បណ្ណាល័យ
មេរៀន​ទី ១០៨ ៖ កូរិនថូស ទី១ ១១


មេរៀន​ទី ១០៨

កូរិនថូស ទី១ ១១

សេចក្តី​ផ្ដើម

ប៉ុល​បាន​លើក​ឡើង​ពី​ការ​ឈ្លោះប្រកែកនៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​​នៅ​កូរិនថូស​ទាក់ទង​នឹង​ទំនៀម​ទម្លាប់​សាសនា ។ លោក​បាន​គូស​បញ្ជាក់​ថា បុរស និង​ស្ត្រី​មាន​តួនាទីដ៏​ទេវភាព ហើយ​ដ៏អស់​កល្ប​​ជានិច្ច ហើយ​វា​ក៏ជាតួនាទីដ៏​ចាំបាច់​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់​ដែរ ។ លោក​ក៏​បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​ផង​ដែរអំពី​ការ​រៀបចំ​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី ១ ១១:១-១៦

ប៉ុល​បាន​លើក​ឡើងអំ​ពី​ការឈ្លោះ​ប្រកែកទាក់ទង​ទំនៀម​ទម្លាប់​នៅ​ក្នុង​សម័យ​របស់​​លោក

រូបភាព
bridal couple, Laie Hawaii Temple

សូម​ដាក់​តាំង​រូបភាពស្វាមីភរិយា​មួយ​គូ​ដែល​បាន​រៀបការ ( ដូចជា Young Couple Going to the Temple, Gospel Art Book [ ឆ្នាំ​ ២០០៩ ] ល.រ. ១២០ សូមមើល​ផងដែរ LDS.org ) ។ សូម​អាន​ប្រយោគខាង​ក្រោម​នេះ​ឲ្យ​ឮៗ ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អារម្មណ៍​ដែល​បុគ្គល​មួយ​ចំនួន​មាន​ចំពោះ​អាពាហ៍ពិពាហ៍ ៖

  1. « ​ជោគជ័យ​នៅ​ក្នុង​អាជីពរបស់​ខ្ញុំ គឺជា​រឿង​ដ៏មានន័យ​អស្ចារ្យ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មិន​ចង់​បែងចែក​ការ​ផ្ដោត​អារម្មណ៍រវាង​គោលដៅ​ការងារ​ និង​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​ឡើយ » ។

  2. « ខ្ញុំ​មិន​ចង់​មាន​ទំនាក់ទនងមួយ​ដ៏​ស៊ី​ជម្រៅ​នោះ​ទេ ។ ខ្ញុំ​ខ្លាចធ្វើ​ការ​សម្រេច​ចិត្ត​មួយ​ ដែល​ខ្ញុំ​នឹង​មាន​វិប្បដិសារី​នៅ​ពេល​ក្រោយ » ។

  3. « អាពាហ៍ពិពាហ៍​នឹង​រឹត​បន្តឹង​ដល់​ខ្ញុំ ។ ខ្ញុំមិន​អាច​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​បាន​ទេ » ។

  4. « ខ្ញុំ​ដឹង​ថា អាពាហ៍ពិពាហ៍​គឺជា​ការ​សម្រេច​ចិត្ត​ដ៏សំខាន់​បំផុត​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក ហើយ​ខ្ញុំទន្ទឹង​រង់ចាំ​ដើម្បី​ធ្វើ​វា » ។

ចូរ​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ​ពួកគេ​មាន​អារម្មណ៍បែបណា​ដែរ​​​ចំពោះ​អាពាហ៍ពិពាហ៍ ។ ចូរ​សុំ​ឲ្យ​ពួកគេ​រក​មើល​សេចក្ដីពិត​មួយ​ កាល​ពួកគេ​សិក្សា កូរិនថូសទី ១ ១១:១–១៦ ដែល​អាច​ជួយ​ពួកគេ និង​មនុស្ស​ដទៃទៀត​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១១:៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​​តាម​​រកមើល​អ្វី​ដែល​ប៉ុលបាន​បង្រៀន​អំពី​ទំនួល​ខុស​ត្រូវ​របស់​ស្វាមី​ម្នាក់ ។ អ្នក​អាច​ពន្យល់​ថា នៅ​ក្នុង​ខគម្ពីរ​នេះ​ពាក្យ​ដែល​បាន​បកប្រែ​ថា « បុរស » ក៏​អាច​បក​ស្រាយថា​ជា « ស្វាមី » ដែរ រីឯ​ពាក្យ​ដែល​បាន​បក​ស្រាយថា « ស្ត្រី » ក៏​អាច​ប្រែ​ថាជា « ភរិយា » ដែរ ។

  • តើតួនាទី​របស់ស្វាមី​ជា​អ្វី ? ( អ្នក​គួរ​ពន្យល់​ថា ឃ្លា « ឯ​បុរស​វិញ​នោះ​ជា​ក្បាល​នៃ​ស្ត្រី » មាន​ន័យ​ថា ស្វាមី​មានការទទួលខុសត្រូវ​ពិសិដ្ឋ​​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ផ្ទះ ។ ការ​ ធ្វើ​ជា​អធិបតី មានន័យ​ថា ការ​ដឹកនាំ និង​ការ​ណែនាំ​អ្នកដ​ទៃ​ដោយ​សុចរិត​នៅ​ក្នុង​បញ្ហា​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ) ។

  • តើ​នរណា​ជា​អធិបតី ហើយ​ណែនាំ​​ដល់​ស្វាមី កាល​គាត់​ធ្វើជា​អធិបតី​លើ​គ្រួសារ​គាត់ ?

