បណ្ណាល័យ
មេរៀន​ទី ៨១ ៖ កិច្ចការ ១:១-៨


មេរៀនទី ៨១

កិច្ចការ ១:១-៨

សេចក្ដីផ្ដើម

បន្ទាប់ពីការ​រស់ឡើង​វិញ​របស់ទ្រង់ ព្រះយេស៊ូវ​បាន​បម្រើ​ដល់​សាវក​របស់ទ្រង់​អស់រយៈពេល ៤០ ថ្ងៃ ។ ទ្រង់​បានរៀបចំ​ពួកគេ​ដើម្បីធ្វើជា​សាក្សីរបស់​ទ្រង់នៅទូទាំង​ផែនដី ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១:១-៨

ព្រះយេស៊ូវ​បម្រើ​ដល់ពួកសិស្ស​របស់ទ្រង់​អស់រយៈពេល​ ៤០ ថ្ងៃ

សូមអញ្ជើញសិស្ស​ឲ្យ​នឹក​ស្រមៃ​ថា មានមិត្ត​ដែលមានជំនឿ​ផ្សេង​ម្នាក់ បាន​មក​កាន់​ពួកគេ​ដោយមានបំណង​ចង់​ដឹង​អំពី​សាសនាចក្រ​របស់​យើង ហើយ​បាន​សួរ​ថា « តើ​នរណា​ជា​ដឹកនាំ​សាសនាចក្រ​របស់អ្នក ? »

សូមឲ្យ​សិស្ស​សរសេរ​ចម្លើយ​​​របស់ពួកគេសម្រាប់​សំណួរ​នេះ ​ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។

​នៅពេល​សិស្ស​សិក្សា កិច្ចការ ១:១-៨សូមអញ្ជើញពួកគេ​ឲ្យ​រកមើល​សេចក្ដីពិត​មួយដែលអាច​ជួយ​ឆ្លើយ​សំណួរ​ថា​ នរណា​ដឹកនាំ​សាសនាចក្រនេះ ។

សូម​អញ្ជើញសិស្ស​ឲ្យបើក​ទៅ​គម្ពីរ​កិច្ចការ ហើយប្រាប់​អំពី​ចំណងជើង​ពេញលេញ​នៃ​គម្ពីរ​នេះ ។ សូម​ឲ្យ​សិស្ស​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ដោយ​ផ្អែក​ទៅលើ​ចំណងជើងពេញលេញនោះ តើ​អ្នកគិត​ថា យើង​អាច​រៀនអ្វីខ្លះអំពី​គម្ពីរ​នេះ ?

ចូរ​ពន្យល់​ថា គម្ពីរ​កិច្ចការ​គូស​ចំណាំ​ពី​ការ​ផ្លាស់ប្ដូរ​ដ៏សំខាន់​មួយ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ។ គម្ពីរ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន ផ្ដល់​ដំណើរ​រឿង​អំពី​ការងារបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់ព្រះអង្គសង្គ្រោះ រួម​ទាំង​ដង្វាយធួន​ និងមាន​ព្រះជន្ម​ឡើង​វិញ​របស់ទ្រង់ ។ គម្ពីរ​កិច្ចការ​រៀបរាប់​អំពី​ការងារបម្រើ​របស់​ពួកសាវក ​បន្ទាប់ពី​ការយាង​ឡើងទៅ​ស្ថានសួគ៌​វិញ​របស់ព្រះអង្គសង្គ្រោះ ។

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន កិច្ចការ ១:១-២ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​​ថា គម្ពីរ​នេះ​​បាន​សរសេរ​ឡើង​សម្រាប់នរណា ។

  • តើ​គម្ពីរ​នេះ​​បាន​សរសេរ​ឡើង​សម្រាប់នរណា ?

ចូរ​ពន្យល់​ថា លូកា គឺជា​អ្នកសរសេរ​គម្ពីរ​កិច្ចការ ហើយថា « រឿង​មួយច្បាប់​មុន » សំដៅទៅលើនៅក្នុងខទី ១គឺជា​គម្ពីរ​លូកា ក៏​បាន​សរសេរ​ទៅកាន់​លោក​ថេវភីល​ផងដែរ ។ គោលបំណង​របស់​លូកា​នៅ​ក្នុងការ​សរសេរ​នេះ​ គឺ​ដើម្បីជួយ​ថេវភីល​ឲ្យ​ទទួលបាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើលលូកា ១:១-៤) ។

