បណ្ណាល័យ
មេរៀនទី ១២០ ៖ អេភេសូរ ១


មេរៀនទី ១២០

អេភេសូរ ១

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ដល់​ពួក​បរិសុទ្ធ​​នៅ​​ក្រុង​អេភេសូរ ទាក់ទង​នឹង​ការ​តែងតាំង​ពីមុន​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ដំណឹងល្អ ។ លោក​បាន​សរសេរ​អំពី​ការ​កាន់​កាប់​ត្រួតត្រា​ចុង​ក្រោយ ឬ​ការ​កាន់​កាប់​ត្រួតត្រា​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ។ ប៉ុល​បាន​បង្រៀន​ថា យើង​អាច​ស្គាល់​ព្រះវរបិតា​​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​វិវរណៈ ។

យោបល់​សម្រាប់​ការបង្រៀន

អេភេសូរ ១:១-៨

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​ថា ពួកគេ​បាន​តែង​តាំង​ពីមុន​ដើម្បី​ទទួល​បាន​ដំណឹងល្អ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​គ្រា​មួយ ​ដែល​ពួកគេ​យល់​ព្រម​ទទួលយក​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​​មួយ ហើយ​បាន​សន្យា​ថា​ ពួកគេ​នឹង​បាន​រង្វាន់​សម្រាប់​ការ​បំពេញ​កិច្ចការ​នេះ ។

  • នៅ​ពេល​កិច្ចការ​នោះ​កាន់​តែ​មាន​ការ​ប្រឈម​ច្រើន​ឡើងៗ តើ​ចំណេះដឹង​ថា ​អ្នក​បាន​ធ្លាប់​យល់​ព្រម​ចំពោះ​កិច្ចការ​នេះ ហើយ​ថា​មាន​មនុស្ស​ម្នាក់​បាន​ជឿជាក់ថា អ្នក​អាច​​បំពេញ​វា​បាន​នោះ បាន​ជួយ​អ្នក​​យ៉ាង​ដូច​ម្ដេច ?

  • តើ​អ្នក​ត្រូវ​​បាន​ពរ ឬ បាន​រង្វាន់​ចំពោះ​ការ​បំពេញ​​តាម​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ?

សូម​ពន្យល់​ថា នៅ​ក្នុង​សំបុត្រ​របស់​លោក ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង អេភេសូរ ១–៦ សាវក​ប៉ុល​បាន​លើក​ឡើង​ពី​ពួក​បរិសុទ្ធ​ដែល​រស់​នៅ​ក្រុង​អេភេសូរ និង​តំបន់​ជុំវិញ​នោះ ។ លោក​មាន​បំណង​ដើម្បី​ពង្រឹង​ដល់​អស់​អ្នក​ ដែល​ជា​សមាជិក​សាសនាចក្រ​រួចហើយ ហើយ​ជួយ​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ឲ្យ​រីក​ចម្រើនឡើង ​​ក្នុង​ចំណេះដឹង​ខាង​វិញ្ញាណ​របស់​ពួកគេ ហើយ​បន្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​​ឲ្យប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង អេភេសូរ ១:៣-៨ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​សេចក្ដីពិត​ ដែល​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ ដើម្បី​ជួយ​ពួកគេ​ឲ្យ​​នៅ​បន្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

  • តើ​សេចក្ដី​ពិត​អ្វីខ្លះ​ ដែល​ប៉ុល​បាន​បង្រៀន​ដើម្បី​ជួយ​ពួកគេ​ឲ្យ​​នៅ​បន្ត​ស្មោះ​ត្រង់ ? ( នៅ​ពេល​សិស្ស​ឆ្លើយ​តប អ្នក​គួរ​អញ្ជើញ​ពួក​គេ​ឲ្យ​ពន្យល់​ថា ការ​យល់​ដឹង​ពី​របៀប​ដែល​​សេចក្ដី​ពិត ​ដែល​​ពួកគេ​លើក​មក​និយាយ​អាច​ជួយ​ពួក​បរិសុទ្ធ​​ឲ្យ​បន្ត​ស្មោះ​ត្រង់ ) ។

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា​នៅ​ក្នុង ខ​ទី ៤ ដែល​ថា​ព្រះ​បាន​រើស​យក​​មនុស្ស​មួយ​ចំនួន « តាំង​ពី​មុន​កំណើត​លោកីយ៍​មក » ?

