បណ្ណាល័យ
សេចក្ដីផ្ដើម​ស្ដីពី​​​សំបុត្រ​របស់​ប៉ុល​ដល់​កូល៉ុស


សេចក្ដីផ្ដើម​ស្ដីពី​​​សំបុត្រ​របស់​ប៉ុល​ដល់​កូល៉ុស

ហេតុអ្វី​ត្រូវសិក្សា​គម្ពីរ​នេះ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅ​ដល់​ពួក​កូល៉ុស ដោយសារ​របាយការណ៍​មួយ​ថា ពួកគេ​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​កំហុស​ដ៏​ធ្ងន់​ធ្ងរ ( សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ការ​បង្រៀន និង​ទម្លាប់​ខុស​ឆ្គង​នៅ​កូល៉ុស​ កំពុង​តែ​ជះ​ឥទ្ធិពល​ទៅ​លើ​ពួក​បរិសុទ្ធ​នៅ​ទី​នោះ ហើយ​កំពុង​តែ​គំរាម​កំហែង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ សម្ពាធ​ខាង​វប្បធម៌​ស្រដៀង​គ្នា​នេះ​ដែរ​ បង្កើត​ជា​ការ​ប្រឈម​ចំពោះ​សមាជិក​សាសនា​ចក្រ​នា​សព្វ​ថ្ងៃនេះ ។ ផ្នែក​មួយ​នៃ​តម្លៃ​របស់​សំបុត្រ​នេះ​គឺ​ជា​របៀប​​ដែល​វា​បង្ហាញ ហើយ​ពន្យល់​ពី​ភាព​ខុស​ឆ្គង​ការគូស​បញ្ជាក់​ពី​ទេវភាព និង​កិច្ចការ​សង្គ្រោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការ​សិក្សា​គម្ពីរ​កូល៉ុស សិស្ស​អាច​មាន​ការ​ប្រែចិត្ត​ជឿ​កាន់​តែ​ខ្លាំងទៅលើ​ព្រះអង្គសង្គ្រោះ ហើយ​ទទួល​បាន​កិច្ច​ការពារ​ពី​ការ​បោក​បញ្ឆោត និង​អំពើបាប ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ប៉ុល និង​ធីម៉ូថេ​បាន​ផ្ញើ​សំបុត្រ​ដល់​ពួក​កូល៉ុស ( សូម​មើល កូល៉ុស ១:១, ២៣, ៤:១៨ ) ។ ប៉ុល​ទំនង​ជា​សរសេរ​ពាក្យ​ជំរាប​សួរ​របស់​លោក​ដោយ​ផ្ទាល់​នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​នេះ ( សូម​មើល កូល៉ុស ៤:១៨ ) ដោយ​ចង្អុល​បង្ហាញ​ថា អ្នក​សរសេរ​ប្រហែល​ជា​ធីម៉ូថេ ដែលបាន​ជួយ​លោក​នៅ​ក្នុងការ​សរសេរ​តួ​សេចក្ដី​នៃ​សំបុត្រ​នោះ ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​នៅ​ក្នុង​ការ​ជាប់ឃុំ​លើក​ដំបូង​របស់​លោក​នៅ​រ៉ូម ប្រមាណ​ជា គ.ស. ៦០-៦២ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុ​ត្រ​របស់​ប៉ុល » scriptures.lds.org ) ។ ប៉ុល​ប្រហែល​ជា​បាន​សរសេរ​សំបុត្រ​ដល់​ពួក​កូល៉ុស​ប្រហាក់​ប្រហែល​នឹង​ពេល​ដែល​លោក​សរសេរ​សំបុត្រ​ដល់​ពួក​ភីលីព អេភេសូរ និង​ភីលេម៉ូន​ដែរ ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ចំពោះ​នរណា ហើយ​តើ​ហេតុអ្វី ?

