បណ្ណាល័យ
សេចក្ដីផ្ដើមស្ដីពី​​​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​កាឡាទី


សេចក្ដីផ្ដើមស្ដីពី​​​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​កាឡាទី

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​របស់​ប៉ុល​ដល់​ពួក​កាឡាទី គឺជា​ការ​សរសេរ​ទៅ​ពួក​គ្រីស្ទាន​ជា​សាសន៍​យូដា​​ដែល​វង្វេង​ចេញ​ពី​ព្រះអម្ចាស់ ព្រោះតែ​ពឹង​ផ្អែក​ជា​ថ្មី​​ទៅលើ​កិច្ចការ​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ សាវក​ប៉ុល​បាន​ខិតខំ​កែតម្រូវ​បញ្ហា​នេះ​ដោយ​គូស​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង ​« នឹម » ​ដ៏​ធ្ងន់​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​​ដែល​បាន​ដឹកនាំ​ទៅ​រក​ទាសភាព​ខាង​វិញ្ញាណ និង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​​ដែល​ដឹកនាំ​ទៅ​រក​សេរីភាព​ខាង​វិញ្ញាណ ។ ការ​សិក្សា​សំបុត្រ​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អំណរ​គុណ​កាន់​តែ​ខ្លាំង​ឡើង​ពី​សេរីភាព ដែល​មាន​តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​បាន​សរសេរ​ទៅ​ពួក​កាឡាទី ( សូមមើល កាឡាទី ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

ប៉ុល​ទំនង​ជា​សរសេរ​សំបុត្រ​របស់​លោក​ទៅ​ពួក​កាឡាទី កាល​លោក​​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​​ម៉ាសេដូន​នៅ​ក្នុង​ដំណើរ​ផ្សាយ​សាសនា​លើក​ទីបី​របស់​លោក​ប្រមាណ​ជា គ.ស. ៥៥–៥៧ ​( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ទៅកាន់​នរណា ហើយ​តើ​ហេតុអ្វី ?

« មាន​ភាព​មិន​ច្បាស់​លាស់​មួយ​ចំនួន​ចំពោះ​ព្រះវិហារ​ទាំងឡាយ​ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សំបុត្រ​នេះ ។ ព្រះវិហារ​ទាំងនោះ​អាច​នៅ​ភាគ​ខាង​ជើង​កាឡាទី ជា​ស្រុក​ក្នុង​ទីក្រុង​អាន់ស៊ីរ៉ា ឬ​អាច​នៅ​ក្នុង​ស្រុក​តាម​ព្រំ​ប្រទល់​រវាង​ស្រុក​ព្រីគា និង​កាឡាទី ​ដែល​ប៉ុល​បាន​ទៅ​នៅ​ក្នុងពេល​ការ​ដំណើរផ្សព្វ​ផ្សាយ​សាសនា​លើក​ទី​មួយ​របស់​លោក ។ នៅ​ក្នុង​ករណី​ទាំងពីរ​​នេះ​ បង្ហាញថា​ប៉ុល​បាន​ទៅ​ព្រះវិហារ​នៅ​កាឡាទី​នៅ​ក្នុងការ​ដំណើរជា​​លើក​ទីពីរ ( កិច្ចការ ១៦:៦ ) និងជា​លើក​ទីបី ( ​កិច្ចការ ១៨:២៣ ) របស់​លោក » ( Bible Dictionary​« Pauline Epistles: Epistle to the Galatians » ) ។

ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​បរិសុទ្ធ​នៅ​កាឡាទី​ដោយសារ​លោក​បាន​បារម្ភ​យ៉ាង​ខ្លាំង​ថា ពួកគេ​នឹង​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ ដោយ​ការ​ធ្វើ​តាម​ការ​បង្រៀន​របស់​​ជន​មួ​យ​ចំនួន​ដែល​ចង់ « បង្ខូច​ដំណឹងល្អ​ព្រះគ្រីស្ទ » ( សូម​មើល កាឡាទី ១:៦–៧​ ) ។ ពួក​គ្រីស្ទាន​ជា​សាសន៍​យូដា កំពុង​បង្រៀន​ពួក​គ្រីស្ទាន​ជា​សាសន៍​ដទៃ​ពី​គោលលទ្ធិ​ខុស​ឆ្គង​ថា ពួកគេ​ត្រូវ​តែ​កាត់​ស្បែក ហើយ​គោរព​តាម​តម្រូវការ​តាម​ក្បួន​រី៍តនៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ដើម្បី​ឲ្យបាន​សេចក្ដី​សង្គ្រោះ ( សូមមើល កាឡាទី ៦:១២, សូម​មើល​ផង​ដែរ កិច្ចការ ១៥:១ ) ។ ពួក​បរិសុទ្ធ​មួយ​ចំនួន​នៅ​កាឡាទី​បាន​ឱប​ក្រសោប​​យក​ការ​បង្រៀន​របស់​ជន​ទាំងនេះ ( សូម​មើល កាឡាទី ៤:១០ ) ។

គោលបំណង​ចម្បង​របស់​ប៉ុល​នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​នេះ​រួមមាន ៖

  1. ការការពារ​ខ្លួន​លោក​ទាស់​នឹង​ការ​ចោទ​ប្រកាន់​​របស់​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ ​ដែល​បាន​បដិសេធ​លោក ។

  2. ការ​បង្រៀន​ថា​មនុស្ស​ទាំងអស់ មិន​ថា​ជា​សាសន៍​​យូដា ឬ​សាសន៍​ដទៃ​ទេ ត្រូវ​បាន​សង្គ្រោះ​​​តាមរយៈដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ដោយ​ការ​ដាក់​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ​យេស៊ូវ​​គ្រីស្ទ​ជំនួស​ឲ្យ​ការ​ពឹង​ផ្អែក​លើ​កិច្ចការ​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។

  3. ការ​បញ្ជាក់​ពី​តួនាទី​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​នៅ​ក្នុង​ផែនការ​របស់​ព្រះ ។

  4. ភាពខុស​គ្នា​រវាង​សេចក្ដីសញ្ញា​ចាស់​ ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ម៉ូសេ និង​សេចក្ដី​សញ្ញា​ថ្មី​នៅ​ក្នុង​ព្រះគ្រីស្ទ ។

  5. ការ​អំពាវនាវ​ឲ្យ​ពួក​បរិសុទ្ធ​រស់​នៅ​ដោយ​មាន​ព្រះវិញ្ញាណ ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

គម្ពីរ​កាឡាទី​គឺ​ជា​សំបុត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប៉ុល ដែល​ក្នុង​សំបុត្រ​នេះ​​លោក​បាន​ធ្វើការស្ដី​បន្ទោស​ត្រង់ៗ​មួយ​ទៅ​សមាជិក​សាសនាចក្រ ​ដែល​កំពុង​តែ​វង្វេង ហើយ​ក៏​បន្ទោស​ដល់​​ពួក​គ្រូ​បង្រៀន​ដែល​កំពុង​តែ​ដឹកនាំ​ពួកគេ​ឲ្យ​វង្វេងផងដែរ ។ កាឡាទី​មាន​នូវ​ការ​សរសេរ​ដំបូង​គេ​បង្អស់​ប៉ុល​ ស្ដីពី​គោលលទ្ធិ​នៃ​ការ​បាន​រាប់​ជា​សុចរិត​—​យើង​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​សារ​កិច្ចការ​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​នោះ​ទេ ប៉ុន្តែ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។ សំបុត្រ​នេះ​មាន​ភាព​ផ្ទុយ​គ្នា​រវាង « កិច្ចការ​ខាង​សាច់​ឈាម » និង « ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ » ( កាឡាទី ៥:១៦–២៥ ) ។

