បណ្ណាល័យ
មេរៀន​ទី ៩២ ៖ កិច្ចការ ១៥


មេរៀនទី ៩២

កិច្ចការ ១៥

សេចក្ដីផ្ដើម

មាន​សមាជិក​សាសនាចក្រ​មួយ​ចំនួន​មក​ពី​ស្រុក​យូដា​បាន​ប្រាប់​ដល់​ពួក​ប្រែចិត្ត​​​នៅ​ក្រុងអាន់ទីយ៉ូក ថា ពួកគេ​ត្រូវកាត់ស្បែក​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ ប៉ុល និង​បាណាបាស​បាន​នាំ​យក​បញ្ហា​នោះ​ទៅ​ប្រាប់​ដល់​ពួក​សាវក​នៅឯ​ក្រុង​យេរូសាឡិម ។ នៅ​អំឡុង​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ហៅ​ថា សន្និសីទ​នៅ​យេរូសាឡិម ( ប្រមាណ គ.ស.៤៩-៥០) ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះ​នឹង​​សង្គ្រោះ​ដល់​ពួក​យូដា និង​ពួក​សាសន៍​ដទៃ មិន​ថា​ពួកគេ​​បាន​កាត់ស្បែក ឬ​ក៏​អត់​នោះ​ទេ ។ ពួក​សាវក​បាន​ផ្ញើ​សំបុត្រ​ទៅ​សមាជិក​សាសនាចក្រ​ដោយ​ពន្យល់​ថា ការ​កាត់ស្បែក​ពុំមែន​ជា​ទង្វើចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​នោះទេ ។ ប៉ុល​បាន​ជ្រើស​យក​ស៊ីឡាស​ជា​ដៃ​គូ​ផ្សព្វផ្សាយ​សាសនា​របស់​លោក ហើយបាន​បម្រើ​បេសកកម្ម​​ជា​លើកទីពីរ​របស់​លោក ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១៥:១-២៩

តាមរយៈ​ការ​ទូន្មាន​ដ៏​បំផុស​គំនិត ពេត្រុស និង​ពួក​សាវក​ផ្សេងទៀត​បាន​តាំង​ចិត្ត​ថា ព្រះអម្ចាស់​មិន​តម្រូវ​ឲ្យ​មាន​ការ​កាត់ស្បែក​ទៀត​ឡើយ ។

សូម​អញ្ជើញ​សិស្សឲ្យ​សរសេរនៅ​លើ​ក្ដារខៀននូវ​ការ​សម្រេចិត្ត​ដ៏​សំខាន់ៗ​មួយ​ចំនួន ​ដែល​ពួកគេ​​ត្រូវ​ធ្វើ​នៅ​ពេល​នេះ និង​នាពេល​អនាគត ។

  • តើ​អ្នក​និយាយ​ប្រាប់​នរណា នៅ​ពេល​អ្នក​ត្រូវ​ការ​​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ៗ​នោះ ? ហេតុអ្វី​អ្នក​ត្រូវ​និយាយ​ជាមួយពួកគេ ?

  • ហេតុអ្វី​វា​ជារឿង​វៃ​ឆ្លាត​ដើម្បី​ស្វែង​រក​ជំនួយ​របស់​ព្រះ ពី​មុន​ធ្វើ​ការ​សម្រេច​ចិត្ត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិត ខណៈពេល​ពួកគេសិក្សា កិច្ចការ ​១៥​ ដែល​អាច​ណែនាំ​ពួកគេ នៅ​ពេល​ពួកគេ​ព្យាយាម​​ស្គាល់​ព្រះទ័យ​របស់​ព្រះ​ចំពោះ​ពួកគេ ។

សូម​ពន្យល់​ថា កាល​ប៉ុល និង​បាណាបាស​ទៅ​ជួប​នឹង​ពួក​បរិសុទ្ធ​នៅអាន់ទីយ៉ូក មាន​ពួក​សាសន៍​យូដា​មួយ​ចំនួន​មក​ពី​ស្រុក​យូដា​ដែល​បាន​ប្រែ​ចិត្ត​ជឿចំពោះ​សាសនា​គ្រីស្ទ ​បាន​ធ្វើ​ការ​អះអាង​មួយ​ចំនួន​អំពី​អ្វី​ដែល​ពួក​អ្នក​ប្រែ​ចិត្ត​​សាសន៍​ដទៃ​ត្រូវ​ធ្វើ​ដើម្បី​ត្រូវបាន​សង្គ្រោះ ។

សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យអាន កិច្ចការ ១៥:១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា មនុស្ស​ទាំងនេះដែលមក​ពី​ស្រុក​យូដា​បាន​ប្រកាស​ថា តើ​ពួក​អ្នកប្រែចិត្ត​ដែលជាសាសន៍​ដទៃ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រូវ​បាន​សង្គ្រោះ ។

  • តើ​មនុស្ស​ទាំងនេះ​បាន​ប្រកាស​ថា​ ពួក​អ្នក​ប្រែ​ចិត្ត​ជឿដែលជា​សាសន៍​ដទៃ​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​បាន​សង្គ្រោះ ?

