ថ្នាក់​សិក្ខាសាលា
មេរៀនទី ៣២ ៖ ថ្ងៃទី ២ សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ២


មេរៀនទី ៣២ ៖ ថ្ងៃ​ទី ២

សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ២

សេចក្តីផ្តើម

អំឡុង​សតវត្សរ៍​ទី ២០ កិច្ចការ​ផ្សព្វផ្សាយសាសនា បាន​សាយភាយ​ទៅទូទាំង​ផែនដី ។ អ្នកដឹកនាំ​សាសនាចក្រ បានអធិស្ឋាន​សុំ​ការ​ដឹកនាំពាក់ព័ន្ធទៅនឹងលក្ខខណ្ឌ​ចំពោះ​ការតែងតាំងបព្វជិតភាព និង​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​ជា​កូនចៅ​របស់​ជនជាតិ​អាហ្វ្រិក ។ វិវរណៈ​ដ៏​ជាក់លាក់​មួយ​បាន​ប្រទាន​ដល់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ហើយ​ត្រូវ​បានអះអាង​បញ្ជាក់​ដល់ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈ​ប្រធាន​ទី​មួយ និង សមាជិកនៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩៧៨ ។​ នៅក្នុង​សំបុត្រ​មួយ​ដែល​ចុះ​ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ១៩៧៨ ពួក​លោក​បាន​ប្រកាស​វិវរណៈ​នោះ ។

សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ២

ព្រះអម្ចាស់​បើក​សម្ដែង​ថា ពរជ័យ​បព្វជិតភាព និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ អាច​ផ្ដល់​ទៅ​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​ដែល​មានភាព​សក្ដិសម​គ្រប់រូប ។

សូម​ស្រមៃ​ថា​អ្នក​មាន​មិត្ត​ម្នាក់​ដែល​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយកំពុង​តែ​ស្មុគស្មាញ​នឹង​សំណួរ​ខ្លះៗ​អំពី គោលលទ្ធិ គោលនយោបាយ ឬ​ការ​អនុវត្ត​នានា​របស់សាសនាចក្រ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចខាង​ក្រោម ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​នឹង​លើក​ទឹកចិត្ត​មិត្ត​របស់​អ្នក​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ខាង​ក្រោម​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទី​មួយ សូម​គូស​ចំណាំ​ផ្នែក​ណា ដែល​មាន​ប្រយោជន៍​ជា​ពិសេស​ចំពោះ​អ្នក ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ចុះ​ការសង្ស័យ និង សំណួរ​វិញ ? តើ​អ្នក​ឃើញ​ថា ដំណឹងល្អ​នេះ​ពិត​ដោយ​របៀប​ណា ? តើ​វា​មិន​អី​ទេ​ឬ​ដែល​មាន​សំណួរ​អំពី​សាសនាចក្រ ឬ គោលលទ្ធិ​របស់​សាសនាចក្រ​នោះ ? មិត្តភក្ដិ​វ័យ​ក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​គឺជា​មនុស្ស​ដែល​សួរ​សំណួរ ដោយសារ​យើង​ដឹង​ថា​សំណួរ​នាំ​ទៅរក​សេចក្ដីពិត ។ នោះ​គឺជា​របៀប​ដែល​សាសនាចក្រ​នេះ​ចាប់ផ្ដើម​ឡើង--មក​ពី​យុវជន​ម្នាក់​ដែល​មាន​សំណួរ​នោះ ។ តាម​ពិត ខ្ញុំ​មិន​ប្រាកដ​ពី​របៀប​ដែល​មនុស្ស​ម្នាក់​អាន​រកឃើញ​សេចក្ដីពិត ដោយ​គ្មាន​ការសួរ​សំណួរ​នោះ​ទេ ។ នៅក្នុង​ព្រះគម្ពីរ អ្នក​នឹង​កម្រ​រកឃើញ​វិវរណៈ​មួយ​ដែល​មក ដោយ​មិន​បាន​ឆ្លើយ​តប​ទៅនឹង​សំណួរ​ណាស់ ។ នៅពេល​ណា​ដែល​មាន​សំណួរ​មួយ​លេច​ឡើង ហើយ​យ៉ូសែប ស្ម៊ីធ មិន​បាន​ប្រាកដ​ពី​ចម្លើយ​នោះ គាត់​បាន​ទៅរក​ព្រះអម្ចាស់ ហើយ​លទ្ធផល​គឺជា​វិវរណៈ​ដ៏​អស្ចារ្យ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ ជាញឹកញាប់ ចំណេះដឹង​ដែល​យ៉ូសែប បាន​ទទួល​នោះ​បាន​លាត​សន្ធឹង​ឆ្ងាយ​លើសពី​សំណួរ​ដើម​ទៅ​ទៀត ។ នេះ​គឺ​ដោយសារ​មិន​ត្រឹម​តែ​ព្រះអម្ចាស់​អាច​ឆ្លើយ​នឹង​សំណួរ​ដែល​យើង​សួរ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ទ្រង់​អាច​ផ្ដល់​ចម្លើយ​ឲ្យ​យើង​ចំពោះ​សំណួរ​ទាំងឡាយ​ដែល​យើង​គួរ​តែ​បាន​សួរ​នោះ ។ ចូរ​យើង​ស្ដាប់​តាម​ចម្លើយ​ទាំងនោះ ។

