បណ្ណាល័យ
មេរៀន​ទី ១០០ ៖ រ៉ូម ៤–៧


មេរៀនទី ១០០

រ៉ូម ៤–៧

សេចក្តី​ផ្ដើម

ប៉ុល​បាន​ពន្យល់អំពីរបៀប​ដែល​អ័ប្រាហាំ​ត្រូវ​បាន​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគុណ ។ បន្ទាប់​មក ប៉ុល​បាន​ពិពណ៌នា​ពី​ពរជ័យ​ដែល​កើត​ឡើង​ដល់​ជន​ដែល​ត្រូវបាន​​រាប់​ជា​សុចរិត ហើយ​បាន​បង្រៀន​ថា បុណ្យជ្រមុជទឹក​តំណាង​​ឲ្យ​ការ​ស្លាប់​ក្នុង​អំពើ​បាប ហើយ​មាន​ជីវិត​ឡើង​វិញ​នៅ​ក្នុង​ព្រះគ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

រ៉ូម ៤–៥

ប៉ុល​ពន្យល់អំពីរបៀប​ដែល​អ័ប្រាហាំ​ត្រូវ​​បាន​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគុណ

សូម​ចម្លង​រូបភាព និង​ឃ្លា​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ៖

រូបភាព
drawing, man crawling in desert

សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​កំពុង​នៅ​លើ​វាល​ខ្សាច់ ហើយ​ស្រេក​ទឹក​ហៀប​នឹង​ស្លាប់ ហើយ​មាន​ទឹក​មួយ​ដប​នៅ​លើ​កំពូល​ភ្នំ​មួយ​​ក្បែរ​នោះ ។

  • នៅ​ក្នុង​ចំណោម​កិច្ចការ​ខាង​ក្រោម​នេះ តើ​កិច្ចការ​ណាមួយ​នឹង​សង្គ្រោះ​អ្នក​បាន ៖ (ក) ជំនឿ​របស់​អ្នក​ថា​ទឹក​នោះ​អាច​​សង្គ្រោះ​អ្នក​បាន (ខ) ការ​ខិត​ខំ​របស់​អ្នក​​ដើម្បី​បាន​ទឹក​នោះ​មក​ផឹក ឬ (គ) ទឹក​នោះ​ផ្ទាល់ ? ( សូម​​កុំ​និយាយ​ថា​ ចម្លើយ​ទាំងអស់​របស់​សិស្ស​គឺ​ត្រឹមត្រូវ​ឬ​អត់​នោះ ) ។

សូម​ពន្យល់​ថា សាច់​រឿង​នេះ​អាច​ជួយ​យើង​​ឲ្យ​យល់​ដឹងអំពីការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ៤–៧ ស្ដីពី​របៀប​ដែល​សេចក្ដី​​ជំនឿ កិច្ចការ និង​ព្រះគុណ​ទាក់​ទង​ទៅ​នឹង​គោលលទ្ធិ​នៃ​ការ​រាប់​ជា​សុចរិត ។ ( សូម​រំឭក​សិស្ស​ថា ការ​បង្រៀន​របស់​ប៉ុល​​ស្ដីពី​ការ​រាប់​ជា​សុចរិត​ត្រូវ​បាន​ណែនាំ​នៅ​ក្នុង រ៉ូម ១–៣ ) ។

  • យោង​តាម​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ១–៣​តើ​ការ​បាន​រាប់​ជា​សុចរិត​មាន​ន័យ​ដូចម្ដេច ? ( ដើម្បី​ឲ្យ​បាន​លើក​លែង​ពី​ការ​ដាក់​ទោស​​ចំពោះ​អំពើ​បាប ហើយ​រាប់​ថា​ឥត​មាន​ទោស ឬ​​ជា​មនុស្ស​សុចរិត ) ។

សូម​ផ្ដល់​បរិបទ​សម្រាប់ រ៉ូម ៤ ដោយ​ពន្យល់​ថា មាន​ពួក​បរិសុទ្ធ​ជា​សាសន៍​យូដា​មួយ​ចំនួន​នៅ​ទី​ក្រុង​រ៉ូម​បាន​គូស​បញ្ជាក់​ហួស​ហេតុ អំពីសារៈសំខាន់​នៃ​ការ​ខិតខំ​របស់​ពួកគេ និង​អំពី​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​​នៅ​ក្នុង​ការ​បាន​រាប់​ជា​សុចរិត ។

  • តើ​មនុស្ស​មួយ​ចំនួន​នៅ​សព្វ​ថ្ងៃ​នេះ អាច​មាន​ការ​យល់​ខុស​ស្រដៀងគ្នា​នេះ​អំពី​ការ​រាប់​ជា​សុចរិត​ដោយ​របៀប​ណា ?

