បណ្ណាល័យ
មេរៀន​ទី ៩៥ ៖ កិច្ចការ ១៨-១៩


មេរៀន​ទី ៩៥

កិច្ចការ ១៨-១៩

សេចក្តី​ផ្ដើម

ប៉ុល​ត្រូវ​ពួក​សាសន៍​យូដា​ជាច្រើន​នៅ​ក្រុង​កូរិនថូស​បដិសេធ ប៉ុន្តែ​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​សាសន៍​ដទៃ​ដែល​នៅ​ទីនោះ ។ ស្វាមី​ភរិយារៀបការ​ដ៏​ស្មោះ​ត្រង់​មួយ​គូ គឺ​អ័គីឡា និងព្រីស៊ីល បាន​ជួយ​អ័ប៉ុឡូស​ឲ្យ​យល់​ពី​ផ្លូវ​របស់​ព្រះ ។ ប៉ុល​បាន​ប្រកាស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ធ្វើ​អព្ភូតហេតុ ហើយ​បាន​ចេញ​ពី​ក្រុម​មនុស្ស​ដ៏​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​សាលាប្រជុំ​នៅ​ឯ​អេភេសូរ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១៨:១-១៧

ប៉ុល​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​កូរិនថូស

ចូរ​អាន​សំណួរ​​ដូចខាង​ក្រោម​នេះ​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​​នៅក្នុង​​​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់​របស់ពួកគេ ឬក្នុងសៀវ​ភៅ​​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

  • តើ​មាន​វិធី​មួយ​ចំនួនណាខ្លះ ​ដែល​អ្នក​អាច​ចូល​រួម​នៅ​ក្នុង​កិច្ចការ​របស់​​ព្រះអម្ចាស់ ?

  • តើ​មាន​ឧបសគ្គណាខ្លះ ដែល​អ្នក​ធ្លាប់បាន​ជួប ​នៅ​ពេល​អ្នក​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ១៨ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ​ ដែល​អាច​ជួយ​ពួកគេ នៅ​ពេល​ពួកគេ​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សូម​សង្ខេប កិច្ចការ ១៨:១–៤ ដោយ​ពន្យល់​ថា ប៉ុល​​បាន​ចាក​ចេញពីទី​ក្រុង​អាថែន​ទៅ​កូរិនថូស ជា​ទីកន្លែង​ដែល​លោក​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​សាលា​ប្រជុំ ។ ( អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​ផែនទី​ក្នុង​ព្រះគម្ពីរ​ប៊ីប ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ហើយ​ស្វែង​រក​ក្រុង​អាថែន និង​កូរិនថូស ) ។

សូមឲ្យ​សិស្ស​ម្នាក់​អានកិច្ចការ ១៨:៥-៦ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ឧបសគ្គ​នានា ដែល​ប៉ុល​បាន​ជួប​ប្រទះ ​នៅ​ពេល​លោក​បាន​បង្រៀន​ពួក​សាសន៍​យូដា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​កូរិនថូស ។

  • តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​ប៉ុល​បាន​ជួបប្រទះ ?

  • តើ​ប៉ុល​បាន​ដាក់​ផែនការ​ធ្វើ​អ្វីខ្លះ ដោយសារ​ពួក​សាសន៍​យូដា​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​បាន​បដិសេធ​សារលិខិត​របស់​លោក ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១៨:៧-១០ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើល​ថាតើមាន​អ្វី​បាន​កើត​ឡើង​ ដែល​​វា​បាន​ផ្ដល់​ជាការ​លើក​ទឹក​ចិត្ត​ដល់​ប៉ុល ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ដែលវា​បាន​ផ្ដល់​ជាការ​លើក​ទឹក​ចិត្ត​ដល់​ប៉ុល ?

  • យោង​តាម ខ​ទី ១០តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ប៉ុល​ ប្រសិន​បើ​លោក​បាន​ប្រកាស​ដំណឹងល្អ ?

