បណ្ណាល័យ
មេរៀនទី ១០៧ ៖ កូរិនថូស​ទី១ ៩–១០


មេរៀនទី ១០៧

កូរិនថូស​ទី១ ៩–១០

សេចក្តី​ផ្ដើម

ប៉ុល​បាន​លើក​ឡើង​អំពីកង្វល់​មក​ពី​ពួក​បរិសុទ្ធ​កូរិនថូស ​អំពី​ការ​ប្រើ​ធនធាន​របស់​សាសនាចក្រ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម​របស់​ខ្លួន ។ លោក​បាន​ពន្យល់​ថា គោលបំណង​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​លោក ​គឺ​ដើម្បី​នាំ​យក​សេចក្ដី​សង្គ្រោះ​ដល់​កូនចៅ​របស់​ព្រះ ។ លោក​បាន​ដាស់​តឿន​ពួកគេ​ឲ្យ​ចៀស​វាង​​ពី​ការ​ធ្វើ​បាប ក៏​ដូចជា​ការ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​រវាទ​ចិត្ត​នៅ​ក្នុង​ជំនឿ​សាសនា​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី១ ៩

ប៉ុល​ប្រកាស​ដំណឹងល្អ​ដើម្បី​លោក និង​ពួក​អ្នក​ស្ដាប់​របស់​លោក​អាច​ទទួល​បាន​ការ​សង្គ្រោះ

សូម​យក​នាឡិកា​រោទិ៍​មក​ថ្នាក់ ហើយ​លាក់​​វា​កុំ​ឲ្យ​សិស្ស​ឃើញ ។ សូម​ដាក់​វា​ឲ្យ​រោទិ៍​ភ្លាម បន្ទាប់​ពី​អ្នក​ចាប់​ផ្ដើម​ការ​បង្រៀន ។

ដើម្បី​ចាប់​ផ្ដើម​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​អំពីទិដ្ឋភាព​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​​ក្នុង​ថ្នាក់​រៀន​ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ​អំពីហេតុផល​ដែល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​​គឺជា​អ្វី​មួយ​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​អាន​ដល់​សិស្ស​ដទៃ​ទៀត ​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

នៅ​ជិត​ចុង​បញ្ចប់​នៃ​សកម្មភាព​នេះ គួរបិទនាឡិកា​រោទិ៍​ ។ នៅ​ពេល​វា​រោទិ៍​ឡើង សូម​ឲ្យ​សិស្ស​ស្វែង​រក​វា ហើយ​​បិទ​សំឡេង​រោទិ៍​នោះ ។

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា​ដែរ នៅពេល​អ្នក​​ឮ​សំឡេង​នោះ ?

សូម​ឲ្យ​សិស្ស​គិត​ថា តើ​ពួកគេ​ធ្លាប់ឆ្លង​កាត់នូវការ​លំបាក​ជាមួយ​នឹង​ការ​រោទិ៍​ដាស់​ឲ្យ​ក្រោក​ពី​ដំណេក​របស់​នាឡិកា​រោទិ៍ ហើយ​ខក​ខាន​រឿង​មួយ​ដ៏​សំខាន់​ដែរ​ឬ​ទេ ។ ចូរ​អញ្ជើញ​សិស្ស​ពីរបីនាក់ឲ្យ​ចែកចាយ ។

សូម​ពន្យល់​ថា ដូចជា​ការ​លំបាក​ជាមួយ​នឹង​ការ​រោទិ៍​ដាស់​ឲ្យ​ក្រោក​ពី​ដំណេក​របស់​នាឡិកា​រោទិ៍​ អាច​ធ្វើ​ឲ្យ​យើង​ខកខាន ឬ​ថែម​ទាំង​បរាជ័យ​ក្នុងការ​សម្រេច​រឿង​ដ៏​សំខាន់​នានា​ដែរ ​ពិបាក ​« ក្រោក​ឡើង »​ នៅក្នុង​ជីវិត ហើយ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ជាក់លាក់​​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​ខក​ខា​ន ក្នុងការ​សម្រេច​រឿង​ដ៏​សំខាន់​បំផុត​ជាង​គេ​បំផុត គឺ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

នៅ​ពេល​សិស្ស​សិក្សា កូរិនថូស​ទី​១ ៩ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ​ដែល​អាច​ជួយ​ពួកគេ​​ឲ្យ​ស្គាល់​​ពីរបៀប​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​សង្ខេបពី​កូរិនថូសទី ១ ៩:១–២១​ឲ្យ​ឮៗ ដូច​តទៅ​នេះ ៖

