បណ្ណាល័យ
មេរៀនទី ១២៣ ៖ អេភេសូរ ៥-៦


មេរៀនទី ១២៣

អេភេសូរ ៥-៦

សេចក្តី​ផ្ដើម

ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ពី​របៀប​ដើម្បី​​តតាំង​នឹង​ឥទ្ធិពល​អាក្រក់ ។ លោក​ក៏​បាន​បង្រៀន​ដល់​ពួកគេ​ផង​ដែរអំ​ពី​របៀប​​ដើម្បី​ពង្រឹង​ទំនាក់ទំនង​គ្រួសារ ។ ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ ដោយ​ដាស់តឿន​ពួក​អ្នក​ដើរ​តាម​របស់​ព្រះ​ឲ្យ « ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ( អេភេសូរ ៦:១១ ) ដើម្បីតតាំង​នឹង​ការ​បោក​បញ្ឆោត​​របស់​សាតាំង ។

យោបល់​សម្រាប់​ការបង្រៀន

អេភេសូរ ៥:១-២០

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​ពី​របៀប​តតាំង​នឹង​ឥទ្ធិពល​អាក្រក់

ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន សូម​ដាក់​បង្ហាញ​វត្ថុ​មួយ​​ដែល​សិស្ស​អាច​ដឹង​ថា​វា​ទើប​ធ្វើ ឬ​ទិញ​ថ្មី ហើយ​សួរថា ៖

  • តាមធម្មតា តើ​យើងប្រព្រឹត្តយ៉ាង​​ដូចម្តេច​ចំពោះវត្ថុ​ថ្មី ?

សូម​រំឭក​សិស្ស​ថា អេភេសូរ ៤ មាន​នូវ​ការ​ទូន្មាន​របស់​ប៉ុល​ទៅ​កាន់​ពួក​សមាជិក​ថ្មី​ក្នុង​សាសនាចក្រ​ឲ្យ « ដោះ​មនុស្ស​ចាស់​ដែល[,]… ខូច » ​របស់​ពួកគេ​ចោល ( ខទី ២២ ) ហើយ « ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ » ( ខទី ២៤ ) ឬ​ចាប់​ផ្ដើម​ជីវិត​ថ្មី​មួយ ​ជា​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ជីវិត​របស់​មនុស្ស​ម្នាក់​ដែលបាន​តាំង​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​អាច​រាប់​​ទុកថា​​ជា​ជីវិត​ថ្មី​​បាន​យ៉ាង​ដូចម្ដេច ?

នៅ​ពេល​សិស្ស​សិក្សា អេភេសូរ ៥–៦ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ​ ដែល​អាច​ជួយ​ពួកគេឲ្យ « ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ » ​ជា​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន អេភេសូរ ៥:១-៧ឲ្យ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា តើប៉ុល​បាន​ទូន្មាន​​ពួក​បរិសុទ្ធ​ឲ្យធ្វើ និង​មិន​ឲ្យ​ធ្វើ​អ្វី​ខ្លះ ក្នុង​នាម​ជា​ពួក​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ប៉ុល​បាន​ទូន្មាន​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​​គ្រីស្ទ​ឲ្យធ្វើ​អ្វីខ្លះ ? តើ​លោក​បាន​ទូន្មាន​ពួកគេ​មិន​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​យើង​អាច​ស្គាល់​សេចក្ដី​ពិត​អ្វី​ខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​រក​ឃើញ​សេចក្ដីពិត​ខុសៗ​គ្នា ប៉ុន្តែ​សូម​គូស​បញ្ជាក់​ថា ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​ទទួលរឿង​អាក្រក់​របស់​លោកិយ​ឡើយ ) ។

  • យោងតាម ខ​ទី ៥ តើ​ជន​ដែល​ធ្វើ​រឿង​អាក្រក់​របស់​លោកិយ​នឹង​បាត់បង់​សិទ្ធិ​អ្វីខ្លះ ?

  • តើ​ការទទួលរឿង​អាក្រក់​នៃ​លោកិយអាច​​ជះ​ឥទ្ធិពល​ដល់​ជីវិត​ថ្មីរបស់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​​​យ៉ាង​ដូចម្ដេច ? តើ​គំរូ​របស់បុគ្គល​នេះ មាន​ឥទ្ធិពល​ដល់​មនុស្ស​ដទៃ​ទៀត​យ៉ាង​ណា​ខ្លះ ?