សូម​សង្ខេប កូរិនថូសទី ១ ១១:៤–១៦ ដោយ​ពន្យល់​ថា ប៉ុល​បាន​​លើក​ឡើង​នូវ​សំណួរ​អំពី​ទំនៀម​ទម្លាប់សម្រាប់​បុរស និង​ស្ត្រី នៅ​ពេល​ពួកគេបាន​អធិស្ឋាន ឬ​ព្យាករ​នៅ​ក្នុង​ការ​ប្រជុំ​ថ្វាយ​បង្គំ​របស់​ពួកគេ ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ពេល​ខ្លះ​ពួក​អ្នក​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​យល់​ខុស​ពី​ការ​បង្រៀន​​របស់​ប៉ុលថា តួនាទី​របស់​បុរស​គឺ​សំខាន់​ជាង​តួនាទីរបស់​ស្ត្រី ឬ​ថា បុរសមាន​សិទ្ធិ​ធំ​ជាង ឬ​មាន​តម្លៃ​ជាង​​ស្ត្រី ។ សូម​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« បុរស និង ស្ត្រី​គឺ​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះនេត្រ​​របស់​ព្រះ និង នៅ​ចំពោះ​មុខ​នៃ​សាសនាចក្រ ប៉ុន្តែ​ភាព​ស្មើ​គ្នា​នេះ​ពុំ​មែន​មាន​ន័យ​ថា ពួកគេ​ដូច​គ្នា​នោះ​ទេ ។ ការទទួល​ខុស​ត្រូវ និង អំណោយ​ទាន​ដ៏​ទេវភាព​​នានា​របស់​​បុរស និង ស្ត្រី​ផ្សេងៗ​ពី​គ្នា​ទៅ​តាម​ធម្មជាតិ​របស់​ខ្លួន ប៉ុន្តែ​មិនមែន​ទៅ​តាម​ភាព​សំខាន់ ឬ ឥទ្ធិពល​របស់​ខ្លួន​នោះ​ឡើយ ។ គោលលទ្ធិ​សាសនាចក្រ​យើង​បាន​ដាក់​ស្ត្រី​ឲ្យ​ស្មើ​នឹង​បុរស ប៉ុន្តែ​ផ្សេង​ពី​បុរស ។ ព្រះ​ទ្រង់​មិន​ចាត់​ទុក​ថា​ភេទ​ណា​មួយ​ប្រសើរ ឬ​សំខាន់​ជាង​មួយ​ណា​នោះ​ទេ » ( « Men and Women in the Work of the Lord » New Era ខែ​ មេសា ឆ្នាំ​ ២០១៤ ទំព័រ​ ៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១១:១១ ​ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើលពី​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​ស្វាមី និង​ភរិយា ។

  • តើ​សាវកប៉ុល​បាន​បង្រៀន​​អ្វីខ្លះអំពី​ទំនាក់ទំនាក់​រវាង​ស្វាមី និង​ភរិយា ?

សូមច​ង្អុល​បង្ហាញ​ឃ្លា « ក្នុង​ព្រះអម្ចាស់ » ។ សូម​ពន្យល់​ថា ឃ្លា​នេះ​សំដៅ​ទៅ​លើ​ផែនការ​របស់​ព្រះអម្ចាស់ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  • តើ​ខគម្ពីរ​នេះ​បង្រៀន​គោលលទ្ធិ​អ្វីខ្លះ​អំពី​បរុស និង​ស្ត្រី​នៅ​ក្នុង​ផែនការ​រ​បស់​ព្រះអម្ចាស់ ? ( សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន​ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ​បុរស និង​ស្ត្រី​មិន​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដោយ​គ្មាន​គ្នា​បាន​ឡើយ ។ [ សូម​មើល គ. និង ស. ១៣១:១-៤  ] ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ពី​សេចក្ដីពិត​ដែល​បានបង្ហាញ​ខាង​លើ សូម​លើក កន្ត្រៃ​ មួយ​ឡើង​ ហើយ​ចាប់ផ្ដើម​កាត់​ក្រដាសមួយ​សន្លឹក ។ ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃថា មុខ​កន្ត្រៃទាំងពីរ​នោះ​បាន​ដាច់​ចេញ​ពី​គ្នា ។

  • តើ​មនុស្ស​ម្នាក់​មាន​ជោគជ័យ​បែបណា​ទៅ ប្រសិន​បើ​គាត់​ព្យាយាម​កាត់​ក្រដាស​មួយ​សន្លឹក​នឹង​កន្ត្រៃ​ដែល​មាន​មុខ​តែ​ម្ខាង​នោះ ? តើ​កន្ត្រៃ​មួយ​ប្រៀប​ដូចជា​ស្វាមី និង​ភរិយា​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ដូចម្ដេច​ទៅ ?

