បណ្ណាល័យ
មេរៀនទី ១៤៤ ៖ ពេត្រុស​ទី ១ ១–២


មេរៀនទី ១៤៤

ពេត្រុសទី១ ១–២

សេចក្ដីផ្ដើម

​ពេត្រុស​បាន​សរសេរ​សំបុត្រ​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​ពួកបរិសុទ្ធ នៅពេល​ពួកគេ​កំពុង​​រងទុក្ខ ដោយសារ​ការបៀតបៀន​យ៉ាង​ខ្លាំងមក​ពី​អាណាចក្ររ៉ូម ។ លោក​បាន​គូស​បញ្ជាក់​ថា ពួកគេ​ត្រូវបាន​ប្រោស​លោះ​តាមរយៈ​ព្រះលោហិត​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេស៊ូវគ្រីស្ទ និង​រំឭក​ពួកគេ​ពី​មរតក​នៃ​ភាព​ជា​ព្រះ​របស់​ពួកគេ ក្នុង​នាម​ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ។ ពេត្រុស​​​បាន​ណែនាំ​ពួកបរិសុទ្ធ​ឲ្យ​សរសើរ​តម្កើង​​ដល់​ព្រះ​នៅក្នុង​ចំណោម​មនុស្ស ហើយ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​បាន​​ធ្វើ ។

កំណត់ចំណាំ ៖សូម​មើលនៅផ្នែកម្ខាងទៀត​នៃទំព័រ « ការ​រៀបចំ​ទុក​ជា​មុន »​ដើម្បី​រៀបចំ​សម្រាប់​មេរៀនទី ១៤៩ ។

យោបល់​សម្រាប់ការ​បង្រៀន

ពេត្រុសទី១ ១

ពេត្រុស​បង្រៀន​ដល់​ពួក​បរិសុទ្ធ​អំពី​សក្តានុពល​នៃ​មរតក​របស់​ពួកគេ និង ភាព​ចាំបាច់​នៃ​ការសាកល្បង

រូបភាព
ឡ​​កំពុង​ចាក់​ដែក​ដែល​រលាយ

សូម​បង្ហាញ​ ឬ​គូររូបភាព​ ឡ ហើយ​ពន្យល់​ថា ឡគឺ​ជា​កន្លែង​​មួយ​សម្រាប់​ដុត​ដែក ឬ លោហធាតុ​ផ្សេង​ទៀត​ដើម្បី​បន្សុទ្ធ​វា នោះ​មាន​ន័យ​ថា​ដែក ឬ លោហធាតុ​នោះ​ត្រូវ​បាន​ដុត ហើយត្រូវបាន​រំលាយ​​ដើម្បី​ដក​ចេញ​នូវ​ធាតុ​មិន​សុទ្ធ ហើយ​បង្កើន​ភាពរឹងមាំ​ដល់​ផលិតផល​ចុងក្រោយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដែល​ថ្លែង​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទូទាំង​សាសនាចក្រ នោះ​ខ្ញុំ​ឃើញ​ថា សមាជិក​ត្រូវបាន​សាកល្បង​​នៅ​ក្នុង​ឡ​នៃ​​សេចក្តីទុក្ខ​វេទនា​របស់​ពួកគេ » ( « Hyrum Smith: ‹ Firm As the Pillars of Heaven ›» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៩ ) ។

  • តើ​អ្នកគិត​ថា​អែលឌើរ​ បាឡឺដ ​ចង់​មាន​ន័យ​យ៉ាងណា តាមរយៈ​ពាក្យ « ឡ​នៃ​សេចក្ដី​ទុក្ខ​វេទនា​ » នោះ ? ( ការសាកល្បងយ៉ាងលំបាក ឬ​​សេចក្ដីវេទនា​ក្នុងជីវិត ) ។