  • នៅ​ក្នុង​ចំណោម​ជម្រើស​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន តើ​ជម្រើស​ណា​មួយ​អាច​តំណាង​ឲ្យ​គំនិត​ថា យើង​អាច​ត្រូវ​បាន​សង្គ្រោះ​តាម​រយៈ​ការប្រព្រឹត្ត​​របស់​យើង ? ( សូម​សរសេរ ( ការប្រព្រឹត្ត ) នៅ​ក្បែរ​ជម្រើស ខ ) ។

សូម​ពន្យល់​ថា ប៉ុល​បាន​ព្យាយាម​កែ​តម្រូវ​ការ​យល់​ខុស​​ដែល​មាន​នៅ​ក្នុង​ជំនាន់​របស់​លោក ដោយ​រំឭក​ពួក​សាសន៍​យូដា​​អំពី​លោក​អយ្យកោ​ពី​បុរាណ​ឈ្មោះ​អ័ប្រាហាំ ជា​មនុស្ស​ម្នាក់​ដែល​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​ឃើញ​ថា​ជា​អ្នក​ត្រូវ​បាន​រាប់​ថា​ជា​សុចរិត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អានការ​បក​ប្រែ​ដោយ​​យ៉ូសែប ស្ម៊ីធ រ៉ូម ៤:២–៥ឲ្យ​ឮៗ ( នៅក្នុង​ Bible appendix ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​​មូលហេតុ​ដែល​អ័ប្រាហាំ​​​ត្រូវ​បាន​​គេ​វិនិច្ឆ័យ​ថា ជា​មនុស្ស​សុចរិត ។

  • តើ​អ័ប្រាហាំ ពុំ ត្រូវ​បាន​រាប់​ជា​សុចរិត​​តាម​រយៈ​អ្វី​ទៅ ? ( « ច្បាប់​នៃ​ការ​ប្រព្រឹត្ត » ) ។

  • យោង​តាម​ការ​បង្រៀន​របស់​ប៉ុល​ ដែល​បាន​កត់​ត្រា​នៅ​ក្នុង រ៉ូម ១–៣ ហេតុ​អ្វី​យើង​ពុំ​អាច​រាប់​ជា​សុចរិត​តាមរយៈ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​បាន ? ( ប៉ុល​បាន​បង្រៀន​ថា « ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » [ រ៉ូម ៣:២៣ ] ។ ការ​រាប់​ជា​សុចរិត​តាមរយៈ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​នឹង​តម្រូវ​ឲ្យ​យើង​ឈប់​ធ្វើ​អំពើបាប ) ។

សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង រ៉ូម ៤:៦–៨ ប៉ុល​បាន​ដក​ស្រង់​ចេញពី​ស្ដេច​ដាវីឌ​ដើម្បី​បង្ហាញ​បន្ថែម​ទៀត​ថា ការ​ប្រព្រឹត្ត​របស់​យើង​តែ​ម្យ៉ាង​ពុំ​ធ្វើ​ឲ្យ​យើង​បាន​រាប់​​ជា​សុចរិត ឬ​ធ្វើ​ឲ្យ​យើង​​ឥត​ទោស​បាន​ឡើយ ។

ដើម្បី​សង្ខេប រ៉ូម ៤:៩–១៥ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ប្រយោគ​ខាង​ក្រោម​នេះ​​ឲ្យ​ឮៗ ៖

ដើម្បី​បង្ហាញ​ពី​ភាព​ខុស​ឆ្គង​នៃ​គំនិត​ថា មាន​តែ​ជន​ដែល​បាន​កាត់​ស្បែក ហើយ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​ពរជ័យ​នៃ​ការ​មាន​ភាពស្មោះ​ត្រង់​បាន នោះ​ប៉ុល​បាន​បង្រៀន​ថា អ័ប្រាហាំ​បាន​ទទួល​ពរជ័យ​នៃ​ភាព​ស្មោះ​ត្រង់​របស់​លោក តាំង​ពីមុន លោក​បាន​កាត់​ស្បែក​មក​ម្ល៉េះ ហើយ​ការ​កាត់​ស្បែក​នោះ​គឺ​ជា ទី​សម្គាល់ មួយ​នៃ​ភាព​ស្មោះ​ត្រង់​របស់​លោក ។ អ័ប្រាហាំ​បាន​បន្ត​មាន​ភាព​ស្មោះត្រង់ បន្ទាប់​ពី​ចុះ​សេចក្ដី​សញ្ញា​នឹង​ព្រះ ហើយ​បាន​កាត់​ស្បែក ។ តាម​របៀប​នេះ អ័ប្រាហាំ​បាន​ក្លាយ​ជា​ឪពុក​នៃ​​មនុស្ស​ស្មោះ​ត្រង់ ទាំងអស់ ទាំង​អ្នក​ដែល​ពុំ​កាត់​ស្បែក ​( ពួក​សាសន៍​ដទៃ ) និង​​ពួក​អ្នក​កាត់​ស្បែក ​( ពួក​សាសន៍​យូដា ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ ​នៅ​ក្នុង រ៉ូម ៤:១៦ ហើយ​ចូរ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រក​មើល​ការ​ពន្យល់​ដ៏​ពេញ​លេញ​បន្ថែម​ទៀត​ថា ​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​​តាម​របៀប​ណា ។

