បណ្ណាល័យ
មេរៀន​ទី ១៤៨ ៖ យ៉ូហាន​ទី ១


មេរៀន​ទី ១៤៨

យ៉ូហាន​ទី ១

សេចក្ដីផ្ដើម

យ៉ូហាន​បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ឲ្យ​ស្វែង​រក​ភាព​ស្និទ្ធស្នាល​ជាមួយ​ព្រះវរបិតា និង​ព្រះរាជបុត្រា ។ លោក​បាន​គូស​បញ្ជាក់​អំពី​សេចក្ដី​ត្រូវ​ការ ​ដើម្បី​គោរព​តាមបទ​បញ្ញត្តិ​របស់​ព្រះ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ យ៉ូហាន​ក៏​បាន​រំឭក​សមាជិក​សាសនាចក្រ​ឲ្យ​ស្រឡាញ់​មនុស្ស​ដទៃ​ផង​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហានទី១ ១-៥

យ៉ូហាន​ពន្យល់​អំពី​សារៈ​សំខាន់​នៃ​ការ​គោរព​តាម​​បទបញ្ញត្តិ និង​ការ​ចេះ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក

សូម​ចែក​សិស្ស​មួយ​គូៗ ។ សូម​សរសេរ​ពាក្យ ការ​ក្បត់​សាសនា នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បែរ​ទៅ​រក​ដៃ​គូ​ខ្លួន ហើយ​ពន្យល់​ដោយសង្ខេបអំពី​អត្ថន័យ​នៃ ការ​ក្បត់​សាសនា ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​ឡើង​មក​ក្ដារខៀន​សរសេរ​និយមន័យ​នៃពាក្យ ការ​ក្បត់​សាសនា ។ និយមន័យ​នោះ​គួរ​តែ​បង្ហាញ​ថា ការ​ក្បត់សាសនាមានន័យ​ថា ការ​ងាកចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ( សូម​មើល​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការ​ក្បត់​សាសនា » scriptures.lds.org ) ។

សូម​ពន្យល់​ថា សាវក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​នៃ​យ៉ូហាន​ទី១ នៅ​គ្រា​មួយ​ដែល​ការ​ក្បត់​សាសនា​កំពុង​តែ​គំរាម​កំហែង​ដល់​សាសនាចក្រ ។ នៅ​ក្នុង​សំបុត្រ​នេះ យ៉ូហាន​បាន​ព្រមាន​ពួក​បរិសុទ្ធ​ដែល​ទទឹង​នឹង​ព្រះគ្រីស្ទ ( សូម​មើល យ៉ូហាន​ទី១ ២:១៨–២៦, ៤:៣ ) ។ អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​គឺជា ​« អ្នក​ណា ឬ​ក៏​អ្វី​មួយ​ដែល​ក្លែងបន្លំផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​ដំណឹង​ល្អ​ដ៏​ពិត ហើយ​ដែល​ប្រឆាំង​នឹង​ព្រះ​គ្រីស្ទ​ដោយ​បើកចំហ ឬ​ដោយ​សម្ងាត់ » និង​សិទ្ធិ​អំណាច និង​ការ​បង្រៀន​របស់​ពួក​អ្នក​បម្រើ​​ដែល​ទ្រង់​បាន​ជ្រើស​រើស ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ » scriptures.lds.org ) ។ ពួក​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​មួយ​ចំនួន​នៅ​ក្នុង​ជំនាន់​របស់​យ៉ូហាន​កំពុង​បង្រៀន​ថា ​ព្រះយេស៊ូវ​​គ្រីស្ទ​គ្មាន​រូប​កាយ​សាច់​ឈាម​កាល​គង់​នៅ​លើ​ផែនដី ប៉ុន្តែ​មើល​ទៅ​ទំនង​ដូចជា​មនុស្ស​ធម្មតា​ម្នាក់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន​ទី១ ១:១–៤ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ថា យ៉ូហាន​បាន​ថ្លែង​ទីបន្ទាល់​​អំពី​អ្វីខ្លះ ដើម្បី​ឆ្លើយ​បដិសេធ​ការ​បង្រៀន​ខុស​ឆ្គង​នេះ ។ សូម​ពន្យល់​ថាឃ្លា ​« បន្ទូល​នៃ​ជីវិត » ( ខ​ទី១ ) សំដៅ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ប៉ុល​បាន​ប្រើ​ពាក្យ​សម្ដី​អ្វីខ្លះ​ ដើម្បី​ឆ្លើយ​បដិសេធ​គំនិត​ខុស​ឆ្គង​ថា ​ព្រះយេស៊ូវ​គ្រីស្ទ​គ្មាន​​ព្រះ​កាយ​ជា​សាច់​ឈាមទេ ?

