បណ្ណាល័យ
មេរៀន​ទី ១២៦ ៖ កូល៉ុស


មេរៀន​ទី ១២៦

កូល៉ុស

សេចក្តី​ផ្ដើម

ប៉ុល​បាន​បង្រៀន​អំពី​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( ភាព​ឧត្តុង្គឧត្តម, ភាព​អស្ចារ្យ ឬ​​ភាព​វិសេសវិសាល ) ហើយ​បាន​ព្រមាន​ទាស់​នឹង​​គោលលទ្ធិ​ខុសឆ្គង ។ លោក​បាន​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​​នៅ​កូល៉ុស​ឲ្យ​ដាក់​សេចក្ដីស្រឡាញ់​របស់​ពួកគេ​ទៅលើ​រឿង​ខាង​សួគ៌ា ហើយ​អភិវឌ្ឍ​ចរិត​លក្ខណៈ​ដូច​​ព្រះគ្រីស្ទ ។ ប៉ុល​ក៏​បាន​ណែនាំ​ពួកគេ​ឲ្យ​ប្រកប​ដោយ​ព្រះគុណ ហើយ​ឈ្លាសវៃ​នៅក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

កូល៉ុស ១–២

ប៉ុល​​​បង្រៀន​​អំពី​​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ព្រមាន​ទាស់​នឹង​គោលលទ្ធិ​ខុស​ឆ្គង 

សូម​គូរ​​រូបភាពដូច​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។

រូបភាព
គំនូរ​ដើមឈើ និង​ខ្យល់គួច
  • ប្រសិន​បើ​មាន​ខ្យល់​គួច​ខ្លាំង​មក​ដល់ តើ​ដើម​ឈើ​ទាំងនេះ​មួយ​ណា ដែល​នឹង​ទំនង​ជា​រលំ​ដួល ? ហេតុអ្វី ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ​មក​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្ដាប់​រកមើល​ថា ខ្យល់​គួច​​អ្វី​​ដែល​យើង​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« កង្វល់ដែល​ធំជាង​ការរញ្ជួយ​ដី និង​សង្គ្រាម​ដែល​បាន​ព្យាករណ៍ទុក​​ទៅ​ទៀតនោះគឺ ខ្យល់​គួច​ខាងវិញ្ញាណ​ដែល​អាច​ផ្ដាច់​អ្នក​ចេញពី​គ្រឹះ​ខាង​វិញ្ញាណ​របស់អ្នក ហើយ​ដាក់​វិញ្ញាណ​អ្នក​ឲ្យ​នៅ​ទី​កន្លែង ដែល​អ្នក​នឹក​ស្មាន​មិន​ដល់ ពេល​ខ្លះ​អ្នក​មិន​បានទាំង​ដឹង​ខ្លួន​ថា អ្នក​ត្រូវបាន​ផ្ដាច់​ចេញ​ឡើយ (​« Spiritual Whirlwinds » EnsignLiahona ខែ ​ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨ ) ។

  • តើ​ឧទាហរណ៍​មួយចំនួន​អំពី​ខ្យល់គួច​ខាង​វិញ្ញាណ​អ្វីខ្លះ ដែល​អាច​ដក​ ឬ​បំបែក​យើង​ឲ្យ​ចេញ​ពី​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ? ( អ្នក​អាច​នឹង​ចង់អញ្ជើញ​​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​​នៅ​លើ​ក្តារ​ខៀន​ជិត​នឹង​គំនូរ​ខ្យល់គួច ) ។

  • ហេតុអ្វី​ក៏​ខ្យល់គួច​ខាង​វិញ្ញាណ​ទាំងនេះ​ អាច​មាន​បញ្ហា​ខ្លាំង​ជាង​ឧបសគ្គ​ខាង​រូបកាយ ដូច​ជា​ការរញ្ជួយ​ដី ឬ​សង្គ្រាម​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ខ្យល់គួច​ខាង​​វិញ្ញាណ​អ្វីខ្លះ ​ដែលអាច​នឹង​ជះឥទ្ធិពល​ដល់​​ពួកគេ ។