  • តើ​យើង​អាច​រៀន​ពី​គោលការណ៍​អ្វីខ្លះ​ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ អំពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​ជន​ដែល​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​សក្ដិសម ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​ថា​​​ ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូច​ខាង​ក្រោម​​នេះ ៖ប្រសិន​បើ​យើង​រស់​នៅ​ដោយ​សក្ដិសម នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង កាល​យើង​ធ្វើ​កិច្ចការ​របស់​ទ្រង់ )

  • ហេតុអ្វី​វា​ជា​រឿង​យ៉ាងសំខាន់​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​អ្នក កាល​អ្នក​ធ្វើ​កិច្ចការ​របស់​ទ្រង់ ?

ចូរ​សុំ​​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូចខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ឥឡូវ​នេះ អ្នកទាំងអស់គ្នា​មួយ​ចំនួន​អាច​មាន​ការ​ខ្មាស់​អៀន​ពី​ធម្មជាតិ ឬ​គិត​ថា​ខ្លួន​ឯង​គ្មាន​សមត្ថភាព​​គ្រប់​គ្រាន់​ ដើម្បី​ឆ្លើយ​តប​​ដោយ​វិជ្ជមាន​ទៅ​នឹង​ការ​ហៅ​បម្រើ​ ។ សូម​ចងចាំ​ថា នេះ … គឺ​ជា​កិច្ចការ​របស់​ព្រះ​អម្ចាស់ ហើយ​ពេល​យើង​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះ​អម្ចាស់ ។ ចូរ​ចាំ​ថា ព្រះអម្ចាស់​នឹង​ដុសខាត់​ខ្នងដើម្បី​​រែក​បន្ទុក ​ដែល​នឹង​ដាក់​មក​លើខ្នងនោះ » ( « To Learn, to Do, to Be »​Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦២ ) ។

  • តើ​នៅ​ពេល​ណា ដែល​ព្រះអម្ចាស់​បាន​គង់​នៅជាមួយអ្នកនៅពេលអ្នកបាន​ធ្វើ​កិច្ចការ​របស់​ទ្រង់ ? តើ​អ្នក​បាន​ដឹង​ថា​ទ្រង់​គង់​នៅ​ជាមួយ​អ្នក​ដោយ​របៀប​ណា ?

សូម​សង្ខេប កិច្ចការ ១៨:១១–១៧ ដោយ​ពន្យល់​ថា ប៉ុល​បាន​បន្ត​ផ្សព្វផ្សាយ​នៅ​ក្នុង​កូរិនថូស​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លះ ( ហើយ​ទំនង​ជា​សរសេរ​សំបុត្រ​របស់​លោក​ទៅកាន់​ពួក​ថែស្សាឡូនីច​នៅ​គ្រា​នេះ ) ។ កាល​លោក​នៅ​ក្នុង​កូរិនថូស មាន​ពួក​យូដា​មួយ​ក្រុម​បាន​ព្យាយាម​ធ្វើ​ឲ្យ​ប៉ុល​មាន​ទោស​ ចំពោះអ្វី​ដែល​លោក​កំពុង​បង្រៀន ប៉ុន្តែ​អ្នក​តំណាង​ផ្នែក​ច្បាប់​បាន​បដិសេធ​​ករណី​នេះ ។