  • តើ​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​តាម​របៀប​ណា ? ( សិស្ស​គួរ​រកឃើញ​គោលលទ្ធិ​​មួយ ​ដែល​ស្រដៀង​​គ្នា​នឹង​គោលលទ្ធិ​​ខាង​ក្រោម ៖ យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​សេចក្ដី​ជំនឿ និង​ការ​ប្រព្រឹត្ត​តាមរយៈ​ព្រះ​គុណ ) ។

សូម​រំឭក​សិស្ស​ថា​ ព្រះគុណ​សំដៅ​ទៅ​​លើ​ពរជ័យ សេចក្តី​មេត្តា​ករុណា ជំនួយ និង​កម្លាំង​ដែល​មាន​ចំពោះ​យើង ដោយសារ​តែ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ជម្រើស​ណា​មួយ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារ​ខៀន​អាច​តំណាង​ឲ្យ​ដង្វាយ​ធួន និង​ព្រះ​គុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​ជម្រើស​ណា​មួយ​អាច​តំណាង​ឲ្យ​សេចក្ដី​ជំនឿ​​របស់​យើង​លើ​ទ្រង់ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួច សូម​សរសេរ ( ដង្វាយធួន និង​​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ )​ នៅ​ក្បែរ​ជម្រើស គ និង ( សេចក្ដី​ជំនឿ ) នៅ​ក្បែរជម្រើស​ ក ) ។

  • ប្រសិន​បើ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ តើ​យើង​អាច​បាន​សង្គ្រោះ​ដោយ​សេចក្ដី​ជំនឿ និង​​ការ​ខិតខំ​របស់​យើង​ដែរ​ឬទេ ប្រសិន​បើ​គ្មាន​ទឹក​នោះ ? ( ទេ ) ។ តើ​ទឹក​នៅ​ក្នុង​សាច់​រឿង​នេះ​ប្រៀប​​បាន​ទៅនឹង​ដង្វាយ​ធួន និង​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា​ដែរ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ឮៗ​ដោយ​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« សេចក្ដី​សង្គ្រោះ​ពុំ​អាចទិញ​បាន​ដោយ​ប្រាក់​នៃ​ការគោរពប្រតិបត្តិ​ឡើយ តែ​អាច​ទិញ​បាន​ដោយ​ព្រះលោហិត​នៃ​បុត្រា​នៃ​ព្រះ [ សូម​មើល កិច្ចការ ២០:២៨ ] ។ …

« ព្រះគុណ​គឺ​ជា​អំណោយ​​មកពី​ព្រះ ហើយ​បំណង​​ប្រាថ្នា​របស់​យើង​​ក្នុង​ការគោរព​តាម​បញ្ញត្តិ​នីមួយៗ​របស់​ព្រះ គឺជា​ការបង្ហាញ​ដល់​ព្រះវរបិតាសួគ៌ក្នុងជីវិត​រមែងស្លាប់នេះ​ថា យើង​ចង់​ទទួល​​បាន​អំណោយដ៏​​ពិសិដ្ឋ​នេះ » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩, ១១០ ) ។