សូម​ពន្យល់​ថា ឃ្លា​នេះ រួម​ជាមួយ​នឹង​ពាក្យ តម្រូវ​ទុក​ជា​មុន និង​ឃ្លា « ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម​ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ » នៅ​ក្នុង ខ​ទី ៥​សំដៅទៅ​លើ​ជន​ដែល​បាន​រើស ឬ​បាន​តែង​​តាំង​ពីមុន​នៅ​ជីវិត​មុន​ផែនដី​ដើម្បី​ទទួល​ដំណឹងល្អ ។ សូម​សរសេរ​សេចក្តី​ពិត​នេះ​នៅលើ​ក្ដារខៀន ៖ កូនចៅ​របស់​ព្រះ​ត្រូវ​បាន​តែង​តាំង​ពីមុន ​ដើម្បី​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ ។ ការ​ទទួល​បាន​ពរជ័យ​ទាំងនេះ​ គឺ​ជាលក្ខខណ្ឌ​ដែល​អាស្រ័យទៅលើ​សេចក្ដី​ស្មោះត្រង់​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យយល់​អំពី​សេចក្ដីពិត​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮៗពី​ឃ្លា​ដូច​ខាង​ក្រោម​នេះ ៖

« ក្នុង​ពិភព​វិញ្ញាណ​មុន​ផែនដី ព្រះ​បាន​ចាត់​វិញ្ញាណ​ជាក់លាក់​ទាំងឡាយ ឲ្យ​បំពេញ​បេសកកម្ម​​ជាក់លាក់​នានា អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ។ ការណ៍​នេះ​ត្រូវបាន​ហៅ​ថា ការតែងតាំង​ជា​មុន ។

« ការតែងតាំង​ជាមុន​ពុំបាន​ធានា​ថា បុគ្គល​ទាំងឡាយ​នឹង​ទទួល​ការហៅ​បម្រើ ឬ ការទទួល​ខុសត្រូវ​ជាក់លាក់​នោះទេ ។ ឱកាស​បែបនោះ​ចូល​មក​ក្នុង​ជីវិត ជា​លទ្ធផល​មួយ​នៃ​ការអនុវត្ត​យ៉ាង​សុចរិត​នូវ​សិទ្ធិ​ជ្រើស​រើស គឺ​ដូច​ជា​ការតែងតាំង​ជាមុន​បាន​មក ជា​លទ្ធផល​មួយ​នៃ​ភាពសុចរិត ​ដែល​នៅក្នុង​ជីវិត​មុន​ផែនដី​នេះ​ដែរ ។ …

« គោលលទ្ធិ​អំពី​ការតែងតាំង​ជាមុន​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ទាំងអស់ គឺ​មិន​គ្រាន់តែ​សម្រាប់​ព្រះអង្គ​សង្គ្រោះ និង​ព្យាការី​របស់ទ្រង់​ឡើយ ។ ពីមុន​ការបង្កើត​ផែនដី ស្ត្រី​ស្មោះ​ត្រង់​ជា​ច្រើន​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ទំនួល​ខុសត្រូវ​ច្បាស់លាស់ ហើយ​បុរស​ស្មោះត្រង់​ជា​ច្រើន​ត្រូវ​បាន​តែង​តាំង​​ជាមុន​នូវ​កាតព្វកិច្ច​បព្វជិតភាព​ច្បាស់​លាស់ ។ ទោះ​បី​ជា​អ្នក​ពុំ​ចាំ​ពី​គ្រានោះ​ក្ដី អ្នក​ពិត​ជា​បាន​​យល់​ព្រម ​ដើម្បីបំពេញ​កិច្ចការ​ដ៏​សំខាន់​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះវរបិតា​របស់​អ្នក ។ នៅ​ពេល​អ្នក​បង្ហាញ​ថា ​អ្នក​ស្មោះត្រង់ នោះ​អ្នក​នឹង​ត្រូវ​បាន​ប្រទាន​ឱកាស​ឲ្យ​បំពេញ​កិច្ចការ ​ដែល​អ្នក​បាន​ទទួល​នៅ​ពេល​នោះ » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ​ ២០០៤ ] ទំព័រ ៦៩-៧០ ) ។

  • តើ​ការ​យល់​ដឹង​ថា យើង​បាន​តែងតាំង​ពី​មុន​ដើម្បី​ទទួល​ដំណឹងល្អ និង​ពរជ័យ​ជាច្រើន​របស់​វា​ អាច​ជួយ​យើង​ឲ្យ​បន្ត​ស្មោះ​ត្រង់​នឹង​សេចក្ដី​សញ្ញា​របស់​យើង​យ៉ាង​ដូចម្ដេច ?

