បណ្ណាល័យ
មេរៀន​ទី ៩៩ ៖ រ៉ូម ១-៣


មេរៀនទី ៩៩

រ៉ូម ១-៣

សេចក្តី​ផ្ដើម

ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​ពួក​បរិសុទ្ធ​នៅ​ទីក្រុង​រ៉ូម ដោយ​ប្រកាស​ថា ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះចេស្ដា​នៃ​ព្រះ​សម្រាប់សេចក្ដី​សង្គ្រោះ ។ សូម​ពន្យល់​ថា គ្មាន​នរណា​ម្នាក់​​អាច​ត្រូវ​បាន​សង្គ្រោះ​ដោយ​កិច្ចការ​របស់​ខ្លួន​ផ្ទាល់​​ឡើយ ពួកគេ​ត្រូវ​តែ​បាន​សង្គ្រោះ​ដោយ​​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​កើត​មាន​តាមរយៈ​ដង្វាយធួន ។

យោបល់​សម្រាប់​ការបង្រៀន

រ៉ូម ១:១-១៧

ប៉ុល​ប្រកាស​ថា ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​​ព្រះចេស្ដា​នៃ​ព្រះ​សម្រាប់​​សេចក្ដី​សង្គ្រោះ

សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ឡារី អិកូ ហក នៃ​ពួក​ចិតសិប​នាក់ ។ សូម​ពន្យល់​ថា កាល​នៅ​ជា​យុវវ័យ​ម្នាក់ អែលឌើរ អិកូ ហក បាន​ចុះឈ្មោះចូល​ធ្វើ​ទាហាន​​នៅ​ក្នុង​ទ័ព​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក ។

រូបភាព
ដោយ អែលឌើរ ឡារី អិកូ ហក

« ខ្ញុំបានជួបគ្រូបង្វឹករបស់ខ្ញុំ ដែលជាទាហានជើងចាស់ម្នាក់ ពេលដែលលោកធាក់បើកទ្វារចូលមកបន្ទាយ ទាំងស្រែកដោយពាក្យអាសគ្រាម ។

« បន្ទាប់ពីការណែនាំខ្លួនដ៏រន្ធត់នេះ គាត់បានចាប់ផ្ដើមពីចុងម្ខាងនៃបន្ទាយ ហើយចោទសួរទាហានថ្មីម្នាក់ៗ ។ ដោយគ្មានការលើកលែង នោះគ្រូបង្វឹកព្យាយាមរកឃើញអ្វីមួយ​ពីទាហានថ្មីម្នាក់ៗ ដើម្បីចំអកឲ្យជាមួយនឹងភាសាគ្រោតគ្រាតខ្លាំងៗ ។ គាត់​បាន​ដើរ​តាម​ជួរ ដោយ​ឲ្យ​​ទាហានជើង​ទឹក​ម្នាក់ៗ​ស្រែក​ឆ្លើយ​ទៅ​វិញ ដូច​ដែល​បាន​បញ្ជា ៖ ‹ បាទ ! › ឬ ‹ ទេ​ ! លោក​ពលបាលត្រី › ។ … ពេលដល់វេនខ្ញុំ ខ្ញុំអាចប្រាប់បានថា គាត់បានកញ្ឆក់យកកាបូបស្ពាយរបស់ខ្ញុំ ហើយចាក់ឥវ៉ាន់ចេញទៅលើពូកនៅពីក្រោយខ្ញុំ ។ គាត់បានមើលរបស់របរខ្ញុំ បន្ទាប់មកដើរត្រឡប់មកខាងមុខខ្ញុំវិញ ។ ខ្ញុំបានរៀបចំខ្លួនសម្រាប់ការ​ស្រែកវាយប្រហាររបស់គាត់ ។ គាត់កាន់​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ​ក្នុង​ដៃ​គាត់ » ( « Come unto Me, O Ye House of Israel » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០១២ ទំព័រ ៣២ ) ។

  • តើ​អ្នកមាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​អ្នក​នៅក្នុង​ស្ថានភាព​របស់​អែលឌើរ អិកូ ហក ?

  • តើ​អ្នក​គិត​ថា​គ្រូបង្វឹក​នោះ​នឹង​ធ្វើ​អ្វី ?

