បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កូរិនថូសទី២ ៨អេភេសូរ ១ ( មេរៀន​ទី ២៤ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កូរិនថូសទី២ ៨អេភេសូរ ១ ( មេរៀន​ទី ២៤ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា កូរិនថូសទី ២ ៨​–​អេភេសូរ ១ ( មេរៀន​ទី ២៤ ) ពុំ​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោតតែ​​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( កូរិនថូសទី២ ៨-៩ )

នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​រៀនថា នៅ​ពេល​យើង​យល់​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​​ឲ្យ​យើង នោះ​យើង​នឹង​កាន់តែ​មានឆន្ទៈ​​ ដើម្បី​បរិច្ចាគ​ធនធាន​របស់​យើងទៅ​ឲ្យ​​ដល់​មនុស្ស​ដទៃ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ឆន្ទៈ​ចង់​បរិច្ចាគ ទោះ​ជា​ពេល​យើង​គ្មាន​អ្វី​ផ្ដល់​ឲ្យ​ក៏ដោយ ។ លើស​ពីនោះ សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ផ្ដល់​ទៅ​ឲ្យ​អ្នកទាំងឡាយ​ដែល​ខ្វះខាត​ដោយ​ដួងចិត្ត​រីករាយ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​ដោយ​សប្បុរស ហើយ​ការ​ទទួល​ស្គាល់​សេចក្ដី​សប្បុរស​របស់ព្រះ​នៅក្នុង​ការប្រទានពរជ័យដល់​យើង ​អាច​ជួយយើង​ឲ្យ​មានអារម្មណ៍​ដឹង​គុណ​ដល់​ទ្រង់ ។

ថ្ងៃ​ទី ២ ( កូរិនថូសទី២ ១០-១៣ )

ចេញ​មក​ពី​ការ​បង្រៀន​របស់​ប៉ុល​អំពីចម្បាំង​ខាង​វិញ្ញាណ នោះ​សិស្ស​បាន​រៀន​ថា នៅ​ពេល​យើង​គ្រប់គ្រង​គំនិត​របស់​យើង​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​កាន់តែ​បាន​ជោគជ័យ​នៅក្នុង​​ចម្បាំង​​​ទាស់​នឹង​សាតាំង ។ ចេញ​មក​ពី​ការ​បង្រៀន​របស់​ប៉ុល​​អំពី​បន្លា​ចាក់​មក​ក្នុង​សាច់​ឈាម​របស់​លោក នោះ​សិស្ស​បាន​រកឃើញ​ថា​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ទទួល​បទពិសោធន៍​នៃ​ភាព​ទន់​ខ្សោយ និង​ការសាកល្បង​ដើម្បី​ឲ្យ​​យើង​អាច​រៀន​បន្ទាប​ខ្លួន ។ ព្រះគុណ​របស់ព្រះយេស៊ូវគ្រីស្ទ គឺ​ល្មម​គ្រប់គ្រាន់​ដើម្បី​ពង្រឹង​ភាព​ទន់​ខ្សោយ​យើង ហើយ​ព្រះអម្ចាស់​ពុំ​ដក​ឧបសគ្គ​របស់​យើង​ចេញ​ជា​និច្ចកាល​នោះទេ ប៉ុន្តែ​ទ្រង់​នឹង​ពង្រឹង​យើង នៅពេល​យើង​ស៊ូទ្រាំ​​ដោយ​​ស្មោះត្រង់ ។

ថ្ងៃ​ទី ៣ (កាឡាទី)

