បណ្ណាល័យ
មេរៀន​ទី ១០៤ ៖ កូរិនថូសទី ១ ៣-៤


មេរៀនទី ១០៤

កូរិនថូសទី ១ ៣-៤

សេចក្តី​ផ្ដើម

ប៉ុល​បាន​ពន្យល់​ទៅ​ពួក​បរិសុទ្ធ​នៅ​កូរិនថូសអំ​ពី​តួនាទី​របស់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ការ​ស្ថាបនា​នគរ​ព្រះ ។ លោក​បាន​បង្រៀន​ថា សាលជំនុំ​របស់​ពួកគេ​គឺជា​កន្លែង​ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ ហើយ​បាន​ដាស់​តឿន​ពួកគេ​កុំ​ឲ្យ​គិត​ថា មាន​មនុស្ស​​មួយ​ចំនួន​ល្អ​ជាង​មនុស្ស​ដទៃ​ទៀត​​ឲ្យ​សោះ ។ (កំណត់​ចំណាំ ៖ គោលលទ្ធិ​ដែល​ចែង​ថា ​រូបកាយ​យើង​ប្រៀប​បាន​នឹង​ព្រះវិហារ​បរិសុទ្ធ​នឹង​ត្រូវ​លើក​យក​មក​បង្រៀន​នៅ​ក្នុង​មេរៀន​អំពីកូរិនថូសទី១ ៦ ) ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី១ ៣

ប៉ុល​បាន​ពន្យល់​ទៅ​ពួក​បរិសុទ្ធ​នៅ​កូរិនថូសអំ​ពី​តួនាទី​របស់​ពួក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​សាសនាចក្រ​នៅ​ក្នុង​ការ​ស្ថាបនា​នគរ​ព្រះ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​បាន​ចុះ​ឈ្មោះ​ចូល​ថ្នាក់​គណិតវិទ្យា​កម្រិត​ខ្ពស់ ប៉ុន្តែ​ពុំ​បាន​ចូល​រៀន​វគ្គ​ត្រៀម ដូចជាថ្នាក់​មូលដ្ឋាន​ពិជ​គណិត​នោះ​ទេ ។

  • តើ​អ្នក​គិត​ថា ​មិត្ត​របស់​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ដល់​កម្រិត​ណា​នៅ​ក្នុង​ថ្នាក់​គណិតវិទ្យា​កម្រិត​ខ្ពស់​នេះ ? ហេតុអ្វី ?

  • ហេតុអ្វី​វា​ជា​រឿង​ចាំបាច់​ ដើម្បី​យល់​ពី​គំនិត​មូលដ្ឋាន​នៃ​ប្រធានបទ​មួយ​ពី​មុន​អ្នក​អាច​ចេះ​ស្ទាត់​នូវ​រឿង​ដែល​មាន​កម្រិត​ខ្ពស់ជាងនោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៣:១-៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​រឿង​ប្រៀបធៀប​ ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​​បង្ហាញ​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ថា ពួកគេ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​មាន​កម្រិត​ខ្ពស់ជាង​នៅ​ឡើយ​ទេ ។ សូម​ពន្យល់​ថា ឃ្លា « ត្រូវ​តែ​និយាយ​ដូច​នឹង​មនុស្ស​ខាង​ឯ​សាច់​ឈាម​វិញ » នៅ​ក្នុង ខ​ទី ១ សំដៅ​ទៅ​លើ​មនុស្ស​ខាង​សាច់​ឈាម ឬ « ​ជន​ណាមួយ​ដែល​ជ្រើសរើស​ដើម្បី​នៅ​ក្រោម​ឥទ្ធិពល​នៃ​តណ្ហា សេចក្ដី​ប៉ងប្រាថ្នា សេចក្ដី​ស្រេក​ឃ្លាន និង​វិស័យ​ខាង​សាច់ឈាម ជាជាង​នៅ​ក្រោម​ការ​ដាស់តឿន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ជន​បែប​នេះ​អាច​យល់​សេចក្ដី​ខាង​សាច់ឈាម ប៉ុន្តែ​មិន​យល់​សេចក្ដី​ខាង​វិញ្ញាណ​ឡើយ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « មនុស្ស​ខាង​សាច់​ឈាម » scriptures.lds.org ) ។

