បណ្ណាល័យ
សកម្មភាព​ចំណេះចំណាន​ខគម្ពីរ


សកម្មភាព​ចំណេះចំណាន​ខគម្ពីរ

សេចក្តីផ្ដើម

ផ្នែកនេះ​ផ្តល់​គំនិត​មួយ​ចំនួន ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ​​វគ្គ​បទគម្ពីរ​គន្លឹះ ។ នៅពេល​អ្នក​ជួយ និង លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បង្កើនការប៉ិនប្រសប់ទាំងនេះ អ្នក​កំពុង​ជួយ​ពួកគេ​ឲ្យ​​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សិស្ស​អាច​ប្រើ​ជំនាញ​ចំណេះចំណានទាំង​នេះ​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ដើម្បី​ស្វែងរក យល់ អនុវត្ត និង ទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ​​នៅ​ក្នុង​ព្រះគម្ពីរ​បាន​កាន់តែ​ប្រសើរ​ឡើង ។ យោបល់​បង្រៀន​សម្រាប់​ផ្នែក​នីមួយៗ នៃ​ចំណេះចំណាន​ខគម្ពីរ​ មាន​រៀបរាប់​ដូច​​ខាង​ក្រោម​ ។ ការប្រើប្រាស់​សកម្មភាព​ផ្សេងៗ​ទាំង​នេះ អាច​ជួយ​សិស្ស​ឲ្យកាន់តែមាន​ជោគជ័យ​លើ​ការទន្ទេញ​ចាំ​វគ្គបទគម្ពីរ​ទាំង​នេះ ។

សកម្មភាព​ដែល​ជួយ​សិស្សឲ្យ រកទីតាំង នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ

ការគូសចំណាំ​វគ្គបទគម្ពីរ

ការគូសចំណាំ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​អាច​ជួយ​សិស្ស​​ឲ្យ​ចាំ​វគ្គ​បទគម្ពីរ​ទាំង​នេះ ហើយ​រក​ឃើញ​ទីតាំង​វា​បាន​យ៉ាង​លឿន ។ សូម​គិត​ពី​ការលើកទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​គនឹ្លះ​ទាំងនេះ​ នៅក្នុង​ព្រះគម្ពីរ​របស់​គេ តាម​​របៀប​មួយ​ដែល​ញែកចេញ​ពី​ខគម្ពីរ​ដទៃ ដែល​ពួកគេ​គូសចំណាំ​ ។

ការដឹងអំពី​គម្ពីរ​ទាំងឡាយ

ការ​ទន្ទេញ​ចាំ​ឈ្មោះ និង​លំដាប់​នៃ​គម្ពីរ​នៅ​​ក្នុង​​ព្រះគម្ពីរ​សញ្ញា​ថ្មី អាច​ជួយ​សិស្ស​​ឲ្យ​រក​ឃើញ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​កាន់​តែ​លឿន ។ ឧទាហរណ៍​ខាង​ក្រោម​នេះ​គឺ​ឧទាហរណ៍​មួយ​ចំនួន​នៃ​សកម្មភាព ​ដែល​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​គម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖

  • ស្វែង​រក​តារាង​មាតិកា—សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​កាន់តែច្បាស់​ពី​តារាង​មាតិកា​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រក​ឃើញ​គម្ពីរ​​ដែល​មាន​សេចក្ដី​យោង​នៃ​ចំណេះ​ចំណាន​ខគម្ពីរ ។

  • ច្រៀង​ចម្រៀង—​សូម​ជំនួស​ទំនុក​ច្រៀង​នៃ​ទំនុក​តម្កើង​ស្រដៀង​គ្នា​មួយ ឬ​ចម្រៀង​​កុមារ​ជាមួយ​នឹង​ឈ្មោះ​គម្ពីរ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​បង្រៀន​ចម្រៀង​នោះ​ដល់​សិស្ស​របស់​អ្នក ( ឬ​ ប្រើ​ចម្រៀង « The Books in the New Testament » [ Children’s Songbook ទំព័រ​ ១១៦–១៧ ] ) ។ សុំ​ឲ្យ​សិស្ស​ច្រៀង​ចម្រៀង​នេះ​ឲ្យ​ទៀងទាត់​ពេញ​មួយ​ឆ្នាំ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ឈ្មោះ និង លំដាប់​លំដោយនៃ​គម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

  • ប្រើ​តួអក្សរ​ទី​មួយ—សូម​សរសេរ​តួអក្សរ​ទីមួយ​នៃ​គម្ពីរ​ទាំងឡាយ​នៅ​លើ​ក្ដារខៀន ( ដូច​ជា ម, ម, ល, យ ជាដើម ) ។ សូម​ឲ្យ​សិស្ស​អនុវត្ត​និយាយ​ឈ្មោះ​គម្ពីរ​ដែល​ត្រូវ​នឹង​អក្សរ​នីមួយៗ ។ សូម​ធ្វើ​សកម្មភាព​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ រហូត​​ដល់ពួកគេ​អាច​សូត្រ​ឈ្មោះ​គម្ពីរ​​ចេញ​ពី​ការ​ចងចាំ​របស់​ពួកគេ​បាន ។

  • តាម​រក​គម្ពីរ—សូម​និយាយ​គម្ពីរ​មួយ​ដែល​មាន​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ហើយ​ឲ្យ​សិស្ស​បើក​ព្រះគម្ពីរ​របស់​ពួកគេ​​ទៅ​ទំព័រ​ណា​មួយ​ក៏​បាន​នៅ​ក្នុង​គម្ពីរ​នោះ ។ សូម​ផ្ទៀង​ម៉ោង​ថា​ តើ​វា​ចំណាយ​ពេល​អស់​ប៉ុន្មាន​ដើម្បី​ឲ្យ​សិស្ស​រក​ឃើញ​គម្ពីរ​នីមួយៗ ។ សកម្មភាព​នេះ​អាច​ធ្វើ​ឡើង​វិញ​ម្ដង​ទៀត​ ដើម្បី​​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​ដោយ​ការ​ចងចាំ និង​ការរក​ឃើញ​គម្ពីរ​​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

ការចងចាំ​សេចក្ដីយោង និង មាតិកា

នៅពេល​សិស្ស​រៀន​រកទីតាំង និង បរិបទ​នៃ​វគ្គ​​ចំណេះចំណាន​ខគម្ពីរ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​ចងចាំ​សេចក្តីយោង​ព្រះគម្ពីរ​តាម​ការចាំបាច់ ( សូមមើល យ៉ូហាន ១៤:២៦​) ។ ពាក្យ ឬ​ឃ្លា​ដ៏​សំខាន់ ដូចជា « ​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ » ( យ៉ូហាន ៣:៥ ) និង « ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ » ( កាឡាទី ៥:២២–២៣ )​​ អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ​មាតិកា និង​ការ​បង្រៀន​ពី​គោលលទ្ធិ​នៃ​វគ្គ​នីមួយៗ ។ វិធីសាស្ត្រ​ខាង​ក្រោម​នេះ អាច​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​អត្ថន័យ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខគម្ពីរ​​ទៅនឹង​បរិបទ ឬ ពាក្យ​គន្លឹះ​របស់​វា ។ ( អ្នក​អាច​ទុក​សកម្មភាព​ដែល​ទាក់ទង​នឹង​ការប្រកួតប្រជែង ការប្រណាំង ឬ ការ​ធ្វើ​ឲ្យ​ទាន់​ពេល នៅពេល​ក្រោយ​នៅក្នុង​ឆ្នាំ​សិក្សា បន្ទាប់ពី​សិស្ស​បាន​បង្ហាញ​ថា​ ពួកគេ​ស្គាល់​កន្លែង​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ទាំង​នោះ​ហើយ ។ សកម្មភាព​បែប​នោះ នឹង​ជួយ​ពួកគេ​ពង្រឹង​អ្វីៗ​​ដែល​ពួកគេ​បាន​រៀន​រួច​មក ) ។