  • តើ​អ្នក​ធ្លាប់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​អ្នក​ព្រួយ​ថា ជំនឿ​របស់​អ្នក​ត្រូវ​បាន​គេ​សើច​ចំអក​ដែរ​ឬទេ ? (សូម​គិត​អំពី​ការអញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែក​ចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​​ក្នុង​ថ្នាក់ )។

នៅពេល​សិស្ស​សិក្សា​រ៉ូម ១សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើលសេចក្ដី​ពិត​ដែល​អាច​​ជួយពួក​គេ​ នៅពេល​ពួកគេ​ជួបប្រទះនឹង​ការ​សើច​ចំអកដល់​ជំនឿ និង​បទដ្ឋាន​របស់​ពួកគេ ។

សូម​ណែនាំ​ដោយ​សង្ខេប​ពី​គម្ពីរ​រ៉ូម​ ដោយ​អញ្ជើញ​​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ឃ្លា​ខាង​ក្រោម​នេះ ៖

គម្ពីរ​រ៉ូម​គឺជា​សំបុត្រ​មួយ​ដែល​ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម កាល​ដំណើរ​​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ជិតដល់​ទី​បញ្ចប់ ។ លោក​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​មក​ដល់​របស់​លោក ដើម្បី​​បញ្ជាក់ ហើយ​ការពារ​ការ​បង្រៀន​របស់​លោក និង​ដើម្បី​លើក​កម្ពស់​សាមគ្គីភាព​រវាង​​សមាជិក​សាសនាចក្រ​​សាសន៍​យូដា និងសាសន៍ដទៃ ។ ក្រុង​រ៉ូម—ជា​រាជធានី​នៃ​អាណាចក្រ​រ៉ូម—ត្រូវ​បាន​ជោគជាំ​ទៅ​ដោយ​ទស្សនៈ​លោកិយ ហើយ​ជា​កន្លែង​មួយ​ដែល​ពិបាកក្នុងការ​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សង្ខេប រ៉ូម ១:១–១៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​ចាប់ផ្ដើម​សំបុត្រ​របស់​លោក​​ដោយ​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បង្ហាញ​ពី​បំណង​ប្រាថ្នា​លោក ដើម្បី​​ទៅ​ជួបពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ១:១៥-១៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុលបាន​បង្រៀន​អ្វីខ្លះ ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ប៉ុល​បាន​និយាយ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អ្វី ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ស្រដៀង​គ្នា​មួយ​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ព្រះចេស្តា​នៃ​ព្រះ​សម្រាប់សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​អាច​ឲ្យ​យោបល់​ដល់​សិស្ស​ ឲ្យ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​នានា​ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បណ្ដាល​ឲ្យ​យើង​ត្រូវ​បាន​សង្គ្រោះ​ពី​អ្វី ? ( សេចក្ដី​ស្លាប់​ខាង​រូបកាយ និង​ ខាង​វិញ្ញាណ ) ។

  • ហេតុអ្វី​យើង​ត្រូវ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​សង្គ្រោះ​តាមរយៈ​ដំណឹងល្អ ? ( ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​ដែល​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​យើង​អាច​កើត​មាន​ឡើង ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ការ​ពន្យល់​ខាង​ក្រោម​នេះ​អំពី​អត្ថន័យ​នៃ​ពាក្យ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ៖

ដូចដែល​បាន​ប្រើ​ដោយ​ប៉ុល ពាក្យ ជំនឿ និង សេចក្ដី​ជំនឿ ពុំ​មាន​ន័យ​គ្រាន់​តែ​ជា​ការ​ព្រមព្រៀង​ខាង​ផ្លូវ​ចិត្ត​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ទទួល​យក​ដោយ​ពេញ​ដួងចិត្ត ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ថា ទ្រង់ជា​អង្គ​ដែល​លះបង់ព្រះ​​អង្គ​ទ្រង់​នៅ​ក្នុង​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង ។ ការ​ទុក​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​នេះ​ដឹកនាំ​ទៅ​រក​ជីវិត​នៃ​សេចក្ដី​ស្មោះ​ត្រង់ បង្ហាញ​ដោយ​ការ​ប្រែ​ចិត្ត​ពី​អំពើបាប ការ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ការ​ព្យាយាម​រស់​នៅ​ដូចអ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន ( សូមមើល កិច្ចការ ១៦:៣០–៣៣, ​​រ៉ូម ៦:១–១១, កូរិនថូសទី ១ ៦:៩–១១ ) ។ « សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ … ​បង្ហាញ​នៅ​ក្នុង​ជីវិត​នៃ​ការ​គោរព​ប្រតិបត្តិ​តាម​​ក្រឹត្យវិន័យ និង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ និង​ការ​បម្រើ​ដល់​ព្រះគ្រីស្ទ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​សង្គ្រោះ » scriptures.lds.org ) ។

  • ដោយ​សារ​ប៉ុល​បាន​ដឹង​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះចេស្ដា​នៃ​ព្រះ​សម្រាប់​​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ​នោះ តើ​ប៉ុល​មាន​អារម្មណ៍​បែប​ណា​ដែរ​ចំពោះ​ការ​ប្រកាស​ពី​ដំណឹងល្អ ? ( លោក​គ្មាន​ភាព​អាម៉ាស់​នោះ​ទេ [ សូមមើល រ៉ូម ១:១៦ ] ) ។

