បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កូរិនថូសទី១ ៧-១៤ ( មេរៀន​ទី ២២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កូរិនថូសទី ១ ៧-១៤ ( មេរៀន​ទី ២២ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា កូរិនថូសទី ១ ៧-១៤ ( មេរៀន​ទី ២២ ) ពុំ​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( កូរិនថូស ទី១ ៧-៨ ) ។

នៅ​ក្នុង​សេចក្ដី​ណែនាំ​របស់​ប៉ុល​ទៅ​កាន់​សមាជិក​សាសនាចក្រ​ដែល​រៀបការ​រួចហើយ និង​សមាជិក​នៅ​លីវ​នៅ​កូរិនថូស សិស្ស​បាន​រៀន​ថា ភាព​ស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ស្វាមី និង​ភរិយា​គឺ​តាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​ពួក​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ឥទ្ធិពល​មួយ​ដ៏​ត្រឹមត្រូវ​ចំពោះ​ក្រុម​គ្រួសារ​ខ្លួន ។ សិស្ស​ក៏​បាន​រៀន​ផង​ដែរ​ថា យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ដទៃ​ទៀត​តាមរយៈ​ការ​ចៀស​វាង​ពី​ទង្វើ​ដែល​អាច​ដឹកនាំ​ពួកគេ​ឲ្យជំពប់ដួល​​​ខាង​វិញ្ញាណ ។

ថ្ងៃ​ទី ២ ( កូរិនថូស ទី១ ៩-១០ ) ។

នៅ​ពេល​សិស្ស​បាន​បន្ត​ការ​សិក្សា​របស់​ខ្លួន​អំពី​ការ​ទូន្មាន​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ពួកគេ​បាន​រៀន​ថា ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នោះ​យើង​ត្រូវ​តែ​រៀន​អនុវត្ត​​គ្រប់​គ្រង​លើ​ខ្លួន​ឯង​នៅ​គ្រប់​រឿង​ទាំងអស់ ។ ពួកគេ​ក៏​បាន​រកឃើញ​ផង​ដែរ​ថា ព្រះ​នឹង​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​គេច​ពី​ការ​ល្បួង ប៉ុន្តែ​យើង​ត្រូវ​តែ​ជ្រើស​រើស​ដើម្បី​ដក​ខ្លួន​យើង​ចេញ​ពី​ការ​ល្បួង​នោះ ។

ថ្ងៃ​ទី ៣ ( កូរិនថូសទី១ ១១ )

សិស្ស​បាន​រៀន​ថា​ នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ​បុរស និង​ស្ត្រី​មិន​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​គ្មាន​គ្នា​បាន​ឡើយ ។ ពួកគេ​ក៏​បានរៀន​ផង​ដែរ​ថា ជន​ដែល​ទទួល​ទាន​សាក្រាម៉ង់​ដោយ​មិន​សក្ដិសម​នាំ​មក​នូវ​ការ​ដាក់​ទោស និង​ការ​ជាប់​ទោស​ដល់​ខ្លួន​ឯង ។ ហេតុដូច្នេះ​ហើយ យើង​គួរ​វិនិច្ឆ័យ​ពី​ជីវិត​របស់​យើង នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។

ថ្ងៃ​ទី ៤ ( កូរិនថូសទី១ ១២-១៤ )

នៅ​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​​ស្ដីពី​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ សិស្ស​បាន​រៀន​នូវ​សេចក្ដី​ពិត​ដូចខាង​ក្រោម​នេះ ៖ មាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ​ ដែល​យើង​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​ថា ព្រះយេស៊ូវគ្រីស្ទ​​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នៅ​ពេល​យើង​ខិតខំ​ដើម្បី​ទទួល​បាន​អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដី​សប្បុរស នោះ​យើង​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីសប្បុរសគឺជាអំណោយនៃ​ព្រះវិញ្ញាណ​ដ៏​​អស្ចារ្យ​បំផុត ។ នៅ​ពេល​យើង​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ដោយ​ការ​បំផុស​គំនិត នោះ​យើង​អាច​ជួយ​ស្អាង ហើយ​លួង​លោម​ដល់​មនុស្ស​ដទៃ ។

