បណ្ណាល័យ
មេរៀន​ទី ១២៤ ៖ ភីលីព ១-៣


មេរៀនទី ១២៤

ភីលីព ១-៣

សេចក្តី​ផ្ដើម

ប៉ុល​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​នៅ​ភីលីព​ ឲ្យ​សាមគ្គី​គ្នា​នៅ​ក្នុង​​ការ​រស់​​នៅ​​តាម​ដំណឹង​ល្អ ។ លោក​បាន​ទូន្មាន​ពួកគេ​ឲ្យ​ធ្វើ​តាម​គំរូ​នៃ​ការ​បន្ទាប​ខ្លួន និង​ភាព​មិន​អាត្មា​និយម​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​បង្រៀន​ថា ព្រះ​កំពុង​ធ្វើ​​ការ​នៅ​ក្នុង​ពួកគេ​ ដើម្បី​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​​ពួកគេ ។ ប៉ុល​បាន​ពិពណ៌នា​អំពី​ការ​លះបង់​​ដែល​លោក​បាន​ធ្វើ​ ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

ភីលីព ១

ប៉ុល​ពិពណ៌នា​អំពី​ពរជ័យ​ដែល​កើតចេញមក​ពី​ការ​ផ្ទុយ

ពីមុន​ថ្នាក់​ចាប់ផ្ដើម សូម​សរសេរ​នៅ​លើ ក្ដារខៀន នូវ​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​នេះ​​ដោយ​ប្រធាន​ ព្រិកហាំ យ៉ង់ ។ ( សេចក្ដី​ថ្លែង​ការណ៍​នេះ​មាន​នៅ​ក្នុង Discourses of Brigham Young, sel. John A. Widtsoe [ ឆ្នាំ ១៩៥៤ ] ទំព័រ ៣៥១ ) ។ សូម​ជំនួស​ពាក្យ​ដែល​​គូស​បន្ទាត់​​ពី​ក្រោម​ត្រង់​កន្លែង​​​បន្ទាត់​​ទទេ ៖

« រាល់​ពេល​អ្នក​បៀតបៀន ‹ សាសន៍​មរមន › អ្នក​រឹត​តែធ្វើ​ឲ្យ​វា ​​រីក​ចម្រើន អ្នក​នឹង​មិន​ធ្វើ​ឲ្យ​វា ចុះ​អន់​ថយ​​ឡើយ ។ ព្រះអម្ចាស់​ដ៏​មាន​មហិទ្ធិ​ឫទ្ធិ​ដឹក​នាំ​វា » ( ប្រធាន​ ព្រិកហាំ​ យ៉ង់ ) ។

សូម​ចាប់ផ្ដើម​មេរៀន​នេះ​ ដោយ​សួរ ៖

  • តើ​គំរូ​មួយ​ចំនួន​អំពី​មនុស្ស​ដែល​បៀតបៀន ឬ​បដិសេ​ធ​​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ និង​ពួក​អ្នក​ដើរ​តាម​ទ្រង់​មាន​អ្វីខ្លះ មិន​ថា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ឬ​នៅ​ជំនាន់​របស់​យើង​នោះ​ទេ ?

នៅ​ពេល​សិស្ស​សិក្សា ភីលីព ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​សេចក្ដី​ពិត​មួយ ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ការ​ផ្ទុយ​អាច​ជះឥទ្ធិពល​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់​យ៉ាង​ដូច​ម្ដេច ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​ក្រុង​ភីលីព​​នៅ​លើ​ផែនទី​ក្នុង​ព្រះគម្ពីរប៊ីប ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ដែល​មាន​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ សូម​ពន្យល់​ថា ​ប៉ុល​បាន​ស្ថាបនា​សាខា​មួយ​របស់​សាសនាចក្រ​នៅ​ភីលីព​នៅ​ក្នុង​ដំណើរ​ជា​លើក​ទីពីរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា ( សូម​មើល កិច្ចការ ១៦ ) ។ ក្រោយ​មក​លោក​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​ភីលីព​ កាល​លោក​ជាប់​ឃុំ ទំនង​ជា​នៅ​ទីក្រុង​​រ៉ូម ។ សូម​សង្ខេប ភីលីព ១:១–១១ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្ហាញ​​ពី​ការ​ដឹង​គុណ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​​ពួក​បរិសុទ្ធ​នៅ​ភីលីព ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អានភីលីព ១:១២–១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រកមើល​អំពី​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ផ្ទុយ​ ដែល​ប៉ុល​បាន​ជួប​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​លោក ។