  • សេចក្តីយោង និង ពាក្យ​គន្លឹះ—លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទន្ទេញ​ចាំ​សេចក្តីយោង និង ពាក្យ​គន្លឹះ​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នីមួយៗ​ ដែល​មាន​នៅលើ​កាត​ចំណេះ​ចំណាន​​ខគម្ពីរ ។ ( កាត​ចំណេះចំណាន​ខគម្ពីរ អាច​បញ្ជា​ទិញ​បាន​​តាម​អ៊ិនធើរណែត​នៅ​គេហទំព័រ store.lds.org ។ អ្នក​ក៏​អាច​ឲ្យ​សិស្ស​បង្កើត​ឈុតនៃ​កាត​ចំណេះចំណាន​ខគម្ពីរ​ផ្ទាល់​ខ្លួន​ពួកគេ​ផង​ដែរ ) ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​សិក្សា​កាត​នោះ​ជាមួយ​ដៃគូ ហើយ​ក្រោយ​មក​សួរ​គ្នា​ទៅវិញ​ទៅមក ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចេះ​ច្នៃប្រឌិត​ក្នុង​របៀប​សិក្សា​រួមគ្នា​របស់​ពួកគេ ហើយ​សួរ​គ្នា​ទៅ​វិញ​ទៅមក ។ នៅពេល​ពួកគេ​ចេះ​កាន់តែ​ចាំស្ទាត់​នូវ​​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​ហើយ​នោះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​តម្រុយ​នានា ដែល​​ទាក់ទង​នឹង​បរិបទ ឬ ការអនុវត្ត​នៃ​គោលលទ្ធិ និង គោលការណ៍​នានា​ចេញ​ពី​វគ្គបទគម្ពីរ​ទាំងនោះ ។ អ្នក​ដែល​ត្រូវបាន​គេ​សួរ អាច​ឆ្លើយ​ដោយ​ផ្ទាល់​មាត់ ឬ​ដោយ​ការសរសេរ ។

  • កាត​ចំណេះចំណាន​ខគម្ពីរ—​សកម្មភាព​​នេះ​អាច​ត្រូវបាន​ប្រើ​​ដើម្បី​ណែនាំ ឬ រំឭក​ឈុត​​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ សូម​ជ្រើសរើស​កាត​ចំណេះចំណាន​ខគម្ពីរ​មួយ​ចំនួន ហើយ​រៀបចំ​ចែក​វា​ទៅសិស្ស​របស់​អ្នក ។ ( សូម​ប្រាកដ​ថា ​មាន​កាត​នីមួយៗ​ឲ្យ​ច្រើន ដូច្នេះ​អ្នក​នឹង​​មាន​សិស្ស​ច្រើន​​ទទួល​បាន​វគ្គ​ចំណេះ​ចំណាន​​ខគម្ពីរ​ដែល​ដូចគ្នា ។ អ្នក​អាច​មាន​កាត​គ្រប់គ្រាន់​សម្រាប់​សិស្ស​ម្នាក់ៗ ដើម្បី​មាន​វគ្គ​បទគម្ពីរ​ពីរ ឬ បី​ផ្សេងៗ​​គ្នា ) ។ សូម​ចែក​កាត​នោះ​ឲ្យ​សិស្ស ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​សិក្សា​វគ្គ​ចំណេះចំណាន​ខគម្ពីរ សេចក្ដីយោង ពាក្យ​គន្លឹះ សេចក្ដី​ថ្លែង​ការណ៍​នៃ​បរិបទ គោលលទ្ធិ ឬ គោលការណ៍ និង គំនិត​អនុវត្ត​នានា​នៅ​លើ​កាត​នីមួយៗ ។ សូម​និយាយ​តម្រុយ​មួយ​ចំនួនក្នុង​កាតទាំងនោះ​ ( ឧទាហរណ៍ ពាក្យ​នានា​មក​ពី​វគ្គ​ចំណេះ​ចំណាន​​ខគម្ពីរ ឬ ពាក្យ​គន្លឹះ បរិបទ គោលលទ្ធិ ឬ គោលការណ៍ ឬ ការអនុវត្ត ) ។ សិស្ស​ដែល​មានកាតដែល​ទាក់ទង​នឹង​តម្រុយ​នោះ​គួរតែ​ក្រោក​ឈរឡើង ហើយ​ប្រាប់​ពី​សេចក្តី​យោង​នៃ​ចំណេះចំណានខគម្ពីរ​នោះ​ឲ្យ​ឮៗ ។

  • ការដេញ​រក​ខគម្ពីរ—សូម​ប្រើ​តម្រុយ​នានា ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ហាត់បើករកវគ្គ​បទគម្គីរ​នោះ​យ៉ាង​លឿន ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សម្រាប់​តម្រុយ អ្នក​អាច​ប្រើ​ពាក្យ​គន្លឹះ សេចក្ដី​​ថ្លែងការណ៍​នៃ​បរិបទ គោលលទ្ធិ និង គោលការណ៍ និង គំនិត​អនុវត្ត​នានា​មក​ពី​កាត​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​ក៏​អាច​បង្កើត​​តម្រុយ​នោះបាន​ដោយ​ខ្លួន​ឯង​ផងដែរ ។ សកម្មភាព​បើកដេញ​​រក​ខគម្ពីរ​ប្រណាំងគ្នា ​ដែល​សិស្ស​ដណ្តើម​គ្នា​បើក​រក​​វគ្គបទគម្ពីរ អាច​ជួយ​ពួក​គេ​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ នៅក្នុង​ការរៀន​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ នៅពេល​ប្រើ​សកម្មភាព​សួរបើក​ដេញ​​រក​ខគម្ពីរ​ប្រណាំងគ្នា​ ដើម្បី​ជួយ​ក្នុង​ការរៀន​ពី​ចំណេះចំណាន​ខគម្ពីរ សូម​ធ្វើ​វា​តាម​របៀប​មួយ​​ដែល​ពុំ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ឈឺចាប់ ឬ ប៉ះ​ទង្គិច​ដល់​ព្រះវិញ្ញាណ​ឡើយ ។ សូម​ជួយ​សិស្ស​ឲ្យ​ចៀសវាង​ពី​ការប្រព្រឹត្តិ​​ចំពោះ​ព្រះគម្ពីរ​របស់​ខ្លួន​ដោយគ្មាន​​គារវភាព ឬ ដូច​ជា​មាន​ការប្រកួត​ប្រជែង​ជ្រុលហួសហេតុ​ពេក ។ សូម​គិត​ពី​ការឲ្យ​សិស្ស​ប្រកួតប្រជែងនឹង​បទដ្ឋាន​មួយ ​ពុំមែន​ប្រកួតប្រជែង​រវាង​​គ្នា និង គ្នា​នោះទេ ។ ឧទាហរណ៍ សិស្ស​អាច​ប្រកួត​ជាមួយ​គ្រូ​បង្រៀន ឬ អ្នក​អាច​ឲ្យ​ពួកគេ​ប្រកួត​ដើម្បី​មើល​ថា ប្រសិន​បើភាគរយ​ពិតប្រាកដ​នៃ​សិស្ស​​ក្នុង​ថ្នាក់​អាច​រកឃើញ​វគ្គ​បទគម្ពីរ​ជាក់លាក់​មួយ ​នៅ​ក្នុង​ពេល​កំណត់​មួយ ។

