បណ្ណាល័យ
មេរៀនទី ៩០ ៖ កិច្ចការ ១២


មេរៀនទី ៩០

កិច្ចការ ១២

សេចក្ដីផ្ដើម

ស្ដេចហេរ៉ូឌ​បានសម្លាប់សាវក​យ៉ាកុប រួច​ហើយ​បាន​ចាប់​ពេត្រុស​ដាក់​គុក ។ យប់​ពី​មុន​ពេត្រុស​ត្រូវ​គេ​ប្រហារ​ជីវិត មាន​ទេវតា​មួយ​អង្គ​បាន​ជួយ​លោក​ឲ្យ​គេច​ខ្លួន​ពី​គុក ។ ទេវតា​មួយ​អង្គ​ដែល​បាន​ចាត់​មក​ពី​ព្រះ​បាន​វាយ​ហេរ៉ូឌ ហើយ​ដំណឹងល្អ​បាន​បន្ត​ឆ្ពោះ​ទៅ​មុខ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១២:១-១៧

ហេរ៉ូឌ​ប្រហារ​ជីវិត​យ៉ាកុប ហើយ​ចាប់ខ្លួន​ពេត្រុស​បាន​គេច​ខ្លួន​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ

សូម​ដាក់​តាំង ត្រីវិស័យ មួយ ឬ​គូរ​វា​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ថា ត្រី​វិស័យ​មួយ​ដំណើរ​ការ​យ៉ាង​ដូចម្ដេច ហើយ​គេ​ប្រើ​វា​សម្រាប់​ធ្វើ​អ្វី ។

រូបភាព
compass
  • ដោយ​សារ​ត្រី​វិស័យ​តែង​ចង្អុល​ទៅ​ទិស​ខាង​ជើង តើ​ការ​ប្រើ​ត្រី​វិស័យ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​អំពី​ទិស​ដែល​យើង​គួរ​ទៅ​បាន​យ៉ាង​ដូចម្ដេច ?

សូម​គូរ​សញ្ញា X មួយ​នៅ​លើ​ក្ដារ​ខៀន​នៅ​ក្បែរ​​ត្រី​វិស័យ​នោះ ( ប៉ុន្តែ​ពុំ​មែន​នៅ​ក្បែរ​ចំណុច​ប្រាប់​ទិស​ខាង​ជើង​ទេ ) ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមើ​ស្រមៃ​ថា​សញ្ញា X តំណាង​ឲ្យ​មេដែក​មួយ​ដែលមាន​ដៃ​យួរ ។

  • តើ​មេដែក​នេះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ទ្រនិច​ត្រីវិស័យ​នោះ​យ៉ាង​ណា​ដែរ ? ( ទ្រនិច​នោះ​នឹង​ចង្អុល​ទៅ​មេដែក​ដែល​នៅ​ក្បែរ​នោះ ដោយសារ​វាមានទំនាញ​ម៉ាញ៉េទិច​ភាគ​ខាង​ជើង ) ។

  • តើ​មេដែក​នេះ​នឹង​មានឥទ្ធិពល​ដល់​លទ្ធភាព​របស់​អ្នក ​ក្នុង​ការ​ជ្រើស​រើស​ទិស​ត្រឹមត្រូវ​ដែល​អ្នក​គួរ​ទៅ​បាន​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ១២ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រក​មើល​ឥទ្ធិពល​មួយ​ ដែល​អាច​រារាំង​លទ្ធភាព​របស់​យើង​នៅ​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៅ​ក្នុង កិច្ចការ ១២​សូម​ពន្យល់​ថា ចាប់តាំង​ពី​ការធ្វើ​ទុក្ករកម្ម​ដល់​ស្ទេផាន ពួក​គ្រីស្ទាន​នៅ​ក្នុង និង​នៅ​ជុំវិញ​ក្រុង​យេរូសាឡិម​បាន​ជួប​នឹង​ការ​បៀត​បៀន​កាន់​តែ​ច្រើន​ឡើង ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន កិច្ចការ ១២:១-៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ស្ដេច​ហេរ៉ូឌ ​អ័គ្រីប៉ា បាន​រួមចំណែកដល់​ការ​បៀត​បៀន​នេះ ។ ( សូម​ពន្យល់​ថា មួយ​សង្កាត់​ស្មើ​នឹង​ទាហាន​បួន​នាក់ ) ។

  • តើ​ស្ដេច​ហេរ៉ូឌ​បាន​យក​ដាវសម្លាប់នរណា ?