កិច្ចការ ១៨:១៨-២៨

អ័គីឡា និង ព្រីស៊ីល បាន​ជួយ​អ័ប៉ុឡូស​ឲ្យ​យល់​ពី​មាគ៌ា​របស់​ព្រះ

សូម​សង្ខេប កិច្ចការ ១៨:១៨–២៣ ដោយ​ពន្យល់​ថា មាន​ស្វាមី​ភរិយា​មួយ​គូ គឺ​អ័គីឡា និងព្រីស៊ីល បាន​អម​ដំណើរ​ប៉ុល​ទៅ​អេភេសូរ ។ ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​យេរូសាឡិម រួច​ហើយ​ទៅ​ភាគ​ខាង​ជើង​អាន់ទីយ៉ូក ដោយ​ទុក​ឲ្យ​ស្វាមី​ភរិយា​គូ​នេះ​នៅ​អេភេសូរ ។ នៅ​អាន់ទីយ៉ូក លោក​បាន​បញ្ចប់​ដំណើរ​​ផ្សាយ​សាសនាជា​លើក​ទីពីរ​របស់​លោក ដែល​មាន​រយៈពេល​បី​ខែ ហើយ​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា ៤,៨២៨ គីឡូម៉ែត្រ ។ បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន លោក​បាន​ចាកចេញ​ពី​អាន់ទីយ៉ូក ហើយ​បាន​ចាប់ផ្ដើម​ដំណើរ​​ផ្សាយ​សាសនាលើក​ទីបី​របស់​លោក ដោយ​ធ្វើ​ដំណើរ​​ទៅ​តាម​សាខា​ដែល​លោក​បាន​ស្ថាបនា​កាល​ពី​មុន ហើយ​ពង្រឹង​ដល់​សមាជិក​ទាំងឡាយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ១៨:២៤-២៥ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថាតើ​មាន​អ្វី​បាន​កើត​ឡើង​នៅ​អេភេសូ​រ បន្ទាប់​ពី​ប៉ុល​បាន​ចេញ​ទៅ ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង​នៅ​អេភេសូរ ​បន្ទាប់​ពី​ប៉ុល​បាន​ចាកចេញ​នោះ ?

  • តើ​អ័ប៉ុឡូស​បាន​យល់​អ្វី​រួច​ទៅ​ហើយ​អំពី « សេចក្តី​ខាង​ឯ​ព្រះអម្ចាស់ » ? ( ខ​ទី ២៥ )

  • តើ​អ័ប៉ុឡូស​នៅ​ខ្វះ​ចំណេះដឹង​អ្វីខ្លះ ? ( ដោយ​បាន « ស្គាល់​តែ​បុណ្យ​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន​ » [ ខទី ២៥ ] ប៉ុន្តែ​​អ័ប៉ុឡូស​នៅ​ខ្វះ​ការ​យល់​ដឹង​​ពី​ភាព​ពេញ​លេញ​នៃ​ដំណឹង​​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន កិច្ចការ ១៨:២៦ ឲ្យឮ​ៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​នូវ​អ្វី​ដែល អ័គីឡា និងព្រីស៊ីល​បាន​ធ្វើ​ កាល​ពួកគេ​បាន​ស្ដាប់​ឮ​ការ​បង្រៀន​របស់​អ័ប៉ុឡូស ។

  • តើ​អ័គីឡា និងព្រីស៊ីល​បាន​ធ្វើ​អ្វីខ្លះ កាល​ពួក​គេ​បាន​ស្ដាប់​ឮ​ការ​បង្រៀន​របស់​អ័ប៉ុឡូស ?

  • តើ​ឃ្លា​ដែលថា​ពួកគេ « ពន្យល់​ពី​ផ្លូវ​ព្រះ​ឲ្យ​រឹត​តែ​ច្បាស់​ទៅ​ទៀត » ​មាន​ន័យ​ដូច​ម្ដេច ? (ខ ២៦) ។ ( អ័គីឡា និងព្រីស៊ីល បាន​បង្រៀន​អ័ប៉ុឡូស​បន្ថែម​ទៀ​តអំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ដោយ​ជួយ​បន្ថែម​ចំណេះ និង​ការ​យល់​ដឹង​​ដល់​អ័ប៉ុឡូស ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១៨:២៧-២៨ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ភស្ដុតាង​ថា អ័គីឡា និងព្រីស៊ីល​បាន​ជួយ​អ័ប៉ុឡូស​ឲ្យ​យល់​ដឹង​ពី​ផ្លូវ​ព្រះរឹត​តែ​​ច្បាស់ ។

  • តើ​ឃ្លា​អ្វី​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​ចង្អុល​បង្ហាញ​ថា អ័គីឡា និង​ព្រីស៊ីល​បាន​ជួយ​អ័ប៉ុឡូស​ឲ្យ​យល់​ដឹង​ពី​ផ្លូវ​របស់ព្រះរឹត​តែ​ច្បាស់ ?