សូម​សង្ខេប អេភេសូរ ៥:៨–២០ ដោយ​ពន្យល់​ថា ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ « ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ » ( ខទី ​៨​ ) ឲ្យ​ឈ្លាសវៃ ហើយ​ឲ្យ​ខិតខំ​ស្គាល់​ពី​ព្រះ​ទ័យ​របស់​ព្រះអម្ចាស់​ដោយ « ឲ្យ​បាន​ពេញ​ជា​ព្រះវិញ្ញាណ » ( ខ​ទី១៨​ ) ។

អេភេសូរ ៥:២១-៦:៩​

ប៉ុល​ទូន្មាន​ពួក​អេភេសូរ​អំពី​ទំនាក់ទំនង​​ក្នុង​គ្រួសារ​របស់​ពួកគេ

សូម​ឲ្យ​សិស្ស​គិត​ពី​ឥទ្ធិពល​ទៅវិញ​ទៅ​មក​រវាង​ពួកគេ​និង​សមាជិក​គ្រួសារ​កាល​ពី​ ២៤ ម៉ោង​មុន ហើយ​ថាតើ​ឥទ្ធិពល​ទៅវិញ​ទៅ​មក​ទាំងនោះ​​ជា​រឿង​វិជ្ជមាន ឬ​អវិជ្ជមាន ។ ( ឧទាហរណ៍ តើ​ឥទ្ធិពល​ទៅវិញ​ទៅ​មក​នេះ​វា​ជា​រឿង​គួរ​ឲ្យ​ស្រឡាញ់ ឬ​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា ? ជា​រឿង​ល្អ ឬ​ជា​រឿង​ឈឺចាប់ ? ជា​ការ​លើក​តម្កើង ឬ ​ជា​ការ​បន្តុះបង្អាប់​ ? )

  • ហេតុអ្វី​ក៏​ពេល​ខ្លះ​វា​ពិបាក​ ដើម្បី​មាន​ទំនាក់​ទំនង​គ្រួសារ​ដ៏​ល្អ​ប្រសើរ ?

នៅ​ពេល​សិស្ស​សិក្សាអេភេសូរ ៥:២១–៦:៩​សូម​អញ្ជើញ​ពួកគេ​​ឲ្យ​រក​មើល​គោលការណ៍​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​ក្រុម​គ្រួសារ​របស់​ពួកគេ ។

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៥:២១ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថាតើ​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • តើ​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( សូម​ពន្យល់​ថា ការ​ « ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក » ​មាន​ន័យ​ថា យើង​គួរ​គិត​ពី​មនុស្ស​ដទៃ ពីមុន​ខ្លួន​យើង ហើយការ​ « កោត​ខ្លាច​ដល់​ព្រះ » ​សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់ និង​ការ​គោរព​របស់​យើង​ចំពោះ​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​គំរូ​ឥរិយាបថនៃ​ការ​ចុះចូល​នេះ​តាម​របៀប​ណា ?

  • តើ​ការ​គិតអំ​ពី​តម្រូវការរបស់មនុស្ស​ដទៃ​ពី​មុន​ខ្លួន​យើង ​អាច​ជួយ​ពង្រឹង​ទំនាក់ទំនង​គ្រួសារ​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន អេភេសូរ ៥:២២-២៩ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ថា តើប៉ុល​បាន​ទូន្មាន​ដល់​ពួក​ស្វាមី និង​ភរិយា​ឲ្យ​ធ្វើ​អ្វីខ្លះ​​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ ។

  • តើ​ទំនាក់ទំនង​អ្វី​ខ្លះ​​​ដែល​ប៉ុល​បាន​ទូន្មាន​ដល់​ភរិយា ​ឲ្យ​ដាក់​លំនាំ​​​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​ស្វាមី ? ( សូម​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា ភរិយា​គួរ « ចំណុះ » ​ខ្លួន​នាង​ចំពោះ​ស្វាមី​នាង [ ខ​ទី ២២ ] ។ វា​អាច​បក​ប្រែ​ថា​ជា​ការ​គាំទ្រ ការ​ជ្រោម​ជ្រែង និង​ការ​គោរព​ដល់​ស្វាមី​នាង ដូចជា​នាង​ធ្វើ​ចំពោះ​ព្រះអម្ចាស់​ដែរ ។ តួនាទី​របស់​ស្វាមី​ដែលត្រូវ​បាន​តែង​តាំង​មក​ពី​ព្រះ​គឺ ដើម្បី​ធ្វើ​ជា​អធិបតី ឬ​មើល​ថែ​គ្រួសារ ដូចជា​ព្រះអង្គ​សង្គ្រោះ​មើល​ថែ ហើយ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដែរ ) ។

  • តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ស្វាមី​ធ្វើ​អ្វីខ្លះ ក្នុង​​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ភរិយា​ ?