ចូរ​ពន្យល់​ថា ពេត្រុស​បាន​សរសេរ​សំបុត្រ​ទីមួយ​របស់​លោក ដើម្បីពង្រឹង​ និង​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ នៅពេល​ពួកគេ​ជួបប្រទះ​នឹង​ឡ​នៃ​សេចក្ដីទុក្ខវេទនា ។ ចូរ​ពន្យល់​ថា រហូត​ដល់​ប្រហែល​ជា​ឆ្នាំ ៦៤ ​នៃ គ. ស. គឺ​ជា​គ្រា​ដែល​ពេត្រុស​បាន​សរសេរ​សំបុត្រ​នេះ ជា​ពេលដែល​រដ្ឋាភិបាល​រ៉ូម​​បាន​បង្ហាញ​ការអត់​ឱនដល់​ពួកគ្រីស្ទាន​នៅ​ឡើយ ។ នៅក្នុង​ខែ​កក្កដា​នា​ឆ្នាំ​ដដែល​នោះ មាន​ភ្លើង​មួយ​បាន​ឆេះ​បំផ្លាញ​អាណាចក្រ​រ៉ូម​យ៉ាង​ធ្ងន់ធ្ងរ ។ អ្នក​មាន​មុខមាត់​សាសន៍​រ៉ូម​មួយ​ចំនួន​បាន​ចោទប្រកាន់​ពួក​គ្រីស្ទាន​ថា ជា​អ្នកផ្តើម​អគ្គីភ័យ​នោះ ។ ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការបៀតបៀន​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ពួកគ្រីស្ទាន​ទូទាំង​​អាណាចក្រ​​រ៉ូម ។ ពួកគ្រីស្ទាន​មួយ​ចំនួន​បាន​ជួប​នូវ​ការធ្វើបាប​មក​ពី​សំណាក់​មិត្តភក្តិ និង អ្នក​ជិតខាង​ពី​មុនៗ​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត ​នៅ​ពេល​ពួកគេ​សិក្សាពេត្រុស​ទី១ ១–២​​ដែល​អាច​ជួយ​យើងឲ្យ​បន្ដ​ស្មោះ​ត្រង់​ នៅពេល​យើង​ត្រូវ​បាន​សាកល្បង​នៅក្នុង​ឡ​នៃ​សេចក្ដីទុក្ខវេទនា​របស់​យើង ។

សូមសង្ខេបពេត្រុសទី១ ១:១–២​ដោយ​ពន្យល់​ថា ពេត្រុស​បាន​ទទួល​ស្វាគមន៍​ពួក​បរិសុទ្ធ​​នៅក្នុង​បណ្តា​ខេត្ត​​អាណាចក្រ​​រ៉ូម​នៃ​អាស៊ីតូច ( ជា​​ប្រទេស​ទួគី​ នៅ​សព្វថ្ងៃនេះ ) ហើយ​បាន​រំឭក​ដាស់​តឿន​ពួកគេ​ថា ពួកគេ​គឺ​ជា​ប្រជាជន​ជម្រើស មាន​ន័យ​ថា ពួកគេ​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ឲ្យ​ទទួល​ពរជ័យ​ពិសេស​ នៅពេល​ពួកគេ​រស់នៅ​ដោយ​ស្មោះត្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី១ ១:៣–៥ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថា​តើ​ពេត្រុស​បាន​រំឭក​ដល់​ពួកបរិសុទ្ធអ្វីខ្លះ អំពី​អ្វី​ដែល​​ព្រះគ្រីស្ទ​បាន​ធ្វើ ​និង​​ពរជ័យ​​ដែល​បាន​សន្យា​ដល់​ពួកបរិសុទ្ធនា​ពេល​អនាគត ។

  • តើ​ពរជ័យ​នាពេល​អនាគត​អ្វីខ្លះ ដែល​ពួក​បរិសុទ្ធ​នឹង​ទទួល​បាន ប្រសិន​បើ​ពួកគេ​បន្ដ​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានពេត្រុសទី១ ១:៦ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​នូវរបៀប​​​ ដែលពួកបរិសុទ្ធ​បាន​ឆ្លើយ​តប​ចំពោះ​ការ​សន្យា​អំពី​ពរជ័យ​នាពេល​អនាគត​ទាំងនេះ ។ សូម​ពន្យល់​ថា ពាក្យ​ការល្បួង​នៅក្នុង​ខទី ៦សំដៅ​ទៅលើ​ការ​សាកល្បង និង​សេចក្ដីទុក្ខវេទនា​ ។

  • តើ​ពួកបរិសុទ្ធ​បាន​ឆ្លើយ​តប​ទៅនឹង​ការ​សន្យា​អំពី​ពរជ័យ​នាពេល​អនាគត​ទាំង​នេះ​​យ៉ាង​ដូចម្ដេច ? ( ពួកគេ​បាន​រីករាយ​យ៉ាង​ខ្លាំង ) ។