ប៉ុល​បាន​ឆ្លើយ​សំណួរ​ខុសៗ​គ្នា​មក​ពី​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។ លោក​បាន​សរសេរ​ថា ទោះ​បី​ជា​សមាជិក​សាសនា​ចក្រ​ត្រូវ​ផ្គត់​ផ្គង់​​ចំពោះ​កង្វល់​ខាង​សាច់​ឈាម​របស់​លោក​ក្ដី ក៏​លោក​ពុំ​បាន​ពឹង​ផ្អែក​លើ​ពួកគេ​​សម្រាប់​ការ​ចាយ​វាយ​ប្រចាំ​ការរស់​​នៅ​របស់​លោក​ឡើយ ។ ប៉ុល​បាន​ពន្យល់​ថា តាមរយៈ​ការ​សម្រប​ខ្លួន​ទៅ​តាម​កាលៈទេសៈ​ខុសៗគ្នា​ ដោយ​គ្មាន​ការ​បន្ទាប​ដល់​បទដ្ឋាន​នៃ​ដំណឹងល្អ លោក​អាច​ជួយ​ពួក​សាសន៍​យូដា ពួក​សាសន៍​ដទៃ និង​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​ដំណឹងល្អ​ឲ្យ​ទទួល​យក​ដំណឹងល្អ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៩:១៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​ថា​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ។ អ្នក​គួរ​ពន្យល់​ថា ឃ្លា​ « គង់​តែ​មាន​ការងារ​ចែក​​ចាយ​ផ្ញើ​ទុក​នឹង​ខ្ញុំ » ​សំដៅ​ទៅ​លើ​​ការ​ដែល​ប៉ុល​កំពុង​បំពេញ​សិទ្ធិ​អនុញ្ញាត ឬ​កាតព្វកិច្ច​របស់​លោក​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ ។

  • តើ​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៩:២២–២៣​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​​ហេតុផល​ ដែល​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​ដោយ​ស្ម័គ្រ​​​ចិត្ត ។

  • ហេតុអ្វី​ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​ដោយ​ស្ម័គ្រ​ចិត្ត ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ដែល​ចូល​រួម​​នៅក្នុង​កម្មវិធី​បំពាក់​បំប៉ន​មួយ​ជា​ទៀង​ទាត់​ ( ប្រហែល​ជា​តន្ត្រីករ ឬ​អត្តពលកម្ម ) ​ឲ្យ​ឡើង​មក​​កាន់​ក្ដារខៀន ។ សូម​សួរ​សិស្ស​នោះ​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​កម្មវិធី​បំពាក់​បំប៉ន​របស់​ប្អូន​មាន​លក្ខណៈ​បែបណា​ដែរ ?

  • តើ​ធ្លាប់​មាន​​គ្រា​មួយ​ដែល​ប្អូន​បាន​អនុវត្ត ឬ​បំពាក់​បំប៉ន​សម្រាប់​ព្រឹត្តិការណ៍ ឬ​គោលដៅ​ជាក់​លាក់​​មួយ​ដែរ​ឬទេ ? តើ​ការ​ខិតខំ​ឆ្ពោះ​ទៅ​រក​គោលដៅ​ជាក់​លាក់​មួយ​បាន​លើក​ទឹក​ចិត្ត​ប្អូន​យ៉ាង​ដូចម្តេច​ដែរ ?

សូម​អរគុណ​ដល់សិស្ស ហើយសុំ​ឲ្យគេ​​អង្គុយចុះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៩:២៤–២៥​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រក​មើល​​ការ​ប្រកួត​អត្តពលកម្ម​ ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។

  • តើ​ការ​ប្រកួត​អត្តពលកម្ម​អ្វី​ដែល​ប៉ុល​បាន​លើក​ឡើង ?

  • តើ​គុណសម្បត្តិ ឬ​បុគ្គលិក​លក្ខណៈ​អ្វីខ្លះ​ដែល​ប៉ុល​បាន​និយាយ​ថា ​ពួក​អ្នក​រត់​ប្រណាំង​ត្រូវការ​ដើម្បីទទួលបាន​ជោគជ័យ ? ( សូម​ពន្យល់​ថា ការ​ « ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក » ​មាន​ន័យ​ថា​ការ​រៀន​គ្រប់​គ្រង​លើ​ខ្លួន​ឯង ) ។