  • តើ​ស្វាមី​ដែល​ស្រឡាញ់​ភរិយា​ខ្លួន​ដូចជា​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​សាសនាចក្រ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​យ៉ាង​ដូចម្ដេច ? ( គាត់​នឹង « [ ប្រគល់] » ​ខ្លួន​គាត់​ឲ្យ​នាង [ ខទី ២៥ ] ឬ​គិត​ពី​នាង​មុន​គិត​ពី​ខ្លួន​ឯង ហើយ « ថ្នាក់ថ្នម » ​នាង [ ខ​ទី ២៩ ​]​ ) ។

  • តើ​យើង​អាច​ស្គាល់​សេចក្ដីពិត​អ្វីខ្លះ ​នៅ​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​ទាក់ទង​នឹង​អ្វី​ ដែល​អាច​កើត​ឡើង​​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ប្រសិន​បើ​យើង​ប្រើ​ទំនាក់ទំនង​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​សាសនាចក្រ​ជា​មាគ៌ា​របស់​យើង​នោះ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​ស្រដៀង​គ្នា​ដូច​តទៅនេះ ៖ នៅ​ពេល​យើង​ប្រើ​ទំនាក់ទំនង​របស់​ព្រះអង្គ​​សង្គ្រោះ​ជាមួយ​នឹង​សាសនាចក្រ​ជា​មាគ៌ា​របស់​យើង នោះ​យើង​អាច​ពង្រឹង​ទំនាក់​ទំនង​គ្រួសារ​របស់​យើង​បាន ) ។

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៥:៣០-៣៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ​រកមើល​ថា​តើ​ស្វាមី និង​ភរិយា​នឹង​ប្រែ​ទៅជា​យ៉ាងណា នៅ​ពេល​ពួកគេ​បាន​រៀបការ​នឹង​គ្នា ។

  • យោងតាម ខ​ទី ៣១​តើ​ស្វាមី និង​ភរិយា​​នឹង​ប្រែ​ទៅ​ជា​យ៉ាងណា ​នៅ​ពេល​ពួកគេ​បាន​រៀបការ​នឹង​គ្នា ? ( ពួកគេ​បាន​ក្លាយ​ជា « សាច់​តែ​មួយ » ឬ​រួម​គ្នា​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ ) ។

  • តើ​ការ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​អាច​ជួយ​ស្វាមី​ភរិយា ( និង​គ្រួសារ ) ​​បង្កើន​សេចក្ដី​ស្រឡាញ់ និង​សាមគ្គីភាព​នៅ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន អេភេសូរ ៦:១-៤ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ការ​ប្រើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​មាគ៌ា​ ​អនុវត្ត​​ចំពោះ​ទំនាក់ទំនង​របស់​កូន​ម្នាក់​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​គេយ៉ាង​ដូចម្ដេច ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​កុមារ​ម្នាក់​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​គោរព​តាម​ឪពុកម្ដាយ​របស់​គេយ៉ាង​ដូចម្ដេច ?

  • តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ឪពុក​ធ្វើ​អ្វីខ្លះ​​ ទាក់ទង​នឹង​​ការ​ចិញ្ចឹម​បី​បាច់​កូនចៅ​របស់​ពួកគេ ?

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា​ ទំនាក់ទំនង​គ្រួសារ​របស់​ពួកគេ​នឹង​ត្រូវ​បាន​ពង្រឹង​យ៉ាង​ដូចម្ដេច ប្រសិន​បើ​ពួកគេ​ប្រើ​ទំនាក់ទំនង​របស់​ពួកគេដោយ​មាន​​ព្រះអម្ចាស់​ជា​មាគ៌ា​របស់​ពួកគេ​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើស​យក​ទំនាក់ទំនង​មួយ​ដែល​ពួកគេ​ចង់​កែលម្អ ហើយ​សរសេរ​ពី​វិធី​មួយ​ចំនួន​ដែល​ពួកគេ​អាច​កែលម្អ​ទំនាក់​ទំនង​​នេះ​ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​តាម​អ្វី​ ដែល​ពួកគេ​បាន​សរសេរ ។

