បណ្ណាល័យ
មេរៀន​ទី ១៣៤ ៖ ភីលេម៉ូន


មេរៀនទី ១៣៤

ភីលេម៉ូន

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសើរ​ដល់​​ភីលេម៉ូន​​ចំពោះ​សេចក្ដី​ជំនឿ​ និង​សេចក្ដីស្រឡាញ់​របស់​គាត់​​ចំពោះ​ព្រះអង្គ​សង្គ្រោះ និងបងប្អូន​សមាជិក​សាសនា​ចក្រ ។​ ប៉ុល​បាន​ទូន្មាន​ដល់​ភីលេម៉ូន​ឲ្យ​​ទទួល​យក​ទាសករ​​របស់​គាត់​ ឈ្មោះ ​អូនេស៊ីម​ ដែល​បាន​រត់​គេច​ខ្លួន​​ទុក​ជា​ប្អូន​ប្រុស​ក្នុង​ដំណឹងល្អ​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

ភីលេម៉ូន ១

ប៉ុលទូន្មាន​ដល់​ភីលេម៉ូន​​ឲ្យ​ទទួល​យក​ទាសករ​ដែល​បាន​រត់គេចខ្លួនពីម្ចាស់​របស់​គាត់​ ឈ្មោះ ​អូនេស៊ីម​ ​​ទុក​ជា​ប្អូន​ប្រុស​ក្នុង​ដំណឹងល្អ​វិញ

ចូរ​សុំ​ឲ្យ​សិស្ស​នឹកគិត​អំពី​យុវវ័យ​នៅក្នុង​វួដ ឬ​សាខា​របស់ពួកគេ ។ សូម​ចង្អុល​បង្ហាញ​ថា ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​មាន​ឱកាស​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ដោយជិតស្និទ្ធ​នឹង​មនុស្ស​ដែល​ខុស​ពី​យើង ។

  • តើ​យុវវ័យ​នៅក្នុង​វួដ​ ឬ​សាខា​របស់អ្នក​ខុស​ពី​គ្នា​​យ៉ាង​ដូចម្ដេច ? ( សូម​រំឭកសិស្ស​ឲ្យ​និយាយ​​ដោយ​ការ​គោរព​ដល់​​គ្នាទៅវិញទៅមក ) ។

សូម​ចង្អុល​បង្ហាញ​ថា ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ យើង​ក៏​បាន​ជួប​ប្រទះនឹង​មនុស្ស​​ថ្មី​ៗ​​ជាញឹកញាប់​ផងដែរ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្រមៃ​ថា មាន​មនុស្ស​ថ្មី​ម្នាក់​មក​ចូល​រួម​ក្នុង​វួដ ឬ​សាខា​របស់ពួកគេ ។

  • តើ​មនុស្ស​ម្នាក់​អាច​ប្រឈមមុខ​នឹង​​បញ្ហាទំនាក់ទំនង​​ខាង​សង្គមយ៉ាងណា នៅ​ពេល​​គេ​មក​ចូលរួម​ក្នុងសាសនាចក្រ ឬ​ផ្លាស់​ចូល​មក​ក្នុងវួដ ឬ​សាខា​ថ្មី​មួយ​នោះ ?​ ( ប្រសិន​បើ​មានសិស្ស​ណា​បាន​ចូលមក​ក្នុង​សាសនាចក្រ ឬ​បាន​ផ្លាស់​ចូល​មក​វួដ ឬ​សាខា​ថ្មី​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ សូម​អញ្ជើញពួកគេ​ឲ្យ​ពិពណ៌នា​​​អំពី​បញ្ហា​ទំនាក់ទំនង​​ខាង​សង្គម​នានា​​ដែល​ពួកគេ​បាន​ជួប​ប្រទះ ) ។

សូម​ឲ្យ​សិស្ស​ពិចារណាអំពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​ប្រព្រឹត្ត​នឹង​សមាជិក​សាសនាចក្រ​ដែល​មានឥរិយា​បទ​ផ្សេង ចំណាប់អារម្មណ៍​ផ្សេង ឬ​នៅក្នុង​ក្រុម​ទំនាក់ទំនង​ខាង​សង្គម​ផ្សេង​ពីអ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ប្រព្រឹត្ត​នឹង​សមាជិក​ថ្មី​ក្នុង​វួដ ឬ​សាខា​របស់​អ្នក​យ៉ា​ងដូចម្ដេច ?

សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​ នៅ​ពេល​​ពួកគេ​សិក្សា​ពី​សំបុត្រ​របស់​ប៉ុល​ផ្ញើ​ទៅ​កាន់​​ភីលេម៉ូន ដែលអាច​ដឹកនាំ​ពួកគេ​នៅ​ក្នុង​ការ​ប្រាស្រ័យទាក់ទង​របស់ពួកគេ​ជាមួយ​នឹង​បងប្អូន​សមាជិក​សាសនា​ចក្រ ។

សូមពន្យល់​ថា ប៉ុល​ស្ថិត​នៅក្នុងគុក​នៅពេល​គាត់​សរសេរ​សំបុត្រ​ទៅកាន់​ភីលេម៉ូន ដែល​​​ប្រហែលជា​អ្នកផ្លាស់ប្រែចិត្តជឿជនជាតិ​ក្រិក​​​មកក្នុង​សាសនាចក្រ ។ សូមសង្ខេបភីលេម៉ូន ១:១–៣​ដោយពន្យល់​ថា ប៉ុល​បាន​ចាប់​ផ្ដើម​សំបុត្រ​របស់​លោក​ដោយជម្រាបសួរ​ដល់​ភីលេម៉ូន និង​អ្នកដទៃទៀត រួមទាំង​ក្រុមជំនុំ​ដែល​បានជួប​នៅ​​ផ្ទះ​ភីលេម៉ូន​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន ភីលេម៉ូន ១:៤–៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ហេតុផល​ដែល​ប៉ុល​បាន​សរសើរ​ដល់ភីលេម៉ូន ។ សូម​ពន្យល់​ថា នៅក្នុង​បរិបទ​នេះ ពាក្យ​ថា​សេចក្ដី​ប្រកបសំដៅ​ទៅលើ​ការ​ចូល​រួម និង​ភាព​រាក់ទាក់ និង​ឃ្លា « បាន​កើត​ការ​ឡើង​ឲ្យ​បាន​យល់​ព្រមតាម » មាន​ន័យ​ថាប្រែក្លាយ​ទៅជា​សកម្ម ឬ​មាន​ឥទ្ធិពលកើតឡើង  ។

  • ហេតុអ្វី​ប៉ុលបាន​​សរសើរ​ដល់​ភីលេម៉ូន ? ( ដោយសារ​​សេចក្ដីជំនឿ​របស់​ភីលេម៉ូន​ និង​សេចក្ដីស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និងបង​ប្អូន​សមាជិក​សាសនាចក្រ​របស់​គាត់ ។​ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា នៅពេល​ប៉ុល​បាន​និយាយថា​ « ចិត្ត​នៃ​ពួកបរិសុទ្ធ​បាន​ស្បើយល្ហែ​ដោយសារ​អ្នក » [ខទី ៧] គាត់​មានន័យ​ថា ដួងចិត្ត​របស់​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឲ្យ​សប្បាយ​​ដោយសារ​​ភីលេម៉ូន ) ។

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​ឭៗ​​នូវ​ព័ត៌មាន​ដូចខាង​ក្រោម​អំពី​ស្ថានភាព​មួយ ​ដែល​ប៉ុល​បាន​ថ្លែង​នៅក្នុង​សំបុត្រ​នេះ ៖

ភីលេម៉ូន​មាន​អ្នកបម្រើ ឬ​ទាសករ​ម្នាក់ ឈ្មោះ​ថា អូនេស៊ីម​ ដែល​បាន​រត់គេច​ខ្លួន ហើយ​ប្រហែលជាបាន​លួច​​របស់​អ្វី​មួយ​ពី​​ភីលេម៉ូន ( សូមមើលភីលេម៉ូន ១:១៨) ។ ទាសភាព មិន​ត្រូវ​បាន​មើល​ឃើញ​ថាជា​ការ​អាក្រក់​នៅក្នុង​វប្បធម៌​របស់គ្រីស្ទាន​សាសន៍​យូដា​​ក្នុងគម្ពីរ​សញ្ញា​ថ្មីទេ ហើយ​ត្រូវ​បានគាំទ្រ​ដោយច្បាប់​រ៉ូម ។ ទណ្ឌកម្ម​ចំពោះ​ទាសករ​ដែល​រត់គេច​ខ្លួន រួម​មាន​ទាំង​ការ​វាយ​ដំ​ជា​ទម្ងន់ ឬ​បោះ​ត្រា​នៅលើ​ថ្ងាស ឬអាច​ត្រូវ​សម្លាប់​ចោលទៀតផង ។ បន្ទាប់ពី​ការ​រត់គេច​ខ្លួន អូនេស៊ីម​ បាន​ទៅ​ជួប​​នឹង​សាវក​ប៉ុល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន ភីលេម៉ូន ១:៨–១២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​នូវ​អ្វី​ដែល​ប៉ុល​បាន​អង្វរ ឬអង្វរក​សុំឲ្យ​ភីលេម៉ូន​ធ្វើ ។ បើ​ចាំបាច់ សូមពន្យល់​ថា នៅក្នុង​ខទី ៨ពាក្យបង្គាប់​មាន​ន័យ​​ថា​បញ្ជា ហើយ​ពាក្យធ្វើការ​ដែល​​គួរគប្បីមានន័យ​ថា​ត្រឹមត្រូវ ឬ​សម ។

