បណ្ណាល័យ
មេរៀន​ទី ៩១ ៖ កិច្ចការ ១៣-១៤


មេរៀន​ទី ៩១

កិច្ចការ ១៣-១៤

សេចក្ដីផ្ដើម

ប៉ុល ( កាល​ពី មុន​ហៅ​ថា​សុល ) បាន​ចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​លើក​ដំបូង​ជាមួយ បាណាបាស​ដែល​ជា​ដៃគូ​របស់​លោក ។ ពួកលោក​បាន​បង្រៀន​ដំណឹង​ល្អ ហើយ​បង្កើត​សាខា​សាសនាចក្រ​ជាច្រើន ទោះបី​ជា​ការបៀតបៀន​បន្ត​កើត​មាន​ក្តី ។ នៅពេល​ពួក​សាសន៍​យូដា​បាន​បដិសេធ​មិន​ទទួល​ព្រះបន្ទូល​ព្រះ នោះ​ប៉ុល និង បាណាបាស​បាន​ផ្តោត​លើ​ការបង្រៀន​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១៣:១-១៣

ប៉ុល និង បាណាបាស​បាន​ចាប់ផ្តើម​ដំណើរ​ផ្សព្វផ្សាយ​សាសនា ហើយ​ស្តី​បន្ទោស​ដល់​ព្យាការី​ក្លែងក្លាយ

ពី​មុន​ថ្នាក់​ចាប់ផ្ដើម សូម​រៀបចំ​ស្លាក​សញ្ញាមួយ​ដែល​មាន​ពាក្យ​ថា « គ្មាន​ការផ្ទុយ » ហើយ​ស្លាក​សញ្ញា​មួយ​ទៀត​មាន​ពាក្យ​​ថា « មាន​ការផ្ទុយ​ជានិច្ច » ។ សូម​ដាក់​វា​នៅ​ទល់​មុខ​គ្នា​នៅ​លើ​ជញ្ជាំង​ថ្នាក់​រៀន ។

សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​អំពីចន្លោះ​រវាង​ស្លាក​សញ្ញា​ទាំងពីរ ​ជា​រង្វាល់​មួយ​តំណាង​ឲ្យ​កម្រិត​​នៃការផ្ទុយ​​ដែល​មនុស្ស​ម្នាក់​ជួបប្រទះ នៅ​ពេល​​គាត់​ព្យាយាម​រស់​នៅ​តាម​ដំណឹងល្អ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឈរ​នៅ​ចន្លោះ​ស្លាក​សញ្ញា​​ដែល​ពួកគេ​គិត​ថា វា​បង្ហាញ​អំពីកម្រិត​នៃការផ្ទុយ​​ដែល​ម៉ូសេ​បាន​ជួបប្រទះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរបី​នាក់​ពន្យល់​ពីការ​ជ្រើស​រើស​ទីតាំង​របស់​ពួកគេ ។ សូម​ធ្វើ​លំហាត់​នេះ​ម្ដង​ទៀត​ ដោយ​សូម​ឲ្យ​សិស្ស​ឈរ​នៅ​កន្លែង​មួយ​នៅ​លើរង្វាល់​នៃការផ្ទុយ​​នេះ​ចំពោះ​​យ៉ូសែប ស្ម៊ីធ ហើយបន្ទាប់​មក​ចំពោះនីហ្វៃ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរបី​នាក់​ពន្យល់​ពីការ​ជ្រើស​រើស​របស់​ពួកគេ​សម្រាប់​ទីតាំង​នីមួយៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់​ទៅកាន់​កន្លែង​អង្គុយ​គេ​​វិញ ។

សូម​ទទួល​ស្គាល់​ថា សិស្ស​គ្រប់​រូប​របស់​ព្រះយេស៊ូវ​​គ្រីស្ទ​នឹង​ជួបប្រទះ​ការ​ផ្ទុយ​នៅ​គ្រា​ខុសៗ​គ្នា​នៅ​ក្នុង​ជីវិត​របស់​​ពួកគេ ។ សូម​ឲ្យ​សិស្ស​គិត​ពីទីកន្លែង​ដែល​ពួកគេ​ដាក់​ខ្លួន​ឯង ​ឲ្យ​ស្រប​តាម​រង្វាល់​នៃ​ការ​ផ្ទុយ នៅ​ពេល​ពួកគេ​បាន​ព្យាយាម​រស់​នៅ​តាម​ដំណឹង​ល្អ ។ នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ១៣–១៤ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រកមើល​គោលការណ៍ ដែល​អាច​ជួយ​ដឹកនាំ​ពួកគេ នៅ​ពេល​ពួកគេ​ជួបប្រទះ​ការ​ផ្ទុយ​នៅ​ក្នុង​ការ​ខិតខំ​របស់​ពួកគេ​ដើម្បី​រស់​នៅ​ដោយ​សុចរិត ។

