ​ពេល​អ្នក​អាន​បទពិសោធន៍​ខាង​ក្រោម​នេះ សូម​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់ពួក​បរិសុទ្ធ ឲ្យ​ដឹង​ថា​នរណា​ដែល​ទ្រង់​បាន​តែងតាំង​ឲ្យ​ដឹកនាំ​សាសនាចក្រ ។ វាក្យសព្ទ « ការគ្របបាំង » សំដៅ​ទៅ​លើ​សិទ្ធិអំណាច ផ្ដល់​បន្ត​ពី​ព្យាការី និង ប្រធាន​នៃ​សាសនាចក្រ ( យ៉ូសែប ស៊្មីធ ) ទៅ​ដល់​អ្នក​ស្នង​តំណែង​របស់​លោក ( ព្រិកហាំ យ៉ង់ ) ។

រូបភាព
បេនយ៉ាមីន អេហ្វ ចនសុន

បេនយ៉ាមីន អេហ្វ ចនសុន នៅ​ចាំ​ថា « ប្រធាន ព្រិកហាំ យ៉ង់ បាន​ក្រោក​ឈរ​ឡើង ហើយ​ថ្លែង ។ ខ្ញុំ​បាន​ឃើញ​គាត់​ក្រោក​ឈរ​ឡើង ប៉ុន្តែ រំពេច​ដែល​លោក​បាន​មាន​ប្រសាសន៍​ភ្លាម នោះ​ខ្ញុំ​បាន​ក្រោកឈរ​ឡើង ដ្បិត​វា​គឺ​ជា​សំឡេង​របស់ យ៉ូសែប គ្រប់​ម៉ាត់ ហើយ​រាយកាយ​លោក​ផ្ទាល់ ទាំង​អាកប្បកិរិយា សម្លៀក​បំពាក់ និង រូបរាង គឺ​ដូចជា យ៉ូសែប ផ្ទាល់​នៅ​រស់រវើក ហើយ​ខ្ញុំ​ដឹង​រំពេច​នោះ​ថា វិញ្ញាណ និង ការគ្របបាំង​របស់ យ៉ូសែប បាន​មក​គ្រប​ដណ្ដប់​លើ​រូប​លោក » ( My Life’s Review [ ឆ្នាំ ១៩៤៧ ] ទំព័រ ១០៣–៤ ) ។

វិលលាម ស៊ី ស្តេន បាន​ពិពណ៌នា​ថា ព្រិកហាំ យ៉ង់ នៅ​ពេល​កំពុង​តែ​និយាយ « សំឡេង​គាត់​គឺ​ដូចជា​សំឡេង​របស់ ព្យាការី យ៉ូសែប ។ ខ្ញុំ​បាន​គិត​នោះ​គឺ យ៉ូសែប ហើយ​មាន​មនុស្ស​រាប់ពាន់​បាន​ស្ដាប់​ឮ​ដូចគ្នា​នេះ​ដែរ » ( នៅ​ក្នុង History of the Church ៧:២៣៦ ) ។

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

វិលហ្វូឌ វូឌដ្រុព្វ បាន​សរសេរ​ថា « បើ​ខ្ញុំ​ពុំ​ធ្លាប់​បាន​ឃើញ ព្រិកហាំ យ៉ង់ ដោយ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ​ទេ នោះ​គ្មាន​នរណា​ម្នាក់ ដែល​អាច​មក​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​ជឿ​ថា​អ្នក​ដែល​ឡើង​និយាយ​នោះ​ពុំ​មែន​ជា យ៉ូសែប ស៊្មីធ នោះ​ឡើយ ហើយ​មនុស្ស​គ្រប់រូប​ដែល​បាន​ស្គាល់​បុរស​ទាំងពីរ​រូប​នេះ អាច​ថ្លែង​ទីបន្ទាល់​ចំពោះ​ព្រឹត្តិការណ៍​នេះ​បាន ( នៅ​ក្នុង History of the Church៧:២៣៦ ) ។

ប្រធាន ព្រិកហាំ យ៉ង់ និង សមាជិក​ដទៃ​ទៀត​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​នៅ​ក្នុង​ការប្រជុំ​ពេល​រសៀល ។ មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ថា ពួកគេ​ឃើញ និង ស្ដាប់​ឮ ព្រិកហាំ យ៉ង់ ដូចជា យ៉ូសែប ស្ម៊ីធ ។ ចច ឃ្យូ ខានុន ដែល​មាន​អាយុ ១៧ ឆ្នាំ ក្នុង​ឆ្នាំ ១៨៤៤ បាន​ចាំ​ថា « បើ យ៉ូសែប បាន​រស់​ពី​សេចក្ដីស្លាប់​ឡើង​វិញ ហើយ​ថ្លែង​ទៅ​កាន់​បណ្ដាជន​សាជាថ្មី វា​នឹង​មាន​ការភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង ជាង​អ្វី​ដែល​បាន​កើតឡើង​ទៅ​ទៀត ដ្បិត​វា​គឺ​ជា​សំឡេង​របស់ យ៉ូសែប ផ្ទាល់ ហើយ​វា​ពុំ​គ្រាន់តែ​ជា​សំឡេង​របស់ យ៉ូសែប ដែល​គេ​បាន​ឮ​នោះ​ទេ ប៉ុន្តែ វា​ហាក់ដូចជា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ប្រជាជន​ដូចជា យ៉ូសែប បាន​ឈរ​នៅ​ចំពោះ​មុខ​ពួកគេ​ដែរ ។… ព្រះអម្ចាស់​បាន​ប្រទាន​ទីបន្ទាល់​មួយ​ដល់​រាស្ត្រ​របស់​ទ្រង់​ថា គ្មាន​ចន្លោះ​ណាមួយ​ទុក​សម្រាប់​ភាពសង្ស័យ​នោះ​ទេ អំពី​បុរស​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ពួកគេ​នោះ » ( នៅ​ក្នុង History of the Church៧:២៣៦ ) ។

