បណ្ណាល័យ
មេរៀន​ទី ១០៣ ៖ កូរិនថូស​ទី១ ១-២


មេរៀន​ទី ១០៣

កូរិនថូស​ទី១ ១-២

សេចក្តី​ផ្ដើម

បន្ទាប់​ពី​ដឹង​អំពី​បញ្ហា​ដែល​សមាជិក​សាសនា​ចក្រ​នៅ​កូរិនថូស​បាន​ជួបប្រទះ ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​សមាជិក​ទាំងនេះ ហើយ​បាន​​​ដាស់​តឿន​ពួកគេ​ឲ្យបំបាត់​ចោល​នូវ​ការ​ឈ្លោះ​ប្រកែក​គ្នា ហើយ​ចេះ​សាមគ្គី​គ្នា ។ លោក​ក៏​បាន​ពន្យល់​ផង​ដែរ​ថា ព្រះ​ហៅ​ពួក​ទន់​ខ្សោយ ហើយ​រាប​សា ​ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ថា​រឿង​នៃ​ព្រះ​អាច​ដឹង ហើយ​យល់​​បាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី១ ១:១-១៦

ប៉ុល​សរសេរ​សំបុត្រ​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ហើយ​ដាស់​តឿន​ពួកគេ​ឲ្យ​បំបាត់​ចោល​នូវ​ការ​ឈ្លោះ​ប្រកែក​គ្នា ហើយ​ចេះ​សាមគ្គី​គ្នា

សូម​បង្ហាញ​រូបភាព​មួយ​អំពី​គ្រួសារ ក្រុម​កីឡា និង​មិត្ត​មួយ​ក្រុម​ដល់​សិស្ស​ក្នុង​ថ្នាក់ ( ឬ​សរសេរ​ពាក្យ គ្រួសារ ក្រុម​កីឡា ក្រុម​មិត្ត​ភក្ដិ នៅ​លើ​ក្ដារខៀន ) ។

  • តើ​អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បែក​បាក់ និង​​ការ​ឈ្លោះ​ប្រកែក​គ្នា​​នៅ​ក្នុង​ក្រុម​ទាំង​នេះ ?

  • តើ​ការ​បែក​បាក់ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​បែប​នេះ​អាច​ជះឥទ្ធិពល​ដល់​គ្រួសារ ក្រុម ឬ​មិត្ត​ភក្ដិ​យ៉ាង​ដូចម្ដេច ?

  • តើ​ការបែក​បាក់ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​បែប​នេះ​​នៅ​ក្នុង​ចំណោម​សមាជិក​សាសនា​ចក្រ​ អាច​ជះ​ឥទ្ធិពល​ដល់​សាសនាចក្រ​យ៉ាង​ដូចម្ដេច​ដែរ ?

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី១ ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​មួយ​អំពី​ការ​បែក​បាក់ និង​ការ​ឈ្លោះ​​ប្រកែក​គ្នា​ ដែល​ប៉ុល​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​​នៅ​កូរិនថូស ។

សូម​អញ្ជើញ​សិស្ស​បើក​ទៅ​ផែនទី​ក្នុង​ព្រះគម្ពីរ ល.រ. ១៣ « ដំណើរ​របស់​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា » ដែល​មាន​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ហើយ​រក​កូរិនថូស​នៅ​លើ​ផែនទី​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌខាង​ក្រោម​នេះ​ឲ្យ​ឮៗ ៖

នៅ​ក្នុង​ដំណើរ​ទៅ​ផ្សាយ​សាសនាទីពីរ​របស់​លោក​ ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​ឈ្មោះ​ថា កូរិនថូស ជា​កន្លែង​ដែល​លោក​​បាន​ប្រកាស​ដំណឹងល្អ ។ មាន​មនុស្ស​ជាច្រើន​បាន​ជ្រមុជទឹក​នៅ​គ្រា​នោះ ( សូម​មើល កិច្ចការ ១៨:១–១៨ ) ។ ក្រោយ​មក​ទៀត កាល​ប៉ុល​កំពុង​ប្រកាស​ដំណឹងល្អ​នៅ​អេភេសូរ លោក​បាន​ដឹង​ថា មាន​បញ្ហា​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស ដោយសារ​មាន​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​រក​ជំនឿ​ដើម​របស់​ពួកគេ​ ហើយ​អនុវត្ត​ការ​ថ្វាយ​បង្គំ​រូបព្រះវិញ ។ ប៉ុល​បាន​សរសេរ​សំបុត្រ​ដល់​សមាជិក​សាសនា​ចក្រ​​នៅ​កូរិនថូស​ដើម្បី​ពង្រឹង​ពួកគេ ហើយ​រំឭក​ពួកគេ​អំពីការ​តាំង​ចិត្ត​របស់​ពួកគេ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១:១-២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​និយាយ​ទៅ​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​យ៉ាង​ដូចម្ដេច ។

  • តើ​ប៉ុល​បាន​និយាយ​ទៅ​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​យ៉ាង​ដូចម្ដេច ?

  • យោង​តាម ខទី ១ តើ​ប៉ុល​មាន​តួនាទី​អ្វីខ្លះ​នៅ​ក្នុង​សាសនាចក្រ ?