នៅពេល​សិស្ស​សិក្សា​អំពី​ការ​បង្រៀន​របស់​ប៉ុលទៅ​ដល់​ពួក​កាឡាទី នោះ​ពួកគេ​បាន​រៀន​ថា ព្រះយេស៊ូវ​បាន​បើក​សម្ដែង​គោលលទ្ធិ​ពិត​ដល់​ពួក​ព្យាការី​ទាំងឡាយ​​របស់ទ្រង់ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា អស់​អ្នកទាំងឡាយ​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចូល​ទៅ​ក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ​ ពួកគេ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​តែ​មួយ​នៅក្នុង​ព្រះគ្រីស្ទ ហើយ​ជា​​​អ្នក​គ្រង​មរតករបស់​​ព្រះ​ ។ ពួកគេ​បាន​យល់​ថា នៅពេល​យើង​ដើរ​នៅក្នុង​ព្រះវិញ្ញាណ យើង​នឹង​យកឈ្នះ​លើ​ការ​ល្បួង​ទាំងឡាយ​ខាង​សាច់ឈាម ហើយ​ថា​ប្រសិន​បើ​យើង​ឧស្សាហ៍​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​​​ល្អ នោះ​យើង​នឹង​ច្រូត​បានពរជ័យ​ពី​​ទង្វើ​របស់​យើង ។

ថ្ងៃ​ទី ៤ (អេភេសូរ ១)

ចេញមកពី​ជំពូក​ទីមួយ​នៃ​ការ​បង្រៀន​របស់​ប៉ុល​ទៅ​កាន់​ពួក​អេភេសូរ សិស្ស​បាន​រៀន​ថា កូនចៅ​របស់​ព្រះ​ត្រូវ​បាន​តែង​តាំង​​ពី​មុន​កំណើត​លោកិយ​មក​ ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ ពួកគេ​ក៏​រៀន​ផងដែរ​ថា អំឡុង​គ្រាកាន់កាប់​ត្រួតត្រា​ក្នុង​ពេល​ពេញកំណត់ អ្វីៗ​គ្រប់យ៉ាង​មកពី​គ្រាកាន់​កាប់​ត្រួតត្រា​ពី​អតីតកាល នឹង​ត្រូវ​បាន​ស្ដារ​ឡើងវិញ ហើយ​ថា​យើង​អាច​បានស្គាល់​ព្រះវរបិតាសួគ៌ តាម​រយៈ​វិញ្ញាណ​នៃ​វិវរណៈ ។

សេចក្ដីផ្ដើម

សាវក​ប៉ុល​បាន​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​កាឡាទី ឲ្យ​ស្ថាបនា​​​សេចក្ដីជំនឿ​របស់ពួកគេ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទឡើង​វិញ ហើយ​ទុកចិត្ត​ថា សេចក្ដី​សង្គ្រោះ​​អាច​ទទួលបាន​ តែ​តាមរយៈ​ទ្រង់ប៉ុណ្ណោះ ពុំ​មែន​តាមរយៈ​ការ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ឡើយ ។

យោបល់​សម្រាប់​ការបង្រៀន

កាឡាទី ៥

ប៉ុលបាន​លើក​ទឹកចិត្ត​ដល់​​ពួក​បរិសុទ្ធ​កាឡាទី​ ​​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ខ្លួន​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើង​វិញ ។

រូបភាព
drawing, tug-of-war

សូម​គូរ​រូប​ភាពទាញ​ព្រាត់នៅលើ​ក្ដារខៀន ។

  • តើ​ការ​ទាញ​ព្រាត់​ជា​អ្វី ? តើ​អ្នកអាច​ឈ្នះ​ដោយរបៀបណា ?

  • តើ​ជីវិត​របស់​យើង​ស្រដៀងគ្នា​នឹង​ការ​ទាញ​ព្រាត់​តាម​វិធីណា ?

ប្រសិន​បើ​សិស្ស​ពុំ​បាន​​ប្រាប់​អំពី​វា​ទេ សូម​ចង្អុល​បង្ហាញ​ថា ទិដ្ឋភាព​មួយ​នៃ​ជីវិត​របស់​យើង​ដែល​ស្រដៀង​​​គ្នា​ទៅ​នឹង​ការ​ទាញ​ព្រាត់ គឺ​ការ​ពុះពារ​របស់​យើង​ទប់ទល់​នឹង​ការល្បួង ។ សូមអញ្ជើញសិស្សឲ្យ​រកមើល​សេចក្ដីពិត​នៅពេល​ពួកគេ​សិក្សាកាឡាទី ៥​ដែល​អាច​ជួយ​ពួកគេ​ដឹង​អំពី​របៀប​ ដើម្បី​ឈ្នះ​លើ​ការ​ពុះពារ​​ទប់ទល់​នឹង​ការល្បួង ។

