បណ្ណាល័យ
មេរៀនទី ១១១ ៖ កូរិនថូសទី១ ១៥:១–២៩


មេរៀន​ទី ១១១

កូរិនថូសទី ១ ១៥:១–២៩

សេចក្តី​ផ្តើម

ប៉ុល​បាន​ដឹង​ថា ប្រជាជន​នៅ​កូរិនថូស​កំពុង​បង្រៀន​ថា គ្មាន​ការ​រស់ឡើងវិញ​ពី​ស្លាប់​នោះ​ទេ ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ដល់​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​ថា ព្រះយេស៊ូវគ្រីស្ទ​​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​​ពី​ការ​សុគត ។ បន្ទាប់​មក ប៉ុល​បាន​ពន្យល់​បន្ថែម​​ពីលើ​​គោលលទ្ធិ​នៃ​ការ​រស់ឡើងវិញ និង​រឿង​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។ ប៉ុល​បាន​លើក​ឡើង​ថា ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​នឹង​​ក្លាយ​ជា​ឥតន័យ ប្រសិន​បើ​គ្មាន​ការ​រស់​ឡើង​វិញ​នោះ​ទេ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូសទី១ ១៥:១-១០

ប៉ុល​ផ្ដល់​ភស្តុតាង​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« បងប្អូន​ប្រុស​ស្រី​ខ្ញុំ​អើយ យើងសើច យើង​យំ យើង​ធ្វើការ យើង​លេង យើងស្រឡាញ់ យើង​រស់នៅ ។ ហើយ​បន្ទាប់​មក យើង​ស្លាប់ ។ សេចក្ដីស្លាប់គឺជា​មរតក​ជា​សកល​របស់​យើង ។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ដើរ​ឆ្លង​កាត់​ខ្លោង​​ទ្វារ​នៃ​សេចក្ដី​ស្លាប់​នេះ ។ សេចក្ដីស្លាប់លេប​ត្របាក់​យក​ជីវិត​មនុស្ស​ចាស់​ជរា ជនដែល​នឿយហត់ ​និង​ទ្រុឌទ្រោម ។ វាឆក់​យកទាំង​ជីវិតរបស់​យុវវ័យ​ទៀត​ផង មិន​ថា​ពួកគេ​មាន​សេចក្ដីសង្ឃឹម និង​ភាពរុងរឿងនៃការ​រំពឹង​ទុកប៉ុណ្ណា​នោះ​ទេ ។ សូម្បី​តែ​កុមារ​តូចៗ​ក៏​មិន​អាច​រួច​ផុត​ពី​កណ្ដាប់ដៃ​របស់​វា​បាន​ឡើយ » (« I Know That My Redeemer Lives! » EnsignLiahona ខែ ​ឧសភា ឆ្នាំ ២០០៧ ទំព័រ ២៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​គំនិត ឬ​អារម្មណ៍​ដែល​ពួកគេ​ធ្លាប់​ដក​ពិសោធន៍ កាល​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ចែកឋាន​ទៅ ។ អ្នក​អាចអញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ប្រសិនបើ​ពួកគេ​គិតថាអាច​ចែកចាយ​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​នានា ខណៈពេល​ពួកគេ​សិក្សា កូរិនថូសទី ១ ១៥:១–២៩ ដែល​វា​អាច​ជួយដល់​ពួកគេ​ នៅពេល​មាន​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ចែកឋាន​ទៅ ។

សូម​ពន្យល់​ថា នៅ​ពេល​ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស លោក​បាន​លើក​ឡើង​នូវ​ជំនឿ​ខុស​ឆ្គង​មួយ​ដែល​សមាជិក​សាសនាចក្រ​មួយ​ចំនួន​បាន​បង្រៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​កូរិនថូសទី ១ ១៥:១២​ឲ្យ​ឮៗ ហើយ​សុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​ជំនឿ​ខុស​ឆ្គង​ដែល​បាន​បង្រៀន​នោះ ។