សូម​សង្ខេប កិច្ចការ ១៣:១–៦ ដោយ​ពន្យល់​ថា នៅ​ពេល​ពួក​ព្យាការី និង​ពួក​គ្រូបង្រៀន​មួយ​ចំនួន​​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​​ក្រុង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី ពួក​គាត់​បាន​ទទួល​ការ​ដឹកនាំ​មក​ពីព្រះវិញ្ញាណ​បរិសុទ្ធ​ថា សុល ( ក្រោយ​មក​ត្រូវ​បាន​ស្គាល់​ថាជា​ ប៉ុល ) និង​បាណាបាស​គួរ​បាន​ហៅ​​ឲ្យ​ប្រកាស​​ដំណឹងល្អ​រួម​គ្នា ។ បន្ទាប់​ពី​ពួកគាត់​បាន​ញែក​ចេញ​ហើយ សុល និង​បាណាបាស​បាន​ធ្វើ​ដំណើរ​ពី​អាន់ទីយ៉ូក ទៅ​កោះ​គីប្រុស ហើយ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅក្នុង​សាលា​ប្រជុំ​នៅក្នុង​ទីក្រុង​សាឡាមីស ។ ពួកគាត់​បាន​ធ្វើ​ដំណើរ​ពី​ទី​នោះ​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​កោះ​នោះ​ទៅ​ក្រុង​ប៉ាផុស ។ ( អ្នក​គួរ​ឲ្យ​សិស្ស​ស្វែង​រក​ក្រុង​​អាន់ទីយ៉ូក និង គីប្រុស នៅ​លើ​ផែនទី​ក្នុង​ព្រះគម្ពីរ ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១៣:៦-៨ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលថា តើ​មាន​អ្វី​បាន​កើតឡើង នៅ​ពេល​សុល និង​បាណាបាស​បាន​មក​ដល់​ក្រុង​​ប៉ាផុស ។

  • យោង​តាម ខ​ទី ៧​តើ​នរណា​ចង់​ស្ដាប់​ដំណឹងល្អ​ពីសុល និង​បាណាបាស ? ( ស៊ើគាស-ប៉ូល៉ូស ដែល​ជា​អ្នក​តំណាង​ជាតិ​រ៉ូម​ម្នាក់ ) ។

  • តើការផ្ទុយ​អ្វីខ្លះ​ដែល​ពួក​ផ្សព្វផ្សាយ​សាសនា ​បាន​ជួបប្រទះ​​នៅ​ក្នុង​ការ​បង្រៀន​​អំពីដំណឹងល្អ​ទៅ​ដល់​ស៊ើគាស​-ប៉ូល៉ូស ?

សូម​ពន្យល់​ថា នៅ​ដើមដំបូង​ក្នុង កិច្ចការ ១៣:៩​សុល​ត្រូវ​បាន​ហៅ​ថា​ប៉ុល ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន កិច្ចការ ១៣:៩-១២ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​រកមើល​ថា តើ​ប៉ុល​បាន​ជួបនឹងការផ្ទុយ​អ្វីខ្លះ​មក​​ពីព្យាការី​ក្លែង​ក្លាយ​ឈ្មោះ​អេលីម៉ាស​នោះ ។

  • តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ​អំពី​អេលីម៉ាស​នៅ​ក្នុង ខទី ១០ ? ( សូម​ពន្យល់​ថា ប៉ុល​បាន​​ប្រើ​ពាក្យ​ខ្លាំងៗ ដោយ​សារ​អេលីម៉ាស​កំពុង​ប៉ុនប៉ង​រារាំង​មនុស្ស​ម្នាក់​មិន​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ ) ។

  • យោង​តាម ខ​ទី ១១​តើ​ប៉ុល​បាន​ធ្វើ​អ្វីខ្លះ ចំពោះ​​ព្យាការី​ក្លែង​ក្លាយ​តាមរយៈ​ព្រះចេស្ដា​​នៃ​ព្រះ ?