  • យោងតាម ខ​ទី ៣​តើ​នរណា​រីករាយ​ចំពោះ​ការសំឡាប់​យ៉ាកុប ?

សូម​ពន្យល់​ថា ឃ្លា « ពួក​សាសន៍​យូដា » នៅ​ក្នុង ខ​ទី ៣ សំដៅ​ទៅ​លើ​ពួក​អ្នក​ដឹកនាំ​​សាសន៍​យូដាដ៏​មាន​ឥទ្ធិពល​​នៅ​ក្នុង​ក្រុង​យេរូសាឡិម ​ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បៀត​បៀន​ដល់​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ស្ដេច​ហេរ៉ូឌ​បាន​ខិតខំ​ផ្គាប់​ចិត្ត​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ទាំង​នេះ ( សូមមើល Bible Dictionary, « Herod » ) ។ សូម​សរសេរ​ឃ្លាមិន​ពេញ​លេញ​ខាង​ក្រោម​នេះ​នៅ​ក្បែរ​សញ្ញា X នៅ​លើ​ក្ដារខៀន ៖ប្រសិន​បើ​យើង​ជ្រើស​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​រីករាយ​លើស​ពី​ព្រះ នោះ …

  • តើស្ដេច​ហេរ៉ូឌ​បាន​ធ្វើ​អ្វីខ្លះ​ បន្ទាប់​ពី​ទ្រង់​បាន​ទត​ឃើញ​ថា ការសម្លាប់យ៉ាកុប​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដឹកនាំ​យូដា​ទាំងឡាយសប្បាយ​ចិត្ត ? ( ទ្រង់​បាន​ដាក់​ផែនការ​ចង់សម្លាប់ពេត្រុស​ជា​សាធារណៈ ) ។

សូម​ចង្អុល​ទៅ​រូបភាព​នៃ​ត្រីវិស័យ​នៅលើ​ក្តារខៀន ហើយ​សួរ ៖

  • តើ​បំណង​ប្រាថ្នា​របស់​ស្ដេច​​ហេរ៉ូឌ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​រីករាយ ​ជាជាង​ព្រះ​នោះ​បាន​ជះ​ឥទ្ធិពល​ដល់​ទិសដៅ​ក្នុង​ជីវិត​របស់​ហេរ៉ូឌ​យ៉ាង​ណា​ដែរ ?

  • ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​គំរូ​របស់​ស្ដេច​ហេរ៉ូឌ តើ​អ្នក​នឹង​បំពេញ​សេចក្ដី​ថ្លែង​ការណ៍​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្តេច ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប​ហើយ សូម​បំពេញ​សេចក្ដីថ្លែងការណ៍​នៅ​លើ​ក្ដារខៀន ​ដើម្បី​វា​នាំ​ទៅរក​សេចក្ដីពិតដូច​ខាង​ក្រោម​នេះ ៖ប្រសិន​បើ​យើង​ចង់​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​រីករាយ​ជាជាង​ព្រះ នោះ​យើង​អាច​នឹង​បាន​នាំឲ្យធ្លាក់​កាន់តែ​ជ្រៅទៅ​ក្នុង​អំពើបាប​ ) ។

  • តើ​ឧទាហរណ៍​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​បង្ហាញ​​ថា ការ​ស្វែង​រក​ដើម្បី​ផ្គាប់ចិត្ត​មនុស្ស​ដទៃ​​ជា​ជាង​​ការគាប់​ព្រះទ័យ​ព្រះ​ អាច​ដឹកនាំ​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​អំពើ​បាប​នោះ​មាន​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​របៀប ​ដែល​ពួកគេ​អាច​នឹង​កំពុង​អនុញ្ញាត​ឲ្យ​បំណង​ប្រាថ្នា​ខ្លួន​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​​រីករាយ ដឹកនាំ​ពួកគេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ចេញពី​ព្រះវរបិតា​ដែល​គង់នៅ​លើ​ស្ថានសួគ៌​របស់ពួកគេ​ ។