  • ការសួរដេញ​រក​ដំណើរ​រឿង—សូម​ផ្តល់​តម្រុយ ដោយ​ប្រឌិត​ស្ថានភាព​ឡើង ដែល​បង្ហាញ​​ពី​ទំនាក់ទំនង​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​ទៅ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ ។ ឧទាហរណ៍ ជា​តម្រុយ​សម្រាប់ ម៉ាថាយ ២៨:១៩–២០ភីលីព ៤:១៣ អ្នក​អាច​និយាយ​ថា « ដានីយ៉ែល​​មាន​សិទ្ធិ​បម្រើ​បេសកកម្ម ហើយ​មាន​អារម្មណ៍​ថា​ វា​គឺជា​កាតព្វកិច្ច​បព្វជិតភាព​​របស់​គាត់​​ដើម្បី​អនុវត្តកិច្ចការ​នេះ ប៉ុន្តែ​គាត់​បារម្ភ​ថា គាត់​គ្មាន​ចំណេះដឹង​គ្រប់​គ្រាន់​ ដើម្បី​បង្រៀន​ដំណឹងល្អ​ឲ្យ​បាន​ល្អ​ឡើយ ។ គាត់​ក៏​បារម្ភ​ផង​ដែរ​ថា វា​នឹង​ពិបាក​នៅ​ក្នុងការ​និយាយ​ជាមួយ​នឹង​មនុស្ស​ចម្លែក​ណាស់ ។ នៅ​ពេល​គាត់​អធិស្ឋាន​ទូល​សូម​ការ​អះអាង គាត់​ចងចាំ​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​ឡើង​វិញ នោះ​ទ្រង់​បាន​បង្គាប់​ដល់​​ពួក​សាវក​របស់​ទ្រង់​ឲ្យ ‹ ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ › ហើយ​ថា​ ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​នឹង​ពួកគាត់​ជានិច្ច ។ ដានីយ៉ែល​ក៏​បាន​គិត​ពី​ពាក្យ​របស់​ប៉ុល​ផង​ដែរ​ថា ‹ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ › »។ នៅពេល​សិស្ស​ស្តាប់​នូវ​ស្ថានភាព​ប្រឌិត​នោះ សូម​ឲ្យ​ពួកគេ​បើករកវគ្គ​ចំណេះចំណាន​ខគម្ពីរ​ដែល​ទាក់ទង​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ខ្លួន ។

  • សំណួរ និង ការប្រឡង—សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​សាកល្បង​ពី​ការចងចាំ​នៃ​វគ្គ​ចំណេះ​​ចំណាន​ខគម្ពីរ​​របស់​ពួកគេ ។ តម្រុយ​អាច​រួមមាន ពាក្យ​គន្លឹះ ឬ សេចក្តី​យោង​​ព្រះគម្ពីរ ការដកស្រង់​ពី​វគ្គបទ​គម្ពីរ ឬ ស្ថានភាព​ប្រឌិត​ដែល​គូសបង្ហាញ​ពី​សេចក្តី​ពិត​ ដែល​បាន​បង្រៀន​​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំង​នោះ ។ សំណួរ និង ការប្រឡង​នានា​អាច​ត្រូវ​​ធ្វើ​ឡើង​​ដោយ​ផ្ទាល់មាត់ នៅលើ​ក្តារខៀន ឬ​នៅលើ​ក្រដាស ។ បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​​សំណួរ ឬ​ធ្វើ​ការប្រឡង​ហើយ សូម​គិត​ពី​ការចាប់គូសិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាមួយ​សិស្ស​ដែល​បាន​ពិន្ទុ​ទាប ។ សិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់​អាច​ដើរតួ​ធ្វើ​ជា​គ្រូ​ ដើម្បី​ជួយ​សិស្ស​ដែល​មាន​ពិន្ទុ​ទាប​ឲ្យ​សិក្សា និង កែលម្អ​ឲ្យ​ប្រសើរ​ឡើង ។ ក្នុង​ផ្នែក​មួយ​នៃ​ការធ្វើ​កិច្ចការ​នេះ ដៃគូ​​ក៏​អាច​​ដាក់​​ជាគោលដៅ​មួយ ​ដើម្បី​ទទួល​បាន​ពិន្ទុ​បូក​បញ្ចូល​គ្នា​កាន់តែ​ខ្ពស់​ សម្រាប់​​ការប្រឡង​លើក​ក្រោយ ។ សូម​គិត​ពី​ការបង្កើត​តារាង ឬ ក្តារខៀន​បិទ​ប្រកាស ដើម្បី​បង្ហាញ​គោលដៅ និង ការទទួល​ស្គាល់​ការរីកចម្រើន​របស់ពួ​កគេ ។

សកម្មភាព​ដែល​ជួយ​សិស្ស​ឲ្យ យល់ វគ្គ​​ចំណេះចំណាន​ខគម្ពីរ

ផ្តល់​និយមន័យ​ឲ្យ​ពាក្យ និង ឃ្លា​នានា

ការផ្តល់​និយមន័យ​ឲ្យ​ពាក្យ និង ឃ្លា​នានា​នៅ​ក្នុង​វគ្គ​ចំណេះចំណាន​ខគម្ពីរ ( ឬ ការជួយ​សិស្ស​ឲ្យ​ផ្តល់​និយមន័យ​ដល់​ពាក្យ និង ឃ្លា​ទាំង​នោះ ) នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​វគ្គ​បទគម្ពីរ​ទាំង​មូល ។ នៅពេល​និយមន័យ​បែប​នោះ​ពិតជាចាំបាច់​ដើម្បី​យល់​ពី​គោលលទ្ធិ និង គោលការណ៍​នានា​នៅក្នុង​វគ្គបទគម្ពីរ នោះ​អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​សរសេរ​និយមន័យ​ទាំង​នោះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​រំឭក​អត្ថន័យ​នៃ​ពាក្យ និង ឃ្លា​ទាំងនោះ នៅពេល​អ្នក​រំឭក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នានា ។