  • យោង​តាម ខ​ទី ១២តើ​ការ​ឃើញ​ព្រះចេស្ដា​របស់​ព្រះ បាន​​ជះ​ឥទ្ធិពល​ដល់​អ្នក​តំណាង​ជាតិ​នោះ​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ មក​ពី​ដំណើរ​រឿង​នេះ​ទាក់ទង​នឹង​ព្រះចេស្ដា​របស់​ព្រះ​ប្រៀប​ធៀប​នឹង​អំណាច​របស់​អារក្ស ? ( ទោះ​បី​ជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា​ក្ដី ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​ពីសេចក្ដីពិត​ខាងក្រោម​នេះ ៖ព្រះចេស្ដា​នៃ​ព្រះ​គឺ​អស្ចារ្យ​ជាង​អំណាច​​របស់​អារក្ស ។ អ្នក​អាចផ្ដល់​យោបល់​ថា សិស្ស​គួរ​សរសេរ​សេចក្ដី​ពិត​​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ​កិច្ចការ ១៣:៩–១២ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា តើ​ការ​យល់​ដឹង​ថា​ព្រះចេស្ដា​របស់​ព្រះ​គឺអស្ចារ្យ​ជាង​អំណាច​របស់​អារក្ស​អាច​ជួយ​យើង​ នៅ​ពេល​យើង​ជួបប្រទះ​នឹង​ការផ្ទុយ​នៅ​ក្នុង​ជីវិត​យើង​យ៉ាង​ដូចម្ដេច ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​គំនិត​របស់​ពួក​គេ​​ជា​មួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

កិច្ចការ ១៣:១៤-៤៣

ប៉ុល​តំណាល​ប្រាប់​ប្រវត្តិ​របស់​ពួក​សាសន៍​អ៊ីស្រាអែល ហើយ​ថ្លែង​ទីបន្ទាល់​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ដើម្បី​បំពេញ​ការសន្យា​របស់​ព្រះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពីកំហុស​មួយ​​ដែល​ពួកគេ​បាន​ធ្វើ ​ដែល​ពួកគេ​ចង់​ត្រឡប់​ទៅ​​ក្រោយ​វិញ ហើយ​​លុប​បំបាត់​វា ។ សូម​ពន្យល់​ថា នៅ​ពេល​ខ្លះការ​ផ្ទុយ​ដែល​យើង​ជួបប្រទះ​កើត​ឡើង ​ដោយសារ​ការ​ជ្រើស​រើស​ខុស​របស់​យើង​ផ្ទាល់ ។ នៅពេល​សិស្ស​សិក្សា​កិច្ចការ ១៣:១៤–៤៣​ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើការផ្ទុយ​​​នេះ ។

សូម​សង្ខេប កិច្ចការ ១៣:១៤–៣៧​ ដោយ​ពន្យល់​ថា ប៉ុល និង​បាណាបាស​បាន​ចាក​ចេញ​ពី​គីប្រុស ហើយ​ជិះ​ទូក​ទៅ​ស្រុក​ប៉ាមភីលា ( ជា​ប្រទេស​តួគី​នៅ​បច្ចុប្បន្ន​នេះ ) បន្ទាប់​ពី​​ដៃ​គូ​របស់​ពួក​លោក​ម្នាក់ យ៉ូហាន ម៉ាកុស បាន​សម្រេច​ចិត្ត​ចេញ​ពី​ពួក​លោក ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប៉ុល និង​បាណាបាស​បាន​បន្ត​ដំណើរ​ទៅ​​កាន់​ក្រុង​អាន់ទីយ៉ូក​​ក្នុង​ស្រុក​ពីស៊ីឌា ​( សូម​កុំ​ភាន់ច្រឡំ​នឹង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី ជា​កន្លែង​​ដែល​ពួក​លោក​បាន​ចាប់ផ្ដើម​បេសកកម្ម ) ។ នា​ថ្ងៃ​ឈប់​សម្រាក​នៅ​ទីនោះ ប៉ុល​បាន​ឈរ​នៅ​ចំពោះ​មុខ​មនុស្ស​នៅ​ឯ​សាលាប្រជុំ ហើយ​បាន​​រ៉ាយរ៉ាប់​ប្រាប់​អំពីព្រឹត្តិការណ៍​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​អ៊ីស្រាអែល ។ បន្ទាប់​មក ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​អ៊ីស្រាអែល​​ដែល​បាន​សន្យា ។