« ការខិតខំ​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នៃ​សាសនាចក្រ​នេះ គឺ​មាន​នៅលើ​អ្នករៀន​ថ្មី​ដ៏​ស្មោះត្រង់ ដែល​សួរ​សំណួរ​ដោយ​អស់​ពី​ចិត្ត ។ ការសួរ​គឺជា​ទីកំណើត​នៃ​ទីបន្ទាល់ ។ អ្នក​ខ្លះ​អាច​មាន​អារម្មណ៍​អៀនខ្មាស់ ឬ ថាមិន​ស័ក្ដិសម ដោយសារ​ពួកគេ​បាន​រក​សំណួរ​ដែល​ទាក់ទង​ទៅនឹង​ដំណឹងល្អ ប៉ុន្ដែ​ពួកគេ​មិន​ចាំបាច់​មាន​អារម្មណ៍​បែប​នោះ​ទេ ។ ការសួរ​សំណួរ មិន​មែន​ជា​សញ្ញា​នៃ​ភាពទន់​ខ្សោយ​នោះ​ទេ វា​គឺជា​ប្រផ្នូល​មួយ​នៃ​ការរីកចម្រើន ។

« ព្រះ​បាន​បញ្ជា​យើង​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ( សូម​មើល យ៉ាកុប ១: ៥ –៦ ) ហើយ​សួរ​តែ​អ្វី​ដែល​យើង​ស្វែងរក ‹ ដោយ​ចិត្ត​ស្មោះ​ស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ › ( មរ៉ូណៃ ១០​:៤ ) ។ នៅពេល​យើង​ធ្វើ​ដូច្នោះ សេចក្ដីពិត​នៃ​ការណ៍​ទាំងអស់​អាច​ត្រូវ​បាន​បង្ហាញ​ដល់​យើង ‹ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ › (មរ៉ូណៃ ១០:៥) ។

« ចូរ​កុំ​ខ្លាច​ឡើយ សូម​សួរ​សំណួរ ។ ចូរ​ឆ្ងល់ ប៉ុន្ដែ​កុំ​សង្ស័យ​ឡើយ ! សូម​កាន់​ខ្ជាប់​ទៅនឹង​សេចក្ដី​ជំនឿ និង ពន្លឺ​ដែល​អ្នក​បាន​ទទួល​រួច​ហើយ​នោះ​ជានិច្ច ។ ដោយសារ​យើង​ឃើញ​ភាព​មិន​ឥតខ្ចោះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ នោះ​មិន​មែន​អ្វីៗ​ទាំងអស់​នឹង​យល់​នា​ពេល​ឥឡូវ​នេះ​ទេ ។…

« …ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​អាច​នាំ​អ្នក​ឲ្យ​កាន់តែ​ខិត​ទៅ​ជិត​ព្រះ ដោយ​ការពង្រឹង​ទីបន្ទាល់​របស់​អ្នក ជាជាង​បោះបង់​វា​ចោល ។ ពិតណាស់ ‹ សេចក្ដី​ជំនឿ​គឺ​ពុំ​មែន​ជា … ដំរិះ​ដ៏​ឥត​ខ្ចោះ​នោះ​ទេ › ( អាលម៉ា ៣២:២១ ) ប៉ុន្ដែ​នៅ​ពេល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​របស់​អ្នក ដោយ​ការអនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​រាល់​ថ្ងៃ​ទោះ​ស្ថិត​ក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ​នោះ អ្នក​នឹង​ភ្លក់​នូវ​ផ្លែ​ឈើ​ដ៏​ផ្អែម​នៃ​ដំណឹងល្អ ហើយ​តាមរយៈ​ផ្លែ​នេះ អ្នក​នឹង​ដឹង​ពី​សេចក្ដីពិត​របស់​វា ( សូម​មើល ម៉ាថាយ ៧:១៦–២០ យ៉ូហាន ៧:១៧ អាលម៉ា ៣២:៤១–៤៣ ) » ( “The Reflection in the Water”Church Educational System fireside address ថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] LDS.org ) ។

