បណ្ណាល័យ
សេចក្តីណែនាំ​​ស្ដីពី​ចំណេះចំណានខគម្ពីរ


សេចក្តីណែនាំ​​ស្ដីពី​ចំណេះចំណានខគម្ពីរ

ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា​បាន​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ចំនួន ២៥ សម្រាប់​វគ្គ​នីមួយៗ​នៃ​ថ្នាក់​សិក្ខាសាលា​ទាំង​​បួន​វគ្គ ។ វគ្គគម្ពីរ​ទាំងនេះ ផ្តល់​សារៈសំខាន់​ជា​មូលដ្ឋាន​មួយ ខាង​បទគម្ពីរ​សម្រាប់​ការយល់ដឹង និង ការចែកចាយ​ដំណឹងល្អ និង សម្រាប់​ការពង្រឹង​​សេចក្តីជំនឿ ។ វគ្គ​ចំណេះចំណាន​ខគម្ពីរ​សម្រាប់​វគ្គសិក្សាព្រះគម្ពីរសញ្ញាថ្មី​មាន​ដូច​ខាង​ក្រោម​នេះ ៖

សិស្ស​ថ្នាក់​សិក្ខាសាលា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​សូត្រ « ចាំស្ទាត់ » វគ្គខគម្ពីរ​ទាំង​នេះ ។ អ្នក​អាច​ជួ​យដល់​សិស្ស​​ទាំងឡាយ​របស់​អ្នក​កាន់​តែ​​ប្រសើរ ប្រសិនបើ​អ្នកសូត្រ​វគ្គខគម្ពីរ​ទាំង​នេះ​ឲ្យ​ចាំ​ស្ទាត់​យ៉ាង​ល្អ​ផងដែរ ។ ការសូត្រ​ចាំស្ទាត់​ខគម្ពីរ​នេះ​រួមមាន ៖

  • ទីតាំង នៃខគម្ពីរ​ទាំងនេះ​ ដោយ​ការស្គាល់​សេចក្តី​យោង​ព្រះគម្ពីរ​ដែល​ទាក់ទង​គ្នា

  • ការយល់ ពី​បរិបទ និង មាតិកា​នៃ​វគ្គ​បទគម្ពីរ​ទាំង​នេះ

  • ការអនុវត្ត​តាម គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំង​នេះ

  • ការទន្ទេញ​ឲ្យ​ចាំ វគ្គបទគម្ពីរ

ភាពខ្ជាប់ខ្ជួន ការរំពឹងទុក និង វិធីសាស្ត្រ​នានា

នៅពេល​អ្នក​ដាក់​ផែនការ​ជួយ​សិស្ស​ឲ្យ​សូត្រ​ចាំ​វគ្គ​បទគម្ពីរ នោះ​អ្នក​នឹង​មាន​ជោគជ័យ​កាន់​តែ​ខ្លាំង ប្រសិនបើ​អ្នក​យោង​ទៅ​លើ​វគ្គ​ចំណេះ​ចំណាន​ខ​គម្ពីរ​ដោយ​ខ្ជាប់ខ្ជួន រក្សា​ការរំពឹង​ទុក​ដ៏​សមហេតុផល និង ប្រើ​វិធីសាស្ដ្រ​នានា ដែល​ទាក់ទាញ​ឲ្យ​មាន​របៀប​រៀន​ខុសប្លែក​ពីគ្នា ។