  • តើ​ប៉ុល​បានសុំ​ឲ្យ​ភីលេម៉ូន​ធ្វើ​អ្វីខ្លះ ?

  • ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់​ភីលេម៉ូន តើអ្នក​អាច​នឹងមានគំនិត ឬ​អារម្មណ៍​យ៉ាងណា​ដែរ នៅ​ពេល​អ្នក​បាន​ទទួល​សំណើរ​របស់​ប៉ុល ?

សូម​ចង្អុល​បង្ហាញ​ឃ្លាថា « ដែល​ខ្ញុំ​បាន​បង្កើត​ក្នុង​វេលា​ជាប់​ចំណង » (ខទី ១០) ។ ចូរ​ពន្យល់​ថា អត្ថន័យ​មួយ​នៃ​កិរិយាសព្ទ​បង្កើតគឺ​ដើម្បីផ្ដល់​ជីវិត​ដល់នរណា​ម្នាក់ ។

  • តើ​អ្នកគិត​ថា ប៉ុល​ចង់​មានន័យ​យ៉ាង​ណា​ចំពោះ​ឃ្លា​នេះ ? ( ខណៈ​ដែល​ប៉ុល​ស្ថិត​នៅ​ក្នុង​គុក នោះ​លោក​បាន​ជួយ​ដល់​អូនេស៊ីម​​ឲ្យ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ក្នុង​នាម​ជា​អ្នកដើរ​តាមព្រះយេស៊ូវគ្រីស្ទ​មួយរូប ) ។

សូមសង្ខេបភីលេម៉ូន ១:១៣–១៤​ដោយ​ពន្យល់​ថា ប៉ុល​ចង់​រក្សាអូនេស៊ីម​​ឲ្យ​ស្នាក់​នៅជា​មួយគាត់ ដើម្បី​ឲ្យ​អូនេស៊ីម​​អាច​ជួយ​ដល់​គាត់ ប៉ុន្ដែ​ប៉ុល​មិន​ចង់​ធ្វើ​ដូច្នោះ​ ដោយ​គ្មាន​​ការ​យល់​ព្រម​ពីភីលេម៉ូន​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ភីលេម៉ូន ១:១៥–១៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​​ប៉ុល​បាន​លើក​ទឹកចិត្ត​ភីលេម៉ូន​យ៉ាង​ណា​ខ្លះ ដើម្បី​​ឲ្យ​មើល​ពី​ទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​អ្នក​ផ្លាស់​ប្រែ​ចិត្តជឿ​ថ្មី​ឈ្មោះ អូនេស៊ីម ។

  • យោងតាមខទី ១៦តើ​ភីលេម៉ូន​មើល​ទៅអូនេស៊ីម​យ៉ាងដូចម្ដេច ?

  • ហេតុអ្វី​ក៏​ការ​មើល​ទៅអូនេស៊ីមទុក​ជា « ប្អូន​ស្ងួនភ្ងា » អាច​មាន​ការ​លំបាក​សម្រាប់​ភីលេម៉ូន ? ( ចម្លើយ​ដែល​អាច​ទៅ​រួច អាច​រួមមាន​ថា ពួក​គេ​ស្ថិត​នៅក្នុង​ឋានៈ​ខាង​សង្គម និង​ខាង​សេដ្ឋកិច្ច​ខុស​ពីគ្នា ហើយ​ថាអូនេស៊ីម​អាច​នឹង​ធ្វើ​ខុស​ចំពោះ​ភីលេម៉ូន​យោង​ទៅ​តាម​ទំនៀមទម្លាប់​នៃ​ជំនាន់​នោះ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វី​ខ្លះ​ចេញ​មក​ពី​ខទី ១៦អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយគ្នា​ដោយសារ​តែ​ដំណឹងល្អ ? ( សូម​ជួយ​សិស្ស​ឲ្យ​ប្រាប់​ពី​​សេចក្ដីពិត​​ស្រដៀង​គ្នា​មួយ​ដូច​​ខាង​ក្រោម ៖ យើង​គឺជា​បងប្អូន​ប្រុស​ស្រី​នៅក្នុង​ដំណឹងល្អ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​​នៅ​លើ​ក្ដារខៀន ) ។

  • តើអ្វី​ដែល​ធ្វើ​ឲ្យ​​យើង​ក្លាយ​ជា​បងប្អូន​ប្រុស​ស្រី​នៅក្នុង​ដំណឹងល្អ ?

ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា យើង​ទាំង​អស់​គ្នា​គឺជា​កូនចៅ​វិញ្ញាណ​របស់ព្រះវរបិតាសួគ៌ ( សូមមើលហេព្រើរ ១២:៩) ហេតុ​ដូច្នេះហើយ ​យើង​គឺជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ។ លើស​ពីនោះ តាមរយៈ​ពិធីបរិសុទ្ធ​នានា​នៃ​ពិធី​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ នោះ​ការ​អនុវត្ត​​សេចក្ដីជំនឿ​​ជា​បន្ដ​បន្ទាប់​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ គោរពប្រតិបត្តិ ហើយ​ប្រែចិត្ត​ដោយ​ខ្ជាប់ខ្ជួន នោះ​យើង​នឹង​បាន​កើត​ឡើង​វិញ​​ខាង​វិញ្ញាណ ។ តាម​របៀប​នេះ យើង​ប្រែក្លាយ​ទៅ​ជា​បុត្រា និង​បុត្រី​របស់ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ​ម៉ូសាយ ៥:៧) ហេតុដូច្នោះ​ យើង​គឺជា​បងប្អូន​ប្រុសស្រី​​នៅក្នុង​គ្រួសារ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ មិន​ថា​ភេទ អាយុ​ ជីវប្រវត្តិ ឬ​ស្ថានភាព​សង្គម​របស់​យើង​យ៉ាង​ណា​ទេ យើង​ប្រែ​ក្លាយ​ទៅ​ជា​មាន​ភាព​ស្មើគ្នា​​នៅក្នុង​នគរ​របស់ព្រះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវ​សេចក្ដី​ថ្លែង​​ការណ៍​ដូច​ខាង​ក្រោម​ដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល ​របៀប​ដែល​​សេចក្ដីពិត​ដែល​ពួកគេ​ទើប​បាន​រក​ឃើញ អាច​ជះ​ឥទ្ធិពល​ទៅលើ​របៀប​ ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក ជា​ពិសេស​សមាជិក​ថ្មី​ក្នុង​សាសនា​ចក្រ ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ខ្ញុំ​តែង​តែ​ត្រូវ​បាន​លើក​តម្កើង​​ដោយ​ការ​អាន​សំបុត្រ​ខ្លី​របស់​ប៉ុល ទៅ​កាន់​ភេលីម៉ូន វា​បង្រៀន​យើង​នូវ​គោលការណ៍​ និងវិញ្ញាណ​​​មួយ​អំពី​ភាតរភាព​ក្នុង​ដំណឹងល្អ ។​ …

« វា​គឺជា​ការ​បំផុសគំនិត និងអំណរ​​ដើម្បី​មើល​តាម​វិញ្ញាណ​ដូចគ្នា​នេះ​ចំពោះ​ការ​ងារ​នៅក្នុង​សាសនា​ចក្រ ដើម្បី​មើល​ឃើញ​ពួកបរិសុទ្ធ​ឱបក្រសោប​យក និង​ជួយ និង​គាំទ្រ​ ហើយនិង​អធិស្ឋាន​សម្រាប់​អ្នក​ទាំង​ឡាយ​ ដែល​​ចូល​មកក្នុង​នគរ​ព្រះរបស់​យើង​ប្រចាំ​ថ្ងៃ​នោះ ។ សូមបន្ដ​ជួយ​គ្នា​ទៅវិញ​ទៅមក—ហើយ​មាន​មនុស្ស​កាន់តែ​ច្រើន​ទៀត​នឹង​ចូល​មក​​ក្នុង​សាសនាចក្រ​នេះ ។ សូម​ស្វាគមន៍ពួកគេ ​ស្រឡាញ់ ហើយនិង​រាក់ទាក់​នឹង​ពួកគេ ។