សូម​សង្ខេប អេភេសូរ ៦:៥–៩​ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​​អំពី​ទំនាក់​ទំនង​រវាង​បាវបម្រើ​ និង​ចៅហ្វាយ​ម្នាក់ ។ នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ទាសភាព​គឺជា​រឿង​ធម្មតា​នៅ​ក្នុង​ចក្រភព​រ៉ូម សូម្បី​តែ​នៅ​ក្នុង​ចំណោម​សមាជិក​មួយ​ចំនួន​នៃ​​សាសនាចក្រ​​ផង​ដែរ ។ ការ​ទូន្មាន​របស់​ប៉ុល​មិន​បាន​បញ្ជាក់​ថា លោក​អនុម័ត​ចំពោះ​ការ​បង្កើត​​ទាសភាព​នេះ​ឡើយ ។

អេភេសូរ ៦:១០-២៤

ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ « ពាក់​គ្រប់​​គ្រឿង​សឹក​របស់​ព្រះ »

សូម​សរសេរ​នៅលើក្ដារខៀន​​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ ( សេចក្ដីថ្លែងការណ៍​នេះ មាន​នៅក្នុង​« The Power of the Word »​Ensignខែ​ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ​៧៩ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឲ្យ​ឮៗ ។

« សាតាំងកំពុង​បង្ក​សង្គ្រាម​ទាស់​នឹង​សមាជិក​សាសនាចក្រ​​ដែល​មាន​ទីបន្ទាល់ ហើយ​ដែល​កំពុង​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ) ។

  • តើ​សាតាំង​បង្ក​សង្គ្រាមទាស់​នឹង​យុវវ័យ​របស់​សាសនាចក្រ​តាម​របៀបណា ?

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៦:១០-១៣ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា តើប៉ុល​បាន​និយាយថា​​ពួក​បរិសុទ្ធ​នៅ​ក្នុង​ជំនាន់​របស់​លោកកំពុង​ច្បាំង​ទាស់​នឹង​អ្វី ។ សូម​ពន្យល់​ថា ឧបាយកល សំដៅ​ទៅ​លើល្បិច ឬឧបាយកលដែល​ប្រើ​ដើម្បី​បោក​បញ្ឆោត ឬដាក់​អន្ទាក់ ។

  • តើប៉ុល​បាន​និយាយថា ​​ពួក​បរិសុទ្ធ​​នៅ​ក្នុង​ជំនាន់​របស់​លោកកំពុង​ច្បាំង​ទាស់​នឹង​អ្វី ?

  • តើ​​អ្វី​ដែល​​ប៉ុល​បាន​រៀបរាប់​នៅ​ក្នុង ខ​ទី ១២ ដូចគ្នា​នឹង​អ្វីដែល​យើង​កំពុង​ច្បាំង​ទាស់​ក្នុង​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​ប៉ុល​បាន​ប្រាប់​ដល់​ពួក​បរិសុទ្ធ​នៅ​ជំនាន់​លោក​ឲ្យបំ​ពាក់​អ្វីខ្លះ ដើម្បី​ពួកគេ​អាច​ទប់​ទល់​នឹង​អំពើ​អាក្រក់​ទាំងនេះ​បាន ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ យើង​នឹង​អាច​ទប់​ទល់​នឹង​អំពើ​អាក្រក់​​បាន ) ។

រូបភាព
handout, armor of God

ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១២៣

រូបភាព
diagram, armor of God

ចូរឲ្យ​សំណៅ ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​ដល់​សិស្ស ។ ​សូមបំបែក​សិស្ស​ក្នុង​ថ្នាក់​ជាប្រាំ​​ក្រុម ហើយ​ចាត់តាំងក្រុមនីមួយៗនូវ​ចំណែក​មួយ​នៃ​អាវ​ក្រោះដូច​ដែល​បាន​រៀបរាប់​នៅក្នុង អេភេសូរ ៦:១៤–១៧ ។ ( ចូរកុំចាត់​​ឲ្យនូវ​ផ្នែក « ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ » [ ខ​ទី ១៤ ] ។ ប្រសិន​បើ​សិស្ស​របស់​អ្នកមាន​ចំនួន​​តិច អ្នក​គួរ​ឲ្យ​បំបែក​គ្រឿង​សឹក​លើស​ពី​មួយ​ដល់​ក្រុម​មួយ​ចំនួន ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

  1. តើ​បំណែក​គ្រឿង​សឹក​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​អ្វី ?

  2. តើ​ប៉ុល​បាន​ហៅ​បំបែក​គ្រឿង​សឹក​នេះ​ថា​ជា​អ្វី ?

  3. តើ​ផ្នែក​ណា​នៃ​រូបកាយ​ ដែល​​អាច​ត្រូវ​បាន​ការពារ​ដោយ​គ្រឿង​សឹក​ ​តំណាង​ឲ្យ​ខាង​វិញ្ញាណ​ ?