ភាពខ្ជាប់ខ្ជួន និង ការសូត្រ​ដដែលៗ​នៅក្នុង​ការបង្រៀន​ចំណេះចំណាន​ខគម្ពីរ នឹង​ជួយ​សិស្ស​ឲ្យ​ចងចាំ​ពីសេចក្តីពិត​បាន​យូរអង្វែង​សម្រាប់​ប្រើនា​ពេល​អនាគត ។ វា​អាច​មាន​ប្រយោជន៍​ ដើម្បី​រៀបគម្រោង​វគ្គសិក្សា​សម្រាប់​ឆ្នាំ​សិក្សា ហើយ​បង្កើត​គម្រោង​​​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​បាន​ជាប់លាប់​ដល់​សិស្ស​ក្នុង​ថ្នាក់ ដើម្បី​សូត្រ​ចាំ​វគ្គ​ខ​គម្ពីរ​ទាំងឡាយ ។ សូម​មាន​ភាពឆ្លាតវៃ​ក្នុងការសម្រេចចិត្ត​ពី​ភាពញឹកញាប់ និង ការប្រើប្រាស់​ពេល​ច្រើន​ប៉ុណ្ណា​ ក្នុង​ការ​ជួយ​សិស្ស​ឲ្យ​រៀន​វគ្គ​ចំណេះ​ចំណាន​​ខគម្ពីរ​​ទាំងនេះ ។ សូម​ប្រាកដ​ថា ​សកម្មភាព​ចំណេះចំណាន​ខគម្ពីរ​នេះ ពុំ​យក​ម៉ោង​ពី​ការសិក្សា​ព្រះគម្ពីរ​តាម​លំដាប់​ប្រចាំ​ថ្ងៃ​នោះ​ឡើយ ។ អ្នក​អាច​សម្រេច​ចិត្ត​ដើម្បី​​ចំណាយ​ពេល​ពីរបី​នាទី​រាល់​ថ្ងៃ រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ​ជាមួយ​សិស្ស​របស់​អ្នក ។ ឬ អ្នក​អាច​សម្រេចចិត្ត​ធ្វើ​សកម្មភាព​ចំណេះ​ចំណាន​ខ្លីម្តង ឬ ពីរ​ដង​ក្នុង​សប្តាហ៍​នីមួយៗ​ដោយ​ប្រើ​ពេល ១០ ​ទៅ ១៥ ​នាទី ។ មិន​ថា​អ្នក​ដាក់​ផែនការ​ជួយ​សិស្ស​ឲ្យ​រៀន​វគ្គ​ចំណេះចំណាន​ខគម្ពីរតាម​​របៀប​ណា​នោះ​ទេ សូម​ប្រឹងប្រែង​យ៉ាង​ខ្ជាប់ខ្ជួន និង​សមរម្យ ។

សូម​ផ្តោត​ការរំពឹង​ទុក​របស់​អ្នក​​អាស្រ័យលើ​សមត្ថភាព​របស់សិស្ស​ម្នាក់ៗ​សម្រាប់​ចំណេះចំណាន​ខគម្ពីរ ។ វគ្គ​ចំណេះចំណាន​ខគម្ពីរ​តម្រូវ​​ឲ្យ​មាន​ការខិត​ខំ​ប្រឹងប្រែង​នៅក្នុងចំណែក​របស់​​​សិស្ស ។ សូម​ប្រាប់​សិស្ស​ថា ភាពជោគជ័យ​ជាមួយ​នឹង​ចំណេះចំណាន​ខគម្ពីររបស់ពួកគេ ​គឺ​អាស្រ័យ​​លើ​អត្តចរិត និង​ឆន្ទៈ​ដ៏​មោះមុត​របស់​ពួកគេ​ក្នុងការ​អនុវត្ត ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ ដែលនឹង​ជំរុញ​សមត្ថភាព​ពួកគេទៅកាន់កម្រិតកាន់តែ​ខ្ពស់ជាង​នេះ ។ សូម​ស្គាល់​ពី​សិស្ស​ណា​ដែល​អាច​មាន​ការពិបាក​ក្នុង​ការទន្ទេញ ហើយ​សូម​មាន​ឆន្ទៈ​សម្រប​​ការរំពឹង​ទុក និង វិធីសាស្ត្រ​បង្រៀន​របស់​អ្នក​ឲ្យ​ស្រប​ទៅតាម​តម្រូវការ​របស់​សិស្ស​អ្នក ។

ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​លក្ខណៈ និង វិធីសាស្ត្រ​អ្នក​អាច​ផ្លាស់ប្តូរ​នោះមានវិធីសាស្ត្រ​ផ្សេងៗ​ទៀតជាច្រើន​ដើម្បី​ជួយ​សិស្ស​ឲ្យ​សូត្រ​ចាំស្ទាត់​វគ្គ​​បទគម្ពីរ​ទាំង​នោះ ។ នៅក្នុង​គ្រប់​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹង​ល្អ​ទាំងអស់ សូម​ជ្រើសរើស​​យក​សកម្មភាព​នានា​ដោយ​ឆ្លាតវៃ​ ដើម្បី​ឲ្យ​​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ឲ្យ​សិស្ស​សូត្រ​ចាំស្ទាត់​នូវ​ខគម្ពីរ និង គោលលទ្ធិ ។ អ្នក​នឹង​រក​ឃើញ​វិធីសាស្ត្រ​បង្រៀន​ចំណេះ​ចំណាន​ខគម្ពីរ​សមរម្យ​មួយ​ចំនួន នៅក្នុង​មេរៀន​នានា​ក្នុង​សៀវភៅ​សិក្សា​នេះ ។ សម្រាប់​វិធីសាស្ត្រ​បង្រៀន​ចំណេះចំណាន​ខគម្ពីរបន្ថែម​ទៀត សូម​មើល​វគ្គ « សកម្ម​ភាព​ចំណេះចំណាន​ខគម្ពីរ » នៅ​ក្នុងឧបសម្ព័ន្ធ​​នេះ ។