សូម​ពន្យល់​ថា សិស្ស​នឹង​ត្រូវ​អញ្ជើញ​ឲ្យ ដើរ​តួ​សម្ដែង​ពី​ព្រឹត្តិការណ៍ នៅ​ក្នុង កិច្ចការ ១២:៥–១៧ ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យ​ដើរ​តួ​ជា​ពេត្រុស ទាហាន​ពីរ​នាក់ ទេវតា រ៉ូដា និង​សិស្ស​ម្នាក់ ឬ​ពីរនាក់​នៅ​ផ្ទះ​របស់​ម៉ារា ជា​ម្ដាយ​របស់​ម៉ាកុស ។ អ្នក ឬ​សិស្ស​ម្នាក់ទៀត​អាច​ដើរ​តួ​ជា​អ្នកពោល ។

  • ចូរ​សុំ​អ្នក​ពោលឲ្យ​អាន កិច្ចការ ១២:៥–៦ ឮៗ ហើយ​អញ្ជើញ​សិស្ស​ដែល​ដើរ​តួ​ដូចដែលបាន​លើក​ឡើង​នៅ​ក្នុង​ខគម្ពីរ​នេះ ឲ្យ​សម្ដែង​តាម​អ្វីដែល​បាន​អាន ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​មាតិកា​នេះ សូម​ផ្អាក​បន្ទាប់​ពី​ការអាន​នូវ​​ក្រុម​នៃ​ខគម្ពីរ​នីមួយៗ​ ហើយ​​សម្ដែង រួច​ហើយសួរ​សំណួរ​ដែល​ទាក់ទង ។

  • តើ​សមាជិក​សាសនាចក្រ​កំពុង​ធ្វើ​អ្វី​នៅ​ពេល​នេះ ?

ចូរ​សុំ​អ្នកពោល​ឲ្យ​អាន កិច្ចការ ១២:៧-១០ ឮៗ ខណៈ​សិស្ស​ដែលបានចាត់តាំង​សម្ដែង​នូវ​អ្វីដែល​បាន​អាន ។

  • តើ​ការ​រារាំង ឬ​ឧបសគ្គ​អ្វី​ដែល​ពេត្រុស​បាន​ឆ្លង​កាត់​នៅ​ក្នុង​ការ​គេច​ខ្លួន​នេះ ?

ចូរ​សុំ​អ្នកពោលឲ្យ​អាន កិច្ចការ ១២:១១-១៥ ឮៗ ខណៈ​សិស្ស​ដែល​បានចាត់តាំង​សម្ដែង​នូវ​អ្វីដែលគេ​​បាន​អាន ។

  • តើ​ពេត្រុស​បាន​ដឹង​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ណា ?

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ នៅ​ពេល​ពេត្រុស​បាន​គោះទ្វារ​ផ្ទះ​របស់​ម៉ារា ?

ចូរ​សុំ​អ្នកពោលឲ្យ​អាន កិច្ចការ ១២:១៦-១៧ ឮៗ ហើយ​អញ្ជើញ​សិស្ស​ដែលបានចាត់តាំង​សម្ដែង​នូវ​អ្វីដែលគេ​បាន​អាន ។ បន្ទាប់​ខគម្ពីរ​ទាំងនេះ​ត្រូវ​បាន​សិស្ស​អាន​ ហើយ​សម្ដែង​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទៅ​អង្គុយ​វិញ ។

  • យោង​តាម ខ​ទី ១៧​តើ​ពេត្រុស​បាន​ផ្តល់ការសរសើរដល់​​នរណា ​ដែល​បាន​ជួយ​គាត់​ឲ្យ​គេច​ខ្លួន​ពី​ទី​ឃុំឃាំង ? ( សូម​ចង្អុល​បង្ហាញ​ថា យ៉ាកុប​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ខ​ទី ១៧​ គឺជា​ប្អូន​ប្រុស​ម្នាក់​របស់​ព្រះយេស៊ូវ [ សូមមើល ម៉ាថាយ ១៣:៥៥ ] ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក កិច្ចការ ១២:៥ ឡើង​វិញ ហើយ​រក​មើល​អំពី​របៀប​​ដែលខគម្ពីរ​នេះ​ទាក់​ទង​នឹង​អ្វី ​ដែល​បាន​កើត​ឡើង​ដល់​ពេត្រុស​ ។