  • តើ​ពួក​បរិសុទ្ធ​មួយ​ចំនួន​នៅ​កូរិនថូស​បាន​​បង្រៀន​អ្វីខ្លះ ? ( គ្មាន​ការរស់ឡើងវិញ​ពីសេចក្ដី​​ស្លាប់​ទេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១៥:៣-៨ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា សាវក​ប៉ុល​បាន​សរសេរ​អ្វីខ្លះ​ ដើម្បី​ជួយ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​យល់​ដឹង​ពី​ធាតុពិត​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ប៉ុល​បាន​ថ្លែង​បន្ទាល់​អំពី​អ្វីខ្លះ​ ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​យល់ដឹង​ពី​ធាតុ​ពិត​នៃ​បេសកកម្ម និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​យើង​អាច​រៀននូវ​សេចក្ដីពិតអ្វីខ្លះ​អំពីតួនាទី​របស់​សាវក​មកពី​ខគម្ពីរទាំង​នេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ស្គាល់​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ ពួក​សាវក​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​​បាន​សុគតសម្រាប់​អំពើបាប​របស់​យើង ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ពីការ​សុគត​​ ) ។

  • តើ​ទីបន្ទាល់​របស់​ពួក​សាវក​ស្ដីពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​អាច​ជួយ​ដល់​មនុស្សដែល​ស្មុគ​ស្មាញ​ជាមួយ​នឹង​ការ​ជឿ​លើ​​ការ​រស់​ឡើង​វិញ​បាន​យ៉ាង​ដូច​ម្ដេច ?

ដើម្បី​ជួយ​សិស្សឲ្យ​​យល់​អំពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​សេចក្ដីពិត​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​ទីបន្ទាល់​របស់​ប្រធាន ​ថូម៉ាស អេស ម៉នសុន ដូច​​ខាង​ក្រោមនេះ ។ ( អ្នក​ក៏គួរ​តែ​ចែក​ចាយ​ទីបន្ទាល់​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ​ដែល​បាន​លើក​ឡើង​ដោយ​ពួក​សាវកផ្សេង​ទៀត​នៅ​ក្នុង​សុន្ទរកថា​នៃ​សន្និសីទទូទៅ​ផងដែរ ) ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​បន្លឺ​សំឡេង​របស់​ខ្ញុំ​ថ្លែង​​ទី​បន្ទាល់​ក្នុង​នាម​ជា​សាវក​ពិសេស​មួយ​រូប និង សូម​ប្រកាស​ថា ព្រះ​មាន​ព្រះជន្ម​រស់​ដោយ​អស់​ពីដួងចិត្ត​របស់​ខ្ញុំ និង អារម្មណ៍​ក្លៀវក្លា​នៃ​ព្រលឹង​របស់​ខ្ញុំ ។ ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ជា​បុត្រា​សំណព្វ​តែ​មួយ​គត់​របស់​ព្រះវរបិតា​នៅ​ក្នុង​សាច់ឈាម ។ ទ្រង់​ជា​ព្រះ​ប្រោសលោះ​របស់យើង ទ្រង់​ជា​អង្គ​បង្រួបបង្រួម​របស់​យើង ជាមួយ​នឹង​ព្រះ​វរបិតា ។ ទ្រង់គឺ​ជា​អង្គ​ដែល​បាន​សុគត​នៅ​លើ​ឈើឆ្កាង ដើ​ម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​របស់​យើង ។ ទ្រង់​បាន​ក្លាយ​ទៅ​ជា​ផល​ដំបូង​នៃ​ការ​រស់ឡើងវិញ ។ ដោយសារ​តែទ្រង់​បានសុគត នោះ​មនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើង​វិញ » ។ ‹ នេះ​ជា​ឃ្លា​ដែល​មាន​បទ​ដ៏​ពិរោះ ៖ « ខ្ញុំ​ដឹង​ថា ​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ ! › » សូម​ឲ្យ​ពិភពលោក​ទាំងមូល​ដឹង​ពី​រឿង​នេះ ហើយ​រស់នៅ​តាម​ចំណេះដឹង​នោះ » ( « I Know That My Redeemer Lives! » ទំព័រ ២៥ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិតថា ទីបន្ទាល់​របស់​ពួក​សាវក​ស្ដីពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​ទៅលើ​ការ​រស់​ឡើង​វិញ​ដោយ​របៀប​ណា ។ អ្នកគួរ​តែអញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