ចំណេះចំណាន​ខគម្ពីរ​នៅក្នុង​កម្មវិធី​សិក្សា

ចំណេះចំណានខគម្ពីរ​ត្រូវបាន​សរសេរ​ក្នុង​កម្មវិធីសិក្សា​តាម​របៀប​ជាច្រើន ។ និមិត្តសញ្ញា​ចំណេះចំណាន​ខគម្ពីរ បង្ហាញ​ពី​សកម្មភាព​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅ​ក្នុង​មេរៀន ។ វគ្គ​ចំណេះចំណាន​ខគម្ពីរ​ត្រូវបាន​ណែនាំ​ប្រាប់ និង ពិភាក្សា​នៅក្នុង​បរិបទ​នៃ​ជំពូក​ដែល​មាន​​នៅក្នុង​មេរៀន​នោះ ។ គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​​មានដាក់​នៅចុង​មេរៀន ។ គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​​ទាំងនេះ​ ជួយ​ធ្វើ​ឲ្យ​ធាតុ​ទាំង​បួន​នៃ​ចំណេះចំណាន​ខគម្ពីរ ( ទីតាំង ការយល់ ការអនុវត្ត​តាម និង ការទន្ទេញ​ឲ្យ​ចាំ ) មាន​ភាព​ស្មើគ្នា ដែល​វា​​ទាក់ទង​នឹង​វគ្គខគម្ពីរ​នីមួយៗ ។ ឧទាហរណ៍ ប្រសិនបើ​មេរៀន​ជួយ​សិស្ស​ឲ្យ​យល់ ហើយ​អនុវត្ត​វគ្គ​ចំណេះចំណាន​ខគម្ពីរ នោះ​គំនិតបន្ថែម​សម្រាប់​ការ​បង្រៀន​នឹង​ជួយ​ពួកគេ​ឲ្យ​រក​ទីតាំង ឬ​ទន្ទេញ​ឲ្យ​ចាំ​វគ្គខគម្ពីរ​នោះ ។

កម្មវិធី​សិក្សា​ក៏​ផ្តល់យ៉ាង​ទៀង​ទាត់​​​ដើម្បីរំឭក​ចំណេះចំណាន​ខគម្ពីរ​​ ដែល​អាច​ប្រើបាន​ទៅតាម​ពេលវេលា​អំណោយ​ផល​ឲ្យ ហើយ​ស្រប​តាម​​គោលដៅ​​នៃ​ចំណេះចំណាន​ខគម្ពីរ​នៅក្នុង​ថ្នាក់​របស់​អ្នក ។ ការរំឭក​ទាំង​នេះ អាច​ត្រូវបាន​ដាក់​បន្ថែម​ជាមួយ​សកម្មភាព​ចំណេះចំណាន​ខគម្ពីរ​ដែល​​បាន​រៀបរាប់​នៅក្នុង​ឧបសម្ព័ន្ធ​នេះ ។ អ្នក​អាច​ចំណាយ​ពេល​បន្ថែម​នៅ​ពេល​ចាប់ផ្តើម ឬ​ពេលបញ្ចប់​មេរៀន​សង្ខេប​ខ្លី ​​ដើម្បី​ធ្វើ​សកម្មភាព​រំឭក​ទាំងនេះ ណាមួយ។

