បណ្ណាល័យ
មេរៀនទី ១២១ ៖ អេភេសូរ ២–៣


មេរៀនទី ១២១

អេភេសូរ ២–៣

សេចក្តី​ផ្ដើម

ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅក្រុង​អេភេសូរ​​ថា អស់អ្នក​​ដែល​មានបាប​អាច​ត្រូវ​បាន​សង្គ្រោះ​​ដោយ​ព្រះគុណ​នៃ​ព្រះ ហើយថា​ពួកសាសន៍​យូដា និង​សាសន៍​​ដទៃ​បាន​ក្លាយ​ទៅជា​តែ​មួយ​នៅក្នុងក្រុម​​គ្រួសារ​នៃ​ព្រះ ។ ប៉ុល​ក៏​បាន​ពន្យល់​ផងដែរ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ស្ថាបនា​ឡើង​នៅលើ​គ្រឹះ​នៃ​ពួក​សាវក និង​ពួកព្យាការី ហើយ​លោក​បាន​ចែក​ចាយ​​ពី​បំណង​ប្រាថ្នា​របស់​លោក​ថា ពួកបរិសុទ្ធ​នឹង​ទទួល​​បាន​នូវ​បទ​ពិសោធន៍​សេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

អេភេសូរ ២

ប៉ុល​បង្រៀន​អំពី​របៀប ​ដែល​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សង្គ្រោះ​​ទាំង​ពួកសាសន៍​យូដា និង​ពួកសាសន៍ដទៃ

នៅពេល​ចាប់​ផ្ដើម​ថ្នាក់រៀន សូម​អញ្ជើញសិស្ស​របស់​អ្នក​ម្នាក់ ឬ​ច្រើន​នាក់ ( អាស្រ័យ​ទៅលើ​ទំហំ​ថ្នាក់​របស់​អ្នក ) ឲ្យ​អង្គុយ​នៅលើ​កម្រាល​ឥដ្ឋ​នៅ​កន្លែង​ផ្សេងៗគ្នា​ក្នុង​ថ្នាក់​រៀន ។ សូម​ដាក់​ព្រំដែន​មួយ​ដែល​ខណ្ឌ​ចែក​​រវាង​សិស្ស​ទាំងនេះ និង​សិស្ស​​ផ្សេងទៀត ​ដោយបិទ​​បង់ស្អិត ឬ​ខ្សែ បន្ទាប់មក​ណែនាំ​ឲ្យ​សិស្ស​ដែល​បំបែក​ចេញ​នោះ​ថា ពួកគេ​មិនអាច​ចូលរួម​និយាយស្តី​ក្នុង​មេរៀន​នេះ​ ( នៅ​ឡើយ​ទេ ) ។ ចូរ​សួរ​ដល់សិស្ស​ផ្សេងទៀត​ក្នុង​ថ្នាក់ ៖

  • តើ​ស្ថានភាព​នេះ​អាច​ប្រាប់​ឲ្យដឹង​អំពី​ទំនាក់ទំនង​រវាង​អ្នក និង​សិស្ស​ដែល​បាន​បំបែក​ចេញយ៉ាង​ដូច​ម្ដេច ? ( ថា ក្រុម​មួយ​គឺ​ជាទីពេញចិត្ត​ជាង​ក្រុម​មួយ​ទៀត ) ។

  • តើ​អ្នកគិត​ថា សិស្ស​ដែល​បាន​បំបែក​ចេញ​អាចមាន​អារម្មណ៍​យ៉ាងដូចម្ដេច ? ហេតុអ្វី ?

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពិចារណា ប្រសិន​បើ​ពួកគេ​ធ្លាប់​មាន​​អារម្មណ៍​របៀប​នេះ​​ក្នុងស្ថានភាព​ជីវិតជាក់​លាក់ ។​

សូមសរសេរ​ពាក្យ សាសន៍ដទៃ និង​សាសន៍​យូដានៅ​លើ​ក្ដារខៀន ដោយ​បង្កើត​កូឡោន​​ចំនួនពីរ ។

  • ផ្អែក​ទៅលើ​អ្វី​ដែលអ្នក​បាន​រៀនអំពី​ស្ថានភាព​សង្គម​នៅក្នុង​សាខា​សាសនាចក្រ​មួយចំនួន​អំឡុង​ពេល​នៃ​ការ​បម្រើ​​របស់​ប៉ុល តើ​ស្លាក​មួយណា ដែល​សក្តិសមចំពោះ​សិស្ស​ដែល​បំបែក​ចេញ ។ ( សាសន៍​​ដទៃ ) ។ តើស្លាក​មួយណា​ដែលសក្តិសមនឹង​សិស្ស​ក្នុង​ថ្នាក់ ? ( សាសន៍​យូដា ) ។

