បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កិច្ចការ ៦-១២ ( មេរៀនទី ១៨ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កិច្ចការ ៦-១២ ( មេរៀនទី ១៨ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្ស ដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សា នៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​​បាន​សិក្សា កិច្ចការ ៦-១២ ( មេរៀន​ទី ១៨ ) ពុំ​​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( កិច្ចការ ៦-៧ )

សិស្ស​បាន​រៀន​ថា សមាជិក​សាសនាចក្រ​ដែល​សក្ដិសមត្រូវ​បាន​ហៅ​ ​ឲ្យ​ជួយ​បម្រើ​ដល់​សេចក្ដី​ត្រូវការ​របស់​មនុស្ស​ដទៃ ។ ខណៈ​ដែល​កំពុង​សិក្សា​អំពី​ពាក្យ​សម្ដី និង​ការធ្វើ​ទុក្ករកម្ម​របស់​ស្ទេផាន នោះ​ពួកគេ​បាន​រកឃើញ​សេចក្ដី​ពិត​ដូច​ខាង​ក្រោម ៖ ការ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ទៅ​រក​ការ​បដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ពួក​ព្យាការី​របស់​ទ្រង់ ។ ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ ជា​តួ​អង្គ​បី​ផ្សេង​គ្នា ។ ប្រសិន​បើ​យើង​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ នៅ​ក្នុង​គ្រាទុក្ខលំបាក នោះ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​យើង ។

ថ្ងៃ​ទី ២ ( កិច្ចការ ៨ )

នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី កិច្ចការ ៨ សិស្ស​បាន​រៀន​ដូច​ខាង​ក្រោម​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ៖ អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ឲ្យ​ បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក តាមរយៈ​ការ​ដាក់​ដៃ​លើ​ដោយ​ពួក​អ្នកកាន់​បព្វជិតភាព ។ បព្វជិតភាព​បាន​ប្រទាន​ឲ្យ​ស្រប​តាម​ព្រះឆន្ទៈ និង​បទដ្ឋាន​នៃ​ភាព​សក្ដិសម​របស់​ព្រះ ។ នៅ​ពេល​យើង​ស្ដាប់​តាម​ការ​បំផុស​គំនិត​ពី​ព្រះ យើង​អាច​ទទួល​បាន​ឱកាស​ដើម្បី​ជួយ​ដឹកនាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ៣ ( កិច្ចការ ៩ )

នៅ​ក្នុង កិច្ចការ ៩សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់​ទត​ឃើញ​​សក្តានុពល ​ដែល​យើង​អាច​ទទួល​បាន ហើយ​ថា​ទ្រង់​ទត​ឃើញ​សក្ដានុពល​របស់​យើង​សម្រាប់​ការ​ជួយ​ទ្រង់​ នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ ពួកគេ​ក៏​បាន​រៀន​គោលការណ៍​ទាំងឡាយ​ដូច​ខាង​ក្រោម​ផងដែរ ៖ ប្រសិន​បើ​យើង​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ផ្លាស់ប្ដូរ ហើយ​អាច​បំពេញ​សក្ដានុពល​ ដែល​ទ្រង់​ទតឃើញ​នៅ​ក្នុង​ខ្លួន​យើង ។ តាមរយៈ​ការ​បម្រើ​ដល់​មនុស្ស​ដទៃ យើង​អាច​ជួយ​មនុស្ស​ទូទៅ​ឲ្យ​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ជឿ​លើ​ទ្រង់ ។

ថ្ងៃ​ទី ៤ ( កិច្ចការ ១០-១២ )