  • តើ​គោលការណ៍​​អ្វី​ដែល​យើង​អាច​រៀនមក​ពី ខទី៣–៦​នេះ ?​ (​ សិស្ស​គួរ​ស្គាល់​គោលការណ៍​ស្រដៀងគ្នា​​ដូចតទៅ​ ៖ ទោះបី​ជា​យើង​ជួប​ប្រទះការ​សាកល្បង​ក្តី ក៏​យើង​អាច​រីករាយ​នៅ​ក្នុង​​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ និង ​ពរជ័យ​​នាពេល​អនាគត ដែល​ព្រះ​បាន​សន្យា​ថា​នឹង​ប្រទាន​ដល់​យើង​ដែរ ។

  • តើ​យើងអាច​ចងចាំ​​អំពី​ពរជ័យ​នាពេលខាង​មុខ ដែល​ព្រះបាន​សន្យា​ថា​ប្រទាន​ដល់​យើង​ដើម្បី​ជួយ​យើងឲ្យ​មានអំណរ ទោះជា​យើង​ជួប​ប្រទះនឹង​ការ​សាកល្បង​យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី១ ១:៧–៩ឲ្យ​ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើ​ពេត្រុស​​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការសាកល្បង​សេចក្ដីជំនឿ​របស់ពួកបរិសុទ្ធ ។

  • យោងតាមពេត្រុសទី១ ១:៧តើ​ពេត្រុស​ប្រៀបធៀប​ការសាកល្បង ការពិសោធន៏ ឬ​សេចក្ដីជំនឿ​​របស់​ពួកបរិសុទ្ធ​ទៅ​នឹង​អ្វី ?

  • តើ​ការ​សាកល្បង​សេចក្ដីជំនឿ​គឺ​ដូចជា​មាស​ដោយ​វិធីណា ? ( សេចក្ដីជំនឿ​ដែល​ត្រូវ​បាន​សាកល្បង គឺ​ដូច​ជា​មាស​ដ៏​មាន​តម្លៃ ) ។ ទោះជា​យ៉ាងណា ​សេចក្តីជំនឿ​គឺ​មាន​តម្លៃ​វិសេស​​ជាង​មាស​ទៅ​ទៀត​ ដោយសារ​មាស​ចេះ « ខូច » [ ខទី ៧ ] ខណៈ​ដែល​​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នាំ​ទៅ​រក​សេចក្តី​សង្គ្រោះ ( សូមមើល ខទី ៩ ) ដែល​វា​​អស់កល្បជានិច្ច ។ លើស​ពីលើ​នោះ មាស​គឺត្រូវ​បន្សុទ្ធ​ដោយ​ភ្លើង ។ ស្រដៀងគ្នា​នេះដែរសេចក្ដីជំនឿ​របស់​យើង​​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវបាន​សាកល្បង ហើយ​បន្សុទ្ធ​ នៅពេល​យើង​ស៊ូទ្រាំ​នឹង​ការ​សាក​ល្បង​ដោយ​ស្មោះត្រង់ ។ សូម​សរសេរ​សេចក្ដីពិត​​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​​ការណ៍​​ដូច​ខាងក្រោម​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ូម​នៃ​ពួក​សាវក​​ដប់ពីរ​នាក់ ដែល​បាន​ពន្យល់​អំពី​របៀប​ដែល​យើងអាច​បន្ដ​ខ្ជាប់ខ្ជួន ហើយ​នឹងនរ​អំឡុង​ពេល​នៃការសាកល្បង​សេចក្ដីជំនឿ ។

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

« តើ​អ្នក​អាច​នៅ​តែ ‹ ខ្ជាប់ខ្ជួន ហើយ​មុត​មាំ › [ អាលម៉ា ១:២៥ ] ក្នុងអំឡុង​ពេល​នៃ​ការសាកល្បង​សេចក្តីជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ? អ្នក​បាន​ជ្រមុជ​ខ្លួន​នៅក្នុង​គ្រប់​អ្វី​ៗ ​ដែល​បាន​ជួយ​កសាង​ស្នូល​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក ៖ អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ អ្នក​អធិស្ឋាន អ្នក​ពិចារណា​បទ​គម្ពីរ អ្នក​ប្រែ​ចិត្ត អ្នក​កាន់​តាម​​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​អ្នក​បម្រើ​អ្នក​ដទៃ ។