  4. តើ​ការ​ពាក់​បំណែក​នៃ​គ្រឿង​សឹក​ខាង​វិញ្ញាណ​នេះ​ អាច​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​អំពើ​អាក្រក់​បាន​យ៉ាង​ដូច​ម្ដេច ?

ដើម្បី​បង្ហាញ​សិស្ស​ពី​របៀប​បំពេញ​ឯកសារ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន អេភេសូរ ៦:១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ចម្លើយ​ចំពោះ​សំណួរ​នៅ​លើ​ក្ដារខៀន នៅ​ពេល​​ពួកគេ​អនុវត្ត​ « ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ » រួច​សរសេរ​ចម្លើយ​នៅ​លើ​ក្រដាស​​របស់​ពួកគេ ។

សូម​ពន្យល់​ថា គ្រឿង​សឹក​ដែល « ក្រវាត់ » នឹង​​​ចង្កេះ​គឺជា​ខ្សែ​ក្រវ៉ាត់​ដែល​រុំ​ជុំវិញ​ផ្នែក​កណ្ដាល​នៃ​រាង​កាយ ។ សិស្ស​អាច​ប្រាប់​ចម្លើយ​ស្រដៀង​គ្នា​នឹង​ឃ្លា​ខាង​ក្រោម ៖ (១) វា​បិទបាំង​ចង្កេះ ( សរីរាង្គ​ដ៏​សំខាន់​សម្រាប់​​ការ​បង្កើត​កូន ) ។ (២) សេចក្តីពិត ។ (៣) វា​តំណាង​ឲ្យ​ព្រហ្មចារីភាព ឬ​បរិសុទ្ធភាព​ខាង​សីលធម៌​របស់​យើង ។ (៤) ការ​ដឹង​ពី​សេចក្ដី​ពិត​ពេញ​លេញ​នៃ​ផែន​ការ​នៃ​សេចក្ដី​សង្គ្រោះ​អាចទាក់ទាញ​ចិត្ត​​ឲ្យ​បន្ត​មាន​ភាព​បរិសុទ្ធ​ខាង​សីលធម៌ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​នេះ នៅ​ពេល​​ពួកគ​អាន អេភេសូរ ៦:១៤–១៨ ជាមួយ​នឹង​ក្រុម​ខ្លួន ហើយ​បំពេញ​ផ្នែក​នៃ​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​បំណែក​គ្រឿង​សឹក ​ដែលបានចាត់តាំង​ឲ្យ​ពួកគេ ។ ( សូម​ពន្យល់​ថា ការ​ពាក់ « ទុក​ជា​ស្បែក​ជើង » [ ខ​ទី ១៥ ] មាន​ន័យ​ថា ការ​ពាក់​ស្បែក​ជើង ឬ​គ្រឿង​ការ​ពារ​ជើង​ផ្សេង​ទៀត ) ។

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ ចូរ​អញ្ជើញ​អ្នក​តំណាង​ម្នាក់​មក​ពី​ក្រុម​នីមួយៗ​ឲ្យ​ប្រាប់​ពី​អ្វី​ ដែល​ពួកគេ​បាន​រៀន​​ទៅ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ នៅ​ពេល​ក្រុម​នីមួយៗ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់​ត្រា​ការ​រក​ឃើញ​របស់​ក្រុម​នោះ​​នៅ​ក្នុង​ឯកសារ​របស់​ពួកគេ ។