សូម​ពន្យល់​ថា ជា​ផ្នែក​មួយ​នៃ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ ព្រះ​បាន​បង្គាប់​ថា បុរស​ទាំងអស់​ដែល​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញាជាមួយ​នឹង​ទ្រង់​ត្រូវ​តែ​កាត់ស្បែក ។ « ការ​កាត់​ស្បែក គឺ​ធ្វើ​ដោយ​កាត់ ‹ ស្បែក​ស្រោម​ចុង​ស្វាស › ពី​ទារក និង​មនុស្ស​ពេញ​វ័យ​ប្រុសៗ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ« កាត់​ស្បែក »scriptures.lds.org) ។ ការ​កាត់​ស្បែក​គឺជា​តំណាង ឬ​ការ​រំឭក​មួយ​អំពីសេចក្ដីសញ្ញាដែលមនុស្ស​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។

សូម​អញ្ជើញសិស្ស​ម្នាក់​​ឲ្យអាន កិច្ចការ ១៥:២-៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​មាន​​អ្វីខ្លះ​បាន​កើត​ឡើង​បន្ទាប់​ពី​ប៉ុល និង​បាណាបាស​បាន​ស្ដាប់​ឮ​មនុស្ស​ទាំងនេះ​ប្រកាស​​ថា ពួក​អ្នក​ប្រែ​ចិត្តដែលជា​សាសន៍​ដទៃ​ត្រូវ​តែ​កាត់​ស្បែក​នោះ ។

  • យោង​តាម ខ​ទី ២តើ​មាន​អ្វីខ្លះ​បាន​កើត​ឡើង នៅ​ពេល​​មនុស្ស​ទាំងនេះ​បាន​និយាយ​ថា ពួក​អ្នក​ប្រែ​ចិត្ត​ចូល​មក​ក្នុង​សាសនាចក្រ​ត្រូវ​តែ​កាត់​ស្បែក​នោះ ?

  • តើ​សមាជិក​សាសនាចក្រ​នៅ​អាន់ទីយ៉ូក​បាន​តាំង​ចិត្ត​ធ្វើ​អ្វីខ្លះ ?

សូម​អញ្ជើញសិស្សម្នាក់​​ឲ្យអាន កិច្ចការ ១៥:៤-៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលថា តើ​មាន​​អ្វី​បាន​កើតឡើងខ្លះ នៅ​ពេល​ប៉ុល និង​មនុស្ស​ដទៃ​បាន​ទៅ​ដល់​ក្រុង​យេរូសាឡិម ។

  • បន្ទាប់​ពី​ប៉ុល និង​បាណាបាសបាន​លើ​កឡើងពី​បទពិសោធន៍​នៃ​ការ​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នឹង​សាសន៍​ដទៃ​ហើយ​ តើ​ពួក​ផារិស៊ី​ដែល​បាន​ប្រែចិត្ត​ជឿ​មួយ​ចំនួន​បាន​ជឿ​ថា ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​សាសន៍​ដទៃ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​បាន​សង្គ្រោះ ?

  • យោង​តាម ខទី ៦តើ​ពួក​សាវក និង​ពួក​អែលឌើរ​បាន​មកជួបជុំគ្នា​ធ្វើ​អ្វី​ខ្លះ ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​ដាក់​លើក្ដារខៀន ឬ​ផ្ដល់​ ឯកសារដល់​សិស្ស ៖

រូបភាព
handout

កិច្ចការ ១៥:៧-១១

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៩២

  1. តើ​នរណា​បាន​ក្រោក​ឡើង​និយាយ ?

  2. តើ​អ្នក​គិត​ថា ពេត្រុស​ចង់​មានន័យ​ដូចម្ដេច នៅ​ពេល​លោក​បាន​ពោលថា ព្រះ « មិន​បាន​រាប់ពួក​យើង [ ពួក​យូដា​ដែល​បាន​ប្រែចិត្ត ] និងពួកគេ​ខុស​ពី​គ្នា​ទេ [ ពួក​សាសន៍​ដទៃ​ដែល​បាន​ប្រែចិត្ត ] » ?

  3. នៅ​ក្នុង ខទី ៨, ៩ និង ១១ តើឃ្លា​អ្វី​ទៅ​ដែល​បង្ហាញថា​ពួក​អ្នក​ប្រែ​ចិត្ត ដែល​​ជឿជា​​សាសន៍​ដទៃ​ មិន​ចាំបាច់​ត្រូវ​កាត់​ស្បែក​ដើម្បី​បាន​សង្គ្រោះ​នោះទេ ?