សិស្ស​បាន​សិក្សា​ការ​និមិត្ត​របស់​ពេត្រុស​អំពី​ការ​ប្រកាស​ដំណឹងល្អ​ដល់​ពួក​សាសន៍​ដទៃ ហើយ​បាន​រៀន​​ថា នៅ​ពេល​យើង​ដឹង​ថា ពួក​អ្នក​ដែល​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​បាន​ដឹកនាំ​ដោយ​ព្រះ យើង​អាច​គាំទ្រ​ដោយ​មាន​ទំនុក​ចិត្ត ហើយ​ធ្វើ​តាម​ពួកគាត់ ។ ពួកគេ​ក៏​បាន​រៀន​សេចក្ដីពិត​ទាំងឡាយ​ដូច​ខាង​ក្រោម​ផងដែរ ៖ ​ប្រសិន​បើ​យើង​ចង់​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​រីករាយ​ជាជាង​ព្រះ នោះ​យើង​អាច​នឹង​បាន​នាំឲ្យធ្លាក់​កាន់តែ​ជ្រៅទៅ​ក្នុង​អំពើបាប​ ។ ការអធិស្ឋានដ៏​ស្មោះ ហើយ​ស្វាហាប់​របស់​យើង​ ទូលសូមអព្ភូតហេតុ និង​ពរជ័យ​របស់​ព្រះ​ចូល​មក​ក្នុង​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​ដទៃទៀត ។

សេចក្តី​ផ្ដើម

ព្រះ​បាន​បើក​សម្ដែង​ដល់​ពេត្រុស​តាម​រយៈ​ការ​និមិត្ត​មួយ​ថា ដំណឹងល្អ​គួរ​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ ។ ពេត្រុស​បាន​បង្រៀន​ដំណឹងល្អ​ដល់​កូនេសាល និង​គ្រួសារ​គាត់ ហើយ​ក្រោយ​មក​បាន​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​សាសន៍​យូដា​ អំពី​ការ​ប្រកាស​ដំណឹងល្អ​ដល់​ពួក​សាសន៍​ដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១០

ព្រះ​បើក​សម្ដែង​ដល់​ពេត្រុស​នៅ​ក្នុង​ការ​និមិត្ត​មួយ​ថា ដំណឹងល្អ​គួរ​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា មានមិត្ត​ម្នាក់​សួរ​ថា ៖​« ខ្ញុំ​បាន​ឮ​ថា​នៅ​ឆ្នាំ​ ១៩៧៨ ព្រះវិហារ​ឯង​បាន​ផ្លាស់​ប្ដូរ​ជំហរ​ខ្លួន ​ដើម្បី​អនុញ្ញាត​ឲ្យ​បុរស​ទាំងអស់​ទទួល​បព្វជិតភាព​ដោយ​ពុំ​គិត​ពី​ពូជសាសន៍ ។ ប្រសិន​បើ​អ្នក​ឯង​ជឿ​ថា ​ព្រះវិហារ​ឯង​ដឹកនាំ​ដោយ​ព្រះ ហើយ​ព្រះ​គឺ​ជា​អង្គ​ដែល​ពុំ​ចេះ​ផ្លាស់ប្ដូរ តើ​រឿង​នោះ​កើត​ឡើង​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុងសៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប​ទៅកាន់​មិត្ត​នេះយ៉ាង​ដូចម្ដេច ។ (កំណត់ចំណាំ ៖ត្រូវ​ប្រាកដ​ថា​សិស្ស​ឆ្លើយ​ចំពោះ​សំណួរ​នៃ​ការ​ផ្លាស់ប្ដូរ​ការ​អនុវត្ត​របស់​សាសនាចក្រ ​ជា​ជាង​គិត​ពី​ហេតុផល​ដែល​អាច​កើត​មាន​ចំពោះ​ការ​ដាក់កំហិត​ដល់​បព្វជិតភាព ។ នៅ​ក្នុង​ការ​ពិភាក្សា​របស់​អ្នក ក៏​កុំ​គិត​ពី​មូលហេតុនៃការដាក់កំហិត​បព្វជិតភាព​បាន​កើត​ឡើង ដោយសារ​ហេតុផល​ទាំងនេះ​ពុំ​បាន​បើក​សម្ដែង​ឡើយ [ សូមមើល សេចក្ដី​ប្រកាស​​ជា​ផ្លូវការទី ២ ] ) ។