សូម​សង្ខេប កូរិនថូសទី ១ ១:៣–៩ ដោយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ថា លោក​មាន​អំណរ​គុណ​ដល់​ព្រះ​ជំនួស​ពួកគេ​សម្រាប់​ព្រះគុណ​ ដែល​​ពួកគេ​បាន​ទទួល​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ប្រទាន​ពរ​ដល់​ពួកគេ​តាម​គ្រប់​វិធី ។ សូម​ចង្អុល​បង្ហាញ​ថា នៅ​ពេល​ប៉ុល​បាន​និយាយ​​ទៅ​កាន់ពួក​បរិសុទ្ធ លោក​បាន​ប្រើ​ភាសា​ដែល​ចង្អុល​បង្ហាញ​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​តួអង្គ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ( សូម​មើល ខ​ទី ៣ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១:១០-១១​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​ដាស់​តឿន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើ​អ្វីខ្លះ ។

  • យោង​តាម កូរិនថូសទី១ ១:១០ តើ​ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ​អ្វីខ្លះ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​សាមគ្គី​គ្នា​ក្នុង​នាម​ជា​ពួក​បរិសុទ្ធ ហើយបំបាត់​ចោល​នូវការ​បែក​បាក់ និង​​ការ​ឈ្លោះ​​ប្រកែក​គ្នា ) ។

  • ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បំបាត់​ចោល​នូវការ​បែក​បាក់ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ? នៅ​ក្នុង​វួដ​របស់​យើង ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​យើង​អាច​ទទួល​ពរជ័យ​អ្វីខ្លះ​មក​ពី​ការ​សាមគ្គីគ្នា ហើយបំបាត់​ចោល​នូវការ​ឈ្លោះ​ប្រកែក​គ្នា​នោះ ?

  • តើ​អ្នក​ធ្លាប់​មាន​ពរ​នៅ​ពេល​ណា​ដែរ​ដោយសារ​តែ​ការ​សាមគ្គី​គ្នា​នៅ​ក្នុង​ថ្នាក់ កូរ៉ុម ឬ​វួដ ឬ សាខា ?

សូម​ឲ្យ​សិស្ស​មើល​ទៅ​ចម្លើយ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ជ្រើស​យក​វិធី​មួយ​ដែល​ពួកគេ​អាចបំបាត់​ចោល​នូវការ​បែកបាក់ និង​ការ​ឈ្លោះ​ប្រកែក​គ្នា ហើយ​ដាក់​គោល​ដៅ​​មួយ​ដើម្បី​អនុវត្ត​វា ។

សូម​សង្ខេប កូរិនថូសទី១ ១:១២–១៦ ដោយ​ពន្យល់​ថា ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​បែង​ចែក​ជា​ក្រុម​​ទៅ​តាម​អ្នក​ដែល​ជ្រមុជទឹក​ឲ្យ​ពួកគេ ។ ការ​ទាស់ទែង​គ្នា​បាន​កើន​ឡើង ដោយសារ​ពួក​គេ​បាន​ជឿ​ថា ស្ថានភាព​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ​គឺ​ត្រូវ​បាន​កំណត់​ថា​សំខាន់​តាមរយៈ​បុគ្គល​ដែល​បាន​ជ្រមុជទឹក​ឲ្យ​ពួក​គេប៉ុណ្ណោះ ។

កូរិនថូសទី១ ១:១៧-៣១

ប៉ុល​បង្រៀន​ថា ព្រះ​ហៅ​ពួក​ទន់ខ្សោយ​ឲ្យ​ប្រកាស​​ដំណឹងល្អ​របស់​ទ្រង់

សូម​ពន្យល់​ថា នៅ​សម័យ​ប៉ុល មាន​ជន​ជាតិ​ក្រិក​​ជា​ច្រើន​បាន​រស់នៅ​កូរិនថូស ។ ជនជាតិ​ក្រិក​ទាំងនេះ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​គំនិត​ខាង​ទស្សនវិជ្ជា និង​ប្រាជ្ញា​ខាង​លោកិយ ។

  • ហេតុអ្វី​មនុស្ស​ម្នាក់​ ដែល​ឲ្យ​តម្លៃ​ទៅ​លើ​​ទស្សនវិជ្ជា​ខាង​លោកិយ​ អាច​មាន​ការ​ពិបាក​ដើម្បី​ទទួល​យក​ដំណឹងល្អ ? ( អ្នក​គួរ​អាន នីហ្វៃទី២ ៩:២៨ ) ។

នៅ​ពេល​សិស្ស​សិក្សា​កូរិនថូសទី ១ ១:១៧–៣១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​មួយ​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​ការបោក​បញ្ឆោត​តាមរយៈប្រាជ្ញា​ខាង​លោកិយ ។