  • តើ​កត្តាអ្វីដែល​បណ្ដាល​ឲ្យ​មានការ​បំបែក​គ្នា​នេះ ? ( ពួក​សាសន៍​យូដា​មួយចំនួន​ជឿថា ដោយសារ​តែ​ពួកគេ​គឺជា​ពួកអ៊ីស្រាអែល​ពីកំណើត ហើយ​បាន​កាត់​ស្បែក នោះពួកគេ​​ត្រូ​វ​បាន​ព្រះសព្វព្រះទ័យ​ជាងគេ ហើយ​ត្រូវធ្វើ​ជា​មេ​លើ​ពួក​អ្នកផ្លាស់ប្រែចិត្តជឿ​សាសន៍​ដទៃ​ទៀត ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន អេភេសូរ ២:១-៣ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​របៀប​ដែល​ប៉ុល​បាន​ពិពណ៌នា​អំពី​ស្ថានភាព​ខាងវិញ្ញាណ​របស់​​ពួក​បរិសុទ្ធ​សាសន៍​ដទៃ ( « អ្នក » និង « អ្នករាល់​គ្នា » នៅក្នុង​​ខទី ១-២)​ និង​​ពួក​បរិសុទ្ធ​សាសន៍​យូដា ( « យើងរាល់​គ្នា » នៅ​ក្នុង​ខទី ៣​ពី​មុន​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់ ។ សូមពន្យល់​ថា ឃ្លា « ​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស » នៅ​ក្នុង​ខទី​ ២សំដៅ​ទៅលើ​​សេចក្ដី​អាក្រក់ និង​ឥទ្ធិពលរាលដាលរបស់​វា​​នៅ​ក្នុង​ពិភពលោក​នេះ ។

  • យោងតាមខទី ១-២តើ​ប៉ុល​បាន​ពិពណ៌នា​អំពី​ពួកសាសន៍ដទៃ​ពីមុន​ការផ្លាស់ប្រែចិត្ត​ជឿ​របស់ពួកគេ​យ៉ាងដូចម្ដេច ? ( សូមសរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្ដារខៀន​ក្រោម​​កូឡោន​ ដែល​មានដាក់​ស្លាកថា « សាសន៍​ដទៃ » ) ។

  • យោងតាមខទី ៣តើ​ប៉ុល​បាន​ពិពណ៌នា​​អំពី​ខ្លួន​លោក និង​ពួកសាសន៍យូដា​​ពីមុន​ការផ្លាស់ប្រែចិត្ត​ជឿ​របស់ពួកគេ​យ៉ាងដូចម្ដេច ? ( សូមសរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្ដារខៀន​ក្រោម​កូឡោន​ ដែល​មាន​ដាក់​ស្លាកថា « សាសន៍​យូដា » ) ។

សូម​ចង្អុល​បង្ហាញ​ថា ពួកសាសន៍​ដទៃ​ក៏ដូចជា​ពួក​សាសន៍​យូដា​គឺ​បាន​ស្លាប់​ខាង​វិញ្ញាណ ឬ​បំបែក​ចេញ​ពី​ព្រះ ដោយសារ​តែ​អំពើបាប​របស់ពួកគេ ( សូម​មើល ខទី ១) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន អេភេសូរ ២:៤-៦ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ស្ថានភាព​ខាង​វិញ្ញាណ​របស់ពួក​បរិសុទ្ធ​​សាសន៍​ដទៃ និងពួក​សាសន៍យូដា​ បន្ទាប់​ពី​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​ពួកគេ ។ សូម​ចង្អុល​បង្ហាញ​ថា ពាក្យប្រោស​ឲ្យ​បាន​រស់​មានន័យ​ថា​ធ្វើ​ឲ្យ​រស់ឡើងវិញ ហើយ​ពាក្យ​នៅស្ថានសួគ៌​ដ៏ខ្ពស់សំដៅ​ទៅលើ​អាណាចក្រ​នៅស្ថានសួគ៌​ដែល​មនុស្ស​ទទួល​គ្រង​ជា​មរតក ។

  • តើ​ប៉ុល​បាន​ពិពណ៌នា​អំពី​ពួកបរិសុទ្ធ បន្ទាប់​ពីការ​ផ្លាស់ប្រែចិត្តជឿ​របស់ពួកគេ​យ៉ាង​ដូចម្ដេច ? ( ព្រះអម្ចាស់​បាន​ប្រោស​ពួកគេ​ឲ្យ​រស់ ឬ​ធ្វើ​ឲ្យពួកគេ​បាន​រស់ឡើងវិញ មកពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណ និង​ពី​ស្ថានភាព​ប្រកប​ដោយអំពើបាប​របស់ពួកគេ ។ សូម​រំឭកសិស្ស​ថា យើង​សំដៅ​ទៅលើ​ការណ៍​នេះ​ថា​ជា​ការ​​កើត​ជាថ្មី​ខាងវិញ្ញាណ [ សូមមើល ម៉ូសាយ ២៧:២៤-២៦] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន អេភេសូរ ២:៧-១០ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​​នូវ​អ្វី​ ដែល​អាច​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ និងពួកសាសន៍​យូដា​ធ្វើការ​ផ្លាស់ប្រែ​នេះ ។