អេភេសូរ ១:៩-១២

ប៉ុល​ថ្លែង​ពីការ​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់

រូបភាព
drawing, rivers going to lake

សូម​គូរ រូបភាព សាមញ្ញ​មួយ​អំពី​ទន្លេ​ខុសៗគ្នា​ជាច្រើន​បានហូរ​ចូល​គ្នា​ទៅ​ជា​ទឹក​មួយ​ដ៏​ធំ ។ សូម​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា ទន្លេ​នីមួយៗ​តំណាង​​ឲ្យ​ការ​កាន់​កាប់​ត្រួត​ត្រា​មួយ​នៃ​ដំណឹងល្អ ។

  • តើ​ការ​កាន់​កាប់​ត្រួត​ត្រា​មួយ​នៃ​ដំណឹងល្អ​គឺជា​អ្វី ?

អ្នក​គួរ​រំឭក​ឡើង​វិញ​នូវ​អត្ថន័យ​នៃ គ្រា​កាន់​កាប់​ត្រួតត្រា នៃ​ដំណឹងល្អ​ដោយ​អញ្ជើញ​សិស្ស​ម្នាក់​​ឲ្យអាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​​នៅ​ក្នុង ​Bible Dictionary ៖

« គ្រា​កាន់កាប់​ត្រួតត្រា​នៃដំណឹង​ល្អ គឺជា​រយៈ​កាល​មួយដែល​ព្រះ​អម្ចាស់​ទ្រង់​មាន​អ្នក​បម្រើ ដែល​មាន​សិទ្ធិ​អំណាច​យ៉ាង​តិច​ម្នាក់​នៅ​លើ​ផែនដី ដែល​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​​ដ៏​បរិសុទ្ធ និង ជា​អ្នក​ដែល​មាន​ការអនុញ្ញាត​ដ៏​ទេវភាព​ ដើម្បី​ចែក​ចាយ​ដំណឹងល្អ​ទៅ​ដល់​ប្រជាជាតិ​នានា​នៅ​លើ​ផែនដី ។ នៅ​ពេល​ការណ៍​នេះ​កើតឡើង ដំណឹងល្អ​ត្រូវ​បាន​​បើកសម្ដែង​សារជាថ្មី ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែល​រស់នៅ​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នោះ ពឹងផ្អែកជាពិសេសលើ​ចំណេះដឹង​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ដែល​បាន​កន្លង​ហួស​ទៅ​ហើយ ។ ចាប់​តាំង​ពី​ដើម​មក​មាន​នូវ​គ្រាកាន់​កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​ជា​ច្រើន ។ ព្រះគម្ពីរ​ប៊ីប​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​​មាន​សម័យ​កាន់កាប់​ត្រួតត្រា​មួយ​ ដែល​ត្រូវបាន​សំគាល់ឃើញ​ជាមួយ​នឹង​អ័ដាម មួយ​ទៀត​ជាមួយ​អេណុក មួយ​ទៀត​ជាមួយ​ណូអេ និង​បន្តបន្ទាប់​ទៀត​ជាមួយ​អ័ប្រាហាំ ម៉ូសេ និង​ព្រះយេស៊ូវ​ជាមួយ​នឹង​សាវក​របស់​ទ្រង់​នៅ​ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត » ( Bible Dictionary« Dispensations » ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន អេភេសូរ ១:៩-១០ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​និយាយ​សំដៅ​ទៅ​លើ​គ្រា​កាន់​កាប់​ត្រួត​ត្រា​មួយ​ណា ។ សូម​ពន្យល់​ថា ឃ្លា « សេចក្តី​អាថ៌​កំបាំង​នៃ​ព្រះហឫទ័យ​ទ្រង់ » នៅ​ក្នុង ខ​ទី ​៩​ សំ​ដៅ​ទៅ​លើ​ផែនការ និង​ព្រះរាជ​បំណង​របស់​ព្រះ ។

  • តើ​ប៉ុល​បាន​លើក​ឡើង​ពី​គ្រា​កាន់​កាប់​ត្រួត​ត្រា​ណា​នៅ​ក្នុង អេភេសូរ ១:១០​ ?