សូម​បែងចែក​សិស្សទាំងឡាយ​ជាបួន​ក្រុម​តូចៗ ។ ចូរ​ចាត់​សេចក្ដី​យោង​បទគម្ពីរ​មួយ​ដូច​មាន​ខាង​ក្រោម​នេះ​ដល់​សិស្សក្នុង​ក្រុម​នីមួយៗ ៖ កូរិនថូសទី១ ១:១៧–១៨, កូរិនថូសទី១ ១:១៩–២០​, កូរិនថូសទី១ ១:២១–២២ និង កូរិនថូសទី១ ១:២៣–២៤ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​នៅ​ក្នុង​ក្រុម​របស់​ពួកគេ ដោយ​រក​មើល​ថា​ប៉ុល​បាន​និយាយ​អ្វីខ្លះ​ អំពី​ភាព​ខុស​គ្នា​នៃ​ប្រាជ្ញា​របស់​លោកិយ និង​ព្រះបញ្ញា​ញាណ​របស់​ព្រះ ។ សូម​ពន្យល់​ថា ឃ្លា « ដ្បិត ​ព្រះគ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជទឹក​ទេ » នៅ​ក្នុង ខ​ទី ១៧ ណែនាំ​ថា ប៉ុល​មិន​មែន​ត្រូវ​បាន​បញ្ជូន​ទៅ ​ដើម្បី​បង្កើន​កេរ្ដិ៍​ឈ្មោះ​ដោយ​ផ្អែក​លើ​ចំនួន​នៃ​ពួក​អ្នក​ប្រែចិត្ត​ជឿ​ ដែល​លោក​បាន​នាំ​មក​នោះ​ទេ ។ អ្នក​ក៏​គួរ​ពន្យល់​ផង​ដែរ​ថា ឃ្លា « ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ »​នៅ​ក្នុង ខ​ទី ១៩ និង « ប្រាជ្ញា​របស់​លោកីយ៍​នេះ »​នៅ​ក្នុង ខ​ទី ២០ សំដៅ​ទៅ​លើ​ទម្លាប់​ខាង​ទស្សនវិជ្ជា​​ដែល​មិន​បាន​ធ្វើ​ឲ្យ​ខូច​នៅ​ជំនាន់​នោះ ។

បន្ទាប់ពី​ឲ្យ​ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​ឲ្យ​សង្ខេប​ប្រាប់​ដល់​សិស្ស​​ក្នុង​ថ្នាក់​ថាប៉ុល​បាន​បង្រៀន​អ្វី​ខ្លះ​ ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​អំពី​ប្រាជ្ញា ។ បន្ទាប់​ពី​​ក្រុម​ទាំងអស់​បាន​ប្រាប់​រួចហើយ សូម​សួរ ៖

  • ហេតុអ្វី​អ្នក​គិត​ថា ពួក​ឥត​ជំនឿ​បាន​គិត​ថា​ សារលិខិត​អំពីដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​រឿង​ឆ្កួត​លីលា ?

សូម​អញ្ជើញឲ្យ​​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១:២៥​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថាប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​ប្រាជ្ញា​មនុស្ស​ប្រៀប​ផ្ទឹមទៅ​នឹង​ព្រះបញ្ញាញាណ​របស់​ព្រះ ។ សូម​ពន្យល់​ថា ប៉ុល​បាន​ប្រើ​ឃ្លា « សេចក្តី​ល្ងង់ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស » និង « សេចក្តី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ » ដើម្បី​បង្ហាញ​អំពី​ព្រះ​បញ្ញាញាណ និង​ព្រះចេស្ដា​របស់​ព្រះ ។ ព្រះ​ពុំ​មាន​សេចក្ដី​ល្ងង់​ល្ងើ ឬ​ភាព​កំសោយ​ណា​មួយ​ឡើយ ។

  • តើ​ប៉ុល​បាន​បង្រៀន​សេចក្ដីពិត​អ្វីខ្លះ អំពី​ប្រាជ្ញា​មនុស្ស​ប្រៀប​ផ្ទឹម​នឹង​ព្រះបញ្ញាញាណ​របស់​ព្រះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ ​សូម​សរសេរ​សេចក្ដី​ពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ព្រះបញ្ញាញាណ​របស់​ព្រះ​គឺ ធំ​ជាង​ប្រាជ្ញា​មនុស្ស​ទៅ​ទៀត ) ។

  • តើ​ការ​យល់​ដឹង​អំពី​សេចក្ដី​ពិត​នេះ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ដូចម្ដេច ទៅ​លើ​របៀប​ដែល​មនុស្ស​ម្នាក់​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​របស់​គាត់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១:២៦-២៧​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​​ថា​ព្រះ​បាន​ជ្រើស​យក​នរណា​ដើម្បី​ប្រកាស​ដំណឹង​ល្អ​​របស់​ទ្រង់ ។

  • តើ​ព្រះ​បាន​ជ្រើស​យក​នរណា​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះ​បាន​ជ្រើស​យក​មនុស្ស​ដែល​លោកិយ​នេះ​រាប់​ទុក​ថា​​ជា​មនុស្ស​ល្ងង់ ហើយ​កំសោយ​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ?