  • យោង​តាម ខ​ទី៣–៤​ហេតុអ្វី​យ៉ូហាន​បាន​ចែកចាយ​សាក្សី​ពិសិដ្ឋ​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ ? ( លោក​ចង់​ឲ្យ​ពួកគេ​មានភាពស្និទ្ធស្នាល​​​នឹង​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​ ដែល​មានភាពស្និទ្ធស្នាល​​​នឹង​ព្រះវរបិតា​សួគ៌ ព្រម​ទាំង​​ព្រះយេស៊ូវ​គ្រីស្ទផងដែរ ។ លោក​ក៏​មាន​បំណង​ប្រាថ្នា​ឲ្យ​ពួកគេ​ដក​ពិសោធន៍​​នូវ​អំណរ​ដ៏​ពេញ​លេញ​មួយ​ផង​ដែរ ) ។

សូម​ពន្យល់​ថា ការ​មានភាពស្និទ្ធស្នាល​​មាន​ន័យ​ថា ការ​រីករាយ​នឹង​ទំនាក់ទនង​នៃ​ការ​ទុកចិត្ត ការ​រួបរួម​គ្នា និង​គោលបំណង​រួម ។ យើង​អាច​មាន​ភាពស្និទ្ធស្នាល​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ នៅ​ពេល​យើង​ទទួល​យក ហើយ​ធ្វើ​តា​ម​ការ​បង្រៀន និងពាក្យ​ទូន្មាន​របស់​ពួកលោក ។

សូម​សរសេរ​ឃ្លា​ពុំ​ពេញ​លេញ​ដូច​ត​ទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​ទទួល​យក ហើយ​ធ្វើ​តាម​ការ​បង្រៀន​របស់​ពួក​ព្យាការី និង​ពួក​សាវក នោះ​យើងអាច …

  • ដោយ​ផ្អែក​លើ​ការ​បង្រៀន​របស់​យ៉ូហាននៅ​ក្នុង យ៉ូហាន១:៣ តើ​អ្នក​នឹង​បំពេញ​ឃ្លា​នេះ​ដើម្បី​បង្កើត​ជា​គោលការណ៍​មួយ​បាន​យ៉ាង​ដូចម្ដេច ? ( ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​សិស្ស សូម​បំពេញ​ឃ្លា​នៅ​លើ​ក្ដារខៀន ​ដើម្បី​បង្វែរ​វា​ឲ្យ​ក្លាយ​ទៅ​ជា​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ទទួល​យក ហើយ​ធ្វើ​តាម​ការ​បង្រៀន​របស់​ពួក​ព្យាការី និង​ពួក​សាវក នោះ​យើង​អាច​ទទួល​បានភាពស្និទ្ធស្នាលជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា ) ។

សូម​ដាក់​បង្ហាញ រូបភាព​អំពី​ប្រធាន​សាសនា​ចក្រ​បច្ចុប្បន្ន និង​ពួក​ព្យាការី ព្រមទាំង​ពួក​សាវក​ដទៃ​ទៀត ។

  • តើ​ការ​ធ្វើ​តាម​ការ​បង្រៀន​របស់​ពួក​ព្យាការី និង​ពួក​សាវក​ជួយ​យើងឲ្យ​ទទួល​បាន​ភាពស្និទ្ធស្នាលជាមួយ​ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន​ទី១ ១:៥–៦ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ថា​អ្វី​ទៅ​ដែល​រារាំង​យើង​ពុំ​ឲ្យ​មានភាពស្និទ្ធស្នាលជាមួយ​ព្រះវរបិតា​យើង​​ដែល​គង់​នៅ​​ស្ថានសួគ៌ ។

  • តើ​អ្វី​ទៅ​ដែល​រារាំង​យើង​ពុំ​ឲ្យ​មានភាពស្និទ្ធស្នាល​​នឹង​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ?

