បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កិច្ចការ ២០–រ៉ូម ៧ ( មេរៀន​ទី ២០ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កិច្ចការ ២០​–​រ៉ូម ៧ ( មេរៀន​ទី ២០ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្ស​ដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍ទាំងឡាយដែល​​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា កិច្ចការ ២០​–រ៉ូម ៧ ( មេរៀន​ទី ២០ ) ពុំ​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី១ ( កិច្ចការ ២០-២២ )

នៅ​ក្នុង​ដំណើរ​របស់​ប៉ុល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នោះ​សិស្ស​បាន​រៀន​ថា ពួក​អ្នក​បម្រើ​ពិត​របស់​ព្រះអម្ចាស់​បំពេញ​​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​ស្មោះ​ត្រង់ ហើយ​ដោយ​ការ​ធ្វើ​ដូច្នេះ ពួកគេ​មាន​នូវ​អំណរ ។ ពួកគេ​ក៏​រៀន​ផង​ដែរ​ថា ពួក​អ្នក​បម្រើ​ដ៏​ពិត​របស់​ព្រះអម្ចាស់​យល់​ព្រម​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ មិន​ថា​ត្រូវ​លះបង់​អ្វី​ឡើយ ។ នៅ​ក្នុង​ដំណើរ​រឿង​របស់​ប៉ុល​ស្ដីពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​លោក សិស្ស​បាន​រៀន​ថា នៅ​ពេល​យើង​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ចាប់ផ្តើម​ប្រែចិត្ត​ជឿ​កាន់​តែ​ពេញ​លេញ ។

ថ្ងៃ​ទី២ ( កិច្ចការ ២៣-២៨ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ទីបន្ទាល់​របស់​ប៉ុល​នៅចំពោះ​ស្ដេច​អ័គ្រីប៉ា ពួកគេ​បាន​រៀន​ថា ប្រសិន​បើ​យើង​ប្រែ​ចិត្ត ហើយ​ងាក​ទៅ​រក​ព្រះ នោះ​យើង​អាច​យក​ឈ្នះ​លើ​អំណាច​របស់​សាតាំង​នៅ​ក្នុង​ជីវិត​របស់​យើង ទទួល​ការ​អភ័យទោស​ពី​អំពើ​បាប​​យើង ហើយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​​ដើម្បី​គ្រង​​នគរ​សេឡេស្ទាល ។ ពួកគេ​ក៏​បាន​រកឃើញ​សេចក្ដីពិត​ថា ដើម្បី​​ប្រែ​ចិត្ត​ជឿ​លើ​​ព្រះយេស៊ូវ​គ្រីស្ទ​បាន នោះ​យើង​ត្រូវ​តែ​ជ្រើស​រើស​ជឿ ហើយ​ត្រូវ​តាំង​ចិត្ត​រស់​នៅ តាម​ដំណឹង​ល្អ​ឲ្យ​​បាន​ពេញ​លេញ ។ នៅ​ក្នុង​ដំណើរ​រឿង​ស្ដីពី​ការ​ធ្វើ​ដំណើរ​របស់​ប៉ុល​ទៅកាន់​ទីក្រុង​​រ៉ូម សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​ស្មោះ​ត្រង់ នោះ​ព្រះ​អាច​ជួយ​យើង​ឲ្យ​បង្វែរ​ការ​សាកល្បង​ក្លាយ​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​យើង និង​មនុស្ស​ដទៃ​ទៀត ។

ថ្ងៃ​ទី ៣ ( រ៉ូម ១-៣ )

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​ពួក​រ៉ូម សិស្ស​បាន​រៀនពី​សេចក្ដីពិត​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​ទទួល​ទីបន្ទាល់​មួយ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អំណាច​ដើម្បី​​សង្គ្រោះ​យើង នោះ​យើង​នឹង​មិន​ខ្មាស់​អៀន​ក្នុង​ការ​ចែកចាយ​វា​ជាមួយ​នឹង​មនុស្ស​​ដទៃ​ឡើយ ។ រាល់​មនុស្ស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​បាប ហើយ​ត្រូវការ​ការអភ័យទោស​របស់​ព្រះ ។ តាមរយៈ​ការ​ទទួល​យកដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​ស្មោះ​ត្រង់​ នោះ​មនុស្សលោក​ទាំងអស់​នឹង​​ត្រូវ​​បាន​អនុគ្រោះឲ្យ ហើយ​ទទួល​នូវ​សេចក្ដី​សង្គ្រោះ ។