សូម​រំឭក​សិស្ស​ថា ​ពួក​គ្រីស្ទាន​ដែល​ជា​សាសន៍​យូដា បាន​​ដឹកនាំ​ពួក​បរិសុទ្ធ​នៅក្នុង​ក្រុង​កាឡាទី​ឲ្យ​យល់​ខុសឆ្គង ដោយ​បង្រៀន​ពួកគេ​ថា ពួកគេ​ចាំបាច់​ត្រូវ​រស់នៅ​តាម​ក្រឹតវិន័យ​របស់​ម៉ូសេ ហើយ​ត្រូវ​កាត់​ស្បែក​​ដើម្បី​បាន​សង្គ្រោះ ។ សាវក​ប៉ុល​បាន​ពិពណ៌នា​អំពី​ការ​បង្រៀន​ខុស​ឆ្គង​ អំពី​ក្រឹត្យវិន័យ​លោក​ម៉ូសេ​​ទាំង​នេះថា « ​ជាប់​ចំណង​ជា​បាវ​បម្រើ » (កាឡាទី ៥:១) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កាឡាទី ៥:១ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​ តើនរណា​ដែល​ប៉ុល​បាន​និយាយ​ថា ​នាំមកនូវ​​សេរីភាព​​ចេញ​ពី​ការ​ជាប់​ចំណង​ជា​បាវ​បម្រើ​នេះ ។

  • តើ​នរណា​នាំមកនូវ​​សេរីភាព​​ចេញ​ពី​ការ​ជាប់​ចំណង​ជា​បាវ​បម្រើ​នេះ ?

សូម​សង្ខេបកាឡាទី៥:២-១៥ដោយ​ពន្យល់​ថា​ ប៉ុល​បានស្តី​បន្ទោស​​ពួកបរិសុទ្ធ​កាឡាទី​ចំពោះការ​ងាយ​ងាកចេញ​ពី​សេរីភាព​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រឡប់​ទៅ​រក​ការ​ជាប់ចំណង​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេវិញ​នោះ ។ បន្ទាប់​មក​លោក​បាន​បញ្ជាក់​ថា ទោះ​ជា​អ្នកដើរ​តាម​ព្រះគ្រីស្ទ​​ត្រូវបានដោះលែង​ពី​ការ​ជាប់​ចំណង​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ក្ដី ក៏​នោះ​ពុំ​មែន​មានន័យ​ថា ពួកគេ​មានសេរីភាព​​ដើម្បី​ប្រព្រឹត្ត​អំពើបាប​ដោយ​សេរីនោះ​ទេ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន កាឡាទី ៥:១៦-១៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​កម្លាំង​​ប្រកួត​ប្រជែង​ពីរ ​ដែល​ប៉ុល​បានពិពណ៌នា ។

  • តើ​កម្លាំង​​ប្រកួត​ប្រជែង​ពីរ ​ដែល​ប៉ុល​បាន​ពិពណ៌នា​មានអ្វីខ្លះ ?

ចូរ​បង្កើត​តារាង​មួយ​នៅ​លើ​ក្ដារខៀន​ដោយ​គូ​ស​បន្ទាត់​​ឈរនៅ​ត្រង់​កណ្ដាល​នៃ​រូបភាព​ការ​ទាញព្រាត់ ។ សូម​សរសេរដើរ​នៅ​ក្នុង​ព្រះវិញ្ញាណនៅ​ខាង​លើ​ផ្នែកម្ខាង​នៃ​ការ​ទាញ​ព្រាត់ ហើយ​សរសេរ​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​នៅ​ខាង​លើ​ផ្នែក​ម្ខាង​ទៀត ។

  • តើ « ការ​ដើរនៅ​ក្នុង​ព្រះវិញ្ញាណ​​ » មាន​ន័យ​ដូច​ម្ដេច ? (កាឡាទី៥:១៦) ។ ( ដើម្បី​រស់នៅ​សក្ដិសម ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

  • តើ​ « បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម » (កាឡាទី៥:១៦)​ សំដៅ​ទៅលើ​អ្វី ? ( ការ​ល្បួង​ឲ្យ​ធ្វើ​អំពើបាប ) ។

  • តើ​រឿង​ទាំងពីរ​នេះ​ចាត់ទុក​ថាជា​កម្លាំង​ប្រកួត​ប្រជែង​​យ៉ាង​ដូចម្ដេច ?