« នៅពេល​អ្នក​ជួប​នឹង​ការសាក​ល្បង​នៃ​សេចក្ដី​​ជំនឿ—ទោះជា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​អ្នក​មិន​ត្រូវ​ដើរ​ចេញ​ពី​សាសនាចក្រ​នេះ​ឡើយ ! ការដក​ខ្លួន​អ្នក​ចេញ​ពី​នគរ​ព្រះ អំឡុងពេល​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​មួយ គឺ​ប្រៀប​ដូច​ជា​ការចាកចេញ​ពី​តំបន់​សុវត្ថិភាព​​ការពារ​ព្យុះ ពេល​មាន​ព្យុះ​សង្ឃរា​មួយ​បាន​មក​ដល់​ដូច្នោះ​ដែរ » ( « Trial of Your Faith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤០ ) ។

  • តើ​អែលឌើរ អាន់ឌើរសិន បាន​លើកទឹកចិត្ត​ដល់​យើង​ឲ្យ​ធ្វើ​អ្វីខ្លះ​ នៅក្នុង​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង ?

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​ធ្វើ​​អ្វីៗ​ទាំង​នេះ នៅពេលសេចក្តីជំនឿ​របស់​យើង​កំពុង​ត្រូវ​បាន​សាកល្បង ?

សូម​ចង្អុល​បង្ហាញ​ថា ពួកបរិសុទ្ធ​មួយចំនួន​ដែល​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​បោះបង់​សេចក្ដីជំនឿ​របស់ខ្លួន​ចោល នៅពេល​ពួកគេ​ជួប​ប្រទះនឹង​ការ​បៀត​បៀន​ខាង​សាសនា ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានពេត្រុស​ទី ១ ១:១៣–១៧ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​ការ​ដាស់តឿន​​ដែល​ពេត្រុស​បាន​ផ្ដល់​ឲ្យ ​ដើម្បី​ជួយ​ពួកបរិសុទ្ធ​ឲ្យស៊ូទ្រាំ​នឹង​ការ​សាក​ល្បង​របស់ពួកគេ​ដោយ​ស្មោះត្រង់ ។ ​សូមពិចារណា​ធ្វើការ​អញ្ជើញ​​សិស្ស​ឲ្យ​គូស​ចំណាំ​នូវអ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ពេត្រុស​បាន​ដាស់តឿន​ដល់​ពួក​​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​ការ​ប្រឹក្សា​របស់​ពេត្រុស​អាច​ជួយ​ពួកគេ​ ឲ្យ​ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​ក្នុងការ​សាកល្បងរបស់​ពួកគេ​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី១ ១:១៨–២១ ឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​​សេចក្តី​​ពិត​បន្ថែម​ទៀត ដែល​ពេត្រុស​បាន​បង្រៀន​ដល់​ពួកបរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ​នឹង​ការសាកល្បង​របស់​ខ្លួន​ដោយ​ស្មោះ​ត្រង់ ជាជាង​បោះបង់​សេចក្តីជំនឿ​របស់​ខ្លួន​ចោល ។

  • តើ​​ពេត្រុស​បាន​បង្រៀន​សេចក្ដីពិត​អ្វីខ្លះ ដល់ពួក​បរិសុទ្ធ​ក្នុង​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្ដែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោម ៖យើង​ត្រូវ​បាន​ប្រោសលោះ​ តាមរយៈ​ព្រះលោហិត​ដ៏​មាន​តម្លៃ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រស់នៅ​ក្នុង​ជីវិត​​ដែល​គ្មាន​អំពើ​បាប នោះ​ទ្រង់​អាច​ថ្វាយ​ព្រះអង្គ​​ទ្រង់​ជា​ការបូជា​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​យើង ។ ព្រះ​យេស៊ូវគ្រីស្ទ​ត្រូវ​បាន​តែងតាំងពី​មុន​កំណើត​លោកិយ ដើម្បី​ឲ្យ​ក្លាយ​ជា​ព្រះ​ប្រោស​លោះ​​របស់​យើង) ។

  • តើ​ការ​ចងចាំ​ពី​សេចក្ដី​ពិត​ទាំងនេះ​ ប្រហែល​ជា​​បាន​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​នឹង​​ការ​សាកល្បង​របស់​ពួកគេ​ដោយ​ស្មោះ​ត្រង់​តាម​របៀបណា ?