ថ្ងៃ​ទី ៤ ( រ៉ូម ៤-៧ )

នៅ​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​នៅ​រ៉ូម នោះ​សិស្ស​បាន​រៀន​ថា យើង​ត្រូវ​បាន​រាប់​ថា​សុចរិត​​ដោយ​សេចក្ដី​ជំនឿ និង​កិច្ចការ​​ទាំងឡាយ​តាមរយៈ​ព្រះគុណ ។ ពួកគេ​ក៏​បាន​សិក្សា​ផង​ដែរ​អំពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ពិធី​បុណ្យ​ជ្រមុជទឹក​ដោយ​ការ​ផ្ដាច់​បាប​អាច​​តំណាង​ឲ្យ​សេចក្ដី​ស្លាប់​ពីអំពើ​បាប និង​ជីវិតថ្មី​​ខាង​វិញ្ញាណរបស់​យើង​ ។ ប្រសិន​បើ​យើង​ងាក​ទៅ​រក​អំពើបាប នោះ​យើង​នឹង​ក្លាយ​ជា​ពួក​អ្នក​បម្រើ​របស់​អំពើ​បាប ។ ប្រសិន​បើ​យើង​ងាក​ទៅ​រក​ព្រះ នោះ​យើង​អាច​រួច​ផុត​ពី​អំពើបាប ហើយ​ទទួល​បាន​អំណោយទាន​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សេចក្តី​ផ្ដើម

ប៉ុល​ត្រូវ​បាន​គេនាំ​ខ្លួន​ទៅ​ក្រុង​រ៉ូមក្នុងនាម​ជាអ្នក​ទោស​ម្នាក់​ឆ្លង​កាត់​សមុទ្រ​នៅ​​រដូវ​រងារ ។ ពី​មុន​ចាកចេញ​ទៅ ប៉ុល​ត្រូវ​បាន​ព្រមាន​ថា ដំណើរ​នេះ​នឹងមាន « អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន » ( កិច្ចការ ២៧:១០ ) ។ នៅ​ក្នុង​ព្យុះ​មួយ ប៉ុល​បាន​ព្យាករ​ថា ទោះ​បី​សំពៅ​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​ក្ដី ក៏​មនុស្ស​​លើ​សំពៅ​នោះ​នឹង​មិន​វិនាស​ឡើយ ។ ការព្យាករ​របស់​ប៉ុល​ត្រូវ​បាន​បំពេញ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ២៧

ប៉ុល​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តាម​សំពៅ ​នៅ​ពេល​លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ក្រុង​រ៉ូម

សូម​សរសេរ​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀនពី​មុន​ចាប់ផ្ដើម​បង្រៀន ៖ ( សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ​មាន​នៅ​ក្នុង កម្លាំង​ដើម្បី​យុវជន [ កូន​សៀវភៅ ឆ្នាំ ​២០១១ ] ទំព័រ , ១១១៦ ) ។

« ចូរ​ចៀសវាង​ពី​ការ​ដើរ​លេង​ជា​គូ​ញឹក​ញាប់​​ជាមួយ​នឹង​ដៃ​គូ​ដដែលៗ » ។

« កុំចូលរួមទស្សនា ឬ​ចូលរួមក្នុងអ្វី​ដែលថោកទាប អសីលធម៌ ហិង្សា ឬ អាសគ្រាម​តាម​រូបភាពណាមួយឡើយ » ។

« ប្រសិនបើមិត្តភ័ក្តិរបស់អ្នកទទូចឲ្យអ្នក​ធ្វើនូវអ្វី​ដែលប្រាសចាក​ ចូរធ្វើជាមនុស្សម្នាក់​ដែលក្រោកឈរឡើងសម្រាប់ភាពត្រឹមត្រូវ ទោះបីជាអ្នកត្រូវឈរតែ​ម្នាក់ឯងក៏ដោយ » ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។

  • ហេតុអ្វី​យុវវ័យ​មួយ​ចំនួន​អាច​មិន​ជ្រើស​ស្ដាប់​តាម​ការ​ព្រមាន និង​ការ​ទូន្មាន​ទាំង​នេះ ?