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ១០ សូម​អញ្ជើញ​ពួកគេ​រក​មើល​សេចក្ដីពិត​ដែល​អាច​ជួយ​ពួកគេឲ្យ​ឆ្លើយ​នូវ​សំណួរ​អំពី​របៀប​ ដែល​ព្រះអម្ចាស់​ដឹកនាំ ណែនាំ ផ្លាស់ប្ដូរ ហើយ​ចាត់ចែងសាសនាចក្រ​របស់​ទ្រង់ ។

សូម​ពន្យល់​ថា រហូត​មក​ដល់​ត្រង់​នេះ​ នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ដំណឹងល្អ​​បាន​ប្រកាស​ដល់​ពួក​សាសន៍​​យូដា​ភាគច្រើន ដោយមាន​ករណី​លើកលែង​តែ​ពីរបី ដូចដែល​បាន​ណែនាំ​ដោយ​ព្រះអង្គ​សង្គ្រោះ ( សូមមើល ម៉ាថាយ ១០:៥–៦ ) ។ ប៉ុន្តែ​នៅ​ក្នុង កិច្ចការ ១០ យើង​បាន​អាន​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​តាម​របៀប​ដែល​សាសនាចក្រ​បាន​ធ្វើ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​ពួកគេ​អំពី​ពួក​សាសន៍​ដទៃ​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា កូនេសាល ។ ( គាត់​គឺ​ជា​មន្ត្រី​ម្នាក់​នៅ ក្នុង​កងទ័ព​រ៉ូម ។ គាត់ និង​គ្រួសារ​គាត់​គឺជា​ពួក​អ្នក​ជឿ ហើយ​កោត​ខ្លាច​ដល់​ព្រះ ។ ក្នុង​នាម​ជា​ពួក​សាសន៍​ដទៃ​ម្នាក់ គាត់​ពុំ​អាច​ចូល​រួម​ក្នុង​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ដោយ​គ្មាន​ការ​ប្រែ​ចិត្ត​ជឿ​ដល់​សាសនា​យូដា​បាន​ឡើយ ) ។

សូម​សង្ខេប កិច្ចការ ១០:៣–៨ ដោយ​ពន្យល់​ថា ជាលទ្ធផល​នៃ​ភាពស្មោះ​ត្រង់​​របស់​កូនេសាល មាន​ទេវតា​មួយ​អង្គ​បាន​លេច​មក​ជួប​គាត់ ហើយ​ណែនាំ​គាត់​ឲ្យ​បញ្ជូន​មនុស្ស​ទៅ​យ៉ុបប៉េ ដើម្បី​រក​ពេត្រុស ។ កាល​ពួក​បាវ​បម្រើ​របស់​កូនេសាល​បាន​ធ្វើ​ដំណើរទៅ​យ៉ុបប៉េ នោះ​ពេត្រុស​មាន​ការ​និមិត្ត​ដ៏​អស្ចារ្យ​មួយ កាល​ស្នាក់​នៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ស៊ីម៉ូន ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់ឲ្យ​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង កិច្ចការ ១០:៩-១៦​ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា ពេត្រុស​បាន​ឃើញ​អ្វី​នៅ​ក្នុង​ការ​និមិត្ត​នោះ ។ ( សម្រាប់​ភាព​ខុស​ពី​គ្នា អ្នក​គួរ​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស​ទុក​សម្រាប់​សកម្មភាព​គំនូរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន កិច្ចការ ១០:៩–១៦ ដោយ​ស្ងៀម​ស្ងាត់ ហើយ​គូរ​រូប​នៃ​ការ​និមិត្ត​របស់​ពេត្រុស​ ដូចដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សុំ​ឲ្យ​សិស្ស​ប្រើ​រូប​របស់​ពួកគេ​ដើម្បី​ពន្យល់​ដល់​មិត្ត​រួម​ថ្នាក់​ពី​អ្វី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ការ​និមិត្ត​របស់​ពេត្រុស ) ។ បន្ទាប់​ពី​សកម្មភាព​មួយ​ណា​ក៏​បាន ​នៅ​ក្នុង​ចំណោម​សកម្មភាព​ទាំងពីរ​នេះ សូម​សួរ ៖

  • នៅ​ក្នុង​ការ​និមិត្ត​នោះ តើ​ពេត្រុស​បាន​បង្គាប់​ឲ្យ​បរិភោគ​អ្វី ?