សូម​អញ្ជើញឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« តាមរយៈ​ការរចនាដ៏ទេវភាព ​បុរស និង ស្ត្រី ត្រូវបាន​តាំងចិត្ត​ដើម្បី​រីក​ចម្រើន​ជាមួយ​គ្នា​ឆ្ពោះទៅកាន់​ភាពល្អ​ឥតខ្ចោះ និង ភាពដ៏​ពេញលេញ​នៃ​សិរី​ល្អ ។ ដោយសារ​ភាពខុសគ្នា​នៃ​និស្ស័យ និង សមត្ថភាព​របស់​ខ្លួន បុរស និង ស្ត្រី​គ្រប់រូប​នាំ​មក​កាន់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​នូវ​​ទស្សនវិស័យ និង បទពិសោធន៍​ដ៏​​ពិសេស ។ បុរស និង ស្ត្រី​មាន​លក្ខណៈ​ផ្សេង​គ្នា ប៉ុន្តែមានភាព​ស្មើគ្នាតែមួយ និង សាមគ្គី​ភាព​ ដែល​កិច្ចការ​ទាំងនេះ​មិន​អាច​ទទួល​បាន​ជោគជ័យ​​បានតាម​វិធី​ផ្សេង​ឡើយ ។ បុរស​បំពេញ ហើយ​ធ្វើ​ឲ្យស្ត្រីបាន​ល្អ​ឥត​ខ្ចោះ ហើយ​ស្ត្រី​បំពេញ ហើយ​ធ្វើ​ឲ្យ​បុរសបាន​ល្អ​ឥត​ខ្ចោះ នៅ​ពេល​ពួកគេ​រៀន ហើយ​ពង្រឹង​គ្នា​ទៅវិញ​ទៅ​មក ព្រមទាំង​ផ្ដល់​ពរ​ឲ្យ​គ្នា​ទៅវិញ​ទៅមក » ( « Marriage Is Essential to His Eternal Plan » Ensign ខែ​ មិថុនា ឆ្នាំ ​២០០៦ ទំព័រ ៨៣–៨៤ ) ។

  • តើ​ចរិត​លក្ខណៈ និង​ការ​ទទួល​ខុស​ត្រូវ​ផ្សេងៗ​គ្នា​របស់​បុរស និង​ស្ត្រី​បាន​ជួយ​បំពេញ​បង្គ្រប់​ឲ្យគ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​គ្រួសារ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​រំឭក​សិស្ស​នូវឥរិយាបថ​ខុសគ្នា​អំពី​អាពាហ៍ពិពាហ៍​​ ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដែលអ្នក​បាន​​​អាន​នៅ​ដើមដំបូង​ក្នុងមេរៀននេះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យចែកចាយ​គំនិត និង​ទីបន្ទាល់​ពួកគេ​ទាក់ទង​នឹង​សារៈសំខាន់​នៃ​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ។ អ្នកគួរ​ចែកចាយពី​ទីបន្ទាល់​​​របស់​អ្នក​ផងដែរ ។

កូរិនថូស ទី១ ១១:១៧-៣៤

ប៉ុល​បង្រៀន​ពួក​បរិសុទ្ធ​នៅ​កូរិន​ថូសឲ្យ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ប្រុង​ប្រយ័ត្ន

សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ បទពិសោធន៍ខាងវិញ្ញាណដ៏​ពិត​ប្រាកដ​មួយ ការ​ផ្លាស់ប្ដូរ​ថ្មី​មួយ​ដល់​ព្រលឹង ផ្នែក​សំខាន់ៗ​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ ។

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិតពី​បទពិសោធន៍​ដែល​ទើបតែកើត​ឡើង​ថ្មីៗ​របស់​ពួកគេ​នៅ​ក្នុងការ​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ពិចារណា​ថាតើ​ពួកគេ​នឹងប្រើ​ឃ្លា​ណាមួយ​នៅ​លើ​ក្ដារខៀន ដើម្បី​ពិពណ៌នា​ពី​បទពិសោធន៍​របស់​ខ្លួន ។ ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​សេចក្ដីពិតនានា នៅ​ពេល​ពួកគេ​សិក្សា កូរិនថូសទី ១ ១១:១៧–៣៤ ដែល​អាច​ជួយ​ពួកគេ​ដើម្បី​​ធ្វើឲ្យ​ការ​ទទួល​ទាន​សាក្រាម៉ង់​ក្លាយ​ជា​បទពិសោធន៍​មួយ​កាន់​តែ​មាន​ន័យ​ខាង​វិញ្ញាណ ។

