បណ្ណាល័យ
មេរៀន​ទី ៩៧ ៖ កិច្ចការ ២៣-២៦


មេរៀន​ទី ៩៧

កិច្ចការ ២៣-២៦

សេចក្ដីផ្ដើម

ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ចោទ​សួរ​ទៅ​ប៉ុល ហើយ​ពួក​សាសន៍​យូដា​មួយ​ក្រុម​បាន​រួម​គំនិត​គ្នា​ចង់​សម្លាប់​លោក ។ ប៉ុល​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​ជួប​ស្ដេច​សេសារា ហើយ​លោក​ទទួលបាន​ការ​ការពារ​ខ្លួន​ទាស់​នឹង​ការ​ចោទ​ប្រកាន់​ខុស​ឆ្គង​នានា​​នៅ​ចំពោះ​មុខ​ពួក​អ្នក​ដឹកនាំ​រ៉ូម​មួយ​ចំនួន ។ លោក​បាន​តំណាល​អំពីការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ២៣-២៥

ប៉ុល​ត្រូវ​​បាន​គេ​បៀត​បៀន, ​កាត់​សេចក្ដី ហើយ​​ត្រូវ​គេ​ចាប់​ដាក់គុក

ពីមុន​ថ្នាក់​ចាប់​ផ្ដើម សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ៖​បទបញ្ញត្តិ និង​ពរជ័យ​របស់​ព្រះ ។ សូម​ប្រើ​បង់ស្អិត ឬ​ខ្សែ​ដើម្បី​កំណត់​តំបន់​មួយ​​ក្នុង​ថ្នាក់​រៀន ហើយ​ដាក់​ក្រដាស​នោះ​នៅ​លើ​កម្រាល​ឥដ្ឋត្រង់​​​តំបន់កំណត់​ទុក​នេះ ។ នៅ​ពេល​ថ្នាក់​ចាប់ផ្ដើម សូម​អញ្ជើញ​សិស្ស​ម្នាក់​​ឲ្យ​ឈរ​​នៅ​ក្នុង​តំបន់នោះ ដែល​ជា​តំណាង​ឲ្យ​បទបញ្ញត្តិ និង​ពរជ័យ​របស់​ព្រះ ។

  • នៅ​ពេល​យើង​ខិត​ទៅ​ជិត​ព្រះ​ដោយ​ធ្វើ​តាម​បទបញ្ញត្តិ និង​ការ​បង្រៀន​​ទាំងឡាយ​របស់​ទ្រង់ តើ​ពរជ័យ​មួយ​ចំនួន​​ ដែល​យើង​អាច​ទទួល​មាន​អ្វីខ្លះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​ដើរ​នៅ​ខាង​ក្រៅ​តំបន់​ ដែល​តំណាង​ឲ្យ​បទបញ្ញត្តិ និង​ពរជ័យ​របស់​ព្រះ ។

  • តើ​ឥទ្ធិពល​មួយ​ចំនួន​​អ្វីខ្លះ នៅ​ក្នុង​ពិភពលោក​នេះ​ ដែល​អាច​អូសទាញ​មនុស្ស​ម្នាក់​ឲ្យ​ងាក​ចេញ ហើយ​ឈប់​រស់​នៅ​ស្របតាម​បទបញ្ញត្តិ និង​ការ​បង្រៀន​របស់​ព្រះ​នោះ ?

  • តើ​មាន​អ្វីខ្លះ​អាច​កើត​ឡើង នៅ​ពេល​មនុស្ស​ដក​ខ្លួន​ចេញ​ពីព្រះ ?

សូម​អរគុណ​ដល់សិស្ស ហើយ​អញ្ជើញ​ពួកគេ​ទៅកន្លែង​អង្គុយ​វិញ ។ សូម​ឲ្យ​សិស្ស​ពិចារណា​ថា តើ​ពួកគេកំពុងតែដើរ​ទៅ​ទិសដៅ​មួយណា​ឥឡូវ​នេះ ហើយ​តើ​​ពួកគេ​មាន​​អារម្មណ៍​ថា ​ពួកគេ​នៅ​ជិត ឬ​ឆ្ងាយ​ពី​ព្រះវរបិតា​​សួគ៌​​ប៉ុណ្ណា​​ដែរ ។ នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ២៣–២៦ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​ដែល​នឹង​ជួយ​ពួកគេ នៅ​ពេល​ពួកគេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ និង​ពរជ័យ​​ទាំងឡាយ​របស់​ទ្រង់ ។

សូម​រំឭក​សិស្ស​ថា ប៉ុល​ត្រូវ​បានគេ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ហើយ​បាន​នាំ​ទៅ​ជួប​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ( សូម​មើល កិច្ចការ ២១:៣០–៣៣​,​ ២២:២៣–៣០ ) ។ សូម​សង្ខេប កិច្ចការ ២៣:១–១០ ដោយ​ពន្យល់​ថា ប៉ុល​ត្រូវ​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​​ទាំង​នេះ​ចោទ​សួរ ហើយ​​ចាប់​ដាក់​គុក ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៣:១១ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថា តើ​មាន​អ្វី​បាន​កើត​ឡើង​កាល​ប៉ុល​នៅ​ក្នុង​គុក ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ព្រះអម្ចាស់​បាន​ប្រាប់​អ្វីខ្លះ​ដល់​ប៉ុល​នៅ​ក្នុង​គុក ?