  • តើ​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ពួកបរិសុទ្ធ​ទាំងពីរ​ក្រុម​នេះ​​ធ្វើការ​ផ្លាស់ប្រែ​នេះ ? ( ព្រះគុណ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ) ។

  • តើសេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​​ទាំងនេះ​ អំពី​ព្រះគុណ​របស់ព្រះយេស៊ូវគ្រីស្ទ ដែល​ធ្វើ​ឲ្យ​កើត​មានឡើង​សម្រាប់​កូនចៅ​របស់​ព្រះ​ទាំង​អស់ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ​ហើយ ​សូមសរសេរ​សេចក្ដី​ពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ តាមរយៈ​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​លោក​អាច​ត្រូវបាន​សង្គ្រោះ​​តាមរយៈ​សេចក្ដីជំនឿ​លើទ្រង់​) ។

សូម​ចង្អុល​បង្ហាញ​ថា ប៉ុល​បានគូសបញ្ជាក់ថា យើង​មិន​អាច​ត្រូវ​បាន​សង្គ្រោះ​ ដោយ​សារតែ​កិច្ចការ​របស់​យើង​តែម្យ៉ាងនោះទេ​ ទោះជា​កិច្ចការ​ទាំងនោះ​ល្អ​ប៉ុណ្ណា​​ក៏ដោយ ( សូមមើលខទី ៨-៩) ។ ដើម្បី​ជួយសិស្ស​ក្នុងថ្នាក់​​​ឲ្យ​​យល់​ពី​សេចក្ដី​ពិត​​ដែល​បានសំគាល់ឃើញនៅខាង​លើ​​កាន់​តែ​ប្រសើរ​ឡើង សូម​អញ្ជើញ​​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ​

« ដោយសារ​តែ​យើង​ទាំង​អស់​គ្នា ‹ បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ › [រ៉ូម ៣:២៣] ហើយ​ដោយសារ​តែ ‹ គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ › បាន [នីហ្វៃទី១ ១៥:៣៤] នោះ​យើង​គ្រប់​គ្នា​ពុំ​សក្ដិសម​នឹង​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​វិញ​នោះ​​ឡើយ ។ …

« …យើង​ពុំ​អាច​រក​បានវិធី​របស់​យើង​ត្រឡប់​ទៅ​កាន់​ស្ថានសួគ៌​វិញ​ទេ ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌​ឈរ​ជា​រនាំង ដែល​យើង​គ្មាន​អំណាច​​ដើម្បី​​នឹង​យក​ឈ្នះ​ដោយ​ខ្លួន​ឯង​ឡើយ ។

« ប៉ុន្តែ មនុស្ស​គ្រប់​រូប​មិន​វិនាស​បង់​ឡើយ ។

« ព្រះគុណ​នៃ​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង​គ្មាន​ទី​បំផុត ។

« តាម​រយៈ​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា រំងាប់​ដល់​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌ [ សូមមើលអាលម៉ា ៤២:១៥] ‹ ហើយ [ នាំ​មក​នូវ ] មធ្យោបាយ​ទាំងឡាយ​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការប្រែ​ចិត្ត › [អាលម៉ា ៣៤:១៥] ។

« ទោះបើ​អំពើ​បាប​របស់​យើង អាច​ដូច​ជា​​ពណ៌​ក្រហមទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ [ សូមមើល​អេសាយ ១:១៨] ។ ដោយសារ​ព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់​របស់​យើង ‹ បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​​អស់ › [ធីម៉ូថេទី ១ ២:៦] នោះ​​ច្រក​ទ្វារ​មួយ​ចូល​ទៅក្នុងនគរ​ដ៏​អស់កល្ប​​ជានិច្ច​របស់ទ្រង់ នឹង​ត្រូវ​បាន​ប្រទាន​ដល់​យើង [ សូមមើល​ពេត្រុសទី ២ ១:១១] ។