  • យោងតាមខ​ទី ១២តើ​អ្វី​បាន​កើត​ឡើង​ចេញ​ពី​ការ​ផ្ទុយ​ដែល​ប៉ុល​បាន​ជួប ? (« [ សេចក្ដី​ចម្រើន ] កាន់​តែ​ខ្លាំង​នៃ​ដំណឹងល្អ » ) ។

  • យោង​តាម ខ​ទី ១៣–១៤​តើ​ការ​ផ្ទុយ​នេះ​បាន​ជួយ​ចម្រើន​ដល់​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? ( មនុស្ស​នៅ​ក្នុង « វាំង » ​ទាំងមូល [ ខទី ១៣ ] ឬ​ទីស្នាក់ការ​កណ្ដាល​របស់​ទ័ព​បាន​ដឹង​ថា ប៉ុល​បាន​ជាប់​ឃុំ​ដោយសារ​ការ​ផ្សាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​ជាប់​ឃុំ​របស់​ប៉ុល​ក៏​បាន​បំផុស​គំនិត​ដល់​សមាជិក​សាសនាចក្រ​ ឲ្យ​មាន​ភាព​ក្លាហាន​នៅ​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​ដែរ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​ ពី​ខគម្ពីរ​ទាំងនេះ​អំពី​លទ្ធផល​ដែល​អាច​កើត​ឡើង ​នៅ​ពេល​យើង​ជួប​ការ​ផ្ទុយ​នៅ​ក្នុងការ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់​អំពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ ការ​ផ្ទុយ​ដែល​យើង​ជួប​នៅ​ក្នុង​ការ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​​អាច​ជួយ​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ) ។

សូម​យោង​ទៅ​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន​ យ៉ង់ ​នៅ​លើ​ក្ដារខៀន ។ ចូរ​សួរ​សិស្ស​ថា​ពួកគេ​ប្រើ​ពាក្យ​អ្វី​ដើម្បី​បំពេញ​ចន្លោះ​ទាំងនោះ ។ សូម​បំពេញ​ចន្លោះទាំងនោះ​ជាមួយ​នឹង​ពាក្យ​ត្រឹមត្រូវ ។ អ្នក​គួរ​ពន្យល់​ថា ពាក្យ រីកចម្រើន នៅ​ក្នុង​បរិបទ​នេះ​មាន​ន័យ​ថា ឆ្ពោះ​ទៅ​មុខ ។

  • តើ​គំរូអំពី​របៀប​ដែល​ការ​ផ្ទុយ​បាន​ជួយ​ពន្លឿន​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះមាន​​អ្វីខ្លះ​ ?

សូម​សង្ខេប ភីលីព ១:១៥–២៦ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​​នឹង​ធ្វើ​ឲ្យ​ចម្រើន​ឡើង​តាមរយៈ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប៉ុល ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ភីលីព ១:២៧-៣០ ឲ្យ​ឮៗ ។ សូម​ពន្យល់​ថា ការបកប្រែ​ដោយ​ យ៉ូសែប​ស្ម៊ីធ ភីលីព ១:២៨ ចែងថា « ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​នឹង​ដំណឹងល្អ​ឡើយ ដំណើរ​​នោះ​ឯង​នឹង​នាំ​សេចក្ដី​បំផ្លិច​បំផ្លាញ​ដល់​ពួកគេ ប៉ុន្តែ​អ្នករាល់គ្នា​ដែល​ទទួល​យក​ដំណឹងល្អ សេចក្ដី​សង្គ្រោះ និង​សម្ដែង​​ពី​សេចក្តី​នោះ​បាន​មក​ពី​ព្រះ​ផង »  ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ។ សូម​ពន្យល់​ថា ពាក្យ ប្រព្រឹត្តខ​ទី ២៧ ) សំ​ដៅ​ទៅ​លើ​ចរិយា​មាយាទ ។

  • តើ​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • យោង​តាម ខ​ទី ២៩–៣០ តើ​សមាជិក​សាសនា​ចក្រ​​នឹង​ជួប​អ្វី​ខ្លះ​ជំនួស​ព្រះអង្គ​សង្គ្រោះ ?

សូម​រំឭក​សិស្ស​អំពី​សេចក្ដីពិត​​ដែល​ពួកគេ​បាន​រកឃើញ​កាល​ពី​មុន ។

  • តើ​អ្នក​គិត​ថា ពួក​បរិសុទ្ធ​នៅ​ភីលីព​នឹង​បាន​ពរជ័យ​យ៉ាង​ណា​ដែរ ដោយសារ​តែ​ការ​ចងចាំ​ថា ការ​ផ្ទុយ​ដែល​ពួកគេ​ជួប​នៅ​ក្នុង​ការ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​​នោះ​អាច​ជួយ​ពន្លឿន​ដល់​កិច្ចការ​របស់​ទ្រង់ ?