ការស្វែងរក​បរិបទ

ការស្វែងរក​​បរិបទ​នៃ​វគ្គបទគម្ពីរ អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​វគ្គ​បទគម្ពីរ​នោះ ។ បរិបទ​រួមមាន​ព័ត៌មាន ដែល​ទាក់ទង​នឹង​មនុស្ស​ដែល​និយាយ​ទៅ​នរណាម្នាក់​ និង មូល​ហេតុ​អ្វីមួយ ទីតាំង​នៃដំណើរ​រឿង​នៃ​វគ្គ​បទ​គម្ពីរ ( ប្រវត្តិសាស្ត្រ វប្បធម៌ និង ​ភូមិសាស្ត្រ ) និង សំណួរ ឬ ស្ថានភាព​ដែល​មាន​វគ្គ​បទគម្ពីរ​នោះ ។ ឧទាហរណ៍ ការ​បង្រៀន​របស់​ព្រះអម្ចាស់​នៅ​ក្នុង យ៉ូហាន ៣:៥ គឺជា​ផ្នែក​មួយ​​នៃ​ការ​សន្ទនា​រវាង​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួក​ផារិស៊ី​ដ៏​មាន​សណ្ដាន​ចិត្ត​ម្នាក់​ឈ្មោះ​នីកូដេម​ ដែល​បាន​មក​រក​ព្រះអង្គ​សង្គ្រោះ​នៅ​វេលា​យប់ ដើម្បី​ទូល​សួរ​អំពី​គោលលទ្ធិ​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​នីកូដេម​ថា លុះត្រា​យើង « កើត​ជា​ថ្មី » នោះ​យើង ​« មិន​អាច​ឃើញ​នគរ​ព្រះ​បាន​ទេ » ( យ៉ូហាន ៣:៣ ) ។ ដោយ​មាន​ការ​ភ័ន្ត​ច្រឡំ នីកូដេម​បាន​ទូល​សួរ​ថា មនុស្ស​ចំណាស់​ម្នាក់​អាច​កើត​ជា​ថ្មី​បាន​យ៉ាង​​ដូចម្ដេច ។ យ៉ូហាន ៣:៥ មាន​នូវ​ចម្លើយ​របស់​​ព្រះអម្ចាស់​ចំពោះ​សំណួរ​របស់​នីកូដេម ។ ដោយ​ដឹង​ថា ព័ត៌មាន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​​កាន់​តែ​ច្បាស់​ពី​សំណួរ ​ដែល​ព្រះអម្ចាស់​បាន​លើក​ឡើង កាល​ទ្រង់​បាន​ប្រកាស​ថា « បើ​​មិន​បាន​កើតអំពី​ទឹក ហើយ​អំពី​វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាចនឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​ទេ » ។ នៅពេល​អ្នក​បង្រៀន​មេរៀន​ដែល​មាន​វគ្គ​ចំណេះចំណាន​ខគម្ពីរ សូម​គូស​បញ្ជាក់​ពី​បរិបទ​​ដែល​នៅ​ជុំវិញ​វគ្គបទគម្ពីរ​ទាំង​នោះ ។ សកម្មភាព​បន្ថែម​​ដូច​ខាង​ក្រោម​នេះ​ អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​វគ្គបទគម្ពីរ​គន្លឹះ​ទាំង​នេះ ៖

  • ការស្វែងរក​បរិបទ—សូម​សរសេរ​ពាក្យ​​ខាង​ក្រោម​នេះ​នៅផ្នែកខាង​លើនៃ​ក្តារខៀន ៖ អ្នក​និយាយ អ្នក​ស្តាប់ គោលបំណង និង ការយល់ដឹង​ដែល​មាន​ប្រយោជន៍​ផ្សេង​ទៀត ។ សូម​ចែក​សិស្ស​ជា​ក្រុម ហើយ​ចាត់តាំង​ក្រុម​នីមួយៗ​នូវ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​មួយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​បរិបទ​នៃ​វគ្គ​បទគម្ពីរ​ ដែល​ខ្លួន​ត្រូវបាន​ចាត់តាំង ដោយ​ស្វែងរក​ព័ត៌មាន​ដែល​ត្រូវ​នឹង​ពាក្យ​នានា​នៅ​លើ​​ក្តារខៀន ។ សូម​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ​លើ​ក្ដារខៀន ។ បន្ទាប់មក​ សូម​ឲ្យ​ក្រុម​នីមួយៗ​ពន្យល់​ពី​បរិបទ​នៃ​វគ្គ​បទគម្ពីរ​ដែលបាន​ចាត់តាំងឲ្យ​នោះ និង របៀប​ដែល​ព័ត៌មាន​នេះ​ទាក់ទង​នឹង​ការយល់​ដឹង​របស់​ពួកគេ​ អំពី​សេចក្តីពិត​នៅក្នុង​វគ្គបទគម្ពីរ​នីមួយៗ ។ ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​នេះ​កាន់តែ​ទូលំទូលាយ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ទាយស្មាន​សេចក្តី​យោង​​ចំណេះចំណាន​ខគម្ពីរ ដោយ​ផ្អែកលើ​ការពិពណ៌នា​នៅលើ​ក្តារខៀន ​ពីមុន​ពេល​ក្រុម​នីមួយៗ​ពន្យល់​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

ការវិភាគ

ការវិភាគ​ទាក់ទង​នឹង​ការស្វែងរកគោលលទ្ធិ និង គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​បទ​គម្ពីរ ។ វា​ក៏​ជួយ​​សិស្ស​ឲ្យ​យល់​អំពី​របៀប​ ដែល​សេចក្ដី​ពិត​​ទាំងនេះ​​ទាក់ទង​​នឹង​ពួកគេ​ផងដែរ ។ ការណ៍​នេះ​នាំ​ឲ្យ​មាន​ការអនុវត្ត​គោលលទ្ធិ និង គោលការណ៍​ទាំងនេះ​កាន់តែ​ជ្រាលជ្រៅ​នៅ​ក្នុង​​ជីវិត​របស់​ពួកគេ ។ សកម្មភាព​ខាងក្រោមអាច​ជួយ​សិស្ស​ឲ្យ​​ចេះ​វិភាគ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ៖

  • សរសេរ​តម្រុយ—នៅពេល​សិស្ស​កាន់​តែ​ស្គាល់​វគ្គ​ចំណេះចំណាន​ខគម្ពីរ សូមអញ្ជើញ​ពួកគេ​ឲ្យបង្កើត​សំណួរ ដំណាលរឿង ឬ តម្រុយ​ផ្សេង​ទៀត​​ដែល​បង្ហាញ​ពី​គោលលទ្ធិ និង គោល​ការណ៍​នានា​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នោះ ។ វិធី​ទាំងនេះ​គួរ​ប្រើ​ដើម្បី​សួរ​សិស្ស ។

ការពន្យល់

ការសុំឲ្យ​សិស្ស​ពន្យល់​ពី​វគ្គបទគម្ពីរ នឹង​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ ហើយ​ពង្រីក​សមត្ថភាព​របស់​គេ​ក្នុងការ​បង្រៀន​គោលលទ្ធិ និង គោលការណ៍​​នានា​ពី​ព្រះគម្ពីរ ។ ខាងក្រោម​នេះ​គឺ​ជា​វិធីសាស្ដ្រ​ពីរ​យ៉ាង​ ដែល​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ពន្យល់​វគ្គ​ចំណេះ​ចំណាន​ខ​គម្ពីរ ៖