« គួរ​ឲ្យ​សោក​ស្ដាយ មាន​រឿង​ខ្លះៗ​​ដែល​ពួក​យើង​មួយចំនួន​មិន​បាន​ធ្វើ​ដូច្នោះ ក៏​មាន​ដំណើរ​រឿង​អំពី​មនុស្ស​មួយចំនួន ​ដែល​បាន​បដិសេធអស់​អ្នក​ដែល​ព្រះអម្ចាស់​បាន​ទទួល​​យក​​ដោយ​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ ប្រសិន​បើព្រះអម្ចាស់ ‹ មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង​ប្អូន​ទេ › (ហេព្រើរ ២:១១) ហេតុដូច្នោះ​ហើយ ចូរ​យើង … ដឹកដៃ​បងប្អូន​ប្រុស​ស្រី​របស់​យើង ហើយ​លើកពួកគេ​ឡើង​ ចូលមក​ក្នុង​រង្វង់​នៃ​ក្ដីស្រឡាញ់ និង​ការ​ខ្វល់​ខ្វាយ​របស់​យើង » (​«​ Always a Convert Church: Some Lessons to Learn and Apply This Year » Ensign ខែ​កញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៤) ។

  • ស្របតាម​ប្រធាន ​ឃឹមបឹល តើ​បងប្អូន​ប្រុស​ស្រី​គួរ​ប្រព្រឹត្ត​នឹង​គ្នា​​នៅក្នុង​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូម​រំឭក​ដល់សិស្ស​អំពី​សំណួរ​នានា ដែល​ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពិចារណា​នៅ​ខាង​ដើម​មេរៀន ស្ដី​អំពី​របៀប​ដែល​ពួកគេ​គួរ​ប្រព្រឹត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ដែល​ទីទៃពីពួកគេ ឬ​ដែល​ថ្មី​នៅក្នុង​វួដ ឬ​សាខា​របស់ពួកគេ ។

  • ហេតុអ្វី​អ្នកគិត​ថា​ វា​សំខាន់​ដើម្បី​យល់​ថា យើង​​គឺជា​បងប្អូន​ប្រុស​ស្រី​​នឹង​គ្នា​នៅក្នុង​ដំណឹងល្អ ?

  • តើ​អ្នកធ្លាប់​ឃើញ​នរណា​ម្នាក់​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ​ដូចជា​បងប្អូន​ប្រុស​ស្រី​នៅក្នុង​ដំណឹងល្អ​នៅ​ពេលណា ?

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​បន្ថែម ដែល​បាន​ចង្អុលបង្ហាញ​នៅក្នុង​សំបុត្រ​របស់​ប៉ុល ​ទៅកាន់​ភីលេម៉ូន ចូរ​សុំ​ឲ្យ​ពួកគេ​គិត​អំពី​គ្រា​មួយ ដែល​មាន​នរណា​ម្នាក់​អាក់អន់ចិត្ត ឬ​ធ្វើ​ខុស​ដាក់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ភីលេម៉ូន ១:១៧ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថា​ប៉ុល​​បានទូន្មាន​ភីលេម៉ូន​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • តើ​ប៉ុល​បានទូន្មាន​​ភីលេម៉ូន​​ឲ្យធ្វើ​អ្វីខ្លះ ?

ចូរ​ពន្យល់​ថា ប៉ុល​កំពុង​សុំ​​ទៅ​ភីលេម៉ូន​ឲ្យ​ទទួល​អូនេស៊ីម​ដូចគ្នា​នឹង​របៀប ដែល​ភីលេម៉ូន​នឹង​ទទួល​ប៉ុល ។ នៅក្នុង​ការណែនាំ​នៅ​ខាង​ក្រោម​នេះ ភីលេម៉ូន​​នឹង​លើក​លែង​​ចំពោះការ​ដាក់​ទោស​ធ្ងន់ធ្ងរ​ លើ​ទាសករដែល​រត់គេច​​ធម្មតាត្រូវទទួលនោះ ។

  • ដូច​បានចង្អុល​បង្ហាញ​នៅក្នុងការ​ណែនាំ​របស់​ប៉ុល​ទៅ​កាន់​ភីលេម៉ូន តើ​សិស្ស​ទាំងអស់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​មានការ​ទទួលខុសត្រូវ​អ្វី​ខ្លះ​ ចំពោះ​អ្នកទាំងឡាយ​ ដែល​ធ្វើ​ឲ្យ​គេ​អាក់​អន់​ចិត្ត ឬ​ធ្វើ​ខុស​នឹង​គេ​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​សេចក្ដីពិតដូចតទៅ​នេះ ៖ សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​សេចក្ដី​មេត្តា និង​​ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​ពេល​ខ្លះ​អាច​ជា​ការ​លំបាក​ដើម្បី​បង្ហាញ​​សេចក្ដី​មេត្តា និង​ការ​អភ័យទោស​ដល់​មនុស្ស​ដទៃ ?