កូរិនថូស​ទី១ ២

ប៉ុល​ពន្យល់​អំពីរបៀប​ដែល​​យើង​រៀន​ពី​រឿង​​របស់​ព្រះ

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿង​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ខ្ញុំ​អង្គុយ​នៅ​ក្នុង​យន្ត​ហោះ​ក្បែរ​អ្នក​ពុំ​ជឿ​ព្រះ​ម្នាក់ ​ដែល​បង្ហាញ​ការ​ពុំ​ជឿ​ព្រះ​របស់​គាត់​យ៉ាង​បន្ទាន់​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ទៅ​កាន់​គាត់ ។ ខ្ញុំ​បាន​ថ្លែង​ថា​ ‹ លោក​យល់​ខុស​ហើយ តាម​ពិត​គឺ​មាន​ព្រះ​មួយ​អង្គ ។ ខ្ញុំ ដឹង ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ! ›

« គាត់​បាន​តវ៉ា​ថា ‹ លោក​ពុំ ដឹង​ទេ ។ គ្មាន​នរណា​ម្នាក់ ដឹង អំពីរឿង​នោះ​ទេ ! លោក​មិន​អាចដឹងរឿង​នោះ​ទេ ! › នៅ​ពេ​លខ្ញុំ​ឈប់​តប បុរស​ឥត​ជឿ​លើ​ព្រះ​រូប​នោះ​ដែល​ជា​មេធាវី បាន​ចោទ​សួរ​នូវ​សំណួរ​មួយ​ដ៏​ពិបាក​បំផុត​អំពី​ប្រធានបទ​ទី​បន្ទាល់ ។ គាត់​ពោល​ពាក្យ​ចំអក ហើយ​មាន​​ឫក​អួត​អាង​ថា ‹ មែនហើយ លោក​និយាយ​ថា លោក​ដឹង​រឿង​នោះ ។ សូម​ប្រាប់​ខ្ញុំ​បាន​ទេ តើ​លោក​ដឹង តាម​របៀប​ណា​ › ។

« នៅ​ពេល​ខ្ញុំ​ព្យាយាម​ឆ្លើយ ទោះ​ជា​ខ្ញុំ​មាន​ចំណេះ​​ដឹង​ជ្រៅ​ជ្រះ​ក្ដី ក៏​ខ្ញុំ​ពិបាក​​នឹង​ឆ្លើយ​​ខ្លាំង​ណាស់ ។ …

« នៅ​ពេល​ខ្ញុំ​ប្រើ​ពាក្យ ព្រះវិញ្ញាណ និង សាក្សី បុរស​នោះ​បាន​តប​ថា ‹ ខ្ញុំ​ពុំ​យល់​អ្វី​ដែល​លោក​ចង់​និយាយ​ទេ › ។ ពាក្យ ការ​អធិស្ឋាន ការ​ចេះ​ញែក​ដឹង និង សេចក្ដី​ជំនឿ គឺ​គ្មាន​ន័យ​ចំពោះ​គាត់​​នោះទេ ។ គាត់​បាន​ពោល​ថា ‹ លោក​ឃើញ​ទេ លោក​ពុំ​ដឹង​រឿង​នោះ​ទេ ។ ប្រសិន​បើ​លោក​ដឹង​មែន នោះ​លោក​ប្រាកដ​ជា​អាច​ប្រាប់​ខ្ញុំ​បាន​ហើយ​ថា លោក​ដឹង​​វា​តាម​របៀប​ណា › ។

« ខ្ញុំ … ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ » ( « The Candle of the Lord » Ensign ខែ មករា ឆ្នាំ​១៩៨៣ ទំព័រ ៥១ ) ។

  • តើ​អ្នក​នឹង​និយាយ​អ្វីខ្លះ​ ទៅ​កាន់​បុរស​ឥត​ជឿ​ព្រះ​ម្នាក់​នោះ ?

នៅ​ពេល​សិស្ស​សិក្សា កូរិនថូសទី១ ២ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​សេចក្ដី​ពិត​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពី​ហេតុផល ​ដែល​បុរស​ម្នាក់​នេះ​ពុំ​អាច​យល់​ប្រសាសន៍​របស់​ប្រធាន ផាកកឺ និង​ហេតុផល​ដែល​ពួកគេ​អាច​មាន​ភាព​​ជឿ​ជាក់​នៅ​ក្នុង​ចំណេះដឹង​របស់​ពួកគេ​អំពី​បញ្ហា​ខាង​វិញ្ញាណ ។

សូម​សង្ខេប កូរិនថូសទី១ ២:១–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ថា លោក​ពុំ​បាន​​ប្រើ​ប្រាជ្ញា​ខាង​លោកិយ​ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ជឿ​លើ​ដំណឹងល្អ​ឡើយ ។ លោក​បាន​បង្រៀន​ពួកគេ​ដោយ​ព្រះវិញ្ញាណ​ដើម្បី​ឲ្យ​ពួកគេ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ ។ ប៉ុល​ក៏​បាន​ប្រាប់​ពួកគេ​ផង​ដែរ​ថា ពួក​អ្នក​ឥត​​ជំនឿ​មិន​អាច​យល់​អំពីអាថ៌កំបាំង​របស់​ព្រះ​ឡើយ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង កូរិនថូសទី១ ២:៩-១៦ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​អំ​ពី​ហេតុផល​ដែល​ប៉ុល​បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​អាច​ស្គាល់ ហើយ​យល់ « សេចក្តី​ជ្រាល​ជ្រៅ​​នៃ​ព្រះ » ( ខ​ទី ១០ ) កាល​មនុស្ស​ផ្សេង​ទៀត​ពុំ​អាច ។

  • យោង​តាម ខ​ទី ៩–១០ ហេតុអ្វី​ប៉ុល និង​មនុស្ស​ស្មោះ​ត្រង់​ផ្សេង​ទៀត​អាច​យល់​អំពី​ការណ៏​ទាំងឡាយ​នៃ​ព្រះ ?