  • តើ​ការ​មាន​ទីបន្ទាល់​មួយ​អំពី​អំណាច​នៃ​ដំណឹងល្អ​ អាច​មាន​ឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅ​ពេល​យើង​ទទួល​ទីបន្ទាល់​មួយ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អំណាច​ដើម្បី​សង្គ្រោះ​យើង នោះ​យើង​នឹង​មិន​ខ្មាស់​អៀន​ក្នុង​​ការ​ចែកចាយ​វា​ជាមួយ​នឹង​មនុស្ស​ដទៃ​ឡើយ ) ។

  • តើ​គោលការណ៍​នេះ​អាច​ជួយ​អ្នក នៅ​ពេល​អ្នក​ជួបប្រទះនឹង​ការ​បៀតបៀន ឬ​ការ​ចំអក​ចំពោះ​ជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នៅ​ផ្នែក​បន្ទាប់​នៃ​រឿង​របស់​អែលឌើរ អិកូ ហក ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើល​ថា​ តើ​លោក​បាន​ឆ្លើយ​តប​នឹង​គ្រូបង្វឹក​នោះ​យ៉ាងដូច​ម្ដេច ។

រូបភាព
ដោយ អែលឌើរ ឡារី អិកូ ហក

« ខ្ញុំគិតថា គាត់នឹងស្រែកឲ្យខ្ញុំ តែគាត់បានខិតមកជិតខ្ញុំ ហើយខ្សឹបថា ‹ តើអ្នកជាពួកមរមនឬ ? ›

« ដូចដែលបានបញ្ជា នោះខ្ញុំបានស្រែកថា ‹ បាទ ! លោកពលបាលត្រី › ។

« ជាថ្មីម្ដងទៀត ខ្ញុំបានរំពឹងនូវរឿងអាក្រក់​នឹងកើតឡើង ។ ផ្ទុយទៅវិញ​ គាត់បានឈប់មួយសន្ទុះ ហើយលើកដៃគាត់ដែលកាន់ព្រះគម្ពីរ​មរមនខ្ញុំ​នោះ ហើយបាននិយាយដោយសំឡេងតិចៗ ថា ‹ តើអ្នក​ជឿលើព្រះគម្ពីរនេះ​ទេ ? ›

« ម្ដងទៀត ខ្ញុំ​ស្រែក​ថា ‹ បាទ ! លោក​ពលបាល​ត្រី › » ( « Come unto Me, O Ye House of Israel »ទំព័រ ៣២ ) ។

  • តើ​ការ​ឆ្លើយ​តប​របស់​អែលឌើរ អិកូ ហក គឺជា​គំរូ​ដ៏​ល្អ​មួយ​ពី​គោលការណ៍​ដែល​បាន​បង្រៀន​​នៅ​ក្នុង រ៉ូម ១:១៦ យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ផ្ទុយ​ពី​ការ​ចំអក​ដល់​អែលឌើរ អិកូ ហក គ្រូ​បង្វឹក​នោះ​បាន​ដាក់​ព្រះគម្ពីរ​មរមន​ចុះ​ដោយ​ថ្នម ហើយ​បាន​បន្ត​​ទៅឈ្មោះ​ទាហាន​ផ្សេង​ទៀត ។ សូម​អាន​ឮៗ​នូវ​ពាក្យ​ពេចន៍​បន្ថែម​ទៀត​របស់​អែលឌើរ អិកូ ហក ៖

រូបភាព
ដោយ អែលឌើរ ឡារី អិកូ ហក

« ជាញឹកញាប់ ខ្ញុំឆ្ងល់ថា ហេតុអ្វីពលបាលត្រីទាហានជើងទឹកដ៏កាចនោះបាន​លើកលែងឲ្យខ្ញុំនៅថ្ងៃនោះ ។ តែ​ខ្ញុំ​មាន​អំណរគុណ ដែល​ខ្ញុំ​អាច​និយាយ​បាន​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ថា ‹ បាទ ! ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​​ថ្ងៃ​ចុងក្រោយ › និងថា ‹ បាទ ! ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត › ។ ទីបន្ទាល់​នេះ​ជា​អំណោយ​ដ៏​មាន​តម្លៃ ដែល​បាន​​ប្រទាន​ដល់​ខ្ញុំ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « Come unto Me, O Ye House of Israel » ទំព័រ ៣២ ) ។