សូម​សរសេរ​ពាក្យ ទឹក​ដោះ​គោ និង សាច់ នៅ​លើ​ក្ដារខៀន ។

  • នៅ​ក្នុង​ចំណោម​អាហារ​ទាំងនេះ តើ​អាហារ​ណា​មួយ​ដែល​អ្នក​នឹង​យកមក​​បញ្ចុក​ទារក ? ហេតុអ្វី ?

  • តើ​ឃ្លា​ថា « កូន​ខ្ចី​ក្នុង​ព្រះគ្រីស្ទ » នៅ​ក្នុង ខ​ទី ១ ប្រាប់​អ្វី​ខ្លះ​អំពី​ការធំដឹង​ក្ដី​ខាង​វិញ្ញាណ​របស់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួក​បរិសុទ្ធ​ពុំ​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​សេចក្ដី​ពិត​ដែល​កាន់តែអស្ចារ្យ​ សូម​រំឭក​ពួកគេ​ថា ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ខ្វះ​សាមគ្គីភាព ហើយ​ថា​ពួកគេ​មួយចំនួន​បាន​ដាក់​បញ្ចូល​នូវ​ជំនឿ និង​ទំនៀម​ទម្លាប់​ឥត​សាសនា ( ទុច្ចរិត ) ​ទៅ​​ក្នុង​ការ​គោរព​ប្រតិបត្តិ​តាម​ដំណឹងល្អ ។ សូម​ពន្យល់​ថា ប៉ុល​បាន​ប្រើ​ពាក្យ​ប្រៀប​ធៀប​មួយ​ចំនួន​ដើម្បី​បង្រៀន​ពួក​បរិសុទ្ធ​​ទាំង​នេះ​នូវសារៈសំខាន់​នៃ​ការ​មាន​សាមគ្គីភាព ដើម្បី​កែ​តម្រូវ​ជំនឿ និង​ទម្លាប់​ខុស​ឆ្គង និង​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿរបស់​ពួក​គេ​លើ​ដំណឹងល្អ​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ។ សូម​ចាត់​សិស្ស​ម្នាក់ៗ​នៅ​ក្នុង​ក្រុម​ឲ្យ​ធ្វើ​ គម្រោង​បង្រៀន​ដូច​ខាង​ក្រោម​នេះ ។ សូម​ឲ្យ​ឯកសារ​ស្ដីពី​គម្រោង​បង្រៀន​ដល់​សិស្ស​ម្នាក់ ហើយ​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​អាន​វា ។ បន្ទាប់​ពី​មាន​ពេល​គ្រប់​គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ប្រើ​គម្រោង​នោះ​ ដើម្បី​បង្រៀន​សិស្ស​ពីរ​នាក់​ទៀត​នៅ​ក្នុង​ក្រុម​ខ្លួន ។ ( ប្រសិន​បើ​ពុំ​អាច​មាន​សិស្ស​បី​នាក់​ក្នុង​មួយ​ក្រុម​ទេ អ្នក​គួរ​បំបែក​​សិស្ស​ជា​គូៗ ហើយ​ចាត់​គម្រោង​បង្រៀន​ពីរ​ដល់​សិស្ស​ម្នាក់ៗ​នៅ​ក្នុង​គូនីមួយៗ ) ។