  • តើ​អ្នក​គិត​ថា​ឃ្លា « គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត » ( ខ​ទី ៥ ) ប្រាប់​អ្វី​ខ្លះ ​អំពី​ភាព​ស្មោះត្រង់ និង​ការ​លះបង់​ក្នុង​ការ​អធិស្ឋាន​របស់​សមាជិក​សាសនាចក្រ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ ​នៅ​ក្នុង​ដំណើរ​រឿង​នេះ​ស្ដីពីប្រសិទ្ធភាព​ដែល​ការ​អធិស្ឋាន​របស់​យើង​អាច​​ជួយ​ដល់​ខ្លួន​យើង និង​មនុស្ស​ដទៃ​បាន ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ ដែល​ស្រដៀង​​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ការអធិស្ឋាន​ដ៏​ស្មោះ និង អស់​ពី​ចិត្ត​របស់​យើង ញ៉ាំង​ឲ្យ​មាន​អព្ភូតហេតុ និង​ពរជ័យ​ពី​ព្រះ​ចូល​មក​ក្នុង​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​ដទៃ​ទៀត ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​អធិស្ឋាន​ដោយ​ស្មោះ និង​ជា​ញឹកញាប់​មាន​ន័យ​ដូចម្ដេច ?

សូម​ពន្យល់​ថា គោលការណ៍​នេះ​ពុំ​មែន​មាន​ន័យ​ថា ប្រសិន​បើ​ការអធិស្ឋាន​របស់​យើង​ស្មោះ​ត្រង់ ហើយ​ស្វាហាប់ នោះ​យើង​នឹង​ទទួល​អ្វី​ ដែល​យើង​កំពុង​អធិស្ឋាន​​សូម​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ ។ កត្តា​ចូល​រួម​ចំណែក​ផ្សេង​ទៀត​ចំពោះ​ការ​ទទួល​បាន​អព្ភូតហេតុ និង​ពរជ័យ​មក​ពី​ព្រះ រួម​បញ្ចូល​ទាំង​ព្រះទ័យ និង​ពេលវេលា​របស់​ព្រះ ក៏​ដូចជា​សិទ្ធិ​ជ្រើស​រើស​របស់​បុគ្គល​ផង​ដែរ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​​ខាង​ក្រោម​នេះ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រក​មើល​ថា ការអធិស្ឋាន​ដែល​ស្មោះ​អស់​ពី​ចិត្ត ហើយមានការលះបង់​​​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​ព្រះទ័យ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ។

« ការអធិស្ឋាន​គឺ​ជា​ទង្វើ ដែល​ព្រះហឫទ័យ​របស់​ព្រះ​វរបិតា និង​ឆន្ទៈ​របស់​កូន បាន​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​នឹង​គ្នា​ទៅវិញ​ទៅ​មក ។ គោលបំណង​នៃ​ការអធិស្ឋាន គឺ​ពុំមែន​ដើម្បី​ផ្លាស់​ប្តូរព្រះ​ហឫទ័យ​របស់​ព្រះ​ឡើយ ប៉ុន្តែ​ដើម្បី​សូម​នូវ​ព្រះពរ​ទាំងឡាយ​ដែល​ព្រះ​ទ្រង់​ប្រណី នឹង​ប្រទាន​ឲ្យ​ដល់​យើង និង ដល់​អ្នក​ឯទៀត ប៉ុន្តែ​គឺ​យើង​ត្រូវតែ​សុំ​ដើម្បី​ឲ្យ​បាន​ទទួល ។ ព្រះពរ​តម្រូវ​ឲ្យ​មាន​សកម្មភាព ឬ​ការប្រឹងប្រែង​ខ្លះ​នៅ​ក្នុង​ចំណែក​របស់​យើង​មុន​នឹង​អាច​ទទួល​វា​បាន ។ ការអធិស្ឋាន គឺ​ជា​ទង្វើ និង​ជា​ធម្យោបាយ​ដែល​បាន​ចាត់​សម្រាប់​ការ​ទទួល​នូវ​ពរ​ជ័យ​ទាំង​អស់​ដ៏​ខ្ពស់​បំផុត » ( សេចក្តី​យោង​ដល់​បទគម្ពីរ​ទាំងឡាយ « ការអធិស្ឋាន ») ។

  • យោង​តាម​ឃ្លា​នេះ តើ​អ្វី​ទៅ​ជា​គោលបំណង​ដ៏​សំខាន់​នៃ​ការ​អធិស្ឋាន ?