  • តើ​អ្នក​ ( ឬ មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់ ) ​ធ្លាប់​បង្ហាញ​ថា អ្នក​មិន​ខ្មាស់​​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ នៅ​ពេល​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា តើ​ពួកគេ​មាន​អារម្មណ៍រឹង​មាំ​ដល់​កម្រិត​ណា​ អំពីទី​បន្ទាល់​របស់​ពួកគេ​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ហើយ​ថា​តើ​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​ទី​បន្ទាល់​ទាំងនោះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ​ធ្វើ​រឿង​នោះ ។

រ៉ូម ១:១៨-៣:២៣

ប៉ុល​បង្រៀន​ថា មនុស្ស​លោក​ទាំងអស់​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ

សូម​ពន្យល់​ថា នៅ​ក្នុង​សម័យ​របស់​ប៉ុល មាន​ពួក​គ្រីស្ទាន​ជា​សាសន៍​យូដា​មួយ​ចំនួន​បាន​ខិត​ខំ​រកពាក្យ​ដោះ​សារ​ចំពោះ​ឥរិយាបថ​​អសីលធម៌ ឬ​ឥរិយាបថពេញ​ដោយ​អំពើបាប ដោយ​គូសបញ្ជាក់​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ ហើយ​បដិសេធ​សេចក្ដីយុត្តិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ ។ ក៏​មាន​ពួក​គ្រីស្ទាន​ជា​សាសន៍​យូដា​មួយ​ចំនួន​បាន​ជឿ​ផង​ដែរ​ថា ការ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេគឺចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ ។ ប៉ុល​បាន​ខិតខំ​កែ​តម្រូវ​ការ​យល់ខុស​ទាំង​ពីរ​នេះ ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់ឲ្យ​​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង រ៉ូម ១: ១៨-៣២ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​អំពើ​បាប ដែល​​ប៉ុល​បាន​និយាយថា​នឹង​មាន​ពាស​វាល​ពាស​កាល​នៅ​ក្នុង​ជំនាន់​របស់​លោក ។ អ្នក​គួរ​ជួយ​សិស្ស​ឲ្យ​កំណត់​ន័យ​នៃ​ពាក្យ និង​ឃ្លា​នៅ​ក្នុង ខ​ទី ១៨–៣២ ដើម្បី​ជួយ​​ពួកគេ​ឲ្យ​យល់​ពី​ការ​ព្រមាន​ដែល​ប៉ុល​បាន​ផ្ដល់​ទៅ​ពួក​បរិសុទ្ធ​នៅ​រ៉ូម ។ ឧទាហរណ៍ សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • នៅ​ក្នុង ខ​ទី ២៥ តើ​អ្នក​គិត​ថាឃ្លា « កោត​ខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ » មាន​ន័យ​ដូច​ម្ដេច ?

ចូរ​ចង្អុល​បង្ហាញ​ថា​នៅ​ក្នុង រ៉ូម ១:១៨–៣២ យើង​រៀន​ថា ពួក​ព្យាការី និង​ពួក​សាវក​ទាំងឡាយ​​បង្រៀន​យើង​អំពី​ឥរិយាបថ និង​អាកប្បកិរិយា​ដែល​​ធ្វើខុសនឹង​ព្រះ ។

សូម​ពន្យល់​ថា ឃ្លា « ផ្លាស់​ប្រែ​ទំនៀមទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា » នៅ​ក្នុង ខ​ទី ២៦ និង « លះ​ចោល​ទំនៀម​ទំលាប់​​របស់​ស្ត្រី​ពី​បវេណី​ចេញ » នៅ​ក្នុង ខ​ទី ២៧ សំដៅ​ទៅ​លើ​ឥរិយាបថ​​មនុស្ស​រួម​ភេទ​ដូចគ្នា ។ អ្នក​គួរ​ពន្យល់​ថា តាំង​ពី​ដើម និង​នៅ​ក្នុង​ព្រះគម្ពីរ​ទាំងមូល ព្រះអម្ចាស់​ដាក់​ទោស​ជានិច្ច​ដល់​ការ​បំពាន​ច្បាប់​ព្រហ្មចារីភាព រួម​ទាំង​ឥរិយាបថ​មនុស្ស​រួម​ភេទ​ដូច​គ្នា​ផង​ដែរ ។

កំណត់ចំណាំ ៖ ប្រធាន​បទ​អំពី​ការទាក់ទាញ​ភេទ​ដូចគ្នា​តម្រូវ​ឲ្យ​មាន​ចិត្តទូលាយទន់ភ្លន់​ ។ នៅ​ពេល​សិស្ស​របស់​អ្នក​ពិភាក្សា​ពី​បញ្ហា​នេះ សូម​​ប្រាកដ​ថា វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចិត្ត​សប្បុរស មេត្តាកុរណា និង​ដោយ​សេចក្ដីគួរ​សម ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលជំហ​របស់​សាសនា​ចក្រ​ស្ដីពី​ឥរិយាបថ​នៃ​មនុស្ស​រួម​ភេទ​ដូចគ្នា សូម​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