សូម​ចង្អុល​បង្ហាញ​ថា សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់​គឺជា​គ្រា​កាន់​កាប់​ត្រួត​ត្រា ​ដែល​យើង​រស់​នៅ​នា​ពេល​នេះ ។

  • តើ​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​អាច​ប្រៀប​បាន​នឹង​ទឹក​ទន្លេ​ ដែល​ហូរ​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ​នោះ​យ៉ាង​ដូចម្ដេច ?

  • តើ​ប៉ុល​បាន​ព្យាករ​ថា​នឹង​មាន​អ្វី​កើត​ឡើង​ នៅ​សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នោះ ? ( សូម​ពន្យល់​ថា នៅ​ពេល​ប៉ុល​សរសេរ​ថា « គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ » ​ទាំង​នៅ​លើ​ស្ថានសួគ៌ និង​ផែនដី​នឹង​ត្រូវ​បាន ‹ ​បំព្រួម › [ ខ​ទី ១០ ] លោក​សំដៅ​ទៅ​លើ​ការ​ស្ដារ​ឡើងវិញ និង​ការ​ប្រមូល​ផ្ដុំ​នៃ​រាល់​កូន​សោ អំណាច និង​សន្យា​ដែល​ព្រះ​បាន​បើក​សម្ដែង​ដល់​កូនចៅ​របស់​​ទ្រង់ ចាប់តាំង​ពី​ដើម​កំណើត​នៃ​លោកិយ​មក​ម៉្លេះ រួម​ទាំង​ចំណេះដឹង​ផ្សេង​ទៀត​ដែល​ពុំ​ទាន់​បើក​សម្ដែង​ពី​មុន​ផង​ដែរ​ [ សូម​មើល គ. និង ស. ១២៨:១៨ ] ។ សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ នៅ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ អ្វីៗ​ទាំងអស់​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​មុនៗ ​នឹង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ) ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ប៊ី អេច រ៉ូប៊ឺត នៃ​ក្រុម​ចិតសិប​នាក់ ៖

រូបភាព
អែលឌើរ ប៊ី អេច រ៉ូប៊ឺត

« នេះ​គឺជា​សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ហើយ​យើង​ឃើញ​ថា យើង​កំពុង​រត់​ចូល​ទៅ​ក្នុង​សម័យ​នោះ ដែល​​ប្រៀប​បាន​នឹង​ក្រុមទឹកស្ទឹង​ដែល​មាន​កម្លាំង​ដ៏​ធំ​ហូរ​ចាក់​ចូល​យ៉ាង​លឿនទៅ​ក្នុង​មហា​សមុទ្រ ជា​គ្រា​កាន់​​កាប់​ត្រួត​ត្រា​កាល​ពី​មុន​នៅ​គ្រប់​ជំនាន់ ដោយត​យើង​ភ្ជាប់​ជាមួយពួកគេ ហើយ​តពួកគេភ្ជាប់​ជាមួយ​យើង ហើយ​យើង​ឃើញ​ថា ព្រះ​មាន​ព្រះរាជ​បំណង​ដ៏​អស្ចារ្យ​តែ​មួយ​គត់​តាំង​ពី​ដើម​ដំបូង​មក ហើយ​វា​គឺជា​សេចក្ដី​សង្គ្រោះ​របស់​កូនចៅ​ទ្រង់ ។ ហើយ​ឥឡូវ​នេះ​ថ្ងៃ​ចុងក្រោយ​បាន​មក​ដល់​ហើយ ជា​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ កាលដែល​​សេចក្ដី​ពិត និង​ពន្លឺ ហើយ​និង​សេចក្ដី​សុចរិត​ត្រូវ​គ្រប​ដណ្ដប់​ផែនដី​ទាំង​មូល » ​( នៅ​ក្នុង Conference Report ខែ តុលា ឆ្នាំ​ ១៩០៤ ទំព័រ ៧៣ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​សរសេរ​ឃ្លា​ថាសេចក្ដីពិត បទគម្ពីរ សេចក្ដី​សញ្ញា និង​អំណាច​មក​ពី​គ្រា​កាន់​កាប់​ត្រួត​ត្រា​មុន​ដែល​បាន​ស្ដារ​ឡើង​វិញ ឬ​បាន​នាំ​មក​សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នៅ​ត្រង់​រូប​ទន្លេ ។ ( ស្លាក​ពាក្យ​នោះ​អាច​រួម​មាន​អំណាច​នៃ​ការ​ផ្សារ​ភ្ជាប់ ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ ព្រះគម្ពីរ​មរមន ជាដើម សិស្ស​អាច​​គូរ​រូប​ទន្លេ​បន្ថែម​ទៀត ប្រសិន​បើ​ចាំបាច់ ) ។