ដើម្បី​ជួយសិស្ស​ដឹងអំ​ពី​សារៈសំខាន់​នៃ​សេចក្ដី​ពិត​ទាំងឡាយ ដែល​ពួកគេ​បាន​ស្គាល់​នៅក្នុង ពេត្រុសទី១ ១សូម​អញ្ជើញ​ពួកគេ​ឲ្យគិត​អំពី​គ្រា​មួយ​ដែល​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​ បាន​ជ្រើសរើស​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​បទ​ពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើដើម្បី​បន្ដ​ស្មោះត្រង់ នៅពេល​ពួកគេ​ត្រូវ​បាន​សាកល្បង​នៅក្នុងឡ​នៃ​សេចក្ដី​ទុក្ខវេទនា​ ។

សូម​សង្ខេប ពេត្រុសទី១ ១:២២–២៥ ដោយពន្យល់​ថា​ ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចងចាំ​ថា ពួកគេ​បាន​កើត​មក​ម្តង​ទៀត​តាម​រយៈការ​ឱប​ក្រសោប​យក​​​ព្រះបន្ទូល​របស់​ព្រះ ដែល​ស៊ូទ្រាំ​ជា​រៀង​រហូត ។

ពេត្រុសទី ១ ២:១–១២

ពេត្រុស​គូស​បញ្ជាក់​អំពី​ការទទួលខុសត្រូវ​របស់​ពួក​បរិសុទ្ធ

  • តើ​សមាជិក​សាសនាចក្រ​ខុសប្លែក​​​ពី​មនុស្ស​ក្នុងលោកិយ​​តាមរ​បៀប​ណា​ខ្លះ ?

  • តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ ដែល​យើង​អាច​ជួប​ប្រទះ ដោយសារ​យើង​មាន​ភាព​ខុស​ប្លែក​ពី​ពួកគេ​​នោះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ នៅពេល​ពួកគេ​សិក្សាពេត្រុសទី ១ ២ដែល​នឹង​ពង្រឹង​ដល់​បំណង​ប្រាថ្នា​របស់​ពួកគេ ​ដើម្បី​ឲ្យមានភាព​ខុសប្លែក​រវាង​មនុស្ស​ក្នុងពិភពលោក និង​ពួក​សមាជិក​នៃសាសនាចក្រ ។

សូម​សង្ខេបពេត្រុសទី១ ២:១–៨​ដោយ​ពន្យល់​ថា ពេត្រុស​បាន​បង្រៀន​ថា ពួកបរិសុទ្ធ​គឺដូច​ជា​ថ្មរស់ ហើយ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​​គឺដូចជា​ថ្មជ្រុង​យ៉ាងឯក ឬ​ជា​គ្រឹះ​របស់​ពួក​ស្មោះត្រង់ ។ ប៉ុន្ដែ​អ្នកទាំងឡាយ​ដែល​មិនគោរពប្រតិបត្តិ ទ្រង់​​គឺជា « ជា​ថ្ម​ជំពប់ ហើយ​ជា​ថ្មដា​ដែល​នាំ​ឲ្យ​រវាត​ចិត្ត » (ខទី ៨) មានន័យ​ថា ពួកគេ​បាន​​ខក​ចិត្ត​នឹង​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី ១ ២:៩–១០ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រក​មើល​របៀប ដែល​​ពេត្រុស​​​បានពិពណ៌នា​អំពី​ពួក​បរិសុទ្ធ​ស្មោះត្រង់ ។

  • តើពេត្រុស​បានពិពណ៌នា​អំពី​ពួកបរិសុទ្ធ​ស្មោះ​ត្រង់​យ៉ាង​ដូចម្ដេច ?

សូម​ចង្អុល​បង្ហាញ​ថា ពាក្យ​ដ៏​ជា​កេរ្តិ៍​អាករ​​នៃ​ព្រះនៅក្នុងខទី ៩ត្រូវ​បាន​បកប្រែ​មកពី​ពាក្យ​ក្រិក​មានន័យថា បានទិញ ឬ​បាន​រក្សា​ទុក ហើយ​ឆ្លើយ​ឆ្លង​នឹង​ពាក្យ​របស់​ហេព្រើរ​នៅ​ក្នុង និក្ខមនំ ១៩:៥ដែល​ចង្អុល​បង្ហាញ​​ថា រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់ព្រះ​គឺជា​ទ្រព្យ​សម្បត្តិដ៏ពិសេស ឬ​ទ្រព្យ​ដ៏មានតម្លៃ​ចំពោះ​​ទ្រង់  ។