  • ពាក្យ និង ឃ្លា​គន្លឹះ—សូម​អញ្ជើញ​សិស្ស​​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដូចគ្នា​ដោយ​ខ្លួន​ឯង ហើយ​ស្វែងរក​ពាក្យ ឬ ឃ្លា​ដែល​ពួកគេ​គិត​ថា​ពិតជា​សំខាន់​ចំពោះ​អត្ថន័យ​នៃ​វគ្គបទគម្ពីរ​នោះ ។ បន្ទាប់មក សូម​​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​បទ​គម្ពីរ​ដល់​សិស្ស ហើយ​ផ្តល់​ការគូសបញ្ជាក់​ពី​ពាក្យ ឬ ឃ្លា​ដែល​គាត់​បាន​ជ្រើសរើស ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​មូលហេតុ​ដែល​ពាក្យ ឬ ឃ្លា​នោះ សំខាន់​ចំពោះការយល់​ដឹងពី​វគ្គបទគម្ពីរ​នោះ ។ សូម​អញ្ជើញ​​សិស្ស​ពីរ​បី​នាក់ឲ្យ​ធ្វើ​ដូច្នេះ​ផង​ដែរ ។ សិស្ស​អាច​ជ្រើសរើស​ពាក្យ ឬ ឃ្លា​ផ្សេងៗ​គ្នា​នៅ​ក្នុង​វគ្គបទគម្ពីរ​ដដែល ។ នៅពេល​សិស្ស​ផ្សេង​ទៀតក្នុង​ថ្នាក់​ឮ​ទស្សនៈ​ផ្សេងៗ​គ្នា​ទាំង​នេះ ពួកគេ​អាច​ទទួល​បាន​ការយល់​​ដឹង​កាន់តែ​ជ្រៅជ្រះ​ពី​វគ្គ​បទគម្ពីរ​នោះ ។

  • រៀបចំ​សម្រាប់​ការប្រជុំ​ធម្មនិដ្ឋាន—​សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ប្រើ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅពេល​ពួកគេ​រៀបចំ និង បង្ហាញ​នៅ​ក្នុង​ការប្រជុំធម្មនិដ្ឋាន នៅពេល​ចាប់ផ្តើម​ថ្នាក់ ។ សូម​ជួយ​ពួកគេ​ឲ្យ​រៀបចំ​សង្ខេប​បរិបទ ពន្យល់​គោលលទ្ធិ និង គោលការណ៍ ចែកចាយ​បទពិសោធន៍ ឬ ឧទាហរណ៍​ដ៏​មាន​អត្ថន័យ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង គោលការណ៍​នៅក្នុង​វគ្គ​បទគម្ពីរ​នោះ ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គិត​ពី​ការប្រើ​កម្មវត្ថុនៃមេរៀន ដើម្បី​ពន្យល់​ពី​គំនិត​នៅក្នុង​វគ្គ​បទ​គម្ពីរ​នោះ ។

ការមានអារម្មណ៍​ពី​សារៈសំខាន់​នៃ​គោលលទ្ធិ និង គោលការណ៍

សូម​ជួយ​សិស្ស​ឲ្យ​យល់ និង ទទួល​បាន​ទីបន្ទាល់​ខាង​វិញ្ញាណ​អំពី​គោលលទ្ធិ និង គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ថា « គ្រូបង្រៀន​ពិត​ម្នាក់ នៅពេល [ គាត់ ] បាន​បង្រៀន​ការពិត [ ​នៃ​ដំណឹង​ល្អ ] … នោះ​បាន​ជួយ [ សិស្ស ] ឲ្យ​បោះជំហាន​ចូលកាន់តែជិត​ ដើម្បីទទួល​បាន​សាក្សី​ខាង​វិញ្ញាណ និង ការយល់ដឹង​នៅក្នុង​ដួងចិត្ត​របស់​ខ្លួន ដែល​នាំ​ឲ្យធ្វើ​សកម្មភាព និង ធ្វើកិច្ចការ​នោះ » (« Teaching by Faith«  [ សុន្ទរកថា​ចំពោះ​គ្រូបង្រៀន​សាសនា​នៃ​ប្រព័ន្ធ​អប់រំ​ព្រះវិហារ ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០០២ ] ទំព័រ ៥, si.lds.org, ​សូមមើល​ផងដែរ Teaching Seminary: Preservice Readings [ ឆ្នាំ ២០០៤ ] ទំព័រ ៩២ ) ។ នៅពេល​សិស្ស​ទទួល​អារម្មណ៍​ពី​សេចក្តីពិត ភាពសំខាន់ និង ភាពបន្ទាន់​នៃ​គោលការណ៍ ឬ គោលលទ្ធិ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញណ នោះ​បំណង​ប្រាថ្នា​របស់​ពួកគេ ដើម្បី​អនុវត្ត​សេចក្តីពិត​នោះ​​នៅក្នុង​ជីវិត​របស់​ពួកគេ​ក៏​រីកចម្រើន​ផងដែរ ។ គ្រូ​បង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​អញ្ជើញ និង បណ្តុះ​អារម្មណ៍​​​​ទាំងនេះ ដោយ​ការផ្តល់​ឱកាស​​ឲ្យ​ពួក​គេ​​ចែកចាយ​បទពិសោធន៍នានា ដែល​ពួកគេ​មាន​ក្នុង​ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ ដែល​​មាន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ ការណ៍​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​សេចក្តី​ពិត ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខគម្ពីរ​បាន​កាន់តែ​ប្រសើរ ហើយវា​ធានា​​ថា​ សេចក្តីពិត​ទាំង​នេះ​បាន​ដក់​ជាប់​នៅក្នុង​ដួងចិត្ត​របស់​សិស្ស ។ សកម្មភាព​ខាង​ក្រោម​នេះ អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​គោលលទ្ធិ និង គោល​ការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ៖

  • ស្តាប់​រក​មើល​វគ្គ​បទគម្ពីរ—សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្តាប់​រក​មើល​វគ្គបទគម្ពីរ​នៅ​ក្នុង​ការឡើង​និយាយ និង មេរៀននៅ​ព្រះវិហារ នៅក្នុង​សុន្ទរកថា​នៃ​សន្និសីទ​ទូទៅ និង នៅ​ក្នុងការពិភាក្សា​​នានា​ជាមួយ​គ្រួសារ និង មិត្តភក្តិ ។ យូរៗ​ម្តង សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​ពី​វគ្គ​បទគម្ពីរ​ណា​​ដែល​ពួកគេ​បាន​ស្តាប់​ឮ របៀប​ដែល​គេ​ប្រើ​វគ្គ​បទគម្ពីរ​នោះ សេចក្តីពិត​អ្វី​ខ្លះ​ដែល​ត្រូវបាន​បង្រៀន និង បទពិសោធន៍​អ្វីខ្លះ​​ដែល​ពួកគេ​មាន ឬ មនុស្ស​ដទៃ​ទៀត​​​​មាន​​ពី​សេចក្តីពិតដែល​ត្រូវបាន​បង្រៀន​​នោះ ។ សូម​រក​មើល​ឱកាស​នានា​​ដើម្បី​ថ្លែង​ទីបន្ទាល់ ( ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែងទីបន្ទាល់ ) ពី​សេចក្តី​ពិត​ដែល​បាន​បង្រៀន​ដោយ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។