ចូរ​ចង្អុល​បង្ហាញ​ថា ការ​បង្ហាញ​សេចក្ដី​មេត្តា និង​ការ​អភ័យទោស​ដល់​មនុស្ស​ដែល​បាន​ធ្វើ​ខុស​នឹង​យើង ពុំ​ចាំបាច់​មានន័យ​ថា ត្រូវ​អនុញ្ញាត​ឲ្យ​ពួកគេ​ចៀសផុត​ពី​ផលវិបាក​នៃ​ទង្វើ​​របស់ពួកគេ ឬ​មានន័យ​ថា ត្រូវ​ស្ដារ​ឡើង​វិញ​ភ្លាមៗ​នូវការ​ទុកចិត្ត​របស់​យើង​​ទៅលើ​ពួកគេ​​នោះទេ ។ ផ្ទុយទៅវិញ វា​មានន័យថា យើង​បង្ហាញ​ក្ដី​មេត្តា​ចំពោះ​អ្នកដទៃ ហើយ​ឈប់​មាន​ការ​អាក់​អន់ចិត្ត ឈប់​មានកំហឹង ឬ​ឈប់​មានការ​ឈឺ​ចាប់​ដែល​យើង​មាន។ នៅពេល​ណា​សមរម្យ យើង​ក៏អាច​អនុញ្ញាត​ឲ្យ​អ្នកទាំងឡាយ​ ដែល​បាន​ធ្វើ​ខុស​ចំពោះ​យើង​ទទួល​​បាន​នូវការ​ទុកចិត្ត​របស់​យើង​វិញ​ផង​ដែរ ។ ថ្វីដ្បិត​តែ​ការ​អភ័យទោស​ដល់អ្នកដទៃ​ប្រហែលជា​លំបាក​ក្ដី ក៏​យើងអាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​សុំ​ជំនួយ​ ហើយ​​ទ្រង់​នឹង​ជួយ​យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ភីលេម៉ូន ១:១៨–២១ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថា តើ​​ប៉ុល​បាន​ស្នើ​សុំ​ធ្វើ​អ្វី​ខ្លះ​ ជំនួស​​អូនេស៊ីម ។

  • តើ​​ប៉ុល​បាន​ស្នើ​សុំ​ធ្វើ​អ្វី​ខ្លះ​ជំនួស​អូនេស៊ីម ? ( បង់​សង​ថ្លៃ​ប្រាក់កាស​​ទៅ​ភីលេម៉ូន ដែល​ភីលេម៉ូន​បាន​បាត់​បង់ ដោយ​សារ​តែ​ទង្វើ​របស់​អូនេស៊ីម ) ។

  • តើ​កិច្ចខិតខំ​របស់​ប៉ុល​ជំនួស​អូនេស៊ីម ស្រដៀង​​គ្នា​​នឹង​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះដែល​​មាន​ជំនួស​យើង​យ៉ាង​ដូចម្ដេច ? ( ក៏ដូចជា​ប៉ុល​បានជួយ​សុំ​ទោស​ជំនួស​អូនេស៊ីម នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​សុំ​ទោស​​ជំនួស​យើង ហើយ​បាន​ទូល​អង្វរដល់ព្រះវរបិតាសួគ៌​ដើម្បី​បុព្វហេតុ​របស់យើង [​ សូមមើលគ. និងស. ៤៥:៣–៥] ។ ព្រះយេស៊ូវ​គ្រីស្ទ​ក៏​បាន​បង់ថ្លៃ​​បំណុល​ខាង​វិញ្ញាណ​ ដែល​យើង​ជំពាក់​ដោយសារ​អំពើបាប​របស់​យើង​ផងដែរ ) ។

  • តើ​ការ​ចងចាំ​អំពីអ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ជំនួស​យើង អាច​ជួយ​យើង​ឲ្យ​​បង្ហាញ​ក្ដី​មេត្តា និង​ការ​អភ័យទោស​ដល់អ្នកដទៃ​យ៉ា​ង​ដូចម្ដេច ?

សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី ឬ​បួន​នាក់ ( ឬ​ បញ្ចប់​សកម្មភាព​នេះ​រួម​គ្នា​ក្នុង​ថ្នាក់ ប្រសិន​បើ​អ្នក​ពុំ​មាន​សិស្ស​ល្មម​ដើម្បី​​បំបែក​ជា​ក្រុមទេនោះ ) ។ សូម​​ផ្ដល់​សំណៅ​នៃ​ការ​ណែនាំ​ដូច​ខាងក្រោម​ទៅ​ដល់ក្រុម​​នីមួយៗ ដូចជា​ក្រដាស​ចែកចាយ​៖