សេចក្តី​ផ្ដើម

ប៉ុលបាន​សរសេរ​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​យ៉ាង​ច្រើន ។ លោក​បាន​ប្រៀប​ធៀប​សាសនាចក្រ​ទៅ​នឹង​រូបកាយ ហើយ​បាន​ពន្យល់​ថា គឺ​ដូចជា​​រូប​កាយ​​ត្រូវការ​គ្រប់​អវៈយវៈទាំងអស់​ឲ្យ​ដំណើរ​ការ​ត្រឹមត្រូវ​ដែរ ​សមាជិក​សាសនាចក្រ​ម្នាក់ៗ​អាច​ប្រើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ចូល​រួម​ចំណែក ហើយ​ពង្រឹង​ដល់​សាសនាចក្រ​​ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី ១ ១២:១-១១

ប៉ុល​បង្រៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ

សូម​ដាក់​បង្ហាញ​រូបភាព​ថ្ម​ដូច​ខាងក្រោម​នេះ ៖

រូបភាព
stone, whate’er thou art act well thy part (ថ្ម, មិន​ថា​អ្នក​ជា​នរណាទេ សូមធ្វើ​ចំណែក​របស់​អ្នក​ឲ្យ​បាន​ល្អ )

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​អក្សរ​ដែលចារិក​លើ​ថ្ម​នោះ​ឲ្យ​ឮៗ ។ សូម​ពន្យល់​ថា កាល​ប្រធាន ដេវីឌ អូ មិកឃេ បម្រើ​បេសកកម្ម​មួយ​នៅ​ប្រទេស​ស្កតលេន លោក​បាន​ឃើញ​ថ្ម​នេះ​នៅ​ពី​លើ​ទ្វារ​នៃ​អគារ​មួយក្បែរ​ប្រាសាទ​ស្ទើលីង ហើយ​លោក​ត្រូវ​បាន​បំផុស​គំនិត​ដោយ​សារ​តែ​សារ​របស់​វា ( សូមមើល Francis M. Gibbons, David O. McKay: Apostle to the World, Prophet of God [ ឆ្នាំ​ ១៩៨៦ ] ទំព័រ ៤៥ ) ។

សូម​ពន្យល់​ថា និមិត្ត​សញ្ញា​នីមួយៗ​នៅ​លើ​​ថ្ម​ជ្រុង​ប្រាំ​បួន​ដុំ​នោះ​ តំណាង​ឲ្យ​តម្លៃ​មួយ​ចំនួន ។ ចូរ​សុំ​ឲ្យ​សិស្ស​បង្ហាញ​ពី​តម្លៃ​លេខ​នៃ​ថ្ម​នីមួយៗ ។ ( ពី​ឆ្វេង​ទៅ​ស្ដាំ និមិត្ត​សញ្ញា​តំណាងឲ្យ​លេខ ៥, ១០ និង ៣ នៅ​ជួរ​ដេកខាង​លើ និង​លេខ ​៤, ៦ និង ​៨ នៅ​ជួរ​ដេកកណ្ដាល និង​លេខ ​៩, ២ និង ​៧ នៅ​ជួរ​ខាង​ក្រោម ) ។

  • តើ​ផលបូក​នៃ​លេខ​ទាំង​បី​នៅ​ជួរ​ដេក​លើ​តំណាង​ឲ្យ​អ្វី ? ជួរ​ដេកកណ្ដាល​តំណាង​ឲ្យ​អ្វី ? ជួរ​ដេកក្រោម​តំណាង​ឲ្យ​អ្វី ?