ភីលីព ២

ប៉ុល​បង្រៀន​អំពី​ការ​បន្ទាប​ខ្លួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ណែនាំ​ពួក​បរិសុទ្ធ​ទាក់​ទង​នឹង​សេចក្ដីសង្គ្រោះ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​អានភីលីព ២:២ដោយ​ស្ងាត់​ស្ងៀម រក​មើល​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅកាន់​ពួក​បរិសុទ្ធ​នៅ​ភីលីព ។

  • តើ​អ្នក​នឹង​សង្ខេប​ពាក្យ​ទូន្មាន​របស់​ប៉ុល​ដោយ​របៀប​ណា ?

សូម​ចែក​សិស្ស​ជា​គូ ។ សូម​ណែនាំ​ដៃគូ​នីមួយៗ​ឲ្យ​អាន ភីលីព ២:៣–៨ ឮៗ​រួម​គ្នា រក​មើល​ថាប៉ុល​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វីខ្លះ​ ដើម្បី​មាន​សាមគ្គីភាព ។ ចូរ​សុំ​​សិស្ស​ម្នាក់​ពី​ដៃគូ​នីមួយៗ​ឲ្យ​សរសេរ​ពាក្យ​ទូន្មាន​មួយ ​ដែល​ពួកគេ​បាន​រកឃើញដាក់​​នៅ​លើ​ក្ដារខៀន ។

  • យោង​តាម​ការ​បង្រៀន​របស់​ប៉ុល តើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​នៃ​ការ​បន្ទាប​ខ្លួន និង​ភាព​​មិន​អាត្មា​និយម​​យ៉ាង​ដូច​ម្ដេច ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​​ នៅ​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​សាមគ្គីភាព ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​​​គោលការណ៍​ខាង​ក្រោម​​នេះ ៖ ប្រសិន​បើ​យើង​ធ្វើ​តាម​គំរូនៃ​​ការ​បន្ទាប​ខ្លួន និង​ការ​ខ្វល់ខ្វាយ​ដល់​មនុស្ស​ដទៃ​ដោយ​មិន​គិត​អំពី​ខ្លួនឯង​​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​​យើង​អាច​មាន​សាមគ្គីភាព​កាន់​តែ​ខ្លាំង​​​ឡើង ) ។

  • តើ​​​​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​​ការ​បន្ទាប​​ខ្លួន និង​ភាព​មិន​អាត្មានិយម​នៅ​ក្នុង​ក្រុម​គ្រួសារ​​យើង ​នៅ​សាលា ឬ​វួដ ឬ​សាខា​តាម​​វិធី​ណា​ខ្លះ ?

  • តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ ដែល​ខ្វល់ខ្វាយ​អំពី​សេចក្ដី​ត្រូវ​ការរបស់​មនុស្ស​ដទៃជា​​ជាង​សេចក្ដី​ត្រូវការ​របស់​ខ្លួន​នៅ​ពេល​ណា ? តើ​ការ​ខិតខំ​ទាំងនេះ​បង្កើន​សាមគ្គីភាព​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ពន្យល់​ថា ដូច​បាន​កត់ត្រា​នៅក្នុង ភីលីព ២:៩–១១​​ ប៉ុល​បាន​បង្រៀន​ថា នៅ​ទីបំផុត​​មនុស្ស​គ្រប់​គ្នា​នឹង​ឱន​ចុះ ហើយ « ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ » ( ខ​ទី ១១ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា​ពួកគេ​សង្ឃឹមថា​ បទពិសោធន៍​​នេះ​នឹង​មាន​សភាព​បែបណា​ចំពោះ​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ភីលីព ២:១២-១៣ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​ថា តើ​ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​ភីលីព​ធ្វើ​អ្វីខ្លះ​ ដែល​អាច​ជួយ​ឲ្យ​បទពិសោធន៍​របស់​ពួកគេ​​អំពី​ការ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់​មាន​ភាពរីករាយ ។ អ្នក​គួរ​ពន្យល់​ថា « កោតខ្លាច ហើយ​ញាប់​ញ័រ » ( ខ​ទី ១២​ ) សំដៅ​ទៅ​លើ​ការ​គោរព​ស្ញប់ស្ញែង និង​ភាព​រីករាយ ( សូម​មើល ទំនុកដំកើង ២:១១, សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កោតខ្លាច » scriptures.lds.org ) ។

សូម​ចង្អុល​បង្ហាញ​ថា មាន​មនុស្ស​មួយ​ចំនួន​យល់​ខុស​​ពី​ពាក្យ​របស់​ប៉ុល​នៅ​ក្នុង​ភីលីព ២:១២​​មាន​ន័យ​ថា យើង​បាន​សង្គ្រោះ​​ដោយ​សារ​កិច្ចការ​របស់​យើង​ផ្ទាល់ ។

  • តើ​នរណា​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​កើត​មាន​ចំពោះ​យើង ? តើ​ដោយរបៀបណា ?