ចូរ​ពន្យល់​ថា ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​ក្រុង​កូល៉ុល ( សំដៅ​ទៅ​លើ​ប្រជាជន​កូល៉ុស ) បន្ទាប់​ពី​បាន​ដឹង​​អំពី​ឥទ្ធិពល និង​ការបង្រៀន​ខុសឆ្គង​នៅទីនោះ ដែលបាន​គម្រាម​គំហែង​​ដើម្បី​ផ្តាច់ពួកគេ​ចេញ​ពី​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ( អ្នក​​អាច​នឹង​ចង់​អញ្ជើញ​ឲ្យ​សិស្ស​រក​ទីតាំង ក្រុង​ឡៅឌីសេ​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភាគ​​ខាង​លិច​នៃ​ក្រុង​កូល៉ុស នៅ​​លើ​ផែនទី​ក្នុង​ព្រះគម្ពីរ ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ) ។ សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​ពី​របៀប​ ដែល​ប៉ុល​បាន​ព្យាយាម​ពង្រឹង​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ​របស់​សមាជិក​សាសនាចក្រ និង​ពរជ័យ​​នៃ​ការ​មាន​គ្រឹះ​នៃ​សេចក្ដីជំនឿ​រឹងមាំ​លើ​ព្រះគ្រីស្ទ​​ នៅពេល​ពួកគេ​សិក្សា​គម្ពីរ​កូល៉ុស​ ។

សូមសង្ខេប កូល៉ុល ១:១–១១​ដោយ​ពន្យល់​ថា បន្ទាប់ពី​ការ​ជម្រាបសួរ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុងកូល៉ុល​ហើយ ប៉ុល​បាន​ទទួល​ស្គាល់​សេចក្ដី​ស្មោះត្រង់​របស់​ពួកគេ ហើយ​​បាន​ពន្យល់​ថា ដំណឹងល្អ​នាំមកនូវ​ផល​ផ្លែ ឬ​ពរជ័យ​នៅក្នុង​ជីវិត​​នៃ​អ្នកទាំងឡាយ​ណា​ដែល​ទទួល​យក ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ បន្ទាប់​មក​ ប៉ុល​បាន​បង្រៀន​​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​​សិស្ស​បី​បួន​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង កូល៉ុស ១:១២–១៩​ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​​រកមើល​សេចក្ដី​ពិត​ ដែល​ប៉ុល​បាន​​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ( អ្នកអាច​នឹង​ចង់​ពន្យល់​ថា ពាក្យ « មើល​មិនឃើញ » នៅក្នុង​ខទី ១៥ត្រូវ​បាន​បកប្រែ​មកពី​ភាសា​ក្រិច​ ពាក្យ aoratosដែល​អាច​មានន័យ​ថា « មើល​មិនឃើញ » ផងដែរ ។ សូមកត់ចំណាំ​ថា ហេព្រើរ ១១:២៧បញ្ជាក់​ថា ម៉ូសេបាន​ឃើញ « ព្រះ​ដ៏​មើល​មិន​ឃើញ » មានន័យ​ថា​តាម​ធម្មតា​គឺ​មើល​មិនឃើញ [ សូមមើល​ផងដែរគ. និងស. ៦៧:១១] ) ។