សូម​ពន្យល់​ថា នៅ​ក្នុង​សម័យ​របស់​ប៉ុល សមាជិក​សាសនាចក្របា​ន​រក្សា​ទំនៀម​ទម្លាប់​មួយ​នូវ​ការរំលឹក​ចងចាំ​ដល់​អាហារ​យប់​ថ្ងៃចុងក្រោយ ។ ពួកគេបាន​បរិភោគអាហារ​រួម​គ្នា រួច​ក្រោយ​មក​បាន​​ទទួល​ទាន​សាក្រាម៉ង់ ។ សូម​សង្ខេប កូរិនថូសទី ១ ១១:១៧–២២ ដោយ​ពន្យល់​ថា ប៉ុល​បាន​កត់​ចំណាំ​ពី​របាយការណ៍​មួយ ​ដែល​លោក​បាន​ទទួលថា នៅ​ពេល​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​ជួបជុំ​គ្នា​ទទួល​ទាន​សាក្រាម៉ង់ នោះ​មាន​ការ​ខ្វែងគំនិត​គ្នា ឬ​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្នុង​ចំណោម​ពួកគេ ។ ប៉ុល​បាន​ស្ដីបន្ទោស​ដល់​ពួក​បរិសុទ្ធ​ចំពោះការធ្វើ​ឲ្យការ​ជួប​ជុំ​ទាំងនេះ​ក្លាយ​ទៅ​ជា​​ការ​បរិភោគ​អាហារ​រួម​គ្នា​ ជាជាងការរក្សា​ភាព​ពិសិដ្ឋ​នៃ​ពិធីបរិសុទ្ធ​សម្រាប់​សាក្រាម៉ង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១១:២៣-២៦ ​ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើលពី​អ្វី​ដែល​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សមាជិក​សាសនាចក្រ​ចងចាំ​អំពី​សាក្រាម៉ង់ ។ អ្នក​គួរ​ពន្យល់​ថា ពាក្យ សម្ដែង នៅ​ក្នុង ខ​ទី ២៦​ មាន​ន័យ​ថា ប្រកាស ប្រាប់ដំណឹង ឬ​ថ្លែង​ទីបន្ទាល់

ចូរ​ដាក់តាំង​បង្ហាញ​រូបភាព អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ( ​Gospel Art Book [ ឆ្នាំ ២០០៩ ] ល.រ. ៥៤សូម​មើល​ផង​ដែរ LDS.org ) ។

រូបភាព
អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ
  • តើ​ប៉ុល​បាន​និយាយ​ថា ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ចងចាំ​អ្វី​ខ្លះ នៅ​ពេល​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ?

  • តើ​ការ​ចងចាំ​ដល់​ព្រះកាយ និងព្រះ​​លោហិត​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ពិធី​សាក្រាម៉ង់ បាន​ជួយ​ដល់​សមាជិក​សាសនាចក្រ​ដែល​កំពុង​ខ្វែង​គំនិត​គ្នា​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១១:២៧-៣០​​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ព្រមាន ​ដែល​ប៉ុល​បាន​ផ្ដល់​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​អំពី​សាក្រាម៉ង់ ។

  • យោង​តាម ខ​ទី ២៧ និង ២៩តើ​ប៉ុល​បាន​ព្រមាន​ពួក​បរិសុទ្ធ​កូរិនថូស​អំពី​អ្វីខ្លះ ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះក្នុង​ខគម្ពីរ​ទាំងនេះអំពី​អ្វី​ដែល​កើត​ឡើង នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​មិន​សក្ដិសម ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​ស្គាល់​ពី​សេចក្ដីពិត​ខាង​ក្រោម​នេះ ៖ ជន​ដែល​ទទួល​ទាន​សាក្រាម៉ង់​ដោយ​មិន​សក្ដិសម​នាំ​មក​នូវ​ការ​ដាក់​ទោស និង​ការ​ជាប់​ទោស​ដល់​ខ្លួន​ឯង ) ។

សូម​ពន្យល់​ថា យើង « ពុំ​ចាំបាច់​ល្អ​ឥត​ខ្ចោះ​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​នោះ​ទេ ប៉ុន្តែ [ យើង ]​ គួរ​មាន​ស្មារតី​នៃ​ការ​បន្ទាប​ខ្លួន និង​ការ​ប្រែ​ចិត្ត​នៅ​ក្នុងដួង​ចិត្ត​ [ របស់​យើង ] » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៤៨ ] ) ។ ប្រសិន​បើ​យើង​ទទួល​ទាន​សាក្រាម៉ង់​កាល​យើង​មាន​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ ឬ​មាន​ដួង​ចិត្ត​ដែល​មិន​ព្រម​ប្រែ​ចិត្ត គ្មាន​បំណង​ប្រាថ្នា​ដើម្បី​ចងចាំ ហើយ​ធ្វើ​តាម​ព្រះអង្គសង្គ្រោះទេ នោះ​យើង​កំពុង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​មិន​​សក្ដិសម​ហើយ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌ ហើយ​និយាយ​ជាមួយ​ប៊ីស្សព​របស់​ពួក​គេ ( សូមមើល នីហ្វៃទី ៣ ១៨:២៦–២៩ ) ប្រសិន​បើ​ពួកគេ​មាន​សំណួរ​អំពី​ភាព​សក្ដិសម​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ។

  • ហេតុអ្វី​អ្នក​គិត​ថា ការ​ទទួល​ទាន​សាក្រាម៉ង់​​ដោយ​មិន​សក្ដិសម​នឹង​នាំ​មក​នូវ​ការជាប់​ទោស​ដល់​​ព្រលឹង​របស់​​យើង ?