កិច្ចការ ១៩:១-២០

ប៉ុល​ផ្តល់​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ធ្វើ​អព្ភូតហេតុ

សូម​ពន្យល់​ថា បន្ទាប់​ពី​ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជាច្រើន នោះ​លោក​បាន​ត្រឡប់​មក​អេភេសូ​រ​វិញ ។ សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១៩:២-៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​ថា តើ​ប៉ុល​បាន​ជួយ​ប្រជាជន​នៅ​អេភេសូរ​ឲ្យ​យល់​ពី​ផ្លូវ​របស់ព្រះ​រឹត​តែ​ច្បាស់​តាម​របៀប​ណា ។

  • តើ​គោលលទ្ធិ​អ្វី​ទៅ ​ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​សិស្ស​នៅ​អេភេសូ​រ​ឲ្យ​យល់​រឹតតែ​​ច្បាស់​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ ដែល​បាន​បោះពុម្ព​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ព្យាការី​ យ៉ូសែប ស្ម៊ីធ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ហេតុផល ​ដែល​ប្រជាជន​ទាំងនេះ​ត្រូវ​ការ​បុណ្យ​ជ្រមុជ​ទឹក ៖

« វា​ទំនង​ដូចជា … មាន​ពួក​និកាយ​យូដា​មួយ​ចំនួន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដូចជា​យ៉ូហាន [ បាទីស្ទ ] ប៉ុន្តែ​ភ្លេច​ប្រាប់​ពួកគេ​ថា​ នឹង​មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​មក​តាម​ក្រោយ​ដោយ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក​ដោយ​ភ្លើង និង​ព្រះវិញ្ញាណ​បរិសុទ្ធ ៖—ដែល​វា​បាន​​បង្ហាញ​ដល់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ទាំងនេះ​ថា បុណ្យ​ជ្រមុជ​ទឹក​ដំបូង​របស់​ពួកគេ​ជា​រឿង​មិន​ស្រប​ច្បាប់​នោះទេ ហើយ​កាល​ពួកគេ​បាន​ស្ដាប់​ឮ​រឿង​នេះ​​ហើយ ពួកគេ​បាន​ជ្រមុជទឹក​ដោយ​រីករាយ ហើយ​បន្ទាប់​ពី​មាន​ដៃ​បាន​ដាក់​នៅ​លើ​ក្បាល​ពួកគេ នោះ​ពួកគេ​បាន​ទទួល​អំណោយទាន​ស្រប​តាម​ការ​សន្យា » ( « Baptism » ការ​បោះពុម្ព​បាន​ធ្វើ​ឡើង​នៅ​ក្នុង Times and Seasons ចុះ​ថ្ងៃ​ទី​ ១ ខែ ​កញ្ញា ឆ្នាំ ១៨៤២ ទំព័រ ៩០៤, ការ​ប្រកប​ពាក្យ​ត្រូវ​បានកែសម្រួល​ឲ្យ​មាន​លក្ខណៈ​ទំនើប, យ៉ូសែប ស៊្មីធជានិពន្ធនាយកនៅគ្រានោះ ) ។

  • ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​នៅ​អេភេសូរ​​ត្រូវ​ជ្រមុជទឹក​ជាថ្មី ?