  • ហេតុអ្វី​ការ​ចងចាំ​ថា គោលបំណង​នៃ​ការ​អធិស្ឋាន​ពុំ​មែន​ដើម្បី​ផ្លាស់​ប្ដូរ​ព្រះទ័យ​របស់​ព្រះ​គឺជា​រឿង​ដ៏​សំខាន់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរដូច​ខាង​ក្រោម​​ ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​ការ​អធិស្ឋាន​បាន​ញ៉ាំង​ឲ្យ​មាន​អព្ភូតហេតុ និង​ពរជ័យ​មក​ពី​ព្រះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ឬ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត​ដែល​អ្នក​បាន​អធិស្ឋាន​ឲ្យ​នៅ​ពេល​ណា ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។ ដោយ​ធ្វើ​តាម​យោបល់​របស់​សិស្ស សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា ពួកគេ​អាច​អធិស្ឋាន​ឲ្យ​កាន់​តែ​ស្មោះ​អស់​ពី​ចិត្ត និង​មាន​ការ​លះបង់​ដើម្បី​ញ៉ាំង​ឲ្យ​កើត​មាន​​ពរជ័យ និង​អព្ភូតហេតុ​នានា​ដែល​ព្រះ​មាន​ព្រះទ័យ​ប្រទាន​ដល់​ពួកគេ និង​មនុស្ស​ដែល​ពួកគេ​អធិស្ឋាន​ឲ្យ ។

កិច្ចការ ១២:១៨-២៥

ព្រះ​បាន​វាយ​ស្ដេច​ហេរ៉ូឌ ហើយ​ដំណឹងល្អ​បាន​បន្ត​ឆ្ពោះ​ទៅ​មុខ

សូម​សង្ខេប កិច្ចការ ១២:១៨–២២ ដោយ​ពន្យល់​ថា លុះ​ស្អែក​ឡើង ស្ដេច​ហេរ៉ូឌ​បាន​ដឹង​ពី​ការ​គេច​ខ្លួន​របស់​ពេត្រុស ហើយ​បានសម្លាប់ទាហាន​ដែល​ទ្រង់​គិត​ថា ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុញ្ញាត​​ឲ្យ​ពេត្រុស​គេច​ខ្លួន ។ ក្រោយ​មក​ទៀត ស្ដេច​ហេរ៉ូឌ​បាន​ថ្លែងទៅកាន់ប្រជាជន​ដែល​បាន​សរសើរទ្រង់ចំពោះ​បន្ទូល​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១២:២៣-២៤ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ដេច​ហេរ៉ូឌ ។

  • តើ​មាន​រឿង​អ្វី​បាន​កើត​ឡើង​ចំពោះ​ស្ដេច​ហេរ៉ូឌ ? ហេតុអ្វី ?

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ដល់​កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា​របស់​សាសនាចក្រ​ ថ្វី​បើ​សមាជិក​​សាសនាចក្រ​រង​នូវ​ការ​បៀតបៀន​ក្ដី ?

សូម​បញ្ចប់​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើង​វិញ​នូវ​សេចក្ដីពិត​ដែលពួកគេ​បាន​រៀន ហើយ​សញ្ជឹង​គិត​អំពីរបៀបដែលពួកគេ​នឹង​អនុវត្ត​សេចក្ដី​ពិត​ទាំងនោះ​ នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១២:១-១៧។ ពេត្រុស និង​យ៉ាកុប​ទុក​ព្រះ​ខ្ពស់​ជាង​គេ​បង្អស់

កិច្ចការ ១២​បង្ហាញ​ថា ពេត្រុស និង​យ៉ាកុប​បាន​ដាក់​ព្រះ​ខ្ពស់​ជាង​​ជីវិត​​របស់​ពួកលោក ថ្វីបើ​ពួក​លោក​ទទួល​ការ​ដាក់​ទោស​យ៉ាង​ណា​ក៏​ដោយ ។ ហេតុអ្វី​ការ​ស្រឡាញ់​ដល់​ព្រះ ហើយ​ដាក់​ទ្រង់​ឲ្យ​ខ្ពស់​ជាង​​ជីវិត​របស់​យើង​ជា​រឿង​សំខាន់ ? អែលឌើរ លីន ជី រ៉ូប៊ីន ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ បាន​លើក​ឡើង​នូវ​បទពិសោធន៍ដូច​ខាង​ក្រោម​នេះ ដែល​វា​បាន​ជួយ​លោក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ទិសដៅ​ដែល​យើង​ត្រូវ​ដើរ​នៅ​ក្នុង​ជីវិត​របស់​យើង ៖