  • យោង​តាម កូរិនថូសទី ១ ១១:២៨​តើ​ប៉ុល​បាន​ផ្ដល់​ពាក្យ​ទូន្មាន​អ្វីខ្លះ​ដល់​សមាជិក​សាសនាចក្រ ? ( សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន​ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ យើង​គួរ​ពិនិត្យមើលពី​ជីវិត​របស់​យើង នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ) ។

សូម​ចង្អុល​បង្ហាញ​ថា គោលបំណង​នៃ​ការ​ពិនិត្យមើល​ពី​ជីវិត​របស់​យើង​​គឺ​ពុំមែន​គ្រាន់​តែ​ដើម្បី​ពិចារណា​ថា តើ​យើង​មាន​ភាពសក្ដិសម​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​ដែរ​ឬ​អត់​នោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ពិចារណា​ថា យើង​កំពុង​ខិតខំ​គោរព​តាម​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះអម្ចាស់​បាន​ល្អ​ដល់​កម្រិត​ណា​ហើយ និង​ពី​របៀប​ដែល​យើង​អាច​នឹង​ខិតខំ​ប្រែ​ចិត្ត ឬ ហើយ​ធ្វើ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។

ចូរ​សុំ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍ដូចខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ខ្ញុំ​បាន​សួរ​សំណួរ​នេះ​ដល់​ខ្លួន​ឯង ៖ ‹ តើ​ខ្ញុំ​បាន​ដាក់​ព្រះ​យ៉ាងខ្ពស់លើសពីអ្វីៗ​ទាំងអស់​ផ្សេង​ទៀត ហើយ​គោរព​តាម​រាល់​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដែរ​ឬ​ទេ ? បន្ទាប់មក​ ការ​សញ្ជឹង​គិត និង​ដំណោះ​ស្រាយ​បាន​កើត​មាន ។ ការ​ចុះ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​ព្រះអម្ចាស់​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ជានិច្ច គឺជា​កាតព្វកិច្ច​មួយ​ដ៏​ធំ ហើយ​ការ​រំឭក​សេចក្ដី​សញ្ញា​នោះ​ដោយ​ការ​ទទួល​ទាន​សាក្រាម៉ង់​ក៏​ជា​កាតព្វកិច្ចយ៉ាង​ធំ​ដូច​គ្នា​ដែរ ។ គ្រា​ដ៏​ឱឡារិកនៃ​ការ​គិត​​នោះ​ កាល​សាក្រាម៉ង់​ត្រូវ​បាន​ចែកគឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ វា​គឺជា​គ្រា​នៃ​ការ​ត្រួត​ពិនិត្យ​ខ្លួន​ឯង ការ​ពិចារណា​មើល​ចិត្ត​ខ្លួន​ឯង ការ​ដឹង​ខុស​ត្រូវ​ពីខ្លួន​ឯង—ជា​គ្រា​មួយ​ដើម្បី​សញ្ជឹង​គិត ហើយ​ដោះស្រាយ » ( « Thoughts on the Sacrament » Ensign ខែ ​ឧសភា ឆ្នាំ​ ១៩៧៧ ទំព័រ ២៥ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដី​ពិត​ ដែលពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង កូរិនថូសទី ១ ១១:២៨​សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​សំណួរ​ដែល​ពួកគេ​អាច​គិត​ឃើញ នៅ​ពេល​ពួកគេ​រៀប​ចំ​ខ្លួន​ទទួល​ទាន​សាក្រាម៉ង់ ។ ឧទាហរណ៍ ពួកគេ​អាច​សួរថា « តើ​ខ្ញុំ​អាច​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​ប្រសើរ​ឡើង​តាម​របៀប​ណា ? » ចូរ​សុំ​ឲ្យ​សិស្ស​ចែកចាយ​សំណួរ​ផ្សេង​ទៀត ​ដែល​​ពួកគេ​អាច​សួរ​ដល់​ខ្លួន​ឯង ។ អ្នក​ក៏​អាច​ផ្ដល់​ជា​​សំណួរ​របស់​អ្នក​មួយ​ចំនួន​​ផង​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​ ដែល​ពួកគេ​អាច​សួរ​ដល់​ខ្លួន​ឯងនៅ​ពិធី​សាក្រាម៉ង់​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​សិក្សា​ព្រះគម្ពីររបស់ពួកគេ នៅ​ពេល​ពួកគេ​ពិនិត្យមើល​ពី​ភាព​សក្ដិសម​របស់​ពួកគេ ។