  • តើ​មកុដ​មិន​ចេះ​ពុក​រលួយ​ដែល​ប៉ុល​បាន​លើក​ឡើង​ថា​ វា​នឹង​មាន​ជា​រៀង​រហូត​នោះ​ជា​អ្វី​ទៅ ? ( ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ពី​​ក្នុង ខ​ទី ២៥ ស្ដី​អំពីកិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​​​ថា ពួកគេ​គួរ​ស្គាល់​គោលការណ៍​ដូច​ខាង​​ក្រោម​​នេះ ៖ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច យើង​ត្រូវ​រៀន​គ្រប់​គ្រង​លើ​ខ្លួន​ឯង​​នៅ​ក្នុង​​គ្រប់​កិច្ចការ​ទាំងអស់ ។ សូម​សរសេ​គោលការណ៏​នេះ​នៅ​លើ​ក្តារខៀន ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​យល់​ថា ការ​គ្រប់​គ្រង​ខ្លួន​ឯង​​គឺជា​រឿង​ដ៏​ចាំបាច់ ប៉ុន្តែ​ជីវិត​ដ៏​នៅ​អល់​កល្ប​ជានិច្ច​អាច​កើត​ឡើង​តែ​ « ​ដោយ​​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ » ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ [ នីហ្វៃ​ទី២ ២:៨ ] ជា​ជាង​តាមរយៈ​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​របស់យើង​តែម្យ៉ាង​​ប៉ុណ្ណោះ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​រៀន​គ្រប់​គ្រង​លើ​ខ្លួន​ឯង​​គឺជា​រឿង​ចាំបាច់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ៩:២៦–២៧​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​ពិពណ៌នា​​អំពីការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​លោក​ដើម្បី​រៀន​គ្រប់​គ្រង​លើ​ខ្លួន​ឯង​យ៉ាង​ដូចម្ដេច ។

  • យោង​តាម ខ​ទី ២៦តើ​ប៉ុល​បាន​​ពិពណ៌នា​​អំពីការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​លោក​ដើម្បី​រៀន​គ្រប់​គ្រង​លើ​ខ្លួន​ឯង​យ៉ាង​ដូច​ម្ដេច ? ( ដោយ​ភាព​ជឿ​ជាក់ ហើយ​ដោយ​គ្មាន​ការ​ធ្វេស​​ប្រហែស ) ។

  • យោង​តាម ខ​ទី ២៧ តើ​អ្នក​គិត​ថា ​ប៉ុល​ចង់​មាន​ន័យ​បែប​ណា នៅ​ពេល​លោក​បាន​សរសេរ​ថា​ « ​ខ្ញុំ​វាយដំ​រូបកាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល » ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពីអ្វី​ដែល​ប៉ុល​ចង់​មាន​ន័យ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ​ព្រិកហាំ យ៉ង់ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« អ្នក​ពុំ​អាច​គ្រង​លើ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​ឡើយ ដរាប​ណា​សេចក្ដី​​ស្រេក​ឃ្លា​ន​​របស់​អ្នក​បាន​ចុះចូល​នឹង​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​របស់​អ្នក ជា​វិញ្ញាណ​ដែល​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​បាន​ប្រទាន​ឲ្យ ។ ខ្ញុំ​ចង់​មាន​ន័យ​ថា ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​អ្នក និង​វិញ្ញាណ​ទាំងឡាយ​​ដែល​ទ្រង់​បាន​ដាក់​ចូល​ទៅ​​ក្នុង​រូបកាយ​ទាំងនេះ ។ រូបកាយ​ទាំងឡាយ​ត្រូវ​ចុះចូល​នឹង​វិញ្ញាណ​នោះ​យ៉ាង​ល្អ​ឥត​ខ្ចោះ ពុំ​នោះ​សោត​ទេ​រូបកាយ​របស់​អ្នក​ពុំ​អាច​ក្រោក​ឡើង​ដើម្បី​គ្រង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​ឡើយ ។ … សូម​ស្វែង​រក​ដោយ​ឧស្សាហ៍ ​រហូតដល់​អ្នក​នាំ​យក​អ្វីៗ​ទាំងអស់​​ឲ្យ​ចុះ​ចូល​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​គ្រីស្ទ ។ …

« … ប្រសិន​បើ​វិញ្ញាណ​នោះ​ងាក​ទៅ​រក​រូបកាយ [ វិញ្ញាណ​នោះ ] ប្រែ​ក្លាយ​ជា​ពុក​រលួយ ប៉ុន្តែ​ប្រសិន​បើ​រូបកាយ​ងាក​ទៅ​រក​វិញ្ញាណ​នោះ [ រូបកាយ ] ប្រែក្លាយ​ជា​បរិសុទ្ធ ហើយ​ពិសិដ្ឋ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ​២០៤–៥ ។

  • តើ​កិច្ចការ​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ ​ដើម្បី​ជួយ​រូបកាយ​របស់​យើង​​ឲ្យ​ងាក​ទៅ​រក​វិញ្ញាណ​របស់​​យើង​មាន​អ្វីខ្លះ ?