រូបភាព
handout

សិស្ស​ទី ១

ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១០៤

សូម​អញ្ជើញ​ក្រុម​របស់​អ្នក​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​បាន​ចូល​រួម​ក្នុងការ​ប្រជុំ​សាក្រាម៉ង់​មួយ​ ដែល​មាន​អ្នក​ទើប​តែ​ត្រឡប់​មក​ពី​បេសកកម្ម​ម្នាក់​បាន​ឡើង​និយាយ​អំពី​បេសកកម្ម​របស់​គាត់ ។ ខណៈពេល​គាត់​កំពុង​និយាយ គាត់​បាន​លើក​ឡើង​ថា គាត់​បាន​ជ្រមុជទឹក​ឲ្យ​មនុស្ស​ពីរ​បី​នាក់ ។ លុះ​មួយ​សប្ដាហ៍​ក្រោយ​មក មាន​អ្នក​ទើប​ត្រឡប់​មក​ពី​បេសកកម្ម​ម្នាក់​ទៀត​បាន​ឡើង​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​អំពី​បេសកកម្ម​របស់​នាង ហើយ​បាន​លើក​ឡើង​ថា នាង​បាន​បង្រៀន​មនុស្ស​ជាច្រើន ហើយ​នៅ​ទីបំផុត​មនុស្ស​ទាំងនោះ​បាន​ជ្រមុជទឹក​បន្ទាប់​ពី​នាង​បាន​ផ្លាស់ចេញ​ទៅ​តំបន់​ផ្សេង ។

  • តើ​អ្នក​នឹង​ឆ្លើយ​តប​បែប​ណា ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​និយាយ​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ជ្រមុជទឹក​មនុស្ស​បាន​ពីរ​បី​នាក់​នៅ​ក្នុង​បេសកកម្ម​ ​មាន​ភាព​ជោគជ័យ​ច្រើន​ជាង​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​អ្នក​រៀន​របស់​នាង​មិន​បាន​ជ្រមុជទឹក​សោះ​រហូត​ដល់​នាង​បាន​ចាក​ចេញ​ពី​តំបន់​នោះ ?

សូម​សរសេរ​ពាក្យ បាន​ដាំដុះ និង បាន​ស្រោច​ទឹក​ នៅ​លើ​ក្រដាសមួយ​សន្លឹក ហើយ​បង្រៀន​វា​ដល់​ក្រុម​របស់​អ្នក ។ សូម​ពន្យល់​ថា ប៉ុល​បាន​ប្រៀបធៀប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​នឹង​មនុស្ស​ដែល​បាន​ដាំ​គ្រាប់​ពូជ ហើយ​ស្រោច​ទឹក​វា ។ សូម​រំឭក​ក្រុម​របស់​អ្នក​ថា ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​ចាប់ផ្ដើម​បំបែក​ខ្លួន​ជា​ក្រុម​តាម​អ្នក​ដែល​បាន​ជ្រមុជទឹក​ឲ្យ​ពួកគេ ។ ពួកគេ​បាន​ជឿ​ថា ស្ថានភាព​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ​គឺ​ពឹង​ផ្អែក​ទៅ​លើ​សារៈ​សំខាន់​នៃ​បុគ្គល​ដែល​បាន​ជ្រមុជទឹក​ឲ្យ​ពួកគេ​នោះ ។ ( សូមមើល កូរិនថូសទី ១ ១:១០-១៦ ) ។

សូម​ប្តូរ​វេន​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​អ្នក​អាន​នៅ​ក្នុង កូរិនថូសទី ១ ៣:៤–៩​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​ក្រុម​អ្នក​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​និយាយ​អ្វីខ្លះ​ អំពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ធ្លាប់​បង្រៀន ហើយ​បាន​ជ្រមុជទឹក​ដល់​ប្រជាជន​នៅ​កូរិថូស ។

  • យោងតាម ខ​ទី ៥ តើ​ប៉ុល​បាន​និយាយ​ថា​លោក និង​អ័ប៉ុឡូស​ជា​នរណា ? ( សូម​ពន្យល់​ថា   អ្នក​បម្រើ មាន​ន័យ​ថា ពួក​អ្នក​បម្រើ​អ្នក​ទទួល​ភារៈកិច្ច​តាម​បង្គាប់​អ្នក​ប្រើ ) ។

  • យោង​តាម ខ​ទី ៦–៧ តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ​អំពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ​ដែល​បាន​ដាំដុះ​គ្រាប់​ពូជ​នៃ​ដំណឹង​ល្អ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ជួយ​គ្រាប់​ពូជ​ទាំងនោះ​ឲ្យ​លូត​លាស់ ?