  • តើយើងអាចរៀនពីការពិតណាខ្លះ​អំពី​បុណ្យ​ជ្រមុជទឹកកិច្ចការ ១៩:២–៦​ ? ( ទោះ​បី​ជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា​ក្ដី សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ពិធីបុណ្យជ្រមុជទឹក​ត្រូវតែ​បាន​ធ្វើ​ឡើងដោយ​អ្នក​បម្រើ​ម្នាក់​របស់​ព្រះដែល​មាន​សិទ្ធិអំណាច ។ ដើម្បី​ឲ្យ​ពិធី​បុណ្យជ្រមុជទឹក​​​​មានលក្ខណៈពេញ​លេញ វា​​ត្រូវ​អម​ដោយ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ប្រសិនបើ​អ្នក​ពុំ​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​ដោយ​ការផ្ដាច់បាប ហើយ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​ទេ​នោះ អ្នក​ដូចជា​ជ្រមុជទឹក​ឲ្យ​បាវ​ខ្សាច់​ដូច្នោះ​ដែរ ។ ពិធីបុណ្យជ្រមុជទឹក​ដោយ​ទឹក គឺជា​ពិធីបុណ្យ​ជ្រមុជទឹក​ពាក់​កណ្ដាល ហើយ​វាពុំ​ល្អ​ទេ បើ​គ្មាន​ពាក់កណ្ដាល​ទៀត--ដែល​ជា​ពិធីបុណ្យជ្រមុជ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ » ( Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧], ៩៥) ។

សូម​សង្ខេប កិច្ចការ ១៩:៧–១០ ដោយ​ពន្យល់​ថា ប៉ុល​បាន​បន្ត​ផ្សព្វផ្សាយនៅអេភេសូរអស់រយៈពេលជាងពីរឆ្នាំ ។

សូមអញ្ជើញឲ្យសិស្ស​ម្នាក់​អាន កិច្ចការ ១៩:១១-១២ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា មាន​អព្ភូតហេតុ​អ្វី​ខ្លះ​បាន​កើត​ឡើង​នៅ​អេភេសូរ ខណៈពេលដែល​ប៉ុល​នៅ​ទី​នោះ ។

  • តើ​ព្រះ​បាន​ធ្វើ​អព្ភូតហេតុ​អ្វីខ្លះ​តាមរយៈ​ប៉ុល ?

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ ​នៅ​ក្នុង​ដំណើរ​រឿង​នេះ​អំពីអ្វីដែល​ព្រះ​ធ្វើ​​ តាម​រយៈ​ពួក​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាចរបស់​ទ្រង់​ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​បង្ហាញ​សេចក្ដីពិត​មួយ​​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖វិធី​មួយ​ដែល​ព្រះ​បង្ហាញ​ព្រះចេស្ដា​ទ្រង់​ គឺតាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដែល​មាន​សិទ្ធិ​អំណាច) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១៩:១៣-១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ​តើ​មាន​អ្វីខ្លះ​បាន​កើត​ឡើង កាល​ពួក​យូដា​មួយ​ចំនួន​បាន​ព្យាយាម​បណ្ដេញ​អារក្ស​ចេញ ដូចជា​ប៉ុល​បាន​ធ្វើ ។

  • តើ​មាន​អ្វីខ្លះ​បាន​កើត​ឡើង​ នៅ​ពេល​កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​សង្គ្រាជ​បាន​ព្យាយាម​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ ?

  • តើ​វិញ្ញាណ​អាក្រក់​នោះ​បាន​ស្គាល់​នរណា ? តើ​វិញ្ញាណ​អាក្រក់​នោះ​ពុំ​បានស្គាល់​នរណា ?

  • ហេតុអ្វី​វិញ្ញាណ​អាក្រក់​នោះ​ពុំ​ស្គាល់​ពួក​កូន​ប្រុស​របស់​ស្កេវ៉ា ? ( ដោយសារ​ពួកគេ​គ្មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ការ​ងារ​បម្រើ​​នៅ​ក្នុង​ព្រះ​នាម​​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១៩:១៧-២០ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​​មនុស្ស​ជាច្រើន​បាន​ធ្វើ​អ្វីខ្លះ បន្ទាប់​ពី​បាន​រៀនអំពី​ព្រឹត្តិការណ៍​នេះ​ហើយ ។ សូម​ពន្យល់​ថា « ក្បួន​ដំរា » ( ខ​ទី ១៩) សំដៅ​ទៅ​លើ​អំពើ​អាបធ្មប់ និង​អំពើ​អាក្រក់​ផ្សេង​ទៀត ។