សូម​អញ្ជើញ​សិស្ស​អាន កិច្ចការ ១៣:២៦–៣៤ដោយ​ស្ងៀម​ស្ងាត់​រកមើល​ថា​តើ​ប៉ុល​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ប៉ុល​ចង់​ឲ្យ​មនុស្ស​ដែល​នៅ​សាលា​ប្រជុំ​នោះ​យល់​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១៣:៣៨–៣៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​ប៉ុល​បាន​បង្រៀន​ថា ​យើង​អាច​ទទួល​បាន​ពរជ័យ​​អ្វីខ្លះ​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​យើង​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ? ( សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​​នៅ​លើ​ក្ដារ​ខៀន​ ដោយ​ប្រើ​ពាក្យ​របស់​សិស្សផ្ទាល់ ៖យើង​អាច​​ត្រូវ​បាន​អភ័យទោស​ពី​អំពើបាប​យើង ហើយ​បាន​រាប់​ជា​សុចរិត​វិញ តាម​រយៈដង្វាយធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ) ។

សូម​ពន្យល់​ថា​ពាក្យ បាន​រាប់​ជា​សុចរិត ដែល​បាន​ប្រើ​នៅ​ក្នុង ខ​ទី ៣៩ ​មាន​ន័យ​ថា « ដើម្បី​ឲ្យ​បាន​លើក​លែង​ពី​ការ​ដាក់​ទោស​ចំពោះ​អំពើ​បាប ហើយ​រាប់​ថា​ឥត​មាន​ទោស » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រាប់​ជា​សុចរិត​, ការ​រាប់​ជា​សុចរិត » scriptures.lds.org ) ។ នៅ​ពេល​មនុស្ស​ម្នាក់បានរាប់ជាសុចរិតតាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​នឹង​ព្រះ​នឹង​​បាន​ប្រសើរ​ឡើង​ជា​ថ្មី ។

  • តើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង ​ត្រូវ​បាន​រាប់​ជា​សុចរិត​ចេញ​ពី​អំពើ​បាប​របស់​យើង​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីគោលលទ្ធិ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​ពី​​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ព្រះយេស៊ូវគ្រីស្ទ បាន​រងការឈឺចាប់ ហើយ​លះបង់​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប ។ ព្រះចេស្តា​នៃ​ដង្វាយធួន​ទ្រង់​អាច​លុប​បំបាត់​ចោល​អំណាច​នៃ​អំពើបាប​ដែល​មាន​មក​លើ​យើង ។ នៅពេល​យើង​ប្រែចិត្ត នោះ​ព្រះគុណ​ដ៏​ធួន​របស់​ទ្រង់​បង្គ្រប់ ហើយ​លាង​សម្អាត​យើង ( សូម​មើល នីហ្វៃទី៣ ២៧:១៦–២០) ។ នៅពេល​យើង​ពុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការល្បួង គឺ​ដូចជា​យើង​ពុំ​ព្រម​ទៅ​ស្លាប់​ដូច្នេះ​ដែរ » (« That They May Be One in Us »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧១ ) ។

  • តើយើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​​បាន​ទទួល​បានការ​អភ័យ​ទោស​​ពីអំពើបាប​យើង ហើយ​បាន​រាប់​ជា​សុចរិត​តាម​រយៈ​​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មនុស្ស​មួយ​ចំនួន​​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​ទទួល​បាន​ការ​អត់​ទោស​ពី​អំពើ​បាប​របស់​ពួកគេ ហើយ​បាន​រាប់​ជា​សុចរិត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​នរណា​ខ្លះ ? ( ឧទាហរណ៍​មួយ​ចំនួន​អាច​មាន​ដូចជា ប៉ុល អាលម៉ា​​ជា​កូន និង​អេណុស ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ច្រៀង​ពីរ​វគ្គ​​​ដំបូង​នៃ​​បទ« ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » (​​ទំនុក​តម្កើង លេខ ១១៥ ) ។ នៅ​ពេល​ពួកគេ​ច្រៀង សូម​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​រក​មើល​​ពីរបៀប ដែលអ្នក​និពន្ធ​ទំនុក​តម្កើង​នេះ​បាន​បង្ហាញ​អំណរគុណ​របស់​គាត់​ចំពោះ​ដង្វាយ​ធួន​ និង​ការ​អត់ទោស​របស់​​ព្រះអង្គ​សង្គ្រោះដោយ​របៀប​ណា ។

សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ឬ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។

  • តើ​អ្នកមាន​អារម្មណ៍​យ៉ាង​ណា​ដែរ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​អ្នក​គិត​អំពីរបៀប​​ដែល​ដង្វាយ​ធួន​ធ្វើ​ឲ្យ​អ្នក​អាច​ទទួល​បាន​ការ​អត់ទោស​​ពី​អំពើ​បាប​​នានា​របស់​អ្នក ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​​ឲ្យ​ចែកចាយ​អំពីអ្វី​ដែល​ពួកគេ​បានសរសេរ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការ​បំផុស​គំនិត​ ដែល​ពួកគេ​បាន​ទទួល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ការ​អត់ទោស និង​ការ​រាប់​ជា​សុចរិត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​​គ្រីស្ទ ។

សូម​សង្ខេប កិច្ចការ ១៣:៤០–៤៣ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ការ​បង្រៀន​របស់ប៉ុល​ហើយ មាន​ពួក​សាសន៍​ដទៃ​ជាច្រើន​បាន​សុំ​ឲ្យ​ប៉ុល​បង្រៀន​ម្ដង​ទៀត​នៅ​ថ្ងៃ​ឈប់​សម្រាក​បន្ទាប់ ។

កិច្ចការ ១៣:៤៤-៥២

ប៉ុល និង បាណាបាស បង្រៀន​យ៉ាង​អង់អាច ទោះបី​ជាមាន​ការបៀតបៀន​ជា​ខ្លាំង​ក្តី

សូម​ពន្យល់​ថា លុះ​ថ្ងៃ​សម្រាក​បន្ទាប់​បាន​មក​ដល់ ប្រជាជន​នៅ​ក្រុង​នោះ​ស្ទើរ​តែ​ទាំងអស់​បាន​មក​ស្ដាប់​ប៉ុល និង​បាណាបាស​បង្រៀន​ពីបន្ទូល​​របស់​​ព្រះ ( សូម​មើល កិច្ចការ ១៣:៤៤ ) ។

សូម​បំបែកសិស្ស​ជា​គូ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​អាន កិច្ចការ ១៣:៤៤–៥២ រួម​គ្នា ។ សូម​ណែនាំ​សិស្ស​ម្នាក់​នៅ​ក្នុង​ដៃ​គូ​នីមួយៗ​​ឲ្យ​រកមើល​​លក្ខណៈ និង​សកម្មភាព​របស់​ពួក​សាសន៍​​យូដា ហើយ​សិស្ស​ម្នាក់​​ទៀត​រក​មើល​លក្ខណៈ និង​សកម្មភាព​របស់​ពួក​សាសន៍​ដទៃ នៅ​ពេល​មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​ស្ដាប់​ប៉ុល និង​បាណាបាស ។ ក៏​សូមលើកទឹកចិត្ត​ឲ្យ​សិស្ស​អាន​ការ​បក​ប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង កិច្ចការ ១៣:៤៨​​​ផង​ដែរ ដែល​បាន​ផ្លាស់ប្ដូរ​ឃ្លាចុង​ក្រោយ​ទៅ​ជា ​« ចំណែក​​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជានិច្ច នោះ​ក៏​បាន​ជឿ » ។ នៅ​ពេល​សិស្ស​បាន​បញ្ចប់​​ការ​អាន​ហើយ​ សូម​ឲ្យ​ដៃគូ​នីមួយៗ​ប្រៀប​ធៀប ហើយ​បង្ហាញ​អំពីភាពខុស​គ្នា​រវាង​សកម្មភាព និង​លក្ខណៈ​របស់​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ។

  • តើ​ពរជ័យ​អ្វីខ្លះ​អាច​កើត​មាន​ចំពោះ​ជន​​ដែល​យល់​ព្រម​ស្ដាប់​ដល់​ប៉ុល និង​ដៃ​គូ​លោក ?