សូម​ពន្យល់​ថា លេខ​ទាំង​បី​នៅ​លើ​​ជួរ​ដេក ជួរ​ឈរ ឬ​អង្កត់ទ្រូង​​ថ្ម​នេះ​តំណាង​ឲ្យ​លេខ ​១៨ ។ ហេតុផល​មួយ​ដែល​រាង​ទាំងនេះ​អាច​ដាក់​បញ្ចូល​ឃ្លាថា « មិន​ថា​អ្នក​ជា​នរណាទេ សូមធ្វើ​ចំណែក​របស់​អ្នក​ឲ្យ​បាន​ល្អ » គឺថា ប្រសិន​បើ​រាង​ទាំងនេះ​មាន​រាង​ណា​មួយ​បាន​ផ្លាស់ប្ដូរ ឬ​ប្រសិន​បើ​តម្លៃ​របស់​វា​ផ្លាស់ប្ដូរ នោះ​ជួរ​ដេក និង​ជួរ​ឈរ​នៅ​លើ​ថ្ម​នោះ​នឹង​មិន​ស្មើ​ ១៨ ពី​គ្រប់​ទិស​​ទាំងអស់​ទៀត​ឡើយ ។

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី ១ ១២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ថា ក្នុងនាម​យើង​ជា​សមាជិក​សាសនាចក្រ​ប្រៀប​បាន​នឹង​រាង​នៅ​លើ​ថ្ម​នោះ​​ដោយ​របៀបណា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១២:៧ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​​ពី​ហេតុផល​ដែលអំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​យើង ។ ( ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា « ដើម្បី​ឲ្យ​កើត​បាន​ផល » មាន​ន័យ​ថា សេចក្ដី​ល្អ​រួម​នៃ​ពួក​បរិសុទ្ធ​គ្រប់​រូប ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ពី​សាវក​ប៉ុល​ ស្ដីពី​ហេតុផល​ដែល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ឲ្យ​ ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១២:៨-១១ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រក​មើល​អំណោយ​ទាន​ខាង​វិញ្ញាណ​ ដែល​ប៉ុល​បាន​លើក​ឡើង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពី​អំណោយទាន​ខាង​វិញ្ញាណ​ ដែល​ពួកគេ​បាន​រក​ឃើញ និង​អត្ថន័យ​នៃ​អំណោយទាន​នីមួយៗ ។ ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់​ថា « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ » ( ខ​ ទី​ ៨​ ) សំដៅ​ទៅ​លើ​ការ​វិនិច្ឆ័យ​ល្អ និង​ការ​អនុវត្ត​ចំណេះដឹង​ដ៏​ត្រឹមត្រូវ « ពាក្យ​សម្ដីនៃ​ចំណេះ​ចេះ​ស្ទាត់ » ( ខ​ទី ៨ ) សំដៅ​ទៅ​លើ​ចំណេះដឹង​ពី​ព្រះ និង​ក្រឹត្យវិន័យ​របស់​ទ្រង់ « សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ » ( ខ​ ទី ១០ ) សំដៅ​ទៅ​លើ​ការ​ស្គាល់​សេចក្ដី​ពិត និង​មិន​ពិត ព្រមទាំង​ការ​បញ្ឆោត​សេចក្ដី​ល្អ និង​អំពើ​អាក្រក់​នៅ​ក្នុង​អ្នក​ដទៃ ហើយ « ចេះ​និយាយ​ភាសា » ( ខ​ទី ១០ ) សំដៅ​ទៅ​លើ​សមត្ថភាព​ដើម្បី​និយាយ​ភាសា​បរទេស ឬ​ភាសា​ដែល​គេ​ពុំ​ចេះ ។

  • តើ​អំណោយទាន​ខាង​វិញ្ញាណ​ទាំងនេះ​អាច​ជាប្រយោជន៍​ដល់​កូនចៅ​របស់​ព្រះ​បាន​យ៉ាង​ដូចម្ដេច ?