សូម​ចង្អុល​បង្ហាញ​ថា កាល​សាច់​រឿង​ដែល​បាន​ពិពណ៌នា​​នៅ​លើ​ក្ដារខៀន​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​សេចក្ដី​ជំនឿ ការ​ប្រព្រឹត្ត និង​ព្រះគុណ​ដែល​ធ្វើ​ឲ្យ​យើង​បាន​​រាប់​ជា​សុចរិត នោះ​វា​ពុំ​បាន​បង្ហាញ​ទាំងស្រុង​នោះ​ទេ​ថា យើង​បាន​ទទួល​ព្រះគុណ​របស់​អង្គ​សង្គ្រោះ​នោះ ។ ព្រះយេស៊ូវគ្រីស្ទ​ពុំ​គ្រាន់​តែ​ប្រទាន​ទឹក​ ដែល​សង្គ្រោះ​ដល់​ជីវិត​ដែល​តំណាង​ឲ្យ​ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ដែល​​ទឹក​នេះ​ធ្វើ​ឲ្យ​​​យើង​​ត្រូវ​បាន​រាប់​ជា​សុចរិត ហើយ​សម្អាត​យើង​ពី​អំពើ​បាប ប៉ុន្ដែ​​ទ្រង់​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​​សេចក្ដី​ជំនឿ និង​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទទួល​បាន​ទឹក​នោះ ឬ​បាន​ព្រះគុណ​របស់​ទ្រង់​ផង​ដែរ ។ យើង​អាច​មាន​ពរជ័យ ​តាមរយៈ​ព្រះគុណ​នេះ​ពី​មុន អំឡុង​ពេល និង​ក្រោយ​ពីពេល​ដែល​​យើង​អនុវត្ត​សេចក្ដី​ជំនឿទៅ​​លើ​ទ្រង់ ហើយ​ប្រព្រឹត្ត​ការ​ល្អ ។

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗពី​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយអែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« អំណាច​នៃ​ដង្វាយធួន​អាច​ធ្វើ​ឲ្យ​មាន​ការប្រែ​ចិត្ត​បាន … ហើយ វា​ក៏​ពង្រឹង​យើង​ឲ្យ​មើល​ឃើញ ធ្វើកិច្ចការ និង ប្រែខ្លួន​ល្អ​តាម​របៀប​ដែល​យើង​មិន​អាច​ស្គាល់ ឬ​សម្រេច​បាន​ជាមួយ​នឹង​សម្ថតភាព​ដែល​មាន​កំណត់​នៃ​ជីវិត​រមែង​ស្លាប់​នេះ » ( « Therefore They Hushed Their Fears » EnsignLiahona ខែ ឧសភា ឆ្នាំ​ ២០១៥ ទំព័រ ៤៧ ) ។

  • តើ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿទៅ​​លើ​ទ្រង់ ហើយ​ប្រព្រឹត្ត​​ការ​ល្អ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ប្រព្រឹត្ត​មួយ​ចំនួន​ណា​ខ្លះ​ ដែល​យើង​អាច​​ធ្វើ​ដើម្បី​បង្ហាញ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះ​គ្រីស្ទ ហើយ​បាន​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ? ( ប្រែចិត្ត ហើយ​គោរព​បទបញ្ញត្តិ​ទាំងឡាយ ព្រម​ទាំង​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំបែក​គ្នា​ជា​ក្រុម​ដែល​មាន​​គ្នា​ពីរ ឬ​បីនាក់ ហើយ​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​​មក​ថា តើ​សេចក្ដី​ជំនឿ និង​ការ​ប្រព្រឹត្ត​សុចរិត​ជួយ​យើង​ឲ្យ​ទទួល​បាន​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ដើម្បី​យើង​អាច​ត្រូវ​បាន​រាប់​ជា​សុចរិត ។ ( សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​យល់​ថា សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​លើ​ព្រះចេស្ដា​របស់​ទ្រង់​​ដើម្បី​សង្គ្រោះ​យើង​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទទួល​យក​ពិធី​បរិសុទ្ធ​ចាំបាច់​នានា ហើយ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​​របស់​ព្រះ ដែល​អនុញ្ញាត​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ) ។

សូម​សង្ខេប រ៉ូម ៥ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​អំពី​ភាពសុខសាន្ត​ដែលកើតមាន​​ដល់​​ជន ​ដែល​ទទួល​បាន​ព្រះ​គុណ​របស់​ព្រះគ្រីស្ទ​តាមរយៈ​សេចក្ដី​ជំនឿ ( សូម​មើល ខទី ១–២ ) ។ លោក​បាន​ពន្យល់​បន្ថែម​ទៀត​ថា ព្រះគុណ​មាន​​សម្រាប់​យើង​ដោយសារ​​តែដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ គឺ​លើស​ពី​ការ​ល្មម​គ្រប់​គ្រាន់​​ដើម្បី​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ទៅ​ទៀត ។

រ៉ូម ៦–៧

ប៉ុល​បង្រៀនអំពីរបៀប​ចៀស​ផុត​ពី​អំពើ​បាប ហើយ​ទទួល​​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ឆ្លើយតប​យ៉ាង​ណា​ដែរ​ចំពោះ​សាច់​រឿង​ខាង​ក្រោម​នេះ ៖