ដំណើរ​រឿង​ដូច​ខាង​ក្រោម បង្ហាញ​អំពី​របៀប​ដែល​បុគ្គល​ពីរ​នាក់​ឈ្មោះ ហេលវេស៊ីអូ ម៉ាទិន និង រូដា ម៉ាទិន បាន​ព្យាយាម​ដើម្បី​ទទួល និង​យល់​ពី​សេចក្ដីពិត តាមរយៈ​ការ​សួរ​សំណួរ ៖

រូបភាព
អែលឌើរ ហេលវេស៊ីអូ ម៉ាទិន

អែលឌើរ ហេលវេស៊ីអូ ម៉ាទិន

« នៅ​យប់​ភ្លឺថ្លា​ខែ​មេសា ឆ្នាំ ១៩៧២ … ហេលវេស៊ីអូ ម៉ាទិន បាន​សញ្ជឹងគិត​អំពី​ការស្វែងរក​សេចក្ដីពិត​របស់គ្រួសារ​គាត់ ។ គាត់ និងភរិយា រូដា បាន​ស៊ើបអង្កេតអំពី​សាសនា​ជាច្រើន ប៉ុន្តែ​ហាក់ដូចជា​គ្មាន​បំពេញ​នូវ​ភាព​ទទេស្អាត​ខាង​វិញ្ញាណ​របស់ពួកគេ​សោះ ។ គាត់​និយាយថា ‹ ខ្ញុំ​បាន​សន្ទនា​ជាមួយ​ព្រះ​នា​យប់នោះ ដោយ​ទូល​សុំ​ជំនួយ › » (Elder Helvécio Martins of the Seventy » Ensign ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ១៦០ ) ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពួកអ្នក​ផ្សព្វផ្សាយសាសនា​បាន​មក​ដល់​ផ្ទះរបស់ពួកគេ​នៅ រីយ៉ូ ដេ ចានេរូ ប្រទេស​ប្រេស៊ីល ។ អែលឌើរ ម៉ាទីន បាន​នឹកចាំថា « នៅគ្រា​ដែល​យុវជន​ទាំងពីរ​នាក់​នោះ បាន​បោះជំហាន​ចូលមកក្នុង​ផ្ទះរបស់​យើងភ្លាម នោះ​ភាព​ងងឹត និង​ភាពរសាប់រសល់​ខាង​វិញ្ញាណទាំងអស់​របស់ខ្ញុំ ត្រូវ​បាន​រលាយ​បាត់​មួយរំពេច ហើយ​ត្រូវ​បាន​ដាក់ជំនួស​វិញ​ដោយភាព​ស្ងប់ស្ងាត់ ដែល​ឥឡូវ​ខ្ញុំ​ដឹង​ថា វា​បានមកពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ដោយ Mark Grover, The Autobiography of Elder Helvécio Martins [ឆ្នាំ ១៩៩៤] ទំព័រ ៤៣ ) ។

នៅពេល ហេលវេស៊ីអូ និង រូដា ដែលជា​កូនចៅ​ជនជាតិអាហ្វ្រិក បានសន្ទនា​ជាមួយអ្នកផ្សព្វផ្សាយ​សាសនានោះ ហេលវេស៊ីអូ បាន​សួរ​អំពី​តួនាទី​របស់​ប្រជាជន​ស្បែក​ខ្មៅ​នៅក្នុង​សាសនាចក្រ ។ ម៉ាទិនបានដឹង​ថា នៅគ្រានោះ គោលនយោបាយ​សាសនាចក្រ បានដាក់កំហិត​ចំពោះ​បុរស​ស្បែកខ្មៅ​ដែលជា​កូនចៅ​ជនជាតិ​អាហ្វ្រិក ពីការ​ត្រូវ​បានតែងតាំង​បព្វជិតភាព ។ រឿង​នេះ​បាននាំ​ឲ្យ​ពួកគេ​សួរ​សំណួរ​បន្ថែម​ទៀត​ដល់​ពួកអ្នក​ផ្សព្វផ្សាយសាសនា ។

បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រួសារ​ម៉ាទិន តើ​សំណួរ​អ្វីខ្លះ​ដែលអ្នក​អាច​នឹង​សួរ នៅពេល​អ្នក​បាន​ដឹង​អំពី​ការ​ដាក់កំហិត​ចំពោះ​បព្វជិតភាព ?