កូរិនថូស​ទី១ ១០

ប៉ុល​ហាម​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ចៀស​វាង​ពី​អំពើ​បាប និង​ការ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ រវាទ​ចិត្ត ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានសេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈ​ប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« រឿង​មិន​ពិត​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​គឺ​នៅ​ពេល ​[ បុគ្គល​ទាំងឡាយ ] ​គិត​ថា ពួកគេគឺ​ជា​​មនុស្ស​ខ្លាំង​ពូកែ ។ មាន​មនុស្ស​ជា​ច្រើន​គិត​ថា ពួកគេ​ធ្វើ​ឡើង​ពី​ដែក​ថែប រឹង​មាំ​ល្មម​គ្រប់​គ្រាន់​​ដើម្បី​តតាំង​នឹង​ការ​ល្បួង​ទាំងឡាយ ។ ពួក​បោក​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​ចូល​ទៅ​ក្នុង​ការ​គិត​​ថា ‹ វា​ពុំ​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​បាន​ឡើយ › » ( « It Can’t Happen to Me » Ensign ខែ ឧសភា ឆ្នាំ​២០០២ ទំព័រ ៤៦ ) ។

  • តើ​នៅ​ក្នុង​ស្ថានភាព​បែបណាខ្លះ​ ដែល​មនុស្ស​អាច​បណ្តោយឲ្យ​ខ្លួន​ឯង​បាត់​បង់​ការ​ការពារ​​ប្រឆាំង​នឹង​​ការ​ល្បួង ដោយ​គិត​ថា ពួកគេ​រឹងមាំ​ល្មម​គ្រប់​គ្រាន់​ដើម្បី​តតាំង​នឹង​វា​នោះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារ​ខៀន ) ។

សូម​ពន្យល់​ថា ប៉ុល​បាន​លើក​ឡើង​ពី​គំរូ​មក​ពី​ប្រវត្តិ​សាស្ត្រ​របស់​សាសន៍​អ៊ីស្រាអែល ​ដើម្បី​ព្រមាន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​អំពី​ការ​ល្បួង និង​អំពើបាប ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១០:១–៥ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រកមើល​រឿង​មួយ​ចំនួន ​ដែល​កូនចៅ​​​អ៊ីស្រាអែល​បានជួបប្រទះ​នៅ​ជំនាន់​របស់​ម៉ូសេ​ ដែល​វា​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ ។

  • តើ​រឿង​មួយ​ចំនួន​ដែល​កូនចៅ​​​អ៊ីស្រាអែល​បានជួបប្រទះ​ ដែល​វា​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​មាន​អ្វីខ្លះ ? ( អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ប៉ុល​បាន​ស្គាល់​ « ថ្ម​ដា​ខាង​វិញ្ញាណ » ឬ​ព្រះយេហូវ៉ា​ថា​ជា​ព្រះគ្រីស្ទ [ សូម​មើល​ផង​ដែរ ចោទិយកថា ៣២:៣–៤ ] ) ។

  • យោង​តាម ខ​ទី ៥​តើ​ព្រះ​មាន​ព្រះទ័យ​យ៉ាង​ណា​ដែរ ចំពោះ​ឥរិយាបថ​របស់​​ពួក​សាសន៍​អ៊ីស្រាអែល​ទាំងនេះ​កាល​ពី​បុរាណ ?

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗនៅ​ក្នុង កូរិនថូសទី ១ ១០:៦–១១​ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រកមើល​ថា​ប៉ុល​ចង់​ឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​រៀន​អ្វីខ្លះ​ចេញ​ពី​គំរូ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ ។

  • តើ​អ្វីទៅ​ជា​គោលបំណង​របស់​ប៉ុល​​នៅ​ក្នុង​ការ​ចែកចាយ​គំរូ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល​ក្នុង​ជំនាន់បុរាណ ? ( ប៉ុល​ចង់​ព្រមាន​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​​​ឲ្យ​ពួក​គេ​ចៀសវាង​ពី​ធ្វើ​អំពើបាប​ដូចគ្នា​នឹង​ពួក​សាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ក្រោក​ឈរ​ឡើង ហើយ​អាន កូរិនថូសទី ១ ១០:១២ ឮៗ​រួម​គ្នា ។

  • តើ​អ្នក​នឹង​សង្ខេប​សារលិខិត​របស់​ប៉ុល​នៅ ក្នុង ខ​ទី ១២​​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​អង្គុយ​ចុះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១០:១៣​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការ​ល្បួង ។

  • តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ពី​ការ​ល្បួង ?