« ក្លោង​ទ្វារ​នោះ​ត្រូវបាន​បើក​ហើយ ! …

« ដើម្បី​ទទួល​គ្រង​​សិរីល្អ យើង​ត្រូវការ​លើស​ពី​ការបើក​​សោ​ក្លោងទ្វារ​ទៅ​ទៀត យើង​ត្រូវតែ​ចូល​ទៅ​តាម​ក្លោង​ទ្វារ​នោះ ដោយ​មាន​បំណង​​ចិត្ត​ដើម្បី​​ផ្លាស់​ប្ដូរ​—​ជា​ការផ្លាស់ប្ដូរ​មួយ ដែល​ព្រះគម្ពីរ​ពិពណ៌នា​ថា​ជា ‹ ត្រូវតែ​កើត​ម្ដង​ទៀតឡើយ មែនហើយ គឺ​កើត​មក​ពី​ព្រះ ផ្លាស់ប្រែ​ពី​ [ ស្ថានភាព​ខាង​លោកិយ​របស់​យើង ] និងការធ្លាក់​ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោសលោះ នោះ​នឹង​ក្លាយ​ទៅ​ជា​បុត្រាបុត្រី​របស់​ទ្រង់ › [ម៉ូសាយ ២៧:២៥] ។ …

« ព្រះគុណ​គឺ​ជា​អំណោយ​របស់​ព្រះ ហើយ​បំណង​ប្រាថ្នា​របស់​យើង​ដើម្បីគោរព​តាម​បញ្ញត្តិ​នីមួយៗ​របស់​ព្រះ គឺជា​ការលាត​ដៃ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើងបង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ថា យើង​ចង់​ទទួល​អំណោយដ៏​​ពិសិដ្ឋ​នេះ » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨, ១១០ ) ។

  • តើ​ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ និងការ​ប្រែចិត្ត​ពីអំពើបាប​របស់​យើង​អាច​ជួយ​យើង ឲ្យ​ទទួលបាន​អំណោយ​ជា​ព្រះគុណ​យ៉ាង​ដូច​ម្ដេច ?

រូបភាព
រូបភាព​លម្អិត គំរូ​សំណង់​នៃ​ព្រះវិហារបរិសុទ្ធ​ទីក្រុង​យេរូសាឡិម

ដើម្បី​ជួយសិស្ស​ឲ្យ​យល់​ពី​បរិបទ​ខាង​ប្រវត្តិសាស្ត្រ​អំពីទំនាក់ទំនង​របស់​ពួកសាសន៍​យូដា និង​ពួកសាសន៍ដទៃ​ ពីមុន​ដំណឹងល្អ​ត្រូវ​បាន​ផ្សាយ​ទៅ​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ សូមបង្ហាញ​នូវ​រូបភាពអំពី « ជញ្ជាំង​ដែល​ខាន់ » (អេភេសូរ ២:១៤​​) នៅទីធ្លា​​ខាង​ក្រៅ​នៃ​ព្រះវិហារបរិសុទ្ធ​នៅ​ទីក្រុង​យេរូសាឡិម ( ឬ​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​រូបភាព​ព្រះគម្ពីរ​ប៊ីប លេខ ៩« ព្រះវិហារហេរ៉ូឌ ») ។ ចូរ​ពន្យល់​ថា ពួកសាសន៍ដទៃ​ដែល​មិនបាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ត្រូវ​បាន​ហាម​ឃាត់​មិនឲ្យ​ចូល​ហួសពីជញ្ជាំង​នេះ ​​ដែលជា​កន្លែង​កាន់តែ​ពិសិដ្ឋ​ក្នុងព្រះវិហារបរិសុទ្ធ​នោះ​​ទេ​ ពួកគេ​ត្រូវ​បាន​ចាត់ទុក​ថា « ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ » ( អេភេសូរ ២:១៩ ) ។ ជញ្ជាំង​ខាន់ខាង​សាច់​ឈាម ជា​និមិត្ត​សញ្ញា​នៃ​ការ​បំបែក​ខាង​វិញ្ញាណ ​ដែល​មាន​រវាង​ពួកសាសន៍​យូដា និង​ពួកសាសន៍ដទៃ​ពីមុន​វិវរណៈ​របស់ពេត្រុស​ដែល​ថា ​ដំណឹងល្អ​គឺត្រូវ​ផ្សាយ​ទៅ​ដល់​ពួកសាសន៍ដទៃ ។

សូម​អញ្ជើញសិស្ស​ពីរបីនាក់​ដែល​បំបែក​ចេញ​ពី​សិស្ស​ក្នុងថ្នាក់​ ឲ្យ​ផ្លាស់​វេណ​គ្នា​អាន​ឮៗ​ចេញមកពី​អេភេសូរ ២:១២-១៥។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​​បាន​ធ្វើ​ ចំពោះរបាំង​រវាង​ពួកសាសន៍យូដា និង​ពួកសាសន៍ដទៃ​នោះ ។ សូមចង្អុល​បង្ហាញ​ថា ពាក្យសេចក្ដី​ខ្មាំង​មានន័យ​ថា « សេចក្ដី​ជំទាស់​​សេចក្ដី​ប្រឆាំង សេចក្ដី​ស្អប់ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « សេចក្ដីខ្មាំង »​scriptures.lds.org ) ។