  • យោង​តាម ខ​ទី ១៤ ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ពុំ​អាច​យល់​អំពី​ការណ៏​ទាំងឡាយ​នៃព្រះ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ដែល​យើង​អាច​ស្គាល់ ហើយ​យល់​អំពីរឿង​នៃ​ព្រះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​ស្គាល់ពីសេចក្ដីពិត​ខាង​ក្រោម​នេះ ៖ យើង​អាច​ដឹង ហើយ​យល់​អំពីរឿង​រ៉ាវ​របស់​ព្រះ​បាន តែ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​​ប៉ុណ្ណោះ ) ។

សូម​លើក​ឡើង​ពីដំណើរ​រឿង​របស់​ប្រធាន​ផាកកឺ ហើយ​ពន្យល់​ថា ប្រធាន​ ផាកកឺ បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​សួរ​បុរស​ដែល​អង្គុយ​ក្បែរ​លោក​នៅលើ​យន្ត​ហោះ​អំពីរសជាតិ​អំបិល ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ដំណើរ​រឿង​បន្ត​ទៀត​របស់​ប្រធាន ផាកកឺ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ពិតណាស់ បន្ទាប់​ពី​បាន​ព្យាយាម​ឆ្លើយ​ពីរ​បី​លើក​មក លោក​ពុំ​អាច​ធ្វើ​ឲ្យ​បុរស​នោះ​យល់​បាន​​ឡើយ ។ លោក​ពុំ​អាច​ប្រើ​តែពាក្យ​សម្ដី​ម្យ៉ាង​នោះ​ទេ ដូច្នេះ​លោក​ក៏​បាន​ចែក​ចាយ​បទពិសោធន៍​ដ៏​សាមញ្ញ​មួយ​នៃ​ការ​ភ្លក់​រសជាតិ​អំបិល ។ ខ្ញុំ​បាន​​ថ្លែង​ទីបន្ទាល់​ទៅ​គាត់​ម្ដង​ទៀត​ ហើយ​ពោល​ថា ‹ ខ្ញុំ​ដឹង​ថា មាន​ព្រះ ។ លោក​បាន​ចំអក​ដល់​​ទីបន្ទាល់​នោះ ហើយ​ពោល​ថា ប្រសិន​បើ​ខ្ញុំ ពិតជា ដឹង​មែន នោះ​ខ្ញុំ​នឹង​អាច​ប្រាប់​លោក​ពី របៀប ដ៏​ជាក់លាក់​ដែល​ខ្ញុំ​ដឹង​ហើយ ។ សំឡាញ់អើយ ប្រសិន​បើ​និយាយ​ខាង​វិញ្ញាណ ខ្ញុំ​ធ្លាប់​ភ្លក់​អំបិល ។ ខ្ញុំ​មិន​អាច​បង្រៀន​លោក​ជា​ពាក្យ​សម្ដី​ពី​របៀប​ដែល​ចំណេះ​ដឹង​នេះ​បាន​កើត​ឡើង​លើស​ពី​អ្វី​ ដែល​លោក​ត្រូវ​​ប្រាប់​ខ្ញុំ​ពី​រសជាតិ​អំបិល​បាន​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​ទៅ​កាន់​លោក​ថា មាន​ព្រះ​ពិត​មែន ! ទ្រង់​ពិត​ជា​មាន​ព្រះ​ជន្ម​រស់ ! ហើយ​ដោយ​សារ​តែ លោក​ពុំ​ដឹង សូម​កុំ​ព្យាយាម​​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពុំ​ដឹង​អី​ពីព្រោះ​ខ្ញុំ​ដឹងពី​រឿង​នេះ ! ›

« កាល​យើង​បែក​ចេញ​ពីគ្នា ខ្ញុំ​បាន​ឮ​គាត់​រអ៊ូ​ថា ‹ ខ្ញុំ​ពុំ​ត្រូវការ​សាសនា​របស់​លោកស្អី​នោះ​ទេ ! ខ្ញុំ​ពុំ​ត្រូវ​ការ​វា​សោះ​ឡើយ › ។

« ចាប់​តាំង​ពី​ថ្ងៃ​មាន​បទពិសោធន៍​នោះ​មក ខ្ញុំ​ពុំ​ដែល​ខ្មាស់​អៀន ឬ​អាម៉ាស់​រហូត​ដល់​ខ្ញុំ​ពុំ​អាច​ពន្យល់​ពីអ្វីៗ​ដែល​ខ្ញុំ​ដឹង​ខាង​វិញ្ញាណ ដែល​ខ្ញុំ​ពុំ​អាច​ពន្យល់​ជា​ពាក្យ​សម្ដី​សោះ​ឡើយ » ( « The Candle of the Lord » ទំព័រ ៥២ ) ។