កូរិនថូសទី១ ១៥:១១-២៩

ប៉ុល​បាន​ពន្យល់​បន្ថែម​ពី​គោលលទ្ធិ​នៃ​ការ​រស់​ឡើង​វិញ

សូម​សង្ខេប កូរិនថូសទី ១ ១៥:១១–១៥ ដោយ​ពន្យល់​ថា ប៉ុល​បា​នសួរ​ថា ហេតុអ្វី​បាន​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​ចាប់ផ្ដើម​សង្ស័យ​ពី​ធាតុ​ពិត​នៃ​ការ​រស់​ឡើង​វិញ ។ លោក​បាន​សួរ​ថា ប្រសិន​បើ​ព្រះយេស៊ូវ​គ្រីស្ទពុំ​បាន​មាន​ព្រះជន្ម​រស់​ពីការ​សុគត​វិញ​នោះ​ទេ នោះ​រាល់​សាក្សី​ទាំងអស់​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ គឺជា​រឿង​ក្លែង​ក្លាយ ហើយក៏​គ្មាន​ហេតុផល​​ចំបាច់​ដែល​ត្រូវ​ប្រកាស​ដំណឹងល្អ​ដែរ ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

ប្រសិន​បើ​ព្រះយេស៊ូវពុំ​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញទេនោះ​ … ( សូមមើល កូរិនថូសទី ១ ១៥:១៦–១៩ ) ។

ដោយសារ​ព្រះយេស៊ូវបាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញ … ( សូមមើល កូរិនថូសទី ១ ១៥:២០-២២ ) ។

សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​អាន កូរិនថូសទី១ ១៥:១៦–១៩​ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថាមាន​អ្វី​នឹងអាច​កើត​ឡើង ប្រសិន​បើ​ព្រះយេស៊ូវ​ពុំ​បាន​មាន​ព្រះជន្ម​រស់​ពី​សុគត​វិញ​នោះទេ ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀតឲ្យ អាន កូរិនថូសទី១ ១៥:២០–២២ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​​ពរជ័យ​ដែល​កើត​មាន​ជា​លទ្ធផល​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់​ពី​ទុក​ពេល​គ្រប់​គ្រាន់​ហើយនោះ ចូរ​សុំ​ឲ្យពួក​សិស្សដែល​អាន កូរិនថូសទី១ ១៥:២០–២២ ប្រាប់​ពី​របៀប​ដែល​ពួកគេ​បំពេញឃ្លា​នៅ​លើក្ដារខៀន​នោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​សិស្ស​​ទាំងនេះ​នៅលើ​ក្ដារខៀន ។

សូម​ពន្យល់​ថា​ពាក្យ ផលដំបូង នៅ​ក្នុង ខ​ទី ​២០​ សំដៅ​ទៅ​លើ​ផ្នែក​ដំបូង​នៃ​ផល​ផ្លែ​ដែល​កសិករ​បាន​ច្រូតកាត់ ។ ដូចជា​ផលផ្លែ​ដំបូងដែលបាន​ច្រូតកាត់​​ផលផ្លែ​ដំបូង​នៃ​ផលផ្លែ​​ជាច្រើន ​ដែល​ត្រូវ​ច្រូតកាត់​នោះគឺ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​តួអង្គដំបូង​ដែល​បាន​រស់​ឡើង​វិញ ។

  • យោង​តាម ខទី ២២តើ​នឹង​មាន​អ្វីខ្លះ​កើត​ឡើង​ចំពោះ​កូន​ចៅ​ទាំងអស់​​របស់​ព្រះវរបិតា​សួគ៌ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ ដោយសារ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​​របស់​ព្រះយេស៊ូវគ្រីស្ទ នោះមនុស្ស​គ្រប់​រូប​នឹង​បាន​រស់​ឡើង​វិញដែរ ) ។

សូម​អញ្ជើញ​ឲ្យពួក​សិស្សដែល​អាន កូរិនថូសទី ១ ១៥:១៦-១៩ ប្រាប់​ពី​របៀប​ដែល​ពួកគេ​បំពេញឃ្លា​ផ្សេងទៀត​នៅលើ​ក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​សិស្ស​​ទាំងនេះ​នៅលើ​ក្ដារខៀន ។

