បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កិច្ចការ ១-៥ ( មេរៀនទី ១៧ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កិច្ចការ ១-៥ ( មេរៀនទី ១៧ )

ការរៀបចំ​មេរៀន​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​គោលការណ៍​ដែល​សិស្ស​របស់​អ្នក​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា កិច្ចការ ១-៥ ( មេរៀន​ទី ១៧ ) ពុំ​មែន​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបីនេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( កិច្ចការ ១-៨ )

សិស្ស​បាន​ចាប់ផ្ដើម​ការ​សិក្សា​ពួកគេ​អំពី​គម្ពីរ​កិច្ចការ​ដោយ​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​ទ្រង់​តាមរយៈ​ការ​បើក​សម្ដែង​ព្រះឆន្ទៈ​ទ្រង់​ដល់​ពួក​សាវក​តាម រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ថា​ពួក​សាវក​គឺជា​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ទៅ​កាន់​ផែនដី​ទាំងមូល ។ បន្ទាប់មក សិស្ស​បាន​រៀន​ថា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​ក៏​អាច​ក្លាយ​ជា​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផង​ដែរ ។ ឯកសារ​នៅ​ក្នុង​មេរៀន​នេះ​ក៏​ផ្ដល់​ពី​ទិដ្ឋភាព​ទូទៅ​មួយ ​នៃ​ផ្នែក​ពាក់កណ្ដាល​ទៀត​នៃ​​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដល់​សិស្ស​ដែរ ។

ថ្ងៃ​ទី ២ ( កិច្ចការ ១:៩-២៦ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ដំណើរ​រឿង​អំពី​ការ​យាង​ទៅ​ស្ថានសួគ៌​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​បាន​រៀន​ថា ការ​យាង​មក​ជា​​លើក​ទីពីរ​របស់ទ្រង់ ​ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ចុះ​មក​ពី​ស្ថានសួគ៌​នៅ​ក្នុង​សិរីល្អ ។ នៅ​ពេល​ពួកគេ​បាន​អាន​អំពី​របៀប​ជ្រើស​សាវក​ ជំនួស​តំណែង​របស់​យូដាស នោះ​សិស្ស​បាន​រៀន​ថា ពួក​សាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​តាម​រយៈ​វិវរណៈ ។

ថ្ងៃ​ទី ៣ ( កិច្ចការ ២ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ពី​ព្រឹត្តិការណ៍​នានា​ នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិប ពួកគេ​បាន​រក​ឃើញ​សេចក្ដីពិត​ដូចខាង​ក្រោម​នេះ ៖ នៅពេល​យើង​ត្រូវ​បាន​បំពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធ ទ្រង់​នឹង​ជួយ​យើង​បង្រៀន និងថ្លែង​ទីបន្ទាល់​ទៅ​ដល់អ្នកដទៃ នៅ​ពេល​យើង​ទទួល​ព្រះបន្ទូល​ព្រះ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ដួង​ចិត្ត​យើង​នឹង​ផ្លាស់ប្ដូរ ហើយ​យើង​នឹង​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​យើង​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ជ្រមុជទឹក យើង​បាន​ត្រៀម​ខ្លួន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ថ្ងៃ​ទី ៤ ( កិច្ចការ ៣-៥ )