  • យោង​តាម ភីលីព ២:១៣តើ​អ្វីទៅ​ជា​វិធីពីរ​យ៉ាង​ដែល​ព្រះ​ជួយ​ដល់​អ្នក​​ដែល​កំពុង​ព្យាយាម​ធ្វើ​អ្វី​ ដែល​ចាំបាច់​សម្រាប់​​សេចក្ដី​សង្គ្រោះ ? ( ព្រះ​ជួយ​ពួកគេ​ឲ្យ « ស្ម័គ្រ​ចិត្ត » ឬ​មាន​បំណង​​ប្រាថ្នា ហើយ​គោរព​តាម « បំណង​ព្រះហឫទ័យល្អ​ទ្រង់ » ឬ​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ បន្ទាប់​ពី​សិស្ស​ឆ្លើយ​តប​ហើយ​ សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ព្រះ​ជួយ​យើង​ឲ្យ​មាន​បំណងប្រាថ្នា ហើយ​ធ្វើ​អ្វីៗ​ដែល​បាន​តម្រូវ​ឲ្យ​យើង​ធ្វើ​​សម្រាប់​សេចក្ដីសង្គ្រោះ ដែល​កើត​មាន​តាមរយៈ​ដង្វាយ​​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើ​មានតម្រូវ​ការ​អ្វីខ្លះដើម្បី​បាន​សេចក្ដី​សង្គ្រោះ ​ដែល​ព្រះ​បានប្រទាន ហើយ​ជួយ​យើង​ឲ្យ​បំពេញ​នោះ​​ ? ( អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​មើល​ទៅ​មាត្រា​នៃ​សេចក្ដី​​ជំនឿ​ទីបី និង​ទីបួន ) ។

សូម​ចង្អុល​បង្ហាញ​ថា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះអាច​ជួយ​យើង​ឲ្យ​ផ្លាស់ប្ដូរ ហើយ​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​យើង​បាន​បរិសុទ្ធ ដើម្បី​យើង​ចង់​គោរពតាម​​ទ្រង់ ( សូម​មើល ម៉ូសាយ ៥:២ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា​ តើព្រះ​បាន​ជួយ​ផ្លាស់ប្ដូរ​ដួង​ចិត្ត​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​ចង់​គោរព​ទ្រង់​តាម​របៀបណា ហើយទ្រង់​បាន​​ជួយ​ពួកគេ​ឲ្យ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​​កាន់​តែស្មោះត្រង់​ដោយ​របៀប​ណា ។

សូម​សង្ខេប ភីលីព ២:១៤–៣០ ដោយ​ពន្យល់​ថា ប៉ុល​បាន​រំឭក​ពួក​បរិសុទ្ធ​ថា ពួកគេ « ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក » ( ខ​ទី ១៥ ) ហើយ​ប្រាប់​ពួកគេ​ថា ​លោក​​នឹង​បញ្ជូន​ពួក​អ្នក​នាំ​សារ​ឲ្យ​មក​មើល​ពី​សុខុមាល​ភាព​របស់​ពួកគេ ។

ភីលីព ៣

ប៉ុល​ពិពណ៌នា​អំពី​ការ​លះបង់​ដែល​លោក​បាន​ធ្វើ​​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​មួយ​ដែល​ពួកគេ និង​ពិភពលោក​នេះ​គិត​ថា​មាន​តម្លៃ ( ដូចជា គ្រួសារ មិត្តភក្ដិ ការអប់រំ អាហារ បច្ចេក​វិទ្យា ឬ​ប្រាក់ ) ហើយ​ប្រសិន​បើ​អាច​ធ្វើ​បាន សូម​ដាក់​បង្ហាញ​វត្ថុ​មួយ​ដែល​តំណាង​​​ឲ្យ​អ្វី​ដែល​ពួកគេ​បាន​គិត ។ ចូរ​សុំ​ឲ្យ​ពួកគេ​ពិចារណា​ថា ពួកគេ​នឹង​សុខ​ចិត្ត​លះបង់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទាំងនេះ​សម្រាប់​អ្វីខ្លះ ។