  • តើគោលការណ៍​អ្វីខ្លះ​ ដែល​យើងអាច​រៀន​ចេញ​មក​ពី​កាឡាទី ៥:១៦អំពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​លើ​ការ​ល្បួង​ខាង​សាច់ឈាម ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូចតទៅ ៖ នៅពេល​យើង​ដើរ​នៅក្នុង​ព្រះវិញ្ញាណ នោះ​យើង​នឹង​យកឈ្នះ​លើ​ការ​ល្បួង​ខាង​សាច់ឈាម​នានា ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​​ដោយ​អែលឌើរ មែលវិន ជេ បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​សំណួរ​ដែល​អែលឌើរ​ បាឡឺត បាន​សុំ​ឲ្យ​យើង​គិតពិចារណា ។

រូបភាព
អែលឌើរ មែលវិន ជេ បាឡឺដ

« គ្រប់​ការ​បំពាន​ដែល​មារសត្រូវ​នៃ​ព្រលឹង​របស់​យើង​នឹង​ធ្វើ​ ដើម្បី​ចាប់ចង​យើង គឺ​នឹង​ធ្វើ​តាមរយៈ​សាច់​ឈាម ។ … មធ្យោបាយ​ដែល​វា​ធ្វើ​ចំពោះ​យើង​នឹង​ធ្វើ​តាមរយៈ​តណ្ហា សេចក្ដី​លោភ មហិច្ឆតា​ខាងសាច់ឈាម ។ គ្រប់​ជំនួយ​ដែល​ព្រះអម្ចាស់​ផ្ដល់​ដល់​យើង ដើម្បី​ជួយ​យើង​នៅក្នុង​ការ​ពុះពារ​នេះ នឹង​កើត​មានចំពោះ​យើង​​តាមរយៈវិញ្ញាណ​ ដែល​ស្ថិត​នៅក្នុង​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ដូច្នេះ​កម្លាំង​ដ៏ធំ​ពីរ​នេះ កំពុង​ប្រតិបត្តិការ​មក​លើ​យើង​​តាមរយៈ​បណ្ដាញ​ទាំង​ពីរ​នេះ ។

« តើ​ការ​ច្បាំង​​នេះកើត​មានចំពោះ​អ្នក​យ៉ាង​ដូច​ម្ដេច ? … នោះ​ជា​សំណួរ​​​មួយ​ដ៏​សំខាន់ណាស់ ។ ជម្លោះ​ដ៏​ធំបំផុត​ដែល​គ្រប់​បុរស និង​ស្ត្រី នឹង​មាន ( ខ្ញុំ​មិន​ខ្វល់​ថា ចំនួន​មារសត្រូវ​មានច្រើន​ប៉ុណ្ណា​ទេ ) គឺ​ជា​ចម្បាំង​​ទៅ​នឹង​ខ្លួន​ឯង » (« Struggle for the Soul »New Eraខែ​ មីនា ឆ្នាំ ១៩៨៤ ទំព័រ ៣៥ ) ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា តើ​ពួកគេ​ស្ថិត​នៅ​ខាង​ណា​ក្នុង​ការ​ទាញ​ព្រាត់​នោះ ហើយ​តើ​កម្លាំង​ណាមួយ​កំពុង​តែ​យកឈ្នះ​នៅក្នុងជីវិត​របស់ពួកគេ ។

សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ ចូរ​ចាត់​ឲ្យ​សិស្ស​ក្នុង​ក្រុម​​ពាក់កណ្ដាល​អាន កាឡាទី ៥:១៩-២១ឮៗជាមួយគ្នា ហើយ​រកមើល​លទ្ធផល​នៃ « [ ការបំពេញ​តាម ] សេចក្ដីប៉ងប្រាថ្នា​ខាង​សាច់ឈាម » ។ សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ក្រុម​ទៀត​អាន កាឡាទី ៥:២២-២៣ឮៗ​ជាមួយ​គ្នា ហើយ​រកមើល​លទ្ធផល​នៃការ​ដើរ​នៅក្នុង​ព្រះវិញ្ញាណ ។ នៅពេល​អ្នក​បញ្ចប់​ការ​អាន សូម​អញ្ជើញ​សមាជិក​ម្នាក់​មកពី​ក្រុម​នីមួយៗ ឲ្យសរសេរ​ចម្លើយ​មួយ​ដែល​ពួកគេ​បាន​រកឃើញ នៅក្នុង​កូឡោន​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បន្ដ​សរសេរ​ចម្លើយ​របស់​ពួកគេ ​រហូត​ដល់​តារាង​នោះ​ឆ្លុះ​បញ្ចាំង​នូវ​​អ្វី​ដែល​ប៉ុល​បាន​រៀបរាប់ ។ អ្នកអាច​នឹង​ចង់​នាំ​យក​វចនានុក្រម​មក​ថ្នាក់​រៀន ហើយអញ្ជើញសិស្ស​ឲ្យ​រក​មើល​ពាក្យ​ណា​ដែល​ពិបាក​យល់ ។

  • យោងតាមកាឡាទី ៥:២១តើ​ប៉ុល​បង្រៀន​ថា អ្វីខ្លះនឹង​កើត​មានឡើង​​ចំពោះ​មនុស្ស​ដែល​ចុះចាញ់ « កិច្ចការ​ខាង​សាច់​ឈាម » ? (កាឡាទី៥:១៩) ។

  • យោង​តាមកាឡាទី ៥:២២-២៣តើ​ផល​ផ្លែ ឬ​លទ្ធផល​អ្វីខ្លះ​ដែល​ចង្អុល​បង្ហាញ​ថា នរណា​ម្នាក់​កំពុង​តែ​ដើរ​នៅក្នុង​ព្រះវិញ្ញាណ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​ថា ​​​ពួកគេ​​ស្គាល់សេចក្ដីពិត​​ដូចខាងក្រោម​នេះ ៖ ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​នោះ​គឺ​ជា​សេចក្តី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូត​បូត និង​ដឹងខ្នាត ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្ស ឲ្យ​​គូស​ចំណាំ​សេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

ចូរ​យោង​ទៅ​ផ្នែក​ម្ខាង​នៃ​តារាង ត្រង់​កន្លែង​ផលផ្លែ​នៃ​ព្រះវិញ្ញាណ​​ត្រូវ​បាន​រៀបរាប់ ។

  • ហេតុអ្វី​ពរជ័យ​ទាំងនេះ​សក្ដិសម​នឹង​មាន ?

នៅ​ខាង​ក្រោម​តារាង​នោះ សូម​គូរ​សញ្ញា​ព្រួញ​ធំមួយ​ចង្អុល​ទៅ​ត្រង់​កន្លែង​ដែល​​រៀប​រាប់​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​​ខាង​សាច់ឈាម ។ សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា នៅ​ក្នុង​រូបភាព​នៃ​ការ​ទាញ​ព្រាត់​នេះ យើង​អនុញ្ញាត​​ឲ្យ​ខ្លួន​យើង​រំកិល​ទៅរក​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម ។

  • តើ​មានអ្វី​កើតឡើង​ចំពោះ​ផលផ្លែ​នៃ​ព្រះវិញ្ញាណ នៅ​ពេល​យើង​ចុះចាញ់​ព្រម​ធ្វើ​តាម​​សេចក្ដីប៉ងប្រាថ្នា​ខាងសាច់​ឈាម ? ( យើង​ចាប់​ផ្ដើម​បាត់បង់​ផលផ្លែ​នៃព្រះវិញ្ញាណ ) ។

សូម​លុប​សញ្ញា​ព្រួញ​នោះ​ចេញ ហើយ​គូស​រូប​សញ្ញា​ព្រួញ​មួយ​ទៀត ដែល​​ចង្អុល​ទៅ​រក​ផល​ផ្លែ​ខាង​វិញ្ញាណ ។ សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ឥឡូវ​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​រំកិល​ទៅ​​ខាង​វិញ្ញាណ​នេះ ។