  • ហេតុអ្វី​ការ​ការពារ​ខ្លួន​យើង​ដោយ​ពាក់ គ្រប់ ទាំង​គ្រឿង​សឹក​របស់​ព្រះ​គឺជា​រឿង​ដ៏សំខាន់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​មក​ពី អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​ឲ្យ​សិស្ស​ស្ដាប់​ពី​របៀប​ដែល​យើង​ពាក់​គ្រឿងសឹក និង​ពង្រឹង​ដល់​គ្រឿងសឹក​របស់​ព្រះ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​អាវក្រោះ​ខាង​វិញ្ញាណ​នេះ ដែល​​ពុំ​ប្រៀបដូចជា​បំណែក​នៃ​​លោហៈ​ធាតុដែល​សូន្យ​ឡើង​មួយដុំ ដើម្បី​ពាក់​ឲ្យ​ត្រូវ​រូប​កាយ​​នោះ​ទេ ប៉ុន្តែ​វា​ដូចជា​ច្រវ៉ាក់​ប្រទាក់​គ្នា​ទៅ​វិញ ។ ច្រវ៉ាក់​ប្រទាក់គ្នា​មានជាបំណែក​តូចៗជាច្រើនផែន​ត​ភ្ជាប់​នឹង​​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​បត់បែន​បាន​កាន់តែ​ងាយ​ស្រួល​ដោយ​មិន​​បាត់​បង់នូវ​ការ​ការពារ​ ។ ខ្ញុំនិយាយ​ដូច្នោះ ដោយ​សារ​វា​ជា​បទពិសោធន៍​របស់ខ្ញុំ ថាគ្មាន​អ្វី​តែ​មួយ​​ដ៏ធំ ហើយ​អស្ចារ្យ​ដែល​​យើង​អាច​ធ្វើ​ ដើម្បី​ការពារ​ខ្លួន​យើង​ខាង​វិញ្ញាណ​​បាន​នោះ​ឡើយ ។ អំណាច​ខាងវិញ្ញាណពិត ពឹង​លើ​ទង្វើ​តូចៗ​ជា​ច្រើន​វេញ​បញ្ចូល​គ្នា​​នៅក្នុងសាច់​ក្រណាត់​​នៃ​ការការពារ​ខាង​​វិញ្ញាណ ដែល​ការពារ និង​ជា​ខែលទាស់នឹង​​​រាល់​សេចក្ដីអាក្រក់ » ​(« Be Strong in the Lord »​Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

  • តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ពាក់ ហើយ​ពង្រឹង​គ្រឿង​សឹក​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ? តើ​ការណ៍​នេះ​បាន​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​អំពើ​អាក្រក់ ការ​ល្បួង ឬ​ការ​បោក​បញ្ឆោត​ដោយ​របៀប​ណា ?

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ ៖

តើ​បំណែក​គ្រឿង​សឹក​ខាង​វិញ្ញាណ​របស់​អ្នក​មួយ​ណា ​ដែល​អ្នក​គិត​ថា​មាន​ភាព​រឹង​មាំ ?

តើ​បំណែក​​គ្រឿង​សឹក​របស់​អ្នក​មួយ​ណា​ដែល​ខ្សោយ​​បំផុត ?

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​ពង្រឹង​ផ្នែក​នីមួយៗ​នៃ​គ្រឿង​សឹក​​ខាង​វិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​សង្ខេប អេភេសូរ ៦:១៩–២៤​ ដោយ​ពន្យល់​ថា ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក ​ដោយ​សុំ​ឲ្យ​ពួក​បរិសុទ្ធ​​អធិស្ឋាន​ ដើម្បី​ឲ្យ​លោក​ត្រូវ​បាន​ប្រទាន​​ឲ្យ​នូវ ​« ពាក្យ​សម្ដី » ( ខ​ទី ១៩ ) ហើយ​អាច​ប្រកាស​​ដំណឹងល្អ​ដោយ​ភាព​ក្លាហាន ​កាល​កំពុង​ជាប់​ឃុំ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត​ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង អេភេសូរ ៥–៦ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការ​បំផុស​គំនិត​ ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​មេរៀន​​នៅ​ថ្ងៃ​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

អេភេសូរ ៥:២៥–២៨, ៦:៤ ។ « ដូច​ជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ចង្អុល​បង្ហាញ​​ទៅ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ កាល​លោក​​បាន​ទូន្មាន​ស្វាមី​​អំពី​របៀប​ដឹកនាំ​ក្រុម​គ្រួសារ​របស់​ពួកគេ ៖

« យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​​ដោយ​ភាព​យង់ឃ្នង ឬ​ព្រះហស្ដ​គ្មាន​មេត្តា​នោះ​​ឡើយ ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ប្រព្រឹត្ត​ចំពោះ​សាសនាចក្រ​របស់​ទ្រង់ ដោយ​មិន​គោរព ឬ​មិន​អើពើ​​នោះឡើយ ។ យើង​ពុំ​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ប្រើ​កម្លាំង ឬ​ការបង្ខិត​បង្ខំ ដើម្បី​សម្រេច​​នូវ​ព្រះរាជ​បំណង​របស់​ទ្រង់​ឡើយ ។ យើង​រក​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើអ្វី​​ៗ​គ្រប់​យ៉ាង​​ដែល​ស្អាង លើក​កម្ពស់ លួងលោម ហើយ​លើក​តម្កើង​ដល់​សាសនាចក្រ » ( « To the Fathers in Israel » Ensign ខែ វិច្ឆិកា ឆ្នាំ​ ១៩៨៧ ទំព័រ​ ៥០ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​អំពី​ឥទ្ធិពល​ដែល​ស្វាមី​ម្នាក់​អាច​មាន នៅ​ពេល​គាត់​ស្រឡាញ់​គ្រួសារ​គាត់ ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​សាសនាចក្រ ។