  • តើ​ពាក្យ​ដែល​ពេត្រុស​បាន​ប្រើ​ពិពណ៌នា​អំពី​ពួកបរិសុទ្ធ​នៅក្នុង ខទី ៩–១០​​ បាន​ជួយ​ពួកគេ​មាន​ចិត្ត​ក្លាហាន​បែប​ណា នៅពេល​ពួកគេ​ជួប​នូវ​ការបៀត​បៀន​ខាង​សាសនា​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី១ ២:១១–១២ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលថា​តើ​ពេត្រុស​បាន​អង្វរ​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​អ្វីខ្លះ​ ក្នុង​នាម​ជា​​រាស្ត្រ​ដ៏ជា​កេរ្ដិ៍អាករ​នៃ​ព្រះអម្ចាស់ ។ ​សូម​ពន្យល់​ថា ពេត្រុស​អាច​ហៅ​ពួកបរិសុទ្ធ​ថា « ពួក​ប្រទេស​ក្រៅ » ឬ « អ្នក​គ្រាន់តែ​សំណាក់ » ដោយសារ​ពួកគេ​បាន​រស់នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​វប្បធម៌ និង សាសនា​ផ្សេង​ពី​ពួក​បរិសុទ្ធ ឬ​ដោយសារ​ពួកគេ​​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​សួគ៌ា​របស់​ពួកគេ ដោយ​រស់នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ជា​បណ្តោះ​អាសន្ន ។

  • យោងតាមខទី ១១តើ​ពេត្រុស​បាន​និយាយ​ថា ពួកបរិសុទ្ធ​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ញែក​ខ្លួន​ចេញ​ពី​លោកិយ ?

  • យោងតាមខទី ១២តើ​ពេត្រុស​និយាយ​ថា ពួកបរិសុទ្ធ​អាច​មាន​ឥទ្ធិពល​ដូចម្តេចខ្លះ​ទៅលើ​អ្នកដទៃ ក្នុងនាមជា​រាស្ត្រ​ជម្រើស និង​ជា​រាស្ត្រ​ដ៏ជា​កេរ្ដិ៍អាករ​នៃ​ព្រះ ?

  • តើ​យើង​រៀន​សេចក្ដីពិត​អ្វីខ្លះ មកពីពេត្រុស អំពីអ្វី​ដែល​ព្រះ​ហៅ​ពួកបរិសុទ្ធ​របស់ទ្រង់​ឲ្យ​ធ្វើ​នោះ ? ( សិស្ស​គួរ​ស្គាល់​សេចក្ដីពិត​មួយ​ស្រដៀងគ្នា​ដូច​ខាង​ក្រោម ៖ ព្រះ​ហៅ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​ខុស​ពី​លោកិយ ប្រយោជន៍​ឲ្យ​អ្នក​ដទៃ​អាច​មើល​ឃើញ​ពី​គំរូ​របស់​ពួកគេ ហើយ​សរសើរ​តម្កើង​ដល់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮ​ៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ស៊ីស្ទើរ អេលែន អេស ដាល់ថុន ដែល​បាន​បម្រើ​ជា​ប្រធានអង្គការ​​យុវនារីទូទៅ ៖

រូបភាព
អេលែន អេស ដាល់ថុន

« ប្រសិនបើ​អ្នក​មាន​បំណង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅក្នុង​ពិភពលោក​នេះ អ្នក​ត្រូវ​ធ្វើ​ខុស​ប្លែក​ពី​លោកិយ​នេះ» (« Now Is the Time to Arise and Shine! » EnsignLiahona ខែ​ឧសភា ឆ្នាំ ២០១២ ទំព័រ ១២៤ ) ។

  • តើ​ការជ្រើសរើស​របស់​អ្នក​ដើម្បី​នៅ​ដាច់​ដោយ​ឡែក និង ធ្វើ​ខុសប្លែក​ពី​លោកិយ​នេះ ជះឥទ្ធិពល​ដល់​អ្នក​ដទៃ​សម្រាប់​សេចក្តី​ល្អ ឬ ជួយ​ដឹកនាំ​ពួកគេ​ឲ្យ​ទៅ​រក​ព្រះ​យ៉ាង​ដូច​ម្តេច ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​បាន​ល្អ​​ប្រសើរ ដើម្បី​នៅ​ដាច់​ដោយ​ឡែក និង ធ្វើ​ខុសប្លែក​ពី​លោកិយ​នេះ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ក្លាយ​ជា​គំរូ​នោះ ។ សូម​អញ្ជើញ​​ពួកគេ​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត ​ដែល​ពួកគេ​បាន​ទទួល ។