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ២៧ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​នឹង​ជួយ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ​ ដើម្បី​ស្ដាប់​តាម​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

សូម​រំឭក​សិស្ស​ថា ប៉ុល​ត្រូវបាន​គេ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ ហើយ​ត្រូវ​ឃុំ​ខ្លួន ។ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​របស់​លោក​ឡើង​ទៅដល់​​ស្ដេច​សេសា​នៅ​ក្រុង​រ៉ូម ហើយ​វា​ជា​សិទ្ធិ​របស់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ​រ៉ូម​ម្នាក់ ។ សូម​សង្ខេប កិច្ចការ ២៧:១–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ធ្វើ​ដំណើរ​ជាមួយ​ពួក​អ្នក​ទោស​ផ្សេង​ទៀត​តាម​ទូក​ឆ្ពោះ​ទៅ​កាន់​ក្រុង​រ៉ូម ក្រោម​ការ​យាម​កាម​ពី​សំណាក់​ឆ្មាំ​គុក​រ៉ូម​ម្នាក់ ។ បន្ទាប់​ពី​ធ្វើ​ដំណើរ​តាម​ទូក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពួកគេ​បាន​ឈប់​នៅ​ផែ​មួយ​នៅ​កោះ​ក្រេត ។ នៅ​ពេល​ពួកគេ​ចេញ​ពី​ផែ​នោះ ប៉ុល​បាន​ព្រមាន​ដល់​មនុស្ស​នៅ​លើ​សំពៅ​នោះ​ថា ពួកគេ​មិន​គួរ​បន្ត​ដំណើរ​របស់​ពួកគេ​ទៀត​ទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៧:៩-១០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ព្រមាន​ថា​នឹង​មាន​អ្វី​កើតឡើងខ្លះ​ ប្រសិន​បើ​លោក និង​មនុស្ស​​ផ្សេង​ទៀត​នៅ​លើ​សំពៅ​នោះ​បន្ត​ធ្វើ​ដំណើរ​ទៅ​រ៉ូម​នោះ ។ អ្នក​គួរ​ពន្យល់​ថា ពាក្យ បុណ្យ​តម ដែល​ប្រើ​នៅ​ក្នុង ខ​ទី ៩ សំដៅ​ទៅ​លើ​ការ​មិន​បរិភោគ​អាហារ​ដោយ​ស្ម័គ្រ​ចិត្ត ។ នៅ​ក្នុង​ករណី​នេះ « បុណ្យ​តម » ប្រហែល​ជា​សំដៅ​ទៅ​លើ​ថ្ងៃ​បរិសុទ្ធ​របស់​ពួក​សាសន៍​យូដា​ដែល​ហៅថា ថ្ងៃ​នៃ​ដង្វាយធួន ដែល​បាន​កំណត់​តាំង​ពី​ដើម​រដូវ​នោះ ​ដែល​ជា​ទូទៅ​វា​គ្មាន​សុវត្ថិភាព​​ដើម្បី​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ​មេឌី​ទែរ៉ាណេ​ឡើយ ដោយសារមាន​ព្យុះ​ធំៗ​ណាស់ ។ ជា​ធម្មតា ថ្ងៃ​នៃ​ដង្វាយ​ធួន​ចាប់ផ្ដើម​នៅ​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា ។ សូម​ពន្យល់​ផង​ដែរ​ថា ពាក្យ ទំនិញ នៅ​ក្នុង ខ​ទី ១០ សំដៅ​ទៅ​លើ​ទំនិញ​របស់​សំពៅ ។

  • យោង​តាម កិច្ចការ ២៧:១០តើ​ប៉ុល​បាន​ព្រមាន ហើយ​បានព្យាករ​ថា​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​ពួកគេ​បន្ត​ធ្វើ​ដំណើរ​ទៀត​នោះ ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន កិច្ចការ ២៧:១១-១២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា មេទ័ព​រ៉ូម​ម្នាក់​នោះ និង​មនុស្ស​ដទៃ​ទៀត​នៅ​លើ​សំពៅ​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ទៅ​នឹង​ការ​ព្រមាន​របស់​ប៉ុល ។

  • ហេតុអ្វី​អ្នក​គិត​ថា​មេទ័ព​នោះ​ជឿ​លើ​ម្ចាស់​សំពៅ​ច្រើន​ជាង​ប៉ុល ?