បន្ថែម​លើ​អព្ភូតហេតុ​នោះ ពួកបរិសុទ្ធ​ជាច្រើន​ក៏​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​សាក្សី​ដល់​ពួកគេ​ថា ព្រិកហាំ យ៉ង់ និង កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ត្រូវបាន​ហៅ​ដោយ​ព្រះ​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ នៅ​ពេល​បញ្ចប់​ការប្រជុំ​នេះ ពួកបរិសុទ្ធ​នៅ​ទីក្រុង ណៅវូ បាន​បោះឆ្នោត​ដោយ​មាន​មតិ​ភាគច្រើន​គាំទ្រ​ដល់​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដោយ​មាន ព្រិកហាំ យ៉ង់ ជា​ប្រធាន ដើម្បី​ដឹកនាំ​សាសនាចក្រ ។ ទោះជាយ៉ាងណាក្ដី នៅ​ទីបញ្ចប់​ពុំ​មែន​សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ បាន​ជ្រើសរើស​ធ្វើតាម​ពួកសាវក​នោះ​ទេ ។ ប្រជាជន​ខ្លះ​បាន​ជ្រើសរើស​ធ្វើតាម​បុគ្គល​ដទៃ​ទៀត​ដូចជា ស៊ីឌនី រិកដុន និង ជេម ស្ទ្រាង ដែល​បាន​បង្កើត​សាសនាចក្រ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅ​វិញ ។

ប្រសិនបើ​អ្នក​បាន​មាន​វត្តមាន​នៅ​ក្នុង​ការប្រជុំ​ទាំងអស់​នៅ​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ តើ​សេចក្ដីសម្រេច​ណាមួយ​ដែល​អ្នក​នឹង​ធ្វើ អំពី​បុគ្គល​ដែល​ព្រះ​បាន​ហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ ?

នៅ​ពេល យ៉ូសែប ស្ម៊ីធ បាន​ទទួល​មរណភាព សាវក​រៀម​ច្បង ( ព្រិកហាំ យ៉ង់ ) អាច​ប្រើប្រាស់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​បាន​ភ្លាមៗ ។ លោក​មាន​សិទ្ធិ​ទទួល​វិវរណៈ ស្ដីពី​ពេលវេលា​ដែល​ត្រូវ​បង្កើត​គណៈប្រធាន​ទី​មួយ​ថ្មី ។ នៅ​ក្នុង​ឆ្នាំ ១៨៤៧ -- មាន​រយៈពេល​ជាង​ពីរ​ឆ្នាំ បន្ទាប់​ពី​ទុក្ករកម្ម-- ព្រិកហាំ យ៉ង់ ត្រូវបាន​បំផុស​គំនិត​ឲ្យ​បង្កើត​គណៈប្រធាន​ទីមួយ ប្រសើរ​ជាង​បន្ដ​ដឹកនាំ​សាសនាចក្រ​ក្នុង​នាម​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ដោយសារតែ​សាសនាចក្រ​បន្ត​រីកចម្រើន និង រីក​ធំធាត់ វា​ជា​ការសំខាន់​ក្នុង​ការចងចាំ​ថា តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ទទួល​បាន​សាក្សី​ថា បុគ្គល​ទាំងឡាយ​ដែល​ដឹកនាំ​សាសនាចក្រ ត្រូវបាន​ហៅ​ដោយ​ព្រះ ។

រូបភាព
គណៈ​ប្រធាន​ទី​មួយ ឆ្នាំ ២០១៣

គណៈ​ប្រធាន​ទី​មួយ ឆ្នាំ ២០១៣

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​វា​មាន​សារៈសំខាន់ ក្នុង​ការទទួល​បាន​ទីបន្ទាល់​មួយ​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​យើង ត្រូវបាន​ហៅ​ពី​ព្រះ ?

    2. សូម​គិត​អំពី​គ្រា​ដែល​អ្នក​បាន​ទទួល​សាក្សី​មួយ​ថា អ្នក​ដឹកនាំ​នៃ​សាសនាចក្រ​ម្នាក់ ត្រូវបាន​ហៅ​ពី​ព្រះ ? ប្រសិនបើ​អ្នក​ធ្លាប់​បាន​ទទួល​បទពិសោធន៍​នោះ តើ​អ្នក​បាន​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួល​បាន​សាក្សី​នោះ ? ប្រសិនបើ​អ្នក​ពុំ​ធ្លាប់​ទទួល​បាន​សាក្សី​អំពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទេ សូម​សរសេរ​អំពី​កិច្ចការ ដែល​អ្នក​អាច​ធ្វើ ដើម្បី​ទទួល​បាន​បទពិសោធន៍​មួយ ?

  2. សូម​ស្នើ​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ​ម្នាក់ ចែកចាយ​ជាមួយ​អ្នក​អំពី​បទពិសោធន៍​របស់​ពួកគេ អំពី​ការទទួល​បាន​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់​ត្រូវ​បាន​ហៅ​ពី​ព្រះ ។ អ្នក​ក៏​អាច​នឹង​ចែកចាយ​អំពី​អ្វី ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​កិច្ចការ​មុន​នោះ​ជាមួយ​ពួកគេ​ដែរ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​របស់​បុគ្គល​នេះ ។

  3. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « ការស្នង​តំណែង​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