សំបុត្រ​នេះ​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​នៅ​កូល៉ុស ដែល​ជា​តំបន់​មួយ​នៅ​​ប្រទេស​តួកគី​នៅ​សម័យ​បច្ចុប្បន្ន​នេះ ។ ប៉ុល​បាន​ណែនាំ​ពួក​បរិសុទ្ធ​នៅ​កូល៉ុស​ ឲ្យ​ចែកចាយ​សំបុត្រ​នេះ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​នៅ​ក្បែរ​ក្រុង​ឡៅឌីសេដែរ ( សូម​មើល កូល៉ុស ៤:១៦ ) ។

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ « ក្រោយ​ពី​លោកអេ​ប៉ា​ប្រាស ជា​គ្រូ​គង្វាល​​នៃ​សាសនាចក្រ​ [ កូល៉ុស ]​ បាន​មក​ជួប​នឹង​លោក [ សូម​មើល កូល៉ុស ១:៧–៨ ] ។ អេ​ប៉ា​ប្រាស​ប្រាប់​ប៉ុល​ថា ពួក​កូល៉ុស​កំពុង​តែ​​ធ្លាក់​ទៅ​ក្នុង​កំហុស​ដ៏​ធ្ងន់ — គេ​គិត​ថា​ខ្លួន​គេ​គ្រាន់បើ​ជាង​មនុស្ស​ឯ​ទៀត ពី​ព្រោះ​គេ​កាន់​តាម​ពិធី​បរិសុទ្ធ​ខាង​ក្រៅ​ខ្លះៗ​យ៉ាង​ខ្ជាប់ខ្ជួន [ សូម​មើល កូល៉ុស ២:១៦ ]​ ​ដោយបដិសេធនូវ​សេចក្ដី​ប្រាថ្នា​ខាង​សាច់ឈាម​ខ្លះ ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា [ សូម​មើល កូល៉ុស ២:១៨ ] ។ អំពើ​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​កូល៉ុស​គិត​ថា ខ្លួន​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ។ គេ​ក៏​គិត​ថា គេ​យល់​នូវ​ការ​អាថ៌កំបាំង​នៃ​សាកលលោក ជាង​សមាជិក​ដទៃ​ទៀត​ក្នុង​សាសនាចក្រ ។ នៅ​ក្នុង​សំបុត្រ​លោក នោះ​ប៉ុល​បាន​កែ​តម្រូវ​គេ​ដោយ​បង្រៀន​គេ​ថា សេចក្ដី​ប្រោស​​លោះ​បាន​មកតែតាម​រយៈ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ហើយ​ពួក​យើង​ត្រូវ​មាន​ប្រាជ្ញា​វាងវៃ ហើយ​បម្រើ​ទ្រង់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កូល៉ុស, សំបុត្រ​ដល់​ពួក » scriptures.lds.org ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​កូល៉ុស ប៉ុល​បាន​ឆ្លើយតប​​នឹង​ការ​បង្រៀន​​ខុស​ឆ្គង​នៅ​ក្នុង​កូល៉ុស​ដោយ​គូស​បញ្ជាក់​ពី​ទេវភាព បេសកកម្ម​នៃ​សេចក្ដីសង្គ្រោះ និង​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល កូល៉ុស ១:១៥–២៣ ) ។ លោក​បាន​បង្រៀន​ថា ព្រះ​គ្រីស្ទ​ដែល​មាន​រូបរាង​ដូចជា​ព្រះ​ ជា​ព្រះវរបិតា​ ព្រះបង្ក​បង្កើត សិរសា​នៃសាសនាចក្រ អង្គ​ដំបូង​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ជា​ព្រះប្រោស​លោះ ។ ទ្រង់​គឺជា​ « ​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន » ( កូល៉ុស ២:១០ ) ហើយ​ទ្រង់​បំពេញ​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា ( សូម​មើល កូល៉ុស ១:១៩, ៣:១ ) ។