សូម​ចង្អុល​បង្ហាញ​ថា កាល​យ៉ូហាន​ប្រើ​ពាក្យ​ សេចក្ដី​ងងឹត គឺ​លោក​ចង់​សំដៅ​ទៅ​លើ​សេចក្ដី​ងងឹត​ខាង​វិញ្ញាណ ។

  • តើ​អ្នក​គិត​ថា ការ​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​វិញ្ញាណ​មាន​ន័យ​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា យ៉ូហានទី១ ១:៧–១០; ២:១–៦ ហើយ​រក​មើល​សេចក្ដី​ពិត ​ដែល​យ៉ូហាន​បាន​បង្រៀន ដែល​វា​អាច​ជួយ​យើង​ឲ្យ​ស្គាល់​អំពី​របៀប​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ដំណឹងល្អ ។ សូម​ពន្យល់​ថា​ពាក្យ ដង្វាយ​ធួន ក្នុង យ៉ូហានទី១ ២:២ មាន​ន័យ​ថា ពលិកម្ម​ធួន​ដែល​បំពេញ​សេចក្ដី​យុត្តិធម៌​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ទាំងនេះ​ដោយ​​ស្ងៀម​ស្ងាត់​តែ​ម្នាក់​ឯង ឬ​ជាមួយ​នឹង​ដៃគូ ឬ​ជា​ក្រុម​តូចៗ ។

  • តើ​អ្នក​បាន​រក​ឃើញ​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? ( សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​​លើ​ក្ដារខៀន ។ សេចក្ដី​ពិត​ទាំងនេះ​រួម​បញ្ចូល​នូវ​សេចក្ដី​ពិត​ដូចតទៅ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធួន​នឹង​អំពើបាប​របស់​យើង​រាល់គ្នា ។ នៅ​ពេល​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​គឺត្រូវបាន​ល្អ​ឥត​ខ្ចោះ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​កាន់​តែ​ល្អ​ឥត​ខ្ចោះ ឬ​ពេញ​លេញ នៅ​ពេល​​យើង​គោរព​តាម​បទបញ្ញត្តិ​ទ្រង់ ?

  • តើ​អ្នក​ធ្លាប់​ដក​ពិសោធន៍​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​មួយ​ចំពោះ​ព្រះ នៅ​ពេល​អ្នក​បាន​ខិត​ខំ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់​នៅ​ពេល​ណា​ដែរ ?

សូម​អាន​ឮៗ​នូវ​ការ​ពិពណ៌នា​ខាង​ក្រោម​នេះ​អំពី​យុវវ័យ​ពីរ​នាក់​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់​រក​បទបញ្ញត្តិ​ជាក់​លាក់​មួយ ​ដែល​យុវវ័យ​ទាំង​ពីរ​នេះមាន​ការ​លំបាកក្នុង​ការ​គោរព​តាម ។

  1. យុវជន​ម្នាក់​អាន​ព្រះគម្ពីរ​រៀង​រាល់​ថ្ងៃ ហើយ​អនុវត្ត​ដោយ​ស្មោះត្រង់​នូវ​កាតព្វកិច្ច​បព្វជិតភាព​ជាច្រើន​របស់​គាត់ ប៉ុន្តែ​ជា​រឿយៗ​គាត់គ្មានចិត្តល្អដាក់​ប្អូន​ប្រុស​របស់​គាត់ ។

  2. យុវនារី​ម្នាក់​ចូល​រួម​ការ​ប្រជុំ​ព្រះវិហារ​ជា​ទៀង​ទាត់ ហើយ​បាន​ទទួល​ការ​ទទួល​ស្គាល់​នូវ​ភាព​ជា​យុវនារី​របស់​នាង ។ ប៉ុន្តែ ជា​រឿយៗ​នាង​បាន​សរសេរ​ពាក្យ​សម្ដី​មិន​ល្អ​អំពី​មិត្ត​រួម​ថ្នាក់ និង​គ្រូបង្រៀន​របស់​នាង​មួយ​ចំនួន​នៅ​លើ​ប្រព័ន្ធបណ្តាញ​សង្គម ។

