បណ្ណាល័យ
សេចក្ដីផ្ដើម​នៃ​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​ហេព្រើរ


សេចក្ដីផ្ដើម​នៃ​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​ហេព្រើរ

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

គម្ពីរ​ហេព្រើរ​ថ្លែង​ទីបន្ទាល់​ពី​ភាព​ឧត្តុង​ឧត្តម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ធំ​ជាង​ពួក​ទេវតា​ទាំងឡាយ ហើយ​មាន​ព្រះនាម​ល្អ​ឥត​ខ្ចោះ និង​ការ​ហៅ​មួយ​ដ៏​ខ្ពស់ ។ ពួក​ទេវតា​គឺជា​ពួក​អ្នក​បម្រើ​របស់​ព្រះ ប៉ុន្តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ គម្ពីរ​នេះ​ក៏​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ធំ​ជាង​​ម៉ូសេ ហើយ​ថា​ការ​ងារ​បម្រើ​របស់​ទ្រង់​បាន​នាំ​មក​នូវ​សេចក្ដី​សញ្ញា​​ថ្មី​ដ៏ខ្ពស់មួយ ​ជំនួស​ឲ្យ​​សេចក្ដី​សញ្ញា​ចាស់​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​អស្ចារ្យ​នៃ​បព្វជិតភាព​​មិល​គីស្សាដែក បព្វជិតភាព​របស់​​ទ្រង់​ធំ​ជាង​សង្ឃ​ជាន់​ខ្ពស់​នៅ​ក្រោម​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ ។

កាល​បទគម្ពីរ​ពោរ​ពេញ​ដោយ​សេចក្ដី​យោង​អំពី​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ទ្រង់ និង​ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌​របស់​ទ្រង់ នោះ​គម្ពីរ​ហេព្រើរ​គូសបញ្ជាក់​កិច្ចការ​ជា​បន្ត​បន្ទាប់​របស់​ព្រះ​ប្រោសលោះ​ នៅ​ក្នុង​ជីវិត​នៃ​ជនគ្រប់រូប​ដែល​ងាក​មក​រក​ទ្រង់​ដោយ​ការ​គោរព​ប្រតិបត្តិ និង​ដោយ​សេចក្ដី​ជំនឿ ។ ការ​សិក្សា​គម្ពីរ​ហេព្រើ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ប្រសើរអំ​ពី​គោលលទ្ធិ​នៃ​ដង្វាយធួន ហើយ​បំផុស​គំនិត​ពួកគេ​ឲ្យ​រស់​នៅ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ភាគ​ច្រើនចាត់ទុក​ប៉ុល​ថា​ ជា​អ្នក​និពន្ធ​គម្ពីរ​ហេព្រើរ ( សូមមើល​សេចក្ដីណែនាំ​​ដល់​បទគម្ពីរ​ទាំងឡាយ « សំ​បុត្រ​របស់​ប៉ុល » ) ។ ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន​មាន​សំណួរ​ថា តើ​ប៉ុលពិត​ជា​​បាន​សរសេរ​សំបុត្រ​នេះ​ដែរ​ឬ​ទេ ដោយសារ​របៀប និង​ពាក្យ​ពេចន៍​របស់​វា​ខុស​ពី​សំបុត្រ​ផ្សេង​ទៀត​របស់​ប៉ុល ។ ជា​ទូទៅ វា​ត្រូវបាន​គេ​យល់​ស្រប​ថា ទោះ​បី​ជា​ការ​សរសេរ​មិន​ដូច​នឹង​ការ​សរសេរ​របស់​ប៉ុល​ក្ដី ប៉ុន្តែ​គោល​លទ្ធិ​នៅ​ក្នុង​គម្ពីរ​ហេព្រើរ​ត្រូវ​គ្នា​នឹង​គោលលទ្ធិ​ដែល​មាន​នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ផ្សេង​ទៀត ។ ព្យាការី​ យ៉ូសែប ស្ម៊ីធ បាន​អះអាង​ថា​ពាក្យ​ពេចន៍​នៅ​ក្នុង​គម្ពីរ​ហេព្រើរ​គឺជា​ពាក្យ​សម្ដី​របស់​​សាវក​ប៉ុល ( សូ​មមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ​២០០៧ ] ទំព័រ ១០៥ ) ។ សម្រាប់​គោលបំណង​នៃ​សៀវភៅ​សិក្សា​នេះ នោះ​យើង​ទទួល​ស្គាល់​ប៉ុល​ជា​អ្នក​សរសេរ ។