សូម​សរសេរ​ពាក្យ ការណ៏​ទាំងឡាយ​នៃ​ព្រះ នៅ​លើ​ក្ដារខៀន ហើយ​សួរ​សិស្ស​ថា អ្វីទៅ​ដែល​ពួក​គេ​នឹង​ចាត់​ទុក​ថា​ជា​ការណ៏​នៃ​ព្រះ​ ដែល​គ្រាន់​តែ​អាច​ស្គាល់ ហើយ​យល់​តែ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​ប៉ុណ្ណោះ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារ​ខៀន ។

  • ហេតុអ្វី​វា​ជា​រឿង​ដ៏សំខាន់​ដែល​យើង​ត្រូវ​ជឿ​ថា យើង​អាច​ដឹង ហើយ​យល់​អំពីរឿង​រ៉ាវ​របស់​ព្រះ​បាន តែ​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​ប៉ុណ្ណោះ ?

សូម​ឲ្យ​សិស្ស​មើល​មក​បញ្ជី​លើ​ក្ដារខៀន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ ចែក​ចាយ ពី​បទពិសោធន៍​មួយ​​ដែល​ពួកគេ​បាន​ស្គាល់ ហើយ​​យល់​តាមរយៈ​ព្រះវិញ្ញាណ​នូវ​រឿង​មួយ​របស់​ព្រះ​ក្នុង​ចំណោម​រឿង​ទាំងនេះ​របស់​ព្រះ ។ សូម​គិតពីការចែកចាយនូវ​​បទពិសោធន៍​ផ្ទាល់​ខ្លួន​អ្នក ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​ថា ពួក​គេ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែង​រក​ជំនួយ​ពី​ព្រះ​វិញ្ញាណ នៅ​ពេល​ពួកគេ​ព្យាយាម​ចង់​ស្គាល់ ហើយ​យល់​អំពី​ការណ៏​ទាំងឡាយ​នៃ​ព្រះ ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូស​ទី១ ១:១៧-២:១៣ ។ ប្រាជ្ញា​របស់​លោកិយ

« នៅ​ពេល​ប៉ុល​បាន​និយាយ​ទាស់​នឹង ​‹ ប្រាជ្ញា​របស់​លោកិយ › ( កូរិនថូសទី១ ១:២០ ) លោក​កំពុង​សំដៅ​ទៅ​លើ​ទម្លាប់​ខាង​ទស្សនវិជ្ជា ​ដែល​បាន​ធ្វើ​ឲ្យ​ខូច​​នៅ​ជំនាន់​របស់​​លោក ហើយ​ពុំ​មែន​​សំដៅ​ទៅ​​លើ​ការ​ស្វែងរក​ដ៏​ល្អ​នៃ​ការ​រៀន​សូត្រ និង​ការ​អប់រំ​ដែល​ព្រះអម្ចាស់​លើក​ទឹក​ចិត្ត​នោះ​ទេ ( សូម​មើល ម៉ាថាយ ២២:៣៧, នីហ្វៃទី២ ៩:២៩, គ. និង ស. ៨៨:៧៨–៨០ ) ។ ប៉ុល​បាន​ប្រើ​ពាក្យ ឈ្លាស​វៃ និង ប្រាជ្ញា ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង កូរិនថូសទី ១ ១:១៧–២:១៣ សំ​ដៅ​​ទៅ​លើ​ទស្សនវិជ្ជា​ខាង​លោកិយ និងអស់​អ្នកដែល​គាំទ្រ​ពួកគេ ។ ជា​ធម្មតា គំនិត​ខាង​ទស្សនវិជ្ជា​​គឺជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា​តទល់​ពាក្យ​សម្ដី​ជា​សាធារណៈ ។ ប៉ុល​បាន​បង្ហាញ​អំពីភាព​ខុស​គ្នា​រវាង​ប្រាជ្ញា​ដែល​មាន​ដែន​កំណត់​របស់​មនុស្ស និង​សារដំណឹង​ដ៏​អស្ចារ្យ​នៃ​ព្រះរាជបុត្រា​របស់​ព្រះ​ដែល​ត្រូវ​បាន​គេ​ឆ្កាង ( សូម​មើល កូរិនថូសទី១ ១:១៧–២៥ ) ។ ថ្វី​បើ​មាន​ជន​ដែល​សើច​ចំអក​ឲ្យ​ដំណឹងល្អ​ក្ដី ក៏​សេចក្ដី​ជំនឿ​របស់​ពួក​បរិសុទ្ធ​ពុំ​គួរ​ចាក់​ឫស​ ‹ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ…គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ › ( កូរិនថូសទី ១ ២:៥ ) ។