សេចក្ដីថ្លែងការ​ណ៍​ដូច​ខាង​ក្រោម គឺ​ជា​សេចក្ដីណែនាំ​ទៅ​កាន់សេចក្ដីប្រកាស​ជាផ្លូវការ​ទី ២នៅក្នុង​ការបោះពុម្ព​នៃព្រះគម្ពីរ​ឆ្នាំ ២០១៣ ។ នៅពេល​អ្នក​អាន​សេចក្ដីថ្លែងការណ៍ សូម​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ ដែល​បុគ្គល​ម្នាក់ៗ អាច​មាន​អំពី​ការ​ដាក់កំហិត​ចំពោះ​បព្វជិតភាព ។

« ព្រះគម្ពីរ​មរមន​បង្រៀន​ថា​គ្រប់ ‹ មនុស្ស​ទាំងអស់​ក៏​ដូចគ្នានៅ​ចំពោះ​ព្រះ › រួម ‹ ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី ›( នីហ្វៃទី ២ ២៦:៣៣ ) ។ ពេញ​ទាំង​ប្រវត្តិសាស្ដ្រ​នៃ​សាសនាចក្រ មនុស្ស​ទាំងអស់​នៃ​អស់​ទាំង​សាសន៍ និង​ជាតិពន្ធ​នៅក្នុង​ប្រទេស​ជាច្រើន បាន​ជ្រមុជទឹក និង​បាន​រស់នៅ​ជា​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ ។ អំឡុងពេល យ៉ូសែប ស្ម៊ីធ នៅមាន​ជីវិត មាន​បុរស​ស្បែក​ខ្មៅ​ពីរ​បី​នាក់​ដែលជា​សមាជិក​នៃ​សាសនាចក្រ ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព ។ កាលពី​ដើម​នៅក្នុង​ប្រវត្តិសាស្ដ្រ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បញ្ឈប់​ការអនុញ្ញាត​ឲ្យ​មាន​បព្វជិតភាព​ដល់​បុរស​ស្បែក​ខ្មៅ​ដែល​មាន​ពូជអំបូរ​អាហ្រ្វិក ។ កំណត់ត្រា​សាសនាចក្រ ពុំ​បាន​ផ្ដល់​នូវ​ការ​យល់​ដឹង​ច្បាស់លាស់ នៅក្នុង​ច្បាប់ដើម​នៃ​ការ​អនុវត្ត​នេះទេ ។ អ្នកដឹកនាំ​សាសនាចក្រ​ជឿ​ថា វិវរណៈ​មួយ​មក​ពី​ព្រះ គឺចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ការ​អនុវត្ត​នេះ ហើយ​ស្វែងរក​ការ​ណែនាំ​ប្រកប​ដោយការ​អធិស្ឋាន ។ វិវរណៈ​បាន​ផ្ដល់​ទៅ​ឲ្យ​ប្រធាន​សាសនាចក្រ ស្ពែន​ស៊ើរ ដបុលយូ ឃឹមបឹល ហើយ​ត្រូវ​បាន​បញ្ជាក់អះអាង​ទៅ​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត​នៅក្នុង​ព្រះវិហារបរិសុទ្ធ​សលត៍ លេក នៅថ្ងៃទី ១ ខែ​មិថុនា ឆ្នាំ ១៩៧៨ ។ វិវរណៈ​បាន​ដក​ចេញ​នូវ​រាល់​ការ​ដាក់កំហិត​ដែលទាក់ទង​នឹង​ជាតិសាសន៍ ដែល​ធ្លាប់​បាន​អនុវត្ត​ចំពោះ​បព្វជិតភាពនា​ពេលនោះ ។​

  1. សូម​ឆ្លើយ​សំណួរ​ដូចខាង​ក្រោម ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​សំណួរ​អំពី​ការ​ដាក់កំហិត​បព្វជិតភាព អាច​ត្រូវ​បាន​ឆ្លើយ​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​នេះ​មាន​អ្វី​ខ្លះ ?