សូម​បំបែកសិស្សជាគូ ។ សូមអញ្ជើញសិស្សអាន កិច្ចការ ១៥:៧–១១ ជាមួយដៃ​គូ​ខ្លួន ដោយ​រក​មើល​ចម្លើយចំពោះសំណួរ​ទាំងនោះ ។ ពីមុន​ពួកគេ​អាន សូម​ពន្យល់​ថា ឃ្លា « លុះ បាន​ជជែក​គ្នា​ជា​យូរ​ទៅ » នៅ​ក្នុង ខទី ៧ មាន​ន័យ​ថា ពួក​សាវកបាន​ពិភាក្សាវែកញែកយ៉ាង​ខ្លាំងពី​បញ្ហា​កាត់​ស្បែក ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្ស​ពីរ​បីនាក់​ប្រាប់​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់​ពី​សិស្សបាន​ឆ្លើយ​សំណួរ​ទីមួយ​រួច​ហើយ សូម​រំឭក​ពួកគេ​ថា ពេត្រុស​គឺជា​សាវក​រៀម​ច្បង​​នៅ​លើ​ផែនដី ហេតុដូច្នេះហើយ​លោក​មាន​​សិទ្ធិ​អំណាច ​ដើម្បី​និយាយ​តំណាង​ឲ្យ​ព្រះអម្ចាស់ ។

  • តើ​អ្វីទៅ​ជា​ផ្លូវមួយ​ដែល​យើង​អាច​ស្គាល់​ព្រះហឫទ័យរបស់​ព្រះអម្ចាស់ ? ( សិស្ស​គួរ​ស្គាល់​​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​នឹង​សេចក្ដីពិត​ដូច​ខាងក្រោម ៖យើង​អាច​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​តាមរយៈពួក​ព្យាការី និង​ពួក​សាវក​នៅ​រស់​របស់​ទ្រង់​ទាំងឡាយ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​​នៅ​លើ​ក្ដារខៀន ) ។

  • តើផ្លូវមួយចំនួនណាខ្លះ ​ដែល​ពួក​សាវក​នៅ​រស់​ ជួយ​យើងឲ្យ​ស្គាល់វិវរណៈ​ដែល​​ពួក​គាត់​បាន​ទទួល ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ១៥:១២-១៥ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រកមើលថា ហ្វូង​មនុស្ស​បាន​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​​ការ​ប្រកាស​របស់​ពេត្រុសថា ការ​កាត់ស្បែក​ពុំ​មែន​ជា​រឿង​ចាំបាច់​​សម្រាប់​សេចក្ដីសង្គ្រោះ​នោះឡើយ ។

  • តើហ្វូង​មនុស្ស​បាន​ឆ្លើយ​តប​នឹង​ការ​ប្រកាស​របស់​ពេត្រុស​យ៉ាង​ដូចម្ដេច ?

  • តើ​ប៉ុល និង​បាណាបាស​បាន​ធ្វើ​អ្វីខ្លះ​ ដើម្បី​បញ្ជាក់​ចំពោះ​ការ​ប្រកាស​របស់​ពេត្រុសថា ពួក​សាសន៍​ដទៃ​ពុំ​ចាំបាច់​ត្រូវ​កាត់​ស្បែក​នោះទេ ?

  • យោង​តាម​ ខទី ១៥តើ​យ៉ាកុប​បាន​និយាយ​ថា ការ​ប្រកាស​របស់​ពេត្រុស ( ស៊ីម្មាន ) ស្របគ្នា​​ជាមួយ​នឹង​ពាក្យ​របស់​នរណា ?

អ្នក​អាច​នឹង​ចង់ពន្យល់​ថា ពេត្រុស​បាន​ធ្វើ​ជា​អធិបតី​នៅ​ឯ​សន្និសីទ​នោះ ហើយទំនងជា ​យ៉ាកុប​ក៏មាន​តួនាទី​​ធំ​មួយ​នៅ​ទីនោះ​ផងដែរ ។ យ៉ាកុបគឺជា​ប្អូន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​កើត​មក​ពី​ពោះ​ម្ដាយ​តែ​មួយតែ​ឪពុក​ផ្សេងគ្នា និង​ជា​ប៊ីស្សព​ដំបូង​គេ​របស់​សាសនាចក្រ​នៅ​ក្រុង​យេរូសាឡិម ។ សូម​សង្ខេប កិច្ចការ ១៥:១៦–១៨ ដោយ​ពន្យល់​ថា យ៉ាកុប​បាន​ដក​ស្រង់ អេម៉ុស ៩:១១–១២ ដើម្បី​បង្ហាញ​ថា ការ​ប្រកាស​របស់​ពេត្រុសស្របគ្នា​ជាមួយ​នឹង​ប្រសាសន៍​របស់​ពួក​ព្យាការី ដែល​​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរនានា ។