« អាកប្បកិរិយាស្រឡាញ់បុរស និងបុរស​ដូច​គ្នា និង ស្រ្តី និងស្រ្តីគឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ។ ប្រសិនបើ​អ្នក​ឃើញ​ថា ខ្លួន​អ្នក​មាន​បញ្ហា​ជាមួយ​​នឹង​ចំណាប់​អារម្មណ៍​លើ​ភេទ​ដូចគ្នា ឬ អ្នក​កំពុងតែ​ត្រូវ​បាន​ទាក់ទាញឲ្យ​ចូលរួម​នៅក្នុង​អាកប្បកិរិយា​មិន​សមរម្យ ចូរ​ស្វែង​រក​ការប្រឹក្សា​ពី​ឪពុក​ម្តាយ និង ប៊ីស្សព​របស់​អ្នក ។ ពួកគេ​នឹង​ជួយ​អ្នក » ( For the Strength of Youth [ កូន​សៀវភៅ ឆ្នាំ​២០១១ ] ទំព័រ៣៦ ) ។

« គោល​ជំហរ​ខាង​គោលលទ្ធិ​របស់​សាសនាចក្រ​គឺ​​ច្បាស់​លាស់ ៖ ការ​រួម​ភេទ​គួរ​តែ​កើត​មាន​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ដែល​បាន​រៀបការ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​ប្រើ​ប្រាស់​​វា​ជា​ហេតុផល​ចំពោះ​អំពើ​ទុច្ចរិត​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ ​ជា​អង្គ​ដែល​យើង​ដើរ​តាម ប្រាកដជាដាក់​ទោស​ចំពោះរឿង​​អសីលធម៌​ខាង​ផ្លូវ​ភេទ ប៉ុន្តែ​មិន​ឃោរឃៅ​នោះ​ទេ ។ ព្រះទ័យ​របស់​ទ្រង់​តែង​តែ​លើក​តម្កើង​បុគ្គល​ម្នាក់ៗ តែពុំ​ដែល​ទាញ​ទម្លាក់​ចុះ​ឡើយ ។ …

« សាសនាចក្រ​បាន​បង្ហាញ​ពី​លក្ខណៈ​ខុស​គ្នា​រវាង​ការប្រតិព័ទ្ធ និង ឥរិយាបថ​ទាក់ទាញ​ចិត្ត​ចំពោះភេទ​ដូច​គ្នា ។ ខណៈ​ដែលការ​​​មាន​អារម្មណ៍ និង​ទំនោរចិត្ត​ស្រឡាញ់​​​ភេទ​ដូច​គ្នា​​​ពុំ​មែន​ជា​អំពើ​បាប​ តែ​ការចូលរួម​ក្នុងទង្វើ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ទេ​តើ ​ទើប​ខុស​នឹង ‹ គោលការណ៍​​ខាង​គោលលទ្ធិ ដែល​ផ្អែក​លើ​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ​… ថា​អាពាហ៍ពិពាហ៍​​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់ គឺ​​ចាំបាច់​ចំពោះ​ផែនការ​នៃ​អង្គដ៏​បង្ក​បង្កើត​ សម្រាប់​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​នៃ​​កូនចៅ​របស់​ទ្រង់ › [ « សេចក្ដី​ថ្លែង​ការណ៍​​របស់​គណៈប្រធាន​ទី​មួយ ស្ដីពី​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នាmormonnewsroom.org ] » ( « Same-Sex Attraction » Gospel Topics, lds.org/topics ) ។

  • ហេតុអ្វី​វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​យល់​ដឹង​ពី​ការ​បង្រៀន​របស់​​ពួក​ព្យាការី និង​ពួក​សាវក​​របស់​ព្រះអម្ចាស់​ស្ដីពី​ឥរិយាបថនៃមនុស្ស​រួម​ភេទ​ដូច​គ្នា ?

  • តើ​យើង​អាច​បង្ហាញ​ចិត្ត​សប្បុរស និង​ចិត្ត​មេត្តា​​ដល់​ជន​ដែល​ជួប​នឹង​ភាព​ទាក់​ទាញ​ភេទ​ដូចគ្នា កាល​នៅ​​តែ​គាំទ្រ​ដល់​ជំហរ​​របស់​សាសនាចក្រ​ស្ដីពី​ឥរិយាបទ​នៃ​មនុស្ស​រួមភេទ​ដូច​គ្នា​តាម​របៀប​ណា ?