« សារលិខិត​នៃ​ព្រះមែស៊ី​ដែល​ត្រូវ​បាន​គេ​ឆ្កាង​គឺ មាន​ការ​ពិបាក​ដើម្បី​ឲ្យ​ពួក​សាសន៍​យូដា និង​​ពួក​សាសន៍​​ដទៃ​ទទួល​យក​ណាស់ ។ នៅ​ក្នុង​សង្គម​របស់​រ៉ូម ការ​ឆ្កាង​គឺជា​ការ​ដាក់​ទោស​មួយ​សម្រាប់​ឧក្រិដ្ឋជន ឬ​បាវបម្រើ ហើយ​​វា​តំណាង​ឲ្យ​ភាព​អាម៉ាស់ និង​ភាព​បរាជ័យ ។ គំនិត​ដែល​មនុស្ស​ម្នាក់​រងទុក្ខ​ជំនួស ហើយ​ស្លាប់​​ជំនួស​មនុស្ស​ដទៃ នោះ​ក្រោយ​មក​ទៀត​មាន​ជីវិត​ឡើង​វិញ គឺជា ‹ សេចក្ដី​ល្ងង់​ល្ងើ ›​ នៅ​​ក្នុង​ជីវិត​របស់​ពួក​សាសន៍​ក្រិក ( កូរិនថូសទី១ ១:២៣ ) ។ សម្រាប់​ពួក​សាសន៍​យូដា ក្នុង​គំនិត​របស់​ពួក​គេ​គិត​ថា ព្រះមែស៊ី​នឹង​នាំ​មកភាព​ជា​រាជា អំណាច និង​ជ័យ​ជំនះ ដូច្នេះ​សារលិខិត​ដែល​ថា ព្រះមែស៊ី​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​គឺជា ‹ ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត › និង​គំនិត​​មួយ​ដែល​ពុំ​អាច​ទទួល​យក​បាន ( កូរិនថូសទី១ ១:២៣ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៣៦៤ ) ។

កូរិនថូស​ទី១ ១:១៨-២៩ ។ « ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស »

« កាល​មាន​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​ជា​ច្រើន​បាន​បដិសេធ​សារលិខិត​នៃ​ដំណឹងល្អ​ថា​ជា ‹ សេចក្ដី​ល្ងង់​ល្ងើ › ( កូរិនថូសទី១ ១:១៨ ) នោះ​ប៉ុល​បាន​បង្រៀន​ថា ‹ សេចក្ដី​ល្ងង់​ល្ងើ​របស់​ព្រះ​នោះ​មាន​ប្រាជ្ញា​លើស​ជា​មនុស្ស ហើយ​សេចក្ដី កំសោយ​​របស់​ព្រះ​ក៏​មាន​កម្លាំង​លើស​ជាង​មនុស្ស​​ដែរ › ( កូរិនថូសទី១ ១:១៩–២៥ ) ។ ជា​រឿយៗ​ព្រះ​ធ្វើ​កិច្ចការ​របស់​ទ្រង់​តាមរយៈ​បុគ្គល​ដែល​ពិភពលោក​នេះ​អាច​ចាត់​ទុក​ថា ជា​ ‹ ពួក​ល្ងង់​ល្ងើ › ឬ ‹ ពួក​កំសោយ › ( សូម​មើល គ. និង ស. ៣៥:១៣–១៤, ១២៤:១ ) ។ នៅ​ក្នុង កូរិនថូសទី១ ១:២៨ ‹ អ្នក​ទាប​ថោក​នៅ​លោកីយ៍​នេះ ›—មនុស្ស​ដែល​ទន់ទាប ហើយ​រាបសា—គឺជា​មនុស្ស​ដែល​ព្រះ​បាន​រើស​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ » ( New Testament Student ManualChurch Educational System manual ទំព័រ ២០១៤ ] ទំព័រ ៣៦៤ ) ។

កូរិនថូសទី​១ ២:៦-១៦ ។ « សេចក្ដី​នៃ​ព្រះ »​ ត្រូវ ​« ពិចារណា​យល់​ខាង​វិញ្ញាណ »

ដោយសារ ​« សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ »​អាច​ត្រូវ​បាន​ « ពិចារណា​យល់​ខាង​វិញ្ញាណ »​ប៉ុណ្ណោះ ( កូរិនថូសទី ១ ២:១៤ ) នោះ​ជន​ដែល​មាន​គំនិត​ខាង​លោកិយ​ពុំ​អាច​យល់​​ពី​សេចក្ដី​ពិត​ខាង​វិញ្ញាណ​បាន​ឡើយ ។ ព្រះ​បាន​ប្រទាន​របៀប​មួយ​ដល់​យើង ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ អែលឌើរ ផល វី ចនសុន នៃ​ពួក​ចិតសិប​នាក់​​បាន​បង្រៀន ៖