ពេត្រុសទី១ ២:១៣–២៥

ពេត្រុស​ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ស៊ូទ្រាំ​នឹង​ការរង​ទុក្ខ​​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​ដែរ

សូមសង្ខេប ពេត្រុសទី១ ២:១៣–១៨ ដោយពន្យល់​ថា ពេត្រុស​បាន​បង្រៀន​ពួកបរិសុទ្ធ​ឲ្យ​ចុះចូល​ខ្លួន​ពួកគេ​ទៅនឹង​ច្បាប់ និង អាជ្ញាធរ​រដ្ឋប្បវេណី ដែល​គ្រប់គ្រង​ពួកគេ ( រួម​ទាំង អធិរាជ​ចក្រពភ​រ៉ូម ដែលជម្រុញ​​​ឲ្យ​មាន​ការបៀតបៀន​ប្រឆាំង​នឹង​ពួកគេ​ដែរ,​ សូម​មើល​ផងដែរ គ. និង ស. ៥៨:២១–២២) ។ លោក​បាន​លើក​ទឹកចិត្ត​ដល់​អស់​អ្នក​ដែល​រង​ទុក្ខ​ជា​ខ្លាំង ក្នុង​នាម​ជា​អ្នក​បម្រើ​ឲ្យ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​របស់​ខ្លួន ដោយ​ការអត់ធ្មត់ ហើយ​ចងចាំ​ថា​ព្រះ​ជ្រាប​ដឹង​ពី​ការរងទុក្ខ​ទាំង​នោះ ។

សូម​អញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន ពេត្រុស​ទី១ ២:១៩–២០ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលថា​តើ​ពេត្រុសប្រឹក្សា​ដល់​​​ពួកបរិសុទ្ធ អំពី​របៀប​ដែល​ពួកគេ​គប្បី​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​យ៉ា​ង​ដូច​ម្ដេច ។

  • តើ​ពេត្រុស​​ប្រឹក្សា​អ្វីខ្លះ អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​​​គប្បី​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​​របស់​ពួកគេ ?

ចូរ​សុំ​ឲ្យ​សិស្ស​​អាន ពេត្រុសទី ១ ២:២១–២៥ ដោយស្ងាត់ស្ងៀម ​រកមើល​ការពិពណ៌នា​របស់​ពេត្រុស អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ឆ្លើយ​តប​​ចំពោះ​ការបៀត​បៀន ។

  • តើ​ព្រះគ្រីស្ទ​ឆ្លើយតប​ចំពោះការ​បៀតបៀន​យ៉ាង​​ដូចម្ដេច ?

  • យោងតាមខទី ២១តើ​មូលហេតុ​មួយ​ ដែល​ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​សម្រាប់​យើងគឺជា​អ្វី ?

  • តើយើង​អាច​ស្គាល់​សេចក្ដីពិត​អ្វីខ្លះ​​ចេញមកពីខទី ២១–២៥​អំពី​ការ​ស៊ូទ្រាំ​នឹងការ​សាកល្បង​ ? ( សិស្ស​គប្បី​ស្គាល់​សេចក្ដីពិត​ស្រដៀងគ្នា​ដូចខាង​ក្រោម ៖យើង​អាច​ធ្វើ​តាម​គំរូ​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង​ដោយ​អត់ធ្មត់ )

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ធ្វើ​តាម​គំរូ​របស់ទ្រង់​នៅក្នុង​ការ​ស៊ូទ្រាំ​នឹង​ការ​សាក​ល្បង​ដោយ​អត់ធ្មត់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ពេត្រុស​ទី ១ ១:៦–៨។ « ដើម្បី​ឲ្យ​ការ​សាកលសេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា …​បាន​ឃើញសម្រាប់​​​ជា​សេចក្តី​សរសើរ កេរ្តិ៍ឈ្មោះ និង​សិរីល្អ »

អែលឌើរ អួរសុន អែហ្វ វិតនី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​នូវ​អ្វី​ដែល​អាច​​កើត​មានមកពី​ការ​សាកល្បង​ដែល​យើង​រងទុក្ខ​ក្នុង​ជីវិត​នេះ ៖