  • តើ​បទបញ្ញត្តិ​អ្វី​ទៅ​ដែល​យុវវ័យ​ពីរ​រូប​នេះ​ពិបាក​គោរព​តាម ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​ស្ថានភាព​ដែល​ពួកគេ​អាច​ជួប​បញ្ហា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ។

សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង យ៉ូហាន​ទី១ ២:៩–១១​; ៤:៧–១១, ១៩–២១ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​យ៉ូហាន​បាន​បង្រៀន​អ្វីខ្លះ​អំពី​សេចក្ដី​ស្រឡាញ់ ។ អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូស​ចំណាំ​ការ​បង្រៀន​នានា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ។

  • តើ​ការ​បង្រៀន​ណា​មួយ​របស់​យ៉ូហាន​​អំពី​សេចក្ដី​ស្រឡាញ់ ដែល​​មាន​សារៈសំខាន់​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​យើង​អាច​ស្គាល់​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​យើង​ស្រឡាញ់​ព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​គោលការណ៍​មួយ​ដែល​ស្រដៀង​នឹង​គោលការណ៍​ដូច​តទៅ​នេះ ៖​នៅ​ពេល​យើង​ស្រឡាញ់​ព្រះ យើង​នឹង​ស្រឡាញ់​មនុស្ស​ដទៃ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា យើង​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​​យើង​ដល់​មនុស្ស​ដទៃ ប្រសិន​បើ​យើង​ពិត​ជា​ស្រឡាញ់​ព្រះ​មែន​នោះ ?

សូម​ចង្អុល​បង្ហាញ​ថា កាល​យ៉ូហាន​បាន​ប្រើ​ពាក្យ ស្អប់ ក្នុង យ៉ូហាន​ទី១ ៤:២០ មាន​នូវ​វិធី​ជាច្រើន​ដែល​យើង​អាច​ដក​យក​សេចក្ដី​ស្រឡាញ់ ឬ​សណ្ដាន​ចិត្ត​របស់​យើងចេញ​ពី​មនុស្ស​ដទៃ​ក្រៅ​ពី​ការ​ស្អប់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​អំពី​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​វិធី​មួយ​ចំនួន​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន​ទី១ ៣:១៧–១៨​ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​​រក​មើល​ថា យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​​ចំពោះ​មនុស្ស​ដទៃ​តាម​របៀប​ណា ។ សូម​ឲ្យ​សិស្ស​ប្រាប់​អំពីអ្វី​ដែល​ពួកគេ​រក​ឃើញ ។ សិស្ស​គួរ​រក​ឃើញ​នូវ​សារៈសំខាន់​នៃ​ការ​ស្រឡាញ់ត្រូវបង្ហាញ​​ទាំង « ដោយ​ពាក្យ​សម្ដី » និង ​« ដោយ​ការ​ប្រព្រឹត្ត » ផងដែរ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​ជារឿងដ៏​សំខាន់ ដែល​យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​​តាមរយៈ​ការ​ប្រព្រឹត្ត​របស់យើង ហើយ​ពុំ​មែន​តាមរយៈ​ពាក្យ​សម្ដី​របស់​យើង​តែ​ប៉ុណ្ណោះ​នោះទេ ?