« នៅ​ក្នុង​ពិភព​វិទ្យាសាស្ត្រ វិធីសាស្ត្រ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​​គឺ​ត្រូវ​បាន​ប្រើ​ ដើម្បី​រៀន​ពី​សេចក្ដី​ពិត និង​ចំណេះដឹង​ថ្នាក់​ខ្ពស់ ។ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ វា​បាន​ផ្ដល់​ជា​ប្រយោជន៍​​យ៉ាង​ខ្លាំង ហើយ​បាន​នាំ​ទៅ​រក​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​យ៉ាង​សន្ធឹក ហើយ​បន្ត​រុញច្រាន​ការ​បដិសេធ​អំពី​ពិភព​លោក​របស់​យើង ។ ប៉ុន្តែ ការ​រៀន​សូត្រ​អំពីរឿង​ខា​ងវិញ្ញាណ​តម្រូវ​​ឲ្យ​មាន​ការ​ចាប់ផ្ដើម​មួយ​​ខុស​គ្នា​ពី​ការ​រៀន​សូត្រ​អំពីរឿង​ផ្នែក​វិទ្យាសាស្ត្រ ។ វិធីសាស្ត្រ និង​ប្រាជ្ញា​ផ្នែក​វិទ្យាសាស្ត្រ​គឺ​មាន​ប្រយោជន៍​ណាស់ ប៉ុន្តែ​វា​តែ​ម៉្យាង​ពុំ​អាច​នាំ​មក​នូវ​ចំណេះដឹង​ខាង​វិញ្ញាណ​បាន​ឡើយ ។

« ការ​រៀនសូត្រ​រឿង​ខាង​វិញ្ញាណ​ វា​ទាក់ទង​នឹង​ប្រាជ្ញា ប៉ុន្តែ​វា​ពុំ​ទាន់​ល្មម​គ្រប់​គ្រាន់​ទេ ។ យើង​រៀន​សូត្រ​រឿង​ខាង​វិញ្ញាណ​ តែ​តាម​រយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។ …

« … ចម្លើយ​ទៅ​នឹង​សំណួរ​ខាង​វិញ្ញាណ ត្រូវ​បាន​​ផ្ដល់​ដល់​បុគ្គល​ទាំងឡាយ ​ដែល​គ្មាន​ភាព​រឹង​ទទឹង​នៅ​ក្នុង​ដួង​ចិត្ត អ្នក​ដែល​ទូល​សូម​ដោយ​សេចក្ដី​ជំនឿ ជឿ​ថា​ពួកគេ​នឹង​ទទួល​បាន ព្រមទាំង​អ្នក​ដែល​ព្យាយាម​គោរព​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ ។ សូម្បី​ពេល​ដែល​យើង​ធ្វើ​តាម​គន្លង​នេះ នោះ​យើង​ពុំ​គ្រប់​គ្រង​ពេលវេលា​នៃ​ការ​ទទួល​បាន​ចម្លើយ​ឡើយ ។ ពេល​ខ្លះ ចម្លើយ​របស់​យើង​មក​ភ្លាម ហើយ​ពេល​ខ្លះ​យើង​ត្រូវ​តែ​រង​ចាំ ហើយ​ពឹង​ផ្អែក​ទៅ​លើ​សេចក្ដី​ជំនឿ​របស់​យើង​ ដែល​បាន​កើន​ឡើង​មក​ពី​ចម្លើយ​ដែល​យើង​បាន​ដឹង » ( « A Pattern for Learning Spiritual Things »Seminaries and Institutes of Religion satellite broadcast ថ្ងៃ​ទី ​៧ ខែ​សីហា ឆ្នាំ​ ២០១២ ] si.lds.org ) ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« វិធីសាស្ត្រ​ដែល​បាន​ចេញ​បង្គាប់​ពី​ព្រះអម្ចាស់​ អំពី​ការ​ទទួល​បាន​ចំណេះដឹង​ពិសិដ្ឋ​ គឺ​ខុស​ពី​វិធីសាស្ត្រ​ដែល​បាន​ប្រើ​ដោយ​ជន​ ដែល​ទទួល​បាន​ការ​រៀនសូត្រ​ទាំង​ស្រុង​ដោយ​ការ​សិក្សា ។ ឧទាហរណ៍ បច្ចេកទេស​ដ៏​ញឹក​ញាប់​មួយ​នៃ​ការ​មាន​វិជ្ជា​ដ៏​ជ្រៅ​ជ្រះ​គឺជា​ការ​សញ្ជឹង​គិត ឬ​ការ​ពិភាក្សា ជា​វិធីសាស្ត្រ​មួយ​ដែល​ខ្ញុំ​ចាត់​ទុក​ថា ​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ណែនាំ​យើង​ទាំង​នៅ​ក្នុង​បទគម្ពីរ​បុរាណ និង​សម័យ​ទំនើប​ថា យើង​ពុំ​គួរ​​ទាស់​នឹង​គោលលទ្ធិ​របស់​ទ្រង់​ឡើយ ។ ( សូមមើល ៣ នីហ្វៃ ១១:២៨-៣០, គ. និង ស. ១០:៦៣ ) ។ … សេចក្ដីពិត និង​ទីបន្ទាល់​ពី​ដំណឹងល្អ​ត្រូវ​បាន​​ទទួល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ តាមរយៈ​ការ​សិក្សា​​ផ្ទាល់​ខ្លួន​ដោយ​គារវភាព និង​ការ​សញ្ជឹង​គិត​ដោយ​ស្ងៀម​ស្ងាត់ » ( « Alternate Voices » Ensign ខែ​ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ២៩ ) ។