  • ប្រសិន​បើ​ព្រះ​ពុំ​បាន​អនុញ្ញាត​ឲ្យ​យើង​រង​ការ​ល្បួង​លើស​ពី​សមត្ថភាព​របស់​យើង​អាច​តតាំង​បាន ហេតុអ្វី​បាន​ជា​ពួក​អ៊ីស្រាអែលកាល​ពី​បុរាណ​ចុះ​ចាញ់​នឹង​​ការ​ល្បួង ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាង​ក្រោម​​​នេះនៅលើ​ក្ដារខៀន ៖ ព្រះ​នឹង​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​គេច​ពី​ការ​ល្បួង ប៉ុន្តែ​​យើង​ត្រូវ​តែ …

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១០:១៤​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ប៉ុល​បាន​បង្រៀន​ឲ្យ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ធ្វើ​អ្វីខ្លះ ។

  • តើ​ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ ខ​ទី ១៤ បង្រៀន​យើង​អ្វីខ្លះ​អំពី​តួនាទី​របស់​យើង​នៅ​ក្នុង​ការ​គេច​ចេញ​ពី​ការ​ល្បួង ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ សូម​បំពេញ​សេចក្ដីពិត​នៅ​លើ​ក្ដារខៀន​ដើម្បី​ឲ្យ​សិស្សអាន៖ ព្រះ​នឹង​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​គេច​ពី​ការ​ល្បួង ប៉ុន្តែ​យើង​ត្រូវ​តែ​ជ្រើស​រើស​ដើម្បី​ដក​ខ្លួន​យើង​ចេញ​ពី​ការ​ល្បួង​នោះ ) ។

អ្នក​គួរ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរ អាលម៉ា ១៣:២៨​​ នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួក​គេ​ក្បែរ កូរិនថូសទី ១ ១០:១៣–១៤ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ១៣:២៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​ថា​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ញែក​ខ្លួន​ចេញ​ពី​ការ​ល្បួង ។

  • យោង​តាម អាលម៉ា ១៣:២៨​តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​អាច​ជួយ​យើង​ឲ្យ​ញែក​ខ្លួន​យើង​ចេញ​ពី​ការ​ល្បួង ?

  • តើ​ការ​បន្ទាប​ខ្លួន​យើង និង​ការ​ចាំយាម ព្រម​ទាំង​ការ​អធិស្ឋាន​ជា​បន្ត​បន្ទាប់​អាច​ជួយ​យើង​ឲ្យ​ញែក​ខ្លួន​ចេញ​ពី​ការ​ល្បួង​បាន​​យ៉ាង​ដូចម្ដេច ?

សូម​លើក​កូន​សៀវភៅ កម្លាំង​ដើម្បី​យុវជន ឡើង ហើយ​សូម​ឲ្យ​សិស្ស​ពន្យល់​ថា ​ការ​រស់​នៅ​ស្រប​តាម​បទដ្ឋាន​ដែល​មាន​នៅ​ក្នុង​កូនសៀវ​ភៅ​នេះ​ ជួយ​យើង​ឲ្យ​ញែក​ខ្លួន​ចេញពី​ការ​ល្បួង​បាន​យ៉ាង​ដូចម្ដេច ។

សូម​ពន្យល់​ថា សិស្ស​ប្រហែល​ជា​ពុំ​អាច​ចៀស​វាង​ពី​ការ​ល្បួង​បាន​ជានិច្ច​បាន​ឡើយ ។ ដោយសារ​បញ្ហា​នេះ​ហើយ ទើប​យើង​ត្រូវ​សម្រេច​ចិត្ត​នៅ​ពេល​នេះ អំពី​របៀប​ដែល​យើង​នឹង​ធ្វើ​ដើម្បី​តតាំង​នឹង​ការ​ល្បួង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​គឺជា​រឿង​ងាយ​ធ្វើ​បំផុត នៅ​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្តទុក​ជាមុន ដោយ​គិត​អំពី​គោលដៅ​ដ៏​ខ្ពស់​បំផុត ការ​ធ្វើ​បែប​នេះ​សង្គ្រោះ​ការ​ឈឺចិត្ត​ជាច្រើន​ [ នៅ​គ្រា​នៃ​ការ​សម្រេច​ចិត្ត ] ​នៅ​ពេល​យើង​ហត់​នឿយ ហើយ​រង​ការ​ល្បួង​យ៉ាង​ខ្លាំង ។ …

« សូម​អភិវឌ្ឍ​ការ​លត់​ដំ​ខ្លួន​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​បងប្អូន​ត្រូវ​សម្រេច​ចិត្ត ហើយ​ត្រូវ​សម្រេច​ចិត្ត​ជា​ថ្មី​អំពីរឿង​ដែល​បងប្អូន​​នឹង​ត្រូវ​​ធ្វើ នៅ​ពេលជួបប្រទះ​នឹង​ការ​ល្បួង​ដូចគ្នា​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ។ បងប្អូន​ត្រូវ​សម្រេច​ចិត្ត​ពីរឿង​មួយ​ចំនួន​តែ ម្ដងប៉ុណ្ណោះ ! …