សូម​សង្ខេប រ៉ូម ២:១–៣:៨ ដោយ​​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា មនុស្ស​ទាំងអស់​នឹងត្រូវបាន​កាត់​សេចក្ដី ស្រប​តាម​កិច្ចការ​របស់​ពួកគេ ហើយ​លោក​បាន​បង្ហាញ​ថា សេចក្ដី​ទុច្ចរិត​របស់​ពួក​សាសន៍​យូដា​បាន​កើត​មកពី​​ការ​រស់​នៅតាម​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ​តែ​ខាង​ក្រៅ ប៉ុន្តែ​ពុំ​មែន​ចេញ​ពី​ចិត្ត​របស់​​ពួកគេទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានរ៉ូម ៣:៩-១២, ២៣ឲ្យឮៗ ហើយ​សុំ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ថា តើ​ប៉ុល​បាន​និយាយ​ថា​នរណា​ដែល​រង​ឥទ្ធិពល​ពី​អំពើបាប ។

  • តើ​ប៉ុល​បាន​និយាយ​ថា​នរណា​ដែលរង​ឥទ្ធិពលពីអំពើបាប ? តើអំពើបាប​របស់​យើង​​មាន​លទ្ធផល​អ្វីខ្លះ ​​ចំពោះ​យើង ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​រួចហើយ សូម​សរសេរ​​សេចក្ដី​ពិតខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ រាល់​មនុស្ស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​​ទាំងអស់​ប្រព្រឹត្ត​អំពើបាប ហើយ​ត្រូវការ​ការអភ័យ​ទោស​របស់​ព្រះ ) ។

  • តើ​សេចក្ដីពិត​នេះ​ជួយ​យើង​ឲ្យ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​ ​ពី​ហេតុផល​ដែល​យើង​ត្រូវការ​​ព្រះយេស៊ូ​គ្រីស្ទ​បាន​ដោយ​របៀប​ណា ?

រ៉ូម ៣:២៤-៣១

មនុស្ស​លោក​ទាំងអស់​អាចបាន​រាប់​ជា​សុចរិត​តាមរយៈការ​ទទួល​យក​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ​​ដោយ​ស្មោះត្រង់

សូម​ពន្យល់​ថា ​ខគម្ពីរ​ដែល​នៅ​សេស​សល់ក្នុង​ រ៉ូម ៣​ ប៉ុល​បាន​បង្រៀន​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​យក​ឈ្នះ​លើ​បញ្ហា​ដែល​យើង​ជួបប្រទះ—ពោល​គឺ​ថា ព្រះ​មិន​អាច​ទទួល​យក​អំពើបាប​ទាំងអស់ ឯ​មនុស្ស​​គ្រប់​រូប​ដែល​មាន​ការ​ទទួល​ខុសត្រូវនៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​នោះទេ ។ ដើម្បី​យល់​ពី​ខគម្ពីរ​ទាំងនេះ​បាន សិស្ស​នឹង​ត្រូវ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ដូច​ខាង​ក្រោម​នេះ ៖ ការ​រាប់​ជា​សុចរិត ( ការ « ឲ្យ​បាន​លើក​លែង​ពី​ការ​ដាក់​ទោស​ចំពោះ​អំពើ​បាប ហើយ​រាប់​ថា​ឥត​មាន​ទោស » [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « រាប់​ជា​សុចរិត, ការ​រាប់​ជា​សុចរិត »​​ scriptures.lds.org ] ) ការ​ប្រោស​សន្ដោស ( ពលិកម្មធួន និង​ប្រភព​នៃ​សេចក្ដី​មេត្តា​ករុណា ) និង ព្រះគុណ ( « ជំនួយ និង​កម្លាំង​ពី​ព្រះត្រូវ​បាន​​ប្រទាន​ឲ្យ​ដោយ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​​ស្រឡាញ់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ​គុណ » ] ) ។ សូម​ពិចារណា​សរសេរ​និយម​ន័យ​នៃ​ពាក្យ​ទាំង​នេះ​​លើ​ក្ដារខៀន​ពីមុន​ថ្នាក់​ចាប់ផ្ដើម ឬ​ផ្ដល់​ជា​​ឯកសារ​ដែល​មាន ពាក្យ ទាំង​នេះ​​ដល់​សិស្ស​ម្នាក់ៗ ។

ចូរ​សុំ​សិស្ស​ម្នាក់​អាន រ៉ូម ៣:២៤-២៦​ឲ្យឮ​ៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា យើង​អាច​មាន​ភាព​សក្ដិសម ​ដើម្បី​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​បាន​តាម​របៀប​ណា ។

  • យោង​តាម រ៉ូម ៣:២៤ តើ​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត ឬ​បាន​ប្រកាស​ថា​មាន​ភាពសក្ដិសម​ដើម្បីនៅ​ក្នុង​វត្តមាន​របស់​ព្រះ​តាម​របៀប​ណា ?