នៅ​ទីបំផុត មិត្ត​របស់​អ្នក​កំពុង​ដាក់​ផែនការ​ទៅ​បម្រើ​បេសកកម្ម ប៉ុន្តែ​នៅ​ពេល​នេះ​​គាត់​កំពុង​ធ្វើ​​ការ​ជ្រើស​​រើស​ដែល​ផ្ទុយ​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់ ។ នៅ​ពេល​បង្ហាញ​នូវ​កង្វល់​អំពី​ឥរិយាបថ​របស់​​មិត្ត​អ្នក គាត់​និយាយ​ថា « វា​ពុំ​មែន​ជា​បញ្ហា​ធំ​ទេ ។ ដោយសារ​ដង្វាយធួន ខ្ញុំ​អាច​ប្រែ​ចិត្ត​ ពី​មុន​ខ្ញុំ​ទៅ​បេសកកម្ម​បាន​ជានិច្ច » ។

សូម​ពន្យល់​ថា​ មាន​មនុស្ស​មួយចំនួន​ល្មើសនឹងបទ​បញ្ញត្តិ​របស់ព្រះទាំង​បំពាន រួច​ដាក់​ផែនការ​​ដើម្បី​​ប្រែ​ចិត្ត​តាមក្រោយ ដូចជា​ពីមុន​ពួកគេ​ចូល​ព្រះវិហារ​បរិសុទ្ធ ឬ ចេញបម្រើ​បេសកកម្ម​ជាដើម ។ នៅ​ពេល​សិស្ស​សិក្សា រ៉ូម ៦ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ហេតុផល​ ដែល​លក្ខណៈ​នេះ​បង្ហាញ​ពីការ​យល់ខុស​ដ៏​ធ្ងន់​ធ្ងរ​មួយ​អំពី​គោលលទ្ធិ​នៃ​ព្រះគុណ ។

សូម​ចែក​សិស្ស​ជា​គូ ។ សូម​អញ្ជើញ​ដៃ​គូ​នីមួយៗ​ឲ្យ​អាន រ៉ូម៦:១–៦, ១១–១២ ឮៗ​រួម​គ្នា ហើយ​ពិភាក្សា​ថា​ តើ​ការ​បង្រៀន​របស់​ប៉ុល​អាច​កែ​តម្រូវការ​ការ​គិត​របស់​មិត្ត​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ។ ក្រោយពី​ផ្ដល់​ពេល​គ្រប់គ្រាន់ហើយ សូម​សួរ ៖

  • តើ​ប៉ុល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​យល់​ខុស​ថា ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​អំពើ​បាប​របស់​យើង​ដោយ​ឯក​ឯង​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា ការ ​« ស្លាប់​ខាង​ឯ​អំពើបាប » ( ខ​ទី ២ ) និង​ ការ ​« បាន​ត្រូវ​កប់​ជាមួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ » ( ខ​ទី ៤ )​មាន​ន័យ​ដូចម្ដេច ?

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច​តំណាង​ឲ្យ​អ្វី ? ( នៅពេល​សិស្ស​ឆ្លើយ​រួច សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលលទ្ធិ​​ដូច​តទៅ​នេះ ៖ បុណ្យ​ជ្រមុជទឹក​ដោយ​ការ​ផ្ដាច់​បាប​ អាច​តំណាង​ឲ្យ​សេចក្ដី​ស្លាប់​របស់​យើង​ពី​អំពើ​បាប និង​ជីវិត​ថ្មី​ខាង​វិញ្ញាណ ។

សូម​ពន្យល់​ថា ជីវិត​ខាង​វិញ្ញាណ​ថ្មី​ដែល​យើង​ចាប់ផ្ដើម នៅ​ពេល​យើង​បាន​ជ្រមុជទឹក​ រួម​បញ្ចូល​ទាំង​ការ​ទទួល​ការ​ផ្ដាច់​​​បាប​របស់​យើង និង​ការ​តាំង​ចិត្ត​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​​ទាំងឡាយ​របស់​ព្រះ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​បន្ថែម​ទៀត​​នៅ​ក្នុង រ៉ូម ៦ សូម​បង្ហាញ​ក្រដាស​ប្រាក់​មួយ​ចំនួន ។

  • តើ​នរណា​បើក​​ប្រាក់​ខែ​ឲ្យ​​បុគ្គលិក​ម្នាក់ៗ ? ហេតុអ្វី​និយោជក​ម្នាក់​​ពុំ​បើក​​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​របស់​និយោជក​ម្នាក់​ទៀត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន រ៉ូម ៦:១៣ ដោយ​ស្ងាត់​ស្ងៀម ដោយ​រក​មើល​« និយោជក » ឬ​ចៅហ្វាយ​ពីរ​រូប ជាមនុស្ស​ម្នាក់​​ដែល​អាច​ងាក​ទៅ​រក ហើយ​បម្រើ ។ ( អ្នក​គួរ​ពន្យល់​ថា​ពាក្យ ប្រគល់ នៅ​​ក្នុង​ខគម្ពីរ​នេះ​ចង់​សំដៅ​ទៅ​លើ​ការ​ថ្វាយ ឬ​​ប្រគល់​ខ្លួន ) ។ សូម​ឲ្យ​សិស្ស​រាយការណ៍ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​គូស​​តារាង​ខាងក្រោម​ដាក់​លើ ក្ដារខៀន ៖