ចូរ​ចង្អុល​បង្ហាញ​ថា អំណោយទាន​ខាង​វិញ្ញាណ​ ដែល​បាន​លើក​ឡើង​យ៉ាង​ជាក់​លាក់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ គ្រាន់​តែ​ជា​អំណោយទាន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​យើង​អាច​ទទួល​បាន​តាម​រយៈ​ព្រះវិញ្ញាណ ។

  • តើ​អំណោយទាន​ផ្សេង​ទៀត​ណា​ខ្លះ​ដែល​អាច​កើត​មាន​ចំពោះ​យើង ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​អំណោយទាន​ខាង​វិញ្ញាណ​អ្វីខ្លះ​ ដែល​អ្នក​បាន​សម្គាល់​ឃើញ ​នៅ​ក្នុង​សមាជិក​គ្រួសារ មិត្តភក្ដិ និង​មិត្ត​រួម​ថ្នាក់​របស់​អ្នក?

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​រក​ឃើញ​អំណោយទាន​ខាង​វិញ្ញាណ​របស់​យើង ? ( ទូល​សូម​ព្រះវរបិតា​សួគ៌​អំពី​អំណោយ​ទាន​ទាំងនោះ​ នៅ​ក្នុង​ការ​អធិស្ឋាន ហើយ​ទទួល និង​​សិក្សា​ពរនៃ​លោក​អយ្យកោ​របស់​យើង ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អំណោយទាន​ខាង​វិញ្ញាណ ​ដែល​ពួកគេ​បាន​ទទួល និង​របៀប​ដែល​វា​អាច​ជា​ប្រយោជន៍​ដល់​ពួកគេ ហើយ​ប្រើ​វា​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ដទៃ ។

កូរិនថូសទី ១ ១២:១២-៣១

អំណោយទាន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ឲ្យ ​ដើម្បី​សមាជិក​សាសនាចក្រ​ទាំងអស់​បាន​ពរជ័យ

សូម​ឲ្យ​សិស្ស​បួន​នាក់​ឡើង​មក​កាន់​ក្ដារខៀន ។ សូម​ចាត់​ពាក្យ​មួយ​ខាង​ក្រោម​នេះ​ដល់​សិស្សម្នាក់ៗ ​ដោយ​កុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់​ស្ដាប់​ឮ ៖ ជើង ដៃ ត្រចៀកនិងភ្នែក ។ សូម​ណែនាំ​សិស្ស​ម្នាក់ៗ​ឲ្យ​គូរ​រូបភាព​មួយ ​នៅ​លើ​ក្ដារខៀន​អំពី​ពាក្យ​របស់​ខ្លួន ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាយ​ថា សិស្ស​ម្នាក់ៗ​គូរ​រូប​អ្វី ។ បន្ទាប់ពី​សិស្ស​ក្នុង​ថ្នាក់​ស្គាល់​រូបភាព​នោះ​ត្រឹមត្រូវ​ហើយ សូមអញ្ជើញ​សិស្ស​ទាំងនោះ​ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​ពួកគេ​វិញ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ថា ជើង ដៃ ត្រចៀក និង​ភ្នែក​ចូល​រួម​ចំណែក​ចំពោះ​កិច្ចការដែល​រូបកាយ​ធ្វើ​ដូច​ម្ដេច​ខ្លះ ។

  • តើ​អ្នក​ធ្លាប់​ត្រូវ​របួស​ត្រង់​អវៈយវៈតូច​មួយ​នៃ​រូបកាយ ដូចជា ម្រាមដៃ ធ្មេញ ឬ​ម្រាម​ជើង​ដែរ​ទេ ? តើ​របួស​តូច​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​ណា​ដែរ សូម្បី​តែ​ចំពោះ​ការងារ​សាមញ្ញ​ប្រចាំ​ថ្ងៃ​ក្ដី​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១២:១២-១៤​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ និង​អវៈយវៈ​ផ្សេង​ទៀត​ទៅនឹង​អ្វី ។

  • តើ​ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ និង​អវៈយវៈ​ផ្សេង​ទៀត​នឹង​អ្វី ? ( សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​សមាជិក​សាសនាចក្រ ) ។

សូម​សរសេរ​សេចក្ដី​យោង​ខ​គម្ពីរ និង សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

កូរិនថូស ទី ១ ១២:១៥-២២, ២៥-៣០

តើ​ប៉ុល​បាន​ប្រៀប​ធៀប​រូបកាយ​ទៅ​នឹង​សាសនាចក្រ​បាន​យ៉ាង​ដូច​ម្ដេច ?