  • តើ​មនុស្ស​ជាច្រើន​បាន​ធ្វើ​អ្វីខ្លះ​​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្ហាញ​ថា ពួកគេ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? ( ពួកគេ​បាន​សារភាព ហើយ​បាន​លះបង់​ទំនៀម​ទម្លាប់​អាក្រក់​របស់​ខ្លួន​ដោយ​ការដុត​គម្ពីរ​​ដែល​ទាក់ទង​នឹង​ទំនៀម​ទម្លាប់​ទាំង​នោះចោល ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ ​ពី​ក្នុង​ខគម្ពីរ​ទាំងនេះ​ អំពី​របៀប​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​ថា​​​ ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូច​ខាង​ក្រោម​​នេះ ៖តាមរយៈ​ការសារភាព ហើយការ​បោះបង់​ចោល​ការ​អនុវត្ត​អាក្រក់​នានា នោះ​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ) ។

  • តើ​​យើង​ត្រូវមានការ​លះបង់​អ្វី​ខ្លះ​​ ដើម្បីបោះបង់​ចោលអំពើបាប​មួយ​ដែល​យើង​បាន​សារភាព ?

សូម​ថ្លែង​ទីបន្ទាល់​ពី​សារៈសំខាន់​នៃ​ការ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ ដោយ​ពុំ​គ្រាន់​តែ​សារភាព​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​លះបង់​អ្វីៗ​ទាំងអស់​ ដែល​អាច​ដឹកនាំ​យើង​ត្រឡប់​ទៅ​រក​អំពើ​បាប​ទាំងនោះ​ផងដែរ ។

សូម ​អញ្ជើញ សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​លះបង់​ចោល ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត ​ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​មេរៀន​នេះ ។

កិច្ចការ ១៩:២១-៤១

អ្នក​ថ្វាយបង្គំ​ព្រះ ឌីអាន​ក្លែងក្លាយ និយាយ​ជំទាស់​នឹង​ប៉ុល ហើយ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅក្នុង​ទីក្រុង