ឈ្នួល​របស់​អំពើ​បាប

ឈ្នួល​របស់​ព្រះ

សូម​ឲ្យ​សិស្ស​អាន រ៉ូម ៦:១៤–២៣​ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យសិស្ស​​ពាក់​កណ្ដាលថ្នាក់ទៀតរក​មើលពាក្យ ​« ឈ្នួល » ( ខទី ២៣ ) ឬ​ផល​នៃ​អំពើ​បាប និង​ពាក់​កណ្ដាល​ទៀត​រក​មើល​ឈ្នួល​​របស់​ព្រះ ។ បន្ទាប់​ពី​សិស្ស​មាន​ពេល​គ្រប់​គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​​ពីរ​បី​នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន​សរសេរអំពីអ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ទៅ​ក្នុង​តារាង ។ ( នៅ​ក្រោមពាក្យ​ « ឈ្នួល​របស់​អំពើបាប »​ សិស្ស​គួរ​សរសេរ សេចក្ដី​ស្លាប់ [ សូម​មើល ខទី ១៦, ២១, ២៣ ] ហើយ​នៅ​ក្រោមពាក្យ ​« ឈ្នួល​របស់​ព្រះ »​ ពួកគេ​គួរ​សរសេរ សេចក្ដី​សុចរិត [ សូម​មើល ខ​ទី ១៦ ], បរិសុទ្ធ [ សូម​មើល ខ​ទី ១៩, ២២ ], ជីវិត​អស់​កល្ប​ជានិច្ច [ សូម​មើល ខ​ទី ២៣ ] និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច [ សូម​មើល ខ​ទី ២៣ ] ) ។ សូម​ពន្យល់​ថា សេចក្ដី​ស្លាប់​ដែល​ជា​ឈ្នួល​នៃ​អំពើ​បាប​សំដៅ​ទៅ​លើ​ « ការ​បែក​ចេញ​ពី​ព្រះ និង​ពី​ឥទ្ធិពល​ទ្រង់ » ហើយ​វា​មាន​ន័យ​ថា « ស្លាប់​ចំពោះ​អ្វីៗ​ខាង​សេចក្ដី​សុចរិត » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « Death, Spiritual » scriptures.lds.org ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ពី​​ក្នុង រ៉ូម ៦:១៦ អំពី​ផល​នៃ​ការ​ប្រគល់​​ខ្លួន​ឲ្យ​អំពើបាប ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ប្រសិន​បើ​យើង​ប្រគល់​ខ្លួន​ឲ្យ​អំពើបាប នោះ​យើង​នឹង​ក្លាយ​ជា​ពួក​អ្នក​បម្រើ​របស់​អំពើ​បាប ) ។

  • តើ​ការ​ប្រគល់​ខ្លួន​ឲ្យ​អំពើបាប​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​បាវ​បម្រើ​នៃ​អំពើ​បាប​នោះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិតពី​ឧទាហរណ៍​​នានា ពី​គ្រា​ដែល​​ការ​ប្រគល់​ខ្លួន​ឲ្យ​អំពើ​បាប​របស់​មនុស្ស​ម្នាក់​​​បាន​ដឹកនាំ​ទៅ​រក​ការ​បាត់​បង់​សេរីភាព ។

សូម​យោង​ទៅ​បញ្ជី​ក្រោមចំណងជើង ​« ឈ្នួល​របស់​ព្រះ » ។

  • តើ​អ្វី​ទៅ​ជា​អត្ថប្រយោជន៍​នៃ​ការ​បម្រើ​សេចក្ដី​សុចរិត ​ជាជាង​អំពើបាប ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ ពី​​ការ​បង្រៀន​របស់​ប៉ុល​អំពី​របៀប​បាន​សេរីភាព​ផុត​ពី​អំពើបាប ហើយ​ទទួល​​បាន​អំណោយ​ទាន​នៃ​ជីវិត​អស់កល្ប​ជានិច្ច ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូច​តទៅ ៖ ប្រសិន​បើ​យើង​ងាក​ទៅ​រក​ព្រះ នោះ​យើង​អាច​រួច​ផុត​ពី​អំពើបាប ហើយ​ទទួល​បាន​អំណោយ​ទាន​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) ។

  • តើ​យើង​អាច​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​តាម​របៀប​ណា ?