« គ្រា​ដើម្បី​ចាក​ចេញ​ពី​ផ្លូវ​​អាក្រក់​គឺ​មុន​ពេល​វា​ចាប់ផ្ដើម ។ រឿង​អាថ៌​កំបាំង​នៃ​ជីវិត​ល្អ​​គឺ​ស្ថិត​នៅ​ក្នុង​ការ​ការពារ និង​ការ​រារាំង ។ ជន​ដែល​ងាក​ទៅ​រក​អំពើ​អាក្រក់​ ជា​ធម្មតា​គឺជា​ជន​ដែល​បាន​ដាក់​ខ្លួន​ឯង​នៅ​ក្នុង​កន្លែង​មួយ​ដែល​គ្មាន​ការ​ការពារ » ( Teachings of Presidents of the Church: Spencer W. Kimball [ឆ្នាំ ២០០៦] ទំព័រ ១០៨–៩) ។

ចូរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​​ទាំងឡាយ ​ដែល​សិស្ស​បាន​ស្គាល់​នៅ​ថ្ងៃ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា​ ការ​ល្បួង​ណា​មួយ​​ដែល​ពួកគេ​កំពុង​មាន​បញ្ហា​ខ្លាំង​បំផុត ។ សូម​អញ្ជើញ​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម ៖

  • តើ​ការ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចៀសវាង​ពី​ការល្បួង​ មុននឹង​អ្នក​តតាំង​នឹង​វា ?

  • តើ​អ្នក​យល់​ព្រម​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំងនេះ​ដែរ​ឬ​ទេ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ផែនការ​មួយ​ ដែល​ពួកគេ​នឹង​ធ្វើ​តាម​ដើម្បី​គេច​ចេញ​ពី​ការ​ល្បួង ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្វែង​រក​ជំនួយ​មក​ពី​ព្រះអម្ចាស់​តាមរយៈ​ការ​អធិស្ឋាន នៅ​ពេល​ពួកគេ​ខិតខំ​សម្រេច​ឲ្យ​បាន​​ផែនការ​របស់​ពួកគេ ។

សូម​សង្ខេប កូរិនថូសទី ១ ១០:១៥–៣៣ ដោយ​ពន្យល់​ថា ប៉ុល​បាន​ទូន្មាន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ​ឲ្យ​គោរព​ដល់​ការ​អនុវត្ត​សាសនា​របស់​មនុស្ស​ដទៃ​ទៀត​ ដោយ​គ្មាន​ការ​បន្ទាប​បទដ្ឋាន​សាសនា​របស់​ខ្លួន ហើយ​បាន​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​កំពុង​ប្រកាស​ដំណឹង​ល្អ​ ដើម្បី​ជួយ​មនុស្ស​ជាច្រើន​ឲ្យ​ទទួល​បាន​ការ​សង្គ្រោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូស​ទី១ ៩:២០-២៣ ។ « គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ »

តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា នៅ​ពេល​លោក​បាន​ពោ​លថា ​« ខ្ញុំបាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា »​ ដើម្បី « ឲ្យ​បាន​ពួក​យូដា » ( កូរិនថូសទី ១ ៩:២០ ), ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ពុំ​ស្ថិត​នៅ​ក្នុង​ក្រឹត្យវិន័យ​នោះ ឬ​ជា​សាសន៍​ដទៃ​ម្នាក់ ដើម្បី​ឲ្យបាន​ពួក​សាសន៍​ដទៃ និង​​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ទន់​ខ្សោយ​ដើម្បី​ « ឲ្យ​បាន​ពួក​កំសោយ » ? ( កូរិនថូសទី ១ ៩:២២ ) ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការ​ពន្យល់​ដ៏សំខាន់​នេះ ៖

« នៅ​ត្រង់​ចំណុច​នេះ​ប៉ុល​បាន​ពោល​ថា លោក​បានធ្វើឲ្យ​ខ្លួន​លោក​ត្រឡប់​ជា​អ្វី​ៗគ្រប់​សណ្ឋាន​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់​គឺ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ទទួល​យក​សារលិខិត​នៃ​ដំណឹងល្អ នោះ​មាន​ន័យ​ថា លោក​បាន​សម្រប​ខ្លួន​ទៅ​នឹង​លក្ខខណ្ឌ និង​ស្ថានភាព​នៃ​មនុស្ស​គ្រប់​ជាន់​ថ្នាក់ នោះ​គឺជា​មធ្យោបាយ​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​បង្រៀន និង​ទីបន្ទាល់​របស់​លោក ។ រួចហើយ នៅក្នុង​ករណី​ដែល​មាន​មនុស្ស​ណា​ម្នាក់​គិត​ថា ការ​ធ្វើ​បែប​នេះ​បាន​រួម​បញ្ចូល​នូវ​ការ​ទទួល​យក​នៃ​គោលលទ្ធិ ឬ​ការ​អនុវត្ត​ខុស​ឆ្គង​របស់​ពួកគេ ឬ​គិត​ថា​វា​ទាក់​ទង​នឹង​ការ​ព្រម​ព្រៀង​រវាង​ដំណឹងល្អ និង​ប្រព័ន្ធ​ខុស​ឆ្គង​នៃ​ការ​ថ្វាយ​បង្គំ នោះ​លោក​ប្រញាប់​ប្រញាល់​បន្ថែម​ថា លោក និង​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​គោរព​តាម​ក្រឹត្យ​វិន័យ​នៃ​ដំណឹងល្អ​​ដើម្បី​បាន​សង្គ្រោះ » ( Doctrinal New Testament Commentaryវ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:៣៥៣ ) ។