  • តើ​ការ​រស់​នៅ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់​ គឺជា​ពរជ័យ​មួយ​សម្រាប់​អ្នក​យ៉ាង​ដូចម្ដេច​​ដែរ ?

  • យោង​តាម​សេចក្ដី​ថ្លែង​របស់​អែលឌើរ រ៉ូប៊ឺត តើ​រឿង​អ្វី​ត្រូវ​កើត​ឡើង​នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ ? ( សេចក្ដីពិត ពន្លឺ និង​សេចក្ដី​សុចរិត​ត្រូវ​គ្រប​ដណ្ដប់​ផែនដី​ទាំងមូល ) ។

  • តើ​ធនធាន​អ្វី​នៅ​គ្រា​កាន់​កាប់​ត្រួតត្រា​របស់​យើង​អាច​ជួយ​យើង​ ឲ្យ​ពន្លិច​ផែនដី​នេះ​ដោយ​សេចក្ដី​ពិត និង​ពន្លឺ​នៃ​ដំណឹងល្អ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ កិច្ចការ​ដែល​សម្រេច​បាន​យ៉ាង​ច្រើន​មក​ដល់​ពេល​នេះ ​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ​ដោយ​ផ្សព្វផ្សាយសារលិខិត​ដំណឹងល្អ​​តាម​រយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម ​គឺជា​ការ​ចាប់ផ្ដើម​មួយ​ដ៏​ល្អ—ប៉ុន្តែ​នៅតែតិចនៅ​ឡើយ ។ ឥឡូវ​នេះ ខ្ញុំ​សូម​បន្ត​ការអញ្ជើញ​ដល់​អ្នក​ឲ្យ​ជួយ​បំប្លែង​ដំណក់ទឹក​នោះ​ទៅ​ជា​ទឹក​ជំនន់​មួយ ។ … ខ្ញុំ​សូម​ដាស់​តឿន​បងប្អូន​ឲ្យ​បោស​សម្អាត​ផែនដី​នេះ​ ដោយ​សារលិខិត​ដែល​ពេញ​ដោយ​សេចក្ដី​សុចរិត និង​សេចក្ដីពិត—ជា​សារលិខិត​ដែល​ពិត មាន​ប្រយោជន៍ ហើយ​សក្ដិសម—​ហើយ​​ពិត​ជា​បណ្ដាលឲ្យ​បោស​ផែនដី​ដូចជា​ទឹក​ជំនន់​មែន » ( « To Sweep the Earth as with a Flood » [ Brigham Young University Campus Education Week devotional ថ្ងៃ​ទី ​១៩ ខែ សីហា ឆ្នាំ​២០១៤ ] LDS.org ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​កិច្ចការ​ ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ជួយ​ពន្លិច​ផែនដី​នេះ​ជាមួយ​នឹង​សារលិខិត​ ដែល​ពេញ​ដោយ​សេចក្ដី​សុចរិត និង​សេចក្ដីពិត ។

សូម​សង្ខេប អេភេសូរ ១:១១–១២ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួក​បរិសុទ្ធ​បាន​ទទួល « កេរ្ដិ៍អាករ » ( ខទី ១១ ) នៅ​ក្នុង​នគរ​ព្រះ ។