សូម​កត់ចំណាំ​ជួរ​ខាង​ក្រោម​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ពី​ខាង​លើ « កំណត់ត្រា​នៃ​សាសនាចក្រ ពុំបានផ្ដល់​នូវ​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​ការអនុវត្ត​បែបនេះ​ពី​ដើម​ដំបូង​ឡើយ » ។ ទោះ​ជា​មនុស្ស​ខ្លះ​ច​មាន​មូលហេតុ​ចំពោះ​ការណ៍​ដែល​បុរស​អំបូរ​ពី​អាហ្វ្រិក​មិន​ត្រូវបាន​តែងតាំង​ឲ្យ​មាន​បព្វជិតភាព​មួយរយៈ តែ​មូលហេតុ​ទាំងនោះ​ពុំ​ទំនង​ជា​ត្រឹមត្រូវ​ឡើយ ។ សេចក្ដីថ្លែងការ​ណ៍​នៅក្នុង​សេចក្ដីណែនាំ​ទៅ​កាន់សេចក្ដីប្រកាស​ជាផ្លូវការ​ទី ២តំណាង​ឲ្យ​ជំហរ​ជាផ្លូវការ​របស់​សាសនាចក្រ ។

នៅពេល​អ្នក​អាន​នូវកថាកណ្ឌ​ដូច​ខាង​ក្រោម សូម​រកមើលអ្វី​ដែល​គ្រួសារ​ម៉ាទីន បានធ្វើ បន្ទាប់ពី​ពួកគេ​បាន​ដឹង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នោះ ៖

គ្រួសារ​ម៉ាទិន បានទទួលបុណ្យជ្រមុជទឹក​នៅថ្ងៃទី ២ ខែ​កក្កដា ឆ្នាំ ១៩៧២ ហើយបាន​បម្រើ​ដោយ​ស្មោះត្រង់នៅក្នុង​សាសនាចក្រ ។ នៅពេល​កូនប្រុស​ច្បង​របស់​ពួកគេ ម៉ាគឹស បាន​ទទួល​ពរ​របស់​លោក​អយ្យកោ​របស់​គាត់ ក្នុងនោះបានសន្យា​ថា គាត់​នឹង​ផ្សាយដំណឹងល្អ ។ ទោះជា​មាន​ការ​ដាក់កំហិត​បព្វជិតភាព​នៅគ្រានោះ​ដែល​បានរារាំង ម៉ាគឹស​មិន​ឲ្យ​បម្រើ​បេសកកម្ម​ពេញម៉ោង​ក្ដី ក៏ឪពុក​ម្ដាយគាត់ បាន​បើក​គណនី​សន្សំ​ប្រាក់​ចេញ​ផ្សាយសាសនា​ឲ្យគាត់ដែរ ។ នៅឆ្នាំ ១៩៧៥ សាសនាចក្រ​បាន​ប្រកាស​ថា ព្រះវិហារបរិសុទ្ធ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ទីក្រុង សៅ ផាឡូ ប្រទេស​ប្រេស៊ីល ។ ដើម្បីជួយ​ដល់​ការ​រៃអង្គាស បងស្រី​ម៉ាទិន បាន​លក់​គ្រឿង​អលង្ការ​របស់គាត់ ។ បងប្រុស ម៉ាទិន បាន​បម្រើ​ដោយស្មោះត្រង់​ជា​សមាជិក​នៃ​គណៈ​កម្មការ​សាធារណៈ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។ គ្រួសារ​ម៉ាទិន បាន​ធ្វើការ​លះបង់​ទាំងនេះ ទោះជាពួកគេ​បាន​ដឹងថា ពួកគេ​នឹង​ពុំ​មាន​ឱកាស​ទទួល​ពិធីបរិសុទ្ធ​បព្វជិតភាព​នៅក្នុងព្រះវិហារបរិសុទ្ធ​ក្ដី ។

  1. សូម​ឆ្លើយ​សំណួរ​ដូចខាង​ក្រោម ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​អ្នក​គិត​ថា គ្រួសារ​ម៉ាទិន មាន​ឆន្ទៈ​ទទួលបុណ្យជ្រមុជទឹក ហើយ​បម្រើ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ ទោះជា​ពួកគេ​រង​ឥទ្ធិពល​ដោយ​ការដាក់កំហិត​ចំពោះ​បព្វជិតភាព​នៅ​គ្រា​នោះ​ក្តី ?