  • តើ​អ្វីខ្លះ​បាន​នាំឲ្យ​​ពួកសាសន៍ដទៃ និងសាសន៍​យូដា​រួបរួមគ្នា ? ( តាមរយៈ​ព្រះលោហិត​របស់ព្រះគ្រីស្ទ ​ជញ្ជាំង​ដែល​តំណាង​ឲ្យ​​ការ​បំបែក​ពួកសាសន៍​យូដា និង​ពួកសាសន៍​ដទៃ​​​ខាងវិញ្ញាណ​ ត្រូវបាន​ដកចេញ ហើយ​ពួកគេ​បាន​ក្លាយ​ទៅជា « មនុស្ស​ថ្មីតែមួយ » [​អេភេសូរ ២:១៥] ឬរួបកាយ​រួម​តែមួយ​នៅក្នុងព្រះគ្រីស្ទ ។​ សូម​សរសេរ​សេចក្តី​ពិត​នេះ​នៅលើ​ក្ដារខៀន ៖ នៅពេល​យើងមក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​បាន​ព្រះគុណ​របស់ទ្រង់ នោះ​យើង​បាន​ក្លាយ​ទៅជា​រួមគ្នា​តែ​មួយ​ជាមួយ​នឹង​ពួកបរិសុទ្ធ​​ទាំងឡាយ​នៃ​ព្រះ )

សូម​ដោះ​បង់ស្អិត ឬ​ខ្សែ​ ដែល​បំបែក​សិស្ស​ចេញ​ពី​គ្នាចេញ ហើយ​អញ្ជើញ​ឲ្យ​សិស្ស​​ដែល​បំបែក​ចេញ​ពីគេ​នោះមក​រួមគ្នា​ជាមួយ​នឹង​សិស្ស​ផ្សេងទៀត​ក្នុង​ថ្នាក់ ។ សូមលើក​ទឹកចិត្ត​សិស្ស​ដែល​តំណាង​ឲ្យពួក​សាសន៍​យូដា ឲ្យ​អញ្ជើញ​ពួកសិស្ស​ដែល​បានបំបែកចេញ​ឲ្យមក​អង្គុយ​នៅជិត​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង អេភេសូរ ២:១៦-១៩​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលឃ្លា​​​ដែល​គូសបញ្ជាក់​បន្ថែម​អំពី​សេចក្ដីពិត​ដែលថា នៅពេល​យើងមក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួលបាន​ព្រះ​គុណ​​របស់ទ្រង់ នោះ​យើង​អាច​នឹង​​ក្លាយ​ទៅជា​រួមគ្នា​តែ​មួយ​ជាមួយ​នឹង​ពួកបរិសុទ្ធ​​ទាំងឡាយ​នៃ​ព្រះ ។

  • តើ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​បាន​រកឃើញ​ ដែល​​​គូសបញ្ជាក់​បន្ថែម​អំពី​សេចក្ដីពិត​ដែលថា នៅពេល​យើងមក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួលបាន​ព្រះគុណ​របស់ទ្រង់ នោះ​យើង​អាច​នឹង​​ក្លាយ​ទៅជា​រួមគ្នា​តែ​មួយ​ជាមួយ​នឹង​ពួកបរិសុទ្ធ​​ទាំងឡាយ​នៃ​ព្រះ ?

  • ហេតុអ្វី​អ្នកគិត​ថា ​សេចក្ដីពិត​នេះ​សំខាន់​ចំពោះ​យើង​​ដើម្បី​យល់ដឹង និង​អនុវត្ត​នៅក្នុង​សាសនាចក្រ​នា​សព្វថ្ងៃនេះ ?

  • តើ​យើងអាច​ជួយអ្នកដទៃ​ឲ្យ​ប្រែក្លាយ ឬ​មាន​អារម្មណ៍​ដូចជា « ជាតិតែមួយ » ឡើងវិញ (ខ​ទី​ ១៩) នៅក្នុងសាសនាចក្រ​ជាជាង​ ដូច​ជា​មនុស្សដទៃ​យ៉ាងដូចម្ដេច ?

