បណ្ណាល័យ
សេចក្ដីផ្ដើមស្ដី​​ពី​សំបុត្រ​របស់​ប៉ុល​ដល់​​ភីលេម៉ូន


សេចក្ដីផ្ដើមស្ដី​​ពី​សំបុត្រ​របស់​ប៉ុល​ដល់​​ភីលេម៉ូន

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​ដល់​ភីលេម៉ូន​មាន​នូវ​ការ​ទូន្មាន​ផ្ទាល់​មក​ពី​ប៉ុល ​ស្ដីពី​ស្ថានភាព​មួយ​ជាមួយ​នឹង​អូនេស៊ីម​ដែល​ជា​បាវបម្រើ​របស់​ភីលេម៉ូន ។ នៅ​ពេល​សិស្ស​សិក្សា​សំបុត្រ​នេះ ពួកគេ​អាច​រៀន​ថា កាល​មនុស្ស​ចូល​រួម​ក្នុង​​សាសនា​ចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ប្រែ​ក្លាយជា​បងប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ដំណឹងល្អ ( សូមមើល ភីលេម៉ូន ១:១៦ ) ។ សិស្ស​ក៏​អាច​ទទួល​អារម្មណ៍​ពី​សារៈសំខាន់​នៃ​កាតព្វកិច្ច​ ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បង្កើន​សេចក្ដីមេត្តា និង​ការអភ័យទោស​ដល់​មនុស្ស​ដទៃទៀត ( សូមមើល ភីលេម៉ូន ១:១៦–១៧ ) ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​ភីលេម៉ូន ( សូមមើល ភីលេម៉ូន ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះត្រូវ​បាន​សរសេរ ?

ប៉ុល​បាន​ត្រៀម​សំបុត្រ​សម្រាប់​ភីលេម៉ូន​ នៅ​អំឡុង​ការ​ជាប់​ឃុំឃាំង​លើក​ដំបូង​​របស់​សាវក​នៅ​ក្នុងទី​ក្រុង​រ៉ូម ប្រមាណ​ជា គ.ស. ៦០–៦២ ( សូមមើល ភីលេម៉ូន ១:១, ៩សេចក្ដីណែនាំ​ដល់​​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល »​​ scriptures.lds.org ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ទៅកាន់​​នរណា ហើយ​តើ​ហេតុអ្វី ?

« សំបុត្រ​នេះ​គឺជា​សំបុត្រ​ផ្ទាល់​ខ្លួន​មួយ​អំពី​អូនេស៊ីម ជា​បាវ​បម្រើ​ម្នាក់​ដែល​បាន​ប្លន់​ចៅហ្វាយ​ខ្លួន ភីលេម៉ូន ហើយ​រត់គេច​ខ្លួន​ទៅ​ក្រុង​រ៉ូម » ( សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ភីលេម៉ូន​ទំនង​ជា​អ្នក​ប្រែចិត្ត​ជឿ​ជន​ជាតិ​ក្រិក​ម្នាក់ ហើយ​ជា​អ្នក​ស្រុក​កូល៉ុស ( សូមមើល កូល៉ុស ៤:៩ ) ។ គាត់​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ជំនុំ​មួយ​របស់​សាសនាចក្រ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ( សូមមើល ភីលេម៉ូន ១:២, ៥ ) ។ បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន អូនេស៊ីម​បាន​ចូល​រួម​ក្នុង​សាសនាចក្រ ហើយ​ក្លាយ​ជា « ប្អូន​ស្ងួន​ភ្ងា … ក្នុង​ព្រះអម្ចាស់ » ( ភីលេម៉ូន ១:១៦ សូមមើល ភីលេម៉ូន ១:១០–១២ ) ។

ប៉ុល​បាន​សរសេរ​ទៅ​ភីលេម៉ូន​ដើម្បី​លើក​ទឹក​ចិត្ត​គាត់ឲ្យ​ទទួល​យក​អូនេស៊ីម​ត្រឡប់​ជា​ប្អូន​ប្រុស​ម្នាក់​នៅ​ក្នុង​ដំណឹងល្អ​ ដោយ​គ្មាន​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ ដែល​ជាទូទៅ​ត្រូវ​ដាក់​ទៅបាវបម្រើ​ដែល​រត់គេច​ខ្លួន​នោះ ( សូមមើល ភីលេម៉ូន ១:១៧ ) ។ ប៉ុល​ថែមទាំង​សុខ​ចិត្ត​សង​ប្រាក់​ដែល​អូនេស៊ីម​បាន​លួច​ពី​ភីលេម៉ូន​ទៀត​ផង ( សូមមើល ភីលេម៉ូន ១:១៨–១៩ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

ភីលេម៉ូន​គឺប្រហែល​ជា​សំបុត្រ​ខ្លី​ជាង​គេ ហើយ​មាន​រឿង​ផ្ទាល់​ខ្លួនជាងគេ​បំផុត​របស់​ប៉ុល ។ វា​គឺជា​សំបុត្រ​មួយ​អំពី​រឿង​ផ្ទាល់ខ្លួន ហើយ​វា​ពុំ​បាន​ដាក់បញ្ចូល​នូវ​មាតិកា​ខាង​គោលលទ្ធិ​ច្រើន​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​អង្វរ​របស់​ប៉ុល​ដើម្បី​ឲ្យ​ភីលេម៉ូន​លើក​លែង​ទោស​ដល់​បាវបម្រើ​អូនេស៊ីម បង្ហាញ​ពី​របៀប​ដែល​គោលលទ្ធិ​នៃ​ដំណឹងល្អ​អនុវត្ត​ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ—នៅ​ក្នុង​ករណី​នេះ វា​បង្រៀន​ថា ទំនាក់​ទំនង​យើង​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​ស្និទ្ធស្នាល​មួយ​ជាមួយ​នឹង​ពួក​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ផ្សេង​ទៀត ហើយ​គូស​ប​ង្ហាញ​ពី​សារៈសំខាន់​នៃ​សេចក្ដីមេត្តា និង​ការ​អភ័យទោស ។

គម្រោង

ភីលេម៉ូន ១ ប៉ុល​សរសើរ​ភីលេម៉ូន​ចំពោះ​សេចក្ដីស្រឡាញ់​ដែល​គាត់​បាន​បង្ហាញ​ដល់​ពួក​បរិសុទ្ធ​ទាំងឡាយ ។ ប៉ុល​ប្រាប់​ភីលេម៉ូន​ថា អ្នកបម្រើ​គាត់​ដែល​បាន​រត់​គេច​ខ្លួន ឈ្មោះ​អូនេស៊ីមបាន​ប្រែ​ចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ ។ ប៉ុល​សុំ​ឲ្យ​ភីលេម៉ូន​ទទួល​អូនេស៊ីម​ជា​ប្អូន​ប្រុស​នៅ​ក្នុង​ព្រះអម្ចាស់​វិញ ។ ប៉ុល​សុខចិត្ត​បង់​សង​ប្រាក់​ឲ្យ​ភីលេម៉ូន​ចំពោះ​ប្រាក់​ដែល​អូនេស៊ីម​បាន​លួច​ពី​គាត់​នោះ ។