ចូរ​ប្រៀបធៀប​ចម្លើយ​របស់អ្នក​ជាមួយ​នឹង​សេចក្ដីថ្លែង​ការណ៍​ដែល​អែលឌើរ ម៉ាទិន បាន​ផ្ដល់​ឲ្យ​ដូចតទៅ ៖ « យើង​បាន​រកឃើញ​សេចក្ដីពិត ហើយ​គ្មានអ្វី​ដែល​អាច​បញ្ឈប់​យើង​មិន​ឲ្យ​រស់នៅ​តាម​នោះទេ ។… នៅពេល​ព្រះវិញ្ញាណ​ប្រាប់អ្នក​ថា ដំណឹងល្អ​ពិត …តើអ្នក​អាច​បដិសេធ​ដោយ​របៀបណា ? » (នៅក្នុង « Elder Helvécio Martins of the Seventy, » ទំព័រ ១០៦) ។

ដោយសារ​តែ​គ្រួសារ​ម៉ាទីន បាន​ទទួល​ទីបន្ទាល់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះពួកគេ​អាច​ដើរ​ឆ្ពោះទៅមុខ ទុកចិត្ត​លើ​ព្រះអម្ចាស់ ដោយ​មិន​ខ្វល់​ពីអ្វី​ដែលពួកគេ​ពុំ​យល់​នោះ​ឡើយ ។

បន្ថែម​ពី​លើ​គ្រួសារ​ម៉ាទិន ពូជ​អំបូ​អាហ្វ្រិក​រាប់​ពាន់​ទៀត នៅ​ក្នុង​ជាតិសាសន៍​ជាច្រើន​ប្រភេទ បាន​មក​ស្គាល់​សេចក្ដីពិត​ពេញលេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នៅ​ក្នុង​បណ្តា​ទស្សវត្សរ៍​មុន​នឹង​បានទទួល​វិវរណៈនា​ឆ្នាំ ១៩៧៨ ទៅ​ទៀត ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ទីក្រុង​សលត៍ លេក បាន​ទទួល​សំបុត្រ​ជាច្រើន​មកពី​អ្នក​ប្រែចិត្តជឿ​ដែល​មិន​ទាន់​បាន​ជ្រមុជទឹក​នៅក្នុង​ប្រទេស​នីហ្សេរីយ៉ា និង​ហ្គាណា​ស្នើ​សុំ​ឲ្យ​មាន​អ្នកផ្សព្វផ្សាយ​សាសនា​ជាច្រើន​បញ្ជូន​ទៅកាន់​អាហ្វ្រិក ។ អស់រយៈពេលជាច្រើនឆ្នាំ ពួកអ្នកដឹកនាំ​សាសនាចក្រ​បាន​ពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​អំពី​រឿង​នោះ ប៉ុន្តែ​ពួកលោកបានមានអារម្មណ៍​ថា ពេលវេលា​ពុំទាន់មកដល់នៅឡើយ ដើម្បីបញ្ជូនពួកអ្នក​ផ្សព្វផ្សាយសាសនា​ទៅអាហ្វ្រិក ជាកន្លែង​ដែលសមាជិក​ក្នុងមូលដ្ឋាន​នឹង​ពុំ​អាច​ធ្វើជាអធិបតី ឬ​ធ្វើ​ពិធីបរិសុទ្ធ​នៅឡើយនោះ ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

សេចក្ដីប្រកាស​ជាផ្លូវការ​ទី ២មាននូវការ​ប្រកាស​ជា​ផ្លូវការ​អំពី​វិវរណៈ​មួយ​ដែល ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ទទួលនៅថ្ងៃទី ១ ខែ​មិថុនា ឆ្នាំ ១៩៧៨ ។ សូមអាន​កថាកណ្ឌ​ទីមួយ​នៅ​ក្រោម​ឃ្លា « ជូន​ចំពោះ​បងប្អូន​ប្រុស​ទាំងឡាយ » ហើយ​ស្វែងរក​មើល​នូវអ្វី​ដែលអ្នកដឹកនាំ​សាសនាចក្រ​បាន​ថ្លែង​ថា​ពួក​លោក​បាន​ធ្វើជាសាក្សី ។

តើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ត្រូវបាន​បំផុស​គំនិត​អ្វីខ្លះ នៅពេល​ពួកលោក​បាន​ធ្វើ​ជា​សាក្សី​អំពី​ការរីកចម្រើន​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

សូម​អាន​កថា​កណ្ឌ​ដែល​ចាប់​ផ្ដើម « ដោយ​យល់​ពី​សេចក្ដីសន្យា​ទាំងឡាយ » ។ ចូរ​ស្វែងរកមើល​របៀប​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើសកម្មភាព​លើ​បំណងប្រាថ្នា​ដ៏​បំផុសគំនិត​របស់​ពួកលោក ។

តើ​ប្រធាន ឃឹមបឹល និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ធ្វើ​សកម្មភាព​លើ​បំណងប្រាថ្នា​ដ៏​បំផុសគំនិត​របស់​ពួកលោក​ដោយ​របៀប​ណា ?