  • យោង​តាម​​អ្វីដែល​យ៉ាកុបបាន​បង្រៀន តើ​អ្វី​ទៅ​ជា​ផ្លូវមួយ​ទៀតដែល​យើង​អាច​ស្គាល់​ព្រះហឫទ័យរបស់​​ព្រះអម្ចាស់ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​​គ្នា​នេះ ៖យើង​អាច​ស្គាល់​ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់​តាម​រយៈការ​សិក្សា​ព្រះគម្ពីរនានា ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ១៥:១៩-២០ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាមរក​មើល ពាក្យពេចន៍ដែលយ៉ាកុប​បាន​ទូន្មាន​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ធ្វើ​ ។ សូម​ពន្យល់​ថា ពាក្យ គំនិត នៅ​ក្នុង ខទី ១៩ មាន​ន័យ​ថា សំណើ ឬ​អនុសាសន៍ ( សូមមើល Bruce R. McConkie, Doctrinal New Testament Commentaryវ៉ុល ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:១៤៣ ) ។

  • តើយ៉ាកុបបានទូន្មានឲ្យថ្នាក់ដឹកនាំ​សាសនាចក្រ​ធ្វើ​អ្វីខ្លះ​សម្រាប់​ពួក​សាសន៍​ដទៃ ? ( យ៉ាកុប​បាន​ចេញ​អនុសាសន៍​ថា ថ្នាក់​ដឹកនាំ​សាសនាចក្រ « មិន​ត្រូវ​ធ្វើ​ឲ្យមាន​ចិត្ត​ខ្វល់​ឡើយ » [ ខ​ទី ១៩ ] ឬ​កុំ​ធ្វើ​ឲ្យ​ការរស់​នៅតាម​ដំណឹងល្អកាន់​តែ​មាន​ភាព​លំបាក​ដល់​ពួក​សាសន៍​ដទៃ​ដែល​បាន​ប្រែ​ចិត្ត​ជឿ ហើយ​មិន​ត្រូវ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើតាម​​ទម្លាប់​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ពី​មុន​ក្លាយ​ជា​សមាជិក​សាសនាចក្រនោះ​ឡើយ ។ ដោយ​ថ្លែង​បែប​នេះ យ៉ាកុប​កំពុង​គាំទ្រ​ដល់​​ការ​សម្រេច​ចិត្ត​ដែល​ពេត្រុស​បាន​ធ្វើ​ឡើង​កាល​ពីមុន ) ។

  • យោង​តាម​ ខទី ២០តើ​ផ្នែក​អ្វីខ្លះ​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​​ដែល​យ៉ាកុប​​គិត​ថា ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ដែលជា​សាសន៍​ដទៃ​នៅ​តែ​ត្រូវ​គោរព​តាម ? ( ការ​ហាម​ឃាត់​កុំ​ឲ្យ​ធ្វើ​អំពើបាប​ខាង​ផ្លូវ​ភេទ ការ​បរិភោគ​អាហារ​ដែល​ថ្វាយ​ជា​ដង្វាយ​ទៅ​រូបព្រះ និង​ការ​បរិភោគ​​ឈាម ) ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់ឲ្យ​​ប្ដូរ​វេន​គ្នា​អាន​ឲ្យ​ឮៗ​នៅ​ក្នុង កិច្ចការ ១៥:២២-២៧​ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាមរកមើលការ​សម្រេច​ចិត្ត​របស់ក្រុម​ប្រឹក្សា​នោះ ។

  • តើពួក​សាវក​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី ? ( ផ្ញើ​សំបុត្រ​មួយ​ដល់​សមាជិក​សាសនាចក្រ​ដោយ​ប្រកាស​ថា ការ​កាត់​ស្បែក​ពុំ​បាន​តម្រូវ​ឲ្យ​ធ្វើ​ឡើងដើម្បី​ទទួលបាន​សេចក្ដី​សង្គ្រោះ​ឡើយ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួក​សាវក​បាន​សម្រេ​ចចិត្ត​បញ្ជូន​ថ្នាក់​ដឹកនាំ​ដូចជា​ប៉ុល និង​ស៊ីឡាស​ឲ្យ​នាំ​យក​សំបុត្រ​នោះ​ទៅ ? ( សិស្ស​អាច​មាន​ចម្លើយ​ផ្សេងៗ​គ្នា ប៉ុន្តែ​ហេតុផល​​មួយ​គឺ​ដើម្បី​បញ្ជាក់​ថា ការ​ប្រកាស​នោះកើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​រួម​គ្នា​របស់​ពួកសាវក ។ សូម​ចង្អុល​បង្ហាញ​ថា គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដូចគ្នា​នេះ​នៅ​ក្នុង​ជំនាន់​របស់​យើង ដើម្បី​ផ្ដល់​ការ​ណែនាំ​ដ៏​បំផុស​គំនិត​ដល់​សមាជិក​សាសនាចក្រ​ទាំង​ឡាយ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ ​មក​ពី​ដំណឹង​រឿង​នេះ​ពី​រ​បៀប​ដែលថ្នាក់​ដឹកនាំ​សាសនាចក្រ​​ទទួល​បាន​ការ​បំផុស​គំនិត​អំពី​បញ្ហា​លំបាកនានា ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដី​ពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖តាម​រយៈ​ការ​ប្រឹក្សា​រួម​គ្នា និង​ការ​ស្វែង​រក​វិវរណៈមក​ពី​ព្រះ នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទទួល​បាន​​ការ​បំផុសគំនិត​ចំពោះ​បញ្ហា​លំបាក​នានា) ។