កិច្ចការ ១៤

ប៉ុល និង​បាណាបាស​ធ្វើ​អព្ភូតហេតុ នៅ​ពេល​ពួក​លោក​ប្រកាស​ដំណឹងល្អ​​នៅ​កណ្ដាល​​ការ​បៀត​បៀន​ជាបន្ត​បន្ទាប់នោះ

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារ​ខៀន ៖ហេតុអ្វី​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មនុស្ស​ល្អ​ជួប​នឹង​ការ​សាកល្បង​ពិបាកៗ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ នៅ​ពេល​ពួកគេ​សិក្សា​កិច្ចការ ១៤​ដែល​អាច​ជួយ​ពួកគេឲ្យ​​យល់​​ពីរបៀប​មួយ​ដើម្បី​ឆ្លើយ​សំណួរ​នេះ ។

សូម​ពន្យល់​ថា កិច្ចការ ១៤:១–២១ រៀបរាប់​អំពីការ​រងទុក្ខ​មួយ​ចំនួន ​ដែល​ប៉ុល និង​បាណាបាស​បាន​ស៊ូទ្រាំតស៊ូ កាល​ពួក​លោក​បាន​បន្ត​ប្រកាស​ដំណឹងល្អ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​​ឲ្យ​អាន​ខគម្ពីរ​ខាង​ក្រោម​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម​រក​មើល​​ការ​រងទុក្ខ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​ទាំង​ពីរ​រូប​នេះ​បាន​ជួបប្រទះ ។

  1. កិច្ចការ ១៤:១–២ ( ពួក​សាសន៍​យូដា​ដែល​ឥត​ជំនឿ​បាន​ចាក់​រុក​ពួក​សាសន៍​ដទៃ​ឲ្យ​ទាស់​នឹង​ប៉ុល និង​បាណាបាស ) ។

  2. កិច្ចការ ១៤:៨–១៨ ( បន្ទាប់​ពី​ប៉ុល​ព្យាបាល​មនុស្ស​ខ្វិន​ម្នាក់​ហើយ ប្រជាជន​នៅ​​ក្រុង​លីស្ត្រា​គិត​ថា​ប៉ុល និង​បាណាបាស​គឺជា​ព្រះ​របស់​ក្រិក ហើយ​ចង់​ថ្វាយ​ដង្វាយ​ដល់​ពួក​លោក ) ។

  3. កិច្ចការ ១៤:១៩–២០ ( ប៉ុល​ត្រូវ​គេ​ចោល​នឹង​ដុំ​ថ្ម ហើយ​បាន​ធ្វើ​ឲ្យ​​ដឹង​ខ្លួន​វិញ ) ។

  • តើ​ការ​រងទុក្ខ​អ្វីខ្លះ​ដែល​ប៉ុល និង​បាណាបាស​ត្រូវ​តែ​ស៊ូទ្រាំ ?

  • តើ​អ្នក​អាច​មាន​គំនិត​អ្វីខ្លះ ប្រសិន​បើ​អ្នក​បាន​នៅ​ជាមួយ​នឹង​ប៉ុល និង​បាណាបាស​​​អំឡុងពេល​នៃ​​ការ​សាក​ល្បង​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១៤:២២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​ ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការ​រងទុក្ខ ។

  • តើ​ប៉ុល​បង្រៀន​​គោលការណ៍ អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​នេះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូច​តទៅ ៖នៅ​ពេល​យើងឆ្លងកាត់​ការ​ឈឺចាប់​ដ៏​ខ្លាំង​ដោយ​ស្មោះត្រង់ នោះ​យើង​នឹង​បាន​ត្រៀម​ខ្លួន​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល) ។