« ‹ តើ​បងប្អូន​បែរ​មុខ​ទៅ​ផ្លូវ​មួយ​ណា ? › ប្រធាន​ ប៊យដ៍ ឃេ ផាកកឺ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​សំណួរ​មួយ ពេល​ពួក​យើង​កំពុង​ធ្វើ​ដំណើរ​​ទាំងអស់​គ្នា​ក្នុង​ការចាត់​តាំង​ដំបូង​របស់​ខ្ញុំ​ក្នុង​នាម​ជា​ពួកចិតសិប​នាក់​ថ្មី​មួយ​រូប ។ ដោយ​ពុំ​មាន​ការបកស្រាយ​ពី​សំណួរ​នេះ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់ ។ លោក​បន្ត​ថា ‹ ពួកចិតសិបនាក់​ពុំ​ធ្វើ​ជា​តំណាង​​រាស្ត្រ​ថ្លែង​ទៅ​កាន់​ព្យាការី​ឡើយ តែ​តំណាង​ព្យាការី​ថ្លែង​ទៅ​កាន់​រាស្ត្រ​ទៅ​វិញ › ។ សូម​លោក​កុំ​ភ្លេច​ថា​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ឲ្យ​សោះ! › វា​ជា​មេរៀន​ដ៏​មាន​អានុភាព​មួយ ។

« ការព្យាយាម​ផ្គាប់​ចិត្ត​មនុស្ស​ជាង​ធ្វើតាម​ព្រះហឫទ័យ​ព្រះ​ គឺ​ជា​ការប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ព្រះបញ្ញត្តិ​ធំៗ​ទី​មួយ និង ទី​ពីរ ។ (សូម​មើល ម៉ាថាយ ២២:៣៧–៣៩) ។ វា​ជា​ការភ្លេច​ថា ​យើង​បែរមុខរបស់យើងទៅកាន់ទិសណា ។ ហើយ​យើង​ធ្លាប់​បាន​ធ្វើ​កំហុសនោះ​ ព្រោះ​យើង​ខ្លាច​មនុស្ស ។ ព្រះអម្ចាស់​បាន​ព្រមាន​យើង​ក្នុង​អេសាយ​ថា ‹ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះតិះដៀល​របស់​មនុស្ស​ឡើយ › (អេសាយ ៥១:៧ សូម​មើល​ផងដែរ នីហ្វៃទី ២ ៨:៧ ) ។ ក្នុង​ការនិមិត្ត​របស់​លីហៃ ការភិតភ័យ​នេះ​ផ្ដើម​ដោយ​ការចំអក​ពី​អគារ​ដ៏​ធំ​ ហើយ​ទូលាយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្លេច​ពី​អ្វី​ដែល​ត្រូវ​ផ្ដោត​អារម្មណ៍ ហើយ​ដើរ​ចេញ​ពី​ដើមឈើ​ដោយ ‹ មាន​ការខ្មាស់អៀន › ( សូម​មើល នីហ្វៃទី ១ ៨:២៥–២៨) » ​( « Which Way Do You Face? »EnsignLiahonaខវចឆកឆន២០១៤ទពរ៩

កិច្ចការ ១២:៥ ។ « គេ​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​គាត់​អស់​ពី​ចិត្ត »

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្ហាញ​ការ​ដឹង​គុណ​របស់​លោក​ចំពោះ​មនុស្ស​ដែល​បាន​អធិស្ឋាន​ឲ្យ​លោក និង​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ ៖

« ខ្ញុំសូមបង្ហាញអំណរគុណរបស់ខ្ញុំ​ចំពោះ បងប្អូន សម្រាប់ការ​មាន​សណ្ដាន​ចិត្តល្អ​ដល់ខ្ញុំនៅ​គ្រប់ទីកន្លែងដែលខ្ញុំទៅ ។ ខ្ញុំសូមអរគុណ​បងប្អូន សម្រាប់ការ​អធិស្ឋានឲ្យខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ការ​អធិស្ឋាន​ទាំងនោះ ហើយ​​ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​វា​ខ្លាំង​ណាស់ » ( « As We Gather Once Again »EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៥ ) ។