នៅ​ពេល​ពេត្រុស និង​យ៉ូហាន​បាន​ព្យាបាល​បុរស​ខ្វិន​ម្នាក់​នៅ​ព្រះវិហារ​បរិសុទ្ធ សិស្ស​បាន​រៀន​ថា ព្រះវរបិតាសួគ៌​ប្រហែល​នឹង​មិន​ឆ្លើយ​តប ​ចំពោះ​ការ​អធិស្ឋាន​របស់យើង ​តាម​វិធី​ដែល​យើង​ចង់​បាន ឬ​រំពឹង​ចង់បានពី​ទ្រង់​ឡើយ ប៉ុន្តែ​ចម្លើយ​របស់​យើង​តែង​តែ​សម្រាប់​សេចក្ដី​ល្អ​បំផុត​ដល់​យើង​ជានិច្ច ។ គោលការណ៍​ផ្សេងទៀត​ដែល​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ រួមមានដូច​ខាង​ក្រោម ៖ ពួកអ្នកបម្រើ​របស់ព្រះយេស៊ូវគ្រីស្ទ អាច​ធ្វើអព្ភូតហេតុ​តាមរយៈ​សេចក្ដីជំនឿ​​ទៅលើ​ព្រះនាម​របស់ទ្រង់ ពួក​ព្យាការី​នៅ​គ្រប់​សម័យកាល​ទាំងអស់ បាន​ប្រាប់​ទុក​ជា​មុនពី​ការ​ស្តារ​ឡើងវិញ នៃ​ដំណឹងល្អ ។ ប្រសិន​បើ​យើង​កុហក​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ នោះ​ដូចជា​យើង​កុហក​ដល់​ទ្រង់​ដែរ ។

សេចក្ដីផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​របៀប ​ដែល​ពួកគេ​អាច​ឆ្លើយ​ដោយ​ក្លាហាន នៅ​ពេល​ពួកគេ​មាន​ឱកាស ដើម្បី​ចែកចាយ ឬ គាំទ្រដំណឹងល្អ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ៤:១-៣១

សមាជិក​នៃពួកសានហេឌ្រីន​បង្គាប់​ឲ្យ​ពេត្រុស និង​យ៉ូហានឲ្យ​ឈប់​បង្រៀន​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​ទៀត ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ពួកគេ​គប្បី​នឹង​ធ្វើ​ នៅ​ក្នុង​ស្ថានភាព​ខាង​ក្រោម​នេះ ( សូម​ពិចារណា​សរសេរ​សាច់​រឿង​ទាំងនេះ​នៅ​លើ​ក្ដារខៀន​ពីមុន​ថ្នាក់​ចាប់ផ្ដើម ) ៖

  1. មាន​មិត្ត​ម្នាក់​ចុះផ្សាយ​រឿង​មិន​ពិត​មួយ​អំពី​សាសនាចក្រ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

  2. មាន​គ្រូបង្វឹក​ម្នាក់​បាន​ដាក់​កាលវិភាគ​ការ​ប្រកួត​យក​ពាន​រង្វាន់​មួយ ​ដែល​តម្រូវ​ឲ្យ​ក្រុម​របស់​អ្នក​លេង​នៅ​ថ្ងៃ​អាទិត្យ ។

  3. មិត្ត​របស់​អ្នក​សាកសួរ​មតិ​អ្នកអំ​ពី​បញ្ហា​សង្គម​មួយ​ដែល​ពេញ​និយម ហើយ​មាន​មនុស្ស​ទូទៅ​គាំទ្រ ប៉ុន្តែ​វា​ផ្ទុយ​ទៅ​នឹង​ការ​បង្រៀន​របស់​សាសនាចក្រ ។

បន្ទាប់​ពី​ផ្ដល់​ពេល​ឲ្យ​សិស្ស​សញ្ជឹង​គិតគ្រប់​គ្រាន់​ហើយ សូម​សួរ ៖

  • តើ​មានកាលៈទេសៈ​មួយ​ចំនួន​ណាផ្សេង​ទៀត​ដែល​យើង​ត្រូវ​ចែកចាយ ឬ​គាំទ្រសេចក្ដី​ជំនឿ​យើង​នោះ ?