សូម​ចែក​សិស្ស​ជា​ក្រុម ដែល​សិស្ស​មួយ​ក្រុមៗ​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ ចូរ​សុំ​ឲ្យ​ក្រុម​នីមួយៗ​អាន កូរិនថូសទី១ ១២:១៥–២២, ២៥–៣១​​ រួម​គ្នា រក​មើល​វិធី​​ដែល​ប៉ុល​បាន​ប្រៀប​ធៀប​សមាជិក​សាសនាចក្រ​ទៅ​នឹង​អវៈយវៈ​​រូបកាយ ។ អ្នក​គួរ​ណែនាំ​ឲ្យ​សិស្ស​រក​មើល​ថា ប៉ុល​បាន​បង្រៀន​អ្វី​ខ្លះអំពី​រូបកាយ និង​អវៈយវៈ​ផ្សេង​ទៀត​ពី​មុន​ បង្ហាញ​ពី​របៀប​ដែល​លោក​បាន​ប្រដូច​អវៈយវៈ​ទៅ​នឹង​សមាជិក​សាសនា​ចក្រ ។ ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្សឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • ហេតុអ្វី​អ្នក​គិត​ថា ប៉ុល​បាន​ពិភាក្សា​ពី​តួនាទី​របស់​សមាជិក​សាសនាចក្រ​ម្នាក់ៗ​បន្ទាប់​ពី​លោក​បាន​សរសេរ​អំពី​អំណោយទាន​​ខាង​វិញ្ញាណ ?

  • តើ​សមាជិក​សាសនាចក្រ​សព្វថ្ងៃ​អាច​មាន​កង្វល់​អ្វីខ្លះ​ ដែល​អាចត្រូវបាន​ដោះ​ស្រាយ​បានតាម​រយៈ​ការបង្រៀន​របស់​ប៉ុល​អំពី​សមាជិក​សាសនាចក្រ​ប្រៀប​ដូចជា​អវៈយវៈ​នៃ​រូបកាយ​នោះ ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​​នៅ​ក្នុង​ការ​ប្រៀបធៀប​របស់​ប៉ុល​ អំពី​សមាជិក​សាសនា​ចក្រ​ទៅ​នឹង​អវៈយវៈ​នៃ​រូបកាយ ? ( សិស្ស​អាច​នឹង​ស្គាល់​គោលការណ៍​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​ស្គាល់​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅ​ពេល​យើង​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​ដ៏វិសេស​របស់​យើង​ដើម្បី​បម្រើ​មនុស្ស​ដទៃ នោះ​យើង​អាច​ពង្រឹង​សាសនាចក្រនេះ​​បាន ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ចង្អុល​ទៅ​រូបភាព​ថ្ម​ដែល​បាន​ដាក់​តាំង នៅពេល​ចាប់​ផ្ដើម​មេរៀន ។

  • ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​ តើ​យើង​ប្រៀប​បាន​ទៅ​នឹងទ្រង់ទ្រាយ​​ផ្សេងៗ​គ្នា​នៅ​លើ​ថ្ម​នេះ​យ៉ាង​ដូចម្ដេច ? ( យើង​ម្នាក់ៗ​មាន​​លក្ខណៈ​ពិសេស​ខុសៗ​គ្នា ហើយ​យើង​ដើរ​តួ​មួយ​យ៉ាង​សំខាន់ ទោះ​ជា​ព្រះអម្ចាស់​​ហៅ​យើង​ឲ្យ​បម្រើ​នៅ​ទី​ណា​ក៏​ដោយ ។ នៅ​ពេល​យើង​រួម​ផ្សំ​អំណោយទាន និង​សមត្ថភាព​របស់​យើង​ដើម្បី​បម្រើ​ព្រះអម្ចាស់ នោះ​សាសនាចក្រ​ទាំង​មូល​នឹង​ទទួល​បាន​ពរជ័យ ។ អ្វីៗ​ដែល​យើង​ធ្វើ គឺជា​រឿង​​​សំខាន់ណាស់ ហើយ​វា​អាច​សម្រេច​កិច្ចការ​របស់​សាសនាចក្រ​បាន ) ។