រូបភាព
handout

ភីលេម៉ូន ១

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១៣៤

ចូរ​ពិភាក្សា​អំពី​សំណួរ​ដូច​ខាង​ក្រោម​ជាមួយ​គ្នា​​ក្នុង​ក្រុម​របស់​អ្នក ។ នៅក្នុង​ចម្លើយ​របស់អ្នក​ ចូរ​ប្រាកដ​ថា​មិន​ត្រូវ​ចែកចាយ​នូវអ្វី​ដែល​​​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។

  • ដូចជា​ភីលេម៉ូន​ដែរ តើនៅពេលណា ​ដែល​អ្នក​ចាំបាច់​ត្រូវ​បង្ហាញ​ក្ដីមេត្តា និងការ​អភ័យ​ទោស​​ដល់​នរណា​ម្នាក់​ទៀត ? តើ​អ្នកអាច​ផ្ដល់​ក្ដីមេត្តា និង​អភ័យទោស​ដល់​មនុស្ស​ម្នាក់​នេះ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​បាន​ទទួល​ពរ ពេលធ្វើ​ដូច្នោះ​ដោយ​របៀប​​ណា ?

  • ដូចជា​អូនេស៊ីម​ដែរ តើ​នៅពេល​ណា​ដែល​អ្នក​សង្ឃឹម​ថា ​អ្នក​ទទួល​បាន​ក្ដីមេត្តា និងការ​អភ័យទោស​មកពី​មនុស្ស​ដទៃទៀត ? តើ​អ្នក​ស្វែងរក​ក្ដីមេត្តា និង​ការអភ័យទោស​ពី​បុគ្គល​រូប​នេះ​យ៉ាង​ដូចម្ដេច​ ? តើ​អ្នក​បាន​ទទួល​ពរ ពេលធ្វើ​ដូច្នោះ​ដោយ​របៀប​​ណា ?

  • ដូចជា​ប៉ុល តើ​នៅពេល​ណា​ដែលអ្នក​បាន​បម្រើ​​ជា​អ្នក​សម្រុះសម្រួល​​​រវាង​នរណាម្នាក់​ដែល​ស្វែងរក​ការ​អភ័យទោស និង​មនុស្ស​ម្នាក់​ទៀត​​ដែល​ចាំបាច់​ត្រូវ​ផ្ដល់​នូវការ​អភ័យ​ទោស និង​ក្ដីមេត្តា ? តើ​អ្នកអាច​ជួយ​អ្នកធ្វើ​ខុស​ឲ្យ​ទទួល​បានការ​អភ័យទោស ហើយជួយ​មនុស្ស​ដែល​រងទុក្ខ​ឲ្យ​អភ័យទោស​ដល់​អ្នកធ្វើ​ខុស​យ៉ាងដូចម្ដេច ?

បន្ទាប់ពីសិស្ស​បាន​ពិភាក្សា​សំណួរ​ទាំងនេះ​នៅ​ក្នុង​ក្រុម​របស់​ពួកគេ​ហើយ សូមអញ្ជើញ​សិស្ស​ម្នាក់​មកពី​ក្រុមនីមួយៗ​ ឲ្យ​ចែកចាយ​ជា​មួយ​នឹង​សិស្សក្នុង​ថ្នាក់​​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ពួកគេ​​នៅក្នុង​ស្ថានភាព​មួយ​នៃ​ស្ថានភាព​ទាំង​​នេះ ឬ​បទពិសោធន៍​មួយ​របស់​សមាជិក​នៃ​ក្រុម​របស់ពួកគេ ( ដោយ​មានការ​យល់​ព្រម​ពី​សមាជិក​ក្រុម ) ។ ( វិធីសាស្ដ្រជម្រើសគឺ​ត្រូវ​ផ្ដល់​សំណៅ​សំណួរ​​ដល់​សិស្ស​ម្នាក់ៗ ឬ​បង្ហាញ​សំណួរ​នៅលើ​ក្ដារខៀន ហើយអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ ក្រោយពី​ផ្ដល់​​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​មួយចំនួនដែល​ស្ម័គ្រចិត្ត​ធ្វើ​ដូច្នោះ ឲ្យ​ចែក​ចាយ​​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​អំពី​អ្វី ​ដែល​ពួកគេអាច​​ធ្វើ​ដើម្បី​ផ្ដល់​នូវ​ក្ដីមេត្តា និង​ការ​អភ័យ​ទោស​ដល់​អ្នកដទៃ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​តាមអ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ភីលេម៉ូន ១ ។ ទាសភាព