សូម​ពន្យល់​ថានៅ​ក្នុង ខទី ១៤–១៩ប៉ុលបាន​សុំ​ពួក​បរិសុទ្ធ​ឲ្យពិចារណាពី​អ្វីដែល​នឹង​កើត​ឡើង​ « ប្រសិន​បើ​ព្រះគ្រីស្ទ​ពុំ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ » នោះ​ទេ ។ ប៉ុល​ពន្យល់​ថា រាល់​ការ​ប្រកាស​ដំណឹងល្អ​នឹង​ក្លាយ​ជា​រឿង​ឥត​ប្រយោជន៍ ប្រសិន​បើ​ព្រះ​យេស៊ូវគ្រីស្ទ​ពុំ​បាន​បង្ហាញ​ថា ទ្រង់​មាន​ព្រះចេស្ដា​លើ​សេចក្ដី​ស្លាប់ ហើយ​គ្មាន​​លទ្ធភាព​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​របស់​យើងទេ​នោះ ។ ប៉ុន្តែ​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ពីការ​សុគត នោះ​យើង​ដឹង​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ទ្រង់​មាន​ព្រះចេស្ដា​នោះ ។

សូម​យោង​ទៅ​ប្រសាសន៍​របស់​ប៉ុល​នៅ​ក្នុង ខទី ១៩ « បើ​សិន​ជា​​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត » ។

  • ហេតុអ្វីយើង​នឹង​ជួប​រឿង​អកុសល ប្រសិន​បើ​យើង​មាន​សេចក្ដី​សង្ឃឹម​​លើ​ព្រះយេស៊ូវ​គ្រីស្ទតែ​ម្យ៉ាង​នៅ​ក្នុងជីវិត​ នេះ ឬ​ប្រសិន​បើ​សេចក្ដីសង្ឃឹម​របស់​យើង​បាន​បាត់បង់ទៅ​បន្ទាប់​ពី​សេចក្ដី​ស្លាប់​របស់​យើង​នោះ ? ( ប្រសិន​បើ​គ្មាន​ការ​រស់​ឡើង​វិញ​ពី​ស្លាប់​នោះ​ទេ សេចក្ដី​សង្ឃឹម​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទអាច​កើត​មាន​តែ​នៅ​ក្នុង​​ជីវិត​នេះ​ប៉ុណ្ណោះ ហើយ​គោលបំណង​របស់ផែន​ការនៃ​សេចក្ដី​សង្គ្រោះនឹង​មិន​អាច​សម្រេច​បាន​ឡើយ ) ។

យោង​តាម ខ​ទី ២០–២២តើ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដ៏ធំបែបណាទៅ ? ( សេចក្ដី​សង្ឃឹម​ថា យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើងវិញ​បន្ទាប់​ពីការ​ស្លាប់ ។ បន្ទាប់​ពី​សិស្ស​ឆ្លើយ​តប​ហើយ សូម​សរសេរ​​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ដោយសារ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​មាន​សេចក្ដី​​សង្ឃឹម ) ។

  • តើ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នាំ​មកនូវ​សេចក្ដី​សង្ឃឹម​ដល់​យើងតាម​របៀប​ណា នៅ​ពេល​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់​បាន​ចែកឋាន​ទៅ ឬ​នៅ​ពេល​យើង​ភ័យខ្លាច​ចំពោះ​សេចក្ដី​ស្លាប់ផ្ទាល់ខ្លួន​របស់​យើង​នោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់បន្ថែម​ទៀត​​អំពី​សារៈសំខាន់​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញ​សិស្ស​​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យឮៗ ។ ( ប្រសិន​បើ​ធ្វើ​ទៅបាន សូមចែក​ឯកសារ​​ដែល​មាន​សេចក្ដីថ្លែងការណ៍​នេះ​ដល់​សិស្ស ) ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង គឺជា​ទីបន្ទាល់​របស់​ពួកសាវក និង​ព្យាការី​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវ​បាន​គេបញ្ចុះ​សព និង​បាន​រស់ឡើង​វិញ​ម្ដងទៀត​នៅ​ថ្ងៃទី​បី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ ហើយ​រឿង​ផ្សេង​ទៀត​ទាំងឡាយ​ដែល​បាន​ជាប់ទាក់ទង​ទៅ​នឹង​សាសនា​របស់​យើង​គឺ​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ​ចំពោះ​ការណ៍​នេះ​ប៉ុណ្ណោះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៩ ) ។

  • តើ​យ៉ូសែប ស្ម៊ីធ​ បាន​ថ្លែង​ថា​អ្វីទៅ​ជា​គោលការណ៍​ដ៏​សំខាន់​​នៃ​សាសនា​របស់​យើង ?