សូម​រំឭក​សិស្ស​អំពីការ​សន្យា​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កិច្ចការ ១៨:៩–១០ ​ថា​ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​ប៉ុល ហើយ​ការ​ពារ​លោក កាល​លោក​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណាធ្វើ​ការ​​គូស​ចំណាំ​ឃ្លា ​« ព្រះ​អម្ចាស់​​បាន​គង់នៅ​ជាមួយ​នឹង​លោក » ហើយ​​សរសេរ កិច្ចការ ១៨:៩–១០ ជា​សេចក្តី​យោង​បទគម្ពីរ​នៅ​​រឹម​ទំព័រ​ក្បែរ​នឹង ខ​ទី ១១ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីសង្ខេប​ខាង​ក្រោម​ឲ្យ​ឮៗ ៖

នៅ​ក្នុង កិច្ចការ ២៣:១២–២៥:២៧ យើង​រៀន​ថា មេទ័ព​រ៉ូម​​បាន​ចាប់​ខ្លួន​​​ប៉ុល​បញ្ជូន​ទៅ​ស្ដេច​សេសារា ​ដើម្បី​ការពារ​កុំ​ឲ្យ​ពួក​សាសន៍​​យូដា​មួយ​ក្រុម​មក​សម្លាប់​លោក ។ ប៉ុល​បាន​ប្រកាស​អំពីភាព​គ្មាន​ទោស​របស់​លោក​​នៅ​មុខ​ចៅ​ហ្វាយ​ខេត្ត​រ៉ូម​ឈ្មោះ ភេលីច ។ ទោះ​បី​ជា​ដឹង​ថា ប៉ុល​គ្មាន​ទោស​ក្ដី ក៏​ភេលីច​បាន​បន្ត​ដាក់​ប៉ុល​ឲ្យ​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​​រយៈពេល​ពីរ​ឆ្នាំ​ដែរ ។ ភេស្ទុស​បាន​ទទួលតំណែងជំនួស​ភេលីច​ជា​ចៅហ្វាយ​ខេត្ត​រ៉ូម​នៅ​ស្រុក​យូដា ។ ស្ដេច​ហេរ៉ូឌ​អ័គ្រីប៉ា​ដែល​បាន​គ្រប់​គ្រង​ក្នុង​តំបន់​មួយ​នៅ​ទិសឦសាន្ត​នៃ​សមុទ្រ​កាលីឡេ​បាន​យាង​មក​ជួប​នឹង​​ភេស្ទុស ​មាន​បំណង​ចង់​ស្ដាប់​អំពី​ករណី​រឿង​ក្ដី​របស់​ប៉ុល ។ ប៉ុល​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​ជួប​នឹង​ស្ដេច​ហេរ៉ូឌ​អ័គ្រីប៉ា ។

កិច្ចការ ២៦

ប៉ុល​​តំណាល​ប្រាប់​​អំពីការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​មុខ​ស្ដេច​ហេរ៉ូឌ​អ័គ្រីប៉ា

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេណ​គ្នា​អាន​ឮៗនៅ​ក្នុង កិច្ចការ ២៦:៤-១១ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​រកមើល​ថា តើ​ប៉ុល​​បាន​ពិពណ៌នា​អំពីអតីតកាល​របស់​លោក​ដល់​ស្ដេច​អ័គ្រីប៉ា​យ៉ាង​ដូចម្ដេច​ដែរ ។

  • តើ​ប៉ុល​បាន​ពិពណ៌នា​រឿងរ៉ាវអតីតកាល​របស់​លោក​ដល់​ស្ដេច​អ័គ្រីប៉ា​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ពន្យល់​ថា ក្រោយ​មក​ប៉ុល​បាន​រៀបរាប់​ប្រាប់​អំពីការនិមិត្ត​របស់​លោក​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៦:១៦-១៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​បេសកកម្ម​ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប៉ុល​នៅ​លើ​ផ្លូវ​ទៅ​ស្រុកដាម៉ាស ។

  • តើ​បេសកកម្ម​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប៉ុល ? ( អ្នក​គួរ​ណែនាំ​​សិស្សឲ្យ​គូស​ចំណាំ​ឃ្លា​ ដែល​ពិពណ៌នា​អំពីបេសកកម្ម​ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ប៉ុល ) ។

សូម​ពន្យល់​ថា នៅ​ក្នុង​បរិបទ​នេះ​ពាក្យ​ថា ទទួល​មរតកខ​ទី ​១៨​ ) សំ​ដៅ​ទៅ​លើ​ការ​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះ ។

  • តើ​អ្វី​ខ្លះដែល​អាច​ជួយ​នរណាម្នាក់​​ងាក​ចេញ​ពី​សេចក្ដី​ងងឹត និង​ឥទ្ធិពល​នៃ​សាតាំង ហើយ​បែរ​​ឆ្ពោះ​ទៅ​រក​ពន្លឺ និង​បទបញ្ញត្តិ និង​ពរជ័យ​នៃ​ព្រះ​វិញ​នោះ​ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៦:១៩-២៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ តើ​ប៉ុល​បាន​និយាយអ្វីខ្លះ ដែល​លោក​បាន​បង្រៀន​ដល់​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង ខ​ទី ១៨ ។ អ្នក​អាច​ពន្យល់​ថា ឃ្លា ​« ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង »​ នៅ​ក្នុង ខ​ទី ២០ អាច​មានន័យ​ថា រស់​នៅ​ដោយ​សុចរិត​ដើម្បី​បង្ហាញ​ថា អ្នក​បាន​ប្រែ​ចិត្ត​ពិត​មែន ។