នៅក្នុងការ​សរសេរ​ទៅកាន់​ភីលេម៉ូន ​ដើម្បី​ឲ្យ​ទទួល​យក​ទាសករ​ដែល​បាន​រត់គេច​ខ្លួន ឈ្មោះ​ អូនេស៊ីម ប៉ុល​ពុំ​បាន​ថ្លែង​​ដោយ​ត្រង់​ៗ​​អំពី​រឿង​ទាសភាព​ ដែល​ត្រូវ​បាន​សង្គមដែល​ពួក​គេ​រស់​នៅ​​​​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​នោះ​ទេ ។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះអម្ចាស់​បាន​មាន​បន្ទូល​​នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប​ថា​ « វា​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​មួយ ត្រូវ​ជាប់​ជា​បាវ​បម្រើ​ដល់​អ្នកណា​មួយ​ឡើយ » (គ. និងស. ១០១:៧៩) ។

សំណើរ​របស់​ប៉ុល​សុំ​ឲ្យ​ភីលេម៉ូន​ទទួល​យក​អូនេស៊ីម « មិន​មែន​ដូច​ជា​បាវ​បម្រើ​ទៀត​ឡើយ » (ភីលេម៉ូន ១:១៦) អាច​មានន័យ​ថា​ ប៉ុល​ចង់​ឲ្យ​ភីលេម៉ូន​ដោះ​លែង​អូនេស៊ីម​ឲ្យ​មានសេរីភាព បន្ទាប់​មក​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​មក​ជួយ​ប៉ុល​ក្នុង​ការ​បម្រើ​វិញ ( សូមមើល​ខទី ១៣–១៤) ។

ភីលេម៉ូន ១:៧, ១២, ២០។ « ចិត្ត​នៃ​ពួក​បរិសុទ្ធ​បាន​ស្បើយ​ល្ហែ ដោយសារ​អ្នក »

ពាក្យ​នេះ​ជា​ភាសាក្រិច​បាន​បកប្រែ​ថាជា​ចិត្តសំដៅ​ទៅលើ​ផ្នែក​ខាង​ក្នុង​ខ្លួន ។ វា​គឺជា​សេចក្ដីយោង​ប្រៀបធៀប​ទៅ​នឹង​អារម្មណ៍ក្នុងដួងចិត្ត​ ក្ដីស្រឡាញ់ ​និងការ​អាណិត​អាសូរ​​​ក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់ ។​ ពាក្យដួងចិត្តពេល​ខ្លះ​ក៏​ត្រូវ​បាន​ប្រើ​ស្រដៀងគ្នានេះ ។

ភីលេម៉ូន ១:១១។ « គ្មាន​​ប្រយោជន៍ » និង « ប្រយោជន៍ »

ឈ្មោះ​អូនេស៊ីម មានន័យ​ថា​ ជាជំនួយ ឬ « មាន​ប្រយោជន៍ » (ខទី ១១) ( សូមមើល Arthur A. Rupprecht, « Philemon » នៅក្នុងThe Expositor’s Bible Commentary,កែសម្រួល​​ដោយ Frank E. Gaebelein, វ៉ុលទី ១២ [ ឆ្នាំ ១៩៧៦–១៩៩២ ] ១១:៤៦១ ) ។ អូនេស៊ីម អាច​មានន័យ​ថា « ឥត​ប្រយោជន៍ » (ខទី ១១) ចំពោះ​ភីលេម៉ូន ដោយសារ​តែ​អូនេស៊ីម បាន​រត់​គេច ហើយ​មិនអាច​ធ្វើ​កាតព្វកិច្ច​របស់​គាត់ ឬ​ដោយ​​សារ​តែ​គាត់​បាន​លួច​អ្វីមួយ​ពី​ភីលេម៉ូន នៅពេល​គាត់​រត់​គេច​ខ្លួន​នោះ ( សូមមើលខទី ១៨) ។ ទោះជា​យ៉ាងណា​ក៏ដោយ ប៉ុល​បាន​និយាយ​ថា ចាប់​​តាំង​ពី​ពេល​នោះ​មក​ អូនីស៊ីម បាន​ក្លាយ​ទៅជា « មានប្រយោជន៍ » ទាំង​ចំពោះ​ភីលេម៉ូន និង​ប៉ុល (ខទី ១១) ។ នៅក្នុងករណី​របស់​ប៉ុល នោះ​អូនេស៊ីម​អាច​នឹង​មាន​ប្រយោជន៍​ ដោយសារ​តែ​គាត់​អាច​ជួយ​ដល់​ប៉ុល នៅ​ពេល​ប៉ុល​ស្ថិត​នៅ​ក្នុង​គុក ( សូមមើលខទី ១៣)