តើ​នៅពេលណា និងនៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

យើង​ពុំ​បាន​ដឹង​ថា សំបុត្រ​ដែល​ប៉ុល​សរសេរ​ដល់​ពួក​ហេព្រើរ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ទីណា​នោះ​ទេ ។ ហើយ​យើង​ក៏​ពុំ​ដឹង​ពី​ពេលវេលា​ជាក់​លាក់​ដែល​វា​ត្រូវបាន​សរសេរ​ឡើង​ដែរ ។ ប៉ុន្តែ​ភាគ​ច្រើន​ត្រូវ​បាន​សន្មត់​ថា វា​ត្រូវ​បាន​សរសេរ​ឡើង​ប្រមាណ​ជា គ.ស.​ ៦០–៦២ ក្បែរ​នឹង​ពេល​តែ​មួយ​ ដែល​ប៉ុលបាន​​សរសេរ​សំបុត្រ​ទៅ​ពួក​ភីលីព ពួក​កូល៉ុស ពួក​អេភេសូរ និង ភីលេម៉ូន ( សូម​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើ​គម្ពី​រនេះ​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​នរណា ហើយ​តើ​ហេតុអ្វី​ដែរ ?

ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ពួក​ហេព្រើរ​ ដើម្បី​លើក​ទឹក​ចិត្ត​សមាជិក​សាសនាចក្រ ​ដែល​ជា​សាសន៍​យូដា​ឲ្យ​រក្សា​សេចក្ដី​ជំនឿ​របស់​ពួកគេ​​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កុំ​ត្រឡប់​ទៅ​រក​ផ្លូវ​ពី​មុន​របស់​ពួកគេ​ឡើយ ( សូម​មើល ហេព្រើរ​ ១០:៣២–៣៨ ) ។

នៅ​ក្រោម​សម្ពាធ​នៃ​ការ​រងទុក្ខ​ខុសៗ​គ្នា ពួក​គ្រីស្ទាន​ដែល​ជា​សាសន៍​យូដា​ទាំង​នេះភាគ​ច្រើន​បាន​ដក​ខ្លួន​ចេញ​ពី​សាសនាចក្រ ហើយ​ត្រឡប់​ទៅ​រក​ការ​ថ្វាយ​បង្គំ​របស់​សាសន៍​​យូដា​ដ៏​មាន​សុវត្ថិភាព​​នៅ​ឯ​សាលា​ប្រជុំ​វិញ ( សូម​មើល ហេព្រើរ ១០:២៥, ៣៨–៣៩ ) ។ ប៉ុល​មាន​បំណង​ប្រាថ្នា​ដើម្បី​បង្ហាញ​ពួក​គ្រីស្ទាន​ដែលជា​​សាសន៍​យូដា​ទាំងនេះ​ថា ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​បាន​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​ថា​ជា​ប្រភព​ពិត​នៃ​សេចក្ដី​សង្គ្រោះ ។

តើ​គម្ពីរនេះ​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ ?

ហេព្រើរ​គឺជា​ការ​បង្រៀន​បន្ថែម​មួយ​ដែល​យោង​ទៅ​បទគម្ពីរ និង​ទម្លាប់​​អនុវត្ត​របស់​អ៊ីស្រាអែល​ម្ដង​ហើយ​ម្ដង​ទៀត ពុំ​មែន​គ្រាន់តែជា​សំបុត្រដ៏តឹងរឹងមួយតែប៉ុណ្ណោះ​នោះ​ទេ ។ វា​គឺជា​ការ​បង្រៀន​ដ៏​វែង​ជាង​គេ​បំផុត​នៅ ក្នុង​​ព្រះគម្ពីរ​អំពី​ហេតុផល និង​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ធំ​ជាង​របស់​សព្វ​សារពើ​ទាំងអស់ ។

ហេព្រើរ​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​ធំ​ជា​ង​ក្រឹត្យវិន័យ​នោះ ដោយសារ​ទ្រង់​បាន​ប្រទាន​នូវ​​ក្រឹត្យវិន័យ​នោះ ។ ហេព្រើរ​ក៏​បង្រៀន​ផង​ដែរ​ថា ពួក​ព្យការី​បាន​ទទួល​អំណាច​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ថា​ទ្រង់​គឺជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​អស្ចារ្យ​ ដែល​ថា​នៅក្នុង​ទ្រង់ ​ការបូជា​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​ត្រូវ​បាន​បំពេញ ថា​ទ្រង់​ធំ​ជាង​ពួក​ទេវតា ហើយ​ថា​តាមរយៈ​ពលិកម្ម​ធួន​របស់​ទ្រង់​​ទើប​យើង​អាច​នឹង​បាន​ទទួល​ការ​ផ្ដាច់​បាប ។