« ខ្ញុំស្រឡាញ់ហើយអធិស្ឋានសម្រាប់បងប្អូន » ។ ខ្ញុំ​សូម​ស្នើសុំ​ម្ដងទៀត​ឲ្យ​បងប្អូន​ចងចាំ​ដល់​ខ្ញុំ និង​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ទាំងអស់​នៅ​ក្នុង​ការ​អធិស្ឋាន ។ យើង​រួប​រួម​នឹង​បងប្អូន​នៅ​ក្នុង​ការ​ដឹកនាំ​ការងារ​​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ឆ្ពោះ​ទៅ​មុខ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា យើង​នៅ​ក្នុង​កិច្ចការ​នេះ​រួម​គ្នា ហើយ​ថា​បុរស ស្ត្រី និង​កុមារ​គ្រប់​រូប​មាន​ចំណែក​មួយ​នៅ​ក្នុង​កិច្ចការ​នេះ ។ សូម​ឲ្យ​ព្រះ​ប្រទាន​កម្លាំង និង​សមត្ថភាព ព្រម​ទាំង​ការ​តាំង​ចិត្ត​ដល់​​យើង​ ដើម្បី​យើង​​អាច​បំពេញ​ផ្នែក​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ » ( « Until We Meet Again »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ​២០១១ ទំព័រ ១០៩ ) ។

ប្រធាន ហារ៉ូល ប៊ី លី បាន​ផ្ដល់​ការ​យល់​ដឹង​ទាក់ទង​នឹង​ការ​អធិស្ឋាន​ដ៏​ខ្លាំង​ក្លា ៖

« បងប្អូន​ត្រូវ​មាន​បំណង​ប្រាថ្នា​ធ្វើ​វា​ឲ្យ​អស់​ពី​ព្រលឹង ! បងប្អូន​ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​កម្លាំង​ដែល​បងប្អូន​មាន ហើយ​មាន​បំណង​ប្រាថ្នា​មួយ​ថា ការណ៍​នេះ​គឺជា​រឿង​ដ៏​មាន​តម្លៃ​បំផុត​​​នៅ​ក្នុង​ពិភពលោក​ទាំងមូលនេះ ដែល​បងប្អូន​ខិតខំ​ស្វែង​រក ! » ( Teachings of Harold B. Lee និពន្ធដោយ Clyde J. Williams [ ឆ្នាំ​ ១៩៩៦ ] ទំព័រ ១២៥ ) ។

កិច្ចការ ១២:២១–២៣ ។ ការ​សុគត​របស់​ស្ដេច​ ហេរ៉ូឌ ​អ័គ្រីប៉ា ទី​មួយ

ស្ដេច​ ហេរ៉ូឌ​ អ័គ្រីប៉ា ទី​មួយ ​គឺជា​ក្មួយ​ប្រុស​របស់​ហេរ៉ូឌ​ អាន់ទីប៉ាស​ដែលសម្លាប់យ៉ូហាន​បាទីស្ទ « ហើយ​ក៏​ជា​ចៅ​ប្រុស​របស់​ស្ដេច​ហេរ៉ូឌ​ផង​ដែរ ។ ជាទូទៅ ទ្រង់​មាន​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​ចំណោម​​ពួក​ផារិស៊ី ដោយសារ​ទ្រង់​គោរព​ប្រតិបត្តិ​តាម​ប្រពៃណី​របស់​យូដា​ដោយ​ប្រុង​ប្រយ័ត្ន ។ វា​ប្រហែល​ជា​ដោយសារ​តែ​ហេតុផល​នេះ​ហើយ​—​ការ​ល្បី​ឈ្មោះ​នៅ​ក្នុង​ចំណោម​ពួក​យូដា​—​ទើប​ទ្រង់​បាន​បង្គាប់​ឲ្យ​គេសម្លាប់យ៉ាកុប ( សូមមើល កិច្ចការ ១២:១–២ ) ។ អ័គ្រីប៉ា​ បាន​សុគត​នៅ​ក្នុងព្រះជន្ម ៥៤ ព្រះវស្សា នៅ​ក្នុង គ.ស.៤៤ ក្នុង​ឆ្នាំ​ជាមួយ​គ្នា​ដែល​យ៉ាកុប​ត្រូវ​បាន​គេ​ធ្វើ​ទុក្ករកម្ម ។ លូកា​បាន​ឃើញ​ការ​សុគត​ភ្លាម​របស់​អ័គ្រីប៉ា ដោយ​សារ​ការ​ដាក់​ទោស​មក​ពី​ព្រះ តាមរយៈ​ទេវតា​មួយ​អង្គ​របស់​ព្រះអម្ចាស់ » ( New Testament Student Manual[ Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៣០២, សូមមើល​ផង​ដែរ Bible Dictionary « Herod » ) ។