  • យោង​តាម​​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​មេរៀន​នេះ តើការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​សេចក្ដីពិត​ផ្សេង​ទៀត​នៃ​ដំណឹងល្អ​បាន​យ៉ាង​ដូចម្ដេច ?

អ្នក​គួរ​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត​ជាក់ស្តែងនៃ​ការ​រស់​ឡើង​វិញ និង​សារៈ​សំខាន់​​របស់​វា​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ។

សូម​ពន្យល់​ថា ដូចដែល​បាន​កត់​ត្រា​នៅ​ក្នុង កូរិនថូសទី១១៥:២៣–២៤​ ប៉ុល​បាន​បង្រៀន​ថា នឹង​មាន​លំដាប់លំដោយ​​មួយ​ចំពោះ​ការ​រស់​ឡើងវិញ ហើយ​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង « [ប្រគល់] នគរ » ដល់​ព្រះវរបិតា បន្ទាប់​ពីបញ្ចប់​រាល់ « សិទ្ធិអំណាច និង​អំណាច » លើ​ផែនដី ( ឬ​ខាង​លោកិយ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៥:២៥-២៦ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​តាម​រក​មើល​ថា ប៉ុលបាន​បង្រៀន​ថា​ នៅ​ទីបំផុត​នឹង​មាន​អ្វីខ្លះ​កើតឡើង​ដល់​ខ្មាំង​​សត្រូវ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​ប៉ុល​បាន​និយាយ​ថា នៅ​ទីបំផុត​នឹង​មាន​អ្វីខ្លះ​កើត​ឡើងដល់ខ្មាំង​សត្រូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( ពួកគេ​នឹងត្រូវបានដាក់ « នៅ​ក្រោម​ព្រះបាទ​ទ្រង់ » [ ខ​ទី ២៥​ ] ឬ​ត្រូវ​បំផ្លាញ​ចោល ) ។

  • តើ​នរណា ឬ​អ្វីទៅ​ដែលអាច​ចាត់ទុក​ថា​ជា​ខ្មាំង​សត្រូវ​របស់​ព្រះយេស៊ូវគ្រីស្ទ ? ( ឧទាហរណ៍​អាច​រួម​មាន អំពើបាប អំពើ​ពុក​រលួយ អំពើទុច្ចរិត និង​មារ​សត្រូវ ) ។

  • តើ​អ្វីទៅ​ជា​ខ្មាំង​សត្រូវ​ចុងក្រោយ​ដែល​ព្រះយេស៊ូវ​នឹង​បំផ្លាញ​ចោល ?

  • ហេតុអ្វី​សេចក្ដី​ស្លាប់​អាច​ចាត់ទុកថា​ជា​ខ្មាំង​សត្រូវ​មួយ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​ចំពោះ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ?

សូម​រំឭក​សិស្ស​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន​នៅ​កូរិនថូស​បាន​ជឿ​ថា មនុស្ស​ស្លាប់​មិន​អាច​រស់​ឡើង​វិញ​បាន​ឡើយ ប៉ុន្តែ​ប៉ុល​បាន​ចង្អុល​បង្ហាញ​ថា ពួកបរិសុទ្ធបាន​កំពុង​ធ្វើ​នូវ​រឿង​មួយ​ដែល​បង្ហាញ​ពី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ការ​រស់ឡើង​វិញ​របស់​មរណជន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី១ ១៥:២៩ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ពិធី​បរិសុទ្ធ​ដែល​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​កំពុង​ធ្វើ ។ សូម​ឲ្យ​សិស្ស​ប្រាប់អំ​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ ដែល​ប៉ុល​បាន​ចោទ​សួរ​ដល់​ពួក​បរិសុទ្ធ​អំពី​ការ​ចូល​រួម​របស់​ពួកគេ​នៅ​ក្នុង​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​មរណជន​ដោយ​របៀប​ណា ? ( « ប្រសិន​បើ​អ្នក​ពុំ​ជឿ​លើ​ការ​រស់​ឡើងវិញទេ ហេតុអ្វី​ក៏​អ្នក​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​ដូច្នេះ ? » )