  • យោង​តាម ខ​ទី ១២ ហេតុអ្វី​មនុស្ស​នៅ​លើ​សំពៅ​នោះ​ភាគច្រើន​បាន​បដិសេធ​ការ​ព្រមាន​របស់​ប៉ុល ? ( អ្នក​គួរ​ពន្យល់​ថា ពាក្យ ទ្វារ​សមុទ្រ សំដៅ​ទៅ​លើ​ផែ ហើយ ស្រួល មាន​ន័យ​ភាពកក់ក្តៅ​ ឬ​ងាយ ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី កិច្ចការ ២៧:១៣-២១ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថាមាន​​អ្វី​បាន​កើត​ឡើង កាល​សំពៅ​នោះ​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​រ៉ូម​នោះ ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង កាល​សំពៅ​នោះ​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​រ៉ូម​នោះ ?

  • យោង​តាម ខ​ទី ២០ តើ​មនុស្ស​នៅ​លើ​សំពៅ​នោះ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ចំពោះ​ស្ថានភាព​របស់​ពួកគេ កាល​ស្ថិត​នៅ​ក្នុង​ព្យុះភ្លៀង​នោះ ?

  • តើ​យើងអាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី ខ​ទី ២១ អំពី​អ្វី​ដែល​អាច​កើត​ឡើង ប្រសិន​បើ​យើង​បដិសេធ​​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​បដិសេធ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ នោះ​យើង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ថិតក្នុង​គ្រោះ​ថ្នាក់​ហើយ ។ សូមសរសេគោលការណ៏នេះនៅលើក្តាខៀន។ សូម​ពន្យល់​ថា គ្រោះថ្នាក់​នោះ​អាច​រួម​បញ្ចូល​​ទាំង ការ​បាត់បង់​សិទ្ធិ​ទទួល​បាន​ពរជ័យ​ដែល​យើង​នឹង​ទទួល​បាន​ផង​ដែរ ) ។

សូម​មើល​ឡើង​វិញ​ជាមួយ​នឹង​សិស្ស​នូវ​ហេតុផល​ដែល​មេទ័ពនោះ និង​មនុស្ស​ដទៃ​​ទៀត​នៅ​លើ​សំពៅ​បាន​បដិសេធ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ប៉ុល ( សូមមើល កិច្ចការ ២៧:១១–១២ ) ។

  • តើ​មនុស្ស​នៅ​សព្វថ្ងៃ​នេះ​អាច​ធ្វើ​ការ​ដោះ​សារ​ស្រដៀង​គ្នា​នេះ ​ដើម្បី​បដិសេធ​ចំពោះ​​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី​របស់​ព្រះអម្ចាស់​តាម​របៀប​ណា ?

ដោយ​ប្រើ​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ឬ​សុន្ទរកថា​ក្នុង​សន្និសីទ​ថ្មីៗ សូម​ផ្ដល់​ជា​ឧទាហរណ៍​បន្ថែម​ទៀត​អំពី​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី​ដែល​អ្នក​មាន​អារម្មណ៍​ថា វា​ទាក់​ទង​នឹង​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ។

  • តើ​បុគ្គល​ទាំងឡាយ​អាច​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជួប​នឹង​គ្រោះថ្នាក់​អ្វីខ្លះ ដោយ​ការ​បដិសេធ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​បែប​នេះ​មក​ពី​ពួក​ព្យាការី ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន កិច្ចការ ២៧:២២-២៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើប៉ុល​បាន​ប្រាប់​ដល់​ពួក​មនុស្ស​នៅ​លើ​សំពៅ​នោះ​អំពី​អ្វីខ្លះ ។

  • ប្រសិន​បើ​អ្នក​នៅ​លើ​សំពៅ​នោះ​កណ្ដាល​ព្យុះ​ភ្លៀង​ដ៏​គួរ​ឲ្យ​រន្ធត់ តើ​ពាក្យ​របស់​ប៉ុល​មួយ​ណា​ដែល​នឹង​ជួយ​លួង​លោម​ចិត្ត​អ្នក ?