កថាកណ្ឌនេះ ជួយ​យើង​យល់ដឹង​ថាពួក​ព្យាការី​ស្វែងរក​ការ​ដឹកនាំ​របស់ព្រះអម្ចាស់​នៅក្នុង​ការដឹកនាំ​សាសនាចក្រ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ចូរកត់សម្គាល់​ថា នៅ​ដើមដំបូង​នៃ​កថាកណ្ឌទីពីរ​នោះ ចាប់​ផ្ដើម​ជាមួយ​នឹង​ឃ្លា​ថា « ដោយ​យល់​ពី​សេចក្ដីសន្យា​ទាំងឡាយ ដែលបាន​ធ្វើ​ដោយពួកព្យាការី » ។ ឃ្លានេះ បង្រៀន​យើង​ថា អ្នកដឹកនាំ​សាសនាចក្រ​បាន​ដឹង​ថា នៅពេល​មួយ បុរស​សក្ដិសម​ទាំងឡាយ​នឹង​មាន​ឱកាស​ដើម្បី​ទទួល​បាន​បព្វជិតភាព ។ អស់ជាច្រើនឆ្នាំ​ពីមុន​ឆ្នាំ ១៩៧៨ គណៈ​ប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពិភាក្សា ហើយ​អធិស្ឋាន​អំពី​ការដាក់កំហិត​ចំពោះ​បព្វជិតភាព​នេះ ។ ពួកអ្នកដឹកនាំ​មានអារម្មណ៍​ថា វិវរណៈ គឺចាំបាច់​ត្រូវ​មាន​ដើម្បី​មានការ​ផ្លាស់ប្ដូរ​នូវការ​ដាក់កំហិត​នេះ ដែលបាន​ស្ថាបនាឡើង​ជា​យូរ​មក​អស់ច្រើនជាង​មួយសតវត្សន៍​ហើយនោះ ។ ពេលខ្លះ សំណួរនេះ បាន​ដិត​ជាប់យ៉ាង​ខ្លាំង​ក្នុងចិត្ត​របស់ប្រធាន ឃឹមបឹល ហើយ​ជាញឹកញាប់ លោក​បាន​ចេញ​ទៅ​ព្រះវិហារបរិសុទ្ធ​តែ​ម្នាក់​ឯង​ដើម្បីអធិស្ឋានអំពី​រឿងនោះ ។

សូមអាន​កថាកណ្ឌ​នៅក្នុងសេចក្ដីប្រកាស​ជាផ្លូវការ​ទី ២ដែល​ចាប់​ផ្ដើម​ជាមួយនឹង « ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំងឡាយ​របស់​យើង » ហើយ « យើ​ងសូម​ប្រកាស » រួច​ស្វែងរក​មើល​ចម្លើយ​របស់ព្រះអម្ចាស់​ចំពោះ​ការ​អធិស្ឋាន​របស់​ប្រធាន ឃឹមបឹល ទីប្រឹក្សា​របស់លោក​នៅក្នុង​គណៈប្រធានទីមួយ និង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

កថាកណ្ឌ​ទាំងនេះ ជួយ​យើង​យល់​ថាព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​តាមរយៈ​វិវរណៈ​ទៅកាន់ពួក​ព្យាការី​របស់ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរគោលលទ្ធិ​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

វិវរណៈ​នេះមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​មនុស្សនៅទូទាំងពិភពលោក ។ សូមអាន​ប្រតិកម្ម​របស់ ហេលវេស៊ីអូ ម៉ាទិន និងភរិយា​របស់​លោក ឈ្មោះ រូដា នៅពេល​ពួកគាត់​បាន​ដឹង​អំពី​វិវរណៈ ៖ « ខ្ញុំ​ពុំអាច​ទប់​អារម្មណ៍​បានទេ ។ រូដា និង​ខ្ញុំ​បាន​ចូលទៅ​បន្ទប់ដេក​របស់​យើង លុតជង្គង់ចុះ ហើយបានអធិស្ឋាន ។ យើង​បាន​យំ ខណៈ​ដែល​យើងអរគុណ​ដល់​ព្រះវរបិតាសួគ៌ ចំពោះ​ព្រឹត្តិការណ៍​មួយ ដែល​យើងបាន​គ្រាន់តែ​សុបិន​ចង់​បាន​ប៉ុណ្ណោះ ។ ថ្ងៃនោះបានមកដល់យ៉ាងពិត ហើយ​វា​នៅក្នុងជីវិត​រមែងស្លាប់របស់​យើង » (Autobiographyទំព័រ ៦៩-៧០ ) ។