ដើម្បី​ជួយ​សិស្សឲ្យ យល់ ថា​សេចក្ដី​ពិត​នេះ​ទាក់ទង​នឹង​សាសនាចក្រនៅ​សព្វថ្ងៃ​នេះ​តាម​របៀប​ណា សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការ​ណ៍ខាង​ក្រោម​នេះ​មក​ពី​​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« គំរូ​ដូចគ្នា​នេះ​ត្រូវ​បាន​ធ្វើ​តាម​នា​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ស្ដារ​ឡើងវិញ ។ ប្រធាន​សាសនាចក្រ​អាច​ប្រកាស ឬ បកស្រាយ​គោលលទ្ធិ​ទាំងឡាយ ដោយ​ផ្អែក​លើ​វិវរណៈ​ដែល​ប្រទាន​ដល់​លោក ( សូមមើល ជា​ឧទាហរណ៍ គ. និង ស. ១៣៨ ) ។ ការ​ពិពណ៌នាអំពី​គោលលទ្ធិ​ក៏​អាច​បាន​មក​តាមរយៈ​ការប្រឹក្សា​រួមគ្នា​របស់​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ផងដែរ ( សូមមើល ជា​ឧទាហរណ៍ សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី​២ ) ។ ជារឿយៗ ការពិភាក្សា​ក្នុង​ក្រុម​ប្រឹក្សា​នឹង​រួម​បញ្ចូល​នូវ​បទដ្ឋាន​ព្រះគម្ពីរ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង អ្វី​ដែល​បាន​ធ្វើ​ហើយ​ពីមុន ។ ប៉ុន្ដែ នៅ​ទីបញ្ចប់​គឺ​ដូចជា​សាសនាចក្រ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែរ ដែល​ជា​ធម្មតា​គោលដៅ​របស់​វា​ពុំ​មែន​ជា​ការព្រមព្រៀង​គ្នា​នៅក្នុង​សមាជិក​ក្រុមប្រឹក្សា​នោះ​ទេ ប៉ុន្ដែ​វា​ជា​វិវរណៈ​មក​ពី​ព្រះ​វិញ ។ វា​គឺជា​ដំណើរ​ការ​មួយ​ដែល​ត្រូវ​តែ​មាន​ទាំង​ហេតុផល និង​សេចក្ដីជំនឿ​ដើម្បី​ទទួល​បាន​ព្រះតំរិះ និង​ព្រះទ័យ​របស់​ព្រះអម្ចាស់ » ( « The Doctrine of Christ »EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០១២ ទំព័រ ៨៨ ) ។

  • ហេតុអ្វីអ្នកគិត​ថា វាជារឿង​សំខាន់ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ត្រូវ​ប្រឹក្សា​រួម​គ្នាជារឿយៗ ក្នុងពេល​ស្វែង​រក​វិវរណៈ​ពី​ព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន កិច្ចការ ១៥:២៨-២៩ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ពួកសាវក និង​ពួក​អែលឌើរបាន​សរសេរ​អ្វីខ្លះ​នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​សមាជិក​សាសនាចក្រ​នោះ ។

  • តើ​ពួកសាវក និង​ពួក​អែលឌើរបាន​សរសេរ​អ្វីខ្លះ​ នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​សមាជិក​សាសនាចក្រ​នោះ ?