វិធីសាស្ត្រ​នានា​ដែល​បាន​ផ្តល់​ឲ្យ​សម្រាប់​រៀន​ចំណេះចំណាន​ខគម្ពីរ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ជំនាញ រក​ទីតាំង​ខគម្ពីរ នោះ​អ្នក​អាច​ដាក់​ផែនការ​ណែនាំ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង ២៥ ​នៅ​ជិត​ពេល​​ចាប់ផ្តើម​វគ្គ​សិក្សា ហើយ​ក្រោយ​មក​ខិតខំ​សូត្រ​ចំណេះចំណាន​ខគម្ពីរ​ទាំងនេះ​តាំង​ពី​ដើម​រហូត​ដល់​ចប់វគ្គ​សិក្សា ។ ឬ អ្នក​ណែនាំ​វគ្គខគម្ពីរ​ពីរបី​រាល់​ខែ ហើយ​ផ្តោត​​លើ​ការសូត្រ​ឲ្យ​ចាំ​នូវ​វគ្គ​បទគម្ពីរ​ទាំង​នោះ​អំឡុង​ខែ​នោះ ។ ការណែនាំ​បែប​នោះ​អាច​រួម​បញ្ចូលនូវ​ ការផ្តល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​រៀងៗ​ខ្លួន​របស់​ពួកគេ ការជួយ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ចាំ​ពាក្យ និង វគ្គគម្ពីរយោង​គន្លឹះ ហើយការ​ពន្យល់​គោលលទ្ធិ និង គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គបទគម្ពីរ​នីមួយៗ ។ អ្នក​ក៏​អាច​ណែនាំ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដល់​សិស្ស​ ដោយ​ចាត់តាំង​ពួកគេ​ឲ្យ​ប្រើ​វគ្គខ​គម្ពីរ​ទាំង​នោះ​នៅក្នុង​ការប្រជុំធម្មនិដ្ឋាន​របស់​ពួកគេ ឬ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅមក​ពី​របៀប​ដើម្បី​ចងចាំ ហើយ​​វិធី​រក​ទីតាំង​នៃ​វគ្គខគម្ពីរ​ទាំង​នោះ ។ សូម​ផ្តល់​នូវ​ទំនួលខុសត្រូវ​ក្នុង​ការ​ចងចាំ​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ជាមួយ​សកម្មភាព​ចំណោទសំណួរ និង ការស្វែងរក​ខគម្ពីរ​ទាំង​នោះ​ ( សូមមើល​សកម្មភាព​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​នៅក្នុង​ឧបសម្ព័ន្ធ​នេះ​សម្រាប់​ជា​ឧទាហរណ៍ ) ។ បញ្ជី​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង ២៥ ​សម្រាប់​វគ្គ​សិក្សា​នេះ​អាច​រកបាន​នៅ​ក្នុង​វត្ថុ​ស៊ក​ក្នុង​សៀវភៅ​សម្រាប់​ចំណាំ​របស់​សិស្ស និង កាត​ចំណេះចំណាន​ខគម្ពីរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ យល់ ពី​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ សូម​គូស​បញ្ជាក់​វគ្គ​បទ​គម្ពីរ​ទាំង​នេះ​ នៅពេល​វា​ប្រាកដឡើង ​នៅក្នុង​មេរៀន​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ អ្នក​អាច​ប្រើ​សកម្មភាព​ចំណេះចំណាន​ខគម្ពីរ​នៅក្នុង​ឧបសម្ព័ន្ធ​នេះ ដើម្បី​បង្កើន​ចំណេះ​ដឹង និង សមត្ថភាព​របស់​សិស្ស ដើម្បី​ពន្យល់​ពី​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គបទគម្ពីរ​នានា ។ សូម​ផ្តល់​ឱកាស​ដល់​សិស្ស​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ឬ អំឡុង​ពេល​រៀន​​ដើម្បី​ពន្យល់​ពី របៀប​ដែល​សេចក្តី​ពិត​​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​​ខគម្ពីរ​នេះ​ ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ប្រសើរ​ឡើង​ពី​គោលលទ្ធិ​គ្រឹះ ។