សកម្មភាព​ដែល​ជួយ​សិស្ស​ឲ្យ អនុវត្ត វគ្គ​ចំណេះចំណាន​ខគម្ពីរ

ការបង្រៀន

វគ្គ​ចំណេះចំណាន​ខគម្ពីរ និង គោលលទ្ធិ​គ្រឹះ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​គ្នា ហើយ​មាន​បំណង​ស្របគ្នា​សម្រាប់​ជា​ប្រយោជន៍​ដល់​សិស្ស ។ ( វគ្គ​ចំណេះចំណាន​ខគម្ពីរ​ត្រូវបាន​ដាក់​ពេញ​ក្នុង​ឯកសារ​នៃ​គោលលទ្ធិ​គ្រឹះ​នេះ ) ។ នៅពេល​សិស្ស​រៀន និង បង្ហាញ​គោលលទ្ធិ និង គោលការណ៍​​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ នោះ​ពួកគេ​ក៏​នឹង​រៀន ហើយ​បង្ហាញ​ពី​គោលលទ្ធិ​គ្រឹះ​ផងដែរ ។ ហើយ​នៅពេល​សិស្ស​រៀនដើម្បី​បង្ហាញ​ពី​គោល​លទ្ធិ​គ្រឹះ​ជាពាក្យ​សម្តី​ខ្លួន​ផ្ទាល់ នោះ​ពួកគេ​អាច​ពឹងផ្អែក​លើ​ការទន្ទេញ​ចាំ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​ ​ដើម្បី​ជួយ​​ដល់​ពួកគេ ។ ការផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​បង្រៀន​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹង​ល្អ​ដោយ​ប្រើ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ អាច​បង្កើន​ទំនុកចិត្ត​ក្នុង​ខ្លួនពួកគេ ព្រមទាំង​បង្កើន​ចំណេះដឹង​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​ផង​ដែរ ។ នៅពេល​សិស្ស​បង្រៀន និង ថ្លែងទីបន្ទាល់​ពី​គោលលទ្ធិ និង គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខគម្ពីរ នោះ​ពួកគេ​ក៏​អាច​ពង្រឹង​​ទីបន្ទាល់​របស់​ខ្លួន​ផងដែរ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដើម្បី​បង្រៀន និង ពន្យល់​ដំណឹងល្អ​នៅ​ក្នុង​ថ្នាក់ និង ក្នុងការសន្ទនា​ជាមួយ​មិត្ត​ភក្តិ គ្រួសារ និង មនុស្ស​ដទៃ​ទៀត ។

  • បង្ហាញ​សារលិខិត—សូម​ចាត់តាំ​ង​សិស្ស​ឲ្យ​រៀបចំ​ការឡើង​និយាយ​ពី​បី​ទៅ​ប្រាំ​នាទី ឬ ​រៀប​ចំ​មេរៀន​​ដែល​ផ្តោត​លើ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។ សុំ​ឲ្យ​ពួកគេ​រៀបចំ​វា​នៅ​ថ្នាក់​រៀន ឬ នៅ​ផ្ទះ ។ ក្រៅពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ នោះ​ពួកគេ​អាច​​ប្រើ​ធនធនា​ផ្សេងៗ​ទៀត ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​រៀបចំ​ដូច​ជា កាតចំណេះចំណាន​ខគម្ពីរ Topical Guide សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ ពិត​ចំពោះ​សេចក្តីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ ។ ការឡើង​និយាយ ឬ មេរៀន​នីមួយៗ​គួរតែ​រួមបញ្ចូល​នូវ​បុព្វកថា វគ្គ​ចំណេះចំណាន​ខគម្ពីរ រឿង​មួយ ឬ ឧទាហរណ៍​អំពី​គោលការណ៍​​ដែល​ត្រូវ​បង្រៀន និង ទីបន្ទាល់​របស់​សិស្ស ។ សិស្ស​អាច​ស្ម័គ្រចិត្ត​បង្ហាញ​សារលិខិត​របស់​ខ្លួន​នៅក្នុង​ថ្នាក់ រាត្រីជួបជុំក្រុមគ្រួសារ ឬ នៅក្នុង​កូរ៉ុម ឬ ថ្នាក់​នានា​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​​មក​ពី​សៀវភៅ​កាតព្វកិច្ច​ចំពោះ​ព្រះ ឬ ការអភិវឌ្ឍន៍​ខ្លួន ។ ប្រសិន​បើ​សិស្ស​បង្ហាញ​ការឡើងនិយាយ ឬ មេរៀន​របស់​ពួកគេ​ក្រៅ​ថ្នាក់​រៀន នោះ​សូម​គិត​​ពី​ការអញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​​ពី​បទពិសោធន៍​របស់​ពួកគេ ។

  • ការ​ដើរ​តួ​សម្តែង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា— សូម​រៀបចំ​កាត​មួយ​ចំនួន​ដែល​មាន​សំណួរ​ផ្សេងៗ ​ដែល​សាសនាគន់ការី​អាច​សួរ ដែល​អាច​មាន​ចម្លើយ​មក​ពី​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ( ឧទាហរណ៍ « តើ​សមាជិក​ក្នុង​សាសនាចក្រ​របស់​អ្នក​ជឿ​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? » ) ។ សូម​អញ្ជើញ​សិស្ស​ជាគូៗ​ឲ្យ​ឡើងមក​ខាង​មុខ​ក្តារខៀន ដើម្បីឆ្លើយ​នឹងសំណួរ​ ដែល​រើស​ចេញ​មក​ពី​កាត​ទាំង​នោះ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​អាច​ឆ្លើយ​សំណួរ​ស្រដៀង​នេះ អ្នក​អាច​ផ្តល់​យោបល់​​ពី​​វិធីសាស្ដ្រ​​បង្រៀន​​មួយចំនួន ដែល​មាន​ប្រសិទ្ធភាពដូចជា (១) និយាយ​ពី​បរិបទ​នៃ​វគ្គ​បទគម្ពីរ (២) ពន្យល់​ពី​គោលលទ្ធិ ឬ គោលការណ៍ (៣) សួរ​សំណួរ​ដើម្បី​ដឹង​ថា តើ​អស់អ្នក​ដែល​ពួកគេ​បង្រៀន​នោះ​យល់ ឬ ជឿ​អ្វី​ខ្លះ​ដែល​ពួកគេ​បង្រៀន (៤) ចែក​ចាយ​បទពិសោធន៍ និង ទីបន្ទាល់ និង (៥) អញ្ជើញ​អ្នក​ដែល​ពួកគេ​បង្រៀន​ឲ្យ​អនុវត្ត​តាម​សេចក្ដីពិត​ដែល​បាន​បង្រៀន​នោះ ។ សូម​ឲ្យ​សិស្ស​ផ្ដល់​​មតិយោបល់​រិះគន់​ក្នុង​ន័យ​ស្ថាបនា ចំពោះ​អ្វី​ដែល​ពួកគេ​ចូលចិត្ត​ពី​របៀប​​ដែល​ដៃគូ​នីមួយៗ​បាន​ឆ្លើយតប​សំណួរ​របស់​គេ ។

  • ថ្លែង​ទីបន្ទាល់—សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​តាំង​ពី​ដើម​ដល់​ចប់ ហើយ​ជ្រើសរើស​ចំណេះចំណាន​ខគម្ពីរ​មួយ​ដែល​មាន​គោលលទ្ធិ និង គោលការណ៍​ដែល​ពួក​គេ​អាច​ថ្លែង​ទីបន្ទាល់​បាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ពិត​​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​ចែក​ចាយ​​បទពិសោធន៍​ដែល​នាំ​ឲ្យ​ពួកគេ​អាច​ថ្លែង​ទីបន្ទាល់​ពី​វា​បាន ។ នៅពេល​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ នោះព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​សេចក្តីពិត​នៃ​គោល​លទ្ធិ និង គោលការណ៍​ដែល​ពួកគេ​កំពុង​ថ្លែង​ទីបន្ទាល់​នោះ ។ ទីបន្ទាល់​របស់​ពួកគេ​អាច​បំផុស​គំនិត​ដល់​មនុស្ស​ដទៃ​ទៀត​ឲ្យ​អនុវត្ត​ដោយ​​សេចក្តី​ជំនឿ​ដែរ ។