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន កិច្ចការ ១:២-៤ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្សក្នុង​ថ្នាក់​ផ្ទៀងតាមរកមើលថា ​ព្រះយេស៊ូវ​គ្រីស្ទ​បានធ្វើ​ការងារ​បម្រើ​ដល់ពួក​សាវក​របស់ទ្រង់​​ដោយផ្ទាល់យូរ​ប៉ុណ្ណា​ដែរ​ បន្ទាប់ពី​ការ​មាន​ព្រះជន្ម​ឡើងវិញ​របស់​ទ្រង់ ។ ( អ្នកគួរពន្យល់​ថា​ នៅក្នុងខទី ៣ពាក្យថា « បានរង​ទុក្ខ » សំដៅ​ទៅលើ​ពលិកម្ម​ធួន​របស់​ព្រះអង្គសង្គ្រោះ ហើយ​ពាក្យ « ភស្ដុតាងជា​ច្រើន » សំដៅ​ទៅលើ​ភស្ដុតាង​ដែលពុំ​អាច​បដិសេធ​បាន​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ទ្រង់មាន​ព្រះជន្ម​រស់​ឡើង ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ចំណាយ​ពេល​ប៉ុន្មាន គង់នៅជាមួយ​ពួកសិស្ស​របស់ទ្រង់ ​បន្ទាប់ពី​ទ្រង់មាន​ព្រះជន្មឡើងវិញ ?

  • តើ​ព្រះយេស៊ូវ​បាន​បង្រៀន​អ្វីខ្លះ​ដល់​ពួកគេ​ក្នុង​រយៈ​ពេល ៤០ ថ្ងៃ​នោះ ? ( អស់​ទាំង​សេចក្តី​ខាង​ឯ​នគរ​ព្រះ ) ។

សូម​ចាប់​ផ្ដើម​គូសពង្រាង​នូវគ្រោង​ផ្ទះ​មួយ​លើ​ក្ដារខៀន ។ ( ឬ​អ្នក​អាច​សង់​ជា​គំរូ​កូនផ្ទះ​តូច​មួយ​ដោយ​ប្រើ​ឈើ ឬ​ដីឥដ្ឋ ) ។

រូបភាព
line drawing, front and side of house

នៅពេល​អ្នក​បញ្ចប់​បាន​ពាក់​កណ្ដាល សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើងមក​​ក្ដារខៀន ហើយ​បញ្ចប់​គំនូរ​នោះ​ឲ្យ​អ្នក ។ សូមផ្តល់​ការណែនាំ​ជាក់លាក់​ដល់​សិស្ស​នោះ អំពី​របៀប​បញ្ចប់​ផ្ទះនោះ ។ អ្នកគួរ​សុំ​ឲ្យគាត់​បន្ថែម​ដំបូល បង្អួច​ខ្លះៗ និង​ទេសភាព​ ។ បន្ទាប់ពី​ធ្វើការ​ជាមួយគ្នា​រយៈពេលខ្លី សូម​ដើរ​ទៅ​ជ្រុង​ម្ខាង​ទៀត​នៃ​បន្ទប់ ហើយ​បន្ដ​ផ្ដល់​ការ​ណែនាំ​ដល់​សិស្ស​នោះ ។ នៅពេល​ផ្ទះ​នោះ​បាន​ចប់​សព្វ​គ្រប់ សូម​អរគុណ​ដល់​សិស្ស​នោះ ហើយ​សុំ​ឲ្យ​គាត់​អង្គុយចុះ​វិញ ។

ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​នឹកស្រមៃ​ថា ការ​គូស​រូបផ្ទះ​នោះ​តំណាង​ឲ្យ​នគរ​ព្រះ​នៅលើ​ផែនដី ដែល​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​វិធីសាស្ត្រ​នៃ​ការ​គូស​រូប​ផ្ទះ​របស់​យើង​នេះ​អាច​បង្ហាញ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ស្ថាបនា​​សាសនាចក្រ​របស់​ទ្រង់ ​នៅ​គ្រា​នៃ​ការងារ​បម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ និង​បន្ទាប់ពី​ទ្រង់​មាន​ព្រះជន្ម​ឡើង​វិញ​យ៉ាង​ដូចម្ដេច ? ( នៅ​គ្រា​នៃ​ការ​ងារ​បម្រើ​របស់​ទ្រង់​ក្នុង​ជីវិត​រមែង​ស្លាប់ ព្រះអង្គសង្គ្រោះ​បាន​ចាប់​ផ្ដើម​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ហៅ​មនុស្ស​ដទៃ​ទៀតឲ្យ​ជួយ​ទ្រង់​ស្ថាបនា​វា​ឡើង ហើយ​បន្ទាប់ពី​ទ្រង់​មាន​ព្រះ​ជន្ម​ឡើង​វិញ ទ្រង់​បាន​ដឹកនាំ​កិច្ចខិតខំរបស់ពួកគេ ​ទោះជា​ទ្រង់​គ្មាន​វត្តមាន​គង់​នៅ​ជាមួយនឹង​ពួកគេ​ដោយ​ផ្ទាល់​ក្ដី ) ។