  • យោង​តាម ខ​ទី ២០តើ​ប៉ុល​បាន​បង្រៀន​ដល់​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

ចូរ​សរសេរ​សេចក្ដីថ្លែងការ​ណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន៖ បើ​យើងប្រែចិត្ត ហើយងាក​ទៅរក​ព្រះ

  • ផ្អែកលើ​អ្វី​ដែល​យើង​រៀន​នៅក្នុង​ខ​ទី ១៨ តើ​អ្នក​នឹង​បំពេញ​សេចក្ដីថ្លែង​ការណ៍​​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្តេច ? ( សូម​សង្ខេប​ចម្លើយ​របស់​សិស្ស​ដោយ​បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន ​ដែល​មាន​ន័យ​ដូច​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​ប្រែ​ចិត្ត ហើយ​ងាក​ទៅ​រក​ព្រះ នោះ​យើង​អាច​យក​ឈ្នះ​លើ​អំណាច​របស់​សាតាំង​នៅ​ក្នុង​ជីវិត​របស់​យើង ទទួល​ការ​អត់ទោស​ពី​អំពើបាប​យើង ហើយ​សក្ដិសម​ចូល​ក្នុង​នគរ​សេឡេស្ទាល) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​​អំពីគោលការណ៍​​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​​​ដូច​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​​ឲ្យ​ឮៗ ( សូម​ពិចារណា​ផ្ដល់​សំណៅ​នៃ​សេចក្ដី​ថ្លែង​ការណ៍មួយច្បាប់​ដល់​សិស្ស ) ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« នៅពេល​យើង​មាន​បាប យើង​ងាក​ចេញ​ពី​ព្រះ ។ នៅពេល​យើង​ប្រែចិត្ត យើង​ត្រឡប់​មក​រក​ព្រះ​វិញ ។

ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​គឺ​កម្រ​ជា​សំឡេង​មួយ​នៃ​ការដាក់ទណ្ឌកម្ម​ណាស់ ផ្ទុយ​ទៅវិញ​វា​ជា​សំឡេង​អង្វករ​ឲ្យ​ងាក​ក្រោយ និង ដើម្បី ‹ ត្រឡប់ › ទៅរក​ព្រះ​វិញ [ សូមមើល ហេលេមិន ៧:១៧ ] ។ វា​គឺ​ជា​ការដង្ហោយ​ហៅ​របស់​ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ និង ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​លើស​ពី​អ្វី​ដែល​ជា​ខ្លួន​យើង ដើម្បី​ឈាន​ជើង​ឡើង​ទៅ​ផ្លូវ​មួយ​ដែល​ខ្ពស់​ជាង​នេះ​នៃ​ជីវិត​នេះ ដើម្បី​ផ្លាស់ប្តូរ ហើយ​ទទួល​អារម្មណ៍​នៃ​សុភមង្គល​ក្នុង​ការគោរព​ព្រះបញ្ញត្តិ » (  « Repent… That I May Heal You »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០ ) ។

  • យោង​តាម​អែលឌើរ អាន់ឌើរសិន តើ​យើង​ទទួល​បាន​អ្វីខ្លះ នៅ​ពេល​យើង​ប្រែ​ចិត្ត ហើយ​ត្រឡប់ទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ​​វិញ ?

នៅ​ពេល​សិស្ស​បន្ត​សិក្សា កិច្ចការ ២៦ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​អ្វី​ដែល​បាន​រារាំង​ភេស្ទុស និង​ស្ដេច​អ័គ្រីប៉ា​​ពី​ការ​ប្រែ​ចិត្ត ពីការ​ងាក​ទៅ​រក​ព្រះ និង​ការ​ប្រែ​ចិត្ត​​ជឿ​​​ព្រះយេស៊ូវ​គ្រីស្ទ​នោះ។ ចូរ​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖​ ដើម្បី​ប្រែ​ចិត្ត​ជឿ​លើ​​ព្រះយេស៊ូវគ្រីស្ទ …

សូម​ចែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កិច្ចការ ២៦:២៤-២៨ជា​មួយ​ដៃគូ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ប្រាប់ ហើយ​ប្រៀប​ធៀប​វិធី​ដែល​​ភេស្ទុស និង​ស្ដេច​អ័គ្រីប៉ាបាន​​មាន​ប្រតិកម្ម​ចំពោះ​ការ​បង្រៀន និង​ទីបន្ទាល់​របស់​ប៉ុល​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​សិស្ស​អាន ហើយ​ពិភាក្សា​ជាមួយ​ដៃ​គូ​ខ្លួន សូម​ចម្លង តារាង ខាង​ក្រោម​នេះ​​ដាក់​នៅ​លើ​ក្ដារខៀន ( សូម​កុំ​ដាក់​សេចក្ដីថ្លែង​​នៅ​ពី​ខាង​ក្រោម​ក្បាល​ចំណង​ជើង​នីមួយៗឡើយ ) ៖