កូរិនថូសទី ១ ៩:២៥ ។ « ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក »

ពេល​ខ្លះ​វា​ជា​រឿង​ដ៏​ពិបាក ​ដើម្បី​មើល​ឃើញ​ពី​ហេតុផល​ដែល​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​រៀន​គ្រប់​គ្រង​លើ​ខ្លួន​ឯង ។ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការ​ពន្យល់​ដ៏​មាន​ប្រយោជន៍​​នេះ ៖

« ជីវិត​សុចរិត​មួយ​តម្រូវ​ឲ្យ​មាន​ការ​លត់​ដំ​ខ្លួន ។ ការ​លត់​ដំ​ខ្លួន​គឺជា​បុគ្គលិក​លក្ខណៈ​ដែល​នឹង​ផ្ដល់​កម្លាំង​ឲ្យ​បងប្អូន​ដើម្បី​ចៀស​វាង​ពី​ការ​លះបង់​នូវ​រឿង​ដែល​បងប្អូន​ចង់​បាន​បំផុត​​នៅ​ក្នុង​ជីវិត​សម្រាប់​អ្វី​មួយ ​ដែល​បង​ប្អូន​គិត​ថា​ចង់​បាន​នៅ​ពេល​នេះ » ( « The Power of Righteousness » Ensign ខែ វិច្ឆិកា ឆ្នាំ ​១៩៩៨ ទំព័រ ៦៩ ) ។

កូរិនថូសទី ១ ៩:២៧ ។ « ខ្ញុំ​វាយដំ​រូបកាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល »

ការ​ធ្វើ​ឲ្យ​រូបកាយ​របស់​យើង​ចុះ​ចូល​ជា​បន្ត​បន្ទាប់​​ទៅ​នឹង​ការ​គ្រប់​គ្រង​នៃ​វិញ្ញាណ​របស់​យើង ​គឺជា​ការ​សាកល្បង​មួយ​ដ៏​ធំ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« នៅ​ពិភព​មុន​ឆាក​ជីវិត​នេះ ​ពី​មុន​យើង​បាន​ចាក​ចេញ​​ពី​វត្តមាន​របស់​ព្រះវរបិតា​សួគ៌ ទ្រង់​បាន​ព្រមាន ហើយ​បាន​ហាម​យើង​អំពី​បទពិសោធន៍​ថ្មី​​ ដែល​យើង​នឹង​មាន​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ យើង​បាន​ដឹង​ថា យើង​នឹង​មាន​រូបកាយ​ជា​សាច់ និង​ឆ្អឹង​មួយ ។ ដោយ​ពុំ​ធ្លាប់​មាន​រូបកាយ​ពី​មុន​មក យើង​គ្មាន​បទពិសោធន៍​ប្រឈម​នឹង​ការ​ល្បួង​នៃ​ជីវិត​រមែង​ស្លាប់​​នោះ​ឡើយ ។ ប៉ុន្តែ​ព្រះវរបិតា​សួគ៌​បាន​ជ្រាប ហើយ​យល់ ។ ទ្រង់​បាន​បង្គាប់​យើង​ឲ្យ​គ្រប់​គ្រង​លើ​រូបកាយ​របស់​យើង ហើយ​ធ្វើ​ឲ្យ​វា​ចុះចូល​នឹង​វិញ្ញាណ​របស់​យើង ។ វិញ្ញាណ​របស់​យើង​នឹង​ត្រូវ​គ្រប់​គ្រង​លើ​ការ​ល្បួង​ខាង​រូបកាយ ដែល​រូបកាយ​យើង​នឹង​ជួប​ប្រទះ​នៅ​ក្នុង​ពិភពលោក​ខាង​សាច់​ឈាម​មួយ ។ អំណាច​ខាង​វិញ្ញាណ​លើ​ឥទ្ធិពល​នៃ​សាតាំង​កើត​មាន​ចំពោះ​យើង​ដោយ​ការ​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​យើង ព្រះយេស៊ូវ​គ្រីស្ទ » ( « Keeping Covenants » Ensign ខែ ឧសភា ឆ្នាំ ​១៩៩៣ ទំព័រ ៦ ) ។