គ្រួសារ​ម៉ាទិន បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ កូនប្រុស​របស់​ពួកគាត់ ម៉ាគឹស គឺជា​សមាជិក​សាសនាចក្រ​ជនជាតិ​អាហ្វ្រិក​ដំបូងគេ​បំផុត ដែល​បម្រើ​បេសកកម្ម​បន្ទាប់ពី​ទទួល​វិវរណៈ ដើម្បី​បញ្ចប់​នូវ​ការដាក់កំហិត​ចំពោះ​បព្វជិតភាព ។ ហេលវេស៊ីអូ ម៉ាទិន បាន​ក្លាយជា​អ្នកកាន់​បព្វជិតភាព​ក្នុង​មូលដ្ឋាន ហើយ​ទីបំផុត ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​កូរ៉ុម​ទីពីរ​នៃ​ពួកចិតសិប​នាក់ ។

ក្នុងអំឡុង​ពេល​យ៉ាង​ខ្លី​ក្រោយពី​វិវរណៈ​ដែល​បាន​បញ្ចប់​ការដាក់កំហិត​បព្វជិតភាព​ត្រូវបាន​ទទួល នោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជាច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​ទ្វីប​អាហ្វ្រិក ។ ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ត្រូវបាន​សាងសង់​នៅលើ​ទ្វីប​នោះ ហើយ​មនុស្ស​រាប់រយ​រាប់​ពាន់​នាក់​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួន​គេ និង​សម្រាប់​ដូនតា​ដែល​ចែកឋានទៅរបស់ពួកគេ ។

អ្នក​អាច​សួរ​ថា ហេតុអ្វី​សាសនាចក្រ​ពុំ​តែងតាំង​បុរស​ជនជាតិ​អាហ្វ្រិកឲ្យ មាន​បព្វជិតភាព​ក្នុង​មួយរយៈ​ពេល​នោះ ។ សូម​ពិចារណា ថាតើ​អ្នកអាច​នឹង​ឆ្លើយ​សំណួរ​នេះយ៉ាងណា ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់LDS.orgជ្រើសរើសGospel Topicsហើយ​ស្វែងរក​race and the priesthood ។

  1. វា​ជា​ការសមរម្យ​ដើម្បី​ពន្យល់​ដល់​អ្នកដទៃ​ថា យើង​ពុំ​ដឹង​ថា​ហេតុអ្វី​បាន​ជា​ចាប់ផ្ដើម​មាន​ការដាក់កំហិត​ចំពោះ​បព្វជិតភាព​ដូច្នោះ​ទេ ។ បន្ថែមពីលើ​នោះ អ្នកអាច​ចែកចាយ និង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​យើង​បានដឹង ដូចជា​អ្នកទាំងឡាយ​ដែល​អ្នកបាន​រៀន​នៅក្នុ​ងមេរៀន​នេះ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ចូរ​សរសេរ​អំពី​របៀប​ដែល​អ្នកអាច​នឹង​ឆ្លើយ​សំណួរ​ថា ហេតុអ្វី​សាសនាចក្រ​ពុំ​តែងតាំង​បព្វជិតភាព​ដល់​បុរស​នៃ​អំបូរ​អាហ្វ្រិកសម្រាប់​មួយរយៈ​នោះ ។​ នៅពេល​អ្នក​បង្កើត​ចម្លើយ​របស់អ្នក អ្នកអាច​នឹង​ចង់​ប្រើ​ឧទាហរណ៍​អំពី​គ្រួសារ ម៉ាទិន ក៏ដូចជា​សេចក្ដីណែនាំ​ទៅកាន់សេចក្ដី​ប្រកាស​ជាផ្លូវ​ការទី ២នៅក្នុង​ការបោះពុម្ព​នៃព្រះគម្ពីរ​ឆ្នាំ ២០១៣ ផងដែរ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា សេចក្ដីប្រកាស​ជាផ្លូវការ​ទី ២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និងការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