ប្រតិកម្ម​ចំពោះ​ការបង្រៀន​របស់​ប៉ុល

ភេស្ទុស

ស្ដេច អ័គ្រីប៉ា

និយាយក្នុងសំឡេង​ខ្លាំងមួយ

បាន​និយាយ​ថា​ប៉ុល​ឆ្កួត

បាន​ចោទ​ប្រកាន់​ប៉ុល​ថា​​ឆ្កួតលីលា

បាន​បញ្ចុះបញ្ចូល​ស្ទើរ​តែ​ក្លាយ​ជា​ពួក​គ្រីស្ទានទៅ​ហើយ

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​​បី​បួន​នាក់​ឡើង​មក​ក្ដារខៀន សរសេរ​ចម្លើយ​​ដែល​ពួកគេ​បាន​រក​ឃើញ​ ( ចម្លើយ​គួរ​ស្រដៀង​គ្នា​នឹង​ឃ្លា​​នៅ​ក្នុង​តារាង​ខាង​លើ ) ។

  • តើ​ប្រតិកម្ម​របស់​ភេស្ទុស​បង្ហាញ​ឲ្យ​ឃើញ​ អំពីទស្សនៈ​របស់​គាត់​ទាក់ទង​នឹង​ការ​បង្រៀន​របស់​ប៉ុលយ៉ាង​ណា​ខ្លះ ? ( សូម​បន្ថែម​ពាក្យ ឥត​ជំនឿ ទៅ​នឹង​ចម្លើយ​របស់​សិស្ស​​នៅ​ក្រោម​ចំណង​ជើង « ភេស្ទុស » ) ។

  • យោងតាម ខ​ទី ២៧ តើ​ប៉ុល​បាន​និយាយ​ថា​ លោក​បាន​ដឹង​អ្វីខ្លះ​អំពី​ស្ដេច​អ័គ្រីប៉ា ? ( សូម​បន្ថែមពាក្យ បាន​ជឿ​ដល់​ពួក​ព្យាការី នៅ​ក្រោម​​ចំណង​ជើង ​« ស្ដេច​​អ័គ្រីប៉ា » ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ អំពីមតិ​របស់​ស្ដេច​អ័គ្រីប៉ា​ទៅកាន់​​ប៉ុល​អំពី​ការ​តាំង​ចិត្ត​របស់​ស្ដេច​អ័គ្រីប៉ា ​ធ្វើ​ជា​គ្រីស្ទាន ( សូម​មើល ខ​ទី ២៨ ) ? ( សូម​បន្ថែមពាក្យ គ្មាន​ឆន្ទៈ​ដើម្បី​តាំង​ចិត្ត​ពេញ​លេញ នៅ​ក្រោម​ក្បាល​ចំណង​ជើង​« ស្ដេច​អ័គ្រីប៉ា » ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន កិច្ចការ ២៦:២៩ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ​រកមើល​ថា តើ​ប៉ុល​បាន​ឆ្លើយ​តប​នឹង​មតិ​របស់​ស្ដេច​អ័គ្រីប៉ា​យ៉ាង​ដូចម្ដេច កាល​ទ្រង់​មាន​បន្ទូល​ថា​ ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ ។

  • តើ​ប៉ុល​​មាន​បំណងចង់​បាន​​អ្វី​​សម្រាប់​ស្ដេច​អង្គ​​ និង​អស់​អ្នក​ដែល​បាន​ស្ដាប់​ឮ​ការ​បង្រៀន​​របស់​លោក ?

  • តើ​អ្នក​គិត​ថា មាន​អ្វីខ្លះ​​​ដែល​បាន​រារាំង​ភេស្ទុស​​ពីការ​ប្រែ​ចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​គិត​ថា មាន​អ្វី​ខ្លះ​ដែល​បាន​រារាំង​ស្ដេច​អ័គ្រីប៉ា​ពី​ការ​ប្រែ​ចិត្ត​ជឿ ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះមក​ពីភេស្ទុស និង​ស្ដេច​អ័គ្រីប៉ា​ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បាន​ប្រែ​ចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​ថា​​​ ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូច​ខាង​ក្រោម​​នេះ ៖ដើម្បី​ប្រែ​ចិត្ត​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​តែ​ជ្រើស​រើស​ជឿ ហើយ​​តាំង​ចិត្ត​រស់​នៅ​តាម​ដំណឹង​ល្អ​ឲ្យ​​បាន​ពេញ​លេញ) ។

ដើម្បី​ជួយ​ឲ្យ​យល់​គោលការណ៍​នេះ​ ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ដំណើររឿង​ខាងក្រោម​នេះ​មកពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃ​គណៈ​ប្រធាន​​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« មាន​បងប្អូន​ប្រុស​ពីរ​នាក់ បាន​ឈរ​នៅលើ​ច្រាំង​ថ្ម​ចោត​តូច​មួយ ដើម្បី​គយគន់​មើល​ទឹក​ដ៏​ថ្លា​ឆ្វង់​នៅក្នុង​បឹង​ខៀវ​ស្រងាត់​មួយ ។ វា​គឺជា​កន្លែង​មុជ​ទឹក​មួយ​ដ៏​ល្បីល្បាញ ហើយ​ជារឿយៗ​បងប្អូន​ប្រុស​ទាំងពីរ​នាក់​នេះ បាន​និយាយ​គ្នា​ពី​ការលោត​ចុះ​ទៅ​ក្នុង​បឹង​នោះ—ជា​អ្វី​មួយ​ដែល​ពួកគេ​បាន​ឃើញ​អ្នក​ដទៃ​ធ្វើ ។