  • យោង​តាម ខ​ទី ១៤តើ​អ្វី​ជា​ប្រតិកម្ម​ដំបូង​គេ​បង្អស់​របស់​ពេត្រុស ចំពោះ​ព្រះបញ្ញត្តិ​នេះ ? ( សូម​ពន្យល់​ថា នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ពួក​សាសន៍​យូដា​បាន​ហាម​មិន​ឲ្យ​បរិភោគ​សត្វ​ដែល​បាន​ចាត់​ទុក​ថា​ជា​សត្វ​សាមញ្ញ ឬ​មិន​ស្អាត​ឡើយ [ សូមមើល លេវីវិន័យ ១១​ ] ) ។

  • យោងតាម កិច្ចការ ១០:១៥តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​យ៉ាង​ណា​ដែរ​ អំពី​សត្វ​មិន​ស្អាត​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ពេត្រុស​បរិភោគ ?

សូម​សង្ខេប កិច្ចការ ១០:១៧–២៨ ដោយ​ពន្យល់​ថា ដំបូង​ឡើយ​ពេត្រុស​ពុំ​បាន​យល់​ពី​អត្ថន័យនៃ​ការនិមិត្ត​របស់​គាត់​នោះ​ទេ ។ នៅ​ពេល​គាត់សញ្ជឹង​គិត​ពី​រឿង​នោះ ពួក​បាវ​បម្រើ​កូនេសាល​បាន​មក​ដល់ ហើយ​បាន​ប្រាប់​ពេត្រុស​ពី​ការ​និមិត្ត​របស់​កូនេសាល ។ លុះ​ស្អែក​ឡើង ពេត្រុស និង​សិស្ស​ផ្សេង​ទៀត​បាន​អម​ដំណើរ​ពួកគេ​ទៅ​ជួប​នឹង​កូនេសាល ។ ថ្វីបើ ការ​ពិត​ដែល​ថា ពួក​សាសន៍​យូដា​ភាគច្រើន​បាន​គិត​ថា​ការ​រាប់អាន ឬ​ការ​ទៅ​ជួប​នឹង​ពួក​សាសន៍​ដទៃ​ម្នាក់​គឺ​ជា​រឿង​ខុស​ច្បាប់​យ៉ាង​ណា​ក្ដី ក៏​ពេត្រុស​នៅ​តែ​ចូល​ក្នុង​ផ្ទះ​របស់​កូនេសាល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១០:២៨ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​មូលហេតុ​ដែល​ពេត្រុស​បាន​លើកឡើង​ទាក់ទង​នឹង​ការ​រាប់អាន​ឬ​ទៅ​ជួប​នឹង​ពួក​សាសន៍​ដទៃ​ម្នាក់ ។

  • តើ​​ពេត្រុស​បានផ្តល់​ជា​មូលហេតុ​អ្វីខ្លះទាក់ទង​នឹង​ការ​រាប់អាន​ឬ​ទៅ​ជួប​នឹង​ពួក​សាសន៍​ដទៃ​ម្នាក់ ?

សូម​សង្ខេប កិច្ចការ ១០:២៩–៣៣ ដោយ​ពន្យល់​ថា កូនេសាល​បាន​ប្រាប់​ពេត្រុស​ពី​ការ​និមិត្ត​ខ្លួន ។ កូនេសាល​ក៏​បាន​ប្រមូល​គ្រួសារ និង​មិត្ត​គាត់​មក​ជុំ​គ្នា​ដើម្បី​ឲ្យ​ពេត្រុស​អាច​បង្រៀន​ដល់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១០:៣៤-៣៥ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា​ពេត្រុស​បាន​រៀន​អ្វីខ្លះ ។