នៅ​ពេល​សិស្ស​សិក្សា ភីលីព ៣ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ថា ប៉ុល​បាន​លះបង់​អ្វី​ខ្លះ​ ដើម្បី​ទទួល​បាន​វត្ថុ​ដ៏​មាន​តម្លៃ​មួយ​ដែល​អាច​មាន​សម្រាប់​យើង​ដែរ ។

សូម​សង្ខេប ភីលីព ៣:១–៣ ដោយ​ពន្យល់​ថា ប៉ុល​បាន​ព្រមាន​ពួក​ភីលីព​​អំពី​ពួក​គ្រូ​បង្រៀន​បោក​ប្រាស់​ដែល​បាន​ប្រកាស​ថា ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​​ក្នុង​សាសនាចក្រ​​គួរ​ប្រតិបត្តិ​តាម​ទម្លាប់​ជាក់​លាក់​​របស់​ពួក​យូដា រួម​បញ្ចូល​ទាំង​ការ​កាត់​ស្បែក​ ( សូម​មើល New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៤៣៦​ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ភីលីព ៣:៤-៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា តើប៉ុល​បាន​និយាយ​អ្វីខ្លះ​អំពី​កេរតំណែល​ជា​នៃ​ពួក​យូដា​របស់​លោក ។

  • តើ​ប៉ុល​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ក្នុង​សង្គម​ពួក​យូដា ទាំង​ខាង​សង្គម និងខាង​សាសនានោះ ? ( ពង្សាវលី​ជា​ពួក​អ៊ីស្រាអែល​របស់​លោក តួនាទី​ជា​ពួក​ផារិស៊ី សេចក្ដី​សាទរ​សម្រាប់​សាសនា​យូដា និង​ការ​ប្រតិបត្តិ​យ៉ាង​តឹង​រឹង​ចំពោះ​ក្រឹត្យវិន័យ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ភីលីព ៣:៧-១១ ឲ្យ​ឮ​ៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ថា តើ​ប៉ុល​យល់​យ៉ាង​ណា​អំពី​គុណប្រយោជន៍​​ដែល​លោក​ធ្លាប់​បាន​មាន​​នៅ​ក្នុង​សង្គម​ពួក​យូដា ។

  • តើ​ប៉ុល​​យល់​យ៉ាង​ណា​ដែរ ​អំពី​ការ​លះ​បង់​​របស់​លោក​ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ​​គ្រីស្ទ ?

  • ហេតុអ្វី​ប៉ុល​សុខចិត្ត​ « [ខាត​] គ្រប់​ទាំង​អស់ » ? (ខទី ៨) ។ ( ដើម្បី​លោក​អាច​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ « ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​​នៅ​ក្នុង​ទ្រង់ » [ ខ​ទី ៩ ] ឬ​នៅ​ក្នុង​ទំនាក់​ទំនង​សេចក្ដី​សញ្ញា​ដ៏​ស្មោះ​ត្រង់​មួយ​ជាមួយ​នឹង​ទ្រង់ ហើយ​ជា​ផ្នែក​មួយ​នៃ​​ការ​រស់​​​ឡើង​វិញ​នៃ​ « មនុស្ស​ល្អ » ឬ​មនុស្ស​សុចរិត  ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់អាន ភីលីព ៣:១២–១៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា តើប៉ុល​បាន​ស្គាល់​អ្វីខ្លះ​ អំពី​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​លោក ។ សូម​ពន្យល់​ថា​ចាប់​មាន​ន័យ​ថា​ទទួល​បាន ។