ប្រសិន​បើ​ចាំបាច់ សូម​ចង្អុល​បង្ហាញ​ឃ្លា « អ្នក​សាបព្រោះ និង​អ្នក​ដែល​ស្រោច នោះ​មិន​មែន​ជា​អ្វី​ទេ » នៅ​ក្នុង ខ​ទី ៧ ហើយ​ពន្យល់​ថា ប៉ុល​បាន​ប្រើ​ឃ្លា​ទាំងនេះ​ដើម្បីបង្រៀន​ថា តួនាទី​ទាំងនេះ គ្មាន​តួនាទី​ណា​មួយ​សំខាន់​ជាង​តួនាទី​របស់​ព្រះ​ឡើយ ។

  • តើ​ « ស្រេច​ហើយ​នឹង​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​វិញ​ទេ​តើ » ( ខ​ទី ៧ ) មាន​ន័យ​ដូចម្ដេច ? ( គឺជា​ព្រះ​ទេតើ​ដែល​បណ្ដាល​​ចិត្ត​មនុស្ស​ឲ្យ​ផ្លាស់​ប្ដូរ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ដឹកនាំ​ពួកគេ​ទៅ​រក​ការ​ប្រែ​ចិត្ត​ជឿ ពុំ​ជាអស់​​អ្នក​បង្រៀន ហើយ​ជ្រមុជទឹក​នោះ​ឡើយ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង កូរិនថូសទី ១ ៣:៦–៧ អំពី​តួនាទី​របស់​យើង និង​តួនាទី​របស់​ព្រះ​នៅ​ក្នុង​ការជួយ​មនុស្ស​ដទៃ​ឲ្យ​ប្រែ​ចិត្ត​ជឿ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ( បន្ទាប់​ពី​ក្រុម​របស់​អ្នក​បាន​ឆ្លើយ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សេចក្ដី​ពិត​ខាង​ក្រោម​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ កូរិនថូសទី ១ ៣:៦–៧ ៖ យើង​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​​បាន ប៉ុន្តែ​មនុស្ស​បាន​ប្រែចិត្ត​ជឿ​តែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ​ ) ។

សូម​បញ្ជាក់​ថា ដើម្បី​ឲ្យ​មនុស្ស​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ប្រែ​ចិត្ត​ជឿ ពួកគេ​ត្រូវ​ធ្វើ​ផ្នែក​របស់​ខ្លួន​ដោយ​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  • តើ​អ្នក​គិត​ថា ការ​ដឹង​សេចក្ដីពិត​នេះ​អាច​ជួយ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​កាន់​តែ​មាន​សាមគ្គីភាព​ខ្លាំង​ឡើង​យ៉ាង​ដូចម្ដេច ?

ចូរ​សួរ​ដល់​ក្រុម​របស់​អ្នក​ថា តើ​សេចក្ដី​ពិត​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ឆ្លើយ​តប​នៅ​ក្នុង​សាច់​រឿង​អំពី​មនុស្ស​ពីរ​នាក់​ ដែល​ទើប​ត្រឡប់​មកពី​បេសកកម្ម​វិញ​បាន​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​វា​ជា​រឿង​សំខាន់​ចំពោះ​យើងដើម្បី​មានការយល់ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែចិត្ត​ជឿ​ពុំ​មែន​ជា​អំណាច​ផ្ទាល់​ខ្លួន​របស់​យើង​នោះ​ទេ ?

រូបភាព
handout

សិស្ស​ទី ២

ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១០៤

សូម​សរសេរ​ពាក្យ គ្រឹះ នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​បង្រៀន​វា​ដល់​ក្រុម​របស់​អ្នក ។

  • ហេតុអ្វី​គ្រឹះ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អគារ ?

  • តើ​មាន​អ្វី​នឹង​កើត​ឡើង ប្រសិន​បើ​គ្រឹះ​នោះ​មាន​បញ្ហា ?

សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ម្នាក់​ឲ្យ​អាន កូរិនថូសទី១ ៣:១០​ ឮៗ ហើយ​សួរ​សមាជិក​ក្រុម​ផ្សេង​ទៀត​ឲ្យ​រក​មើល​ថា ប៉ុល​បាន​និយាយ​អ្វីខ្លះ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​លោកនៅ​ក្នុង​ចំណោម​ពួក​កូរិនថូស ។

  • តើ​ប៉ុល​បាន​និយាយ​ថា​ លោក​បាន​ធ្វើ​អ្វីខ្លះ កាល​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នៅ​កូរិនថូស ?

  • តើអ្នកគិតថា ប៉ុលចង់មានន័យដូចម្តេច នៅពេលលោកមានប្រសាសន៍ថា « មាន​ម្នាក់​ទៀត​ជា​អ្នក​សង់​ពី​លើ » ?

សូម​អញ្ជើញ​សមាជិក​ក្រុម​របស់​អ្នក​ម្នាក់​ទៀត​អាន កូរិនថូសទី១ ៣:១១ ឮៗ ហើយ​សួរ​សមាជិក​ក្រុម​ផ្សេង​ទៀត​ឲ្យ​រក​មើល​ថា ប៉ុល​បាន​សង់​គ្រឹះ​អ្វី​សម្រាប់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។

  • តើ​ប៉ុល​បាន​សង់​គ្រឹះ​អ្វី កាល​លោក​បាន​បង្រៀន​នៅ​កូរិនថូស ?

  • យោង​តាម ខ​ទី ១១ តើ​នរណា​​គប្បីធ្វើជា​គ្រឹះ​នៃ​ជីវិត​របស់​យើង ? ( សូម​ប្រាកដ​ថា ក្រុម​អ្នក​ស្គាល់​ពី​សេចក្ដី​ពិត​ដូចតទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គ្រឹះ​ដែល​យើង​ត្រូវ​សង់​លើ ។ សូម​ពិចារណា​អញ្ជើញ​ក្រុម​របស់​អ្នក​ឲ្យ​គូស​ចំណាំ​សេចក្ដី​ពិត​នេះ​នៅ​ក្នុង ខ​ទី ១១ ) ។

  • តើ​ការ​សង់​នៅ​លើ​គ្រឹះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​ល្បួង និង​ការ​សាកល្បង​បាន​ដោយ​របៀប​​ណា ? ( សូមមើល ហេលេមិន ៥:១២ ) ។

  • តើ​យើង​អាច​ធ្វើ​​ឲ្យ​ប្រាកដ​ថា​ ជីវិត​របស់​យើង​ត្រូវ​បាន​សង់​នៅ​លើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សមាជិក​ក្រុម​ម្នាក់​ឲ្យ​ចែកចាយ​អំពី​មនុស្ស​ម្នាក់​ដែល​គាត់​ស្គាល់ ហើយ​មាន​ជីវិត​​​ឆ្លុះ​បញ្ចាំង​ពី​ការ​សង់​លើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​នេះ​ពន្យល់​ពី​របៀប​ដែល​ការ​សង់​គ្រឹះ​លើ​ព្រះគ្រីស្ទ​បាន​ប្រទាន​​ពរ​ដល់​បុគ្គល​ម្នាក់​នេះ ។

សូម​អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ដាក់​គោលដៅ​មួយ​ ដែល​នឹង​ជួយ​គាត់​ឲ្យ​សង់​លើ​គ្រឹះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
handout

សិស្ស​ទី ៣

ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១០៤

សូម​សរសេរ​ពាក្យ ព្រះវិហារ​បរិសុទ្ធ នៅ​លើ​ក្រដាស​មួយ​សន្លឹក ហើយ​បង្រៀន​វា​ដល់​ក្រុម​របស់​អ្នក ។ សូម​ពន្យល់​ថា ប៉ុល​​ប្រៀបប្រដូចអំពីព្រះវិហារ​បរិសុទ្ធ​ជារឿយៗ​ ។ ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កូរិនថូសទី ១ ៣:១៦–១៧ លោក​បាន​ប្រើ​ពាក្យ ព្រះវិហារ​បរិសុទ្ធ ដើម្បី​សំដៅ​ទៅលើ​​ក្រុម​ជំនុំ​របស់​សាសនាចក្រ ។