នៅ​ពេល​សិស្ស​ត្រួត​ពិនិត្យ​ពី​ភាព​សក្ដិសម​របស់​ពួកគេ​ពីមុន និង​ពេល​កំពុង​ទទួល​ទាន​សាក្រាម៉ង់ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​សេចក្ដី​សញ្ញា​របស់​ពួកគេ​កាន់តែ​ប្រសើរ​ឡើង ហើយ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​មាន​ព្រះរាជ​បំណង​ប្រទាន​ដល់​ពួកគេ ។ ពរជ័យ​ទាំង​នេះ​រួម​បញ្ចូល​ការ​ជ្រះ​ស្អាត​ពី​អំពើបាប​របស់​ពួកគេ និង​ការ​ទទួល​បាន​ព្រះចេស្ដា​ដ៏​ធំ​ធេង​បំផុត​មួយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ​ទាក់ទង​នឹង​របៀបដែល​ពួកគេ​នឹង​ត្រៀម​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ សម្រាប់​ការ​ទទួល​ទាន​សាក្រាម៉ង់​របស់​ពួកគេ​នៅ​ឱកាស​ក្រោយ ។

សូម​សង្ខេប កូរិនថូសទី ១ ១១:៣៣–៣៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​ផ្ដល់​នូវ​ការ​ណែនាំ​បន្ថែម​ដល់​ពួក​បរិសុទ្ធ​​កូរិនថូស​ទាក់ទង​នឹង​អាហារ ​ដែល​ពួកគេ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ការ​ចាត់ចែងពិធី​សាក្រាម៉ង់ ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​កូរិនថូសទី ១ ១១ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី ១ ១១:១១ ។ « ក្នុង​ព្រះអម្ចាស់​ នោះ​បុរស​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ »

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចង្អុល​បង្ហាញ​ថា បុរស​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា ប៉ុន្តែ​មាន​តួនាទី​ខុស​គ្នា ៖

« នៅ​ក្នុង​ផែនការ​ប្រគល់​បព្វជិតភាព​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​សួគ៌​យើង បុរស​មាន​ទំនួល​ខុស​ត្រូវ​ដ៏​សំខាន់​ក្នុង​ការ​គ្រប់គ្រង​បព្វជិតភាព តែ​ពួកគេ​ពុំ​មែន​ជា​បព្វជិតភាព​​នោះ​ទេ ។ បុរស​ស្ត្រី​មាន​តួនាទី​ខុស​គ្នា តែ​មាន​តម្លៃ​ស្មើ​គ្នា ។ ដូចជា​ករណី ​ស្ត្រី​មិន​អាចមាន​ផ្ទៃ​ពោះ​បាន​ឡើយ​បើ​គ្មាន​បុរស​នោះ ដូច្នេះ​បុរស​ក៏​មិន​អាច​អនុវត្ត​អំណាច​ពេញលេញ​នៃ​បព្វជិតភាព​​​ដើម្បី​បង្កើត​គ្រួសារ​អស់​កល្ប​មួយ​បាន​នោះ​ដែរ បើ​គ្មាន​ស្ត្រី​នោះ ។ … នៅ​ក្នុង​ទស្សនវិស័យ​អស់​កល្ប​ជានិច្ច​នោះ ទាំង​អំណាច​បង្កបង្កើត​ជីវិត និង អំណាច​បព្វជិតភាព​ត្រូវ​បាន​ប្រើ​ប្រាស់​ទាំង​ស្វាមី និង ភរិយា » ( « This Is My Work and Glory » EnsignLiahona ខែ ​ឧសភា ឆ្នាំ ​២០១៣ ទំព័រ ១៩ ) ។

រូបភាព
ក្រុមគ្រួសារ

« ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក »​បាន​គូស​បង្ហាញ​ពី​តួនាទី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ដល់​ស្វាមី និង​ភរិយា ៖

« តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយ​សេចក្ដីស្រឡាញ់ និងសេចក្ដីសុចរិត ហើយ មានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ។ ម្តាយ​មាន​ភារកិច្ច​សំខាន់ ដើម្បី​ថែ​រក្សា​បី​បាច់​កូន​ចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ​ឪពុក និង ម្តាយ មាន​កាតព្វ​កិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃ​គូ​ស្មើ​គ្នា ។​( « The Family: A Proclamation to the World » Ensign ខែ ​វិច្ឆិកា ឆ្នាំ​ ២០១០ ទំព័រ ១២៩ ) ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន​ពី​មេរៀន​ដ៏សំខាន់​មួយ​ទាក់ទង​នឹង​ការ​ចែក​រំលែក​តួនាទី​គ្នា​រវាង​បុរស និង​​​ស្ត្រី​នៅ​ក្នុង​ការ​គ្រប់​គ្រង​គ្រួសារ ៖