សូម​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ​សម្រាប់ រ៉ូម ៣:២៤ បាន​ប្ដូរ​ពាក្យ​ ទទេ ទៅ​ជា តែ  ។ សូម​ពន្យល់​ថា មិន​ថា​យើង​ធ្វើ​ល្អ​ដល់​កម្រិត​ណា​នៅ​ក្នុង​ជីវិត​នេះ​នោះ​ទេ យើង​មិន​អាច​ទទួល​​បាន ឬ​សម​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ដោយ​​ខ្លួន​យើង​បាន​ឡើយ ដោយសារ​យើង​ទាំង​អស់​គ្នា​ធ្វើ​បាប ដូច្នោះហើយ​យើង​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ​ឡើយ គឺ​ដូចដែល​ប៉ុល​បាន​បង្រៀន ( សូម​មើល រ៉ូម ៣:២៣ ) ។ មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះ​ប៉ុណ្ណោះ​—​កម្លាំង និង​អំណាច​ដែល​អាច​ធ្វើ​ទៅ​បាន​របស់​ទ្រង់—ទើប​យើង​អាចត្រូវ​​បាន​សង្គ្រោះ ( សូម​មើល​ផង​ដែរ មរ៉ូណៃ ១០:៣២–៣៣​ ) ។

  • យោង​តាម ខ​ទី ២៦ តើ​ព្រះ​រាប់​នរណា​ខ្លះ​ថា​សុចរិត​ដោយ​ព្រះគុណ​នោះ ? ( ជន​ដែល​ជឿ​លើ​ព្រះយេស៊ូវ ) ។

សូម​រំឭក​សិស្ស​ពី​របៀប​ដែល​ប៉ុល​បាន​ប្រើ​ពាក្យ ជឿ និង សេចក្ដី​ជំនឿ​ ដូច​ដែល​បាន​ប្រកាស​កាល​ពី​ខាងដើម​មេរៀន ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​គោលការណ៍​អ្វីខ្លះ​អំពី​លទ្ធផល​នៃ​ការ​ទទួល​យក​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះ​ត្រង់​នោះ ? ( សិស្ស​អាច​ប្រាប់​ពីគោលការណ៍​មួយដូច​ខាង​ក្រោម ៖ តាមរយៈ​ការ​ទទួល​យក​ដ៏​ស្មោះ​ត្រង់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​នឹង​បាន​រាប់​ជា​សុចរិត​ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ ) ។

  • តើ​យើង​អាច​បង្ហាញ​ការ​ទទួល​យក​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្មោះត្រង់​​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ចំពោះ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ ដើម្បី​ទទួល​យក​ដង្វាយធួន​របស់​ទ្រង់​កាន់​តែ​ស្មោះ​ត្រង់​ថែម​​ទៀត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​អារម្មណ៍​របស់​ពួកគេ​​ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​អារម្មណ៍ និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

សូម​សង្ខេប រ៉ូម ៣:២៧–៣០ ដោយ​ពន្យល់​ថា ប៉ុល​បាន​គូស​បញ្ជាក់​សារ​ជា​ថ្មី​ថា បុគ្គល​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​​ដោយសារ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ជាង ​ដោយសារ​ការ​គោរព​ប្រតិបត្តិ​​របស់​ខ្លួន​តាម​​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

រ៉ូម ១:១ ។ « ដំណឹងល្អ​នៃ​ព្រះ »

ជា​ការ​ពិត​ណាស់ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ​នៃ​ព្រះ​មាន​ន័យ​ថា ដំណឹងល្អ​របស់​​ព្រះ​ដែល​ជា​ព្រះវរបិតា ។ វា​ត្រូវ​គេ​ស្គាល់​ថា​ជា « ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ដោយសារ​ព្រះគ្រីស្ទ​បាន​ក្លាយជា​ព្រះអង្គ​គាំទ្រ និង​ជា​អ្នក​គាំទ្រ​ដ៏​ធំ​ចំពោះ​ផែនការ​របស់​​ព្រះវរបិតា ។

រ៉ូម ១:១៦ ។ « ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ »

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​សម្គាល់​ឃើញ​ថា វិធី​មួយ​ដែល​យើងអាច​បង្ហាញ​ថា យើង​មិន​ខ្មាស​ចំពោះ​ដំណឹងល្អ​ គឺ​ការ​ចែកចាយ​វា​ជាមួយ​នឹង​មនុស្ស​ដទៃ ៖