  • តើ​អ្នក​ស្គាល់​នរណា​ដែល​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃឬទេ ? តើ​បុគ្គល​ម្នាក់​នេះ​បានធ្វើ​អ្វី​ខ្លះ ក្នុងការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​មនុស្ស​ដទៃ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពីមនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ថែម​ទៀត ។ សូម​ឲ្យ​ពួកគេ​សរសេរឈ្មោះបុគ្គលនោះ​នៅ​លើ​ក្រដាស​មួយ​សន្លឹកអម​ជាមួយ​នឹង​អ្វី​មួយ​​ជាក់​លាក់ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ ឬ​ចិត្ត​សប្បុរស​ដល់​បុគ្គល​នោះ ។ សូម​ពន្យល់​ថា ពួកគេ​​ពុំ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​តាម​របៀប​មិន​ពិត​ឡើយ ហើយ​ពន្យល់​ថា សេចក្ដី​សប្បុរស និង​សណ្ដាន​ចិត្ត​បន្តិច​បន្តួច ហើយ​សាមញ្ញ ជា​រឿយៗ​វា​គឺ​ជា​​រឿង​ដ៏​មាន​ន័យ​បំផុត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​យក​ក្រដាស​នោះ​ទៅ​ផ្ទះ ហើយ​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​ចង្អុល​បង្ហាញ​ថា នៅ​ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង តាមរយៈ​ការ​ប្រព្រឹត្ត​​របស់​យើង នោះ​យើង​កំពុង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ ( សូមមើល យ៉ូហានទី១ ២:៦; ៣:១–៣ ) ។ អ្នក​គួរ​បញ្ចប់​មេរៀន​នេះ ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត ដែល​សិស្ស​បាន​ស្គាល់​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​អំពី​យ៉ូហាន​ទី១ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អនុវត្ត​សេចក្ដី​ពិត​ទាំង​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហានទី១ ៣:២ ។ « យើង​នឹង​បាន​ដូចជា​ទ្រង់ »

អែលឌើរ​ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ដើម្បី​ក្លាយ​ដូចជា​ព្រះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖

« នៅក្នុង​សាសនា​វិទ្យា​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ គោល​បំណង​នៃ​ជីវិត​រមែង​ស្លាប់ គឺ​ដើម្បី​រៀបចំ​យើង​ឲ្យ​ដឹង​អំពីជោគ​វាសនា​របស់​យើង ដែល​ជា​បុត្រា និង​បុត្រី​នៃ​ព្រះ—ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ។ … ព្រះគម្ពីរ​ប៊ីប​ពិពណ៌នា​អំពី​ជីវិត​រមែង​ស្លាប់​ថា​ជា ‹ កូន​របស់​ព្រះ › ហើយ​ជា ‹ អ្នក​គ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះគ្រីស្ទ › ( រ៉ូម ៨:១៦–១៧ ) ។ វា​ក៏​ប្រកាស​ផងដែរ​ថា ‹ ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជាមួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​តម្កើង​ឡើង​ជាមួយ​នឹង​ទ្រង់​ដែរ › ( រ៉ូម ៨:១៧ ) ហើយ​ថា ‹ កាលណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ › ( យ៉ូហានទី១ ៣:២ ) ។ យើង​យក​ការបង្រៀន​របស់​ព្រះគម្ពីរ​ប៊ីប​ទាំង​នេះ​ជា​ការពិត​ក្នុង​ន័យ​ត្រង់ ។ យើង​ជឿ​ថា គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ គឺ​ដើម្បី​ទទួល​បាន​នូវ​​រូបកាយ​សាច់ឈាម​មួយ ហើយ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដោយ​ការគោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​ ដើម្បី​ធ្វើ​ឲ្យ​សក្ដិសម​នឹង​ទទួល​បាន​ស្ថាន​ភាព​ដែល​រស់​ឡើង​វិញ និង​សិរី​រុងរឿង​នៃ​សេឡេស្ទាល​ដែល​ហៅ​ថា ការលើក​តម្កើង ឬ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​( « Apostasy and Restoration » Ensign ខែ​ ឧសភា ឆ្នាំ​ ១៩៩៥ ទំព័រ ៨៦–៨៧ ) ។

យ៉ូហានទី១ ៥:៣ ។ « ដ្បិត ​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ »

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​អំពី​ទំនាក់​ទំនង​រវាង​ការ​ស្រឡាញ់​ព្រះ និង​ការ​គោរព​បទបញ្ញត្តិ​ទ្រង់ ៖

« នៅ​ពេល​យើង​ស្រឡាញ់​ព្រះអម្ចាស់ ការ​គោរព​ប្រតិបត្តិ​ឈប់​ជា​បន្ទុក​ទៀត​ហើយ ។ ការ​គោរព​ប្រតិបត្តិ​ក្លាយ​ជា​មាន​ភាព​រីករាយ​ទៅវិញ » ( « The Great Commandment » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ​ ២០០៧ ទំព័រ ៣០ ) ។