  • តើ​ប៉ុល​បាន​ព្យាករ​ថា​នឹង​មាន​អ្វី​កើត​ឡើង​ដល់​សំពៅ​នោះ ?

សូម​សង្ខេប កិច្ចការ ២៧:២៧–៣០ ដោយ​ពន្យល់​ថា នៅ​យប់​ទី​ ១៤ នៃ​ព្យុះ​នោះ ក្រុម​នាវិក​​បាន​បោះ​យុថ្កា​ចំនួន​បួន​ចូល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ការពារ​សំពៅ​កុំ​ឲ្យ​បោក​ទៅ​ត្រូវ​នឹង​ថ្ម ។ បន្ទាប់​មក​ក្រុម​នាវិក​នោះ​បាន​ទៅ​ខាង​មុខ​សំពៅ ហើយ​ធ្វើ​សកម្មភាព​ទំនង​ដូចជា​ពួកគេ​បាន​ត្រៀម​បោះ​យុថ្កា​បន្ថែម​ទៀត ។ ប៉ុន្តែ តាមពិត​ពួកគេ​កំពុង​ត្រៀម​បោះ​បង់​សំពៅ​នោះ​ចោល ហើយ​ភៀសខ្លួន​ជាមួយ​​នឹង​ទូក​តូច​មួយ ដោយសារ​ពួកគេ​ភ័យ​ខ្លាច​ថា​ សំពៅ​នោះ​នឹង​លិច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៧:៣១-៣២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ព្រមាន​ដែល​ប៉ុល​បាន​ផ្ដល់​ដល់​មេទ័ព និង​ពួក​ទាហានទាំង​នោះ ។ សូម​ពន្យល់​ថា ពាក្យ ពួក​នោះ នៅ​ក្នុង ខ​ទី ៣១ សំដៅ​ទៅ​លើ​ក្រុម​នាវិក​​ដែល​ព្យាយាម​គេច​ខ្លួន ។

  • តើ​ការ​ព្រមានអ្វីខ្លះ​ដែល​ប៉ុល​បាន​ផ្ដល់​ទៅ​មេទ័ព និង​ពួក​ទាហាន​នោះ ?

  • តើ​ពួក​ទាហាន​នោះ​បាន​ឆ្លើយ​តប​ចំពោះ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ប៉ុល​យ៉ាង​​ដូចម្ដេច ? ( ពួកគេ​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​លោក ហើយ​បាន​រារាំង​​ពួក​នាវិក​ពី​ការ​គេច​ខ្លួន ​ដោយ​ការ​កាត់​ខ្សែ​ពួរ​ទូក​តូច​នោះ ហើយ​បណ្ដោយ​ឲ្យ​វា​អណ្តែត​ទៅ​តែ​ឯង ) ។