កំណត់​ចំណាំ ៖ ឱកាស​នានា​ដែល​សិស្ស​អាច​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​គួរតែ​ធ្វើ​ឡើង​ដោយស្ម័គ្រចិត្ត ។ សិស្ស​មិន​គួរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ឬ ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ពួកគេ​​ត្រូវតែ​ថ្លែង​ប្រកាសចំណេះដឹង​ ដែល​ពួកគេ​មាន​​អារម្មណ៍​ថា ពួកគេ​មិន​​មាន​នោះឡើយ ។ ក្រៅពីនោះ សិស្ស​មួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​ខ្លួន ដោយសារ​ពួកគេ​គិត​ខុស​ថា ពួកគេ​ត្រូវតែ​ចាប់ផ្តើម​ការនិយាយ​របស់​ខ្លួន​ដោយ​និយាយ​ថា « ​ខ្ញុំ​ចង់​ថ្លែងទីបន្ទាល់​របស់​ខ្ញុំ… » ឬ ថា​ការបង្ហាញ​ទីបន្ទាល់​របស់​ពួកគេ​ត្រូវតែធ្វើឡើងដោយ​ការ​សម្ដែង​នូវ​មនោសញ្ចេតនា ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា​ នៅពេល​ពួកគេ​ថ្លែង​ទីបន្ទាល់ នោះ​ពួកគេ​អាច​ចែកចាយ​យ៉ាង​សាមញ្ញ​​ពី​គោលលទ្ធិ ឬ គោលការណ៍​នានា​ដែល​ពួកគេ​ដឹង​ថា​វា​ពិត ។ ការចែកចាយ​ទីបន្ទាល់​អាច​ធ្វើ​ឡើងដោយ​សាមញ្ញ​ដូច​ជា​និយាយ​ថា « ខ្ញុំ​ជឿ​ថា​ការណ៍​នេះ​ពិត » ឬ « ខ្ញុំ​ដឹង​ការណ៍​នេះ​ពិត » ឬ « ខ្ញុំ​ជឿ​លើ​ការណ៍​នេះ​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ » ។

ការរស់នៅ​តាម

ការស្នើពី​របៀប​ដែល​សិស្ស​អាច​អនុវត្ត​គោល​លទ្ធិ និង គោលការណ៍​ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ ( ឬ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពី​របៀប​នានា ) ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​រៀន​ដោយ​ការអនុវត្ត​សេចក្ដីជំនឿ ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បា​ន​មាន​ប្រសាសន៍ថា

« អ្នក​រៀនសូត្រ​ដែល​​កំពុង​អនុវត្ត​សិទ្ធិ​ជ្រើស​រើស​របស់ពួកគេ តាមរយៈការ​ប្រព្រឹត្ត​​ស្រប​ទៅតាម​គោលការណ៍​ត្រឹម​ត្រូវ​នោះ កំពុង​តែ​បើក​ដួង​ចិត្ត​ពួកគេ​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​អញ្ជើញ​ការបង្រៀន​របស់ទ្រង់ អំណាច​នៃ​ការ​ថ្លែង​​ទីបន្ទាល់ និង សាក្សី​បញ្ជាក់​របស់​ទ្រង់ ។ ការ​រៀន​សូត្រ​តាមរយៈ​សេចក្ដីជំនឿ​តម្រូវ​ឲ្យ​មានការ​ខិតខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង ខាង​រូប​កាយ មិនមែន​គ្រាន់តែ​ទទួល​យក​​ដោយ​អកម្មប៉ុណ្ណោះ​​នោះ​ទេ ។ វា​​ស្ថិត​ទៅលើ​សកម្មភាពដែល​បំផុសសេចក្ដីជំនឿ​របស់យើង​ដោយ​ស្មោះត្រង់ និង​ខ្ជាប់ខ្ជួន​ទេតើ ដែល​យើង​បង្ហាញ​ដល់​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ នូវ​ឆន្ទៈ​របស់យើង​ដើម្បី​រៀន​សូត្រ ហើយ​ទទួល​ការ​បង្រៀនមកពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « Seek Learning by Faith »​Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៤ ) ។

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ និង ធ្វើ​ទីបន្ទាល់​អំពី​បទពិសោធន៍​ ដែល​ពួកគេ​បាន​មាន​ក្នុង​ការអនុវត្ដ​គោលលទ្ធិ និង គោល​ការណ៍ទាំងនោះ ។ ខាងក្រោម​នេះ​គឺ​ជា​របៀប​មួយ ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អនុវត្ដ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​​នៅក្នុង​ជីវិត​របស់​គេ ៖

  • ដាក់​គោលដៅ—ដោយ​ផ្អែកលើ​ផ្នែក​នៃការ​អនុវត្ត​ប័ណ្ណ​នានា​នៃ​​ចំណេះចំណាន​ខគម្ពីរ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់ ដើម្បី​រស់នៅ​តាម​គោលការណ៍​ ដែល​មាន​នៅក្នុង​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​​ឡើង ។ សូម​ឲ្យ​ពួកគេ​សរសេរ​គោលដៅ​របស់ខ្លួន​នៅ​លើ​ក្រដាស​មួយ​សន្លឹក ដែលយកតាម​ខ្លួន ដើម្បី​​ជាការ​រំឭក ។ នៅពេល​សមរម្យ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​​ពី​ភាពជោគជ័យ​របស់​ពួកគេ ។

សកម្មភាព​ដែល​ជួយ​សិស្ស​ឲ្យ ទន្ទេញចាំ វគ្គ​ចំណេះចំណានខគម្ពីរ

ការទន្ទេញចាំ

ការទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ​អាច​ធ្វើ​ឲ្យការ​យល់ និង ការពង្រីក​សមត្ថភាព​របស់​សិស្ស​កាន់តែ​ជ្រាលជ្រៅ​ដើម្បី​បង្រៀន​ដំណឹង​ល្អ ។ នៅពេល​សិស្ស​ទន្ទេញ​ចាំ​ខគម្ពីរ នោះ​ព្រះវិញ្ញាណ​​បរិសុទ្ធ​អាច​នាំ​ឃ្លា និង គំនិត​នានា​ឲ្យពួកគេ​ចាំ​នៅ​ពេល​​ចាំបាច់ ( សូមមើល យ៉ូហាន ១៤:២៦; គ. និង ស. ១១:២១) ។ សូម​ចងចាំ​ដើម្បី​សម្រប​ការទន្ទេញ​ចាំ​នេះ​ ទៅ​តាម​សមត្ថភាព​របស់​សិស្ស ។

អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​​ការ​ទន្ទេញ​ចាំ​ខគម្ពីរ នៅ​ពេល​លោក​ថ្លែង​ ៖