  • តើនៅពេលណា​ដែល​នរណាម្នាក់​បានជួយអ្នក​ឲ្យ​មាន​អារម្មណ៍​ថា ​ដូចជា​ជាជាតិតែ​មួយ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ជាជាង​ដូចជាមនុស្ស​ដទៃ ? តើ​នៅពេលណា​ដែល​អ្នកបាន​ព្យាយាម​ជួយ​ដល់​នរណា​ម្នាក់​​ឲ្យ​មានអារម្មណ៍បែបនេះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អានអេភេសូរ ២:២០-២២ឲ្យឮៗ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា តើ​ប៉ុលបាន​បង្រៀន​អ្វីខ្លះ​អំពី​គ្រឹះ​នៃ​សាសនាចក្រ​នេះ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​ប៉ុល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​នេះ អំពី​រចនាសម្ព័ន្ធ​ក្នុងសាសនាចក្រ​របស់​ព្រះ​អម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ពីនោះ ប៉ុន្តែ​សូមជួយ​ពួកគេ​ឲ្យ​ស្គាល់ថា សាសនាចក្រ​របស់ព្រះ​អម្ចាស់​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅលើ​ពួកសាវក និង​ពួក​ព្យាការី​ទាំងឡាយ ដែល​មានព្រះយេស៊ូវគ្រីស្ទ​ជា​ថ្មជ្រុង​យ៉ាង​ឯក )

  • តើ​ថ្ម​ជ្រុង​គឺជា​អ្វី ? ( ថ្ម​ធំមួយ​ដែល​ដាក់​នៅ​ជ្រុង​នៃ​គ្រឹះ​មួយ​ ដើម្បី​ផ្ដល់​ជា​កម្លាំង និង​លំនឹង​របស់​សំណង់​ទាំងមូល ) ។

រូបភាព
ថ្មជ្រុង

សូម​គូររូប​ភាពសាមញ្ញ​មួយ​នៃ​ថ្មជ្រុង​ដែល​ភ្ជាប់​ជញ្ជាំង​ទាំង​ពីរ ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​​ថ្មជ្រុង​យ៉ាងឯករបស់​​សាសនា​ចក្រ​តាម​របៀប​ណា ? យោង​តាមខទី ២១តើ​មាន​អ្វីបាន​កើតឡើងចំពោះ​សាសនាចក្រ​ទាំងមូល​ដោយសារ​តែ​ថ្មជ្រុង​នេះ ?

  • តើ​ពួកសាវក និង​ពួក​ព្យាការី​​សង់​គ្រឹះ​ដែល​នៅ​សេសសល់​​ផ្សេងៗ​ទាំងប៉ុន្មាន​​របស់​សាសនាចក្រ​តាម​របៀប​ណា ?

  • តើ​គ្រឹះនេះ​ផ្ដល់​នូវ​លំនឹង​ដល់​សាសនាចក្រ ហើយ​ការ​ពារ​វា​ទាស់​នឹង​ការ​វាយ​ប្រហារ​របស់​អារក្ស​យ៉ាង​ដូចម្ដេច ?

អេភេសូរ ៣

ប៉ុល​បង្ហាញ​អំពី​ក្ដីប្រាថ្នា​របស់​លោក​ចំពោះ​ពួក​បរិសុទ្ធ​​នៅ​អេភេសូរ

សូម​សង្ខេបអេភេសូរ ៣:១-១៦ដោយ​ពន្យល់​ថា ប៉ុល​បាន​ផ្សាយ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​បាន​បង្រៀន​ថា តាមរយៈទ្រង់ ពួកសាសន៍​ដទៃ​អាច​ក្លាយ​ជា « អ្នក​គ្រង​មរតក » (ខទី ៦) ជាមួយ​នឹង​សាសន៍​អ៊ីស្រាអែល ហើយ​ជាអ្នក​ទទួល​ការសន្យា​ទាំងឡាយ​របស់ព្រះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ក្នុង អេភេសូរ ៣:១៤-១៩​ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​តើ​ប៉ុល​ប្រាថ្នា​ចង់​បាន​អ្វី​ផ្សេងទៀត ដើម្បី​ជួយ​ដល់​ពួកបរិសុទ្ធ​ឲ្យ​បាន​ស្គាល់ និង​ទទួលអារម្មណ៍ដឹង ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​ប៉ុល​ចង់​បាន​អ្វីខ្លះ​ ដើម្បី​ឲ្យពួកបរិសុទ្ធ​បាន​ស្គាល់ និង​ទទួល​អារម្មណ៍​ដឹង ?

សូម​សរសេរ​សេចក្តី​ពិត​នេះ​នៅលើ​ក្ដារខៀន ៖ ពួកសាវក និងពួកព្យាការី​ព្យាយាម​ជួយ​ដល់​កូនចៅ​របស់ព្រះ​ឲ្យ​​ស្គាល់ និង​ទទួលអារម្មណ៍​ដឹង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បង្ហាញ​ទំព័រ​ដែល​បង្ហាញ​ពី​គណៈប្រធា​ន​ទីមួយ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ចេញមកពី​ច្បាប់​ទស្សនាវដ្ដី​​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ EnsignLiahona ។

  • តើ​ពួកសាវក និងពួកព្យាការី​ព្យាយាម​ជួយ​ដល់​កូន​ចៅ​របស់ព្រះ​ឲ្យស្គាល់ និង​មានអារម្មណ៍​ដឹង​អំពីសេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទនៅ​ក្នុង​ជំនាន់​របស់​យើងយ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា​ដែល​ការ​បង្រៀនរបស់​ពួក​សាវក និង​ពួកព្យាការី​បានជួយ​អ្នក​ឲ្យ​ស្គាល់ និង​មាន​អារម្មណ៍​ដឹង​កាន់តែច្បាស់​​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ?