  • តើ​អ្នក​គិត​ថា​ ការ​ស៊ូទ្រាំ​ការ​រងទុក្ខ​ដោយ​ស្មោះ​ត្រង់​​អាច​ជួយ​​យើង​ឲ្យ​រៀបចំ​ខ្លួន​​​​សម្រាប់​នគរ​សេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពីពរជ័យ ​ដែល​បាន​កើត​មាន​ចំពោះ​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់ នៅ​ពេល​ពួកគេ​បាន​ឆ្លង​កាត់​ការ​រងទុក្ខ​ដោយ​ស្មោះ​ត្រង់ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយពី​​បទពិសោធន៍​របស់ខ្លួន ។ សូម​រំឭក​សិស្ស​ថា ពួកគេ​ពុំ​គួរ​ចែកចាយ​​អំពីបទ​ពិសោធន៍​ផ្ទាល់ខ្លួនខ្លាំង​ពេក​នោះ​ទេ​ ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នក ​ដែល​អាច​បង្ហាញ​បន្ថែម​ទៀត​អំពី​គោលការណ៍​នេះ ហើយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​​ដ៏​ពេញ​លេញ​របស់​វា ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សេចក្ដី​ពិត​​ដែល​ពួកគេ​បាន​ស្គាល់​​នៅ​ក្នុង កិច្ចការ ១៣ និង ១៤ ហើយ​ជ្រើស​សេចក្ដី​ពិត​មួយ ​ដែល​នឹង​ជួយ​ពួកគេ​បាន​​ច្រើន​បំផុត​​នៅ​ក្នុង​ការ​សាកល្បង ។ សូម​ឲ្យ​ប័ណ្ណ​កត់​ចំណាំ​តូច​មួយ ឬ​ក្រដាស​មួយ​សន្លឹក​ដល់​សិស្ស​ម្នាក់ៗ ហើយ​អញ្ជើញ​សិស្ស​សរសេរ​គោលការណ៍​​ដែល​ពួកគេ​ជ្រើស​នៅ​លើ​ប័ណ្ណ​នោះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ដាក់​វា​ នៅ​កន្លែង​ដែល​ពួកគេ​អាច​មើល​ឃើញ​ជា​ញឹកញាប់ ( កញ្ចក់ ទូរ​នៅ​សាលា​របស់​ពួកគេ ​។ល។ ) ដើម្បី​ផ្ដល់​កម្លាំង និង​ការ​លើក​ទឹកចិត្ត​ នៅ​ពេល​ពួកគេ​ជួបនឹង​​ការ​សាកល្បង​នានា ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១៣:៩ ។ សុល​ត្រូវបាន​ស្គាល់​ថា​ជា​ប៉ុល

« [ សាវក​ប៉ុល ] កាល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សុល ឈ្មោះ​ឡាតាំង​របស់​លោក​ឈ្មោះ ប៉ុល គឺ ត្រូវ​បាន​លើក​ឡើង​ដំបូង​​នៅ​ដើម​ការងារ​បម្រើ​​​របស់​​លោក​ដល់​ពួក​សាសន៍​ដទៃ ( កិច្ចការ ១៣:៩ ) » ( Bible Dictionary « Paul » ) ។

កិច្ចការ ១៣:៥១ ។ « អ្នក​ទាំង២ក៏រលាស់​ធូលី​ដី​ពី​ជើងចេញ »

អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការ​ពន្យល់​នេះ ​អំពី​ការ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​មនុស្ស​ម្នាក់ ៖