  • តើ​អ្នក​ធ្លាប់​ដក​ពិសោធន៍នូវ​សេរីភាព​ផុត​ពី​អំពើ​បាប​ ដោយ​ការ​​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ តាម​របៀបណា ?

សូមថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការថ្វាយ​​ខ្លួន​​ចំពោះ​ព្រះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ពីគោលការណ៍​មួយ​ ទាក់ទង​​នឹង​របៀប​ដែល​ពួកគេ​នឹង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​កាន់​តែ​ប្រសើរ​ឡើង ។

សូម​សង្ខេប រ៉ូម ៧ ដោយ​ពន្យល់​ថា ប៉ុល​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប​អំពី​អាពាហ៍​ពិពាហ៍​ដើម្បី​បង្រៀន​ថា សមាជិក​សាសនា​ចក្រ​​ត្រូវ​បាន​រំដោះ​​ឲ្យ​ផុត​ពី​ក្រឹត្យវិន័យ​របស់​ម៉ូសេ ហើយ​បានចូល​រួម​នឹង​ព្រះគ្រីស្ទ ។ លោក​ក៏​បាន​សរសេរ​ផង​ដែរ​អំពី​ឧបសគ្គ​រវាង ​« សាច់​ឈាម » ( ខ​ទី ១៨ ) ឬ​សេចក្ដី​ស្រេកឃ្លាន​ខាង​រូបកាយ និង​ « ប៉ែក​ខាង​ក្នុង » ( ខ​ទី ២២ ) ឬ​ជីវភាព​​ខាង​វិញ្ញាណ ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​នានា ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

រ៉ូម ៤:១៦ ។ ព្រះ​គុណ

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បញ្ជាក់​អំពី​របៀប​ដែល​យើង​ទទួល​បាន​ព្រះ​គុណ​របស់​ព្រះអង្គ​សង្គ្រោះ ៖

« ព្យាការី​នីហ្វៃ​បាន​ធ្វើឲ្យយើង​យល់អំពីសារៈសំខាន់ នៃ​ព្រះគុណ​នៃព្រះ កាល​លោក​បាន​ប្រកាស​ថា ‹ យើង​ព្យាយាម​ខំ​សរសេរ …​ដើម្បី​បញ្ចុះ​បញ្ចូល​កូន​ចៅ​យើង និង បង​ប្អូន​យើង​ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ ដ្បិត​យើង​ដឹង​ថា មានតែ ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › » [ នីហ្វៃទី២ ២៥:២៣, ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។

« យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ​ខ្ញុំ​គិត​ថា យើង​បកស្រាយ​ខុស​លើ​ឃ្លា ‹ បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន › ។ យើង​ត្រូវតែ​យល់​ថា ពាក្យ ‹ បន្ទាប់​ពី › មិន​មែន​ស្មើ​នឹង​ពាក្យ ‹ ដោយសារ › នោះ​ទេ ។

« យើង​ពុំ​អាច​ត្រូវបាន​សង្គ្រោះ ‹ ដោយសារ › អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​​បាន​នោះ​ទេ ។ តើ​យើង​ម្នាក់ៗ​បាន​ធ្វើ អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​ហើយ​ឬ​នៅ ? តើ​ព្រះ​រង់ចាំ​ រហូត​ដល់​យើង​បាន​ចំណាយ​អស់​រាល់​ការខិតខំ ទើប​ទ្រង់​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​យើង​ ដោយ​នូវ​ព្រះគុណ​នៃ​សេចក្តីសង្គ្រោះ​ទ្រង់​ឬ ? …

« ខ្ញុំ​ដឹង​ប្រាកដ​ថា នីហ្វៃ​ស្គាល់ថា ​ព្រះគុណ​នៃ​ព្រះអង្គសង្គ្រោះ អនុញ្ញាត និង ធ្វើ​ឲ្យ យើង​យកឈ្នះ​អំពើបាប [ សូម​មើល នីហ្វៃទី២ ៤:១៩–៣៥, អាលម៉ា ៣៤:៣១ ] ។ នេះ​ជា​មូលហេតុ​ដែល​នីហ្វៃ ធ្វើការ​ដោយ​ឧស្សាហ៍​​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​កូនចៅ និង ពួក​បងប្អូន​លោក ‹ ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ › [ នីហ្វៃទី ២ ២៥:២៣ ] » ( « The Gift of Grace » EnsignLiahona ខែ ឧសភា ឆ្នាំ ​២០១៥ ទំព័រ ១១០ ) ។