អេភេសូរ ១:១៣-២៣

ប៉ុល​បង្រៀន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេភេសូរ ១:១៣–១៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពរជ័យ​​មួយ ​ដែល​ពួក​បរិសុទ្ធ​បាន​ទទួល ដោយ​ព្រោះតែ​សេចក្ដី​ស្មោះ​ត្រង់​របស់​ពួកគេ ព្រម​ទាំង​ការ​ទុកចិត្ត និង​ជំនឿ​របស់ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • យោងតាម ខ​ទី ១៣ តើ​ពួក​បរិសុទ្ធ​បាន​ទទួល​ពរជ័យ​អ្វី​ខ្លះ ? ( ពួកគេ​ត្រូវ​បាន « ដៅ​ចំណាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ [ នៃ​សេចក្ដីសន្យា ] » ) ។

សូម​ពន្យល់​ថា ការ​« ដៅ​ចំណាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ [ នៃ​សេចក្ដី​សន្យា ] » មាន​ន័យ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ « ធ្វើ​ជា​សាក្សី​ដល់​ព្រះវរបិតា​ថា ពិធីបរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ ហើយ​ថា​សេចក្ដីសញ្ញា​ដែល​បាន​ទាក់ទង​ជាមួយ​នឹង​ពួកគេ​ត្រូវបាន​រក្សា​ទុក » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា »​scriptures.lds.org ។ ព្រះវិញ្ញាណ​គឺជា « ទីបញ្ចាំ​ចិត្ត​ពី​ដំណើរ​កេរ្ដិ៍​អាករ » ( ខ​ទី ១៤ ) ។ វា​មាន​ន័យ​ថា វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​យើង គឺជា​រង្វាន់ ជា​ការ​រំឭក​ចាំ និង​ជា​​ការ​បង្ហាញ​មក​ពី​ព្រះ​ថា ប្រសិន​បើ​យើង​ស្មោះ​ត្រង់​ នោះ​យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សូម​សង្ខេប អេភេសូរ ១:១៥–១៦ ដោយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា លោក​បាន​​បន្ត​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ​សម្រាប់​ភាពស្មោះ​ត្រង់​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អេភេសូរ ១:១៧-១៨ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ប៉ុល​បាន​អធិស្ឋាន​ទូលសុំព្រះ​ឲ្យ​ប្រទាន​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ ។

  • តើ​ប៉ុល​បាន​អធិស្ឋាន​ទៅ​ព្រះ​ឲ្យ​ប្រទាន​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ ?

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ ​ដល់​យើង​អំពី​របៀប​​ដែល​​យើង​អាច​ស្គាល់​ព្រះវរបិតា​សួគ៌ ? ( ដោយ​ប្រើ​ពាក្យ​ផ្ទាល់ខ្លួន សិស្ស​គួរ​ស្គាល់​សេចក្ដី​ពិត​ដូចខាង​ក្រោម ៖ យើង​អាច​ស្គាល់​ព្រះវរបិតា​សួគ៌​បាន​ តាម​រយៈ​វិញ្ញាណ​នៃ​វិវរណៈ ) ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​វិញ្ញាណ​នៃ​វិវរណៈ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ដេវីឌ អេ បែដណា​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​អត្ថន័យ​អំពីវិញ្ញាណ​​នៃ​វិវរណៈ ។

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« វិវរណៈ​គឺជា​ទំនាក់ទំនង​រវាង​ព្រះ និង​កូន​​ចៅ​របស់​ទ្រង់​នៅ​លើ​ផែនដី ហើយ​ជា​ពរជ័យ​ដ៏​ធំ​មួយ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​អំណោយ​ទាន និង​គូកន​ដ៏​ខ្ជាប់​ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ‹ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អ្នក​ទទួល​វិវរណៈ › ហើយ​ ‹ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ពុំ​ទទួល​វិវរណៈ​នោះ​ទេ › ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣២ ) ។

« វិញ្ញាណ​នៃ​វិវរណៈ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប​ ដែល​បាន​ទទួល​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​បុណ្យ​ជ្រមុជទឹក ដោយ​ការ​ជ្រមុជ​សម្រាប់​ការ​ផ្ដាច់​បាប និង​ការ​ដាក់​ដៃ​លើ​សម្រាប់​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាមរយៈ​សិទ្ធិអំណាច​បព្វជិតភាព​ដ៏​ត្រឹមត្រូវ—និង​អ្នក​ដែល​អនុវត្តតាមក្នុង​សេចក្ដី​ជំនឿ​ដើម្បី​បំពេញ​តាម​បង្គាប់​នៃ​បព្វជិតភាព​ដើម្បី ‹ ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ › » ( « The Spirit of Revelation » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០១១ ទំព័រ ៨៧ ) ។

  • តើ​វិញ្ញាណ​នៃវិវរណៈ​គឺ​ជា​អ្វី ?