  • តើប៉ុល​​បានបង្រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូម​សរសេរ​សេចក្ដីពិត​នៅលើ​ក្ដារខៀន ក្រោម​ដើមឈើ ដែល​មាន​ឬស​ចាក់​យ៉ាង​ជ្រៅ ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស ) ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះប្រោសលោះ ជា​បុត្រ​ច្បង​ខាង​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ ជា​ព្រះបង្ក​បង្កើត​របស់​សព្វសារពើ ជា​សិរសា​នៃ​សាសនាចក្រ និង​ជា​តួអង្គដំបូង​គេ​បង្អស់​​ដែល​បាន​រស់​ឡើង​វិញ) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​យើង​ដើម្បី​​ដឹង ហើ​យ​ជឿ​លើ​សេចក្ដី​ពិត​ទាំងនេះ​អំពី​​ព្រះយេស៊ូវ​គ្រីស្ទ? តើការ​ដឹង និងការ​ស្គាល់​សេចក្ដីពិត​ទាំងនេះ​អាច​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​យើង​​ទៅលើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​យោង​ទៅ​ពាក្យ ព្រះប្រោស​លោះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ថា ប៉ុល​បាន​រំឭក​ដល់​ពួកបរិសុទ្ធ​​នៅ​កូល៉ុស​ អំពី​មូល​ហេតុ​ដែល​ពួកគេត្រូវការ​ព្រះប្រោស​លោះ​មួយអង្គ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូល៉ុស ១:២០–២២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​​នូវអ្វីប៉ុលបាន​បង្រៀនដល់​ពួក​បរិសុទ្ធ​​នៅ​កូល៉ុស​អំពី​​ការ​ត្រូវការ​ព្រះប្រោសលោះ​របស់​ពួកគេ ។

  • យោង​តាមខទី ២១តើ​នរណា​ម្នាក់​អាច​ត្រូវ​ពង្រាត់​ចេញ ឬ​បំបែក​ចេញ​ពី​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​ពាក្យ ផ្សះផ្សា នៅក្នុង ខទី ២០ មានន័យ​យ៉ាងណា ? ( ដើម្បី​នាំ​មកនូវ​ការ​ចុះសម្រុង ឬ​សុខដុម​រមនា​វិញ ) ។

  • យោង​តាមខទី ២០​និង​២២តើ​ព្រះយេស៊ូវ​គ្រីស្ទ​ផ្សះផ្សា​យើង​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ? ( ចូរ​ពន្យល់​ថា ឃ្លា « តាំង​ស្ពាន​មេត្រី​ដោយសារ​ព្រះលោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់ » សំដៅ​ទៅ​លើ​ដង្វាយ​ធួន​របស់ព្រះយេស៊ូវគ្រីស្ទ ) ។

ចូរ​ពន្យល់ថា ពរជ័យ​នៃការ​ផ្សះផ្សា​នឹង​ព្រះមាន​​​លក្ខខណ្ឌ ។ សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ យើង​អាច​​ត្រូវបានផ្សះផ្សា​នឹង​ព្រះ​​ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ប្រសិន​បើ…

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូល៉ុស ១:២៣ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្វី​ដែល​តម្រូវ​ឲ្យ​ធ្វើ ​ដើម្បី​បាន​ផ្សាះផ្សា​នឹង​ព្រះ ។

  • តើ​​វា​តម្រូវ​ឲ្យ​មានអ្វី​ខ្លះ​នៅ​ចំណែក​របស់​យើង​​​​ដើម្បី​បាន​ផ្សាះផ្សា​នឹង​ព្រះ ?

  • តើ​ពាក្យ « បាន​តាំង​នៅជាប់លាប់ ហើយ​មាំ​មួន​​នៅក្នុង​សេចក្ដីជំនឿ » មានន័យ​យ៉ាងណា​ចំពោះ​យើង ? ( ដើម្បី​បន្ដ​នៅ​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • ផ្អែកលើ​អ្វី​ដែល​យើង​បាន​រៀន​មក​ពី ខទី ២៣ តើ​អ្នក​នឹង​បំពេញ​សេចក្ដី​ថ្លែង​ការណ៍​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្តេច ? ( សូម​បំពេញ​​គោលការណ៍​ដូច​ខាង​ក្រោម​នេះ​នៅ​​លើ​ក្ដារ​ខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ យើង​អាច​​ត្រូវបានផ្សះផ្សា​នឹង​ព្រះ​​ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ប្រសិន​បើ​យើងបាន​តាំង​នៅជាប់លាប់ ហើយ​មាំ​មួន​នៅក្នុង​សេចក្ដី​ជំនឿ​របស់​យើង) ។

ចូរ​បង្វែរ​អារម្មណ៍​របស់សិស្សមក​ផ្ដោត​លើ​គំនូរ​នៅលើ​ក្ដារខៀន ហើយ​សួរ​ថា

  • តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ទៀត ដែលប្រៀបដូចជា​ដើមឈើ​​ដែល​មាន​ឬស​ចាក់​ជ្រៅ— ដែល​បាន​តាំង​នៅជាប់លាប់ ហើយ​មាំ​មួន​នៅក្នុង​សេចក្ដីជំនឿរបស់ពួកគេ​ឬទេ ?