ចូរ​អញ្ជើញ​សមាជិក​ក្រុម​អ្នក​ម្នាក់​ឲ្យ​អាន​កូរិនថូស ទី១ ៣:១៦–១៧​​​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងក្រុម​​ផ្សេង​ទៀត​ផ្ទៀង​តាម​រក​មើល​ថា តើ​ប៉ុល​បាន​និយាយ​ថា សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​ត្រូវ​ការ​យល់​ដឹង​ពី​អ្វីខ្លះ ។ សូម​ពន្យល់​ថា ខ្លួន​អុ្នក​រាល់​គ្នាខ​ទី ១៦ ) សំដៅ​ទៅ​លើ​ក្រុម​ជំនុំ​របស់​សាសនាចក្រ ហើយ​ថា​ឃ្លា « បើ​អ្នក​ណា​បង្ខូច​ព្រះវិហារ​នៃ​ព្រះ » ( ខ​ទី ១៧ ) សំដៅ​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​ដែល​ព្យាយាម​បំផ្លាញ​រាស្ត្រ​របស់​ព្រះ ។

  • យោង​តាម​ខ​ទី ១៦​តើ​ប៉ុល​ចង់​ឲ្យ​សមាជិក​សាសនាចក្រ​យល់​អំពី​អ្វីខ្លះ​ ទាក់​ទង​នឹង​ក្រុម​ជំនុំ​របស់​ពួកគេ ?

ទោះ​ជា​កូរិនថូស ទី១ ៣:១៦-១៧​ទំនង​ជា​សំដៅ​ទៅ​លើ​សាសនាចក្រ​ទាំងមូល​ថាជា​ក្រុម​ជំនុំ​មួយ​ក្ដី ប៉ុន្តែ​ខគម្ពីរ​ទាំងនេះ​ក៏​អាច​អនុវត្ត​ទៅ​​នឹង​រូបកាយ​របស់​យើង​បាន​ដែរ ។

  • តើ​កូរិនថូសទី១ ៣:១៦-១៧​អាច​អនុវត្ត​ចំពោះ​រូបកាយ​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ? តើ​អ្វី​ជា​លទ្ធផល​នៃ​បង្ខូច​រូបកាយ​របស់​យើង ?

សូម​សង្ខេប​កូរិនថូស ទី១ ៣:១៨-២៣ដោយ​ពន្យល់​ទៅ​ក្រុម​របស់​អ្នក​ថា ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ថា ប្រាជ្ញា​ពិត​គឺ​មាន​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រាជ្ញា​ខាង​លោកិយ​គឺ « ជា​សេចក្តី​ល្ងង់ល្ងើ​នៅ​ចំពោះ​ព្រះ » ​( ខ​ទី ១៩ ) ។

បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ប្រាប់​ពី​អ្វីដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ក្រុម​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដោយសារ​​តែ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

កូរិនថូស​ទី ១ ៤

ប៉ុល​ប្រាប់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​កុំ​ឲ្យ​គិត​ថា មាន​មនុស្ស​ខ្លះ​ល្អ​ជាង​អ្នកដទៃ​ផ្សេង​ទៀត