« អំណាច​ដ៏​អស្ចារ្យ អាច​មក​ពី​ការទន្ទេញ​ចាំ​ខគម្ពីរទាំងឡាយ ។ ដើម្បី​ទន្ទេញ​ចាំ​ខគម្ពីរ​មួយ គឺ​ត្រូវ​បង្កើត​មិត្ត​ភាព​មួយ​ថ្មី ។ វា​គឺ​ដូច​ជា​ការរកឃើញ​នូវ​បុគ្គល​ថ្មី​ម្នាក់ ដែល​អាច​ជួយ​បាន​នៅពេល​ត្រូវការ ដោយផ្ដល់​នូវ​ការបំផុស និង ការលួងលោម ព្រមទាំង​ជា​ប្រភព​​នៃ​ការជំរុញ​ទឹកចិត្ត​ ដើម្បី​ធ្វើ​ការផ្លាស់​ប្ដូរ​ដែល​ត្រូវការ » ( « The Power of Scripture »EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។

សកម្មភាព​ខាងក្រោម​នីមួយៗ​អាច​ធ្វើ​ដដែលៗ​បីបួន​ថ្ងៃ​ផ្ទួនៗគ្នា នៅពេល​ចាប់ផ្ដើម​ថ្នាក់ ឬ ពេល​បញ្ចប់​ដើម្បី​ជួយ​សិស្ស​ឲ្យទន្ទេញចាំ​វា​បាន​យូរ ៖

  • ប្រដេញ​ពាក្យ—សូម​អញ្ជើញ​សិស្ស​ឲ្យ​សូត្រវគ្គចំណេះចំណាន​ខគម្ពីរ​ ម្នាក់​មួយ​ពាក្យ​ម្តង ។ ឧទាហរណ៍ នៅពេល​ជួយ​សិស្ស​ឲ្យ​ទន្ទេញ ម៉ាថាយ ៥:១៤-១៦ សិស្ស​ទីមួយ​នឹង​និយាយ​ពាក្យ អ្នក​រាល់​គ្នា សិស្ស​ទីពីរ​នឹង​និយាយ​ពាក្យ ជា សិស្ស​ទីបី នឹង​និយាយ​ថា ពន្លឺ ហើយ​និយាយ​រហូត​ដល់​ចប់​ខគម្ពីរ​នេះ ។ សូម​កំណត់​ម៉ោង​ឲ្យ​​សិស្ស ហើយ​ឲ្យ​ពួកគេ​ព្យាយាម​​សូត្រវា​ឲ្យ​បាន​​​ច្រើន​ដង ​រហូត​​អស់​ម៉ោង​ដែល​កំណត់​នោះ ។ នៅពេល​ដែល​អ្នក​ធ្វើ​សកម្មភាព​នេះ​ម្តងហើយ​ម្តង​ទៀត សូមគិត​ពី​ការ​ឆ្លាស់​វេណសិស្ស​ឲ្យ​និយាយ​ពាក្យ​ខុសៗ​គ្នា ។

  • អក្សរ​ដំបូង—សូម​សរសេរ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ​ពី​ក្នុង​វគ្គ​ចំណេះចំណាន​ខ​គម្ពីរ ។ សូម​ចង្អុល​អក្សរ​នោះ​ នៅពេល​សិស្ស​សូត្រ​វគ្គ​​បទគម្ពីរ​នោះ​ជាមួយ​អ្នក ដោយ​ប្រើ​ព្រះគម្ពីរ​របស់​ពួកគេ​តាមដែល​ត្រូវការ ។ សូម​ធ្វើសកម្មភាព​នេះ​ដដែលៗ រហូត​ដល់សិស្ស​មានអារម្មណ៍​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួន ​ដើម្បី​​សូត្រវគ្គ​បទគម្ពីរ​នោះ​​ដោយ​ប្រើតែ​តួ​អក្សរ​ដំបូង​​ដើម្បីជួយប៉ុណ្ណោះ។ អ្នក​អាច​លុប​អក្សរ​ពីរបី​រាល់ពេល​ដែល​សិស្ស​សូត្រ​វគ្គបទគម្ពីរ​នោះ ។ ការធ្វើបែប​នេះ​នឹង​បង្កើន​ឧបសគ្គ​សន្សឹមៗ រហូត​ដល់​សិស្ស​អាច​សូត្រ​វគ្គបទគម្ពីរ​ឡើង​វិញ ​ដោយ​ពុំ​ប្រើ​តួ​អក្សរ​ដំបូង​ឡើយ។

  • ផ្គុំ​បញ្ជី​ពាក្យ—សូម​សរសេរ ឬ សុំ​ឲ្យ​សិស្ស​​សរសេរ​ពាក្យ​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ​​នៅលើ​បន្ទាត់​នៃ​ក្រដាស​មួយ​សន្លឹក ។ សូម​កាត់​បញ្ជី​ពាក្យ​នោះ​ជា​ជម្រៀក ដោយ​ទុក​បន្ទាត់​ជួរនៃ​ខគម្ពីរ​ឲ្យ​នៅ​ជាប់​គ្នា ។ សូម​កាត់​ជម្រៀក​ពាក្យមួយ​ចំនួន​ឲ្យ​ខ្លី​ដើម្បី​បញ្ចូល​ពីរ ឬ បី​ពាក្យ​នៃ​វគ្គបទគម្ពីរ​លើ​ជម្រៀក​ពាក្យ​នីមួយៗ ។ ច្របល់​ជម្រៀកពាក្យ​នោះ​ចូល​គ្នា ហើយ​ឲ្យ​សិស្ស​ចាប់​ជា​គូៗ ឬ ជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​រៀបចំ​ជម្រៀកពាក្យ​នោះ​តាម​លំដាប់ ដោយ​ប្រើ​ព្រះគម្ពីរ​របស់​ពួកគេ​ជា​មគ្គុទេស៍ ។ សូម​ឲ្យ​ពួកគេ​អនុវត្ត​វា ​រហូត​ដល់​ពួកគេ​ឈប់​ប្រើ​ព្រះគម្ពី​របស់​ខ្លួន ។ បន្ទាប់ពី​ពួកគេ​រៀប​ចប់​អស់​ហើយ សូម​ឲ្យ​ពួកគេ​​សូត្រ​វគ្គបទគម្ពីរ​នោះ​ឲ្យ​ឮៗ ។ អ្នក​អាច​កំណត់​ម៉ោង​សិស្ស​​ដើម្បី​ដឹង​ថា ​តើ​ក្រុម​មួយ​ណា​ ដែល​អាច​តម្រៀប​ជម្រៀកពាក្យ​នោះ​បាន​ត្រឹម​ត្រូវ​តាម​លំដាប់​បាន​លឿន​ជាង​គេ ។ ឬ អ្នក​អាច​ដាក់​ម៉ោង​កំណត់​ដល់​សិស្ស​ទាំង​អស់ ដើម្បី​ឃើញ​ថា​តើ​ក្រុម​ទាំងនោះ​ប្រើ​ពេល​យូរ​ប៉ុណ្ណា ​ដើម្បី​ផ្គុំ​ជម្រៀកពាក្យ​នោះ​ចប់ ( នៅ​ពេល​ក្រុម​ទីមួយ​ចប់ សូម​ឲ្យ​ពួកគេ​ជួយ​ក្រុម​ដែល​យឺតជាង ) ។