នៅពល​ពួកគេ​សិក្សា កិច្ចការ ៤–៥ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដី​ពិត​នានា ​ដែល​អាច​ដឹកនាំ​ពួកគេ​នៅ​ក្នុង​ស្ថានភាព​ទាំងនេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៅ​ក្នុង កិច្ចការ ៤សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចងចាំ​ពី​ព្រឹត្តិការណ៍ និង​ការ​បង្រៀន​ទាំងឡាយ​នៅ​ក្នុង កិច្ចការ ៣ ។ ( នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ពេត្រុស និង​យ៉ូហាន​បាន​ព្យាបាល​បុរស​ខ្វិន​ម្នាក់​តាំង​ពី​កំណើត ហើយ​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ ) ។

សូម​សង្ខេប កិច្ចការ ៤:១–៦ ដោយ​ពន្យល់​ថា ពេត្រុស និង​យ៉ូហាន​ត្រូវ​បាន​គេចាប់​ខ្លួន ​ដោយសារ​ទង្វើ​ទាំងនេះ ហើយ​បាន​នាំ​ទៅ​ជួប​នឹង​ពួកសានហេឌ្រីន ដែល​ជា​ក្រុម​ប្រឹក្សា​ពួក​សាសន៍​យូដា ។ សូម​រំឭក​សិស្ស​ថា មាន​សមាជិក​ជាច្រើន​របស់​ពួកសានហេឌ្រីន​ធ្លាប់​ចូល​រួមនឹង​ការ​ចាប់​ព្រះកាយ និង​ការ​ឆ្កាង​ដល់​ព្រះអង្គ​សង្គ្រោះ​កាល​ពី​មុន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ៤:៧ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​សំណួរ​ដែល​ពួក​អ្នក​ដឹកនាំ សាសន៍​យូដា​បាន​ចោទសួរ​ដល់​ពេត្រុស និង​យ៉ូហាន ។

  • តើ​ពួក​អ្នក​ដឹកនាំ សាសន៍​យូដា​បាន​ចោទសួរ​អ្វីខ្លះ​ដល់​ពេត្រុស និង​យ៉ូហាន ?

  • តើ​អាច​មាន​អ្វីកើតឡើង​ដល់​ពេត្រុស និង​យ៉ូហាន ប្រសិន​បើ​ពួកគាត់​បាន​និយាយ​ប្រាប់​ថា​ ខ្លួន​គឺជា​ពួក​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ?

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ពី​អារម្មណ៍ ​ដែល​ពួកគេ​អាច​មាន ប្រសិន​បើ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​របស់​ពេត្រុស និង​យ៉ូហាន ហើយ​ថា​ពួកគេ​នឹង​និយាយ​អ្វីខ្លះ​ទៅ​ក្រុម​ប្រឹក្សា​នោះ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង កិច្ចការ ៤:៨-២១ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី ដែល​ពេត្រុស​បាន​ប្រកាស​ដល់​ក្រុម​ប្រឹក្សា​នោះ​អំពី​ព្រះយេស៊ូវ ។

  • យោងតាម កិច្ចការ ៤:១៣ហេតុអ្វី​ក្រុម​ប្រឹក្សា​នោះ​ មាន​ចិត្ត​ស្ញប់​ស្ញែង​​ដល់​ពេត្រុស និង​យ៉ូហាន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក កិច្ចការ ៤:៨ ឡើងវិញ​ដោយ​ស្ងៀម​ស្ងាត់ រកមើល​អ្វីដែល​បាន​ជះឥទ្ធិល​ដល់​ពេត្រុស ហើយ​បាន​ជួយ​គាត់​ឲ្យ​ថ្លែង​ដោយ​ភាព​ក្លាហាន​ទៅ​កាន់​ក្រុម​ប្រឹក្សា​នោះ ។

  • តើ​អ្នក​គិត​ថា​ការ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជះឥទ្ធិពល​ដល់​លទ្ធភាព​របស់​ពេត្រុស​ ក្នុង​ការ​បង្រៀន​ដំណឹងល្អ​ដោយ​ភាព​ក្លាហាន​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី​គំរូ​របស់​ពេត្រុស ​ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង ខ​ទី ៨ និង ១៣ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​គោលការណ៍​មួយ ដែល​ស្រដៀង​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖នៅពេល​យើង​បានពេញ​ដោយព្រះវិញ្ញាណបរិសុទ្ធ នោះ​យើងអាច​ចែកចាយ​ដំណឹងល្អ​ដោយភាព​ក្លាហាន ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • យោងតាម កិច្ចការ ៤:១៨ហេតុអ្វី​ក្រុម​ប្រឹក្សា​នោះ​ចេញ​សេចក្ដី​បង្គាប់​អ្វីខ្លះ​ដល់​ពេត្រុស និង​យ៉ូហាន ?