សូម​ចង្អុល​បង្ហាញ​ថា ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​គឺជា​សាក្សី​មួយ​អំពី​ជំនឿ​របស់យើង​ទៅលើ​ការ​រស់​ឡើង​វិញ ។ សូម​សរសេរ​សេចក្តី​ពិត​នេះ​នៅលើ​ក្ដារខៀន ៖ ជន​ដែល​បាន​ចែកឋាន​ទៅ​ដោយ​គ្មាន​ពិធី​បុណ្យ​ជ្រមុជទឹក​ អាច​នឹង​ទទួលពិធី​បរិសុទ្ធ​ដ៏​សំខាន់នេះ ។

សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​មួយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« រាល់​ព្រះវិហារ​បរិសុទ្ធ ទោះ​ជា​ធំ ឬ​តូច​ ចាស់ ឬ​ថ្មី​ក្ដី វា​គឺជាការ​បង្ហាញ​មួយ​អំពី​ទីបន្ទាល់​របស់​យើងថា ជីវិត​លើស​ពី​សេចក្ដីស្លាប់​គឺ​មាន​ពិតប្រាកដ​មែន ដូចជា​ជីវិត​រមែង​ស្លាប់​ដែរ » ( « This Peaceful House of God » Ensign ខែ​ឧសភា ឆ្នាំ ​១៩៩៣ ទំព័រ ​៧៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ឬ​បាន​រៀបចំ​ឈ្មោះ​ដើម្បី​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ពី​របីនាក់ឲ្យ​ឆ្លើយ​​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​បែប​ណា នៅ​ពេល​អ្នក​បាន​រៀប​ចំ​ឈ្មោះ ឬ​បាន​ធ្វើ​កិច្ចការ​សម្រាប់​ពួកគេ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​បាន​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ការ​មានព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ និង​របស់​មនុស្ស​ទាំងអស់​​ដោយរបៀប​ណា ?

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើកិច្ចការ​ពង្ស​ប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ជន​ដែល​បាន​ចែកឋាន​ទៅ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ទាំងអស់លើក​ចុង​ក្រោយ​ តាមរយៈ​ការ​ចូល​រួម​ឲ្យ​បាន​ទៀង​ទាត់​​នៅ​ក្នុង​កិច្ចការពង្សប្រវត្តិ និង​កិច្ចការ​​ព្រះវិហារ​បរិសុទ្ធ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណានខគម្ពីរ—កូរិនថូសទី ១ ១៥:២០–២២

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ការ​ស្គាល់​គោលលទ្ធិ​នៅ​ក្នុង កូរិនថូសទី១ ១៥:២០–២២ អាច​រៀបចំខ្លួន​ពួកគេ​ឲ្យ​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត​តាម​របៀប​ណា​នោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ហើយ​​បុគ្គល​នោះ​បាន​បាត់​បង់​មនុស្ស​ជាទីស្រឡាញ់​របស់​គាត់ ។ ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​សំបុត្រ​ខ្លី​មួយ​ទៅ​កាន់​បុគ្គល​ម្នាក់​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ដោយ​ប្រើ​ការ​យល់ដឹង​របស់​ខ្លួន​អំពី​រឿងនេះដើម្បី​បង្រៀន ហើយ​លួងលោម​ដល់​បុគ្គល​នេះ ។ សូមអញ្ជើញ​សិស្ស​ពីរ​បីនាក់ឲ្យ​ចែកចាយ​អ្វី ​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី១ ១៥:២០ ។ « ឥឡូវ​នេះ ព្រះ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ឡើងវិញ »

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​ពីរបៀប​ដែល​ការ​ជឿ​ថា​ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញមានន័យ​ថា យើង​ក៏​អាច​មាន​សេចក្ដីជំនឿ​ថា យើង​នឹង​បាន​រស់​ឡើង​វិញ​ដែរ ៖