  • តើ​វិវរណៈ​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង ​ឲ្យ​ស្គាល់​ព្រះវរបិតា​សួគ៌​បាន​យ៉ាង​ដូច​ម្ដេច ?

អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ថា វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​​បានជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះវរបិតា​សួគ៌​កាន់​តែ​ប្រសើរ​ឡើង​តាម​របៀប​ណា ។ សូម​គិតពីការចែកចាយនូវ​​បទពិសោធន៍​ផ្ទាល់​ខ្លួន​អ្នក ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ខិតខំ ដើម្បី​​មាន​ភាព​សក្ដិសម​ជាដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ពួកគេ​អាច​បន្ត​ស្គាល់​ព្រះវរបិតា​សួគ៌​កាន់​តែ​ប្រសើរ​ឡើង ។

សូម​សង្ខេប អេភេសូរ ១:១៩–២៣ ដោយ​ពន្យល់​ថា ប៉ុល​បាន​បន្ត​បង្រៀន​អំពី​មរតក​របស់​ពួក​បរិសុទ្ធ​នៃ​សេចក្ដីសន្យា និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​សិរសា​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

អេភេសូរ ១:១៣ ។ « ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា »

ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា គឺជា​ព្រះ​នាម​មួយ​ទៀត​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ត្រូវ​បាន​គេ​ប្រើ​ជា​សេចក្ដីយោង​ទៅ​នឹង​អំណាច​​ផ្សារភ្ជាប់ និង​​អំណាច​អនុម័ត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល គ. និង ស. ៧៦:៥៣, ១៣២:៧ ) ។

« ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា … បញ្ជាក់​នូវ​សេចក្ដី​សុចរិត ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​មនុស្ស ដែល​រាប់​ថា​គួរ​សម​ដល់​ព្រះ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ធ្វើ​ទី​បន្ទាល់​ដល់​ព្រះ​វរបិតាថា ​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​ខាង​ការ​សង្គ្រោះ​នោះ​ត្រូវបាន​ធ្វើ​ឡើងដោយ​ត្រឹម​ត្រូវ ហើយ​ថា​សេចក្ដី​សញ្ញា​​ដែល​រួម​នឹង​ពិធី​ទាំង​នោះ នោះ​ក៏​បាន​កាន់​តាម​ដែរ ។

« ពួក​គេ​នេះ​ហើយ​ដែល​បាន​ភ្ជាប់​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ហើយ​បាន​ទទួល​នូវ​គ្រប់​ទាំង​អ្វីៗ​ ដែល​ព្រះ​វរបិតា​ទ្រង់​មាន ​[ សូម​មើល អេភេ. ១:១៣–១៤, គ. និង ស. ៧៦:៥១–៦០ ] ។ ទាំង​សេចក្ដី​សញ្ញា និង​ការប្រព្រឹត្ត​​ទាំង​អស់ ត្រូវ​តែ​បាន​ភ្ជាប់​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិ​ភាព បន្ទាប់​ពី​ជីវិត​នេះ​ទៅ [ សូម​មើល គ. និង ស. ១៣២:៧, ១៨–១៩, ២៦ ] » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា » scriptures.lds.org ) ។

នៅ​ពេលដែល​​ប៉ុល​បាន​សរសេរ​ថា ពួក​បរិសុទ្ធ​បាន « ដៅ​ចំណាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ [ នៃ​សេចក្ដី​សន្យា ] » ( អេភេសូរ ១:១៣ ) លោក​​បាន​កំពុង​សំដៅ​ទៅ​លើ​ការ​សន្យា​​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ ដែល​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ នៅ​ពេល​មនុស្ស​បាន​ដៅ​ចំណាំ​​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​​អនុម័ត​ពួកគេ​ជា​ពួក​អ្នក​គ្រង​មរតក​សេឡេស្ទាល ទោះ​ជា​ពួកគេ​ជា​មនុស្ស​មាន​ជីវិត​រមែង​ស្លាប់​ក្ដី ។ គោលលទ្ធិ​នេះ​ពេល​ខ្លះ​សំដៅ​ទៅ​លើ​ការ​មាន​ការ​ហៅ​បម្រើ និង​ការ​រើសតាំង​របស់​មនុស្ស​ម្នាក់​ពិត​ប្រាកដ ( សូម​មើល ពេត្រុស​ទី ២ ១:៤–១៩, គ. និង ស. ១៣១:៥–៦, គ. និង ស. ១៣២:៦–៧, Bruce R. McConkie Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:៤៩៣–៩៥, History of the Church ៣:៣៧៩–៨០ ) ។