  • យោងតាមខទី ២​តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​យ៉ា​ងដូចម្ដេច ? ( សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​​នៅ​លើ​ក្ដារ​ខៀន​ ដោយ​ប្រើ​ពាក្យ​របស់​សិស្សផ្ទាល់ ៖ព្រះយេស៊ូវ​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ដោយ​ការ​បើក​សម្ដែង​អំពី​ព្រះឆន្ទៈ​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែង​ការណ៍ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅ​ក្នុង​ខ​ទី​មួយ [ នៃ​គម្ពីរ​កិច្ចការ ] ការ​ប្រកាស​នោះ​គឺថា សាសនាចក្រ​នឹង​បន្ដ​ដឹកនាំ​ដោយ​ព្រះ ពុំ​មែន​ដឹកនាំ​ដោយមនុស្ស​ទេ ។ … ប្រាកដ​ណាស់ ចំណង​ជើង​ពេញលេញ​នៃ​គម្ពីរ​កិច្ចការ​អាច​នឹង​សមរម្យ​ បើ​មាន​ចំណង​ជើង​ដូច​នេះ​ថា ‹ កិច្ចការ​របស់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​ឡើងវិញ​កំពុង​ធ្វើ​ការ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត និង​ការងារ​បម្រើ​នៃ​ពួក​សាវក​របស់​ទ្រង់​ដែល​បាន​តែងតាំង › ។ …

« ការ​ដឹកនាំ​របស់​សាសនាចក្រ​គឺ​នៅ​ដដែល ។ ទីតាំង​នៃ​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ផ្លាស់ប្ដូរ ប៉ុន្តែ​ការ​ដឹកនាំ និង​ភាព​ដឹកនាំ​ក្នុង​សាសនាចក្រ គឺ​ដូចគ្នា​ទាំងស្រុង » (« Therefore, What ? »Church Educational System conference on the New Testament ថ្ងៃទី ៨ ខែ​ សីហា ឆ្នាំ ២០០០ ] ទំព័រ ៦, si.lds.org ) ។

  • ហេតុអ្វី​ក៏វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បន្ដ​ដឹកនាំ​សាសនាចក្រ​តាមរយៈ​វិវរណៈ​នា​សព្វថ្ងៃ​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​បទពិសោធន៍​ទាំងឡាយ ​ដែល​បាន​ពង្រឹង​ដល់​ទី​បន្ទាល់​របស់​ពួកគេ​ថា ព្រះយេស៊ូវ​បានដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នា​សព្វថ្ងៃ​នេះ​តាមរយៈ​វិវរណៈ ។ សូម​អញ្ចើញ​សិស្ស​បីបួន​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ខ្លួន ។ អ្នក​ក៏​អាច​ចែក​ចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​ផង​ដែរ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ក្នុង កិច្ចការ ១:៤-៨ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម រកមើល​ថា ​ព្រះយេស៊ូវ​បានបង្គាប់​ឲ្យ​ពួកសាវក​ធ្វើ​អ្វីខ្លះ ។

  • យោង​តាម ខទី ៤តើ​ព្រះយេស៊ូវ​បាន​បង្គាប់​ឲ្យ​ពួក​សាវក​ធ្វើ​អ្វី​ខ្លះ ?

  • យោងតាមខទី ៥តើ​ព្រះអង្គសង្គ្រោះ​សន្យា​ដល់​ពួក​សាវក​ថា​ពួកគេ​នឹង​ទទួល​បាន​អ្វីខ្លះ ប្រសិន​បើ​ពួកគេ​បន្ដ​នៅក្នុង​ទីក្រុង​យេរូសាឡិម ?​