ទោះបី​ពួកគេ​ទាំងពីរ​នាក់​ចង់​លោត​ចុះ​ទៅ​ក្ដី ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចង់​លោត​ទៅ​មុន​ឡើយ ។ កម្ពស់​នៅ​ច្រាំង​ថ្ម​ចោត​នោះ គឺ​វា​ពុំ​សូវ​ខ្ពស់​ប៉ុន្មាន​ទេ ប៉ុន្តែ​ចំពោះ​ក្មេង​ប្រុស​ទាំងពីរ​នាក់​នេះ វា​ហាក់​ដូច​ចម្ងាយ​នោះ​កាន់តែ​កើន​ឡើង ពេលណា​ពួកគេ​បាន​ចាប់ផ្ដើម​ឱន​ទេរ​ទៅ​មុខ—ហើយ​សេចក្ដី​ក្លាហាន​របស់​ពួកគេ​បាន​រសាយ​បាត់​មួយ​រំពេច ។

នៅ​ទីបំផុត មាន​ម្នាក់​បាន​ដាក់​ជើង​ម្ខាង​របស់​ខ្លួន​នៅ​គែម​ច្រាំង​ថ្ម​ចោត​នោះ ហើយ​បាន​រំកិល​ទៅ​មុខ​បន្តិច​ម្ដងៗ ។ នៅពេល​នោះ​ប្អូន​ប្រុស​របស់​គាត់​ម្នាក់​ទៀត​បាន​ខ្សឹប​ថា ‹ ប្រហែល​ជា​យើង​ត្រូវ​ចាំ​រហូត​ដល់​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ › ។

ប៉ុន្តែ​ទម្ងន់​របស់​ក្មេង​ប្រុស​ទី​មួយ​បាន​ទាញ​គាត់​ចុះទៅ​មុខ​រួច​ទៅ​ហើយ ។ គាត់​បាន​តប​ថា ‹ បងប្រុស​ខ្ញុំ​តាំងចិត្ត​រួច​ហើយ ! ›

គាត់​បាន​លោត​គ្រាំ​ចូល​ទៅ​ក្នុង​បឹង​នោះ ហើយ​បាន​ងើប​ចេញ​ពី​ទឹក​មក​វិញ​ដោយ​សម្រែក​នៃ​ភាពជោគជ័យ ។ ក្មេង​ប្រុស​ទីពីរ​ក៏​បាន​លោត​ទៅ​តាម​ភ្លាម​ដែរ ។ ក្រោយ​មក​ទៀត​ពួកគេ​ទាំងពីរ​បាន​អស់​សំណើច​ពី​ពាក្យ​ចុង​ក្រោយ​របស់​ក្មេង​ប្រុស​ទី​មួយ​ពី​មុន​លោត​ចូល​ទៅ​ក្នុង​ទឹក​ថា ៖ « បងប្រុស​ខ្ញុំ​តាំងចិត្ត​ហើយ » ។

ការតាំងចិត្ត​គឺ​ដូចគ្នា​នឹង​ការលោត​ចូល​ទៅ​ក្នុង​បឹង​នោះ​ផងដែរ ។ អ្នក​អាច​តាំងចិត្ត​ធ្វើ​វា ឬ ក៏​ដក​ថយ ។ អ្នក​អាច​រំកិល​ទៅមុខ ឬ ឈរ​នៅ​ស្ងៀម ។ វា​ពុំមែន​បញ្ចប់​ត្រឹមតែ​ពាក់​កណ្ដាល​ផ្លូវ​នោះ​ឡើយ ។ …

អស់​អ្នក​ណា​ដែល​មាន​ការតាំងចិត្ត​បែប​នេះ អាច​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​ពរជ័យ​នៃ​ទីបន្ទាល់​អំណរ និង សេចក្ដី​សុខសាន្ត ។ ទ្វារ​នៃ​ស្ថានសួគ៌​អាច​នឹងបើក​ឡើង​ចំពោះ​ពួកគេ ។ …

ភាគច្រើន​យើង​ម្នាក់ៗ​ឈរ​នៅត្រង់​ចំណុច​នៃ​ការសម្រេច​ចិត្ត​មួយ​ដែល​ឈរ​មើល​ពី​លើ​ផ្ទៃ​ទឹក​នោះ ។ នេះគឺជា​ការអធិស្ឋាន​របស់ខ្ញុំ​ថា យើងនឹង​មានសេចក្ដី​ជំនឿ​បោះ​ជំហានទៅមុខ ​ប្រឈម​មុខ​នឹង​សេចក្ដីភ័យ​ខ្លាច និង​ការមន្ទិល​សង្ស័យនានា​របស់យើង​ដោយសេច​ក្ដីក្លាហាន រួចហើយ​និយាយ​មកខ្លួន​ឯង​ថា ‹ ខ្ញុំបាន​តាំងចិត្ត​ហើយ ! › (« Brother, I’m Committed » Ensign ខែ ​កក្កដា ឆ្នាំ​ ២០១១ ទំព័រ ៤, ៥ ) ។

  • តើ​ការ​តាំង​ចិត្ត​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ដូច​គ្នា​នឹង​ការ​លោត​ចូល​ទៅ​ក្នុង​ទឹក​ដូចម្ដេច​ដែរ ?