  • នៅ​ក្នុង ខ​ទី ២៨តើ​ឃ្លា « មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ » មាន​ន័យ​ដូចម្ដេច ? ( មនុស្ស​មិន​ត្រូវគោរព​តាមកិច្ច​តម្រូវ​បន្ថែម​ណា​មួយ ​ដែល​កើត​ចេញ​មក​ពី​មនុស្ស ដែល​​ពុំ​មែន​មក​ពី​ព្រះឡើយ ) ។

  • យោង​តាម ខ​ទី ២៨ តើ​ពួក​សាវក​បាន​ស្គាល់​ព្រះទ័យ​របស់​ព្រះ​ស្ដីពីតម្រូវការសម្រាប់​ពួក​សាសន៍​ដទៃ​ ដែល​បាន​ប្រែចិត្ត​ជឿ​យ៉ាង​ដូចម្ដេច ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​បំផុស​គំនិត​ដល់​ពួក​សាវក កាល​ពួកគាត់​បាន​ប្រឹក្សា​រួម​គ្នា ។ ទ្រង់​ក៏​បាន​ប្រទាន​​សាក្សី​បញ្ជាក់​មួយ​ថា ការ​សម្រេច​ចិត្ត​របស់​ពួកលោក​គឺ​ត្រឹមត្រូវ ។

  • ដោយ​ផ្អែក​លើ​របៀប​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​​បាន​ស្គាល់​ព្រះទ័យ​របស់​ព្រះអម្ចាស់ ដូចដែល​បាន​កត់​ត្រា​នៅ​ក្នុង ខ​ទី ២៨តើ​យើង​អាច​ស្គាល់​ព្រះទ័យ​របស់​ព្រះអម្ចាស់​តាម​របៀប​ណា ? ( សិស្ស​អាច​នឹង​ប្រើពាក្យ​ពេចន៍ផ្សេងៗគ្នា ប៉ុន្តែ​ចូរ​ធ្វើយ៉ាងណាជួយពួកគេ​ឲ្យ​យល់​ថា យើង​អាច​ស្គាល់​ព្រះទ័យ​របស់​ព្រះអម្ចាស់​ តាមរយៈ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

ចូរ​អញ្ជើញសិស្សឲ្យរក​មើល​សេចក្ដីពិត​នៅលើ​ក្ដារខៀន ។

  • តើ​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​យើង​ នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ដោយ​របៀប​ណា ?

  • យោង​តាម​​សេចក្ដីពិត​ទាំងនេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះដើម្បីស្គាល់​ព្រះទ័យ​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា អ្នក​ពិតជាបាន​ស្គាល់​ព្រះទ័យ​របស់​ព្រះអម្ចាស់ នៅ​ពេល​អ្នក​​បាន​ធ្វើ​តាម​សេចក្ដីពិត​ទាំងនេះ​នៅ​ពេល​ណា ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សិក្សា​ប្រសាសន៍​របស់​ពួក​ព្យាការី​បច្ចុប្បន្ន និង​ព្រះគម្ពីរ​ទាំងឡាយ ។ សូម​ពន្យល់​ថា នៅ​ពេល​ពួកគេ​ធ្វើ​ដូច្នេះ នោះ​ពួកគេ​អាច​បាន​ស្គាល់​ព្រះទ័យ​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅពេល​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​នានា ។

កិច្ចការ ១៥:៣០-៤១

ប៉ុល និង​អ្នក​ដទៃ​ទៀត​បាន​នាំ​យក​សំបុត្រ​របស់​ពួក​សាវក​ទៅ​ដល់​សមាជិក​នៅ​អាន់ទីយ៉ូក

សូម​សង្ខេប កិច្ចការ ១៥:៣០–៤១ ដោយ​ពន្យល់​ថា ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​​មួយ​ចំនួន​បាន​នាំ​យក​សំបុត្រ​របស់​ពួក​សាវក​ដល់​សមាជិក​សាសនាចក្រ​​នៅ​អាន់ទីយ៉ូក ។ បន្ទាប់​ពី​ប្រកាស​ដំណឹងល្អ​នៅ​អាន់ទីយ៉ូក​មក ប៉ុល​បាន​សុំឲ្យ​បាណាបាស ​ទៅ​ជាមួយ​លោក​ទៅ​កន្លែង​ដែល​ពួកគាត់​ធ្លាប់​បាន​ប្រកាស​ដំណឹង​ល្អ ។ បាណាបាស ​ចង់​នាំ​ម៉ាកុស​ទៅ​ជាមួយ​ពួកគាត់ ប៉ុន្តែ​ប៉ុល​បាន​បដិសេធ ។ បន្ទាប់​ពី​ការ​ខ្វែងគំនិតគ្នា​មួយ​ចំនួន​រវាង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទាំង​ពីរ​មក បាណាបាស​បាន​សម្រេច​ចិត្ត​នាំ​ម៉ាកុស​ទៅ​ជាមួយ​លោក ដូច្នេះ​ប៉ុល​បាន​ជ្រើស​ស៊ីឡាស​ជា​ដៃ​គូ​បេសកកម្ម ហើយ​បាន​ចាប់ផ្ដើម​បេសកកម្ម​លើកទីពីរ​របស់​លោក ។ សូម​ពន្យល់​ថា ការ​មិន​យល់​ស្រប​គ្នា​គឺ​ពុំ​មែន​ចាត់​ទុក​ថា​ជា​អំពើបាប​ទេ ។ ប៉ុន្តែ ជំនួស​ឲ្យ​ការ​ទាស់​ទែង​គ្នា នោះ​យើង​គួរ​ខិតខំ​ស្វែង​រក​ដំណោះស្រាយ​រួមគ្នា ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នា ។ ( យើង​រៀន​នៅ​ក្នុង ធីម៉ូថេទី ២ ៤:១១ ថា បញ្ហា​រវាង​ប៉ុល និង​ម៉ាកុស​ក្រោយ​មក​ត្រូវបានសម្រុះសម្រួលគ្នាវិញ ) ។

