បណ្ណាល័យ
សេចក្ដីផ្ដើមស្ដីពី​​សំបុត្រ​របស់​ប៉ុល​ដល់​ទីតុស


សេចក្ដីផ្ដើមស្ដីពី​​សំបុត្រ​របស់​ប៉ុល​ដល់​ទីតុស

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

សំបុត្រ​របស់​ប៉ុល​ដល់​ទីតុស គឺ​ដូចគ្នា​​នឹង​សំបុត្រ​របស់​លោក​ដល់​ធី​ម៉ូថេ​ដែរ វា​មាន​នូវ​ការ​ទូន្មាន​ពុំ​ចេះចប់​មក​ពី​សាវក​ប៉ុល​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់​សាសនាចក្រ ។ ប៉ុល​បាន​សរសេរ​ថា « សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ដើម​ឡើយ​ព្រះ​បាន​សន្យា​នៅ​ក្នុង​ជីវិត​មុន​ផែនដី « មុន​អស់​ទាំង​កល្ប » ( ទីតុស ១:២ ) ។ លោក​បាន​បង្រៀន​ថា ពួក​បរិសុទ្ធ​គួរ​តែ​ទន្ទឹង​រង់​ចាំ « សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ » ​នៃ​ភាព​តម្កើង​ឡើង​នោះ និង​ចំពោះ​ការ​យាង​មក​ជា​លើក​ទីពីរ ( ទីតុស ២:១៣ ) ។ ប៉ុល​ក៏​បាន​សរសេរ​ដល់​ទីតុស​ផង​ដែរ​អំពី « ការ​ប្រោស​ជា​ថ្មី​ឡើង​វិញនៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ដោយ​និយាយសំដៅ​ទៅលើ​​ពិធី​បរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ឥទ្ធិពល​បរិសុទ្ធ​នៃ​ការ​ទទួល​បាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពិធី​បរិសុទ្ធ​ទាំងពីរ​នេះ​គឺជា​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ធ្វើ « ជា​អ្នក​គ្រង​មរតក តាម​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( ទីតុស ៣:៥, ៧ ) ។ តាមរយៈ​ការ​សិក្សាអំពី​​ការ​ទូន្មាន​ដ៏​បំផុស​គំនិត​របស់​ប៉ុល​ដល់​ទីតុស នោះ​សិស្ស​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​ថា គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​នាំ​មក​នូវ​សេចក្ដី​សង្ឃឹម​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

គម្ពីរ​ទីតុស​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប៉ុល ( សូមមើល ទីតុស ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

វា​ទំនង​ដូចជា​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ទីតុស​នៅ​ចន្លោះ​ពេល​នៃ​ការ​សរសេរ​ធីម៉ូថេ​ទី ១ និង​ទី ២ ប្រមាណ​ជា គ.ស. ៦៤-៦៥ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ សំបុ​ត្រ​របស់​ប៉ុល scriptures.lds.org ) ។ ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​ទីតុស​បន្ទាប់​ពី​ការ​ជាប់​ឃុំ​ឃាំង​លើក​ដំបូង​របស់​ប៉ុល​នៅ​រ៉ូម ។ ប៉ុល​មិន​បាន​បង្ហាញ​ពី​ទីកន្លែង​ ដែល​លោក​ស្នាក់​នៅ​កាល​លោក​បានសរសេរ​សំបុត្រ​ទៅ​ទីតុស​នោះ​ទេ ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរ​ទៅកាន់នរណា ហើយ​តើ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​ទីតុស ជា​មនុស្ស​ដែល​ប៉ុល​ហៅ​ថា « ​កូន​ពិត​តាម​សេចក្តី​ជំនឿ ដែល​យើង​កាន់​ជា​មួយ​គ្នា » ​( ទីតុស ១:៤ ) ។ ទីតុស​គឺជា​ជន​ជាតិ​ក្រិក ( កាឡាទី ២:៣ ) ហើយ​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​តាមរយៈ​ប៉ុល ( សូមមើល Bible Dictionary, « Titus » ) ។ បន្ទាប់​ការ​ប្រែ​ចិត្ត​ជឿ​របស់​គាត់ ទីតុស​បាន​ប្រកាសចែកចាយ​ដំណឹងល្អ ហើយ​រៀបចំ​សាសនាចក្រ​ជាមួយ​ប៉ុល ( សូមមើល Bible Dictionary, « Titus » ) ។ គាត់​បាន​ជួយ​ប្រមូល​ដង្វាយ​សម្រាប់​ជន​ក្រីក្រនៅ​ក្នុង​ក្រុង​យេរូសាឡិម ( សូមមើល កូរិនថូសទី ២ ៨:៦, ១៦–២៣ ) ហើយ​ក៏​បាន​រួម​ដំណើរ​ជាមួយប៉ុល​ទៅ​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​នៅ​ក្រុង​យេរូសាឡិម​ផង​ដែរ ( សូមមើល កាឡាទី ២:១ ) ។ ប៉ុល​បាន​ទុក​ចិត្ត​ទីតុស​ឲ្យ​នាំ​យក​សំបុត្រ​​ទីមួយ​របស់​ប៉ុល​​ទៅ​​ដល់​ពួក​បរិសុទ្ធ​ដែល​រស់នៅ​កូរិនថូស ( សូមមើល កូរិនថូសទី ២ ៧:៥–១៥ ) ។ ប៉ុល​បាន​សរសេរ​ទៅ​ទីតុស​ដើម្បី​ពង្រឹង​គាត់នៅ​ក្នុង​កិច្ចការ​របស់​គាត់​ដើម្បី​ដឹកនាំ ហើយ​​មើល​ថែ​សាខា​នៃ​សាសនាចក្រ​នៅ​កោះ​ក្រេត ទោះ​ជា​មាន​ការ​ជំទាស់​ក្ដី ( សូមមើល ទីតុស ១:៥, ១០–១១, ២:១៥, ៣:១០ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