« ព្រះគ្រីស្ទ​ស្រឡាញ់​សាសនាចក្រ និង​ប្រជាជន​របស់​សាសនាចក្រ​យ៉ាងខ្លាំងអនេក​ រហូតដល់​ទ្រង់​បាន​ស្ម័គ្រ​ព្រះទ័យ​ស៊ូទ្រាំ​នឹង​ការបៀត​បៀន​ជួស​ពួកគេ បាន​រង​នឹង​ការប្រមាថ​​បន្ទាប​បន្ថោកជួស​​ពួកគេ បានអត់ទ្រាំ​នឹង​ការឈឺចាប់ និង​ការបំពាន​ខាង​រាងកាយ​ជួស​​ពួកគេ ហើយ​ទីបំផុត​បាន​​ប្រទាន​នូវ​ព្រះជន្ម​ដ៏​មាន​តម្លៃ​ថ្លៃថ្លា​របស់​ទ្រង់​សម្រាប់​ពួកគេ ។

« ពេល​ស្វាមី​ត្រៀម​ខ្លួន​​ជាស្រេច ដើម្បី​ប្រព្រឹត្ត​ចំពោះ​ក្រុមគ្រួសារ​គាត់តាម​​លក្ខណៈ​បែបនោះ មិនមែន​តែ​ចំពោះ​ភរិយា​នោះ​​ទេ តែ​ចំពោះ​​សមាជិក​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ នោះ​គាត់​នឹង​ឆ្លើយ​​តប​​ទៅ​នឹង​ភាពជា​អ្នកដឹកនាំ​របស់​គាត់ »​ ( « Home: The Place to Save Society »​ Ensign ខែ មករា ឆ្នាំ​ ១៩៧៥ ទំព័រ ៥ ) ។

អេភេសូរ ៦:១ ។ « ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ »

« ប៉ុល​បាន​ពោល​ថា ‹ ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន ក្នុង​ព្រះអម្ចាស់ ៖ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ › ( អេភេសូរ ៦:១​ការ​គូស​បញ្ជាក់​បាន​បន្ថែម ) រួច​បន្ទាប់​មក​ទៀត​បាន​បន្ថែម​ភ្លាមៗ​ថា ‹ ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​​បិតា​ខ្លួន › ( ខ​ទី ២ ) ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​មិន​បាន​បន្ថែម​សេចក្ដី​​ថ្លែង​ការណ៍​កែតម្រូវ​នោះ​ទេ ដោយ​គ្រាន់​​តែ​រៀបរាប់​ថា​វា​ជា ‹ ​បញ្ញត្តិមុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា › ( អេភេសូរ ៦:២ ) ។ ការ​​ស្ដាប់​បង្គាប់​មាតាបិតា​នៅ​ក្នុង​ព្រះអម្ចាស់​មានន័យ​ថា​ ស្ដាប់​បង្គាប់​ពួកគាត់​​នៅ​ក្នុង​សេចក្ដី​សុចរិត ( សូម​មើល McConkie, Doctrinal New Testament Commentary ២:៥២១ ) ។ នៅ​ពេល​កូន​ម្នាក់​រស់​នៅ​ដោយ​សុចរិត នោះ​គេនាំ​មក​នូវ​កិត្តិយស​ដល់​ឪពុកម្ដាយ មិន​ថា​ឪពុក​ម្ដាយ​គេ​ជា​មនុស្ស​សុចរិត ឬ​ជា​មនុស្ស​ទុច្ចរិត​នោះ​ទេ ។ អ្វីៗ​ដែលផ្ទុយពីនោះគឺជាការពិតផងដែរ ។ នៅ​ពេល​កូនម្នាក់​រស់​នៅ​ដោយ​ទុច្ចរិត គាត់​នាំសេចក្តីអាម៉ាស់​មក​​ដល់​ឪពុកម្ដាយ​ មិន​ថា​ឪពុកម្ដាយ​គាត់​ជា​មនុស្ស​​សុចរិត ឬ​អត់​នោះ​ទេ ។ ដូច្នេះ ការ​គោរព​ដល់​ឪពុកម្ដាយ​ពុំ​តែង​តែ​​មាន​ន័យ​ត្រូវ​ស្ដាប់​បង្គាប់​ពួកគាត់​ជានិច្ច​នោះ​ទេ ។ នៅ​ក្នុង​ករណី​ស្រដៀង​គ្នាមួយចំនួន​នឹង​ករណី​ទាំងនោះ​ដែរ​ ​ពេលខ្លះឪពុក​ម្ដាយហាក់ដូចជាអនុញ្ញាត ឬ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ឥរិយាបថ​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​កូនៗ​របស់​ពួកគេ កូនៗ​​នោះ​នាំ​មក​នូវ​ការ​អាប់​ឱន​កិត្តិយស​ដល់​ឪពុក​ម្ដាយ ប្រសិន​បើ​គាត់​ស្ដាប់​បង្គាប់ឪពុក​ម្ដាយ​ប្រភេទនោះ » (Old Testament Student Manual: Genesis–2 Samuel [ Church Educational System manual ឆ្នាំ ​២០០៣ ] ទំព័រ ១៣១ ) ។