  • ជា​ជាង​ផ្ដោត​លើ​អ្វី​​ដែល​លោក​បាន​លះបង់​ចោល តើ​ប៉ុល​បាន​ឆ្ពោះ​ទៅ​មុខ​​ដើម្បី​ទទួល​បាន​អ្វីខ្លះ ? ( សូម​ពន្យល់​ថា « រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ » [ ខ​ទី ​១៤ ​ ] គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ មកពី​​គំរូ​របស់​ប៉ុល​ទាក់ទង​នឹង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​​ថា​ ពួកគេ​គួរ​ស្គាល់​​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​​នេះ ៖ ប្រសិន​បើ​យើង​លះបង់​អ្វីៗ​​ដែល​ចាំបាច់​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ឆ្ពោះ​ទៅ​មុខ​​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​​ស្គាល់​ទ្រង់​យ៉ាង​ជាក់ច្បាស់ ហើយ​ទទួល​បាន​ជីវិត​​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ដំណើរ​រឿង​ដូច​តទៅ​នេះ​មក​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ដែល​ប្រាប់​អំពី​ការ​ប្រជុំ​របស់​លោក​ជាមួយ​នឹង​មន្ត្រី​ទ័ព​ជើង​ទឹក​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ពី​ប្រទេស​ផ្សេង​មក​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​បំពាក់​បំប៉ន​ថ្នាក់​ជាន់​ខ្ពស់ ហើយ​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ កាល​គាត់​កំពុង​ស្នាក់​នៅ​ទីនោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​រកមើល​ថា ​យុវជន​នោះ​សុខចិត្ត​លះបង់​អ្វីខ្លះ​​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« មាន​គេ​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​គាត់​ ពីមុន​គាត់​​​ចេញ​ទៅ​ប្រទេស​កំណើត​វិញ ។ …​ខ្ញុំ​បាន​និយាយ ៖ ‹ គ្រួសារ​របស់​អ្នក​ពុំ​មែន​ជា​ពួក​គ្រីស្ទាន​ទេ ។ តើ​នឹង​មាន​អ្វី​កើត​ឡើង នៅ​ពេល​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​នាម​​ជា​គ្រីស្ទានម្នាក់ ​ជា​ពិសេស គឺជា​ពួក​មរមននោះ ? ›

« ទឹក​មុខ​គាត់​ឡើង​ស្រអាប់ ហើយ​បាន​តប​ថា ‹ គ្រួសារ​ខ្ញុំ​នឹង​ខក​ចិត្ត ។ ពួកគេ​អាច​នឹង​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ ហើយ​ចាត់​​ទុក​ថា​ខ្ញុំ​បាន​ស្លាប់​ហើយ ។ សម្រាប់អនាគត និង​ការងារ​របស់ខ្ញុំ និង​គ្រប់​​ឱកាសទាំងអស់​ប្រហែល​ជា​ត្រូវបិទទ្វារចំពោះ​ខ្ញុំ › ។

« ខ្ញុំបានសួរថា ‹ តើអ្នកសុខ​ចិត្ត​លះបង់ដ៏មហិមា​ចំពោះដំណឹងល្អ​ឬទេ ? ›

« គាត់​បាន​តប​ទាំង​ស្រក់​ទឹកភ្នែក​ថា ‹ វា​គឺជាការ​ពិត មែន​ទេ ? ›

« ខ្ញុំ​បាន​តបទាំង​​ខ្មាស់​ដោយបាន​សួរ​សំណួរ​នោះ​​ថា ‹ មែន​ហើយ វា​គឺជា​ការ​ពិត › ។

« គាត់​ក៏​តប​ថា ‹ ដូច្នេះ​តើមាន​អ្វី​ផ្សេង​សំខាន់​ជាង​នេះ​ទៅទៀតនោះ ? » ( « It’s True, Isn’t It? » Ensignខែ កក្កដា ឆ្នាំ​ ១៩៩៣ ទំព័រ ​២ ) ។

  • តើ​យុវជន​នេះ​សុខចិត្ត​លះបង់​អ្វីខ្លះ​ ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក ( ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ ) បាន​លះ​បង់​អ្វីខ្លះ​​ដើម្បី​ដើរ​តាម​ព្រះ​អង្គ​​សង្គ្រោះ ?

  • ហេតុអ្វី រង្វាន់​នៃ​ការ​ស្គាល់​ព្រះយេស៊ូវ​​គ្រីស្ទ និង​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ មាន​តម្លៃ​ឲ្យ​យើង​ធ្វើការ​លះបង់ ?

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា តើ​មាន​អ្វីមួយ​ដែល​ពួកគេ​ត្រូវ​លះបង់​ ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​​ឲ្យ​កាន់​តែ​ពេញ​លេញ​ដែរ​ឬទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​គោលដៅ​មួយ​ ដើម្បី​ធ្វើ​រឿង​នោះ ។

សូម​សង្ខេប ភីលីព ៣:១៥–២១ ដោយ​ពន្យល់​ថា ប៉ុល​បាន​ព្រមាន​អំពី​ការ​បំផ្លិច​​បំផ្លាញ ​ដែល​កំពុង​រង់​ចាំ​ជន​ដែល​ផ្ដោត​ទាំង​ស្រុង​​ទៅ​លើ​ភាពត្រេកត្រអាល​នៅ​លើ​ផែនដីនេះ ។ លោក​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ផ្លាស់​ប្ដូរ​រូបកាយដែល​ពុំ​ល្អ​ឥត​ខ្ចោះ​របស់​យើង ​​ទៅ​ជា​រូបកាយ​អតមៈ​​ដូចជា​​ព្រះកាយ​រ​បស់​ទ្រង់​ដែរ ។