  • តើ​អ្នក​នឹង​សង្ខេប​អំពី​អ្វី​ ដែល​ពេត្រុស​បាន​ដឹង​យ៉ាង​ដូចម្ដេច ? ( អ្នក​គួរ​ពន្យល់​ថា កាល​ព្រះ​ពុំ​បាន​សព្វ​ព្រះទ័យចំពោះ​អស់​អ្នកណា ដោយ​ផ្អែក​លើ​ភាព​ខុស​គ្នា​ដូចជា សញ្ជាតិ ឬ​តួនាទី​ក្នុង​សង្គម​នោះ​ទេ ប៉ុន្តែ​ទ្រង់​កាត់​សេចក្ដី​មនុស្ស​ទាំងអស់​ដោយ​កិច្ចការពួកគេ ហើយ​ប្រទានពរ​ដល់​ជនណា​ដែល​គោរព​តាម​ទ្រង់ ។ អ្នក​ក៏​អាច​ស្វែងរក​បាន​អត្ថបទ « Race and the Church: All Are Alike unto God » [mormonnewsroom.org/article/race-church] មានប្រយោជន៍ផងដែរ ) ។

សូមសង្ខេប កិច្ចការ ១០:៣៦–៤៣ ដោយ​ពន្យល់​ថា ពេត្រុស​បាន​បង្រៀន​កូនេសាល និង​គ្រួសារ​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​កិច្ចការ​ល្អ ការ​ឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ជន​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ទទួល​បាន​ការផ្តាច់បាប​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១០:៤៤-៤៨ ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​ពី​ប្រសិទ្ធភាព​ដែល​ការ​បង្រៀន​របស់​ពេត្រុស​បាន​មាន​ចំពោះពួក​សាសន៍​ដទៃ​ទាំងនេះ ។ សូម​ពន្យល់​ថា ឃ្លា « ពួក​កាត់​ស្បែក » នៅ​ក្នុង ខ​ទី ៤៥ សំដៅ​ទៅ​លើ​ពួក​សិស្ស​សាសន៍​យូដា​ដែល​មក​ពីយ៉ុបប៉េ​ជាមួយ​នឹង​ពេត្រុស ។

  • យោង​តាម ខ​ទី ៤៤–៤៦តើ​ការ​បង្រៀន​​របស់​ពេត្រុស​មាន​ឥទ្ធិពល​អ្វី​ខ្លះ​ទៅ​លើ​គ្រួសារ​របស់​កូនេលាស ? ( អ្នក​គួរ​ពន្យល់​ថា ឃ្លា « អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅ​ក្នុង ខ​ទី ៤៥​ សំដៅ​លើ ព្រះចស្ដា នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​​មក​សណ្ឋិត​លើ​ពួក​សាសន៍​ដទៃ ។ វា​ខុស​ពី​ អំណោយទាន នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​យើង​ទទួល​តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​​ពិធី​បញ្ជាក់​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជទឹក [ សូមមើល កិច្ចការ ៨:១៤–១៧​, Teachings of Presidents of the Church:Joseph Smith ( ឆ្នាំ ២០០៧ ), ៩៧] ) ។

  • ហេតុអ្វី​ពួក​​យូដា​ដែល​បាន​មាន​វត្តមាន ​នៅ​ពេល​នោះ​មាន​ការ​ភ្ញាក់ផ្អើល ?

  • តាមរយៈ​បទពិសោធន៍​របស់​ពេត្រុស​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កិច្ចការ ១០តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អ្វីខ្លះ​ដល់​លោក​ពាក់​ព័ន្ធ​នឹង​ពួក​សាសន៍ដទៃ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​​គោលលទ្ធិ​ ដែល​យើង​អាច​រៀន​នៅ​ក្នុង កិច្ចការ ១០ សូម​ចែក​ពួកគេ​ជាក្រុម​ដែល​មាន​គ្នា​ពីរ​ ឬ​បី​នាក់ ។ សូម​ផ្ដល់​ដល់​ក្រុម​នីមួយៗ​នូវ​សំណៅ​នៃ ឯកសារខាង​ក្រោម​នេះ​ ឬ​សរសេរ​សំណួរ​ទាំងនេះ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញសិស្ស​ឲ្យធ្វើការ​ជាមួយ​នឹង​ក្រុម​ខ្លួន ដើម្បីឆ្លើយ​សំណួរ​ ។