អែលឌើរ ប្រ៊ូស ស៊ី ហាហ្វែន នៃ​ពួក​ចិតសិប​នាក់​​បាន​ពន្យល់អំពីរបៀប ​ដែល​ព្រះគុណ​ជួយ​យើង​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ៖

« ការ​រីកចម្រើន​មាន​ន័យ​ថា​ ការ​កើន​ឡើង​នូវ​ការ​ឈឺចាប់ ។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា ការ​រៀន​សូត្រ​ចេញ​ពី​កំហុស​របស់​យើង​​នៅ​ក្នុង​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​មួយ ​ដែល​អាច​កើត​មាន​តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​ប្រទាន​​ឲ្យ​ទាំង​នៅ​ក្នុង​ពេលនេះ និង ‹ បន្ទាប់​ពី​អ្វីៗ​ទាំង​អស់​ ដែល​យើង​អាច​ធ្វើ​បាន › [ នីហ្វៃទី ២ ២៥:២៣, ការ​គូស​បញ្ជាក់​បាន​បន្ថែម ] » ( « The Atonement: All for All » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩៧ ) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា៖

« សម្រាប់មូលហេតុ​មួយចំនួន យើង​គិត​ថា ដង្វាយធួន​នៃ​ព្រះ អនុវត្ត​តែនៅ​ចុង​បញ្ចប់​នៃ​ជីវិត​រមែង​ស្លាប់ ដើម្បី​ប្រោស​លោះ​​ពី​ការ​ធ្លាក់​ ចេញពី​សេចក្ដីស្លាប់​ខាង​វិញ្ញាណប៉ុណ្ណោះ ។ វា​មានច្រើន​​ជាង​នោះ​ទៅទៀត ។ វា​គឺ​ជា​ព្រះចេស្ដា​ដែល​មានវត្តមាន​ជានិរន្ដរ៍ ដើម្បី​ហៅ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ » ( « The Touch of the Master’s Hand » Ensign ខែ ឧសភា ឆ្នាំ ​២០០១ ទំព័រ ២៣ ) ។

រ៉ូម ៥:៦–៨ ។ ការ​ប្រើ​ខុសៗ​គ្នា​នៃ​ពាក្យ ព្រះគុណ

រ៉ូម ៥:៦–៨ បង្ហាញ​ថា ព្រះគុណ​ជា​អ្វី​មួយ ​ដែល​យើង​ទទួល​បាន​មក​ពី​ព្រះ​ដោយ​​ពុំ​គិត​ពី​​ទង្វើ​របស់​យើងទេ ។ ឧទាហរណ៍ តាមរយៈ​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​មនុស្ស​លោក​គ្រប់​រូប​នឹង​ត្រូវ​បាន​ប្រោស​លោះ​ចេញ​ពី​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ដោយ​គ្មាន​លក្ខខណ្ឌ ។ បទគម្ពីរ​ផ្សេង​ទៀត​បាន​បង្ហាញ​ព្រះគុណ​ថា​ជា​អ្វី​មួយ ​ដែល​យើង​ទទួល​បាន​មក​ពី​ព្រះ​ដោយ​សារ​​តែ​លទ្ធផល​នៃ​អ្វីៗ​ដែល​យើង​ធ្វើ ។ ឧទាហរណ៍ ទង្វើ​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​រីក​ចម្រើន​​នៅ​ក្នុង​ព្រះគុណ ឬ​ធ្លាក់​ចេញ​ពី​ព្រះ​គុណ ( សូម​មើល យ៉ូហាន ១:១៦, កាឡាទី ៥:៤, ពេត្រុស​ទី​២ ៣:១៨, គ. និង ស. ៩៣:១២–១៣, ១៩–២០ ) ។ លើស​ពី​នេះ​ទៅ​ទៀត តាមរយៈ​ព្រះគុណ​ យើង​ទទួល​បាន​ការ​អភ័យទោស​ពី​អំពើ​បាប​របស់​យើង​ « ស្រប​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រែ​ចិត្ត » ( គ. និង ស. ១៨:១២ ) ។ ប៉ុន្តែ « នៅ​ពេល​ដែល​អ្នក​នោះ​ពុំ​អនុវត្ត​សេចក្ដី​​ជំនឿ​ចំពោះ​ការ​ប្រែ​ចិត្ត នោះ​ត្រូវ​លាត​ត្រដាង​នៅ​ក្នុង​ច្បាប់​ទាំង​មូល ចំពោះ​ការទាម​ទារ​នៃ​សេចក្ដី​យុត្តិធម៌ » ( អាលម៉ា ៣៤:១៦ ) ។