  • យោងតាម​ខ​ទី ៨តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​អំណាច​ដល់​ពួកសាវក​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​យើង​អាច​រៀនអ្វីខ្លះ​ អំពី​ពួកសាវក​នៅ​ក្នុង​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​នៅក្នុងខទី ៨ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​សេចក្ដីពិត​ខាង​ក្រោម​​នេះ ៖ពួក​សាវក​គឺជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​នៅ​ទូទាំង​ផែនដី​នេះ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​សេចក្ដីពិត​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​​ក្រោម​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« នៅ​ជំនាន់​របស់​យើង ព្រះអម្ចាស់​បាន​ហៅ​សាក្សី​ពិសេស​ចំនួន ១៥ រូប​ដើម្បី​ថ្លែង​ទីបន្ទាល់ អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់​ទៅ​កាន់​ពិភពលោក​ទាំងមូល ។ ការហៅ​របស់​ពួក​លោក គឺជា​ការ​ហៅ​ពិសេស​មួយ ពួក​លោក​គឺជា​សាវក​របស់​ព្រះអម្ចាស់​ ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់​បាន​ជ្រើសរើស ហើយ​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ ។ ពួកលោក​ត្រូវ​បាន​បង្គាប់​ឲ្យ​ថ្លែង​ជា​សាក្សី​ អំពី​ភាពពិត​នៃ​ការ​មានព្រះជន្ម​របស់ទ្រង់ ដោយ​សិទ្ធិអំណាច និង​អំណាច​នៃ​ភាព​ជាសាវក​ដ៏​បរិសុទ្ធ​ ដែលបាន​ប្រគល់​ឲ្យ​​នៅ​ក្នុង​ខ្លួន​ពួក​លោក » ( « Special Witnesses of Christ »Ensignខែ មេសា ឆ្នាំ ២០០១ ទំព័រ ៤ ) ។

ចូរ​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖​ពួកសាវក​នៅ​ជំនាន់​របស់​យើង​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ …

រូបភាព
ពរគរសទដមនពរជនមរស

ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន សូម​ផ្ដល់​ឯកសារអំពី« ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » (Ensign ខែ​ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ដល់​សិស្ស​ម្នាក់ៗ​នៅក្នុង​ថ្នាក់ ។ អ្នក​ក៏អាច​គិត​ផងដែរ​អំពី​ការ​យក​ច្បាប់​ចម្លង​មួយច្បាប់​មក ​កាត់វា​ទៅជា​វគ្គ​តូចៗ ហើយ​ចែក​វគ្គទាំងឡាយ​ទៅ​ឲ្យសិស្ស ។ សូម​ឲ្យ​សិស្ស​អានឯកសារ​ឬ​វគ្គ​នោះ​ដោយ ស្ងៀម​ស្ងាត់ ហើយ​រកមើល ថា ​ពួកគេ​អាច​បំពេញ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន​តាម​របៀប​ណា ។ នៅពេល​សិស្ស​បាន​បញ្ចប់​ការ​អាន ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​ឡើង​មក​ក្ដារខៀន ហើយ​ធ្វើ​ជា​អ្នកសរសេរ ។ ចូរ​អញ្ជើញសិស្ស​ឲ្យ​ប្រាប់​ពី​អ្វី ដែល​ពួកគេ​បាន​រកឃើញ ហើយ​សុំ​ឲ្យសិស្ស​នៅ​ឯក្ដារខៀន​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន ។

  • តើ នៅ​ក្នុង​សេចក្ដីប្រកាស​ទាំងនេះ​សេចក្ដី​ប្រកាស​មួយ​ណា​​សំខាន់​ខ្លាំងបំផុត​ចំពោះ​អ្នក ?

  • តើ​សាក្សី​របស់​ពួកសាវក​សម័យ​ថ្មី​មាន​ឥទ្ធិពល ​ទៅ​លើ​សាក្សី​ផ្ទាល់​ខ្លួន​របស់អ្នក ឬ​ទី​បន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ចូរ​ពន្យល់​ថា ទោះជា​កិច្ចការ ១:៨សំដៅ​ជាក់លាក់​ទៅលើ​តួ​នាទី​របស់​ពួកសាវក ថាជា​សាក្សី​ពិសេស​របស់​ព្រះអង្គ​សង្គ្រោះ​ក្ដី ក៏​វា​បាន​បង្រៀន​យើង​អំពី​អ្វី​ ដែល​អាច​ជួយ​យើង​ធ្វើជា​សាក្សី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅទូទាំង​ពិភព​លោក​ផងដែរ ។

  • ផ្អែក​ទៅ​លើ​ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​ពួកសាវក នៅក្នុង​កិច្ចការ ១:៨​តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​យើង​អាច​ក្លាយ​ជា​សាក្សី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​សេចក្ដីពិត​ខាង​ក្រោម​​នេះ ៖តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ក្លាយ​ជា​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ )

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ក្លាយ​ជា​សាក្សី​របស់​ព្រះអង្គ​សង្គ្រោះ​​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​គ្រា​ ដែល​ពួកគេ​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណបរិសុទ្ធ ​នៅពេល​​អ្នក​ដទៃ​បាន​ចែកចាយ​ទីបន្ទាល់​​អំពីព្រះយេស៊ូវគ្រីស្ទ ។ ពីរ​បី​នាទី​ក្រោយ​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍ ឬ រឿង​ផ្ទាល់​ខ្លួន​ច្រើន​ពេក​នោះ​ទេ ) ។

  • តើ​អ្នក​បាន​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​​អ្នក​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ទៅកាន់​អ្នកដទៃ​នៅពេលណា​ដែរ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ឱកាស​​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជា​មួយ​អ្នកដទៃ​ ហើយ​ទុកចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​សេចក្ដី​ពិត​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ​ជា​សាក្សី ។

កិច្ចការ​-វិវរណៈ

ទិដ្ឋភាព​ទូទៅ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ពាក់​កណ្ដាល​ទីពីរ

ចូរ​ពន្យល់​ថាកិច្ចការ ១:៨ពុំ​គ្រាន់តែ​បង្រៀន​សេចក្ដីពិត​ទេ ប៉ុន្តែ​ក៏​ផ្ដល់​នូវ​ទិដ្ឋ​ភាព​ទូទៅ​នៃ​គម្ពីរសញ្ញា​ថ្មី​ពាក់កណ្ដាល​ចុងក្រោយ​ផងដែរ ។

  • យោងតាម​កិច្ចការ ១:៨តើ​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាករ​ថា ពួក​សិស្ស​របស់​ទ្រង់​នឹង​ធ្វើ​ជា​សាក្សី​អំពី​ទ្រង់​នៅ​កន្លែង​ណា ?

សូម​សរសេរ​ចំណុច​ដូច​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖កិច្ចការ ១–៥ = យេរូសាឡិម, កិច្ចការ ៦–៩ = ស្រុក​យូដា និង​សាម៉ារី , កិច្ចការ ១០–២៨​​= ចុង​បំផុត​នៃ​ផែនដី ( សូមមើល Bible Dictionary « Acts of the Apostles » ) ។

ចូរ​ពន្យល់​ថា ពួក​សិស្ស​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​ដូច​បាន​ដឹកនាំ ។ ទី​មួយ ពួក​សាវក​បាន​ផ្សាយ​នៅក្នុង​ទីក្រុង​យេរូសាឡិម បន្ទាប់​មក នៅ​​ស្រុក​យូដា និង​ស្រុក​សាម៉ារី រួច​ហើយ​ទៅ​ទី​ឆ្ងាយ​បំផុតនៃ​ផែនដី ។

ចូរ​សុំ​ឲ្យ​សិស្ស​បើក ទៅ​តារាង​មាតិកា​របស់ ព្រះគម្ពីរ​ប៊ីប ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​នូវ​គម្ពីរ​ ដែល​នៅ​បន្ទាប់​នឹង​គម្ពីរ​កិច្ចការ ។ សូម​ពន្យល់​ថា គម្ពីរ​រ៉ូម​រហូត​ដល់​គម្ពីរ​ហេព្រើរ គឺជា​សំបុត្រ (​ លិខិត ) ដែលត្រូវ​បាន​សរសេរ​​ដោយ​សាវក​ប៉ុល ។ សិស្ស​នឹង​រៀន​អំពី​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ និង​ការបម្រើ​របស់​ប៉ុល នៅពេល​ពួកគេ​សិក្សា​កិច្ចការ ៩,១៣-២៨ ។

ចូរ​សុំ​ឲ្យ​សិស្ស​បើក​ទៅ​កាន់​ថែស្សាឡូនីច ទី ១ ។ ចូរ​ពន្យល់​ថា ធីម៉ូថេ គឺជា​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ថែស្សាឡូនីច ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បើ​ក​ទៅ​ផែនទី​គម្ពីរ​ប៊ីប​លេខ ១៣« ការធ្វើ​​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​សាវក​ប៉ុល »និង​ទីតាំង​ទីក្រុង​ថែស្សាឡូនីច​នៅ​លើ​ផែនទី ។ ចូរ​ពន្យល់​ថា​ សំបុត្រ​ជាច្រើន​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី ត្រូវ​បាន​សរសេរ​ទៅកាន់​ក្រុម​ជំនុំ​នៃ​សាសនាចក្រ​នៅ​ទីក្រុង​ផ្សេងៗ​គ្នា ​ដើម្បី​ប្រាប់​អំពី​តម្រូវ​ការ​ជាក់លាក់​របស់​ពួកគេ ។ អ្នក​ក៏អាច​នឹង​ចង់​ពន្យល់​ថា សំបុត្រ​ទាំងនេះ គឺ​ពុំ​បាន​រៀបចំ​តាម​លំដាប់​លំដោយ​នៃ​កាលប្រវត្តិវិទ្យា នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី​ទេ ។ គម្ពីរ​ថែស្សាឡូនីចទី ១គឺ​ត្រូវ​បានជឿ​ថាជា​សំបុត្រ​ទីមួយ​ដែល​ប៉ុល​បាន​សរសេរ ។