សូម​សង្ខេប កិច្ចការ ២៧:៣៣–៤៤ ដោយ​ពន្យល់​ថា ប៉ុល​​បាន​ណែនាំ​ថា មនុស្ស​គ្រប់​គ្នា​នៅ​លើ​សំពៅ​នោះ​ត្រូវ​បរិភោគ​អាហារ​ខ្លះ​ដើម្បី​មាន​​កម្លាំង ។ ក្រោយមក​នៅ​ថ្ងៃ​ដដែល​នោះ សំពៅ​នោះ​បាន​បុកដី​ដោយសារ​វា​បាន​បើក​សំដៅ​ទៅ​កាន់​ដីគោក ប៉ុន្តែ​មនុស្ស​ទាំងអស់​​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព ។ សូម​រំឭក​សិស្ស​អំពី​ការ​ព្យាករ​របស់​ប៉ុល​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​កិច្ចការ ២៧:២២–២៦ ថា​គ្មាន​នរណា​ម្នាក់​នឹង​ត្រូវ​ស្លាប់​ឡើយ ថ្វី​បើសំពៅ​នោះ​ត្រូវ​លិច​ក្ដី ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ក្នុង​ដំណើរ​រឿង​នេះ អំពី​អ្វី​ដែល​អាច​កើត​ឡើង ប្រសិន​បើ​យើង​បាន​ស្ដាប់​តាម​ពាក្យ​ទូន្មាន និង​ការ​ព្រមាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម​នេះ ៖ ប្រសិន​បើ​យើង​ស្ដាប់​តាម​ពាក្យ​ទូន្មាន និង​ការ​ព្រមាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​នឹង​បំពេញ​ការ​សន្យា​របស់​ទ្រង់​ចំពោះ​យើង ។ ប្រសិន​បើ​យើង​ស្ដាប់​តាម​ពាក្យ​ទូន្មាន និង​ការ​ព្រមាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ នោះ​យើង​អាច​ទប់ទល់​នឹង​គ្រោះថ្នាក់​​ដែល​គំរាម​​កំហែង​យើង​បាន ។ សូម​​សរសេរ​គោលការណ៍​ទាំង​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​អំពី​គោលការណ៍​ ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង កិច្ចការ ២៧ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« គ្រប់​ពេល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​បាន​ជ្រើស​រើស​ពន្យារពេល​ធ្វើ​តាម​ពាក្យ​ទូន្មាន​ដ៏​បំផុស​គំនិត ឬ​សម្រេច​ចិត្ត​ថា ខ្ញុំ​ជា​មនុស្ស​ដែល​ត្រូវបានលើក​លែង នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ថិត​នៅ​​ក្នុងសភាព​គ្រោះថ្នាក់​ហើយ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​តាម​ការ​ទូន្មាន​របស់​ព្យាការី ខ្ញុំ​ទទួល​អារម្មណ៍​​បញ្ជាក់​នៅ​ក្នុង​ការ​អធិស្ឋាន ហើយ​ពេល​ខ្ញុំ​បានធ្វើ​តាម​ នោះ​ខ្ញុំ​បាន​រក​ឃើញថា ខ្ញុំ​បាន​ឆ្ពោះទៅ​ទីសុវត្ថិភាព​ហើយ ​» ( « Finding Safety in Counsel » Ensign ខែ​ឧសភា ឆ្នាំ​ ១៩៩៧ ទំព័រ ២៥ ) ។

  • តើ​ការ​ស្ដាប់​តាម​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​អ្នក​មប្រើ​របស់​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​គ្រោះថ្នាក់​ ដែល​គំរាម​កំហែង​ដល់​សុវត្ថិភាព​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ពួកគេ​កំពុង​តែ​បដិសេធ​ការព្រមាន ឬ​ពាក្យ​ទូន្មាន​ណា​មួយ​មក​ពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដែរ​ឬទេ ឬ​គិត​ពី​វិធី​មួយ​ដែល​ពួកគេ​អាច​ស្ដាប់​តាម​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​ដែល​ពួកគេ​បាន​ទទួល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​អំ​ពី​គោលការណ៍​មួយ​ទាក់ទង​នឹង​របៀប ​ដែល​ពួកគេ​នឹង​ស្ដាប់​​តាម​ពាក្យ​ទូន្មាននោះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។

មេរៀន​បន្ទាប់ ( រ៉ូម ៨កូរិនថូសទី១ ៦ )

សូម​ពន្យល់​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា រ៉ូម ៨–១៦ និង កូរិនថូសទី១ ១–៦ នៅ​សប្ដាហ៍​ក្រោយ ពួកគេ​នឹង​រៀន​អំពី​ពាក្យ​ទូន្មាន​ដ៏​ឆ្លាត​វៃ ដែល​សាវក​ប៉ុល​បាន​ផ្ដល់​ទៅ​សមាជិក​​សាសនាចក្រ​នៅ​រ៉ូម និង​កូរិនថូស ដើម្បី​ជួយ​ពួកគេ​ឲ្យ​ខិត​ចូលកាន់តែ​ជិត​ព្រះ​នៅ​ក្នុង​ពិភពលោក​ដ៏​ទុច្ចរិត ហើយ​ពោរពេញ​ដោយ​បញ្ហា ។ ចូរ​សុំ​ពួកគេ​ឲ្យ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​​ខាងក្រោម ៖ ហេតុអ្វី​រូបកាយ​យើង​ប្រៀប​បាន​នឹង​ព្រះវិហារ​បរិសុទ្ធ ? តើ​សមាជិក​សាសនាចក្រ​គួរ​ដោះស្រាយ​ភាព​ខុស​គ្នា​ជាមួយ​គ្នា​យ៉ាង​ដូចម្ដេច ?