« បុរសម្នាក់ដែលកាន់បព្វជិតភាពយល់ព្រមឲ្យភរិយាគាត់ធ្វើជាដៃគូនៅក្នុងការដឹកនំាក្នុងផ្ទះ និងគ្រួសារ ដោយចំណេះដឹង និងការចូលរួមយ៉ាងពេញលេញនៅក្នុងគ្រប់ការសម្រេចចិត្ត ដែលទាក់ទងនឹងអ្វីៗទំាងនោះ ។ នៅ​ក្នុង​សាសនាចក្រ និង​នៅ​ក្នុង​ផ្ទះ​ត្រូវ​មាន​អ្នក​ធ្វើ​ជា​អធិបតី​ម្នាក់ ( សូមមើល គ. និង ស. ១០៧:២១ ) ។ តាម​ការចាត់តាំង​ដ៏​ទេវភាព នោះ​ការទទួលខុសត្រូវ​ដើម្បី​ធ្វើ​ជា​អធិបតី​នៅក្នុង​គេហដ្ឋាន គឺ​មាន​ដល់​អ្នក​កាន់បព្វជិតភាព ( សូមមើល ម៉ូសេ ៤:២២ ) ។ ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ថា ភរិយា​គឺជា​ជំនួយ​មួយ​ដ៏​សម​សម្រាប់​បុរស ( ដ៏សម មានន័យ​ថា ស្មើគ្នា )—នោះ​គឺថា​ជា​ដៃគូ​ស្មើគ្នា និង​ចំបាច់​ក្នុង​ភាពជាដៃគូ​ដ៏​ពេញលេញ ។ ការធ្វើជាអធិបតី​នៅក្នុង​សេចក្ដី​សុចរិត តម្រូវ​ជា​ចាំបាច់​ឲ្យ​មាន​ទំនួល​ខុសត្រូវ​រួម​មួយ​រវាង​ស្វាមី និង​ភរិយា អ្នក​ធ្វើការ​រួម​គ្នា ជាមួយ​នឹង​ការចេះដឹង និង​ការចូលរួម​នៅក្នុង​គ្រប់​បញ្ហា​ទាំងអស់​របស់​ក្រុមគ្រួសារ ។ បុរស​ម្នាក់​ដែល​ធ្វើការ​ដោយ​ឯករាជ្យ ឬ​ដោយ​មិន​គិត​ពី​អារម្មណ៍ និង​ការប្រឹក្សា​របស់​ភរិយា​គាត់ នៅក្នុង​ការគ្រប់គ្រង​ក្រុមគ្រួសារ នោះ​គឺ​អនុវត្ត​អំណាច​ដោយ​មិន​សុចរិត​ហើយ » ( « Being a Righteous Husband and Father »​Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥០–៥១ ) ។

កូរិនថូស​ទី ១ ១១:២៧-២៩ ។ តើ​ការទទួល​ទាន​សាក្រាម៉ង់​ដោយ​មិន​សក្តិសម​មាន​ន័យ​ដូចម្ដេច ?

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « នៅ​ពេល​យើង​ពុំ​បាន​រស់​នៅ​តាម​ព្រះបញ្ញត្តិ នៅ​ពេល​ស្ថិត​ក្នុង​អំពើ​រំលង នៅ​ពេល​យើង​ខឹង​សម្បារ គុំគួន ហើយ​មាន​ភាព​ល្វីង​ជូរ​ចត់​ នោះ​យើង​គួរ​តែ​ពិចារណា​ឲ្យ​មែន​ទែន ថា​តើយើង​គួរ​ទទួល​ទាន​​សាក្រាម៉ង់​ដែរ​ឬ​អត់ » ( The Teachings of Spencer W. Kimball និពន្ធ​ដោយ Edward L. Kimball [ ឆ្នាំ​ ១៩៨២ ] ទំព័រ ២២៥ ) ។

អែលឌើរ ចន អេជ ហ្គ្រូប៊ឺគ នៃ​ពួក​ចិតសិប​នាក់​បាន​ពន្យល់​ថា ឥរិយាបថ​របស់​យើង​គឺជា​សមាសភាគមួយ​ដ៏​សំខាន់​នៃ​ភាព​សក្ដិសម​របស់​យើង​នៅ​ក្នុង​ការ​ទទួល​ទាន​សាក្រាម៉ង់ ៖

« ប្រសិនបើ​យើង​ចង់​កែលម្អ ( ដែល​មានន័យ​ថា ប្រែចិត្ត ) និង​មិន​ស្ថិត​នៅក្រោម​ច្បាប់​តឹងរឹង​នៃ​បព្វជិតភាព នោះ​ខ្ញុំ​គិត​ថា យើង​សក្តិសម ។ ប៉ុន្តែ​ប្រសិន​បើ​យើង​គ្មាន​បំណង​កែ​លម្អ ប្រសិន​បើ​យើង​គ្មាន​បំណង​ធ្វើ​តាម​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​នោះ​ទេ យើង​ត្រូវ​សួរ ៖ តើ​យើង​មាន​ភាព​សក្ដិសម​ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ឬ​តើ​យើង​កំពុង​ធ្វើការចំអក​ដល់​គោលបំណង​ដ៏​សំខាន់​នៃ​ពិធី​សាក្រាម៉ង់​ ដែល​ត្រូវ​ដើរ​តួ​ជា​ធាតុ​បន្ថែម​មួយ​សម្រាប់​ការ​ប្រែ​ចិត្ត និង​កែលម្អ​ផ្ទាល់​ខ្លួន​នោះ ? ប្រសិន​បើ​យើង​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ និង​អ្វី​ទាំងអស់​ដែល​ទ្រង់​បាន​ធ្វើ ហើយ​នឹង​​ធ្វើ​សម្រាប់​យើង នោះ​យើង​នឹង​កែលម្អ​ទង្វើ​របស់​យើង ដើម្បី​ឲ្យ​បាន​មក​ខិត​ទៅជិត​ទ្រង់ ហើយ​រក្សា​ខ្លួនយើង​ឲ្យ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