  • យោងតាមប្រធាន អុជដូហ្វ ហេតុអ្វីវា​ជា​រឿង​ដ៏​សំខាន់​ដែល​ត្រូវ​មាន​ការ​តាំង​ចិត្ត​ទាំងស្រុង​ ជាជាង ​« មាន​ការ​តាំង​ចិត្ត​តែ​មួយ​ផ្នែក »​ ដើម្បី​​រស់​នៅ​តាម​ដំណឹងល្អ​នោះ ?

  • តើ​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​រស់​នៅ​តាម​បទបញ្ញត្តិ ឬ​គោលការណ៍​នៃ​​ដំណឹង​ល្អ​បាន​​ជួយ​ពង្រឹង​ដល់​ការ​ប្រែ​ចិត្ត​ជឿ​របស់​អ្នក​ទៅលើ​​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? ( សូម​ពិចារណា​ធ្វើការ​​ចែកចាយ​ឧទាហរណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ជា​បញ្ជី​​បទបញ្ញត្តិ ឬ​គោលការណ៍​នៃ​ដំណឹងល្អ​មួយ ដែល​ពួកគេ​បាន​គិត​ថា​ ពួកគេ​បាន​រស់​នៅ​តាម​យ៉ាង​​ពេញ​លេញ ដាក់​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​ពី​គោលការណ៍​នៃ​ដំណឹង​ល្អ​នានា ​ដែល​ពួកគេ​គិត​ថា « នៅ​បន្តិច​ទៀត » ប៉ុន្តែ​ពុំ​ « យូរ​ទៀត » ( កិច្ចការ ២៦:២៩ ) ​ពួកគេ​​បាន​តាំង​ចិត្ត​រស់​នៅ​តាម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលដៅ​មួយ​អំពីកិច្ចការ​ដែល​ពួកគេ​អាច​ធ្វើ​ ដើម្បី​បង្កើន​ការ​យល់​ដឹង និង​ការ​តាំង​ចិត្ត​របស់​ពួកគេ​​ចំពោះ​​គោលការណ៍​មួយ​នៅ​ក្នុង​ចំណោម​គោលការណ៍​ទាំងនេះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន​សូម​ជំនួយ នៅ​ពេល​ពួកគេ​ខិតខំ​ប្រែ​ចិត្ត​ជឿ​លើ​​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការ​រស់នៅ​តាម​ដំណឹងល្អ​កាន់​តែ​ពេញ​លេញ​ ។

សូម​សង្ខេប កិច្ចការ ២៦:៣០–៣២ ដោយ​ពន្យល់​ថា ភេស្ទុស និង​​ស្ដេច​អ័គ្រីប៉ា​បាន​ដឹង​ថា ប៉ុល​គ្មាន​កំហុស ហើយ​​​ចង់​ដោះ​លែង​លោក ប៉ុន្តែ​ដោយសារ​ប៉ុល​បាន​ប្ដឹង​តវ៉ា​​ការចោទប្រកាន់​របស់​លោក​ទៅ​ស្ដេច​សេសារ នោះ​ពួកគាត់​ត្រូវ​តែ​​បញ្ជូន​លោក​ទៅកាន់​ក្រុង​​រ៉ូម ។

សូម​បញ្ចប់​ដោយ​រំឭក​ឡើង​វិញ ហើយ​ថ្លែង​ទីបន្ទាល់​​អំពី​គោលការណ៍​​ដែល​បាន​បង្រៀន​នៅ​ក្នុង កិច្ចការ ២៣-២៦ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ២៥:១៣ ។ តើ​ស្ដេច​ហេរ៉ូឌ​អ័គ្រីប៉ា​ជា​នរណា ?

សម្រាប់​តារាង​ដ៏ជា​ជំនួយ​មួយ​ដែល​មាន​បង្ហាញ​អំពី​ទំនាក់ទំនង​​រវាង​សមាជិក​គ្រួសារ​មួយ​ចំនួន​របស់​ហេរ៉ូឌ ​ដែល​បាន​លើក​ឡើង​​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​ចូល​ទៅ​រក​ពាក្យ « ហេរ៉ូឌ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