  • តើ​មានអ្វីកើត​ឡើង​ចំពោះ​កិច្ចការ​ខាង​សាច់ឈាម ពេល​​យើង​ដើរ​នៅ​ក្នុង​ព្រះវិញ្ញាណ ? ( វា​ឈប់​មាន​ចំណែក​នៅក្នុង​ជីវិត​យើង​ទៀត​ហើយ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​គ្រា​មួយ​ ដែល​ពួកគេ​ទទួលអារម្មណ៍ ឬ​បាន​ដក​ពិសោធន៍​អំពីផលផ្លែ​​មួយ​នៃ​ផលផ្លែ​ខាង​​ព្រះវិញ្ញាណ​ទាំងនេះ ។ ចូរ​សុំ​ពួកគេ​ឲ្យ​ដាក់បញ្ចូល​នូវ​អ្វី​ ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ដើរ​នៅក្នុង​ព្រះវិញ្ញាណ​នៅ​គ្រា​នោះ ។ នៅពេល​ពួកគេបញ្ចប់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែក​ចាយ​​អំពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន កាឡាទី ៥:២៤-២៥ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ពីអ្វី​ ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បានព្យាយាម​ធ្វើ​ជាមួយ​នឹង​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម ។

  • តើពួក​សិស្ស​របស់ព្រះយេស៊ូវ​ព្យាយាម​ធ្វើ​អ្វីខ្លះ​ ជាមួយ​នឹង​សេចក្ដីប៉ងប្រាថ្នា​ខាង​សាច់ឈាម​នេះ ? ( ឆ្កាង​វា ឬ​លុបបំបាត់វា​ចេញ​ពី​ជីវិត​របស់ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​​អំពី​អ្វី​ ដែល​ពួកគេ​នឹង​ធ្វើ​​ដើម្បី​ដើរ​កាន់តែ​ពេញលេញ​នៅក្នុង​ព្រះ​វិញ្ញាណ ។ សូម​លើក​ទឹក​ចិត្ត​ដល់ពួកគេ​ឲ្យ​ធ្វើ​តាម​ការ​បំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​ ដើម្បី​ពួកគេ​អាច​រីករាយ​​នឹង​ផលផ្លែ​ខាង​ព្រះវិញ្ញាណ ។

មេរៀនបន្ទាប់​ (អេភេសូរ ២ភីលីព ៤)

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​​ពី​ការ​ផ្លាស់ប្ដូរ​គុណតម្លៃ ក្រឹត្យ​វិន័យ និង​គំនិត​នានា​ខាង​លោកិយ ។ តើ​យើងអាច​ដឹង​ថា​អ្វី​ត្រឹមត្រូវ និង​ខុសឆ្គង​​នៅក្នុង​ពិភពលោក​មួយ ដែល​គំនិតយោបល់​មានការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្ជាប់​ខ្ជួននោះ​ដោយ​របៀប​ណា ? សាវក​ប៉ុល​បាន​ទូន្មាន​ដល់​ពួកបរិសុទ្ធ​ ហើយបាន​ជួយ​ពួកគេ​​ឲ្យ​យល់​អំពី​អ្វី​ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដើម្បី​ប្រាកដ​ថា យើង​មិន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ដោយ​ទស្សនៈវិជ្ជា​ខុសឆ្គង​នៃ​លោកិយ​នេះ​ទេ ។ ក៏​សូម​ពន្យល់​ផងដែរ​ថា នៅពេល​ពួកគេ​បន្ដ​សិក្សា​​ការ​សរសេរ​របស់​ប៉ុល​អំឡុង​សប្ដាហ៍​ក្រោយ នោះ​ពួកគេ​នឹង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាងក្រោម​នេះ ៖ តើ​កុមារ​តូចៗ​គួរ​ប្រព្រឹត្ត​នឹង​ឪពុក​ម្ដាយ​របស់ពួកគេ​យ៉ាង​​ដូចម្ដេច ? តើ​ប៉ុល​បាន​និយាយ​អ្វី​ខ្លះ ដែលនឹង « រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​ពួក​ទុច្ចរិត » (អេភេសូរ ៦:១៦) ?