  • តើ​អ្នក​ធ្លាប់​ឃើញ​គ្រួសារ​របស់​អ្នក ថ្នាក់​សិក្ខាសាលា ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ថ្នាក់​យុវនារី ឬ​ថ្នាក់​បព្វជិតភាព ឬវួដ ឬ​សាខា​មួយ​ត្រូវ​បាន​ពង្រឹង​ដោយ​អំណោយទាន​ខាង​វិញ្ញាណ​របស់​សមាជិក​ខ្លួន​យ៉ាង​ដូចម្ដេច ?

ចូ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា ពួកគេ​អាច​ប្រើអំណោយ​ទាន​ខាង​វិញ្ញាណ​របស់​ខ្លួន​ ដើម្បី​ពង្រឹង​ដល់​សាសនាចក្រ ហើយ​ប្រទាន​ពរ​ដល់​ជីវិត​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូច​ម្ដេច​ដែរ ។ សូម​ចង្អុល​បង្ហាញ​ពី​ការ​ទូន្មាន​របស់​ប៉ុល​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កូរិនថូស​ទី ១ ១២:៣១ ដើម្បី « សង្វាត​ឲ្យ​បាន​អំណោយ​ទាន​យ៉ាង​វិសេស​ទៅ​ចុះ » ។ ( សូម​ពន្យល់​ថា សង្វាត នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ថា « ការ​ស្វែង​រក​ដោយ​ស្មោះត្រង់ »   ) ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែង​រក​« អំណោយទាន​យ៉ាង​វិសេស »​ នៃ​ព្រះវិញ្ញាណ​ដោយ​ស្មោះត្រង់ ( សូមមើល​ផង​ដែរ គ. និង ស. ៤៦:៨–៩ ) ?

សូម​បង្ហាញ​ទីបន្ទាល់ និង​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​អំណោយទាន​ខាង​វិញ្ញាណ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យខំប្រឹង​ស្វែង​រក​ ហើយ​ប្រើ​អំណោយទាន​ខាង​វិញ្ញាណ​របស់​ពួកគេ​ដើម្បី​បម្រើ ហើយ​ពង្រឹង​ដល់​សាសនាចក្រ ។

មេរៀន​បន្ទាប់ ( កូរិនថូសទី ១ ១៥កូរិនថូសទី ២ ៧ )

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​សំណួរ​ខាង​ក្រោម​នេះ ខណៈ​ពួកគេ​សិក្សា​មេរៀន​បន្ទាប់ ៖ ហេតុអ្វី​ប៉ុល​បាន​លើក​ឡើង​ពី​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ? តើ​នរណា​នឹង​បាន​រស់​ឡើង​វិញ ? តើ​សិរី​ល្អ​អ្វីខ្លះ ​ដែល​កំពុង​រង់ចាំ​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ? តើ​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ​គ្រប់​រូប​នឹង​មាន​សិរី​ល្អ​ដូច​គ្នា​ដែរ​ឬ​ទេ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វីដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួកគេ ជា​ពិសេស​នៅ​ពេល​ពួកគេ​ជួប​ភាព​សោកសៅ ភាពបរាជ័យ ឬ​ភាព​ខ្លោច​ផ្សា ។ សូម​ពន្យល់​ថា នៅក្នុង​​មេរៀន​បន្ទាប់​ ពួកគេ​នឹង​រៀន​ពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៅ​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ ដែល​អាច​នាំ​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សង្ឃឹម​ដល់​ពួកគេ ។