« យើង​ម្នាក់ៗ​មាន​ឱកាស​ជា​ច្រើន ​ដើម្បី​ប្រកាស​ពី​​ជំនឿ​របស់​យើង​ទៅ​កាន់​មិត្តភក្ដិ និង​អ្នក​ជិតខាង មិត្ត​រួម​ការងារ និង​មនុស្ស​ផ្សេង​ទៀត ។ ខ្ញុំ​សង្ឃឹម​ថា ​យើង​នឹង​ក្ដាប់​យក​ឱកាស​ទាំងនេះ​ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​របស់​យើង បង្ហាញ​ពី​សាក្សី​របស់​យើង​ពីបេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ និង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​ទ្រង់ ។

« ប្រសិន​បើ​យើង​ធ្វើ​កិច្ចការ​ទាំងអស់​នេះ យើង​​អាច​និយាយ​ដូចជា​សាវក​ប៉ុល​ថា ‹ ​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះសម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ › ( រ៉ូម ១:១៦ ) » ។ ( « Witnesses of Christ » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៩០ ទំព័រ ៣២ ) ។

សម្រាប់​ឧទាហរណ៍​ពី​មនុស្ស​ម្នាក់​ដែល​មិន​ខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ សូម​មើល​ដំណើរ​រឿង​របស់​អែលឌើរ រីឆាដ ជី ស្កត ដែល​ត្រូវ​បាន​សម្ភាស​ដោយ​មេទ័ព ហៃមែន ជី វីកខូវើរ ( នៅ​ក្នុង Marvin K. Gardner « Elder Richard G. Scott: ‹ The Real Power Comes from the Lord › » Ensign ខែ ​មករា ឆ្នាំ ​១៩៨៩ ទំព័រ ៨–៩ ) ។

រ៉ូម ១:២៦-៣២ ។ អាកប្បកិរិយា​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺជាអំពើបាបដ៏ធ្ងន់ធ្ងរ

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​គោល​ជំហ​រ​របស់​សាសនាចក្រ​ទាក់ទង​នឹង​អាកប្បកិរិយា​ស្រឡាញ់​ភេទដូចគ្នា និង​ភាព​ទាក់ទាញ​នៃ​ភេទ​ដូចគ្នា សូម​មើល « Same-Sex Attraction » នៅ​លើ lds.org/topics ។

រ៉ូម ៣:២៤ ។ « ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ »

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​​អំពី​ពាក្យ ការ​រាប់​​ជា​សុចរិត​ដូច​ខាង​ក្រោម​នេះ ៖

« ដោយ​សារ​តែ​ ‹ តម្លៃ​ជា​និរន្ដរ៍​​នៃ ​និង​ពលិកម្ម​​ធួន​ដ៏​មហិមា​របស់ទ្រង់ › នោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​ស្កប់ស្កល់ ឬ​ផ្ដល់ ‹ ចម្លើយ​ចុង​បំផុត​នៃ​ច្បាប់ › ជំនួស​យើង។ ការ​លើក​លែង​ទោស​កើត​ឡើង​ដោយសារ​ព្រះ​គុណ​របស់​ទ្រង់ ​ដែល​បាន​សព្វ​ព្រះទ័យ​ចំពោះ​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌​តាមរយៈ​ការ​រង​ទុក្ខ​របស់​ទ្រង់​ផ្ទាល់ ។ … ទ្រង់​បាន​ដក​យក​ការ​ដាក់ទោស​របស់​យើង ដោយ​ពុំ​ដក​ច្បាប់​ចេញ​នោះ​ទេ ។ យើង​ត្រូវ​បាន​អត់ទោស ហើយ​បាន​ដាក់​នៅ​ក្នុង​​ស្ថានភាព​នៃ​សេចក្ដីសុចរិត​ជាមួយ​ទ្រង់។ យើង​ប្រែក្លាយ​ដូចជា​ទ្រង់ ដោយ​គ្មាន​អំពើ​បាប ។ យើង​ត្រូវ​បាន​គាំទ្រ និងបាន​​ការពារ​ដោយ​ច្បាប់ ដោយ​សេចក្ដីយុត្តិធម៌។ យើង​គឺត្រូវ​បាន​ រាប់​ជា​សុចរិត ។

« ហេតុដូច្នេះ​ហើយ យើង​អាច​នឹង​និយាយ​ដោយ​​សមរម្យ​​អំពី​មនុស្ស​ ដែល​ត្រូវ​បានរាប់​ជា​សុចរិត ជា​អ្នក​ដែល​បាន​អភ័យទោស គ្មាន​អំពើបាប ឬ​គ្មាន​កំហុស » ( « Justification and Sanctification » Ensign ខែ មិថុនា ឆ្នាំ​ ២០០១ ទំព័រ ២០ ) ។