  • យោងតាម ខ​ទី ១៩–២០តើ​ពេត្រុស និង​យ៉ូហាន​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កិច្ចការ ៤:២៣–៣០ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ពេត្រុស និង​យ៉ូហាន​បាន​ដោះលែង​ខ្លួនមក ពួកគាត់​បាន​ប្រមូល​ផ្ដុំ​នឹង​ពួក​អ្នក​ជឿ​ផ្សេង​ទៀត ហើយ​បាន​អធិស្ឋាន​ជាមួយ​នឹង​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ៤:៣១ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​អធិស្ឋាន​របស់​ពួកគេ ។

  • តើ​មានអ្វីកើតឡើង​ បន្ទាប់ពីមនុស្ស​បាន​អធិស្ឋាន ?

  • ពី​អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ខគម្ពីរ​នេះ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​យើង ​ថ្លែង​ព្រះបន្ទូល​ព្រះ​ដោយ​ភាពក្លាហាន ?

សូម​លើក​ឡើង​ពី​ស្ថានភាព​មួយ​ចំនួន​នៅ​ដើម​មេរៀន​នេះ ។

  • តើ​យើង​អាច​មាន​ភាពក្លាហាន ​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​នៅ​ក្នុង​ស្ថានភាព​ដូចជា​ស្ថានភាព​ទាំងនេះ​បាន ​ដោយ​របៀប​ណា ដោយ​នៅ​តែ​មាន​ការ​គោរព និង​តាម​ផ្លូវ​រដ្ឋ ? ( សូមមើល អាលម៉ា ៣៨:១២អ្នក​គួរ​ពន្យល់​ថា ការ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​មាន​ន័យ​ថា យើង​ចែក​ចាយ​អ្វី​ដែល​យើង​ដឹង​ថា​ពិត​ដោយ​មាន​ទំនុក​ចិត្ត ប៉ុន្តែ​យើង​ធ្វើ​វា​ដោយ​ភាព​រាបសា និង​ការ​គោរព​ដល់​មនុស្ស​ដទៃ ​ដែល​គិត ឬ​មាន​អារម្មណ៍​ខុស​ពី​យើង ) ។

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្លាប់​ជួយ​អ្នក​ឲ្យ​ថ្លែង​ពី​ព្រះបន្ទូល​នៃ​ព្រះ​ ដោយ​ភាពក្លាហាន​នៅ​ពេល​ណា​ដែរ ?

  • តើ​អ្នក​បាន​ដឹង​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​ជួយ​អ្នក​តាម​របៀប​ណា ?

កិច្ចការ ៥:១២-៤២

ពួក​សាវក​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំឃាំង ​ដោយ​សារ​ការ​ព្យាបាល​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ពួកគេ​កំពុង​រស់​នៅ​ក្នុង​សម័យ​របស់​ពេត្រុស និង​យ៉ូហាន ហើយ​គឺជា​អ្នក​រាយការណ៍​សម្រាប់​សារព័តមាន Jerusalem Times ។ សូម​ពន្យល់​ថា ពួកគេ​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សិក្សា​ផ្នែក​នៃ កិច្ចការ ៥:១២–៣២ រួចហើយ​សរសេរ​ពី​ព័ត៌មាន​មួយ​ដោយ​សង្ខេប​រឿង​ដែល​បាន​​កើត​ឡើង ។ ( ដើម្បី​ផ្ដល់​ជា​បរិបទ​ចំពោះ​សារលិខិត​ទាំងនេះ សូម​រំឭក​សិស្ស​ថា ពួក​សានហេឌ្រីន​បាន​បង្គាប់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ឈប់​និយាយ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។ សូម​ធ្វើ​តាម​សេចក្ដីណែនាំ​ដែល​បាន​ផ្ដល់​ឲ្យ ជាមួយ​នឹង​ខគម្ពីរ​នីមួយៗ ។