  • តើ​គំរូ​របស់​ពួកគេ​​ក្លាយ​ជា​ពរជ័យ​ដល់​អ្នក​​យ៉ាង​​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អានកូល៉ុស ២:៤, ៨ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ខ្យល់​គួច​ខាង​វិញ្ញាណ​ដែល​គម្រាមគំហែង​ដកពួក​បរិសុទ្ធ​នៅ​​កូល៉ុស​ឲ្យ​អស់​ទាំង​ឫស ។

  • តើ​ខ្យល់គួច​ខាងវិញ្ញាណ​ដែល​បាន​គម្រាម​គំហែង​ដក​ពួកបរិសុទ្ធ​​នៅ​កូល៉ុស​ឲ្យ​អស់​ទាំង​ឫស​មាន​អ្វីខ្លះ ? ( សូម​ពន្យល់​ថា មាន​ទស្សនវិជ្ជា និង​ទំនៀម​ទម្លាប់​ជាច្រើន​ត្រូវ​បាន​បង្រៀន​ដោយ​មនុស្ស​មួយចំនួន​ ដែល​កំពុង​ព្យាយាម​​កាត់បន្ថយ​សារៈសំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។

  • ហេតុអ្វី​ក៏​ការ​ជឿ​ទៅលើ​ការ​បង្រៀន​ខុស​ឆ្គង រួមមាន​ទាំង​ការ​បង្រៀន​ដែល​​​កាត់បន្ថយ​សារៈសំខាន់​របស់​ព្រះយេស៊ូវគ្រីស្ទ ធ្វើ​ឲ្យ​វា​ងាយស្រួល​ក្នុងការ​ដក​ទាំង​ឫស​ខាង​វិញ្ញាណ​របស់​នរណា​ម្នាក់​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន កូល៉ុស ២:៥–៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ទូន្មាន​របស់​ប៉ុល​ផ្ដល់​ទៅ​ឲ្យ​ពួកបរិសុទ្ធ​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចៀសវាង​ពីការ​ដឹកនាំ​ឲ្យ​រង្វេង​ដោយ​ទស្សនវិជ្ជា និងទំនៀមទម្លាប់​ខាង​លោកិយ​នានា ។

  • តើ​កូល៉ុស ២:៥–៧បង្រៀន​អ្វីខ្លះ ដែល​អាច​ជួយ​យើង​ឲ្យ​​ចៀស​វាង​ពី​ការ​​ដឹកនាំ​ឲ្យ​វង្វេង ​ដោយសារ​តែ​ទស្សនវិជ្ជា​ខាង​លោកិយ ការបង្រៀន​ខាងសាសនា ឬ​ទំនៀមទម្លាប់​ទាំងឡាយ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន​ ដើម្បី​ប្រាប់​ពី​គោលការណ៍​មួយ ដែល​ស្រដៀង​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ តាមរយៈ​ការ​ចាក់​ឫស ហើយ​រឹងមាំ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ចៀសវាង​ពី​ការ​ដឹក​នាំ​​ឲ្យ​វង្វេង​ដោយ​ទស្សនវិជ្ជា និង​ទំនៀម​ទម្លាប់​ខាង​លោកិយ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើអ្នកជឿ​ថា ​អ្វីខ្លះ​គឺជា​រឿង​ដ៏សំខាន់បំផុត​មួយ ដែល​យើងអាច​ធ្វើ​ដើម្បី​ចាក់ឫស ហើយ​រឹងមាំ​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ? ហេតុអ្វី​អ្នកជឿ​ថា រឿង​មួយនេះ​​គឺសំខាន់​ខ្លាំង​ដូច្នេះ ?

សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី ឬ​បួន​នាក់ ។ សូមអញ្ជើញ​សិស្ស​ម្នាក់ៗ​ ឲ្យពន្យល់​អំពីចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​នៅលើ​ក្ដារខៀន​ទៅ​ដល់​សមាជិក​ក្រុម ។ បន្ទាប់ពី​ផ្ដល់​​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​​សិស្ស​ពីរ​បីនាក់​​ឲ្យប្រាប់ពី​អ្វី​ដែល​​​ពួកគេ​បាន​រៀនពី​​សមាជិក​ក្រុម ។

សូមអញ្ជើញ​សិស្ស​ឲ្យ​រំឭក​មើល​​ខ្យល់គួ​ច​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន ​ដែល​ពួកគេ​បាន​ពិចារណា​តាំង​​ពី​ដើម​មេរៀន​មក ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅក្នុងសៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ​អំពីអ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​បន្ដ​ចាក់ឬស ហើយ​ស្ថាបនា​យ៉ាងរឹងមាំ​នៅក្នុងព្រះ​យេស៊ូវគ្រីស្ទ ហើយ​ចៀសវាង​ពី​ការ​ដក​ទាំង​ឫស​ដោយ​សារ​ខ្យល់គួច​ខាង​វិញ្ញាណ ។

កូល៉ុស ៣–៤

ប៉ុល​បាន​លើក​ទឹកចិត្ត​ដល់​ពួក​កូល៉ុស​ឲ្យ​ដាក់​សេចក្ដីស្រឡាញ់​របស់​ពួកគេ​​ទៅលើ​រឿង​ខាង​សួគ៌ា ហើយ​ឈ្លាសវៃ

សូម​សង្ខេបកូល៉ុស ៣–៤​ដោយពន្យល់​ថា ប៉ុល​បាន​ដាស់តឿន​ដល់​ពួក​បរិសុទ្ធ​​នៅ​កូល៉ុស​ឲ្យ​ឈប់​ពី​សេចក្ដី​មិនសុចរិត ហើយ​អភិវឌ្ឍ​ចរិត​លក្ខណៈ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​ក៏​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អធិស្ឋាន និង​ឈ្លាសវៃ ជាពិសេស​​នៅក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​របស់ពួកគេ​​ជាមួយ​នឹង​អ្នក​ដែល​ពុំ​មែន​ជា​គ្រីស្ទសាសនិកផងដែរ ។ បន្ទាប់មក លោក​បាន​បន្ដជម្រាប​សួរ​ដល់​ពួក​អ្នក​បម្រើ​ដែលជា​បងប្អូន​លោក​ជាច្រើន​ទៀត ​រួមមានទាំង​លូកា​ផងដែរ ។

សូមចែកចាយ​ទីបន្ទាល់​របស់​អ្នក​​អំពី​សេចក្ដី​ពិត​ទាំងឡាយ ​ដែល​បាន​ពិភាក្សា​​នៅក្នុង​មេរៀន​​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូល៉ុស ១:១៥, ១៨ ។ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​បង​ច្បង

ឃ្លា « បងច្បង​នៃ​គ្រប់​ទាំងអស់​ដែល​ព្រះ​បាន​បង្កើត​មក » (កូល៉ុស ១:១៥) ថ្លែង​​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​បងច្បង​នៃ​​កូនចៅ​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​ទាំងអស់​គ្នា ។ គណៈប្រធានទីមួយ​បាន​បញ្ជាក់ថា