ប៉ុល​បាន​ព្រមាន​ទាស់​នឹង​ជន​ដែល​បាន​បង្រៀន​ថា ជីវភាពខាងផ្លូវវិញ្ញាណ​ពិតគឺ​បាន​ទទួល​តាម​រយៈ​ការ​ធ្វើ​ពិធី​បុណ្យ និង​របប​អាហារ​ពិសេស ( សូម​មើល កូល៉ុស ២:១៦–១៨, ២០, ២៣ ) ។ លោក​បាន​បង្រៀន​ជំនួស​វិញ​ថា ភាព​ធំធាត់​​ខាង​វិញ្ញាណ និង​ចំណេះដឹង​ពីព្រះ​គឺ​បង្ហាញ​ឡើង​តាមរយៈ​ការ​ដាក់​ « ចិត្ត​ទៅ​ឯ​សេចក្ដី​ទាំងអស់​ដែល​នៅ​ខាង​លើ » ( កូល៉ុស ៣:២ ) ដោយ​លុប​បំបាត់​ទង្វើ​ទុច្ចរិត​នានា ( សូម​មើល កូល៉ុស ៣:៥–៩ ) ហើយ​អភិវឌ្ឍ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ ( សូម​មើល កូល៉ុស ៣:១២–១៧ ) ។ ប៉ុល​បាន​ប្រឹក្សា​ដល់​ពួក​អ្នក​អាន​របស់​លោក​ឲ្យ ​« តាំង​នៅ​ជាប់​លាប់ ហើយ​មាំមួន » ​ក្នុង​ដំណឹងល្អ ( កូល៉ុស ១:២៣ ) រួម​ទាំង « ចាក់​ឫស ហើយ​ស្អាង​ឡើងក្នុង [ ព្រះយេស៊ូវ​គ្រីស្ទ ] ទាំង​តាំង​នៅ​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ » ផង ( កូល៉ុស ២:៧ ) ។

គម្រោង

កូល៉ុស ១:១–២៣ ប៉ុល​បាន​ជំរាប​សួរ​ដល់​ពួក​បរិសុទ្ធ​នៅកូល៉ុស ហើយ​ប្រកាស​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​ប្រោស​លោះ ជា​បុត្រ​ច្បង​នៅ​ក្នុង​ចំណោម​នៃ​ការបង្ក​បង្កើត​មនុស្ស​លោក​ ជា​ព្រះបង្កបង្កើត និង​ជា​ព្រះអម្ចាស់​នៃ​រាល់​ភាព​ល្អ​ឥត​ខ្ចោះ ជា​អង្គ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សានៃ​សកល​លោក ។ ប៉ុល​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​ស្ថាបនា​សេចក្ដី​​ជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

កូល៉ុស ១:២៤–២:២៣ ប៉ុល​ព្រមាន​ទាស់​នឹង​ការ​ជឿ​លើ​ទស្សនៈ​វិជ្ជា ឬ​ប្រពៃណី​នានា​​ដែល​ខុស​ឆ្គង​របស់​មនុស្ស រួម​បញ្ចូលទាំង​ការ​ថ្វាយ​បង្គំ​ពួក​ទេវតា និងបដិសេធ​តម្រូវ​ការ​មូលដ្ឋាន​ខាង​សាច់​ឈាម​​របស់​បុគ្គល​ខ្លួនឯង​ហូស​ហេតុ​ពេក ​ ដើម្បី​ជា​ការដាក់​វិន័យ​ខាង​វិញ្ញាណ ។

កូល៉ុស ៣:១–៤:១៨ ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​ឲ្យ​ដាក់​ដួង​ចិត្ត​របស់​ពួកគេ​នៅ​លើ​រឿង​ទាំងអស់​នៅ​ខាង​លើ ឲ្យ​លះបង់​អំពើ​បាប​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​កាល​ពី​មុន ហើយ​មាន​ចិត្ត​មេត្តា​ដល់​គ្នា​ទៅវិញ​ទៅ​មក ។ លោក​ផ្ដល់​ការណែនាំ​អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​គួរ​ថ្វាយ​បង្គំ រួច​ផ្ដល់​ការ​ទូន្មាន​ដល់​ប្រពន្ធ ប្ដី កូនៗ ឪពុកម្ដាយ ពួក​បាវ​បម្រើ និង​ពួក​ចៅ​ហ្វាយ​ទាំងឡាយ ។ លោក​បាន​បញ្ចប់​សំបុត្រ​​ដល់​ពួក​កូល៉ុស​នេះ​​ជាមួយ​នឹង​ការ​សរសើរ ការ​ជំរាប​សួរ និង​ការ​ណែនាំ និង​ពរជ័យ​ចុងក្រោយ​ផ្សេងៗ ។