« ប្រសិនបើ​ព្រះយេស៊ូវ​ពិត​ជា​បាន​រស់​ឡើង​វិញ​មែន នោះ​វា​ចាំបាច់​ត្រូវតែ​បន្ដ​ទៀត​ថា ទ្រង់​គឺជា​អង្គ​ដ៏​ទេវភាព ។ គ្មាន​មនុស្ស​លោក​ណា​ម្នាក់​មាន​អំណាច​ដោយខ្លួន​គេ​ដើម្បី​មាន​ជីវិត​ម្ដងទៀត ក្រោយពី​ការស្លាប់​នោះ​ឡើយ ។ ដោយសារ​ទ្រង់​បាន​រស់ឡើង​វិញ នោះ​ព្រះយេស៊ូវ​មិន​មែន​ត្រឹមតែ​ជា​ជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬ​ព្យាការី​ម្នាក់​នោះទេ ។ ដោយសារ​ទ្រង់​បាន​រស់ឡើងវិញ នោះ​ព្រះយេស៊ូវ​ត្រូវតែ​ជា​ព្រះ​មួយ​អង្គ គឺ​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះវរបិតា ។

« ហេតុដូច្នេះហើយ អ្វី​ដែល​ទ្រង់​បង្រៀន​គឺ​ពិត​ ព្រះ​មិនអាច​កុហក​ឡើយ ។

« ហេតុដូច្នេះហើយ ទ្រង់​ជា​ព្រះ​ដ៏បង្ក​បង្កើត​​ផែនដី​ ដូច​ដែល​ទ្រង់​មាន​បន្ទូល​ហើយ ។

« ហេតុដូច្នេះ​ហើយ ស្ថានសួគ៌ និង ស្ថាននរក​មា​ន​ពិត​មែន ដូច​ទ្រង់​ត្រាស់​បង្រៀន​ហើយ ។

« ហេតុដូច្នេះហើយ មាន​ពិភព​វិញ្ញាណ​ដែល​ទ្រង់​បាន​យាង​ទៅ បន្ទាប់​ពី​ការសុគត ។

« ហេតុដូច្នេះហើយ ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត ដូច​ដែល​ទេវតា​បាន​មាន​បន្ទូល ហើយ ‹ សោយរាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ › ។

« ហេតុដូច្នេះហើយ វា​នឹង​មាន​ការជំនុំ​ជម្រះ​ចុងក្រោយ និង ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ទាំង​ពួង » ( « The Resurrection of Jesus Christ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ ) ។

កូរិនថូសទី ១ ១៥:២២ ។ « នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ »

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើង​វិញ ៖

« គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ធ្លាប់រស់​នៅ​លើ​ផែនដី​នេះ ហើយ​បាន​ស្លាប់​ទៅ នឹង​ទទួល​ការ​បដិសេធចំពោះ​ការរស់​ឡើង​វិញ​នោះ​ឡើយ ។ វា​គឺជា​រឿង​សម​ហេតុផល​ដើម្បី​គិត​បែប​នេះ ហើយ​វា​គឺជា​បញ្ហា​ដ៏​សាមញ្ញមួយ​នៃ​សេចក្ដី​យុត្តិធម៌ ។ អ័ដាមទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដីស្លាប់​តែ​ម្នាក់ឯង ហេតុដូច្នោះ​ហើយ ព្រះអម្ចាស់​ពុំបាន​តម្រូវ​ឲ្យ​មនុស្ស​ណា​ម្នាក់​​ផ្សេងទៀត​ទទួល​ខុសត្រូវ​ចំពោះ​រឿង​​​នេះ​ឡើយ ។ យុត្តិធម៌​មិន​បាន​ទាមទារ​ឲ្យ​នរណា​ម្នាក់​ដែល​គ្មាន​ទំនួលខុសត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​វា​បាន​ឡើយ ហេតុដូច្នេះ​ហើយ ដូចជា​ប៉ុល​បាន​ប្រកាស​ថា ‹ ព្រោះ​ដូចជា គ្រប់មនុស្សទាំងអស់ បានត្រូវស្លាប់​ក្នុងលោក​អ័ដាម​ជាយ៉ាងណា នោះ គ្រប់គ្នា នឹងបានប្រោសឲ្យរស់ក្នុងព្រះ​គ្រីស្ទយ៉ាងនោះដែរ › » ( Doctrines of Salvation និពន្ធ​ដោយ Bruce R. McConkie វ៉ុល ៣ [ ឆ្នាំ​១៩៥៤–៥៦ ] ២:២៧៤ ) ។