ចូរ​សុំ​សិស្ស​ឲ្យ​រកមើល​តារាង​មាតិកា ហើយ​ប្រាប់​អំពី​គម្ពីរ​ផ្សេងៗ​មួយ​ចំនួន ដែល​បាន​សរសេរ​ជា​សំបុត្រ​ទៅ​កាន់​ក្រុមជំនុំ​នៃ​ពួកបរិសុទ្ធ ។

ចូរ​ពន្យល់​ថា បន្ថែមពី​លើ​ការ​សរសេរ​ទៅកាន់​ក្រុមជំនុំ​នៃ​ពួកបរិសុទ្ធ ប៉ុល​បាន​សរសេរ​ទៅ​កាន់​​បុគ្គល​ម្នាក់ៗ​ដូចជា ធីម៉ូថេទី ទីតុស និង ភីលេម៉ូន ។

ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​​ថា​ តើគម្ពីរ​អ្វី​នៅ​បន្ទាប់ពីហេព្រើរ​នៅ​ក្នុង​តារាង​មាតិកា ។

ចូរ​ពន្យល់​ថា បន្ថែម​ពីលើ​ប៉ុល ពួក​សាវក និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​បាន​សរសេរ​ទៅកាន់​សមាជិក​នៃ​សាសនាចក្រ ។ យើង​នៅ​តែ​មាន​សំបុត្រ​ទាំងនេះ​មួយ​ចំនួន ដែល​ជា​គម្ពីរ​យ៉ាកុប​ទៅដល់​គម្ពីរ​ពួក​ចៅហ្វាយ ។ គម្ពីរ​វិវរណៈ​កត់ត្រា​ការនិមិត្ត​មួយ​ ដែល​សាវក​យ៉ូហាន​បាន​មើល​ឃើញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ដការអានទៅ​​ព្រះគម្ពីរ​សញ្ញា​ថ្មី​ពាក់​កណ្ដាល​​ទីពីរ​ដោយ​ខ្លួន​គេ​ផ្ទាល់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន​ នៅពេល​ពួកគេ​សិក្សា​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំភ្លឺ​គំនិត​ពួកគេ ហើយ​ជួយ​ពួកគេ​ទទួល​បាន​ការ​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​ នៅពេល​ពួកគេ​​សិក្សា​ការ​បង្រៀន​ទាំងឡាយ​របស់​​ពួក​សាវក​ក្នុង​គម្ពីរសញ្ញា​ថ្មី ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ​នៃពួកសាវក ។ ទិដ្ឋភាព​ទូទៅ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​​ដូច​ខាង​ក្រោម​អំពីគម្ពីរ​កិច្ចការ ៖

« គម្ពីរកិច្ចការ​បង្ហាញនូវ​ប្រតិបត្តិការ​ នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​សាសនាចក្រ​ពិត ។

« នៅក្នុង​ចំណោម​គម្ពីរ​ក្នុងគម្ពីរ​ប៊ីប វា​មាន​លំដាប់​ទីមួយ​ក្នុង​ការ​ប្រាប់​អំពី​របៀប​ដែល​សាសនាចក្រ និង​នគរ​នៃព្រះ​នៅលើ​ផែនដី​ប្រតិបត្តិការ​ នៅពេល​ព្រះយេស៊ូវ​ដែល​ជាស្ដេច ពុំ​គង់​ដោយផ្ទាល់​នៅ​លើ​ភព​ផែនដី​នេះ ។ …

« គម្ពីរ​កិច្ចការ ប្រាប់​អំពី​របៀបដែល​អំណោយទាន​ខាង​វិញ្ញាណ​មាន​ច្រើន​ទ្វេដង រហូត​ដល់​ធ្វើ​ឲ្យ​ពួកសាវក​ និង​ពួក​ក្រុមជំនុំ​នៃ​ពួកស្មោះត្រង់​ទាំង​មូល​អរ​សប្បាយ​រីករាយ ។ …