សូម​សង្ខេប កិច្ចការ ១៩:២១–៤១ ដោយ​ពន្យល់​ថា ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​នៅ​ក្រុង​អេភេសូរ​ត្រូវ​បាន​ដឹកនាំ​ដោយ​ការ​ថ្វាយ​បង្គំ​​ព្រះ​ឌីអាន ដែល​ជាព្រះ​របស់​ពួករ៉ូម ។ ការ​ផ្សព្វផ្សាយ​​របស់​ប៉ុលជំទាស់​ចំពោះ​ការ​ថ្វាយបង្គំ​ព្រះ​ក្លែង​ក្លាយ​នេះ​បាន​ធ្វើ​ឲ្យ​ជាង​ចម្លាក់រូប​សំណាក​ព្រះ​ឌីអាន​ដែល​មានមន្តអាគម ធ្វើ​ការដឹក​នាំ​ប្រជាជន​ឲ្យ​ទាស់​នឹង​ប៉ុល ។ ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រោង​ល្ខោន​នៅ​ក្រុង​នោះ ( ដែល​អាច​ដាក់​មនុស្ស​ដល់​ទៅ ២៤,០០០ នាក់ ) មាន​ភាព​ច្របូក​ច្របល់ និង​ភាព​ចលាចល ។ ប៉ុល​មាន​បំណង​ថ្លែង​ទៅ​ក្រុម​មនុស្ស​នេះ ប៉ុន្តែ​ពួក​សិស្ស និង​ពួក​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បញ្ចុះ​បញ្ចូល​លោក​មិន​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ល្ខោន​នោះ​ទេ ។ នៅ​ទី​បំផុត ស្មៀន​ក្រុង​បាន​និយាយ​នឹង​ក្រុម​នេះ ហើយ​ពួកគេ​បាន​បំបែកផ្លូវគ្នា ។ សូម​ចង្អុល​បង្ហាញ​ថា ការ​ការពារ​របស់​ប៉ុល​គឺជា​ឧទាហរណ៍​មួយ​អំ​ពី​របៀប​ដែល​កិច្ចការ​របស់​ព្រះ​នឹង​ពុំ​ត្រូវ​បាន​រារាំង ទោះ​ជា​មាន​ការប្រឆាំង​តវ៉ា​របស់​មនុស្ស​ទុច្ចរិត​ក្ដី ។ ( នៅ​គ្រា​នេះ​ហើយនៅ​អេភេសូរ [ ប្រមាណ គ.ស៥៧] ដែល​ប៉ុល​បាន​សរសេរ​កូរិនថូសទី ១ ) ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១៨:១១-១២ ។ តើ​មនុស្ស​ម្នាក់​អាច​ជា​សះស្បើយ​ពី​ជំងឺ​ដោយ​សារ​កូន​កន្សែង​មួយ​ដែរ​ឬ​ទេ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« ការ​ព្យាបាល​កើត​ឡើង​ដោយ​អំណាច​នៃ​សេចក្ដី​ជំនឿ គ្មាន​ការ​ព្យាបាល​ណាមួយ​មាន​គុណធម៌ ឬ​មាន​អំណាច​ដោយ​សារ​តែ​បំណែក​នៃ​ក្រណាត់ ឬ​វត្ថុ​ផ្សេង​ឡើយ មិន​ថា​ប៉ុល ឬ​ព្រះយេស៊ូវ ឬ​មនុស្ស​ផ្សេង​ទៀត​មាន​វា​នោះ​ទេ ។ ប៉ុន្តែ​ពិធី និង​វត្ថុ​ទាំងឡាយ​អាចនឹង​​ត្រូវ​បាន​​យក​មក​ប្រើ​ ដើម្បី​ជួយ​បង្កើន​សេចក្ដី​ជំនឿ » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ​១៩៦៥–៧៣ ] ២:១៦៩ ) ។

កិច្ចការ ១៨:១៨ ។ « ​បាន​កោរ​សក់​ … ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​ពន្យល់​អំពី​ខគម្ពីរ​នេះ​ដូច​តទៅ ៖

« ‹ ការ​លើក​ទឹក​ចិត្ត​មួយ​ចំពោះ​សេចក្ដី​សុចរិត​​ដ៏​ធំ​ធេង​ផ្ទាល់​ខ្លួន វា​គឺជា​រឿង​មួយ​ដ៏​បរិសុទ្ធ ហើយ​ត្រឹមត្រូវ​ ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​សម្បថ​ជា​ញឹក​ញាប់​ចំពោះ​ព្រះអម្ចាស់ ។ ទាំងនេះ​គឺជា​ការ​សន្យា​ដ៏​ធំ​ ដើម្បី​​បំពេញ​​កាតព្វកិច្ច​មួយ​ចំនួន, ចៀសវាង​ពី​អំពើ​បាប​មួយ​ចំនួន, រក្សា​បទបញ្ញត្តិ​មួយ​ចំនួន ឬ​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ការ​បម្រើ​ដ៏​អស្ចារ្យ​នៅ​ក្នុង​នគរ​ព្រះ ។ ហេតុដូច្នេះ​ហើយ​បាន​ជា​យ៉ាកុប​បាន​ស្បថ​នឹងទទួល​យក​ព្រះយេហូវ៉ា​ជា​ព្រះ​របស់​លោក ហើយ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ស្មោះ​ត្រង់​ (លោកុ. ២៨:២០-២២) ហើយ​ហាណា​បាន​ស្បថ​ថា​នឹង​ថ្វាយ​សាំយ៉ូអែល​ឲ្យ​បម្រើ​ព្រះអម្ចាស់ ។ (១ សាំយូ ១:៩–១៨) ។