សំបុត្រ​នេះ​គឺជា​សំបុត្រ​អ្នក​គង្វាល​មួយ ( ដល់​អ្នក​គង្វាល ឬ​ថ្នាក់​ដឹកនាំ​ក្នុង​សាសនា​ចក្រ ) រួម​ជាមួយ​នឹង​ធីម៉ូថេ​ទី ១ និង​ទី ២ ( សូមមើល Bible Dictionary, « Pauline Epistles » ) ។ សំបុត្រ​របស់​ទីតុស​ផ្ដល់​នូវ​ភស្ដុតាង​ដំបូង​បង្អស់​ថា សាសនាចក្រ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​​កោះ​ក្រេត​​នៃ​ប្រទេស​ក្រិកនៃ​​សមុទ្រ​មេឌីទែរ៉ាណេ ( សូមមើល ទីតុស ១:៥ ) ។ ទីតុស​ទទួល​ខុសត្រូវ​ក្នុង​ការ​ហៅ​ប៊ីស្សព​ថ្មីៗ​នៅ​លើ​កោះ​នោះ ។ ប៉ុល​បាន​សរសេរ​ពី​លក្ខណៈសម្បត្តិ​ខាង​វិញ្ញាណ​មួយ​ចំនួន​សម្រាប់​ប៊ីស្សព ( សូមមើល ទីតុស ១:៦–៩ ) ។ លើស​ពី​នេះ​ទៀត ប៉ុល​បាន​ផ្ដល់​ការ​ណែនាំ​ជាក់​លាក់​ដល់​បុរស ស្ត្រី និង​ពួក​បាវ​បម្រើ​ស្ដីពី​ឥរិយាបថ​ដ៏​ត្រឹមត្រូវ​​ក្នុង​នាម​ជា​ពួក​បរិសុទ្ធ ( សូមមើល ទីតុស ២:២–១០ ) ។

គម្រោង

ទីតុស ១ ប៉ុល​ណែនាំ​ទីតុស​ឲ្យ​តែងតាំង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ហើយ​បាន​សរសេរ​ពី​លក្ខណៈសម្បត្តិ​មួយ​ចំនួន​ដើម្បី​ធ្វើ​ជា​​ប៊ីស្សព ។ លោក​បាន​ណែនាំ​ទីតុស​ឲ្យ​កែតម្រូវ​ការ​បង្រៀន ហើយ​ស្ដី​បន្ទោស​ដល់​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ​ដែល « ​ប្រកាសថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ » ( ទីតុស ១:១៦ ) ។

ទីតុស ២ ប៉ុល​លើក​ទឹក​ចិត្ត​ទីតុស​ឲ្យ​ណែនាំ​សមាជិក​សាសនាចក្រ​ចាស់ៗ​ឲ្យ​ធ្វើ​ជា​គំរូ​ដល់​ពួក​បរិសុទ្ធ​វ័យ​ក្មេង ។ លោក​ក៏​សុំ​ឲ្យ​ទីតុស​បង្រៀន​ពួក​បាវ​បម្រើ​​ទាំងឡាយ​ឲ្យ​ធ្វើតាម​ចៅ​ហ្វាយ​ខ្លួន ។ ប៉ុល​ពន្យល់​ពី​ឥរិយាបថ​ដែល​ពួក​សិស្ស​គួរ​រស់​នៅ កាល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់ ។ លោក​រៀបរាប់​ពី​ការ​ប្រោស​លោះ​ ដែល​កើត​មាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

ទីតុស ៣ ប៉ុល​បង្រៀន​ថា សមាជិក​សាសនាចក្រ​ត្រូវ​ធ្វើ​ជា​ពលរដ្ឋ​ល្អ និង​ជា​អ្នក​ដើរ​តាម​ដ៏​សុចរិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជទឹក នោះ​យើង​​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់ ។