គម្ពីរ​ហេព្រើរ​គឺជា​គម្ពីរ​មួយ​​ក្នុង​ចំណោម​គម្ពីរ​មួយ​ចំនួន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​យើង​អាច​អាន​អំពី​​ព្យាការី​មិលគីស្សាដែក ( សូម​មើល ហេព្រើរ ៧:១–៤) និង​បព្វជិតភាព​ដែល​បាន​ដាក់​ឈ្មោះ​តាម​លោក ( សូម​មើល ហេព្រើរ ៥:៥–៦, ១០​,​​ ​៦:២០, ៧:១១–១៧ ) ។ ហេព្រើរ​បង្រៀន​ថា បព្វជិតភាព​មិល​គីស្សា​ដែក​​ធំ​ជាង​បព្វជិតភាព​អើរ៉ុន ហើយ​វា​បង្ហាញ​ថា សេចក្ដី​សង្គ្រោះ​ពុំ​មាន​នៅ​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ឬ​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ពួ​ក​សង្ឃ​លេវី​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ និង​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​​មិល​គីស្សាដែក​ទៅវិញ ( សូម​មើល ហេព្រើរ ៧:៥–២៨ ) ។ ហេព្រើរ ១១:១–១២:៤ ផ្ដល់​ការ​បង្រៀន​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​សេចក្ដី​ជំនឿ ហើយ​បង្រៀន​អំពី​របៀប​ដែល​បុគ្គល​ទាំងឡាយ​​អាច​ទុក​ចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ( សូម​មើល Bible Dictionary « Pauline Epistles: Epistle to the Hebrews » ) ។

គម្រោង

ហេព្រើរ ១–៦ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ភិនភាគ​ដូចជា​ព្រះវរបិតា ។ ទ្រង់​ធំ​ជាង​ពួក​ទេវតា និង​ពួក​ព្យាការី​ទាំង​អស់​ដែល​មក​ពី​មុន​ទ្រង់ រួម​ទាំង​ម៉ូសេ​ផង​ដែរ ។ ពួក​អ៊ីស្រាអែល​កាល​ពី​បុរាណ​ដែល​ត្រូវ​បាន​នាំ​ចេញ​​ពី​ស្រុក​អេស៊ីព្ទ​ពុំ​បាន​ចូល​ទៅ​ក្នុង​ទី​សម្រាក​​របស់​ព្រះ​អម្ចាស់​ឡើយ ដោយសារ​ពួក​គេ​មាន​ចិត្ត​រឹង​រូស​ទាស់​នឹង​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ម៉ូសេ ។ ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​អស្ចារ្យ ព្រះយេស៊ូវ​គឺធំ​ជាង​រាល់​ពួក​សង្ឃ​ជាន់​ខ្ពស់​​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទាំងអស់ ។ តាមរយៈ​ការ​រងទុក្ខ​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ ។ យើង​អាច​ចូល​ទៅ​ទីសម្រាក​របស់​ព្រះអម្ចាស់ ហើយ​ « ជឿន​ទៅ​មុខ​ដរាបដល់​ពេញ​ខ្នាត »​តាមរយៈ​គោលលទ្ធិ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ ( ហេព្រើរ ៦:១ ) ។

ហេព្រើរ ៧–១៣ បព្វជិតភាព​​មិល​គីស្សាដែក​ចាត់​ចែង​ដំណឹង​ល្អ ហើយ​ធំ​ជាង​បព្វជិតភាព​អើរ៉ុន ។ រោង​ឧបោសថ និង​ពិធី​បរិសុទ្ធ​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​បង្ហាញ​ទុក​ជា​មុន​ពី​ការ​ងារ​បម្រើ​របស់​ព្រះ​គ្រីស្ទ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​ទទួល​បាន​នូវ​សេចក្ដី​សង្គ្រោះ និង​ការ​ផ្ដាច់​បាប ។ ដោយ​សារ​សេចក្ដី​ជំនឿ ពួក​ព្យាការី និង​បុរស​ស្ត្រី​ផ្សេង​ទៀត​បាន​ធ្វើ​កិច្ចការ​សុចរិត និង​អព្ភូតហេតុ​នានា ។