គម្រោង

កាឡាទី ១–២ ប៉ុល​សរសេរ​ដល់​ពួក​បរិសុទ្ធ​នៅ​កាឡាទី ដោយសារ​ពួកគេ​បាន​វង្វេង​ចេញ​ពី​ព្រះអម្ចាស់ ហើយ​ឱប​ក្រសោប​យក​ការ​បង្រៀន​​ខុស​ឆ្គង​ទាំងឡាយ ។ លោក​ការ​ពារ​ការ​ហៅ​របស់​លោក​ក្នុង​នាម​ជា​សាវក​ ដោយ​រ៉ាយរ៉ាប់​អំពី​ការ​ទាស់​ប្រឆាំង​របស់​លោក​នឹង​សាសនាចក្រ និង​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក ។ លោក​គូស​បញ្ជាក់​ថា លោក​បាន​ទទួល​វិវរណៈ​ផ្ទាល់​មក​ពី​ព្រះ ហើយ​បញ្ជាក់​ថា ការងារ​បម្រើ​របស់​លោក​ដល់​ពួក​សាសន៍​ដទៃ​ត្រូវ​បាន​អនុម័ត​​ដោយ​ពួក​សាវក ។ លោក​ថ្លែង​ថា មាន​ពេល​មួយ​ លោក​បាន​ជំទាស់នឹង​ពេត្រុស​ទាក់​ទង​នឹង​ពួក​បរិសុទ្ធដែល​ជាសាសន៍​ដទៃ ។ លោក​បង្រៀន​ថា មនុស្ស​មិន​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​សារ​កិច្ចការ​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​នោះ​ទេ ប៉ុន្តែ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​វិញ ។

កាឡាទី ៣–៤ ប៉ុល​ការពារ​សារលិខិត​នៃ​ដំណឹងល្អ ។ លោក​បង្រៀន​ថា អ័ប្រាហាំ​គឺជា​គំរូ​មួយ​នៃ​បុគ្គល​ម្នាក់​ ដែល​បាន​រាប់​ជា​សុចរិត​ដោយសារ​សេចក្ដី​ជំនឿ ហើយ​ពុំ​មែន​ដោយ​សារ​កិច្ចការ​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​នោះ​ទេ ។ តាមរយៈ​ដង្វាយធួន នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រោសលោះ​មនុស្ស​លោក​ចេញ​ពី​បណ្ដាសា​នៃក្រឹត្យវិន័យ​នេះ ។ គោលបំណង​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​គឺ​ដើម្បី​ធ្វើ « ជា​អ្នក​ដឹកនាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ​គ្រីស្ទ » ។ តាមរយៈ​សេចក្ដី​ជំនឿ និង​ពិធី​បុណ្យ​ជ្រមុជ​ទឹក នោះ​ពួក​បរិសុទ្ធ​ទទួល​ពរជ័យ​នៃ​ដង្វាយ​ធួន ចូល​ក្នុង​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ ក្លាយ​ជា​អ្នក​គ្រង​មរតក​នៃ​ព្រះ​តាមរយៈ​ព្រះគ្រីស្ទ ហើយ​ពុំមែនជា​ពួក​បាវបម្រើ​ទៀត​ឡើយ ប៉ុន្តែ​ធ្វើ​ជា​កូនចៅ​នៃ​ព្រះ​វិញ ។

កាឡាទី ៥–៦ ប៉ុល​អំពាវ​នាវ​ឲ្យ​ពួក​បរិសុទ្ធ​បន្ត​រឹង​មាំ​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ឲ្យ ។ ប៉ុល​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ជីវិត​មនុស្ស​ម្នាក់​​ដែល​បានចូលប្រឡូក​នៅ​ក្នុង « កិច្ចការ​ខាង​សាច់​ឈាម » និង​មនុស្ស​ម្នាក់​ដែល​រីក​រាយ​នឹង « ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ » ។ លោក​បង្រៀន​ថា ពួក​បរិសុទ្ធ​គួរ​តែ​ជួយសម្រាល​បន្ទុក​គ្នា​ទៅវិញ​ទៅ​មក ហើយ​មិន​គួរ​នឿយហត់​​នៅ​ក្នុង​ការ​ធ្វើ​ល្អ​ឡើយ ។ យើងនឹង​​ច្រូតកាត់​នូវ​អ្វី​ដែល​យើង​បាន​សាប​ព្រោះ ។