« ហេរ៉ូឌ​អ័គ្រីប៉ា​ទី ២ ( ក៏​ត្រូវ​បាន​គេ​ហៅ​ថា ម៉ាកុស ជូលីស អ័គ្រីប៉ា ដែរ ) គឺជា​ស្ដេច​ទី​ប្រាំ​ពីរ និង​ស្ដេច​ចុងក្រោយ​​នៅ​ក្នុង​តំណ​រាជវង្ស​ហេរ៉ូឌ​ជា​សាសន៍​យូដា ។ ទ្រង់​បាន​គ្រប់​គ្រង​តំបន់​ទិសឦសាន្ត​នៃ​សមុទ្រ​កាលីឡេ​​ប្រមាណ​ជា គ.ស.៥៥ ទៅ ៩៣ ។ ទ្រង់​គឺជា​បុត្រា​នៃ​ស្ដេច​ហេរ៉ូឌ​អ័គ្រីប៉ា​ទី ១ ដែល​បាន​បង្គាប់​ឲ្យ​សម្លាប់​យ៉ាកុប ហើយ​ចាប់​ខ្លួន​ពេត្រុស​ដាក់​គុក ( សូម​មើល កិច្ចការ ១២:១–៤ ) ជា​ចៅ​ប្រុស​របស់​​ហេរ៉ូឌ អាន់ទីប៉ាស ដែល​បាន​កាត់​ក្បាល​យ៉ូហាន បាទីស្ទ ( សូម​មើល ម៉ាថាយ ១៤:១–១២ ) និង​ជា​ចៅ​ទួត​របស់​ស្ដេច​ហេរ៉ូឌ​ដ៏​អស្ចារ្យ ដែល​បាន​បង្គាប់​ឲ្យ​សម្លាប់​ទារក​ទាំងឡាយ​នៅ​ភូមិ​បេថ្លេហិម ( សូម​មើល ម៉ាថាយ ២:១៦ ) ។

« នគរ​របស់​អ័គ្រីប៉ា​លាត​សន្ធឹង​ទៅ​ភាគ​ខាង​ជើង​នៃ​ព្រំប្រទល់​របស់​ភេស្ទុស ។ អ័គ្រីប៉ា និង​ប្អូន​ស្រី​របស់ទ្រង់ បេរេនីស … ​បាន​យាង​ទៅ​លេង​នឹង​ភេស្ទុស​នៅ​សេសារា កាល​​ប៉ុល​​កំពុង​ជាប់​គុកនៅ​ទីនោះ ។ ដោយ​សារ​អ័គ្រីប៉ា​ជា​សាសន៍​យូដា ដូច្នេះ​ហើយ​ទ្រង់​ស្គាល់​កិច្ចការ​របស់​សាសន៍​យូដា​ ច្រើន​ជាង​ភេស្ទុស​ដែល​ជា​សាសន៍​រ៉ូម ភេស្ទុស​បាន​សង្ឃឹម​ថា អ័គ្រីប៉ា​អាច​ជួយ​លោក​ឲ្យ​យល់​អំពីការ​ចោទ​ប្រកាន់​ទាស់​នឹង​ប៉ុល ហើយ​ជួយ​ពង្រាង​លិខិត​របស់​លោក​ទៅ​ស្ដេច​សេសារ ( សូម​មើល កិច្ចការ ២៥:២៤–២៧, ២៦:៣ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៣២៦ ) ។

កិច្ចការ ២៦:២៤ ។ « ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀនសូត្រ​ជា​ច្រើន​ដល់​ម៉្លេះ បាន​ជា​ឆ្កួតហើយ »

ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រៀបធៀបការបៀតបៀនដែលលោកបានជួប​បន្ទាប់​ពី​ការ​និមិត្ត​ដំបូង​របស់​លោក​ ទៅ​នឹង​បទពិសោធន៍​ទាំងឡាយ​​របស់​​សាវក​​ប៉ុល ( សូម​មើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៤–២៥ ) ។ ទាំង​ប៉ុល និង​យ៉ូសែប ស្ម៊ីធ ​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ ហើយ​ស្ដាប់​ឮ​ព្រះ​សូរ​សៀង​​របស់​ទ្រង់ ។ លោក​ទាំងពីរ​បាន​ថ្លែង​ទីបន្ទាល់​ថា ពួកលោក​បាន​​ឃើញ​ការ​និមិត្ត​មួយ ។ ជាលទ្ធផល លោក​ទាំងពីរ​ត្រូវ​បាន​គេ​បៀត​បៀន ហើយ​ត្រូវ​គេ​ជេរ​ប្រមាថ ប៉ុន្តែ​ពួក​លោក​បាន​បន្ត​ស្មោះ​ត្រង់​ចំពោះ​សាក្សី និង​ទីបន្ទាល់​របស់​ពួក​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ លើស​ពីនេះ​ទៅ​ទៀត មាន​ដំណើរ​រឿង​ជាច្រើន​​អំពីការ​និមិត្ត​​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ដូចជា​​ដំណើរ​រឿង​ជា​ច្រើន​​អំពីការ​និមិត្ត​របស់​ប៉ុល​អំពី​ព្រះអង្គ​សង្គ្រោះ​ដែរ ( សូម​មើល កិច្ចការ ៩:៣–៩, កិច្ចការ ២២:៦–១១​,​​ កិច្ចការ ២៦:១៣–១៨ ) ។ ថ្វី​បើ​មាន​ភាពខុស​គ្នា​បន្តិច​បន្តួច​ក្ដី ក៏​​ដំណើរ​រឿង​ជាច្រើន​មាន​សេចក្ដី​ពិត​សំខាន់​ដែលចុះសម្រុង​នឹងគ្នា​ ដែល​ពួក​លោក​ម្នាក់ៗ​​បាន​ឃើញ ហើយ​បាន​សន្ទនា​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែរ ។

កិច្ចការ ២៦:២៨ ។ « ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ »

កាល​កំពុង​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិត​សិប អែលឌើរ ប្រូស ស៊ី ហាហ្វិន បាន​បង្រៀន​ថា