« គ្មាន​ការឈឺចាប់​​​ដែល​យើង​រងទុក្ខ គ្មាន​ការសាកល្បង​ដែល​យើង​ទទួល​ណា ​ទៅជា​ឥត​ប្រយោជន៍​​នោះ​ទេ ។ វា​បម្រើ​ដល់​ការអប់រំ​ ដល់​ការអភិវឌ្ឍ​នៃ​គុណ​សម្បត្តិរបស់​យើង​ដូចជា ការអត់ធ្មត់ សេចក្ដី​ជំនឿ ការរឹងមាំ និង ការបន្ទាបខ្លួន ។ អ្វី​ទាំងអស់​ដែល​យើង​រងទុក្ខ និង​អ្វី​ទាំងអស់​ដែល​យើង​ស៊ូទ្រាំ ជាពិសេស​នៅពេល​យើង​ស៊ូទ្រាំ​វា​ដោយ​អត់ធ្មត់​នោះ វា​នឹង​ពង្រឹង​ដល់​អត្តចរិត​របស់​យើង បន្សុទ្ធ​ដួងចិត្ត​យើង ពង្រីក​ព្រលឹង​យើង និង ធ្វើឲ្យ​យើង​ចេះ​ស្រឡាញ់ និង​សប្បុរស​កាន់តែ​ខ្លាំង កាន់តែ​សក្ដិសម​នឹង​ត្រូវបាន​ហៅ​ថា​ជា​កូនចៅ​នៃ​ព្រះ … ហើយ​វា​គឺ​តាមរយៈ​សេចក្ដីសោកសៅ និង​ការរងទុក្ខ ការលំបាក ​និង​ ទុក្ខ​ព្រួយ ដែល​​យើង​ទទួល​បាន​ការអប់រំ​ដែល​យើង​មក​ទីនេះ​ដើម្បី​ទទួល​បាន ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះវរបិតា និង ព្រះមាតា​នៅលើ​ស្ថានសួគ៌ » ( នៅក្នុង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ៩៨ ) ។

ពេត្រុសទី១ ២:១៨–២៥ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​អំពី​របៀប​​ដែល​យើង​គួរ​តែ​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ

អែលឌើរ អាឡិចសាន់ឌើរ ប៊ី ម៉ូរីសុន នៃ​ពួកចិតសិបនាក់​បានបង្រៀន​ ៖

« ពេត្រុស​ជា​សាវក​ដ៏​អស្ចារ្យ ដែល​បាន​រងទុក្ខ​​ដោយ​ការ​ធ្វើ​ទុក្ករកម្ម​ដល់​ស្លាប់ ( សូមមើល​យ៉ូហាន ២១:១៨–១៩) បាន​ទទួលស្គាល់​ថា ព្រះគុណ​របស់ព្រះ​គឺ​មាន​ទាក់ទង​នឹង​ការ​ងទុក្ខ​ដោយ​អត់ធ្មត់ដោយសារ​តែ​ព្រះគ្រីស្ទ ប៉ុន្តែ​សិរីល្អ​បន្ដិច​បន្ដួច​នោះ បាន​មាន​ថែម​មក​លើ​យើង ប្រសិន​បើ​យើង​រងទុក្ខ [ ជាលទ្ធផល​មកពី ] អំពើបាប​របស់​យើង​ផ្ទាល់​នោះ ។ លោក​បាន​សរសេរ ៖ ‹ ​ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​​បញ្ញា​ចិត្ត​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ ។ បើ​​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្តី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ស៊ូទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​​ព្រះហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន › ។ (ពេត្រុសទី១ ២:១៩–២០) ។ នៅពេល​យើង​ស៊ូទ្រាំការ​រងទុក្ខ​ដោយ​អយុត្តិធម៌ នោះ​យើង​អភិវឌ្ឍ​អាកប្បកិរិយា​ដូចជា​ព្រះគ្រីស្ទ ដែល​នឹង​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​បាន​ឥតខ្ចោះ ហើយ​នាំ​យើង​ខិត​ទៅកាន់តែ​ជិត​នឹង​ទ្រង់ » (​Feed My Sheep: Leadership Ideas for Latter-day Shepherds[ ឆ្នាំ ១៩៩២ ] ទំព័រ ១៦៦ ) ។