សូម​បញ្ចប់​មេរៀន​នេះ​​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​រក​ឃើញ​​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ភីលីព ២:៣-៨ ។ ការ​មិន​គិត​អំពី​ខ្លួន​ឯង

អែលឌើរ អេច ប៊ើក ភីធើរសុន នៃ​ពួក​ចិតសិប​នាក់​បាន​ពន្យល់​​អំពី​អត្ថន័យ​នៃ​ការ​មិន​គិតអំ​ពីខ្លួនឯង ៖

« នៅ​ក្នុង​ចំណោម​ពួកយើង​នាសព្វថ្ងៃ​នេះ មាន​​មនុស្ស​មួយ​ចំនួន​ មិន​គិត​ពី​ខ្លួនឯង​​បន្ដិច​សោះ​—​គឺ​ដូចជា [ ព្រះយេស៊ូវ​គ្រីស្ទ ] ដែរ ។

« មនុស្ស​ដែល​មិន​គិត​ពី​ខ្លួន​ឯង​គឺជា​បុគ្គល​ដែល​ខ្វល់​ខ្វាយ​ច្រើន​ពី​សុភមង្គល និង​សុខុមាលភាព​របស់​មនុស្ស​ដទៃ​ជាង​ភាព​ស្រណុក​សុខស្រួល​របស់​ខ្លួន​ឯង ជា​បុគ្គល​ដែល​យល់​ព្រម​បម្រើដោយ​មិន​ចង់​បាន​ការ​កោត​សរសើរ​ ឬបម្រើ​​សូម្បី​តែ​មនុស្ស​ដែល​គាត់​មិន​ចូល​ចិត្ត​ក្ដី ។ បុគ្គល​ម្នាក់​ដែល​មិន​គិត​ពី​ខ្លួន​ឯង​បង្ហាញ​ពី​ឆន្ទៈ​ដើម្បី​លះបង់ ឆន្ទៈ​ដើម្បី​ជម្រុះ​ចោល​ការ​ចង់​បាន និង​សេចក្ដី​ត្រូវការ ព្រមទាំង​អារម្មណ៍​​ផ្ទាល់​ខ្លួន​ចេញ​ពី​ក្នុង​គំនិត និង​ដួង​ចិត្ត​គាត់ ។ ជំនួស​ឲ្យ​ការ​ចង់​បាន និង​ការត្រូវការ​ពាក្យ​សរសើរ ព្រមទាំង​ការ​ទទួល​ស្គាល់​សម្រាប់​ខ្លួន​ឯង ឬ​សេចក្ដី​សោមនស្ស​ពី​ការ​ចង់​បាន​របស់​ខ្លួន​ផ្ទាល់ បុគ្គល​ដែល​មិន​គិត​ពី​ខ្លួន​ឯង​នឹង​បំពេញ​រាល់​សេចក្ដី​ត្រូវការ​ទាំងនេះ​សម្រាប់​មនុស្ស​ដទៃ » ( « Selflessness: A Pattern for Happiness » Ensign ខែ​ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៦៦ ) ។

ភីលីព ២:៥-៨ ។ ព្រះអង្គ​សង្គ្រោះ « បាន​លះបង់​ព្រះអង្គ​ទ្រង់ »

ឃ្លា​ដែល​បាន​បកប្រែ​ថា « បាន​លះបង់​ព្រះអង្គ​ទ្រង់ » ( ភីលីព ២:៧ ) មក​ពី​ពាក្យ​​ក្រិក​ថា ជេនញ៉ូ ដែល​មាន​ន័យ​ថា « ដក​ចេញ » ។ អែលឌើរ ថាត អរ ខាលីស្ទើរ ដែល​បាន​បម្រើ​នៅ​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិបនាក់ បាន​បង្រៀន​អំពី​ឯកសិទ្ធិ និង​ឋានៈ​មក​ពី​ព្រះ​ដែល​ព្រះយេស៊ូវ​ « បាន​ដក​ចេញ » ​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ដើម្បី​យាង​មក​ផែនដី ៖