« ប្រសិន​បើ​​យើង​ត្រូវ​លះបង់​អ្វីៗ​ទាំងអស់​​ដែល​យើង​មាន ប៉ុន្ដែ​យើង​​គ្រាន់​តែ​ផ្ដល់​ឲ្យនូវ ភាគ​ច្រើន​ នៃអ្វីៗ​ទាំងអស់​ដែល​យើង​មាន នោះ​គឺ​ពុំ​ល្មម​គ្រប់​គ្រាន់​ឡើយ ។ ប្រសិន​បើ​យើង ស្ទើរ​តែ គោរព​តាម​បទបញ្ញត្តិ នោះ​យើង ស្ទើរតែ​ ទទួល​បាន​ពរជ័យ​ដែរ » ( « The Atonement: All for All,»EnsignLiahona, ខែ​ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៨ ) ។

ប្រធាន ហារ៉ូល ប៊ី លី បាន​អនុវត្ត​តាម​ពាក្យ​របស់​ស្ដេច​អ័គ្រីប៉ា​ដល់​សមាជិក​សាសនាចក្រ​ ដែល​ចង់​ដោះសា​រ​អំពីការ​គោរពតាមបទបញ្ញត្តិ ៖

« ប៊ីស្សព​ល្អម្នាក់​បានលើកឡើងអំពីមតិ​មួយ​​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​អ្វី​ ដែល​គាត់​ហៅ​ថា​ពាក្យ​ដ៏​សោកសៅ​បំផុត​ ដែល​គាត់​ដឹង​ពី​បុរស​​ម្នាក់​​ដែល​មាន​ឋានៈ​ខ្ពស់ ។ គាត់​បាន​អាន​ពាក្យ​ពេចន៍​នៅ​​ជំនាន់​របស់​សាវក​ប៉ុល ​កាល​ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​អស្ចារ្យ​អំពីការ​ប្រែ​ចិត្ត​ជឿ​របស់​លោក​ នៅ​ចំពោះ​មុខ​​ស្ដេច​អ័គ្រីប៉ា ។ ស្តេច​អ័គ្រីប៉ា​បាន​តប​ថា ‹ ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ › ។ (កិច្ចការ ២៦:២៨ ) ។ បន្ទាប់​មក ​ប៊ីស្សព​នោះ​បាន​ពោល​ថា​ ‹ ស្ដេច​អង្គ​នេះ​បាន​ដឹង​អំពីសេចក្ដី​ពិត ប៉ុន្តែ​ទ្រង់​ខ្វះ​សេចក្ដី​ក្លាហាន​ដើម្បី​ធ្វើ​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ ។ … ›

« រួចហើយ ​[ ប៊ីស្សព​នេះ ] ​បាន​បង្ហាញ​សញ្ញា​ពិសេស​អំពីរឿង​មួយ​ចំនួន ​ដែល​គាត់​បាន​រក​ឃើញ​នៅ​ក្នុង​វួដ​របស់​គាត់​​នៅ​ក្នុង​ការ​បង្រៀន​ដ៏​ខ្លី​ ​ប៉ុន្តែ​ជា​ទេសនកថាដ៏​មាន​ឥទ្ធិពល​អស្ចារ្យ ។ គាត់​បាន​ពោល​ថា ‹ ​នៅ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​លោក​ចៅ​ហ្វាយ​ថា … មក​តាម​ខ្ញុំ​ចុះ » ( ម៉ាកុស ១០:២១ ) មាន​សមាជិក​មួយ​ចំនួន​ស្ទើរ​តែ​ធ្វើ​តាម ប៉ុន្តែ​និយាយ​​ថា « ទ្រង់​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មានភាពស្មោះត្រង់​ទាំងស្រុង ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​លួច​មើល​​ដើម្បី​ប្រឡង​ឲ្យ​ជាប់ » › ។ …

« [ ប៊ីស្សព​​រូប​នេះ​បាន​បន្ត​ទៀត​ថា ] ‹ ​ទ្រង់​​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ទៅហើយ ប៉ុន្តែ​វា​សប្បាយ​​ដើម្បី​លេង​កីឡា​នៅ​ថ្ងៃ​អាទិត្យ ។

« ‹ ទ្រង់​ស្ទើរ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​ខ្ញុំ​ទៅ​ហើយ ប៉ុន្តែ​គាត់​ជា​មនុស្ស​ខូចខិល ទ្រង់​ស្ទើរ​តែ​ធ្វើ​​ឲ្យ​ខ្ញុំ​ចេះ​អត់ឱន​ដល់​មនុស្ស​ដទៃ ប៉ុន្តែ​វា​ជា​រឿង​ខុស​ឆ្គង​ទាំងស្រុង … ទ្រង់​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចេញ​ទៅ​បង្រៀន​តាម​ផ្ទះ ប៉ុន្តែ​ធាតុ​អាកាស​នៅ​ខាងក្រៅ​ត្រជាក់​ខ្លាំង​ណាស់​នៅ​យប់​នេះ ​ទ្រង់​ស្ទើរ​តែ​ធ្វើ​​ឲ្យ​ខ្ញុំ​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​ទៅហើយ ប៉ុន្តែ​យើង​ត្រូវការ​ទូរទស្សន៍​ពណ៌​ថ្មី​មួយ ។ … ស្ទើរតែ ! ស្ទើរតែ ! ស្ទើរតែ !» ( នៅ​ក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៦៤ ទំព័រ ២៣-២៤ ) ។