ដើម្បី​គាំទ្រ​សិស្ស​ក្នុង ការអនុវត្ត សេចក្តីពិត​​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នោះ​ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យ​យល់​ពី​របៀប​ដែល​សេចក្តីពិត​​នៅ​ក្នុង​​វគ្គ​បទគម្ពីរ​ទាំង​នេះ​អនុវត្ត​​ក្នុង​ជីវិត​របស់​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​សេចក្តីពិត​​ដែល​ពួកគេ​រៀន អ្នក​អាច​សរសេរ​បញ្ហា​មួយ​ដែល​ទាក់ទង​នឹង​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ នៅ​លើ​ក្តារខៀន​បិទ​ប្រកាស​នៅក្នុង​ថ្នាក់​ម្តងម្កាល ​ ។ ឬ អ្នក​អាច​ផ្តល់​ឱកាស​ឲ្យ​សិស្ស​អំឡុង​ពេល​រៀន ឲ្យ​អនុវត្ត​ការបង្រៀន​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹង​ល្អ​​ដោយ​ប្រើ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ( សូមមើល​សកម្មភាព​ចំណេះ​ចំណាន​ខគម្ពីរ​​នៅក្នុង​ឧបសម្ព័ន្ធ​នេះ​សម្រាប់​ជា​យោបល់ ) ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍​ ដែល​ពួកគេ​រៀន​នៅក្នុង​មេរៀន​ដែល​មាន​​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំងនេះ​ផង​ដែរ ។ សូម​ផ្តល់​ឱកាស​ដល់​សិស្ស—នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ឬ ឱកាស​ផ្សេង​ទៀត—ឲ្យ​រាយ​ការណ៍​​ពី​បទពិសោធន៍​របស់​ពួកគេ ។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​បង្កើន​ទីបន្ទាល់​របស់​ខ្លួន ​អំពី​សេចក្តីពិត​ដែល​ពួកគេ​​បាន​រៀន​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំងឡាយ ។

ដើម្បី​ជួយ​សិស្ស ទន្ទេញ​ឲ្យ​ចាំ វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង ២៥​ នេះ ​អ្នក​អាច​ដាក់​ផែនការ​​ដើម្បី​ប្តេជ្ញាចិត្ត​សូត្រ​វគ្គបទគម្ពីរ​ពីរ ឬ​បី​​រៀងរាល់​ខែ​នៅក្នុង​ថ្នាក់ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​វគ្គខគម្ពីរ​ជាក់​លាក់​នានា​នៅ​ផ្ទះ ( ពួកគេ​អាច​សូត្រ​វា​ជាមួយ​គ្រួសារ​ខ្លួន ឬ សូត្រ​វគ្គ​បទគម្ពីរ​ទាំងនេះ​ទៅ​ឪពុកម្តាយ ឬ សមាជិក​គ្រួសារ​ស្តាប់ ) ។ អ្នក​អាច​ធ្វើ​ឲ្យ​ការសូត្រ​នេះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការប្រជុំធម្មនិដ្ឋាន​ប្រចាំ​ថ្ងៃ ដោយ​សុំ​ឲ្យ​សិស្ស​​សូត្រ​វគ្គ​បទខគម្ពីរ​មួយ ឬ​ដោយ​ទុក​ពេល​​ឲ្យ​សិស្ស​ទន្ទេញ​វា​ជា​គូៗ ។ ការ​​ផ្តល់​ឱកាស​ឲ្យ​សិស្ស​សូត្រ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ជា​គូៗ ឬ​ជា​ក្រុម​តូចៗ ឬ​នៅ​មុខ​ក្តារខៀន អាច​ជួយ​ពួកគេ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការខិតខំ​របស់​ពួកគេ​ផងដែរ ។ សកម្មភាព​ចំណេះចំណាន​ខគម្ពីរ​​នៅក្នុង​ឧបសម្ព័ន្ធ​នេះ​ រួម​មាន​វិធីសាស្ត្រ​ទន្ទេញ​ជា​ច្រើន​ផ្សេងៗ​គ្នា ។ សូម​យកចិត្ត​ទុកដាក់​បន្ថែមបន្ថយ​លើ​ការរំពឹង​​ទុក​នៃ​ការទន្ទេញ​ឲ្យ​ចាំ​ ទៅតាម​សមត្ថភាព និង កាលៈទេសៈ​​របស់​សិស្ស​ម្នាក់ៗ ។ មិន​គួរ​ធ្វើ​ឲ្យ​សិស្ស​ខ្មាស់អៀន ឬ អន់​ចិត្ត​ឡើយ បើសិន​ជា​ពួកគេ​មិន​អាច​ទន្ទេញ​ចាំ​វគ្គបទគម្ពីរ​​មួយ​នោះ ។