« ព្រះ​ជា​ព្រះរាជបុត្រា បាន​ប្ដូរព្រះដំណាក់​ឯ​ស្ថានសួគ៌​របស់​ទ្រង់​ជាមួយ​នឹង​អ្វីៗ​ទាំងអស់​ខាង​សេឡេស្ទាល សម្រាប់​ទីលំនៅ​នៃ​ជីវិត​រមែង​ស្លាប់​មួយ​ជាមួយ​នឹង​អន្ទាក់​ពី​ដើម​ដំបូង​ទាំងអស់ ។ ទ្រង់ ‹ មហាក្សត្រ​នៃ​ស្ថានសួគ៌​› (អាលម៉ា ៥:៥០) ‹ ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា ទ្រង់​សោយរាជ្យ › (ម៉ូសាយ ៣:៥) បាន​ចាកចេញ​ពី​ព្រះ​បល្ល័ង​ដើម្បី​មក​ប្រសូត​ក្នុង​​ស្នូក​ទៅ​វិញ ។ ទ្រង់​បាន​ផ្លាស់ប្ដូរ​ព្រះចេស្ដា​នៃ​ព្រះ​ទៅ​ជា​ទារក​ឯករាជ្យ​ម្នាក់ ។ ទ្រង់​បាន​លះបង់​ទ្រព្យ​សម្បត្តិ អំណាច ការ​គ្រប់​គ្រង និង​ភាពពេញ​លេញ​នៃ​សិរីល្អ​របស់​ទ្រង់—​សម្រាប់​អ្វី​ ?—សម្រាប់​ការ​ឡកឡឺយ ការ​ចំអក ការ​ប្រមាថ និង​ការ​ត្រូវ​គេ​ជិះ​ជាន់ ។ វា​គឺជា​ការ​ដោះដូរ​មួយ​ដ៏​ធំ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន ជា​ការ​បន្ទាប​ខ្លួន​នៃ​សមាមាត្រ​ដ៏​ធំ ជា​ភាគរយ​នៃ​ជម្រៅ​ដែល​មិន​អាច​វាស់​វែង​បាន » ( The Infinite Atonement [ ឆ្នាំ ​២០០០ ] ទំព័រ ៦៤ ) ។

ភីលីព ២:១២–១៣ ។ « ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ។ … ដ្បិត ​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា »

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​បង្រៀន​​ពី​របៀប​ដែល​សមាជិក​សាសនាចក្រ​អាច « បង្ហើយ​សេចក្តី​សង្គ្រោះ​របស់ [ ពួក​គេ ] » ( ភីលីព ២:១២ ) ៖

« ខ្ញុំ​សូម​អង្វរ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើ​កិច្ចការ​សុចរិត ​ដើម្បី​គោរព​តាម​បទបញ្ញត្តិ ស្វែង​រក​ព្រះវិញ្ញាណ ស្រឡាញ់​ព្រះអម្ចាស់ ដាក់​រឿង​នៃ​នគរ​ព្រះ​ដំបូង​គេ​បង្អស់​​នៅ​ក្នុង​ជីវិត ដោយ​ហេតុ​នេះ​ពួកគេ​​បាន​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ​ដោយ​ភាព​ភ័យ​ខ្លាច និង​ការ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះអម្ចាស់ »​ ( នៅ​ក្នុង Conference Report ខែ តុលា ឆ្នាំ​១៩៧០ ទំព័រ ៨ ) ។

កិច្ចការ​បែប​នេះ​ គឺ​ចាំបាច់​ដើម្បី​បំពេញ​តម្រូវការ​ ដែល​ទ្រង់​បាន​បង្កើត​ឡើង​សម្រាប់​ការ​ទទួល​បាន​នូវ​រាល់​ពរជ័យ​ ដែល​អាច​កើត​មាន​តាម​រយៈ​ដង្វាយ​ធួន ដែល​ព្រះ​អាច​ធ្វើ​ឲ្យ​យើង​អនុវត្ត​វា​បាន ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀនថា ដោយ​សារ​​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ​ទើប​យើង​អាចត្រូវ​​បាន​សង្គ្រោះ ៖

« មនុស្ស​ពិត​ជា​មាន​អំណាច​ដ៏​ធំ​សម្បើម ហើយ​​អាច​ធ្វើ​ឲ្យ​រឿង​ទាំងឡាយ​កើត​ឡើង​បាន ដោយ​ការ​ខិតខំ​ដ៏​មិន​ចេះ​នឿយ​ហត់ និង​​ឆន្ទៈ​ដ៏​មោះមុត ។ « ប៉ុន្តែ​ក្រោយពី​ការគោរព​តាម និង កិច្ចការ​ល្អ​របស់​យើង​ទាំងអស់ យើង​មិន​អាច​ត្រូវ​បាន​សង្គ្រោះ​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​នៃ​អំពើបាប​របស់​​យើង​បាន​ឡើយ បើ​គ្មាន​ព្រះគុណ​ដែល​បាន​ប្រទាន​មក ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ​នោះ ។

« … មនុស្ស​មិន​អាច​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ខ្លួន​ឯង​បាន​ឡើយ » ( « What Think Ye of Christ? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៦៧ ) ។