កូរិនថូសទី ១ ១០:១៣ ។ ការ​គេច​ចេញ​ពី​ការ​ល្បួង

ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​​អំពី​រឿង​ចាំបាច់​មួយ ​សម្រាប់​មនុស្ស​ទាំងអស់​ដើម្បី​ចៀស​វាង​ពី​ការ​ល្បួង ៖

« មាន​មនុស្ស​ជា​ច្រើន​គិត​ថា​ពួកគេ … រឹង​មាំ​ល្មម​គ្រប់​គ្រាន់​ដើម្បី​តតាំង​នឹង​ការ​ល្បួង​ទាំងឡាយ ។ ពួកគេ​​បោក​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​ចូល​ទៅ​ក្នុង​ការ​គិត​ថា ‹ វា​ពុំ​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​បាន​ឡើយ › ។ … វា អាច កើត​ឡើង​ចំពោះ​យើង​គ្រប់​ពេលវេលា ។ …

« មាន​ម្ដងនោះ ខ្ញុំ​បាន​ស្ដាប់​ឮ​បុរស​ម្នាក់​ប្រាប់​កូន​ប្រុស​របស់​គាត់​ថា ‹ ប៉ា​អាច​បើក​ឡាន​ទៅ​គែម​ផ្លូវ​ជិត​ជាង​កូន​បាន ដោយសារ​ប៉ា​មាន​បទពិសោធន៍​ច្រើន​ជាង​ពួក​កូន › ។ គាត់​បាន​គិត​ថា គាត់​ចេះ​អ្វីៗ​អស់​ហើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​ពុំ​ព្រម​ទទួល​ស្គាល់​ការពិត ។ ‹ បញ្ហា​ជាមួយ​នឹង​ការ​ប្រើ​បទពិសោធន៍​​ធ្វើ​ជា​ការ​ណែនាំ​មួយ​គឺថា ជា​រឿយៗ ការ​ប្រឡង​ចុង​ក្រោយ​កើត​ឡើង​មុន រួច​ហើយ​ទើប​មាន​មេរៀន › [ អ្នក​និពន្ធ​អនាមិក បាន​ដក​ស្រង់​នៅ​ក្នុង 1,911 Best Things Anybody Ever Said រៀបរៀង​ដោយ Robert Byrne ( ឆ្នាំ ​១៩៨៨ ) ទំព័រ ៣៨៦ ] ។ មាន​មនុស្ស​មួយ​ចំនួន​គិត​ថា វ័យ និង​បទពិសោធន៍​របស់​ពួកគេ​ធ្វើ​ឲ្យ​ពួកគេ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ដើម្បី​តតាំង​នឹង​ការ​ល្បួង ។ ការ​គិត​បែប​នេះ​គឺ​ជា​រឿង​ខុស​ឆ្គង ។

« ខ្ញុំ​ចាំ​ថា ធ្លាប់​បាន​ស្ដាប់​ឮ​ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ប្រាប់​អំពីគ្រា​មួយ​ដែល​កូន​ម្នាក់​របស់​លោក​ចេញ​ទៅ​ដើរ​លេង​ជា​គូ ។ លោក​បាន​សុំ​ឲ្យ​ពួកគេ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​​ជាក់​លាក់​មួយ ។ ‹ ដោយ​មាន​អារម្មណ៍​អាក់​អន់​ចិត្ត​ចំពោះ​ការ​ក្រើន​រំឭក​ដដែលៗ​នេះ [ កូន​ជំទង់ ] ​របស់​លោក​បាន​ពោល​ថា ‹ ប៉ា មាន​រឿង​អី​ហ្នឹង តើ​ប៉ា​មិន​ទុក​ចិត្ត​កូន​ទេ​ឬ ? »

« ‹ ចម្លើយ​របស់​លោក​បាន​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល កាល​លោក​បាន​តប​ថា « [កូន​ស្រី​ប៉ា] ប៉ា​មិន​ទុក​ចិត្ត​កូន​ទេ ។ សូម្បី​តែ​ប៉ា​ក៏​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ដែរ » › [ បាន​ដក​ស្រង់​ដោយ ហារ៉ូល ប៊ី លី The Teachings of Harold B. Lee និពន្ធ​ដោយ Clyde J. Williams ( ឆ្នាំ​ ១៩៩៦ ) ទំព័រ ៦២៩ ] » ( « It Can’t Happen to Me » Ensign ខែ ឧសភា ឆ្នាំ ​២០០២ ទំព័រ ៤៦–៤៧ ) ។