« ‹ ពួក​បរិសុទ្ធ​គួរ​ថ្វាយ​ពាក្យ​សម្បថ​របស់​ពួកគេ​ទាំង​នៅ​ថ្ងៃ​របស់​ព្រះ​អម្ចាស់ និង​នៅ​រាល់​ថ្ងៃ ( គ. និង ស. ៥៩:៨–១២ ) ហើយ​កាលណា​ថ្វាយរួចហើយ ពួកគេ​ត្រូវ​តែ​គោរព​តាម ។ (គ. និង ស. ១០៨:៣; ជនគ. ៣០:២; សាស្ដា ៥:៤–៥) ។ … ›​ ( Mormon Doctrine កំណែ​លើក​ទី ​២ ទំព័រ ៨២៥ ) ។

« អ្វី​ដែល​ជា​សម្បថ​របស់​ប៉ុល​​គឺ​គ្មាន​ភាព​ច្បាស់​លាស់​ទេ ។ ពិត​ណាស់ ​លោក​បាន​កោរសក់​របស់​លោក ដែល​ត្រូវបាន​សន្និដ្ឋានថា លោក​ប្រហែលជា​​ធ្វើ​តាម​ប្រពៃណី​របស់​យូដា​ ដែល​ពាក់ព័ន្ធ​ទៅនឹង​ទំនៀម​​ទំលាប់ពួក​ណា​សារ៉ែត​ ។ (ជនគ. ៦) ។ ប្រសិន​បើ​ដូច្នោះ​មែន លោក​កំពុង​ធ្វើ​ពិធី​មួ​យដែល​មិន​ចាំបាច់ ហើយ​ពុំ​ត្រឹមត្រូវ​ នោះ​វា​ស្ដែង​ពី​បំណង​​ឡកឡឺយ​ដាក់​ពួក​យូដា​នៅ​ក្នុង​សាសនាចក្រ ឬ​ពួក​យូដា​ដែល​បម្រុង​​ប្រែ​ចិត្ត​ជឿ​ ឬក៏​ទាំងពីរ ។ សូម​ប្រៀប​ធៀប​កិច្ចការ ២១:១៧-២៦» (Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:១៦៥ ) ។

កិច្ចការ ១៩:១៣ ។ « រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្ត​អាគម »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​អំពី​ពួក​សង្ឃ​ក្លែងក្លាយ​ដូច​តទៅ ៖

« នៅ​ក្នុង​ការ​យក​តម្រាប់​តាម​របៀប​ត្រឹមត្រូវ ​ដើម្បី​បណ្ដេញ​អារក្ស​ចេញ​ពី​ខ្លួន​មនុស្ស ពួក​អ្នក​បម្រើ​ក្លែង​ក្លាយ ( ដោយ​គ្មាន​អំណាច​បព្វជិតភាព​ពិត ) បាន​ល្បង​បណ្ដេញ​វា​ដោយ​ប្រើ មន្ត​អាគម ។ ការ​អនុវត្ត​មិន​ត្រូវ​ត្រឹម​នេះ វាអាច​ជា​រឿង​ទូទៅ​​​​នា​ជំនាន់បុរាណ ជា​ជាង​ពេល​ឥឡូវ​នេះ ដោយសារ​នៅ​សព្វថ្ងៃ​នេះ​មាន​តែ​​មនុស្ស​មួយ​ចំនួន​តូច ​ជឿ​លើ​អព្ភូតហេតុ ឬ​ជឿ​លើ​ការ​បណ្ដេញ​អារក្ស ។ ប៉ុន្តែ​ចាប់​ពី​គ្រា​នោះ​មក វា​ពុំ​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ឡើយ​ ដែល​ពួក​សង្ឃ​ល្បង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​ខ្លួន​មនុស្ស ឬ​បណ្ដេញ​វា​ចេញ​ពី​ទីតាំង​ជាក់លាក់​ដោយ​មន្តអាគម​គាថា ការ​បន់ស្រន់​អង្វរ ឬ​ការ​បង្គាប់ » ( Mormon Doctrine កំណែ​ទី ២ [ ឆ្នាំ​ ១៩៦៦ ] ទំព័រ ២៥៩ ) ។