សូម​ពន្យល់​ថា ដោយ​ផ្អែក​ទៅ​លើ​ពាក្យ​ទូន្មាន​របស់​ប៉ុល​ ដែល​បាន​កត់​ត្រា​នៅ​ក្នុង​កូរិនថូសទី១ ៤:១-៣ វា​បង្ហាញ​ថា មាន​សមាជិក​សាសនាចក្រ​មួយ​ចំនួននៅ​កូរិនថូស​បាន​កាត់​សេចក្ដី​​ចំពោះ​ការងារ​របស់​ប៉ុល​ ក្នុង​នាម​​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​របស់​សាសនាចក្រ ។ ពួកគេ​អាចនឹង​ងឿង​ឆ្ងល់​ពី​ការ​កាត់​សេចក្ដី ឬ​គំនិត​របស់​លោក​ដែល​ថា ប្រហែលជា​មាន​មនុស្ស​ម្នាក់​ទៀត​អាច​ធ្វើ​កិច្ចការ​មួយ​បាន​ប្រសើរ​ជាង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៤:៣-៥ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ​រកមើល​​ថា ប៉ុល​បាន​ឆ្លើយតប​ទៅ​នឹង​ការ​កាត់​សេចក្ដី​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ។

  • តើ​​ប៉ុល​បាន​ឆ្លើយតប​ទៅ​នឹង​ការ​កាត់​សេចក្ដី​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

  • ហេតុ​អ្វី​ប៉ុល​ពុំ​បាន​ខ្វល់ខ្វាយ​អំពី​ការ​កាត់​​សេចក្ដី​របស់អ្នក​​ដទៃ ?

  • តើ​យើងអាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះនៅ​ក្នុងខ​ទី ៥ អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​កាត់​សេចក្ដី​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដី​ពិត​មួយ​ដែល​ស្រដៀង​នឹង​សេចក្ដី​ពិត​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​នឹង​កាត់​សេចក្ដី​យើង​ដោយ​យុត្តិធម៌ ដោយសារ​ទ្រង់​ជ្រាបពី​​គ្រប់​ការណ៍​ទាំងអស់រួម​ទាំង​គំនិត និង​ចេតនា​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​ទៀត​ផង ) ។

  • តើ​ការ​ជឿ​លើ​សេចក្ដី​ពិត​នេះ​អាច​ជួយ​ដល់​​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​កាត់​សេចក្ដី​ដោយ​អយុត្តិធម៌​បាន​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កូរិនថូស ទី១ ៤:៦–៧ ឮៗ ហើយ​​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ថា​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​អំពី​អ្វីខ្លះ​ទាក់ទង​នឹង​ទំនាក់​ទំនង​របស់​ពួកគេ​​ជាមួយ​នឹង​សមាជិក​ដទៃទៀត រួម​ទាំង​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​ផង​ដែរ ។

  • យោង​តាម ខ​ទី ៦ តើ​ប៉ុល​បាន​ប្រាប់​ពួក​បរិសុទ្ធ​កុំ​ឲ្យ​ធ្វើ​អ្វីខ្លះ នៅ​ពេល​ពួកគេ​សង្កេត​ឃើញនូវ​​ភាព​ខុស​គ្នា​នៅ​ក្នុង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ? ( ពួកគេ​ពុំ​គួរ « មាន​សេចក្ដី​អំនួត » ហើយ​គិត​ថា​មនុស្ស​ខ្លះ​ល្អ​ជាង​មនុស្ស​ផ្សេង​ទៀត​នោះទេ ) ។

  • ដោយ​ផ្អែក​លើ​សំណួរ​របស់​ប៉ុល​ដែល​បាន​កត់​ត្រា​នៅ​ក្នុងខ​ទី ៧ តើ​នរណា​ដែល​ប្រទាន​ឲ្យ​មនុស្ស​នូវ​ទេពកោសល្យ និង​សមត្ថភាព​ខុសៗ​គ្នា​ទាំងនោះ​ ?

  • តើ​ពាក្យ​ទូន្មាន​របស់​ប៉ុល​អាច​ជួយ​យើងយ៉ាង​ដូចម្ដេច នៅ​ពេល​យើង​គិត​អំពី​ថ្នាក់​ដឹកនាំ និង​ពួក​គ្រូបង្រៀន​ក្នុង​សាសនាចក្រ​របស់យើង ?