សូម​បញ្ចប់​ដោយការ​ថ្លែងទីបន្ទាល់​អំពី​សេចក្ដី​ពិត​ ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង​កិច្ចការ​ ១៥ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១៥:៦។ « ពួក​សាវក និង​ពួក​ចាស់ទុំ​ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ »

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ ដែល​ព្រះអង្គ​សង្គ្រោះ​បើក​សម្ដែង​ព្រះទ័យ​របស់​ទ្រង់​ដល់​ពួក​សាវក​របស់​ទ្រង់ ៖

« តើ​ព្រះអង្គសង្គ្រោះ​បើក​សម្ដែង​ពីព្រះទ័យ និង​គោលលទ្ធិ​របស់​ទ្រង់​ចំពោះ​ព្យាការី អ្នក​មើល​ឆុត និង​​អ្នក​ទទួល​វិវរណៈ​ដោយ​របៀប​ណា ? ទ្រង់​អាច​ធ្វើ​តាម​រយៈ​សារទូត ឬ​ដោយ​អង្គ​ទ្រង់​​ផ្ទាល់ ។ ទ្រង់​អាច​មាន​បន្ទូល​ដោយសំឡេង​ទ្រង់​ផ្ទាល់ ឬ​ដោយ​សំឡេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ —ការទំនាក់​ទំនង​ពីព្រះ​វិញ្ញាណ​ទៅ​វិញ្ញាណ ដែល​អាច​បង្ហាញ​តាម​ពាក្យ​សម្ដី ឬ​តាម​អារម្មណ៍ ដែលទំនាក់ទំនងមានការ​យល់​ដឹង ដែល​ពិបាក​ពិពណ៌នាបាន ( សូមមើល នីហ្វៃទី ១ ១៧:៤៥, គ. និង ស. ៩:៨ ) ។ ទ្រង់​អាចមាន​បន្ទូល​ទៅកាន់​អ្នក​បម្រើ​ទ្រង់​ម្នាក់ៗ ឬ​ជាក្រុមប្រឹក្សា ( សូមមើល នីហ្វៃទី៣ ២៧:១–៨ ) » ( « The Doctrine of Christ »EnsignLiahonaខែ​ ឧសភា ឆ្នាំ​ ២០១២ ទំព័រ ៨៧ ) ។

កិច្ចការ ១៥:៦-11 ។ ពេត្រុសបានប្រកាសពីព្រះតំរិះ​របស់​ព្រះអម្ចាស់​បន្ទាប់​ពី​ពួក​សាវក​បាន​ប្រឹក្សា​រួម​គ្នា​ហើយ

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀន​អំពី​ការ​សម្រេចចិត្ត​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ថា ៖

« គ្មាន​ការ​សម្រេចចិត្ត​ណាមួយ​ធ្វើឡើង​ចេញ​ពី​ការ​ពិភាក្សា​នៃ​គណៈប្រធាន​ទីមួយ និង​ពួកសាវក​ដប់ពីរនាក់ ដោយ​គ្មាន​ការ​មូលមតិ​គ្នា​ពី​អ្នក​ដែល​ចូលរួម​ទាំង​អស់​ឡើយ ។ នៅដើម​ដំបូង​នៃ​ការ​ពិចារណា​លើ​បញ្ហា អាច​មាន​គំនិត​យោបល់​ខុសគ្នា ។ វា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​ឡើង ។ បុរស​ទាំង​នេះ មាន​ប្រវត្តិ​ខុសៗគ្នា ។ ពួកគេ​គឺ​ជា​បុរស​ដែល​មាន​គំនិត​ផ្ទាល់​ខ្លួន ។ ប៉ុន្តែ មុន​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ចុងក្រោយ នោះ​ត្រូវ​មាន​ការ​មូលមតិ​ជា​ឯកច្ឆន្ទ និង​មាន​សំឡេង​តែ​មួយ ។

« វា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​ឡើង ប្រសិន​បើ​ពួកគេ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​សូម​ដកស្រង់​ចេញ​ពី​វិវរណៈ​នេះ​ម្ដង​ទៀត ៖