« … គម្ពីរកិច្ចការ​មាន​ដំណើរ​រឿង​ពី​ភាពពិត​ដែល​ទាក់ទង​នឹង​អង្គភាព​ព្រះវិហារ ការ​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនា និង​ការ​ផ្សាយ​សេចក្ដីពិត​ជាទូទៅ​នៅក្នុង​ពិភព​លោក​ដែល​ឥតជំនឿ ។ វា​ប្រាប់​អំពី​ការ​បៀតបៀន ការ​ចោលនឹងដុំថ្ម ការ​សាកល្បង និង​ការដាក់បង្ខំ​ត្រួត​​លើ​អ្នកទាំងឡាយ ​ដែល​ដាក់​ដួងចិត្ត​របស់ពួកគេ​ផ្ដោត​ទៅលើ​ព្រះគ្រីស្ទ ហើយ​ព្យាយាម​ដើម្បី​យក​ឈ្នះ​លើ​ពិភពលោក ។ …

« ប៉ុន្តែ​គម្ពីរ​កិច្ចការ គឺ​មាន​ច្រើន​ជាង​គម្ពីរ​នៃភាពវិសេស​ខាង​វិញ្ញាណ វា​ក៏​ជា​ដំណើរ​រឿង​របស់​បុរស​សុចរិត និង​ភាព​ទន់ខ្សោយ​របស់​ពួកគេ និង​ការ​ឈ្លោះ​ទាស់ ការ​ច្រណែន និង​ចំណុច​ខ្សោយ ការបរាជ័យ និង​ជោគជ័យ​របស់​ពួកគេ ។

« ពួក​បរិសុទ្ធ​នៅ​គ្រា​ក្រោយ​មក គឺ​ពុំ​ល្អ​ឥត​ខ្ចោះ​នោះទេ ។ ប៉ុល​បាន​ទាស់​នឹង​ស៊ីឡាស បាន​កែ​តម្រូវ​ពេត្រុស ហើយ​បដិសេធ​ម៉ាកុស​មិន​ធ្វើ​ជា​ដៃគូ​ផ្សព្វផ្សាយ​សាសនា ។ …

« គម្ពីរ​កិច្ចការ​គឺជា​គម្ពីរ​មួយ ដែល​ថ្លែង​អំពី​ជីវិត​រមែង​ស្លាប់​ទន់​ខ្សោយ ។ វា​បង្ហាញ​ពី​រឿង​សំខាន់​ខាង​វិញ្ញាណ​ដែល​ពួកគេ​អាច​ធ្វើ—ទោះជា​ពួកគេ​មិនល្អ​ឥត​ខ្ចោះ មាន​ភាពច្រណែន ហើយ​រឹងរូស​ក្ដី ។ …

« គម្ពីរ​កិច្ចការ​ជា​កំណត់ត្រា​ពិត​អំពី​របៀប ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រតិបត្តិ​ការ​នៅ​ក្នុង​សាសនាចក្រ​ពិត​ វា​ជា​គម្ពីរ​ ដែល​ប្រាប់​ពី​របៀប​ដែល​ព្រះ​ដឹកនាំ​នគរ​នៅលើ​ផែនដី​របស់​ទ្រង់ » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ], ២:១៩–២០ ) ។

កិច្ចការ ១:២ ។ ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់— សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ៖

« ចូរ​ឲ្យ​មនុស្ស​ទាំងអស់​បាន​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គង់នៅលើ​សិរិសា​នៃ​សាសនាចក្រ​នេះ ដែល​កាន់​ព្រះនាម​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។ ទ្រង់​កំពុង​មើល​ថែ​សាសនាចក្រ​ទ្រង់ ។ ទ្រង់​កំពុង​ដឹកនាំ​វា ។ ដោយ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ត​នៃ​ព្រះបិតា​ទ្រង់ ទ្រង់​ដឹកនាំ​កិច្ចការ​​នេះ » ( ​« God Is at the Helm »Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៥៩ ) ។

កិច្ចការ ១:៤–៨ ។ ការ​រង់ចាំ​ការ​សន្យា​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ

ការ​សន្យា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ទៅកាន់​ពួក​សាវក​ដូច​បាន​កត់ត្រា​នៅក្នុងកិច្ចការ ១:៤-៨​អាច​មើល​ទៅ​​ហាក់​ដូចជា​ច្រឡំ​នៅក្នុង​ពន្លឺ​នៃយ៉ូហាន ២០:២២​ដែល​និយាយថា ព្រះយេស៊ូវ « ផ្លុំ​លើ [ ពួកសាវក ]​ទាំង​មាន​ព្រះបន្ទូល​ថា ចូរ​ទទួល​ព្រះវិញ្ញាណ​​បរិសុទ្ធ​ចុះ » ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា « ព្រះយេស៊ូវ​ ‹ ផ្លុំ​លើ​ពួកគេ › ដែល​ប្រហែលជា​មាន​ន័យ​ថា ទ្រង់​បាន​ដាក់​ព្រះហស្ថ​លើ​ពួកគេ​នៅពេល​ទ្រង់​មានបន្ទូល ៖ ‹ ទទួលព្រះវិញ្ញាណបរិសុទ្ធ​ចុះ … › » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៨៥៧ ) ។

អែលឌើរ ម៉ាក់ខន់ឃី បាន​ប្រើ​បទពិសោធន៍​របស់​ពួក​សាវក ដើម្បី​បង្ហាញ​ថា វា​មាន​ភាព​ខុសគ្នា​រវាង​ការ​ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការ​រីករាយ​នឹង​អំណោយទាន​នោះ៖

« ដូច្នេះ​ពួកគេបាន​ទទួល ប៉ុន្តែ​នៅ​ក្នុងគ្រា​នោះ ពុំ​គ្រាន់តែ​រីករាយ​នឹង អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធនោះ​ទេ ។ … អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា សិទ្ធិ ដែល​ផ្អែក​ទៅ​លើ​ភាពស្មោះត្រង់ ដើម្បី​ទទួល​បាន​ភាព​ជា​ដៃគូ​នៃ​សមាជិក​នេះ ក្នុង​ក្រុម​ព្រះ​ជា​ប្រចាំ ហើយ​អំណោយនេះ​​ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយការ​ដាក់​ដៃ​លើ បន្ទាប់ពី​បុណ្យ​ជ្រមុជទឹក ។ អំណោយ​ទាន​នេះ​មាន​ផ្ដល់​នូវ​ពរជ័យ​ជាក់លាក់ ផ្អែក​ទៅលើការ​គោរពប្រតិបត្តិ​ដោយ​ពេញលេញ​តាមច្បាប់​ដែល​ជាប់​ទាក់ទងនឹងមនុស្ស​គ្រប់​រូប​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​អំណោយ​ទាននេះ តាមពិត​ពុំ រីករាយមាន អំណោយទាន​ដែល​ផ្ដល់​ឲ្យ​នោះ​ទេ ។ នៅក្នុង​ករណី​របស់​ពួកសាវក ការ​រីករាយ​នឹង​អំណោយទាន​ពិត ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​បុណ្យ​ថ្ងៃ​ទី ៥០ ។ (កិច្ចការ ២ ) » ។ (Doctrinal New Testament Commentary, ១:៨៥៧ ) ។

អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ហេតុ​អ្វី​​ក៏​ពួកសាវក​ត្រូវ​បាន​ប្រាប់​ឲ្យ​រង់ចាំ​ដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពីមុន​ពួកគេ​បំពេញ​កិច្ចការ​របស់ពួកគេ​ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ទូទាំង​ផែនដី ៖

« ការ​ឃើញ​​ជាក់​នឹង​ភ្នែក គឺ​ពុំ​គ្រប់គ្រាន់​ទេ ។ ទោះជា​សាក្សី និង​ទីបន្ទាល់​អំពី​សាវក​ជំនាន់​ដើម ក៏​ត្រូវ​តែ​ចាក់​ឫស​នៅក្នុង​ទី​បន្ទាល់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ។ [ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ] បាន​ប្រាប់​យើង​ថា សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ព្រលឹង​របស់​យើង ដែល​សំខាន់​ជាង ‹​ ការ​យាងមក​ជួប​របស់​ទេវតា​ទៅទៀត › ។ ( យ៉ូសែប ហ្វីលឌិង ស្ម៊ីធ Doctrines of Salvation, comp. Bruce R. McConkie, Salt Lake City: Bookcraft, ឆ្នាំ ១៩៥៤, ១:៤៤ ) ។ ហើយ​គម្ពីរ​ប៊ីប​បាន​បង្ហាញ​ថា នៅពេល​យើង​ថ្លែង​ទីបន្ទាល់​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​សាក្សីនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​ទាំងឡាយ​ដែល​ស្ដាប់​ឮ​ពាក្យ​របស់​យើង » ( « Witnesses of Christ »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៣០ ) ។