រូបភាព
handout

កិច្ចការ ១០

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា--មេរៀន​សិក្សា​នៅផ្ទះ ( មេរៀនទី ១៨ )

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ នៅ​ក្នុង​ដំណើរ​រឿង​របស់​ពេត្រុស និង​កូនេលាស​ស្ដីពី​របៀប​ដែល​​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ? ( ចូរ​ចងចាំ​ថា ពេត្រុស​គឺជា​ប្រធាន​នៃ​សាសនាចក្រ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​​ដល់​ពេត្រុសម្ដងបន្តិចៗ​ ជាជាង​​បើក​សម្ដែង​ទាំងអស់​ក្នុង​ពេ​ល​តែ​មួយ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ នៅ​ក្នុង​ដំណើរ​រឿង​នេះ​ស្ដីពី​អ្វី​ដែល​ព្រះ​អាច​នឹង​ធ្វើ​ចំពោះ​សេចក្ដី​បង្គាប់​ដែល​ទ្រង់​បាន​ប្រទាន​កាល​ពី​មុន ?

បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​​បីបួននាក់​ឡើង​មក​ក្ដារខៀន​ ដើម្បី​សរសេរ​សេចក្ដីពិត​នានា​ ដែល​ក្រុម​ខ្លួន​បាន​រក​ឃើញ ។ សូម​ប្រាកដ​ថា សេចក្ដីពិត​ខាង​ក្រោម​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​អ្វីដែល​ពួកគេ​សរសេរ ៖

ព្រះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ដោយ​ប្រទាន​វិវរណៈ​ដល់​ព្យាការី​រ​បស់​ទ្រង់​ ដែល​ជា​សាវក​រៀម​ច្បង ។

យើង​អាច​ទទួល​បាន​វិវរណៈ និង​ការ​យល់ដឹង​ជា​បន្ត​បន្ទាប់ នៅ​ពេល​យើង​គោរព​តាម​ព្រះអម្ចាស់ ។

ព្រះ​អាច​នឹង​ផ្លាស់​ប្ដូរ ឬ​បន្ថែម​ទៅក្នុង​សេចក្ដីណែនាំ​ដែល​ទ្រង់​បាន​ប្រទាន​កាល​ពី​មុន ​ស្រប​តាម​ព្រះ​ប្រាជ្ញា​ញាណ​របស់​ទ្រង់ និង​សេចក្ដីត្រូវការ​របស់​កូនចៅ​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ថា សេចក្ដី​ពិត​ទីបី​ដែល​ពួកគេ​បាន​រកឃើញ​បាន​បញ្ជាក់​យ៉ាង​ដូចម្ដេច​ខ្លះ​ នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ គ្រីស្តូហ្វឺសិន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« តាម​រយៈ​បទពិសោធន៍​នេះ និង វិវរណៈ​ទៅ​កាន់​ពេត្រុស ព្រះអម្ចាស់​បាន​កែ​ទម្លាប់របស់​សាសនាចក្រ ហើយ​បាន​បើក​សម្ដែង​ឲ្យ​មាន​ការ​យល់ដឹង​កាន់​តែ​ពេញលេញ​អំពី​គោលលទ្ធិ​ដល់​ពួកសិស្ស​របស់​ទ្រង់ ។ ហេតុដូច្នេះហើយ ការ​ប្រកាស​ដំណឹងល្អ​បានលាតសន្ធឹង​ដល់​មនុស្ស​គ្រប់រូប » ( ​« The Doctrine of Christ »EnsignLiahona ខែ ឧសភា ឆ្នាំ២០១២ ទំព័រ ៨៨ ) ។