«‹ ការ​សម្រេចចិត្ត​ទាំង​ឡាយ​នៃ​ក្រុម​ទាំង​នេះ ឬ​ពី​ក្រុម​ណាមួយ នោះ​ត្រូវ​បាន​ធ្វើឡើង ដោយ​សេចក្ដី​សុចរិត ដោយ​បរិសុទ្ធភាព និងចិត្ត​សុភាពរាបសារ ស្លូតបូត និង​សេចក្ដីអត់ធ្មត់ និង​ដោយ​សេចក្ដី​ជំនឿ និងគុណធម៌ និង​ដំរិះ សេចក្ដីអត់សង្កត់ សេចក្ដីអត់ធន់ សេចក្ដី​កោតខ្លាច​ដល់​ព្រះ សេចក្ដីរាប់អានគ្នា និង​សេចក្ដីសប្បុរស

«‹ ពីព្រោះសេចក្ដី​សន្យាថា បើសិន​ជា​សេចក្ដីទាំងឡាយ​នេះចម្រើន​ឡើងក្នុងចិត្ត​ពួកគេ ហើយនោះ ពួកគេ​នឹង​មិន​ដែល​នៅ​ឥតផល ខាងដំណើរ​ស្គាល់​ព្រះអម្ចាស់​ឡើយ › ( គ និង ស ១០៧:៣០–៣១ ) ។

« ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ថា ក្នុង​រយៈពេល​ម្ភៃឆ្នាំ ដែល​ខ្ញុំ​បាន​បម្រើ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នៃ​ពួក​ដប់ពីរនាក់ និង​ក្នុង​រយៈពេល​ជិត​ដប់បី​ឆ្នាំ​ដែល​ខ្ញុំ​បាន​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ពុំដែល​មាន​ហេតុការណ៍​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង ដោយសារ​តែ​គ្មាន​ការ​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​នោះ​ឡើយ ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​គំនិត​យោបល់​ខុសគ្នា នៅ​ក្នុង​ការ​ពិភាក្សា​ទាំង​នេះ ។ នៅ​ក្នុង​ដំណើង​ការ​នៃ​ការ​បញ្ចេញ​មតិ​យោបល់​រៀងៗ​ខ្លួន គំនិត និង​ទស្សនៈ​របស់​ពួកគេ​បាន​ផ្លាស់ប្ដូរ ។ ប៉ុន្តែ ខ្ញុំ​ពុំធ្លាប់​បាន​ឃើញ​ការ​មិន​ចុះសម្រុង​គ្នា​ធ្ងន់ធ្ងរ ឬ​ការ​គុំគួន​ផ្ទាល់​ខ្លួន​នៅក្នុង​ចំណោម​បងប្អូន​ប្រុស​របស់​ខ្ញុំ​ឡើយ ។ ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​រឿង​ដែល​ស្រស់ស្អាត និង​អស្ចារ្យ​ជា​ច្រើន—ការ​មក​ជុំគ្នា នៅក្រោម​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​នៅក្រោម​ព្រះចេស្ដា​នៃ​វិវរណៈ ពី​ទស្សនៈផ្ទុយ​គ្នា​រហូត​ដល់​បាន​ចុះសម្រុង​គ្នា និង​មូលមតិ​គ្នា​ទាំង​ស្រុង ។ នៅពេល​នោះ​ហើយ​ដែល​ការ​អនុវត្តន៍​ត្រូវ​បាន​ធ្វើ​ឡើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នោះ​ថា ព្រះវិញ្ញាណ​​​នៃ​វិវរណៈ បាន​បើកសម្ដែង​ម្ដងហើយ​ម្ដងទៀត​ក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់ » ( « God Is at the Helm »Ensign ខែ ​ឧសភា ឆ្នាំ​ ១៩៩៤ ទំព័រ ៥៤, ៥៩ ) ។

កិច្ចការ ១៥:២០ ។ « សត្វដែលសម្លាប់​ដោយច្របាច់​ក​មួយ ហើយ​ពី​ឈាម​មួយ »

« ដោយ​សារ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ឈាម ( សូមមើល លេវីវិន័យ ៣:១៧, ១៧:១០–១៤, ១៩:២៦ ​) ការ​ទូន្មាន​របស់​យ៉ាកុប​ឲ្យ​តម ‹ សត្វ​ដែល​​សម្លាប់​ដោយ​ច្របាច់​ក​មួយ ហើយ​ពី​ឈាម​មួយ › អាច​ចង់​មាន​ន័យ​ថាកុំ​ឲ្យ​ពួក​សាសន៍​​យូដា​រវាទ​ចិត្ត ហើយ​រារាំង​កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា​នៅ​ក្នុង​ចំណោម​ពួកគេ » ( New Testament Student Manual Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៣០៩ ) ។