  1. កិច្ចការ ៥:១២–១៦ ( សូម​អាន​ខគម្ពីរ​នេះ​ទាំង​អស់​គ្នា ហើយ​សរសេរ​ព័ត៌មាន​មួយ​រួម​គ្នា ) ។

  2. កិច្ចការ ៥:១៧–២៣ ( សុំ​ឲ្យ​សិស្ស​អាន​ខគម្ពីរ​នេះ​ជាមួយ​នឹង​ដៃគូ​ម្នាក់ ហើយ​សរសេរ​ព័ត៌មាន​មួយ ។ សូម​អញ្ជើញ​ដៃគូ​មួយ​ចំនួន​ឲ្យចែកចាយ​ព័ត៌មាន​ខ្លួន​ដល់​សិស្ស​ក្នុង​ថ្នាក់ ) ។

  3. កិច្ចការ ៥:២៤-៣២ ( សុំ​ឲ្យ​សិស្ស​អាន​ខគម្ពីរ​នេះ​រៀង ៗ ខ្លួន ហើយ​សរសេរ​ព័ត៌មាន​មួយ ។ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ ចែកចាយ​ព័ត៌មាន​ខ្លួន​ដល់​សិស្ស​ក្នុង​ថ្នាក់ ) ។

បន្ទាប់​ពី​សិស្ស​ចែកចាយ​ព័ត៌មាន​ខ្លួន​រួចហើយ សូម​សួរថា ៖

  • យោង​តាម កិច្ចការ ៥:២៩ហេតុអ្វី​ពេត្រុស និង​ពួក​សាវក​ផ្សេង​ទៀត​បាន​ពោល​ថា ពួកគាត់​បាន​បន្ត​ប្រកាស ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ ទោះ​ជា​មាន​សេចក្ដី​បង្គាប់​មក​ពី​ក្រុម​ប្រឹក្សា​នោះ​យ៉ាង​ណា​ក៏​ដោយ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​​នេះ​នៅលើ​ក្ដារខៀន ៖ប្រសិន​បើ​យើង​ជ្រើស​គោរព​តាម​ព្រះ​ជាង​មនុស្ស នោះ …

  • ចេញពី អ្វី​ដែល​យើង​បាន​អាន​នៅ​ក្នុង កិច្ចការ ៤–៥តើ​វិធី​មួយ​ចំនួន​ដែល​យើង​អាច​បំពេញ​ឃ្លា​នេះ​មាន​អ្វីខ្លះ ? ( បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​បំពេញ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ក្ដារខៀន​ ដូច​តទៅ ៖ប្រសិន​បើ​យើង​ជ្រើសរើស​គោរព​តាមព្រះ​ជាជាង​មនុស្ស​នោះ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង ) ។

  • តើ​ព្រះ​បាន​គង់​នៅ​ជាមួយ​នឹង​ពេត្រុស និង​ពួក​សាវក​ផ្សេង​ទៀត កាល​ពួកគាត់​គោរព​តាម​ទ្រង់​ជាង​ក្រុម​ប្រឹក្សា​នោះ​តាម​របៀប​ណា​ខ្លះ? ( ព្រះ​បាន​បំពេញ​ពួកគាត់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ [ សូមមើល កិច្ចការ ៤:៨, ៣១ ]ដោយ​ផ្ដល់លទ្ធភាព​ឲ្យ​ពួកគាត់​ធ្វើ​អព្ភូតហេតុ​នានា [ សូម​មើល កិច្ចការ ៥:១២–១៦ ] ហើយ​បាន​បញ្ជូន​ទេវតា​របស់ ទ្រង់​ឲ្យ​នាំ​ពួកគាត់​ចេញ​ពី​ទីឃុំឃាំង [ សូមមើល កិច្ចការ ៥:១៧–២០​ ] ) ។

  • តើ​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ធ្លាប់​ជ្រើស​រើស​គោរព​តាម​ព្រះ​ជាង​មនុស្ស​នៅ​ពេល​ណា ? តើ​ព្រះ​បាន​បង្ហាញ​ថា ទ្រង់​បាន​គង់​នៅ​ជាមួយ​នឹង​អ្នក ឬ​បុគ្គល​នោះ​តាម​របៀប​ណា ?

ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​នៅ​ក្នុង កិច្ចការ ៥:៣៣-៤២​​ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​គំរូ​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​នឹង​ពេត្រុស និង​ពួក​សាវក​ផ្សេង​ទៀត ។

សូម​ចង្អុល​បង្ហាញ​ថា យើង​បាន​រៀន​នៅ​ក្នុង កិច្ចការ ៥:៣៣ ថា ក្រុមប្រឹក្សា​នោះ​បាន​ចង់​សម្លាប់​ពេត្រុស និង​យ៉ូហាន ។

  • យោងតាម ខ​ទី ៤១–៤២តើ​ពួក​សាវក​បាន​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​ទោះ​ជា​មាន​ការ​គម្រាម​កំហែង​នេះ​បាន​ដោយ​របៀប​ណា ? តើ​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​នឹង​ពួកគាត់​នៅ​គ្រា​នោះ​តាម​របៀប​ណា ?

  • តើ​សេចក្ដីពិត​ដែល​យើង​បាន​ស្គាល់​ នៅ​ក្នុង​មេរៀន​នេះ​អាច​ជួយ​យើង នៅ​ពេល​យើង​ខិតខំ​រស់​នៅ​តាម​ដំណឹងល្អ ហើយ​ចែកចាយ​វា​ជាមួយអស់អ្នក ដែល​នៅ​ជុំវិញ​យើង​បាន​ដោយ​របៀប​ណា ?

សូម​ចែកចាយ​ទីបន្ទាល់​ពី​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅ​ថ្ងៃ​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដីពិត​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

មេរៀន​បន្ទាប់ ( កិច្ចការ ៦-១២ )

ចូរ​សួរ​ដល់​សិស្ស​ថា មនុស្ស​ដែល​បាន​ស្លាប់​ដោយ​ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ដំណឹងល្អ​មាន​ប៉ុន្មាន​នាក់​ដែល​ពួកគេ​គិត​ឃើញ ។ សូម​ពន្យល់​ថា នៅ​ពេល​ពួកគេ​សិក្សា កិច្ចការ ៦–១២ នៅ​សប្ដាហ៍​ក្រោយ ពួកគេ​នឹង​រៀន​អំពី​ទុក្ករបុគ្គល​ពីរ​រូប​ដ៏​ក្លាហាន​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ ៖បុគ្គល​ម្នាក់​ជា​ពួក​ចិត​សិប​នាក់ ហើយ​ម្នាក់​ទៀតគឺ​ជា​សាវកម្នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​គិតពិចារណា​អំ​ពី​សំណួរ​ខាងក្រោម ៖ ហេតុអ្វី​ការ​និមិត្ត​របស់​ពេត្រុស​ស្ដីពី​កូនីលៀស​មាន​សារៈសំខាន់​ខ្លាំង​ម៉្លេះ​ដល់​សាសនាចក្រ ? តើ​មាន​អ្វីបាន​កើត​ឡើង​ចំពោះ​សូល ( ក៏​ស្គាល់​ថា​ជា​ប៉ុល ) ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់ ? តើ​គាត់​ខ្វាក់​ភ្នែក​ដោយ​របៀប​ណា ហើយ​តើព្រះអម្ចាស់​បាន​ដឹក​នាំ​នរណា​ឲ្យ​ទៅ​ធ្វើ​ភ្នែក​គាត់​ឲ្យ​មើល​ឃើញ​វិញ​តាម​របៀប​ណា ?