សូមទុក​ពេល​ឲ្យ​សិស្ស​រំឭក​ឡើងវិញនូវ​អ្វីដែល​ពួកគេ​បានសរសេរ​ អំពី​របៀបដែល​ពួកគេ​នឹង​ឆ្លើយសំណួរ​របស់ពួកគេ​អំពី​ការ​ផ្លាស់ប្ដូរ​ទម្លាប់​នៅ​ក្នុង​សាសនាចក្រ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​សរសេរ​គំនិត​ដែល​ពួកគេ​ទទួល​បាន​បន្ថែមទៀត កាល​សិក្សា កិច្ចការ ១០ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​ទាំង​នេះ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

អ្នក​នឹង​ត្រូវ​ចង្អុល​បង្ហាញ​ថា ទោះបី​ជា​ព្រះ​អាច​នឹង​កែសម្រួលការ​អនុវត្ត​របស់​សាសនាចក្រ ហើយ​បន្ថែម​​ដល់​ការ​យល់​ដឹង​ខាង​គោលលទ្ធិ​របស់​យើង​តាមរយៈ​វិវរណៈ​ជាបន្ត​បន្ទាប់​ក្ដី ( សូមមើល មាត្រា​នៃ សេចក្ដីជំនឿ ១:៩ )​ ក្ដី ក៏​និស្ស័យ លក្ខណៈ សេចក្ដី​សញ្ញា គោលលទ្ធិ និង​ផែនការ​របស់​ទ្រង់​នឹង​មិន​ផ្លាស់​ប្ដូរ​ឡើយ ។ ការ​ដឹង​ពី​បញ្ហា​នេះ​អាច​ជួយ​យើង​ឲ្យ​មានសេចក្តី​ជំនឿ​លើ​ព្រះ ហើយ​ទុកចិត្ត​ថា ទ្រង់​នឹង​ដឹកនាំ​សាសនា​ចក្រ​​របស់​ទ្រង់​ស្រប​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ និង​សេចក្ដី​ត្រូវការ​របស់​កូនចៅ​ទ្រង់ ។

សូម​បញ្ចប់​មេរៀន​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ អំពី​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន ។

មេរៀន​បន្ទាប់ ( កិច្ចការ ១៣-១៩ )

សូម​អញ្ជើញ​​សិស្ស​ឲ្យ​រក​មើល​ចម្លើយ​ ហើយ​ពិចារណា​នូវ​សំណួរ​ខាង​ក្រោម​នេះ នៅ​ពេល​ពួកគេ​សិក្សា កិច្ចការ ១៣-១៩ ៖ តើ​ប៉ុល​បាន​ធ្វើ​អ្វីខ្លះ​ដល់​អេលីម៉ាស ជា​គ្រូ​អាបធ្មប់​ ? តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាងណា ប្រសិន​បើ​អ្នក​ត្រូវ​គេ​ជឿថា​ អ្នកជា​ព្រះវិញ​នោះ ? ហេតុអ្វី​ប៉ុល និង​បាណាបាសត្រូវ​បាន​គេ​សាទរ​ថា​ជាព្រះ? តើ​ពេត្រុស​បាន​ឆ្លើយ​យ៉ាងណា ? តើអ្វី​ជា​បញ្ហា​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​ពាក់ព័ន្ធ​នឹងការ​កាត់​ស្បែក ហើយហេតុអ្វីបញ្ហា​នោះ​ត្រូវ​ដោះស្រាយនៅ​ចំពោះ​មុខ​ពួក​សាវក ? តើ​អ្វី​ជា​ការ​សម្រេចចិត្ត​របស់​ពួកគាត់ ? នៅ​ពេល​ប៉ុលទៅ​លេងក្រុង​អាថែន លោក​បាន​ប្រកាសដំណឹងល្អពី​លើ​ភ្នំ​អេរីយ៉ូស​អំពី​ព្រះ​ដ៏​ពុំ​ស្គាល់ ។ តើ​លោក​បានបង្រៀន​អ្វីខ្លះ​ដល់​​ហ្វូង​មនុស្ស​ទាំងនេះ ?