សូមបញ្ចប់​ដោយការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​សេចក្ដីពិត ដែល​បាន​ពិភាក្សា​នៅក្នុងមេរៀន ឬ​អញ្ជើញសិស្សឲ្យ​ធ្វើ​សកម្មភាព​តាម​សេចក្ដី​ពិត​ទាំង​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

អេភេសូរ ២:៨-១០ ។ « ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ …សម្រាប់​​ការល្អ »

« នៅក្នុងអេភេសូរ ២:៨-១០ប៉ុល​បាន​ពិភាក្សា​អំពី​ទំនាក់ទំង​រវាង​ព្រះគុណ សេចក្ដីជំនឿ និង​កិច្ច​ការល្អ ។ ទីបំផុត សេចក្ដីសង្គ្រោះ​កើត​មាន​មក​តាមរយៈ​ព្រះគុណូបការៈ​នៃកិច្ចការ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺពុំ​មែន​​ដោយ​ខ្លួន​យើង​នោះទេ ។ ប៉ុល​បាន​ហៅ​អ្នកដើរ​តាមព្រះយេស៊ូវគ្រីស្ទ ‹ ជាស្នាដៃ [ របស់​ព្រះ ] ដែលទ្រង់​​​បាន​បង្កើត​​ក្នុងព្រះគ្រីស្ទ​យេស៊ូវ​សម្រាប់ការ​ល្អ​› (អេភេសូរ ២:១០) ។ កន្លែងនេះ គូសបញ្ជាក់​អំពីកិច្ចការ​របស់ព្រះអម្ចាស់​ជាជាង​កិច្ចការ​របស់​យើង​ផ្ទាល់ ហើយ​បង្រៀន​ថា​លទ្ធភាព​របស់​យើង​ដើម្បីធ្វើ​ការ​ល្អផុស​ចេញឡើង​​មកពី​ការ​ផ្លាស់ប្ដូរ ​ដែល​ព្រះគុណ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​បណ្ដាល​ឲ្យ​កើត​មានឡើង​នៅក្នុង​ខ្លួន​យើង នៅពេល​យើង​មករក​ទ្រង់​ដោយ​សេចក្ដីជំនឿ ( សូមមើល​ផងដែរ​កូរិនថូសទី ១ ១៥:១០និងភីលីព ២:១៣​) » (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៤២៥) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​​ដប់ពីរ​នាក់​បាន​ពន្យល់ថា​ ៖

« សេចក្ដីសង្គ្រោះ​នៅ​គ្រប់ទម្រង់ ប្រភេទ និងកម្រិត​ទាំងអស់ កើត​មក​តាមរយៈ​ព្រះគុណ​នៃព្រះ ។ នោះគឺ​ដោយសារ​តែ​សេចក្ដីស្រឡាញ់​​ សេចក្ដី​មេត្តា​កុរណា និង​ការ​យាងចុះ​មក​របស់ទ្រង់ នោះព្រះជា​ព្រះវរបិតា​របស់​យើង​បាន​តែងតាំង​ផែនការ និង​ប្រព័ន្ធ​នៃ​សេចក្ដីសង្គ្រោះ​ឡើង​ដែល​នឹង ‹ នាំ​ឲ្យ​មាន​អមតភាព និង​ ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស › ។ (​ម៉ូសេ ១:៣៩) ។ ស្របតាម​ផែនការ​នេះ ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​សំណព្វតែមួយគត់​របស់​ទ្រង់​មក​ក្នុង​ពិភពលោក​ដើម្បី​អនុវត្ត​នូវ​ពលិកម្មធួន​ដ៏​គ្មានទីបញ្ចប់ និង​អស់​កល្បជានិច្ច ។ …