អេភេសូរ ៦:១១ ។ « ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ »

ប្រធាន ហារ៉ូល ប៊ី លី បាន​ពន្យល់​ពី​សារៈ​សំខាន់​​នៃ​ការ​ពាក់គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ៖

« យើង​មាន​ផ្នែកបួន​នៃ​រាងកាយ ដែល​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា [ គឺជា ] ផ្នែក​ដ៏ទន់ខ្សោយ​បំផុត​ចំពោះ​អំណាច​នៃ​សេចក្ដី​​​ងងឹត ។ ចង្កេះ​ជា​តួយ៉ាង​នៃ​គុណធម៌ ព្រហ្មចារីយ​ភាព ។ បេះដូង​ជា​តួយ៉ាង​នៃ​ទង្វើ​របស់​យើង ។ ជើង​របស់​យើង​ជា​គោលដៅ ឬ​គោល​បំណង​នៅ​​ក្នុង​ជីវិត​របស់​យើង ហើយ​ចុង​ក្រោយ​ ​ក្បាល​របស់​យើង គឺ​ជាគំនិត​របស់​យើង » ( Feet Shod with the Preparation of the Gospel of Peace, Brigham Young University Speeches of the Year [ ថ្ងៃ​ទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៤ ] ទំព័រ ២ ) ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​អ្វី​ដែល​ត្រូវ​​ធ្វើ​ដំបូង​គេ​បង្អស់ ពីមុន​យើង​អាច​ពាក់​គ្រឿង​សឹក​របស់​ព្រះ​បាន ៖

« ការ​សម្រាត​ចោល ភាព​ជា​មនុស្ស​ខាង​សាច់​ឈាម​អាច​ធ្វើយើង​អាច​ ​ពាក់ គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ​ ដែលកាលពីមុន​​វា​ពាក់​ពុំត្រូវ ! ( សូម​មើល អេភេ. ៦:១១, ១៣ ) » ( « Plow in Hope » Ensign ខែ ឧសភា ឆ្នាំ​ ២០០១ ទំព័រ ៦០ ) ។

ប្រធាន អិន អេលឌិន ថែនណឺ ក្នុង​គណៈ​ប្រធាន​​ទីមួយ​បាន​បង្រៀន​​ពី​អ្វី​ដែល​​​យើង​អាច​ធ្វើ ​ដើម្បី​ពាក់​គ្រប់​ទាំង​គ្រឿង​​សឹក​របស់​ព្រះ ៖

« ត្រួតពិនិត្យ​គ្រឿង​សឹក​របស់​អ្នក ។ តើ​មាន​កន្លែង​ណាមួយ​ ដែល​ខ្វះ​ការការពារ​ដែរ​ឬទេ ? សូម​តាំង​ចិត្ត​នៅ​ពេល​នេះ ​ដើម្បី​បន្ថែម​ផ្នែក​ដែល​ខ្វះ​ខាត​ទាំងឡាយ​នោះ ។ …

« តាមរយៈ​គោលការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​ប្រែ​ចិត្ត​នេះ​ អ្នក​អាច​កែប្រែ​ជីវិត​របស់​អ្នក ហើយ​ចាប់ផ្ដើម​បំពាក់​ខ្លួន​អ្នក​​នូវ​​​គ្រឿង​សឹក​របស់​ព្រះ​ក្នុង​ពេល​នេះ ​តាមរយៈ​ការ​សិក្សា ការអធិស្ឋាន និង​ការ​តាំង​ចិត្ត​​ដើម្បី​បម្រើ​ព្រះ ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ » ( « Put on the Whole Armor of God » Ensign ខែ ឧសភា ឆ្នាំ ​១៩៧៩ ទំព័រ ៤៦ ) ។