សូម​សង្ខេប កូរិនថូសទី១ ៤:៨–២១ ដោយ​ពន្យល់​ថា ប៉ុល​បាន​​ប្រាប់​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ថា ពួក​សាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ហៅ​ឲ្យ​រងទុក្ខ ដោយសារ​តែ​សេចក្ដី​ទុច្ចរិត​នៃ​លោកិយ​នេះ ។ លោកិយ​កាត់​សេចក្ដី​ពួក​សាវក និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ថា​ជា ​« មនុស្ស​ល្ងង់​ល្ងើ » ​( ខ​ទី ១០ ) ​ដោយសារ​ការ​ខិតខំ​ដើរ​តាម​ព្រះគ្រីស្ទ ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូស​ទី១ ៣:១៦-១៧ ។ « ខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ »

« ប៉ុល​បាន​បង្រៀន​ថា ‹ តើអ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​​នៃ​ព្រះ ? › ( កូរិនថូសទី១ ៣:១៦ ) ។ នៅ​ក្នុង​ខគម្ពីរ​នេះ ប៉ុល​បាន​ប្រើ​ពាក្យ​ខ្លួន​អ្នករាល់គ្នា សព្វនាម​ពហុវចនៈ ដើម្បី​ហៅ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​​ទាំងអស់​ថា​ជា​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ។ គំនិត​របស់​ប៉ុល​គឺ​ថា ក្រុម​ជំនុំ​របស់​សាសនាចក្រ​​បាន​ដំណើរ​ការ​ជា​ព្រះវិហារ​បរិសុទ្ធ ជា​ទីកន្លែង​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះ​អាច​គង់​នៅ​បាន ( សូម​មើល កូរិនថូសទី២ ៦:១៦, អេភេសូ ២:២១ ) ។ រឿង​ប្រៀប​ធៀប​នេះ​គឺ​ខុស​គ្នា​ពី​រឿង​មួយ​ដែល​ប៉ុល​បាន​ប្រើ​នៅ​ពេល​ក្រោយ​មក​ទៀត​នៅ​ក្នុង កូរិនថូស ទី១ ៦:១៩ ដែល​លោក​បាន​ប្រៀប​ធៀប​រូបកាយ​របស់​មនុស្ស​ទៅ​នឹង​ព្រះវិហារ​បរិសុទ្ធ » ( New Testament Student Manual​ [ Church Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៣៦៥ ) ។

កូរិនថូសទី១ ៤:៩–១០ ។ សេចក្ដី​ស្លាប់​របស់​ពួក​សាវក

« នៅ​ពេល​ប៉ុល​បាន​បង្រៀន​ថា ពួក​សាវក ‹ ​បាន​តម្រូវ​ឲ្យ​ស្លាប់ ›​ ( ​កូរិនថូសទី១ ៤:៩ ) នោះ​លោក​បាន​ឲ្យ​ជា​តម្រុយ​ថា ការ​ហៅ​របស់​លោក​ជា​សាវក​នឹង​ដឹកនាំ​លោក​ទៅ​រក​សេចក្ដី​ស្លាប់ ។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា មាន​មនុស្ស​ជាច្រើន​នៅ​កូរិនថូស​បាន​មើល​ឃើញ​ខ្លួន​ឯង​ថា​ជា​មនុស្ស​ឆ្លាត ហើយ​រឹង​មាំ ហើយ​បាន​ចាត់​ទុក​ប៉ុល និង​ពួក​សាវក​ផ្សេង​ទៀតថា​ជា​មនុស្ស​ល្ងង់​ល្ងើ ទន់​ខ្សោយ ហើយ​គួរ​ឲ្យ​ស្អប់ ( សូម​មើល កូរិនថូសទី១ ៤:១០ ) ។ កត្តា​ទាំង​ពីរ​នេះ—​សេចក្ដី​ស្លាប់​របស់​ពួក​សាវក និង​ការ​បដិសេធ​របស់​សមាជិក​សាសនាចក្រ​ចំពោះ​សិទ្ធិ​អំណាច​ជា​សាវក—​នៅ​ទី​បំផុត​នឹង​បង្កើត​ជា​ការ​ក្បត់​សាសនា​ដ៏​ធំ » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៣៦៥ ) ។