« ប៉ុន្តែ ប្រសិន​បើ​យើង​បដិសេធ​មិន​ព្រម​ប្រែ​ចិត្ត ហើយ​មិន​កែលម្អ​ខ្លួន ប្រសិន​បើ​យើង​មិន​ចងចាំ​ទ្រង់ ហើយមិន​​គោរព​តាម​ព្រះ​បញ្ញត្តិ​របស់​ទ្រង់ទេ នោះ​យើង​បាន​បញ្ឈប់​ការ​រីកចម្រើន​របស់​យើង​ហើយ ​ការណ៍​នោះ​គឺជា​ការ​ជាប់ទោស​ដល់​ព្រលឹង​របស់​យើង » ( « The Beauty and Importance of the Sacrament » Ensign ខែ​ឧសភា ឆ្នាំ​ ១៩៨៩ ទំព័រ ៣៨ ) ។

កូរិនថូស​ទី ១ ១១:២៧-៣២ ។ ពុំ​ត្រូវ​យក​ពិធី​សាក្រាម៉ង់​មកធ្វើជាការលេងសើចឡើយ

ពិធី​សាក្រាម៉ង់​គឺជា​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​មួយ​ដែល​ពុំ​ត្រូវ​យកមកធ្វើជា ការលេងសើច​ឡើយ ។ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា « ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់​ធ្វើ​ឲ្យ​ការ​ប្រជុំ​សាក្រាម៉ង់​ក្លាយ​ជា​ការ​ប្រជុំ​ដ៏​ពិសិដ្ឋ ហើយ​សំខាន់​ជាង​គេ​បំផុត​នៅ​ក្នុង​សាសនាចក្រ » ( « Sacrament Meeting and the Sacrament » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ​២០០៨ ទំព័រ​ ១៧ ) ។

ប្រធាន រ័សុល អិម ណិលសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ប្រកាស​ថា ពិធី​សាក្រាម៉ង់ « គឺជា​ផ្នែក​ដ៏សំខាន់​នៃ​ការ​គោរព​ប្រតិបត្តិដល់​​ថ្ងៃ​ឈប់​សម្រាក​របស់​យើង » ( « Worshiping at Sacrament Meeting » Ensign ខែ​ សីហា ឆ្នាំ ​២០០៤ ទំព័រ ២៦ ) ។

អែលឌើរ មេលវិន ជី បាឡាដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ការ​ទទួល​ទាន​សាក្រាម៉ង់​ជា​ទៀងទាត់​អាច​នាំ​មក​ឲ្យ​យើងនូវ​សុវត្ថិភាព​ខាង​វិញ្ញាណ ៖

« យើង​ចង់​ឲ្យ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គ្រប់​រូប​មក​ឯ​តុ​សាក្រាម៉ង់​ ដោយសារ​វា​គឺ​ជា​ទី​សម្រាប់​បង្រៀន​ខ្លួនឯង សង្កេត​មើល​ខ្លួនឯង ជា​ទី​ដែល​យើង​អាច​រៀន​កែតម្រូវ​ទិសដៅ​ខ្លួន ធ្វើ​ឲ្យ​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ ដោយ​ធ្វើ​ឲ្យ​ចុះសម្រុង​នឹង​ការបង្រៀន​របស់​សាសនាចក្រ និង ពួក​បងប្អូន​ប្រុស​ស្រី ។ វា​គឺជា​ទីកន្លែង​ដែល​យើង​ក្លាយ​ជា​ចៅក្រម​ដោយ​ខ្លួន​ឯង ។ …

« …រឿង​មួយ​ដែល​នឹង​ផ្ដល់​សុវត្ថិភាព​ដល់​បុរស និង​ស្ត្រី​គ្រប់រូប នោះ​គឺជា​ការ​មាន​មុខ​​នៅ​តុ​សាក្រាម៉ង់​ជា​រៀងរាល់​ថ្ងៃ​បរិសុទ្ធ ។ យើង​នឹង​មិន​នៅ​ឆ្ងាយ​ពី​ព្រះ​មួយ​សប្ដាហ៍—​គឺ​មិន​នៅ​ឆ្ងាយពេកឡើយ ​បើ​មិន​តាមរយៈដំណើរ​ការ​នៃ​ការសង្កេត​មើល​ខ្លួន​ឯងទេ នោះយើង​ពុំ​អាចនឹង​​កំហុស​ឆ្គង​​នានា ដែល​យើង​បាន​ប្រព្រឹត្តឡើយ ។ … ផ្លូវ​ទៅ​កាន់​តុ​សាក្រាម៉ង់ គឺ​ជា​ផ្លូវ​នៃ​សុខ​សុវត្ថិភាព​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងឡាយ » ( Bryant S. Hinckley, Sermons and Missionary Services of Melvin Joseph Ballard [ ឆ្នាំ ១៩៤៩ ] ទំព័រ ១៥០–៥១ ) ។