« ការ​រលាស់​ធូលីដី​ពីបាតជើង​​របស់​មនុស្ស​ម្នាក់​ ​ដែល​ទុកជា​ទីបន្ទាល់ទាស់​នឹង​អ្នកដទៃ​តាម​ដែល​បាន​ធ្វើ​នោះ គឺ​ត្រូវ​បាន​ពួក​យូដាយល់​ថា​ ជា​និមិត្ត​សញ្ញា​នៃ​ការ​បញ្ចប់​នូវការ​រាប់អាន និង​ការ​ផ្ដាច់ខ្លួន​ចេញ​ពី​រាល់​ទំនួលខុសត្រូវ​ទាំង​អស់ ដើម្បី​ទុកជា​ផលវិបាក​​ដែល​នឹង​អាចកើតឡើង​តាម​ក្រោយ​ដល់​អ្នក​នោះ ។ វា​ក្លាយជា​ពិធីមួយ​នៃ​ការចោទប្រកាន់ និង​ទីបន្ទាល់ ​តាម​ការណែនាំ​របស់ព្រះអម្ចាស់​ចំពោះ​ពួកសាវក​របស់ទ្រង់​ [ ម៉ាថាយ ១០:១៤ ] ។ នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​បច្ចុប្បន្ន​នេះ ព្រះអម្ចាស់​​បាន​បង្គាប់​ស្រដៀង​គ្នា​ដោយ​ផ្ទាល់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ ដែល​មាន​សិទ្ធិ​អំណាច​ឲ្យ​ថ្លែង​ទីបន្ទាល់​ទាស់​នឹង​ជន​​ដែល​បដិសេធ​នឹង​សេចក្ដី​ពិត នៅ​ពេល​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​សិទ្ធិ​អំណាច » ( Jesus the Christ, កំណែ​ទី ៣ [ ឆ្នាំ​ ១៩១៦ ] ទំព័រ​ ៣៤៥, សូមមើលផងដែរ គ. និង ស. ២៤:១៥,​ ​៧៥:១៨–២២, ៨៤:៩២–៩៦ ) ។ ប៉ុន្តែ​ដោយសារ​លក្ខណៈ​ដ៏​សំខាន់​របស់​វា ការ​រលាស់​ធូលីដី​ចេញ​ពី​ជើង​របស់​មនុស្ស​ម្នាក់​​ពុំ​គួរ​ធ្វើ​ឡើយ លើក​លែង​តែ​នៅ​ក្រោម​ការ​ដឹកនាំ​មក​ពី​គណៈ​ប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ប៉ុណ្ណោះ ។

កិច្ចការ ១៤:២២ ។ « ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន »

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់បាន​បង្រៀន​​អំពី​ការ​រងទុក្ខ​ដូច​តទៅ​នេះ ៖

« នៅ​ក្នុង​ការ​ប្រឈម​ទាំងឡាយ​​របស់​យើង​នៅ​លើ​ផែនដី​នេះ វា​​មាន​នូវ​អត្ថន័យ និង​គោលបំណង ។ … យើង​ម្នាក់ៗ​ត្រូវ​តែ​ឆ្លង​កាត់​បទពិសោធន៍​ជាក់លាក់​ ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ​​របស់​យើង ។ មេរៀននៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ​ជា​រឿយៗ​​​អ្នក​ដែល​បង្ហាត់​បង្រៀន​គឺ​ឈឺចាប់ និង​​រង​ទុក្ខ ប៉ុន្តែ​មេរៀន​ទាំងនោះ​​មាន​បំណង​ដើម្បី​បន្សុទ្ធ ហើយ​ឲ្យ​ពរដល់​យើង ហើយ​ពង្រឹង​យើង ពុំ​មែន​ដើម្បី​បំផ្លាញ​យើង​នោះ​ទេ » ( « Faith through Tribulation Brings Peace and Joy »​​ EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១៧ ) ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​​​ដប់ពីរ​នាក់ បាន​ពន្យល់​អំពីគោលបំណង​នៃ​ការ​រង​ទុក្ខ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ៖

« មាន​ការ​ប្រឈម​ជា​ច្រើន​ប្រភេទ ។ ការ​ប្រឈម​ខ្លះ​ផ្ដល់​នូវ​​បទពិសោធន៍​ដ៏​ចាំបាច់​ដល់​យើង ។ លទ្ធផល​មិន​ល្អ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ ពុំ​មែន​ជា​ភស្ដុតាង​នៃ​កង្វះ​សេចក្ដី​ជំនឿ ឬ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ផែនការ​ទាំងមូល​របស់​ព្រះវរបិតា​យើង​​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ទេ ។ ភ្លើង​របស់​អ្នក​បន្សុទ្ធ​គឺ​ពិត ហើយ​គុណសម្បត្តិ​នៃ​បុគ្គលិក​លក្ខណៈ និង​សេចក្ដី​សុចរិត​ដែល​បាន​ក្លែង​​បន្លំ​នៅ​ក្នុង​ការ​រងទុក្ខ​ ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ ហើយ​បន្សុទ្ធ​យើង ព្រមទាំង​រៀបចំខ្លួន​យើង​​ឲ្យ​ជួប​នឹង​ព្រះ » ( ​« The Songs They Could Not Sing »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១០៦ ) ។