« នៅក្នុង​ចំណោម​កូនចៅ​វិញ្ញាណ​របស់​អេឡូហីម [ ព្រះជា​ព្រះបិតា ] បុត្រ​ច្បងគឺ​ជា​ព្រះយេហូវ៉ា ឬ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​​វិញ្ញាណ​ផ្សេង​ទៀត​ទាំងអស់​គឺជា​ប្អូន » (« The Father and the Son: A Doctrinal Exposition by the First Presidency and the Quorum of the Twelve Apostles » Ensign ខែ ​មេសា ឆ្នាំ ​២០០២ ទំព័រ ១៨ ) ។

ឃ្លា « បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ » នៅក្នុង ខទី ១៨មានន័យ​ថា​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​បុគ្គល​​ដំបូង​គេ​នៅលើ​ផែនដីនេះ​ដែល​ត្រូវបាន​រស់ឡើងវិញ ។ ទ្រង់​ក៏​ត្រូវ​បាន​ហៅ​ថា « ជា​ផល​ដំបូង​ពី​ពួក​អ្នក​​ដែល​បាន​ដេក​លក់​ទៅ​ហើយ » (កូរិនថូសទី១ ១៥:២០) ។

កូល៉ុស១:១៦–១៧ ។ ព្រះយេស៊ូវ​គ្រីស្ទ « ​បង្កើត​គ្រប់​ទាំង​អស់ » 

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​ពន្យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះ​បង្កបង្កើត ហើយ​​​មាន​អំណាច​គ្រប់គ្រង​លើ​ការ​បង្កបង្កើត​ទាំង​អស់​របស់ទ្រង់ ។

« នៅ​ក្រោម​ការ​ដឹកនាំ និង​ស្របតាម​ផែនការ​របស់ព្រះជាព្រះវរបិតា នោះ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អង្គបង្កបង្កើត ប្រភពនៃពន្លឺ និងជា​ជីវិត​នៃ​គ្រប់​​របស់​ទាំងអស់ ។ តាមរយៈ​វិវរណៈ​សម័យ​ទំនើប យើង​មាន​ទីបន្ទាល់​អំពី​យ៉ូហាន ដែល​បាន​ថ្លែង​កំណត់ត្រា​ថា ព្រះយេស៊ូវ​គ្រីស្ទ ‹ ជាពន្លឺ និង​ជា​ព្រះ​ដ៏​ប្រោសលោះ​នៃ​ពិភព​លោក ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ដែល​បាន​យាង​មកក្នុង​ពិភព​លោក ​ពីព្រោះ​ពិភពលោកត្រូវ​បាន​កើត​មក​ដោយសារ​ទ្រង់ ហើយ​នៅក្នុង​ទ្រង់ គឺជា​ជីវិត​នៃ​មនុស្ស​លោក និង​ជា​ពន្លឺ​នៃ​មនុស្ស​លោក ។

«‹ ពិភព​ទាំងឡាយ​ត្រូវ​បាន​កើត​មក​ដោយ​សារ​ទ្រង់ មនុស្ស​លោក​ត្រូវ​បាន​កើត​មក​ដោយ​សារ​ទ្រង់ គ្រប់​ទាំងអស់​ត្រូវ​បាន​កើត​មក​ដោយសារ​ទ្រង់ និងតាមរយៈ​ទ្រង់ និង​មក​ពី​ទ្រង់ › ( គ. និង ស. ៩៣:៩–១០) » (« The Light and Life of the World »Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៦៣; សូមមើល​ផងដែរ យ៉ូហាន ១:១–៣; ហេព្រើរ ១:២;​ ​គ. និង ស. ៧៦:២៤; ម៉ូសេ ១:៣៣) ។

កូល៉ុស ២:៩។ « សេចក្តី​ពោរពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​​ទាំង​មាន​រូប​អង្គផង »

ពេល​ថ្លែង​អំពី​ព្រះយេស៊ូវគ្រីស្ទ ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​ថា « ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរ​ពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង » ។ ឃ្លា​នេះ​បង្ហាញ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ពេញដោយ​ទេវភាព ហើយ​មាន​គ្រប់ព្រះចេស្ដា​នៃ​ភាព​ជា​ព្រះ ( សូម​មើល​ផងដែរម៉ាថាយ ២៨:១៨) ។