« ដូច្នេះ​ មនុស្ស​ត្រូវ​បាន​សង្គ្រោះ​ដោយព្រះគុណ​តែ​ម្យ៉ាង នៅក្នុងន័យ​ថា​ជា​តួអង្គ​​​ដែល​បាន​រស់ឡើងវិញ ពួកគេ​ត្រូវ​បាន​សង្គ្រោះ​​ដោយ​ព្រះគុណ​បួក​រួម​នឹង​ការ​គោរពប្រតិបត្តិ ក្នុងន័យថា​ជាការ​ទទួល​បាន​ជីវិត​អស់កល្បជានិច្ច ។ ផែនការ​នៃដំណឹងល្អ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​នៅ​ក្នុង​នគរ​សេឡេស្ទាល ដូច្នេះ​ហើយ ប៉ុល​បង្រៀន​ថា​សេចក្ដីសង្គ្រោះ​ដោយ​ព្រះគុណគឺ​តាមរយៈ​​សេចក្ដី​ជំនឿ តាមរយៈ​ការគោរព​ប្រតិបត្តិ តាមរយៈការ​ទទួល​​យក​ព្រះគ្រីស្ទ តាមរយៈ​ការ​កាន់​តាម​​បទបញ្ញត្តិ​ទាំង​ឡាយ ។ ដូច្នេះ​នីហ្វៃ​បាន​សរសេរ​ថា ‹ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ ដ្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​​បាន​សង្គ្រោះ បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន › (នីហ្វៃទី ២ ២៥:២៣) ហើយ​មរ៉ូណៃ​បាន​កត់ត្រា​ថា ‹ ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អឥតខ្ចោះ​នៅក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ ហើយ​បើសិនជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​​របស់​អ្នក នោះ​ព្រះគុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះគុណ​នៃ​ព្រះ នោះ​អ្នករាល់គ្នា​អាច​បាន​ល្អឥត​ខ្ចោះ​នៅក្នុង​ព្រះ​គ្រីស្ទ › ។ (មរ៉ូណៃ ១០:៣២ ) » ។ ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៤៩៨-៩៩ ) ។

អេភេសូរ ២:២០-២២ ។ គ្រឹះ និង​ថ្មជ្រុង​នៃ​សាសនាចក្រ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​មានប្រសាសន៍អំពី​រចនាសម្ព័ន្ធ​របស់សាសនាចក្រ ៖

« នៅក្នុង​ជំនាន់​គម្ពីរ​សញ្ញា​ថ្មី នៅក្នុង​ជំនាន់​ព្រះគម្ពីរ​​មរមន និង​នៅក្នុង​សម័យ​ទំនើប​នេះ អ្នក​មាន​សិទ្ធិ​អំណាច​ទាំងនេះ​បង្កើត​ជា​ថ្ម​គ្រឹះ​នៃ​សាសនា​ចក្រ​ដ៏​ពិត ដែល​បាន​តែងតាំង​តំណែង និង​ទទួល​បាន​កម្លាំង​របស់​ពួកលោក​ពី​ថ្ម​ជ្រុង​យ៉ាង​ឯក ‹ សិលា​​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង​គឺ [ ព្រះយេស៊ូវ ] ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ › [ ហេលេមិន ៥:១២ ] » ។ … គ្រឹះ​​នៅ​លើ​ព្រះគ្រីស្ទ​បែប​នេះ​ ហើយ​តែងតែ​ជាការការពារ​នៅក្នុង​ជំនាន់​នានា​ ‹ កាល​ណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំងក្លា​របស់​វា​មក មែនហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​គួច មែន​ហើយ កាលណា​ព្រិល និង ខ្យល់​ព្យុះ​កំណាច​ទាំងអស់​របស់​វា បោកបក់​មក​លើ​កូន ›» (« Prophets, Seers, and Revelators » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧ ) ។

ឃ្លា ​« ផ្គុំ​ភ្ជាប់​គ្នា » នៅក្នុងអេភេសូរ ២:២១ផ្ដល់​យោបល់​ជា​មេរៀនសំខាន់​មួយ​អំពី​សាមគ្គីភាព​នៅក្នុង​សាសនាចក្រ ។ ពុំ​មាន​ដុំ​ថ្ម​ពីរ​ដុំ​ណា​ដែល​បង្កើត​បាន​ជា​រចនាសម្ព័នមួយ ​ដែល​ដូចគ្នា​បេះបិទ​នោះទេ ហើយ​មាន​ដុំ​ថ្ម​ជាច្រើន​មាន​ទំហំ និង​ទម្រង់​ខុសៗ​គ្នា ។ ប៉ុន្តែ​ដុំថ្ម​ទាំងឡាយ​គឺ « ត្រូវ​បាន​ផ្គុំ​ភ្ជាប់គ្នា » ដើម្បី​បង្កើត​បាន​ជា​រចនាសម្ព័ន​ ។ ដូចគ្នា​នេះ​ផងដែរ គ្មាន​សមាជិក​សាសនាចក្រ​ពីរ​រូបណា​មានលក្ខណៈ​​​ដូចគ្នា​បេះបិទ​នោះទេ ប៉ុន្តែ​ទាំង​អស់​គ្នា​​គឺត្រូវ​បាន « ផ្គុំភ្ជាប់គ្នា » ដើម្បី​បង្កើត​​ជា​សាសនាចក្រ​របស់ព្រះអម្ចាស់ ។