នៅ​ក្នុង​សេចក្ដី​យោង​ទៅ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​​នៃ​សេចក្ដី​សន្យា ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ថ្លែង​ថា ៖

« ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បោះត្រា​អនុញ្ញាត​លើ​គ្រប់​ពិធី​បរិសុទ្ធដូចជា ៖ ពិធីបុណ្យ​ជ្រមុជ​ទឹក ពិធីបញ្ជាក់ ពិធីតែងតាំង និងពិធីរៀប​អាពាហ៍​ពិពាហ៍ ។ ការសន្យា​នេះ​គឺ​ថា ពរជ័យ​នេះ​នឹង​ត្រូវ​បាន​ទទួល​តាមរយៈ​ភាពស្មោះត្រង់ ។

« បើសិន​មនុស្ស​ម្នាក់​រំលង​សេចក្តីសញ្ញា ទោះវា​ជា​បុណ្យ​ជ្រមុជទឹក ពិធីតែងតាំង និង​ពិធី​អាពាហ៍​ពិពាហ៍ ឬ​អ្វី​ផ្សេង​ទៀត​ក្តី នោះ​ព្រះវិញ្ញាណ​​នឹង​ដក​ត្រានៃការ​អនុម័ត​ចេញ ហើយ​ពរជ័យ​នឹង​មិនត្រូវ​បាន​ទទួល​ទៀត​ឡើយ ។

« គ្រប់​ពិធីតែងតាំង​គឺ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​​នឹង​ការសន្យា​នៃ​រង្វាន់​ ដោយ​ផ្អែកទៅ​លើ​ភាពស្មោះត្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ដក​ត្រា​នៃ​ការអនុម័ត​ចេញ​ នៅពេល​សេចក្តីសញ្ញា​ត្រូវបាន​រំលង [ សូមមើល គ. និង ស. ៧៦:៥២–៥៣; ១៣២:៧] » ​(Doctrines of Salvation, និពន្ធ​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល​​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ១:៤៥ ) ។

អេភេសូរ ១:១៣–១៤ ។ « ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្ដិ៍​អាករ​របស់​យើង »

ឃ្លា​ថា « ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្ដិ៍អាករ​របស់​យើង »​ នៅ​ក្នុង អេភេសូរ ១:១៤ ចង្អុល​បង្ហាញ​ថា នៅ​ពេល​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់​ត្រូវ​បាន​ដៅ​ចំណាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា​ហើយ នោះ ពួកគេ​នឹង​ទទួល​បាន​ការ​អះអាង​ផ្ទាល់​ខ្លួន​មួយ​ថា ពួកគេ​នឹង​គ្រង​​នគរ​សេឡេស្ទាល​ជា​មរតក ។ ពាក្យ​ថា ជា​ទី​បញ្ចាំ​ចិត្ត នៅ​ត្រង់​នេះ​មាន​ន័យ​ថា « រង្វាន់​សម្រាប់​រឿង​ដែល​នឹង​មក​ដល់ » ( Merriam-Webster’s Collegiate Dictionary កំណែ​ទី ១១ [ ឆ្នាំ ​២០០៣ ] « earnest » ) ។ « អំណោយ​ទាន​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​មួយពី​​ព្រះវរបិតា​សួគ៌​នៃ​យើង ។ … អំណោយ​នេះ​គឺជា​គំរូ​តូច​មួយ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​អស់​កល្ប​ជានិច្ច និង​សេចក្ដីសន្យា​មួយ​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( ប្រកាស​​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា [ ឆ្នាំ ២០០៤ ] ទំព័រ ៦៥ ) ។